បញ្ញត្តិយ៉ាងសំខាន់ទីមួយ
យើងមានជីវិតនៃភាពជាសិស្សដែលមានការលះបង់ ដើម្បីបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ ។
ខ្ញុំមានក្ដីអាណិតអាសូរខ្លាំងដល់សាវកដប់មួយអ្នកដែលនៅរស់ បន្ទាប់ពីការសុគតរបស់ព្រះអង្គសង្គ្រោះនៃពិភពលោកជាងក្រុមណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ។ ខ្ញុំគិតថា ពេលខ្លះយើងភ្លេចគិតពីការខ្វះបទពិសោធន៍របស់ពួកគេ ហើយថាតើពួកគេពឹងផ្អែកលើព្រះយេស៊ូវទាំងស្រុងខ្លាំងប៉ុណ្ណា ។ ទ្រង់បានមានបន្ទូលអំពីពួកគេ « ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម្ល៉េះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ ? » ។ 1
ប៉ុន្តែ ពួកគេពុំគិតថា ទ្រង់នៅជាមួយពួកគេយូរគ្រប់គ្រាន់ល្មមទេ ។ រយៈពេលបីឆ្នាំ គឺពុំមានរយៈពេលយូរដើម្បីហៅឲ្យកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពីអ្នកផ្លាស់ប្រែចិត្តថ្មី លុបបំបាត់កំហុសនៃរបៀបចាស់របស់ពួកគេ បង្រៀនពួកគេអំពីភាពអស្ចារ្យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ រួចហើយទុកឲ្យពួកគេនៅបន្ដធ្វើកិច្ចការ ទាល់តែពួកគេត្រូវបានគេសម្លាប់ផងដែរនោះ ។ វាពិតជាពិបាកក្នុងការទទួលយកនូវអនាគតបែបនេះ ចំពោះអ្នកដែលទើបតែងតាំងជាអែលឌើរនោះ។
ជាពិសេស វាពិបាកសម្រាប់ពួកគេនៅតែឯង ។ ព្រះយេស៊ូវបានព្យាយាមប្រាប់ពួកគេដដែលៗថា ទ្រង់នឹងមិន នៅជាមួយពួកគេជាសាច់ឈាមទៀតទេ ប៉ុន្តែពួកគេមិនអាច ឬ នឹងមិនអាចយល់អំពីគំនិតដ៏តានតឹងដូច្នេះទេ ។ ម៉ាកុស បានសរសេរថា ៖
« ទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សលោក គេនឹងសម្លាប់លោក រួចដល់បីថ្ងៃក្រោយ ដែលគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ ។
« តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង » ។ 2
បន្ទាប់ពីពេលដ៏ខ្លីដើម្បីរៀន ឬ ពេលតិចតួចដើម្បីត្រៀមខ្លួននោះ មានរឿងអ្វីមួយបានកើតឡើង ដែលគេពុំបានគិត ឬ ជឿថានឹងកើតឡើង ។ ព្រះអម្ចាស់ និង ជាលោកគ្រូរបស់ពួកគេ ជាអ្នកប្រឹក្សា និង ជាស្ដេចរបស់ពួកគេ ត្រូវបានគេឆ្កាង ។ ការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ត្រូវបញ្ចប់ ឯការពុះពារបង្កើតសាសនាចក្រទ្រង់ឡើង ហាក់ដូចជាត្រូវទទួលគ្រោះកម្ម ហើយទទួលជោគវាសនាផុតរលត់ ។ សាវកបានធ្វើជាសាក្សីទ្រង់ នៅក្នុងស្ថានភាពរស់ឡើងវិញរបស់ទ្រង់ ប៉ុន្តែនោះកាន់តែបន្ថែមនូវការច្របូកច្របល់ដល់ពួកគេ ។ ដោយសារពួកគេច្បាស់ជាងឿងឆ្ងល់ថា « តើយើងត្រូវធ្វើអ្វីឥឡូវនេះ ? » ពួកគេបានងាកទៅរកចម្លើយមកពីពេត្រុស ជាសាវកច្បង ។
ឥឡូវអនុញ្ញាតឲ្យខ្ញុំនិយាយនូវអ្វីដែលពួកគេអាចនឹងនិយាយទៅគ្នាទៅវិញទៅមក ដែលវាគ្មានក្នុងគម្ពីរទេ ។ ពេត្រុសអាចនិយាយទៅកាន់សិស្សរួមគ្រូរបស់គាត់ថា ៖ « បងប្អូនប្រុសទាំងឡាយ រយៈពេលបីឆ្នាំនោះ គឺជាឆ្នាំដ៏រុងរឿង ។ គ្មានគ្នាយើងណាម្នាក់ អាចនឹកគិតថា ក្នុងរយៈពេលប៉ុន្មានខែយ៉ាងខ្លីកន្លងទៅនេះ យើងបានឃើញអព្ភូតហេតុ ហើយយើងរីករាយនឹងបទពិសោធន៍ដ៏ទេវភាពនោះទេ ។ យើងបាននិយាយ អធិស្ឋាន និង ធ្វើការជាមួយនឹងបុត្រានៃព្រះផ្ទាល់ ។ យើងបានដើរជាមួយទ្រង់ ហើយបានយំជាមួយទ្រង់ ហើយនៅយប់ដ៏អាក្រក់ចុងក្រោយនោះ គ្មាននរណាម្នាក់យំខ្លាំងជាងខ្ញុំនោះទេ ។ ប៉ុន្តែវាបានកន្លងផុតទៅហើយ ។ ទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ ហើយទ្រង់បានរស់ឡើងពីផ្នូរ ។ ទ្រង់បានបង្ហើយសេចក្ដីសង្គ្រោះរបស់ទ្រង់ និង របស់យើងហើយ ។ ដូច្នេះអ្នកសួរថា ‹ តើយើងត្រូវធ្វើអ្វីឥឡូវនេះ ? › ខ្ញុំមិនដឹងថាប្រាប់អ្នកអ្វីក្រៅពីត្រឡប់ទៅរកជីវិតកាលពីមុនរបស់អ្នកទៅ ហើយអរសប្បាយចុះ ។ ខ្ញុំចង់ ‹ ទៅនេសាទត្រី› វិញ » ។ ហើយយ៉ាងហោចណាស់ មានប្រាំមួយនាក់ក្នុងចំណោមអ្នកទាំងដប់នាក់ បន្ដនៅជាសាវក បាននិយាយយល់ស្របថា « យើងក៏ទៅជាមួយអ្នកដែរ » ។ យ៉ូហាន គឺជាម្នាក់ក្នុងចំណោមពួកគេ បានសរសេរថា « ស្រាប់តែគេចេញទៅចុះទូក » ។3
ប៉ុន្តែគួរឲ្យសោកស្ដាយ ការនេសាទពុំចាប់បានអ្វីសោះ ។ យប់ដំបូងដែលពួកគេត្រឡប់ទៅសមុទ្រវិញ ពួកគេពុំចាប់បានអ្វីសោះ គ្មានបានត្រីមួយទេ ។ ពេលព្រលឹមឡើង ពួកគេបានត្រឡប់ទៅច្រាំងវិញទាំងខកចិត្ត ជាកន្លែងដែលពួកគេមើលឃើញពីចម្ងាយនូវមនុស្សម្នាក់ ដែលបានស្រែកហៅពួកគេ « កូនអើយ តើអ្នកចាប់បានអ្វីទេ ? » សាវកទាំងនេះ ដែលបានត្រឡប់ទៅធ្វើជាអ្នកនេសាទវិញ បានឆ្លើយទាំងពុំសប្បាយចិត្ត ដែលគ្មានអ្នកនេសាទណាចង់ឆ្លើយថា « យើងចាប់ពុំបានអ្វីទេ » ពួកគេបានរអ៊ូ ហើយកាន់តែខឹង ពេលពួកគេត្រូវបានហៅថា « កូនអើយ » បែបនេះនោះ ។4
មនុស្សចម្លែកបានស្រែកប្រាប់ ថា « ចូរទម្លាក់អួនទៅខាងស្ដាំទូក នោះទើបបាន » 5 -- ហើយដោយពាក្យដ៏សាមញ្ញទាំងនោះ នោះពួកគេស្គាល់ភ្លាមថាជានរណា ។ កាលពីបីឆ្នាំមុន បុរសទាំងនេះ បាននេសាទនៅក្នុងសមុទ្រនេះ ។ ក្នុងស្ថានភាពដូចគ្នានេះដែរ តាមបទគម្ពីរបានប្រាប់ថា ពួកគេ « បានដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ » ។ 6 ប៉ុន្តែអ្នកស្រុកកាលីឡេ នៅលើមាត់ច្រាំង បានហៅពួកគេឲ្យទំលាក់អួនពួកគេចុះ រួចពួកគេបានទម្លាក់ចុះទៅ « នោះក៏ជាប់បានត្រីសន្ធឹក » 7 ដល់ម្ល៉េះបានជាធ្វើឲ្យអួនរបស់គេធ្លាយ គេចាប់បានត្រីពីរទូកពេញ ហើយមានទម្ងន់ដ៏ធ្ងន់ ដែលធ្វើឲ្យទូកគេចាប់ផ្ដើមលិច ។
ឥឡូវ វាបានកើតឡើងម្ដងទៀត ។ « កូនៗ » ទាំងនេះ នៅពេលពួកគេត្រូវបានហៅដោយត្រឹមត្រូវ បានទម្លាក់អួនពួកគេចុះ ហើយ « ទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ » ។ 8 យ៉ូហាន បាននិយាយយ៉ាងប្រាកដ ថា « គឺពិតជាព្រះអម្ចាស់ » ។9 ហើយពេត្រុសបានលោតរំលងគែមទូកចុះទៅ ។
បន្ទាប់ពីបានជួបជុំជាមួយនឹងព្រះយេស៊ូវដែលរស់ឡើងវិញដោយក្ដីអំណរ នោះពេត្រុស បានសន្ទនាជាមួយនឹងព្រះអង្គសង្គ្រោះថា ទូលបង្គំគិតថា វាជាគ្រាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃពួកសាវក ហើយប្រាកដណាស់ សម្រាប់ពេត្រុសផ្ទាល់ បានបំផុសគំនិតថា គាត់ជាបុរសមាំដូចថ្មដ៏អស្ចារ្យរូបនេះ ទៅជាជីវិតដ៏វិសេសនៃការបម្រើ និង ការដឹកនាំដែលលះបង់ ។ ពេលមើលទៅទូកចាស់តូច អួនកណ្តាចរបស់ពួកគេ និង គំនរត្រីចំនួន 153 ក្បាល នោះព្រះយេស៊ូវបានមានបន្ទូលទៅសាវកច្បងថា « ពេត្រុស តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ពេត្រុសតបថា « ព្រះករុណាវិសេស ព្រះអម្ចាស់ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ។10
ព្រះអង្គសង្គ្រោះតបនឹងចម្លើយនោះ ប៉ុន្តែបន្ដមើលចំភ្នែករបស់សិស្សទ្រង់ រួចមានបន្ទូលម្ដងទៀតថា « ពេត្រុស តើអ្នកស្រឡាញ់ខ្ញុំឬទេ ? » អ្នកនេសាទដ៏ល្អនេះ ដោយសារតែការសួរដដែលៗ បានឆ្លើយសំណួរជាលើកទីពីរ ដោយមានការច្របូកប្របល់បន្ដិចថា « ព្រះករុណាវិសេស ព្រះអម្ចាស់ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ។ 11
ព្រះអង្គសង្គ្រោះ បានផ្ដល់ចម្លើយដ៏ខ្លី តែបានសួរឥតឈប់ ទ្រង់សួរជាលើកទីបីថា « ពេត្រុស តើអ្នកស្រឡាញ់ខ្ញុំឬទេ ? » មកដល់ពេលនេះ ពេត្រុសពិតជាមានអារម្មណ៍មិនស្រួលទេ ។ ប្រហែលជាមានការចងចាំក្នុងដួងចិត្តគាត់កាលពីប៉ុន្មានថ្ងៃមុន ពេលគាត់ត្រូវបានសួរសំណួរផ្សេងបីដង ហើយគាត់បានឆ្លើយដោយអង់អាចដូចគ្នានេះ-- ប៉ុន្តែជាចម្លើយអវិជ្ជមាន ។ ឬប្រហែលជាគាត់ចាប់ផ្ដើមងឿងឆ្ងល់ បើសិនជាគាត់មិនយល់សំណួររបស់លោកគ្រូ ។ ឬប្រហែលជាគាត់កំពុងសាក ចិត្ត ចង់បានភាពស្មោះត្រង់ចំពោះចម្លើយដែលគាត់បានត្រៀមផ្ដល់ជាស្រេច ស្ទើរតែដោយស្វ័យប្រវត្តិនោះ ។ មិនថាគាត់មានអារម្មណ៍យ៉ាងណាទេ ពេត្រុសបាននិយាយជាលើកទីបីថា « ព្រះករុណាវិសេស ព្រះអម្ចាស់ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » ។ 12
( ហើយជាថ្មីម្ដងទៀត ខ្ញុំទទួលស្គាល់ថា នេះជាចំណេះដឹងដែលពុំបានកត់ត្រាក្នុងគម្ពីរទេ ) ចំពោះចម្លើយរបស់ព្រះយេស៊ូវ ប្រហែលជាទ្រង់មានបន្ទូលដូចនេះថា ៖ « ពេត្រុស ហេតុអ្វីអ្នកមកទីនេះ ? ហេតុអ្វីក៏យើងមកឆ្នេរសមុទ្រដដែលនេះ ដែលមានអួនដដែល និងមានការសន្ទនាដូចគ្នាដដែលនេះ ? តើវាមិនជាក់ស្ដែងទេឬអីពេលនោះ ហើយនឹងពេលនេះ ថាបើយើងចង់បានត្រី យើងអាចចាប់ត្រីបាននោះ? ពេត្រុស អ្វីដែលយើងត្រូវការគឺពួកសិស្ស-- ហើយយើងត្រូវការពួកគេជារៀងរហូត ។ យើងត្រូវការអ្នកឲ្យចំណីចៀម និង សង្គ្រោះចៀមរបស់យើង ។ យើងត្រូវការអ្នកផ្សាយដំណឹងល្អ និង ការពារសាសនាយើង ។ យើងត្រូវការអ្នកដែលស្រឡាញ់យើង ដែលពិតជាស្រឡាញ់យើង ហើយស្រឡាញ់អ្វីៗដែលព្រះវរបិតាសួគ៌យើងបានបញ្ជាឲ្យយើងធ្វើ ។ សារលិខិតរបស់យើងពុំទន់ខ្សោយទេ ហើយកិច្ចការងាររបស់យើងក៏ពុំមែនជាបណ្ដោះអាសន្នដែរ ។ កិច្ចការងាររបស់យើងពុំមែនអកុសល ឬ គ្មានក្ដីសង្ឃឹមនោះទេ ហើយវាក៏មិនត្រូវបានបំភ្លេចតាមពេលវេលានោះដែរ ។ វាគឺជាកិច្ចការនៃព្រះដ៏មហិមា ហើយវានឹងផ្លាស់ប្ដូរពិភពលោក ។ ដូច្នេះសម្រាប់លើកទីពីរ ហើយទំនងជាជាលើកចុងក្រោយផងដែរ ពេត្រុស យើងសុំឲ្យអ្នក បោះបង់ចោលអ្វីទាំងអស់នេះ ហើយទៅបង្រៀន និង ថ្លែងទីបន្ទាល់ ធ្វើការ និង បម្រើដោយភក្ដីភាព រហូតដល់ថ្ងៃដែលពិភពលោក នឹងធ្វើដូចគ្នានូវអ្វីដែលគេបានធ្វើមកលើយើង » ។
បន្ទាប់មកងាកទៅរកពួកសាវកទាំងអស់ ទ្រង់ប្រហែលជានឹងមានបន្ទូលដូចនេះថា « តើអ្នកល្ងិតល្ងង់ដូចជាពួកសង្ឃ និង ពួកផារ៉ាស៊ីឬ ? ដូចជាហេរ៉ូឌ និង ពីឡាត់ឬ ? តើអ្នកគិតដូចជាពួកគេថា កិច្ចការនេះអាចនឹងបញ្ចប់ដោយងាយ ពេលគេសម្លាប់យើងឬ ? តើអ្នកគិតដូចជាពួកគេថា ការឆ្កាង ការបោះដែកគោល និង ផ្នូរគឺជាទីបញ្ចប់នៃអ្វីៗទាំងអស់ឬ ហើយមនុស្សម្នាក់ៗ អាចត្រឡប់ទៅកាន់ជីវិតចាស់ដែលពួកគេមានពីមុនដោយរីករាយឬ ? កូនៗ តើជីវិតរបស់យើង និង ក្ដីស្រឡាញ់របស់យើង ពុំចាក់ក្នុងដួងចិត្តរបស់អ្នកច្រើនជាងរឿងនោះទេឬអី ? »
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំពុំដឹងច្បាស់ពីអ្វីដែលយើងនឹងជួបនៅថ្ងៃជំនុំជំរះរបស់យើងទេ ប៉ុន្តែខ្ញុំនឹងភ្ញាក់ផ្អើលណាស់ បើក្នុងការសន្ទនានោះ ព្រះពុំបានសួរយើងនូវអ្វីដែលព្រះគ្រីស្ទបានសួរដល់ពេត្រុសថា « តើអ្នកស្រឡាញ់យើងឬទេ ? » ខ្ញុំគិតថា ទ្រង់នឹងចង់ដឹងបើជីវិតរមែងស្លាប់របស់យើង ពេលខ្លះការយល់រឿងដូចជាក្មេងនេះ តើយើងយ៉ាងហោចណាស់យល់បទបញ្ញត្តិមួយ ដែលជាបញ្ញត្តិទីមួយ និង ធំជាងគេបង្អស់ថា « ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងឯង » ដែរឬទេ ។ 13 បើសិនជាមានគ្រាដូច្នោះ យើងអាចនិយាយថា « ព្រះករុណាវិសេស ព្រះអម្ចាស់ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ » បន្ទាប់មក ទ្រង់អាចនឹងរំឭកយើងថា លក្ខណៈនៃក្ដីស្រឡាញ់ដ៏ខ្ពស់បំផុត គឺការមានភក្ដីភាពជានិច្ច ។
ព្រះយេស៊ូវមានបន្ទូលថា « បើអ្នកស្រឡាញ់ខ្ញុំ ចូររក្សាបញ្ញត្តិរបស់ខ្ញុំចុះ » ។ 14 ដូច្នេះយើងមានអ្នកជិតខាងដើម្បីប្រទានពរ កុមារតូចៗដើម្បីការពារ មនុស្សក្រីក្រដើម្បីលើកឡើង និង សេចក្ដីពិតដើម្បីការពារ ។ មានការខុសឆ្គងជាច្រើនដែលត្រូវកែតម្រូវវិញ មានសេចក្ដីពិតដើម្បីចែកចាយ និង សេចក្ដីល្អដើម្បីធ្វើ ។ ជាសង្ខេប យើងចាំបាច់ត្រូវរស់នៅឲ្យដូចជាពួកសិស្សដែលមានការលះបង់ ដើម្បីបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ ។ យើងមិនអាចឈប់ ហើយត្រឡប់ទៅក្រោយវិញទេ ។ បន្ទាប់ពីបានជួបនឹងព្រះរាជបុត្រាមានព្រះជន្មរស់នៃព្រះដ៏មានព្រះជន្ម នោះគ្មានអ្វីដែលនឹងត្រឡប់ទៅដូចជាជីវិតចាស់នោះទេ ។ ការឆ្កាង ដង្វាយធួន និង ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ គូសសញ្ញានៃការចាប់ផ្ដើមជីវិតជាគ្រីស្ទាន ពុំមែនជាទីបញ្ចប់នោះទេ ។ គឺសេចក្ដីពិត និង ធាតុពិតនេះហើយ ដែលអនុញ្ញាតឲ្យពួកអ្នកនេសាទកាលីឡេប្រឡប់មកជាពួកសាវកម្ដងទៀត ដែលគ្មាន « កន្លែងជំនុំ ឬ ដាវ» 15 ចាកចោលអួនទាំងនោះជាលើកទីពីរ ហើយបន្ដសំលៀងប្រវត្តិសាស្ត្រនៃពិភពលោកដែលយើងរស់នៅក្នុងពេលនេះទេ ។
ខ្ញុំថ្លែងទីបន្ទាល់ចេញពីដួងចិត្តខ្ញុំ ដោយបំណងនៃព្រលឹងខ្ញុំ ចំពោះអ្នកទាំងអស់ណា ដែលអាចស្ដាប់ឮសម្លេងខ្ញុំថា កូនសោជាសាវកទាំងនោះ ត្រូវបានស្ដារឡើងវិញនៅលើផែនដី ហើយវាមាននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ចំពោះអ្នកដែលពុំទាន់បានចូលរួមនឹងយើងនៅក្នុងបុព្វហេតុនៃព្រះគ្រីស្ទចុងក្រោយដ៏មហិមានេះ យើងសូមនិយាយថា « សូមមកចុះ » ។ ចំពោះអ្នកទាំងឡាយណាដែលធ្លាប់នៅជាមួយយើង ហើយបានដកខ្លួនថយ ដោយចង់ចូលរួមតែក្នុងទិដ្ឋភាពវប្បធម៌មួយចំនួននៃសាសនាចក្រ តែពុំចូលរួមនៅក្នុងពរជ័យពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញ ខ្ញុំសូមនិយាយថា ខ្ញុំខ្លាចថាអ្នកប្រឈមមុខនឹងយប់យន់សែនយូរ ហើយគ្មានចាប់បានអ្វីក្នុងអួនសោះ ។ យើងសូមហៅអ្នកឲ្យត្រឡប់មកវិញ ចូរនៅស្មោះត្រង់ និង ស្រឡាញ់ព្រះ ហើយជួយស្ថាបនានគរព្រះ ។ ខ្ញុំក៏ហៅដោយស្មោះដល់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាគ្រប់រូប ដែលធ្លាប់ឈរនៅជិតអាងបុណ្យជ្រមុជទឹក ហើយលើកដៃជាកែងនិយាយថា « ដោយបានទទួលការអនុញ្ញាតមកពីព្រះយេស៊ូវគ្រីស្ទ » ។ 16 ការអនុញ្ញាតនោះ គឺត្រូវផ្លាស់ប្ដូរការផ្លាស់ប្រែចិត្តជឿរបស់អ្នកជារៀងរហូត ប៉ុន្តែវាក៏ត្រូវផ្លាស់ប្ដូរអ្នកជារៀងរហូតផងដែរ ។ ចំពោះយុវវ័យក្នុងសាសនាចក្រ ដែលកំពុងធំពេញវ័យ ហើយមិនយូរប៉ុន្មាននឹងចេញទៅព្រះវិហារបរិសុទ្ធ បេសកកម្ម ព្រះវិហារបរិសុទ្ធ ហើយនឹងរៀបការ យើងសូមនិយាយថា ៖ « ចូរស្រឡាញ់ព្រះ ហើយជ្រះស្អាតពីឈាមនៃមនុស្សតំណរនេះ » ។ អ្នកមានកិច្ចការយ៉ាងច្រើនដើម្បីធ្វើ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងការប្រកាសដ៏អស្ចារ្យ ដែលប្រធានថូម៉ាស អេស. ម៉នសុន បានថ្លែងកាលពីព្រឹកម្សិលមិញ » ។ ព្រះបិតាសួគ៌របស់អ្នក រំពឹងឲ្យអ្នកមានក្ដីស្រឡាញ់ និង ភក្ដីភាពគ្រប់ពេលក្នុងជីវិតរបស់អ្នក ។
អស់អ្នកដែលស្ដាប់ឮសម្លេងខ្ញុំ សម្លេងរបស់ព្រះគ្រីស្ទ បានបន្លឺគ្រប់ពេល ហើយបានសួរយើងម្នាក់ៗ ខណៈដល់ពេលថា « តើអ្នកស្រឡាញ់ខ្ញុំឬទេ ? » ហើយចំពោះយើងទាំងអស់គ្នា ខ្ញុំឆ្លើយដោយការគោរព និង អស់ពីព្រលឹងរបស់ខ្ញុំថា « ព្រះអម្ចាស់អើយ យើងខ្ញុំស្រឡាញ់ទ្រង់ » ។ ហើយបានដាក់ « ដៃយើងកាន់នង្គ័ល » ។ 17 យើងនឹងពុំបែរមើលក្រោយឡើយ រហូតដល់កិច្ចការនេះ ត្រូវបានបញ្ចប់ ហើយសេចក្ដីស្រឡាញ់នៃព្រះពិត និង អ្នកជិតខាង បានគ្រប់គ្រងពិភពលោក ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។