តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?
យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។
គ្រាមួយនោះ ព្រះអង្គសង្គ្រោះបានសួរពួកសិស្សរបស់ទ្រង់នូវសំណួរនេះថា៖ « តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ? » 1
នេះគឺជាសំណួរមួយដែលឪពុកខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះគិតគូរយ៉ាងប្រិតប្រៀងច្រើនឆ្នាំកន្លងមកហើយ ។ ពេលខ្ញុំធំឡើង ឪពុកម្តាយខ្ញុំបានប្រគល់ការងារក្នុងផ្ទះដល់ខ្ញុំ ហើយបង់ជាប្រាក់ កាសបន្តិចបន្តួចសម្រាប់កិច្ចការនោះ។ ជាញយៗ ខ្ញុំបានប្រើប្រាស់លុយនោះ មានចំនួនលើសពី 50 សេនមួយសប្តាហ៍ ដើម្បីនឹងទៅមើលកុន។ ក្នុងសម័យនោះ សំបុត្រកុនមានតម្លៃ 25 សេនសម្រាប់ ក្មេងអាយុ 11 ឆ្នាំ។ គឺមាន 25 សេនទៀតដើម្បីនឹងចំណាយទិញស្ករ ដែលមួយដុំ មានតម្លៃ 5 សេន ។ វាគ្មានអ្វីល្អប្រសើរជាងមើលកុនញ៉ាំស្ករប្រាំដុំនោះទេ !
អ្វីៗទាំងអស់នៅពេលនោះគឺល្អក្រៃលែង រហូតដល់ខ្ញុំមានអាយុ 12 ឆ្នាំ ។ ការឈរតម្រាបជួរនៅ ថ្ងៃរសៀលមួយ ខ្ញុំបានដឹងថាតម្លៃសំបុត្រសម្រាប់ក្មេងអាយុ 12 ឆ្នាំគឺ 35 សេន នោះមានន័យ ថា ទិញបានតែស្ករបីដុំប៉ុណ្ណោះ។ ដោយមិនទាន់ត្រៀមខ្លួនសម្រាប់ការលះបង់នោះ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំមើលទៅនៅដដែល ដូចជាសប្តាហ៍មុនដែរ ។» នោះខ្ញុំបានដើរទៅបង្អួច សុំទិញសំបុត្រតម្លៃ 25 សេន។ អ្នកគិតលុយមិនបានរុញរា ហើយខ្ញុំទិញបានស្ករប្រាំដុំ ពុំមែនស្ករបីដុំឡើយ។
ដោយរីករាយនឹងទង្វើខ្ញុំ ក្រោយមកខ្ញុំបានរត់ត្រឡប់ទៅផ្ទះវិញ ដើម្បីនឹងប្រាប់ឪពុកខ្ញុំអំពី ការចំណេញនោះ ។ ពេលខ្ញុំបានប្រាប់គាត់រឿងលំអិតហើយ គាត់មិនបាននិយាយអ្វីសោះ។ ពេលខ្ញុំនិយាយចប់ហើយ គាត់គ្រាន់តែសម្លឹងមកខ្ញុំ ហើយនិយាយថា «កូនប្រុសអើយ តើកូននឹងសុខ ចិត្តលក់ព្រលឹងកូនសម្រាប់ដប់សេនឬ ? » ពាក្យសំដីរបស់គាត់បានចាក់ទម្លុះបេះដូង របស់ក្មេងប្រុសអាយុ 12 ឆ្នាំ ។ វាគឺជាមេរៀនដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំឃើញថា ខ្ញុំមានសំណួរដដែលនេះ ទៅកាន់អ្នកកាន់បព្វជិតភាពមិលគីស្សាដែកពុំសូវសកម្មម្នាក់ ។ គាត់គឺជាបុរសដ៏ល្អម្នាក់ដែលស្រឡាញ់ក្រុមគ្រួសារ ។ ប៉ុន្តែគាត់ខានទៅព្រះវិហារជាច្រើនឆ្នាំមកហើយ ។ គាត់មានកូនប្រុសដែលមានទេពកោសល្យ ដែល ធ្វើដំណើរជាមួយនឹងក្រុមកីឡាដ៏ឆ្នើមមួយក្រុម ដែលហាត់សម និង ប្រកួតនៅថ្ងៃអាទិត្យ។ ក្រុមនោះបានប្រកួតឈ្នះចំណាត់ថ្នាក់ជើងឯកជាច្រើន។ ពេលយើងបានជួបគ្នា ខ្ញុំបានរំឭកគាត់ថា អ្នកជាអ្នកកាន់បព្វជិតភាពម្នាក់ ដោយបានសន្យាថា បើគាត់នឹងបំពេញតាមសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាពរបស់គាត់ នោះគាត់នឹងទទួលនូវ « អ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ។ 2 រួចខ្ញុំបានសួរគាត់ថា « តើការប្រកួតឈ្នះរង្វាន់ជើងឯកជាតិមានតម្លៃជាងអ្វីៗទាំងអស់ដែលព្រះវរបិតាយើងមានឬ? » គាត់បាននិយាយដោយទន់ភ្លន់ថា « ខ្ញុំយល់ពីន័យរបស់អ្នក » ហើយបានធ្វើការណាត់ជួបជាមួយប៊ីស្សពរបស់គាត់។
សព្វថ្ងៃនេះ យើងងាយស្រួលនឹងត្រូវទាក់ទាញដោយសម្លេងលោកិយ—ថ្វីបើយើងមាន ចេតនាត្រឹមត្រូវក៏ដោយ។ លោកិយជម្រុញយើង «ឲ្យ [សម្លឹងមើល] ហួសពីការពិត » ។ 3 មានមនុស្ស ម្នាក់បានសួរខ្ញុំថ្មីៗនេះថា « បើគ្រាន់តែផឹកស្រាជាបញ្ហាដែរឬ ? » តើអ្នកអាចមើលឃើញសំណួរ របស់បច្ឆាមិត្រឬទេ ? កាអ៊ីនបានសួរថា៖ « តើព្រះអម្ចាស់ជានរណាទៅ ដែលគួរឲ្យខ្ញុំស្គាល់ទ្រង់ ?» 4 រួចគាត់បានបាត់បង់ព្រលឹងខ្លួន ។ ដោយការដោះសារនូវអំពើបាបតូចតាចរបស់យើង នោះ សាតាំងមានជ័យជំនះ។ ដោយសារទឹកដោះគោមួយកែវ 5 ឈ្មោះសរសេរមិនត្រូវ 6 ស៊ុបខ្ចាត់ខ្ចាយ 7 នោះច្បាប់នៃកូនច្បង និង មរតកត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិ។
ពេលយើងគិតអំពីកាក់ដប់សេន ឬការប្រកួតឈ្នះជើងឯកជាតិ អាចផ្លាស់ប្តូរជីវិតរបស់យើង យើងអាចមានលេសសម្រាប់សកម្មភាពរបស់យើង ដូចជាកាអ៊ីន ឬក៏យើងត្រូវចុះចូលតាមឆន្ទៈរបស់ព្រះអម្ចាស់។ សំណួរដែលយើងត្រូវគិត គឺថាតើយើងកំពុងធ្វើអ្វីដែលត្រូវការកែរសម្រួល ដោយសារតែយើងតែងតែមាន ឬក៏អត់ ។ ផ្ទុយទៅវិញ សំណួរដែលយើងគួរសួរគឺថា តើយើងនឹង «រួញខ្លាច » ឬក៏ត្រូវ «សំរេច» នូវការហៅចំពោះព្រលឹងរបស់យើង ឲ្យធ្វើតាមឆន្ទៈរបស់ព្រះវរបិតាសួគ៌ឬ ? 8
ព្រះអម្ចាស់ស្រឡាញ់ភាពសុចរិតរបស់យើង ប៉ុន្តែអញ្ជើញយើងឲ្យបន្ដប្រែចិត្ត និង ចុះចូល ។ នៅក្នុងព្រះគម្ពីរប៊ីប យើងអានថា បុរសអ្នកមានម្នាក់ដែលរក្សាបទបញ្ញត្តិបានលុត ជង្គង់ចំពោះព្រះអង្គសង្គ្រោះ សួរថា តើគាត់ត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតដ៏អស់កល្បជានិច្ច។ គាត់បានចេញទៅដោយចិត្តសោកសៅ នៅពេលព្រះអង្គសង្គ្រោះបានមានបន្ទូលថា « អ្នកខ្វះ កិច្ចការមួយទៀត… គឺត្រូវលក់របស់ទ្រព្យសម្បត្តិអ្នកទាំងប៉ុន្មាន » ។ 9
ផ្ទុយទៅវិញ មានអ្នកមានសម្បត្តិខាងលោកិយម្នាក់ គឺជាស្តេចពេញមួយដែនដីសាសន៍លេមិន ជា ឪពុករបស់ឡាម៉ូណៃ ដែលបានមានសំណួរដដែលនេះ អំពីជីវិតដ៏អស់កល្ប ដោយមានបន្ទូលថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះ ចេញពីទ្រូងយើង ហើយទទួល យកព្រះវិញ្ញាណរបស់ទ្រង់ [?] ... យើងនឹងបោះបង់ចោលនូវអ្វីៗទាំងអស់ ដែលយើងមាន ដើម្បីឲ្យយើងអាចបានទទួលសេចក្តីអំណរដ៏ធំនេះ។» 10
តើអ្នកចាំអំពីការឆ្លើយតប ដែលព្រះអម្ចាស់បានប្រទានដល់សេ្តច តាមរយៈអ្នកបំរើទ្រង់ អើរ៉ុនឬទេ? «បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវដល់ព្រះនាមទ្រង់ដោយនូវសេចក្តីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹងទទួលនូវសេចក្តីសង្ឃឹម ដែលទ្រង់ប៉ងប្រាថ្នា » ។ 11
នៅពេលស្តេចបានយល់អំពីពលិកម្មដែលតម្រូវពីទ្រង់ ទ្រង់បានបន្ទាបខ្លួន ហើយដួលទៅលើដី ហើយបានអធិស្ឋានថា « ឱព្រះអង្គអើយ… ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យស្គាល់ទ្រង់» ។ 12
នេះគឺជាការប្តូរដែលព្រះអង្គសង្គ្រោះកំពុងតែសុំអំពីយើង ៖ យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។ យើងគប្បីបំភ្លេចនូវរឿងដោះសារខ្លួន ពាក្យដោះសារ ពាក្យរកហេតុផល វិធីសាស្ត្រទប់ទល់ ការពន្យាពេល អាការៈខាងក្រៅ មោទនភាពផ្ទាល់ខ្លួន គំនិតវិនិច្ឆ័យអ្នកដទៃ និង ការប្រព្រឹត្តតាមទំនើងចិត្តយើង ។ យើងគប្បីញែកខ្លួនយើង ចេញពីភាពនៃលោកីយ ហើយទទួលព្រះភ័ក្ត្ររបស់ទ្រង់ ។13
បងប្អូនប្រុសស្រី សូមចាំថា សំណូមពរនេះ គឺមានហួសពីការណ៍គ្រាន់តែកុំឲ្យធ្វើអ្វីៗ ដែលអាក្រក់ទៅទៀត។ ពេលតទល់នឹងសត្រូវ យើងត្រូវតែបញ្ចេញសកម្មភាព ហើយកុំអង្គុយ « នៅក្នុងសភាពទ្រឹងខ្វះការគិត » ឡើយ។ 14 ការទទួលព្រះភ័ក្ត្ររបស់ទ្រង់ មានន័យថា ការបម្រើគ្នាទៅវិញទៅមក។ វាមានជាអំពើបាបនៃការធ្វើខុស និង អំពើបាបនៃការព្រងើយកន្តើយ ហើយយើងត្រូវចៀសវាងពីអំពើបាបទាំងពីរនេះ។
នៅពេលកំពុងតែបម្រើជាប្រធានបេសកកម្មនៅអាហ្វ្រិក ខ្ញុំបានបង្រៀនពីការពិតដ៏ធំនេះជាប់ជានិច្ច ។ ខ្ញុំចេញដំណើរទៅការប្រជុំមួយ នៅពេលខ្ញុំបានឃើញក្មេងប្រុសតូចមួយតែម្នាក់ឯង កំពុងយំយ៉ាងខ្លាំងនៅចញ្ចើមថ្នល់ម្ខាង។ សម្លេងក្នុងខ្លួនខ្ញុំមួយ បានបន្លឺថា «ឈប់សិន សូមទៅជួយក្មេងប្រុសនោះ។» បន្ទាប់ពីបានឮសម្លេងនោះភ្លាម ខ្ញុំបានមានការដោះសារមួយថា៖ « អ្នកមិនអាចឈប់បានទេ។ អ្នកនឹងយឺតពេល។ អ្នកគឺជាអ្នកដឹកនាំជាអធិបតី ហើយមិនអាចដើរចូលការប្រជុំដោយយឺតយ៉ាវបានឡើយ។»
ពេលបានទៅដល់ទីប្រជុំ ខ្ញុំបានឮសម្លេងដដែលម្តងទៀតថា « ទៅជួយក្មេងប្រុសនោះ » ខ្ញុំបាន ប្រគល់កូនសោរឡានរបស់ខ្ញុំទៅសមាជិកសាសនាចក្រ ឈ្មោះ អាហ្វាស៊ី ហើយបានប្រាប់គាត់ឲ្យយកក្មេងប្រុសមកឯខ្ញុំ ។ 20 នាទីក្រោយមក ខ្ញុំដឹងថាមានគេបានទះស្មារបស់ខ្ញុំ។ ក្មេងប្រុសនោះឈរនៅ ខាងក្រៅ។
គាត់មានអាយុប្រហែលជា 10 ឆ្នាំ។ យើងបានដឹងថា ឪពុកគាត់បានស្លាប់ ឯម្តាយ គាត់នៅក្នុងគុក។ គាត់បានរស់នៅលើពំនូកសម្រាមនៅ អាក្រា ជាមួយនឹងអ្នកអាណាព្យាបាល ដែលផ្តល់អាហារ និង ទីកន្លែងដល់គាត់គេង ។ ដើម្បីទទួលជម្រកគាត់ គាត់ត្រូវតែដើរលក់ត្រីងៀត តាមថ្នល់។ នៅពេលគាត់បានស្រែកដើរលក់តាមថ្នល់ ហើយបានលូកទៅក្នុងហោប៉ៅ ហើយបានដឹងថាហោប៉ៅរហែក។ គាត់បានបាត់ប្រាក់អស់ហើយ។ អាហ្វាស៊ី និងខ្ញុំបានដឹងភ្លាម ថាបើគាត់ត្រឡប់ទៅវិញដោយគ្មានប្រាក់ គេនឹងចោទថា គាត់ជាមនុស្សកុហក គេនឹងវាយគាត់ រួចហើយនឹងបណ្តេញចេញទៅតាមថ្នល់។ ដំបូងពេលខ្ញុំបានឃើញក្មេងនោះ គាត់ស្ថិតនៅក្នុងសភាពភ័យណាស់ ។ យើងបានធ្វើឲ្យគាត់បាត់ភ័យ ដោយឲ្យប្រាក់ស្មើនឹងអ្វីដែលគាត់បាត់ ហើយបានយកគាត់ទៅផ្ទះ អ្នកអាណាព្យាបាលរបស់គាត់វិញ។
នៅពេលខ្ញុំត្រឡប់ទៅផ្ទះយប់នោះ ខ្ញុំបានដឹងនូវការពិតដ៏ធំពីរ។ ដំបូងខ្ញុំបានដឹងថា ព្រះអម្ចាស់បានយកចិត្តទុកដាក់នឹងយើងម្នាក់ៗដូចកាលពីមុន ហើយមិនបំភ្លេចយើងឡើយ ទីពីរខ្ញុំដឹងថា យើងត្រូវតែស្ដាប់សម្លេងនៃព្រះវិញ្ញាណនៅក្នុងខ្លួនយើង ហើយទៅ « ត្រង់ » 15 ទៅកន្លែងណាដែលនាំយើងទៅ ដោយមិនគិតអំពីភាពភ័យខ្លាច ឬ ភាពមិនសុខស្រួលរបស់យើង ។
ថ្ងៃមួយ ពួកសិស្សបានសួរព្រះអង្គសង្គ្រោះថា តើនរណាធំជាងគេនៅក្នុងនគរស្ថានសួគ៌។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យប្រែចិត្ត បន្ទាបខ្លួន ហើយក្លាយដូចជាកូនតូចៗ។ នោះទ្រង់មានបន្ទូលថា « ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលវង្វេងបាត់បង់ » ។ 16 ជាមួយនឹងប្រយោគមួយនោះ ទ្រង់បានផ្តល់ជាអត្ថន័យដល់បេសកកម្មយើង។ យើងគប្បីចេញទៅជួយស្រោចស្រង់ អ្នកវង្វេង អ្នកដែលមិនសូវសំខាន់ និង អ្នកតូចបំផុត ។ វាមិនគ្រប់គ្រាន់ទេ ដែលចៀសវាង តែពីអំពើអាក្រក់ យើងត្រូវតែ « លីឈើឆ្កាង » 17 និង « ឧស្សាហ៍ចូលរួម » 18 ជួយដល់អ្នកដទៃដើម្បីផ្លាស់ប្រែចិត្តជឿ ។ ដោយក្ដីមេត្តា និងក្ដីស្រឡាញ់ដែលយើងឱបក្រសោបដល់កូនខ្ជះខ្ជាយ 19 ឆ្លើយតបចំពោះសម្រែកនៃមនុស្សកំព្រាស្លន់ស្លោរ និងការទទូចអង្វរនៃ អស់អ្នកដែលស្ថិតក្នុងទីងងឹត និង ការអស់សង្ឃឹម 20 ហើយនឹងទុក្ខព្រួយនៃគ្រួសារដែលខ្វះខាត ។ « សាតាំងមិនចាំបាច់ ទាក់ទាញ មនុស្សគ្រប់រូប ដូចជា កាអ៊ីន និង យូដាសឡើយ... » អែលឌើរ នែល អេ ម៉ាក់ស្វែល បាននិយាយ « វា គ្រាន់តែត្រូវការទាក់ទាញបុរសដែលមានសមត្ថភាព ឲ្យមើលឃើញខ្លួនគេថា ជាអ្នកមានអព្យាក្រិត្យប៉ុណ្ណោះ » ។ 21
បន្ទាប់ពីសន្និសីទស្ដេកថ្មីៗនេះ មានយុវជនវ័យក្មេងម្នាក់បានមករកខ្ញុំ ហើយបានសួរថា « តើព្រះស្រឡាញ់ខ្ញុំទេ ? » សូមឲ្យជីវិតនៃការបម្រើរបស់យើង តែងតែបញ្ជាក់ថា ព្រះពុំបោះបង់ចោលនរណាម្នាក់ទេ ។
ចំពោះសំណួរដែលថា «តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ? » សាតាំងចង់ឲ្យយើង លក់ជីវិតយើង សម្រាប់ដុំស្ករ និង ជើងឯកក្នុងពិភពលោកនេះ។ ទោះជាយ៉ាងណា ព្រះអង្គសង្គ្រោះដង្ហោយហៅយើង ដោយគ្មានផ្ដល់រង្វាន់ខាងលោកិយ ឲ្យយើងប្តូរអំពើបាប រួចទទួលមកលើខ្លួនយើងនូវព្រះភក្ត្ររបស់ទ្រង់ ហើយជួយដល់អស់អ្នកដែលស្ថិតនៅជុំវិញយើងធ្វើដូចគ្នា ។ អាស្រ័យហេតុនេះ យើងអាច ទទួលអ្វីៗទាំងអស់ដែលព្រះទ្រង់មាន ដែលយើងត្រូវបានប្រាប់ថា គឺធំជាងទ្រព្យសម្បត្តិរួមទាំងអស់ នៃផែនដីនេះ។ 22 តើអ្នកអាចស្រម៉ៃគិតដល់ឬទេ?
ថ្មីៗនេះ នៅក្នុងការធ្វើដំណើរទៅប្រទេស នីការ៉ាហ្គ័រ ខ្ញុំបានសម្គាល់ឃើញស្លាកមួយនៅក្នុងផ្ទះ នៃក្រុមគ្រួសារក្រខ្សត់មួយដែលយើងបានទៅជួប។ ស្លាកនោះសរសេរថា «ទីបន្ទាល់ខ្ញុំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ » ។ ខ្ញុំមានទីបន្ទាល់នោះ ទីបន្ទាល់របស់ខ្ញុំ គឺជាទ្រព្យនៃព្រលឹងខ្ញុំ ហើយនៅក្នុងសុចរិតភាពនៃដួងចិត្តខ្ញុំ ខ្ញុំសូមទុកនូវសាក្សីខ្ញុំថា នេះជាសាសនាចក្រពិតរបស់ព្រះ ថាព្រះសង្គ្រោះឈរជាសិរសានៃ សាសនាចក្រនេះ ហើយដឹកនាំតាមរយៈព្យាការីជម្រើសរបស់ទ្រង់។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន។