ឆ្នាំ ២០១០-២០១៩
បងប្អូនប្រុស យើង​មាន​កិច្ចការ​ត្រូវធ្វើ
តុលា 2012


16:18

បងប្អូនប្រុស យើង​មាន​កិច្ចការ​ត្រូវធ្វើ

ក្នុងនាម​ជា​បុរស​នៃ​បព្វជិតភាព យើង​មាន​តួនាទីសំខាន់​ក្នុង​សង្គម គេហដ្ឋាន និង ក្នុង​សាសនាចក្រ ។

បងប្អូនប្រុស មាន​ការនិយាយ និង សរសេរ​ជាច្រើន​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ អំពីបញ្ហា​របស់​បុរស និង យុវជន ។ ឧទាហរណ៍​មាន​​សៀវភៅ​មួយចំនួន​មានចំណងជើងថា Why There Are No Good Men Left ( ហេតុអ្វី​ក៏​គ្មាន​នៅសល់​បុរស​ល្អ ) ,, The Demise of Guys ( ការ​បរាជ័យ​​របស់​បុរស ) ,, The End of Men ( ទីបញ្ចប់នៃបុរស ) ,, Why Boys Fail ( ហេតុអ្វី​ក្មេង​ប្រុស​បរាជ័យ ) ,, និង Manning Up ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា រឿងស្ទើរ​តែ​​ទាំង​អស់​និពន្ធ​ឡើងដោយ​ស្ត្រី ។ ក្នុង​ករណី​ណា​ក៏​ដោយ ប្រធាន​បទ​រួម​នៃ​ការ​វិភាគ​ទាំង​នេះ គឺ​ថាសព្វ​ថ្ងៃនេះ​នៅ​ក្នុង​សង្គម​ជា​ច្រើន បុរស និង ក្មេង​ប្រុស​ជាច្រើន ​ត្រូវ​បាន​ទទួល​សារបន្ទាបបន្ថោក ហើយធ្វើ​ឲ្យ​មាន​ជម្លោះរវាង​គ្នានឹង​គ្នា​អំពី​តួនាទី និង តម្លៃរបស់​គេ​នៅ​ក្នុង​សង្គម ។

អ្នក​និពន្ធ​អត្ថបទ Manning Up បាន​រៀប​រាប់​វា​បែប​នេះ​ថា ៖ ​​« វា​ស្ទើរ​តែ​ជា​ច្បាប់​នៃ​អារ្យ​ធម៌សាកល​ថា ខណៈ​ដែ​លយុវនារី​ក្លាយ​ជា​ស្ត្រី ដែល​​​ធំពេញវ័យ នោះ​ក្មេងប្រុស​ត្រូវ​តែ​ប្រឡង​ឲ្យជាប់​តេស្ដ​មួយ ។ ពួកគេ​ចាំបាច់​ត្រូវ​បង្ហាញ​នូវភាព​ក្លាហាន សមត្ថភាព​ខាង​រាងកាយ ឬ ពូកែជំនាញ​ដ៏ពិសេស​ ។​ គោលដៅ គឺដើម្បី​បង្ហាញ​ពីសមត្ថភាព​របស់ពួកគេ​ ជា​អ្នក​ការពារ​ស្ត្រី និង កុមារ នេះ​តែងតែ​ជា​តួនាទី​ក្នុង​សង្គម​ដ៏​សំខាន់​របស់ពួកគេ ។ ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​សេដ្ឋកិច្ច​ជឿនលឿន​សព្វថ្ងៃ​នេះ ​ស្ត្រី​មាន​ការ​​រីកចម្រើន​ នោះ​តួនាទី​របស់​ស្វាមី និង ឪពុក​​ជាអ្នកផ្គត់​ផ្គង់​គ្រួសារ ឥឡូវ​គឺ​ជា​ជម្រើស ហើយ​គុណសម្បត្តិ​ដែល​បុរស​ចាំបាច់​ត្រូវ​មាន​ដើម្បី​ធ្វើ​តួនាទី​របស់​ពួកគេ-- ដូចជាភាពរឹងប៉ឹង ការ​ស៊ូទ្រាំ ភាពក្លាហាន ភាពស្មោះត្រង់ ត្រូវ​បាន​ហួស​សម័យ ព្រមទាំង​គួរ​ឲ្យ​ខ្មាស់​អៀន​ខ្លះៗ​ផង » ។ 1

កាល​ដែល​យើងគាំទ្រ ក្នុងការ​ស្ងើចសរសើរ​​របស់​ពួកគេ​ ដើម្បី​លើក​កម្ពស់​ឱកាស​សម្រាប់​ស្ត្រី នោះ​​មាន​មនុស្សមួយចំនួន​​ដែល​ប្រមាថ​ដល់​បុរស និង ការ​បរិច្ចាគ​របស់គេ ។ ពួកគេ​ហាក់​ដូចជា​គិត​ថា​ជីវិត​គឺ​ជា​ការ​ប្រណាំង​ប្រជែង​រវាង​បុរស និង ​ស្ត្រី --ដែល​ម្នាក់​ត្រូវ​តែ​មាន​ប្រៀបលើ​ម្នាក់​ទៀត ហើយ​ឥឡូវ​នេះ គឺ​ជា​វេន​របស់​ស្ត្រី ។ ​មាន​ការ​ប្រកែក​មួយចំនួន​ថា អាជីព​គឺ​អ្វីៗទាំងអស់ ហើយ​អាពាហ៍ពិពាហ៍ និង កូនចៅ គឺជា ឬ គួរ​តែ​ជា​​ជម្រើស​សុទ្ធ​សាធ --ហេតុដូច្នេះ ហេតុអ្វី​ក៏​យើង​ត្រូវ​ការ​បុរស ? 2 នៅក្នុង​ខ្សែភាពយន្ដ​ហូលីវូឌ ទូរទស្សន៍ និង រឿងតាមខ្សែកាប​​ជាច្រើន សូម្បី​តែ​ក្នុង​ការផ្សាយពាណិជ្ជកម្ម បុរស​ត្រូវ​បាន​គេបង្ហាញ​ថា ជា​មនុស្ស​គ្មាន​សមត្ថភាព ពុំ​ចាស់ទុំ ឬ អត្មានិយម ។ វប្បធម៌​នៃ​ការ​ដកហូត​នូវ​​តួនាទី​របស់​បុរស​នេះ គឺ​មាន​​ឥទ្ធិពល​អន្តរាយ ។

ឧទាហរណ៍ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា ៖ « ឥឡូវ ក្មេង​ស្រី​ធ្វើ​បាន​ល្អ​ជាង​ក្មេង​ប្រុស​នៅ​គ្រប់​កម្រិត តាំងពី​ថ្នាក់​បឋម​រហូត​ដល់​បញ្ចប់​ការសិក្សា​នៅវិទ្យាល័យ ។ ឧទាហរណ៍ នៅ​ថ្នាក់ទី 8 មាន​ក្មេងប្រុស​តែ 20 ភាគរយ ដែល​ពូកែ​ក្នុង​ការ​សរសេរ ហើយ 24 ភាគរយ​ពូកែ​អាន ។ ពិន្ទុប្រលង​​ចូល​សាកលវិទ្យាល័យ​របស់​យុវជន សម្រាប់​ពេលនេះ ក្នុង​ឆ្នាំ 2011 គឺ​ទទួល​លទ្ធផលអន់​​​ជាង​កាលពី 40 ឆ្នាំ​មុន ។ ស្រប​តាម​ស្ថិតិ​មក​ពី​មជ្ឈមណ្ឌល​អប់រំជាតិ (NCES) មាន​ក្មេង​ប្រុស 30 ភាគរយច្រើនជាង​ក្មេង​ស្រី​បាន​ឈប់​រៀន​ទាំង​នៅ​វិទ្យាល័យ និង សាកលវិទ្យាល័យ ... ។ វា​ត្រូវ​បាន​ទស្សទាយ​ថា ស្ត្រី​នឹង​ទទួល​បាន​បរិញ្ញាបត្រ 60 %, បរិញ្ញាបត្រអនុបណ្ឌិត 63 % និង បញ្ញាបត្រ​បណ្ឌិត 54 % ក្នុង​ឆ្នាំ 2016 ។ មាន​ក្មេង​ប្រុស​ពីរភាគបី​​នៅ​ក្នុង​ការអប់រំជាពិសេស​ក្រៅ​​កម្មវិធី​ » ។ 3

បុរស និង ស្ត្រី​មួយចំនួន បាន​ទទួល​សារ​អវិជ្ជមាន​ពី​សង្គម ជា​ការដោះសារ​មួយ ដើម្បី​ចៀស​វាង​ពី​ការទទួលខុសត្រូវ ហើយ​ពិត​ជា​ពុំ​រីកចម្រើនសោះ​ ។ នៅក្នុង​ការ​សង្កេត​ការណ៍​មួយ ជារឿយៗ មានភាព​ត្រឹមត្រូវ ដែល​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ម្នាក់​បាន​មានប្រសាសន៍​ថា « យុវជន​មក​ក្នុង​ថ្នាក់រៀន ដោយ​មាន​ពាក់មួក​ Baseball បញ្ច្រាស ហើយ មាន​ [ ស្លាក​​ ] ដោះសារ​របស់ពួកគេ ថា ‹ កណ្តៀរស៊ី​លំហាត់​ខ្ញុំ​អស់ហើយ › ។ ឯ​យុវនារី​វិញ កំពុង​តែ​ពិនិត្យ​មើល​កាលវិភាគ​ប្រចាំ​ថ្ងៃ​ពួកគេ ហើយ​ព្យាយាម​សុំ​អនុសាសន៍​សម្រាប់​សាលាច្បាប់​វិញ »។ 4 អ្នក​មើល​ខ្សែភាពយន្ដ​ស្ត្រី​ភេទ​ម្នាក់ បាន​បង្ហាញ​ទស្សនៈ​ចំអក​ថា « តើ​យើង​អាច​ពឹងផ្អែក​លើ​បុរសយ៉ាង​ណាទៅ​ បើ​យើងមាន​​សំណាង ហើយ​ជ្រើសរើស​ដើម្បី​មាន​ដៃគូរ-- គឺគ្រាន់​តែ​ជា​​ដៃគូម្នាក់ប៉ុណ្ណោះ ។ មនុស្ស​ម្នាក់ដែលឈរ​នៅ​កន្លែង​របស់គាត់ នោះ​គាត់​គោរព​ជំហរ​របស់​យើង​ក្នុង​កន្លែង​យើង​ផ្ទាល់ដែរ​ » ។ 5

បងប្អូនប្រុស ពុំ​អាច​មានរឿង​ដូចនេះ​ក្នុងពួក​យើង​ទេ ។ ក្នុងនាម​ជា​បុរស​នៃ​បព្វជិតភាព យើង​មាន​តួនាទីសំខាន់​ក្នុង​សង្គម គេហដ្ឋាន និង ក្នុង​សាសនាចក្រ ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ជា​បុរស​ដែល​ស្ត្រី​អាចទុកចិត្ត ដែល​កូនៗ​អាចទុកចិត្ត ហើយ​ដែលព្រះអាចទុកចិត្ត ។ នៅក្នុង​សាសនាចក្រ និង នគរ​ព្រះ​ក្នុង​ជំនាន់​ថ្ងៃ​ចុង​ក្រោយនេះ យើង​មិន​អាច​ធ្វើ​ជា​ក្មេង​ប្រុស និង​បុរស ដែល​ពុំសកម្ម​នៅ​ក្នុង​ការ​ងារ​ទេ ។ យើង​មិនអាច​ធ្វើ​ជា​យុវជន ដែ​ល​ខ្វះ​ការ​លត់ដំ​ខ្លួន ហើយ​រស់​នៅ​ដើម្បី​តែ​បាន​កម្សាន្តសប្បាយ​នោះឡើយ ។ យើង​មិន​អាចធ្វើ​ជា​​បុរស​ពេញវ័យ​ដែល​គ្មាន​គោលដៅ​ក្នុង​ជីវិត​ទេ ដែល​គ្មាន​យកចិត្ត​ទុកដាក់​អំពី​ការ​បង្កើត​ក្រុមគ្រួសារ ហើយ​ធ្វើ​ការបរិច្ចាគពិត​នៅក្នុង​ពិភពលោក​នេះ​ទេ ។ យើង​មិនអាច​ធ្វើ​ជា​​ស្វាមី និង ឪពុក​ដែលពុំ​ផ្ដល់​ការដឹកនាំ​ខាងវិញ្ញាណ​ក្នុង​ផ្ទះឡើយ ។ យើង​មិន​អាច​ធ្វើ​ជា​​អ្នក ដែល​កាន់ និង អនុវត្ត​បព្វជិតភាព​ដ៏បរិសុទ្ធ តាមលំដាប់​នៃ​ព្រះរាជបុត្រា​ព្រះ ចំណាយកម្លាំង​ពួកគេ​ទៅ​លើរូបអាសគ្រាម ឬ ចំណាយ​ជីវិត​ពួកគេ​នៅតាម​អ៊ីន​ធើរ​ណែត​​ឡើយ (ជាការចំអក គឺថា ​​គេធ្វើជា​របស់​ផង លោកិយ ខណៈ​ដែល​ពុំ​ធ្វើ​ជា​មនុស្ស​នៅ​ក្នុង​លោកិយ ) ។

បងប្អូនប្រុស យើង​មាន​កិច្ចការ​ត្រូវ​ធ្វើ ។

យុវជនទាំងឡាយ អ្នក​ចាំបាច់​ត្រូវរៀន​ឲ្យ​ពូកែ​ក្នុងសាលារៀន ហើយ​បន្ដ​ការ​សិក្សា​របស់អ្នក​ឲ្យ​ខ្ពស់​ជាង​វិទ្យាល័យ ។​ អ្នករាល់គ្នា​មួយចំនួន នឹង​ចង់​បន្ដ​សិក្សា​នៅ​សាកលវិទ្យាល័យ និង មាន​អាជីព​ក្នុង​អាជីវកម្ម កសិកម្ម រដ្ឋាភិបាល ឬ វិជ្ជាជីវៈដទៃទៀត ។ អ្នក​មួយចំនួនទៀត នឹងពូកែ​ខាង​វិចិត្រសិល្បៈ តន្ត្រី ឬ ការ​បង្រៀន ។ ឯអ្នកដទៃ ជ្រើស​រើស​អាជីព​ជា​ទាហាន ឬ រៀនខាង​ជំនួញ ។ អស់ជាច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ហត្ថកម្ម​មួយចំនួន​ក្នុង​គម្រោង​​សាងសង់ និង ជួសជុល​ផ្ទះ​របស់ខ្ញុំ​ឡើងវិញ ហើយខ្ញុំ​​បាន​សរសើរ​ចំពោះ​ការ​ខិតខំ និង ជំនាញ​របស់​យុវជន​ទាំងនេះ ។ មិន​ថា​អ្នក​ជ្រើស​រើស​អ្វី​នោះ​ទេ វា​​សំខាន់​ដែល​អ្នកមាន​សមត្ថភាព ដើម្បី​អ្នកអាច​ផ្គត់ផ្គង់គ្រួសារ ហើយ​ផ្ដល់​ប្រយោជន៍​ល្អ​ក្នុ​ងសហគមន៍ និង ប្រទេស​របស់​អ្នក ។

ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​ខ្សែ​វីដេអូ​មួយ ដែល​បង្ហាញ​ពី​ថ្ងៃ​មួយក្នុង​ជីវិត​របស់​ក្មេង​ប្រុស​អាយុ 14 ឆ្នាំ នៅ​ប្រទេស​ឥណ្ឌា ឈ្មោះ អាម៉ា ។ គាត់​បាន​ក្រោក​ឡើងពីព្រលឹម ហើយ​ធ្វើ​ការពីរកន្លែង មុនពេល​ និង បន្ទាប់​ពី​ចេញពីរៀន រយៈពេល​ប្រាំមួយ​ថ្ងៃ​កន្លះ​ក្នុង​មួយ​សប្ដាហ៍ ។ ចំណូល​របស់គាត់​ជួយ​ផ្គត់ផ្គង់ផ្នែក​សំខាន់​មួយ​នៃជីវិត​គ្រួសារ​របស់គាត់ ។ គាត់​បាន​ប្រញាប់​មក​ផ្ទះ​ដោយ​ជិះកង់កញ្ចាស់​របស់​គាត់ ពីកន្លែង​ការ​ងារ​ទីពីរ​ពេល​យប់ ហើយព្យាយាម​រក​​ពេល​ពីរបីម៉ោង​ទៀត ដើម្បី​ធ្វើ​លំហាត់ មុន​នឹង​គាត់​ចូល​គេងនៅ​លើ​ឥដ្ឋ ចន្លោះ​បងប្អូន​គាត់​ដែលកំពុង​ដេក ប្រហែល​ជាម៉ោង 11:00 យប់ ។ ទោះ​ជា​ខ្ញុំ​ពុំ​ដែល​ធ្លាប់​ជួប​គាត់ ក៏​ខ្ញុំ​មានមោទនភាព​ចំពោះ​គាត់ នូវភាពឧស្សាហ៍​ និង ភាព​ក្លាហាន​របស់គាត់ ។ គាត់​កំពុង​ខិតខំ​អស់ពីសមត្ថភាព​ដែល​គាត់​មាន ជាមួយ​នឹង​ធនធាន​ និង ឱកាស​​មាន​កម្រិត​របស់គាត់ ហើយ​គាត់កំពុង​តែ​ប្រទាន​ពរ​ដល់​គ្រួសារ​គាត់ ។

បុរសពេញវ័យទាំងឡាយ មានដូចជា-- ឪពុក មនុស្ស​ពេញវ័យនៅលីវ អ្នកដឹកនាំ គ្រូបង្រៀនតាមផ្ទះ-- ចូរ​ធ្វើជា​គំរូ​សក្ដិសម ហើយ​ជួយ​ដល់ក្មេង​ប្រុស​​ជំនាន់​ដែលកំពុង​ពេញវ័យ ឲ្យ​ប្រែក្លាយជា​បុរស ។ សូមបង្រៀនពួកគេ​នូវជំនាញ​សង្គម និង ជំនាញ​ដទៃទៀត ៖ របៀប​ដើម្បី​ចូលរួម​ក្នុង​ការ​សន្ទនា របៀប​ដើម្បី​ស្គាល់ និង ប្រាស្រ័យទាក់ទង​អ្នកដទៃ របៀប​ដើម្បី​និយាយ​ និង​យល់ពីស្ត្រី និង យុវនារី របៀប​ដើម្បី​បម្រើ របៀប​ដើម្បី​ច្នៃ​ប្រឌិត​យ៉ាង​សកម្ម និង រីករាយ របៀប​ដើម្បី​ស្វែងរក​ល្បែងកំសាន្ដ​ដោយ​ពុំ​មាន​ការញៀន របៀប​ដើម្បី​កែ​កំហុស និង ធ្វើការជ្រើសរើស​ឲ្យ​បាន​ល្អប្រសើរ ។

ហេតុដូច្នេះ ចំពោះ​អស់​អ្នក​ដែល​កំពុង​ស្ដាប់ នៅ​កន្លែង​ណា​ដែល​សារលិខិត​នេះ​អាច​ឮ​ទៅ​ដល់​អ្នក ខ្ញុំ​សូម​​និយាយ​ដូច​ជា​ព្រះយេហូវ៉ា​មាន​បន្ទូលទៅ​កាន់​យ៉ូស្វេ​ថា « ចូរ​ឲ្យ​មាន​កម្លាំង និង​ ចិត្ត​ក្លាហាន​ចុះ » (យ៉ូស្វេ 1:6) ។ សូម​មាន​ចិត្ត​ក្លាហាន ហើយ​ត្រៀម​ខ្លួន​ឲ្យ​ល្អបំផុត ​តាមដែលអ្នក​អាច​ធ្វើ​បាន មិន​ថា​ស្ថានភាព​របស់​អ្នក​យ៉ាង​ណា​នោះទេ ។ ចូរ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ជា​ស្វាមី និង ជាឪពុក​ល្អ ចូរ​រៀបចំ​ខ្លួន​សម្រាប់​ធ្វើ​ជា​ពលរដ្ឋ​ល្អ និង មាន​ប្រយោជន៍ ចូរ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់ ដែល​អ្នក​កាន់បព្វជិតភាព​ទ្រង់ ។ មិន​ថា​អ្នក​នៅ​កន្លែង​ណាទេ ព្រះវរបិតាសួគ៌​អ្នក គិត​អំពី​អ្នក អ្នក​ពុំ​នៅ​ឯកកោ​ឡើយ អ្នក​មាន​បព្វជិតភាព និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មាន​កន្លែង​ជា​ច្រើន​ដែល​ត្រូវ​ការ​អ្នក កន្លែង​ដ៏សំខាន់បំផុត​មួយ គឺ​កូរ៉ុម​បព្វជិតភាព​របស់អ្នក ។ យើង​ត្រូវការ​កូរ៉ុម ដែលផ្ដល់​នូវ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ដល់​សមាជិកនៅថ្ងៃអាទិត្យ ហើយក៏​បម្រើ​ផងដែរ ។ ​យើង​ត្រូវការ​អ្នកដឹកនាំ​កូរ៉ុម ដែល​ផ្ដោត​ទៅ​លើ​ការធ្វើ​កិច្ចការ​របស់ព្រះអម្ចាស់ និង គាំទ្រ​ដល់​សមាជិកកូរ៉ុម និង គ្រួសារ​របស់គេ ។

ចូរ​គិត​អំពី​កិច្ចការ​អ្នកផ្សពផ្សាយសាសនា ។ យុវជនអើយ ! អ្នក​មិន​ត្រូវ​ចំណាយពេល​ឥតប្រយោជន៍ទេ ។ អ្នកពុំ​អាច​រង់ចាំ​ដល់​អ្នក​អាយុ 17 ឬ 18 ឆ្នាំ​ទើបគិត​អំពី​ការ​រៀបចំ​ខ្លួន​នោះ​ទេ ។ កូរ៉ុម​បព្វជិតភាព អាច​ជួយ​ដល់​សមាជិក​ពួកគេ​ឲ្យយល់​ពី​ពាក្យ​សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព ហើយ​ត្រៀម​ខ្លួនជាស្រេច​សម្រាប់​ការតែងតាំង​ជា​អែលឌើរ ពួកគេ​អាច​ជួយ​ពួកគាត់​ឲ្យ​យល់​ និង រៀបចំ​ខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ហើយ​ជួយ​ពួកគេ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​បេសកកម្មដែល​ជោគ​ជ័យ​ ។ កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង​សមាគម​សង្គ្រោះ អាច​ជួយ​ឪពុក​ម្ដាយ​រៀបចំ​អ្នកផ្សព្វផ្សាយសាសនា ដែល​ចេះ​នៅ​ក្នុ​ងព្រះ​គម្ពីរ​មរមន ហើយ​ដែល​នឹង​ទៅ​ក្នុង​តំបន់​បេសកកម្ម​ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ទាំងស្រុង ។ ហើយ​នៅ​ក្នុង​វួដ និង សាខា​នីមួយៗ កូរ៉ុម​ដូចគ្នា​ទាំងនេះ អាច​ដឹកនាំ​ដោយ​ការ​សហការ​ដ៏មានប្រសិទ្ធភាព​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ដែល​កំពុង​បម្រើនៅទីនោះ ។

កិច្ចការ​ដែល​ទាក់​ទង ដែលជា​ការទទួលខុសត្រូវ​ដ៏សំ​ខាន់​មួយ​នៃបព្វជិតភាព គឺ​ការហៅ​របស់ព្រះអង្គសង្គ្រោះ ដែល​បាន​រំឭក​ដោយ​ប្រធាន ថូម៉ាស  អេស. ម៉នសុន ដើម្បី​ជួយ​សង្គ្រោះ​ដល់​អ្នក​ទាំងឡាយ​ដែល​ឃ្លាត​ឆ្ងាយ​ពី​ដំណឹងល្អ ឬ​ដែល​មានការ​អាក់អន់ចិត្ត​ដោយ​មូលហេតុ​ណា​មួយ ។ យើង​មាន​ជោគជ័យ​យ៉ាង​ល្អ​នៅក្នុង​កិច្ច​ខិតខំនេះ រួមទាំង​កិច្ចការ​ដ៏​អស្ចារ្យ​ដោយ​ក្រុមយុវជន ។ កូរ៉ុម​បព្វជិតភាព​អើរ៉ុន នៅ​វួដអេស្ប៉ាញ រ៉ូ ហ្គ្រានដេ ក្នុងទីក្រុង អាល់ប៊ើឃើរគី នូវ ម៉ិកស៊ីកូ បាន​ប្រឹក្សា​ជាមួយ​គ្នា​អំពី​មនុស្ស​ដែល​ពួកគេ​អាច​នាំ​ត្រឡប់មកវិញ ហើយ​ពួកគេ​ជាក្រុម​បាន​ទៅ​សួរសុខទុក្ខ​អ្នកទាំងនោះ​ម្ដង​ម្នាក់ៗ ។ មាន​យុវជនម្នាក់​និយាយ​ថា « នៅពេល​ពួកគេ​មក​ដល់​មាត់​ទ្វារ​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា វាសំខាន់ » ហើយ​ម្នាក់​ទៀត បាន​ជឿ​ថា « ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ដែល​ពិត​ជា​មាន​មនុស្ស ដែល​ចង់​ឲ្យ​ខ្ញុំ​ទៅ​ព្រះវិហារ វា​ធ្វើ​ឲ្យ​ខ្ញុំ​ ​ចង់​ទៅ​ព្រះវិហារឥឡូវ​នេះ » ។ ​នៅ​ពេល​សមាជិក​កូរ៉ុម​ បាន​​អញ្ជើញ​យុវជន​ម្នាក់​ឲ្យ​ត្រឡប់​មក​វិញ នោះ​ពួកគេ​បាន​សុំ​ឲ្យ​គាត់​ទៅ​ជាមួយ​ពួកគេពេល​សួរសុខទុក្ខ​បន្ទាប់ទៀត រួច​គាត់​គ៏​យល់ព្រម​ធ្វើ ។ ពួកគេ​ពុំ​គ្រាន់​តែ​អញ្ជើញ​គាត់ឲ្យ​ទៅ​ព្រះវិហារ​​ទេ ប៉ុន្តែ ពួកគេ​បាន​ធ្វើ​ឲ្យ​គាត់​ជាចំណែក​មួយ​នៃ​កូរ៉ុម​ភ្លាមៗ ។

ឧបសគ្គ​មួយទៀត ដែលលើកកម្ពស់​ដល់​កិច្ចការ​បព្វជិតភាព គឺ​កិច្ចការ​ពង្សប្រវត្តិ និង​ ព្រះវិហារបរិសុទ្ធ ។ សូម​រក​មើល​សំបុត្រ​គណៈប្រធាន​ទីមួយ ដែល​មក​ដល់​ក្នុង​ពេល​ខ្លី​ខាងមុខ ដែល​នឹង​ផ្ដល់​នូវ​កំណែថ្មី​នៃ​ការបន្ដការ​ហៅ​ និង ខ្ពស់ជាង​នៃ​ចំណែក​ដ៏សំខាន់​នេះ​ ក្នុងកិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ ។

កូរ៉ុម​របស់​យើងក៏​បង្កើត​ភាតរភាពគាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មកផងដែរ ។ ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​មានប្រសាសន៍​ថា ៖ « បងប្អូនប្រុស វាគឺជា​ថ្ងៃ​ដ៏អស្ចារ្យ -- វា​នឹង​ជា​ថ្ងៃ​មួយ​នៃ​ការ​បំពេញ​តាម​គោលបំណង​របស់​ព្រះអម្ចាស់-- នៅពេល​កូរ៉ុម​បព្វជិតភាព​របស់​យើង ក្លាយជា​យុថ្កា​នៃ​កម្លាំង​ចំពោះ​បុរស​គ្រប់រូប​ដែល​ជា​របស់​ផង​កូរ៉ុមបព្វជិតភាព នៅពេល​បុរស​ម្នាក់ៗ​ អាច​និយាយ​ដោយ​ត្រឹមត្រូវ​ថា ‹ ខ្ញុំ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​បព្វជិតភាព នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​ឈរ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ដល់​បងប្អូន​ប្រុស​ខ្ញុំ​គ្រប់​តម្រូវ​ការ​របស់ពួកគេ ដូចជា​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួកគេ​បាន​ឈរត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ខ្ញុំ​គ្រប់តម្រូវការ​ខ្ញុំ​ដែរ ... ។ ពេល​ធ្វើ​ការ​ជាមួយ​គ្នា យើង​អាច​ឈរ​ដោយ​គ្មាន​ភាព​អៀន​ខ្មាស់ និង ដោយ​គ្មាន​ភ័យ​ខ្លាច ទប់ទល់​រាល់​ខ្យល់​របស់​មារសត្រូវ ដែល​នឹង​បក់​បោក​មក​លើយើង មិន​ថា​ជា​សេដ្ឋកិច្ច សង្គម ឬ ខាង​វិញ្ញាណ​នោះ​ទេ ›» ។ 6

មិន​ថា​យើង​ខិតខំ​ខ្លាំង​ប៉ុណ្ណា​ទេ រឿង​ជា​ច្រើន​ពុំ​ដំណើរ​ការ ដូច​ជា​យើង​បាន​រៀបចំ​ផែនការ​នោះជានិច្ច​នោះ​ទេ ហើយ​ជា​ពិសេស « ខ្យល់​របស់​មារសត្រូវ » ដែល​មក​ចូល​ក្នុង​ជីវិត​របស់​បុរស គឺ​ជា​ការ​គ្មាន​ការ​ងារ ។ កូនសៀវភៅ​សុខុមាលភាព​សាសនាចក្រ​កាលពីមុន​បាន​ថ្លែង​ថា ៖ « បុរស​ដែល​គ្មាន​ការ​ងារ គឺ​ជាកង្វល់​ជា​ពិសេស​របស់​សាសនាចក្រ ដោយសារ​វា​នឹង​ដក​ហូត​នូវ​​មរតក​របស់គាត់ គាត់​ស្ថិត​នៅក្នុង​ការ​សាកល្បង​ដូចជា​យ៉ូប​បាន​មាន-- សម្រាប់​សេចក្ដី​សុចរិត​របស់គាត់ ។ នៅពេល​ភាពមិនអនុគ្រោះ​ ចេះ​តែបន្ដ​​បន្លាយពេល​ទៅ​ជា​រាប់​សប្ដាហ៍ និង រាប់​ខែ ហើយ​រហូត​ដល់​រាប់​ឆ្នាំ នោះ​ការ​ឈឺ​ចាប់​មាន​កាន់​តែ​ខ្លាំង​ឡើងៗ ... ។ សាសនាចក្រ​ពុំ​អាច​សង្ឃឹម​ថា ជួយសង្គ្រោះ​មនុស្ស​​ម្នាក់នៅ​ថ្ងៃ​អាទិត្យ​បាន​ទេ បើ​អំឡុង​សប្ដាហ៍​យើង​មើល​ឃើញ​ថា​គាត់​ឆ្លង​កាត់​នូវ​ការសាកល្បង​ធ្ងន់ធ្ងរ ហើយ​គាត់​មិនអាច​ធ្វើ​អ្វី​បានសោះនោះ » ។7

នៅ​ខែ​មេសា ឆ្នាំ 2009 អតីតទីប្រឹក្សា​​គណៈប៊ីស្សពជាអធិបតី រីឆាឌ  ស៊ី អែជ្ជលី បាន​ប្រាប់​រឿង​អំពី​កូរ៉ុម​គំរូ​មួយ ដែល​បាន​ចាត់វិធានការណ៍​ជួយ​ដល់​បងប្អូន​សមាជិក​ដែល​បាត់​បង់​ការ​ងារ​របស់​គាត់ថា ៖

« Phil’s Auto ( មេកានិកយាន្ដយន្ដរបស់​ ភីល ) នៃ​ សេនធើរវីល រដ្ឋយូថាហ៍ គឺ​ជា​សក្ខីបទមួយ​អំពី​អ្វី​ដែល​ថ្នាក់​ដឹកនាំ​បព្វជិតភាព និង កូរ៉ុម​មួយ អាច​សម្រេច​បាន ។ ភីល គឺ​ជា​សមាជិកម្នាក់​នៃ​កូរ៉ុម​អែលឌើរ ហើយ​បាន​ធ្វើ​ការ​ជា​ជាងមេកានិច​នៅ​ក្នុង​ហាង​ជួសជុល​រថយន្ត​ក្នុង​ស្រុក​មួយ ។ ជាអកុសល ហាង​ជួសជុល​ដែល​ ភីល បាន​ធ្វើ​ការ​ជួបប្រទះ​នឹង​បញ្ហា​សេដ្ឋកិច្ច ហើយ​ត្រូវ​បញ្ឈប់ ភីល ពី​ការងារ ។ គាត់​តក់​ស្លុត​ដោយ​សារ​ព្រឹត្តការណ៍​នេះ ។

« ពេល​ឮ​ថា ភីល បាន​បាត់បង់ការងារ នោះ​ប៊ីស្សព​របស់គាត់ លីអន អូលសុន និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​របស់គាត់​បាន​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​រក​វិធី​ដែល​ពួកគេ​អាច​ជួយ ភីល បាន​រួច​ផុត​ពី​ការ​សាកល្បង​នេះ ។ លើសពីនោះ គាត់​គឺ​ជា​សមាជិកម្នាក់​ក្នុង​កូរ៉ូម ជា​បងប្អូនប្រុសម្នាក់​ ហើយ​គាត់​ត្រូវការ​ជំនួយ ។ ពួកគេ​បាន​សន្និដ្ឋាន​ថា ភីល​ មាន​ជំនាញ​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​គាត់ ។ សមាជិក​ក្នុង​កូរ៉ុម​ម្នាក់ បាន​ផ្ដល់សំណើរ​​ថា គាត់​មាន​ជង្រុក​ស្រូវ​ចាស់​មួយ ដែល​ប្រហែល​ជា​អាច​ប្រើ​ធ្វើ​ជា​ហាង​ជួសជុល​បាន​ ។ សមាជិក​កូរ៉ុម​ផ្សេងទៀត អាច​ជួយ​ប្រមូល​រាល់​ឧបករណ៍​ដែល​ត្រូវ​ការ និង សម្ភារទាំងឡាយ​​ដើម្បី​ផ្គត់ផ្គង់​ដល់​ហាង​ថ្មី ។ ស្ទើរ​តែ​មនុស្ស​គ្រប់​គ្នា​ក្នុង​កូរ៉ុម​អាច​ជួយ ដែល​យ៉ាង​ហោច​ណាស់​ជួយ​សម្អាត​ជង្រុក​ស្រូវ​ចាស់នោះ ។

« ពួកគេ​បាន​ចែកចាយគំនិត​របស់​គេ​ជាមួយ ភីល បន្ទាប់មក​ពួកគេ​បាន​ចែកចាយ​ផែនការ​ពួកគេ​ជាមួយ​នឹង​សមាជិក​ក្នុងកូរ៉ុម​ពួកគេ ។ ជង្រុក​ស្រូវ​ត្រូវ​បាន​សម្អាត និង កែលំអរ​ថ្មី ឧបករណ៍​បាន​ប្រមូល​មកហើយ ហើយ​អ្វីៗ​ទាំងអស់​បាន​រៀបចំ​តាម​លំដាប់លំដោយ ។ ហាង​ជួសជុល​រថយន្ដ​របស់ ភីល ត្រូវ​បាន​ធ្វើ​ដោយជោគជ័យ ហើយ​ទីបំផុត បាន​ផ្លាស់​ទៅ​រក​កន្លែង​ល្អប្រសើរ​ និង អចិន្ត្រៃយ៍​មួយ -- អ្វីៗទាំងអស់នេះ ដោយសារ​តែ​បងប្អូន​ក្នុង​កូរ៉ុម​គាត់ បាន​ផ្ដល់​ជំនួយ​ក្នុងគ្រា​មាន​វិបត្តិ » ។ 8

ប្រាកដណាស់ ដូចជា​អ្វី​ដែល​ព្យាការី​បាន​រំឭក​ដដែលៗ​ជាច្រើន​ឆ្នាំ​កន្លងទៅ​ថា « អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​កិច្ចការ​របស់ព្រះអម្ចាស់ ដែលអ្នក​ធ្លាប់​ធ្វើ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ជញ្ជាំង​នៃ​គេហដ្ឋាន​របស់​អ្នក​ផ្ទាល់ » ។ 9 យើង​មាន​អ្វី​ជាច្រើន​ត្រូវ​​ធ្វើ ដើម្បីពង្រឹង​ដល់​អាពាហ៍ពិពាហ៍​នៅ​ក្នុង​សង្គម ដែល​គេកំពុង​គិត​ថា​វា​មិន​សំខាន់ ហើយ​បាន​បដិសេធ​គោលបំណង​របស់​វា ។ យើង​មាន​អ្វី​ជាច្រើន​ត្រូវ​បង្រៀន​ដល់​កូនៗ​របស់យើង « ឲ្យ​អធិស្ឋាន​ និង ឲ្យ​ដើរ​ដោយ​ទៀងត្រង់ នៅចំពោះ​ព្រះអម្ចាស់ » (គ. និង ស. 68:28 ) ។ កិច្ចការ​របស់យើង​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជួយ​ដល់​កូនៗ​របស់​យើង​ឲ្យ​មាន​បទពិសោធន៍​នៃ​ការ​ផ្លាស់​ប្ដូរ​ដួងចិត្ត​ ឬ ការ​ប្រែចិត្ត​ជឿ​ដ៏​ធំ​ចំពោះ​ព្រះអម្ចាស់ ដែល​បាន​និយាយ​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះគម្ពីរមរមរននោះទេ ( សូមមើល ម៉ូសាយ 5:1–12 និង ​អាលម៉ា 26 ) ។ ជាមួយគ្នា​នឹង​សមាគមសង្គ្រោះ កូរ៉ុមបព្វជិតភាព​អាចស្ថាបនា​ឪពុកម្ដាយ​ និង អាពាហ៍ពិពាហ៍ ហើយ​កូរ៉ុម អាច​ផ្ដល់​ពរជ័យ​នៃ​បព្វជិតភាព​ដល់​គ្រួសារ​ដែល​មាន​ឪពុក ឬ ម្ដាយ​ទោល ។

ពិត​ណាស់ បងប្អូនប្រុស យើង​មាន​កិច្ចការ​ត្រូវ​ធ្វើ ។ អរគុណ​អ្នកចំពោះ​ការ​ពលិកម្ម​ដែល​អ្នកបាន​ធ្វើ និង សេចក្ដី​ល្អ​ដែល​អ្នក​អ្នក​បាន​ធ្វើ ។ សូម​បន្ដ​ធ្វើ​វា នោះ​ព្រះអម្ចាស់​នឹង​ជួយ​អ្នក ។ ជួន​កាល អ្នក​អាច​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ឬ ត្រូវ​និយាយ​អ្វី​នោះ​ទេ-- តែ​សូម​ដើរ​ឆ្ពោះ​ទៅ​មុខ ។ សូម​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព នោះ​ព្រះអម្ចាស់​នឹង​ធានា​ថា « ទ្វារដ៏​មាន​ផល​ប្រយោជន៍​នឹង​ត្រូវ​បាន​បើក​ចំហរ​ដល់ [ អ្នក ] » (គ. និង ស. 118: 3 )​ ។ សូម​ចាប់​ផ្ដើម​និយាយ ហើយ​ទ្រង់​សន្យា​ថា « អ្នក​នឹង​មិន​ត្រូវ​ខ្មាស់​នៅ​ចំពោះ​មនុស្ស​លោកឡើយ ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » (គ. និង ស. 100: 5--6 )​ ។ វា​ជា​ការ​ពិតដែល​យើង​មាន​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​ ហើយ​ជាមនុស្ស​ធម្មតា​ក្នុង​រៀប​ជា​ច្រើន ប៉ុន្តែ​យើង​មាន​លោក​ចៅហ្វាយ​ឥត​ខ្ចោះ​មួយ​អង្គ ដែល​បាន​នាំ​ឲ្យ​មាន​ដង្វាយ​ធួន​ដ៏​ឥតខ្ចោះ​មួយមក ហើយ​យើង​ត្រូវ​បាន​ហៅ​ដោយ​ព្រះគុណ​ និង បព្វជិតភាព​របស់​ទ្រង់ ។ នៅ​ពេល​យើង​ប្រែចិត្ត ហើយ​សម្អាត​ព្រលឹង​យើង នោះ​យើង​ត្រូវ​បាន​សន្យា​ថា យើង​នឹង​ត្រូវ​បាន​បង្រៀន ហើយ ប្រទាន​ឲ្យ​នូវ​អំណាច​មក​ពី​ស្ថានខ្ពស់ ( សូម​មើល គ. និង ស. 43:16)​ ។

សាសនាចក្រ និង ពិភពលោក និង ស្ត្រី កំពុង​ស្រាវជ្រាវ​រក​បុរស បុរសដ៏ពិត ដែល​អភិវឌ្ឍសមត្ថភាព និង ទេពកោសល្យ ដែល​មាន​ឆន្ទៈ​ធ្វើ​ការ​ និង ការ​លះបង់ ដែល​ជួយ​អ្នកដទៃ​ឲ្យ​ទទួលបាន​សុភមង្គល និង សេចក្ដី​សង្គ្រោះ ។ ពួកគេ​កំពុង​យំថា « ចូរក្រោកឡើង ឱ​បុរស​នៃ​ព្រះអើយ​ ! » 10 ព្រះជួយ​យើង​ឲ្យ​ធ្វើ​វា នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Kay  S. Hymowitz, Manning Up: How the Rise of Women Has Turned Men into Boys ( ឆ្នាំ 2011 ), 16 ។

  2. « នៅពេល​អ្នក​សួរ​មនុស្ស​វ័យ​ក្មេង​សព្វថ្ងៃ​នេះ នូវ​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ពេញវ័យ នោះ​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​និយាយ​អំពី​អាពាហ៍ពិពាហ៍​ឡើយ ។ ពួកគេ​​ទំនង​ជា​ងាក​ទៅ​គិត​អំពី​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ងារ​ច្រើន​ជាង​ដូចជា-- ការ​បញ្ចប់ការសិក្សា ឯករាជ្យ​ខាង​ហិរញ្ញវត្ថុ ឬ ការងារ​ពេញម៉ោង-- ដែល​ជា​សញ្ញា​ថា​ពួកគេ​បាន​ទទួលជោគជ័យ ។ ការងារ អាជីព ឯករាជ្យ ទាំងនេះ​គឺ​ជា​ប្រភព​ចំបង​នៃបុគ្គល​ម្នាក់​ៗ​សព្វថ្ងៃ​នេះ » (Hymowitz, Manning Up, 45) ។ សម្ពាធ​ទៅ​លើ​​ស្ត្រីឲ្យ​យល់​ស្រប​តាម​អាកប្បកិរិយា​នៃ​ការ​ជំទាស់​នឹង​អាពាហ៍ពិពាហ៍ គឺ​ធ្វើ​ឡើយ​ដោយ​ចេតនា​​ជាពិសេស ។ ​អ្នក​ផ្គត់ផ្គង់​ Times of London បាន​សរសេរ​ថា ៖ « គ្មាននរណាម្នាក់ គ្មានគ្រួសារ​ខ្ញុំ ឬ គ្រូ​ខ្ញុំ ដែល​ធ្លាប់និយាយ​ថា ‹ អូ៎ ! មែនហើយ អ្នកអាច​​ច​ង់ធ្វើ ជា​ភរិយា​ផង និង ម្ដាយ​ផង​ហើយ› នោះទេ ។ ពួកគេ​តាំងចិត្ត​យ៉ាង​ខ្លាំង ថា​យើង​ត្រូវ​ធ្វើ​​តាម​ផ្លូវ​ថ្មី ទំនើប និង​ ផ្ដោតទៅលើ​ឋានៈ​ស្មើ​គ្នា​​ថា មហិច្ឆិតា​ជាប្រវត្តិសាស្ត្រ​នៃ​ជំនាន់​របស់​ស្ត្រី-- ដើម្បីរៀបការ និង ចិញ្ចឹមគ្រួសារ-- ត្រូវ​បាន​ដក​ចេញ​ពី​ទស្សនៈ​របស់ពួកគេ​​នៃ​អនាគត​របស់យើងដោយចេតនា » ( Eleanor Mills, « Learning to Be Left on the Shelf » The Sunday Times, , ថ្ងៃ​ទី 18 ខែ​មេសា ឆ្នាំ 2010, www.thetimes.co.uk នៅក្នុង Hymowitz, Manning Up, 72) ។ អ្នក​និពន្ធ​ម្នាក់ទៀត​នៅ​ក្នុង​វ័យ 40 ឆ្នាំ​របស់គាត់ បាន​ដកស្រង់​នូវ​ចម្លើយ​មួយចំនួន​ចំពោះ​អត្ថបទ​មួយ ដែល​គាត់​បាន​សរសេរ​អំពី​ភាព​សោកស្ដាយ​របស់​គាត់​ចំពោះ​ការ​ពុំ​បាន​រៀបការ​ថា « ខ្ញុំរន្ធត់យ៉ាង​ខ្លាំង​នូវ​តម្រូវ​ការ​របស់អ្នក​ដើម្បី​មាន​បុរសម្នាក់ » « សូម​គោរព​ខ្លួន​ឯងខ្លះ​ទៅ ! » « អ្នក​បានយក​ការពឹងពាក់គ្នាទៅវិញទៅមក ទៅ​ដាក់​នៅ​កម្រិត​ដ៏ទាបថ្មីមួយ » ហើយ « បើ​កូនស្រីរបស់ខ្ញុំ​ធំឡើង​ចង់​បាន​បុរស​ម្នាក់​បាន​ពាក់កណ្ដាល​អ្នក នោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ខុស​ក្នុង​ការ​ចិញ្ចឹម​នាង​ហើយ » ( Lori Gottlieb, Marry Him: The Case for Settling for Mr. Good Enough [ ឆ្នាំ 2010 ], 55 ) ។ដំណឹងល្អ​គឺ​ថា មនុស្សភាគច្រើន រួមទាំង​មជ្ឈឹមមវ័យវ័យក្មេង​ដែល​មាន​ចំណេះដឹង ពុំ​បាន​ទិញ​អត្ថបទ​ជំទាស់នឹង​អាពាហ៍ពិពាហ៍ ជំទាស់នឹង​គ្រួសារទេ ។ « ស្របតាម​ការសិក្សា​ដោយ​អ្នក​សេដ្ឋកិច្ច​នៅសាកលវិទ្យាល័យ រដ្ឋផែនសីលវេញ៉ា ក្នុង​សហរដ្ឋ​នៅ​ឆ្នាំ 2008 នោះ​មាន​ស្ត្រី​សម្បុរ​ស​ដែល​មាន​ការ​អប់រំកម្រិត​សាកលវិទ្យាល័យ​ចំនួន នោះ​មាន​ 84 ភាគរយ បាន​រៀបការ​នៅ​អាយុ 40 ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​នឹង 88 ភាគរយ​ នៃ​​អ្នក​ទាំងឡាយ​ដែល​មាន​កម្រិត​សិក្សា​តិចជាង​បួន​ឆ្នាំ ។ ​​បុរស​សម្បុរ​ស មានការអប់រំ​កម្រិត​សាកលវិទ្យាល័យ គឺ​មាន​ភាគរយ​ប្រហាក់​ប្រហែលគ្នា៖ ​មាន​ 84 ភាគរយ បាន​រៀបការ​នៅ​អាយុ 40 ឆ្នាំ នៅឆ្នាំ 2008 ។ តាម​ការ​គិត​តាមធម្មតា ពុំ​មែន​ដោយការ​ស្រាវជ្រាវ អាច​និយាយ​ថា អាពាហ៍ពិពាហ៍​គឺ​ជាចំនុច​អាក្រក់​មួយ​សម្រាប់​ស្ត្រី ។ ប៉ុន្តែ​ស្ត្រី​សម្បុរ​ស​ដែល​មាន​ការ​អប់រំកម្រិត​សាកលវិទ្យាល័យ ហាក់ដូចជា​ពុំ​ជឿ​នោះទេ ។ ពួកគេ​ទំនង​ជាគិតដូចជា​ក្រុម​ដែលថា ‹ មនុស្សដែលរៀបការ គឺ​ជាទូទៅ​សប្បាយជាង​មនុស្ស​ដែល​ពុំ​បាន​រៀបការ › ច្រើន​ជាង... ។ មាន​ចំនួន​ដ៏ច្រើន​មួយ-- 70 ភាគរយ-- នៃ​សិស្ស​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ឆ្នាំ​ទីមួយ​គិត​ថា ការមានគ្រួសារ​ គឺ​ជា ‹ រឿង​សំខាន់ › ឬ ‹ សំខាន់​បំផុត › ដើម្បី​អនាគត​របស់ពួកគេ » ( Hymowitz, Manning Up , 173–74 ) ។

  3. Philip G. Zimbardo និង Nikita Duncan, The Demise of Guys: Why Boys Are Struggling and What We Can Do about It (ឆ្នាំ 2012 ); សូមមើល​ជំពូក « Behind the Headlines » ។

  4. Barbara Dafoe Whitehead, Why There Are No Good Men Left: The Romantic Plight of the New Single Woman ( ឆ្នាំ 2003), 67 ។

  5. Amanda Dickson, « Hunger Games’ Main Character a Heroine for Our Day » Deseret News, ថ្ងៃទី 2 ខែ ​មេសា ឆ្នាំ 2012, www.deseretnews.com ។

  6. ហ្គរដុន  ប៊ី ហ៊ិងគ្លី « Welfare Responsibilities of the Priesthood Quorums » Ensign, ខែ ​វិច្ឆិកា ឆ្នាំ 1977, 86 ។

  7. Helping Others to Help Themselves: The Story of the Mormon Church Welfare Program ( ឆ្នាំ 1945), 4 ។

  8. រីឆាឌ  ស៊ី អែជ្ជលី « This Is Your Phone Call » Liahona , ខែ ឧសភា​ 2009, 53​ ។

  9. Teachings of Presidents of the Church: Harold B. Lee (​ ឆ្នាំ 2000 ), 134 ។

  10. « Rise Up, O Men of God » Hymns, no. 323 ។