ឆ្នាំ ២០១០-២០១៩
ទាក់ទង​នឹង​ការសោកស្ដាយ និង ការតាំងចិត្ត
តុលា 2012


19:46

ទាក់ទង​នឹង​ការសោកស្ដាយ និង ការតាំងចិត្ត

កាលណា​យើង​លះបង់​ខ្លួនយើង​ចំពោះ​ការខំ​រក្សា​នូវ​ភាពបរិសុទ្ធ និង សុភមង្គល​កាន់តែ​ច្រើន យើង​នឹង​ស្ថិត​នៅលើ​ផ្លូវ​នាំ​ទៅរក​ការសោកស្ដាយ​កាន់តែ​តិចតួច​ដែរ ។

ទាក់ទង​នឹង​ការសោកស្ដាយ

ប្រធាន​ម៉នសុន យើង​ស្រឡាញ់​អ្នក ។ អរគុណ​ចំពោះ​ការ​ប្រកាស​ដ៏បំផុសគំនិត និង ជាប្រវត្តិសាស្ត្រ អំពី​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ថ្មី និង ការ​បម្រើ​បេសកកម្ម ។ ពីព្រោះ​រឿង​នោះ ខ្ញុំ​ប្រាកដ​ថា ពរជ័យ​ដ៏​អស្ចារ្យ​ទាំងនេះ នឹង​កើត​មាន​ចំពោះ​យើង និង ចំពោះជំនាន់​នា​ពេល​នាគត​ជាច្រើនទៀត ។

បងប្អូន​ប្រុស​ស្រី មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ! យើង​ទាំងអស់​គ្នា​គឺ​ជា​មនុស្ស​ចេះ​ស្លាប់ ។ ខ្ញុំ​សង្ឃឹម​ថា ការណ៍​នេះ​មិន​នាំ​មក​នូវ​ការភ្ញាក់ផ្អើលល​ដល់​មនុស្ស​គ្រប់​គ្នានោះ​ទេ ។

គ្មាន​គ្នា​យើង​ណាម្នាក់ នឹង​នៅ​រស់​លើ​ផែនដី​បាន​យ៉ាង​យូរ​នោះ​ទេ ។ យើង​មាន​ពេលវេលា​ជាក់​លាក់​នៅលើ​ផែនដី ដែល​ក្នុង​ទស្សនៈ​វិស័យ​ដ៏​អស់កល្ប​ជានិច្ច វា​គ្រាន់​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ។

ហើយ​បន្ទាប់មក​យើង​ក៏​ចាកចេញ​ទៅ ។ វិញ្ញាណ​របស់​យើង « នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​គេ » ។1 រាងកាយ​​យើង​ត្រូវ​ដាក់ចុះ​ទៅក្នុង​ផ្នូរ ហើយ​យើង​ចាកចេញ​ពី​រឿង​ទាំងឡាយ​នៃ​លោកិយ​នេះ នៅពេល​យើង​ទៅកាន់​កន្លែង​មួយ​ទៀត​នៃ​ការរស់នៅ​របស់​យើង ។

នៅពេល​យើង​នៅ​ក្មេង វា​ហាក់​ដូចជាថា​​យើង​នឹង​រស់នៅ​ជារៀង​រហូត ។ យើង​គិត​ថា យើង​មាន​ជីវិត​រស់នៅ​ជានិច្ច​និរន្តរ៍ ហើយ​អនាគតកាល​ចំពោះ​យើង មើល​ទៅ​ដូចជា​ផ្លូវ​មួយ​ដែល​មិន​ចេះ​ខូច ដែល​បន្ដ​ពី​មុខ​យើង​មិន​ចេះ​ចប់ ។

ទោះយ៉ាងណា​ក្ដី ពេល​យើង​កាន់តែ​ចាស់​ទៅ យើងកាន់​តែ​ចង់​​មើល​ត្រឡប់​ក្រោយវិញ ហើយ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​អំពី​ភាព​ដ៏​ខ្លី​ដែល​ផ្លូវ​នេះ​មាន ។ យើង​ឆ្ងល់​ថា​តើ​​ចំនួន​ឆ្នាំ​ទាំងនេះ អាច​កន្លង​ផុត​ទៅ​យ៉ាង​លឿន​ដូច្នេះ​ដោយ​របៀបណា ។ ហើយ​យើង​ចាប់ផ្ដើម​គិត​អំពី​ជម្រើស​ដែល​យើង​បាន​រើស និង រឿង​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ ។ នៅក្នុង​ដំណើរការ​នេះ យើង​ចងចាំ​នូវ​ឱកាស​ដ៏​រីករាយ​ជាច្រើន​ដែល​ផ្ដល់​សុភមង្គល​ដល់​ព្រលឹង​យើង និង ក្ដីអំណរ​ដល់​ដួងចិត្ត​យើង ។ ប៉ុន្ដែ​យើង​ក៏​ចាំ​ផងដែរ​ពី​ការសោកស្ដាយ -- រឿង​ដែល​យើង​ប្រាថ្នា​ថា យើង​អាច​ត្រឡប់​ទៅក្រោយវិញ ហើយ​ផ្លាស់ប្ដូរ​វា ។

គិលានុបដ្ឋាយិកា​ម្នាក់ ដែល​ថែទាំ​អ្នកជម្ងឺដែល​ឈឺ​ជិត​ស្លាប់​និយាយ​ថា ជាញឹកញាប់ នាង​បាន​សួរ​សំណួរ​សាមញ្ញ​មួយ​ដល់​អ្នកជំងឺ​របស់​នាង នៅពេល​ពួកគេ​បាន​ត្រៀម​ខ្លួន​ស្លាប់ ។

នាង​បាន​សួរ​ថា « តើ​អ្នក​មាន​ការសោកស្ដាយ​អ្វី​ខ្លះ​ទេ ? »2

ដោយ​ស្ថិត​នៅ​កៀក​ខ្លាំង​នឹង​ថ្ងៃ​បញ្ចប់​នៃ​ជីវិត​រមែង​ស្លាប់​នោះ ជាញឹកញាប់​វា​ផ្ដល់​នូវ​ភាពច្បាស់លាស់​ដល់​គំនិត និង ផ្ដល់​នូវ​ការយល់​យ៉ាង​ច្បាស់ ព្រមទាំង​ទស្សនៈ​វិស័យ ។ ដូច្នេះ នៅពេល​មនុស្ស​ទាំងនេះ​ត្រូវ​បាន​គេ​សួរ​អំពី​ការសោកស្ដាយ​របស់​ពួកគេ ពួកគេ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ដោយ​បើក​ចំហរ ។ ពួកគេ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​នឹង​ផ្លាស់ប្ដូរ ប្រសិនបើ​ពួកគេ​អាច​ត្រឡប់​ទៅ​អតីតកាល​បាន ។

នៅពេល​ខ្ញុំ​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​និយាយ ខ្ញុំ​បាន​ភ្ញាក់ផ្អើល​ពី​របៀប​ដែល​គោលការណ៍​ដ៏​រឹងមាំ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ជះ​ឥទ្ធិពល​ដល់​ការដឹកនាំ​សម្រាប់​ការណ៍​ល្អ​ក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​គ្រាន់តែ​អនុវត្ត​វា ។

គ្មាន​អ្វី​ជា​អាថ៌កំបាំង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​នោះ​ទេ ។ យើង​បាន​សិក្សា​ពី​វា​នៅក្នុង​ព្រះគម្ពីរ យើង​បាន​ពិភាក្សាពី​វា​នៅក្នុង​សាលា​ថ្ងៃអាទិត្យ ហើយ​យើង​បាន​ឮពី​វា​ពេល​ប្រជុំ​សាសនាចក្រ​ជាច្រើន​ដង ។ គោលការណ៍ និង គុណ​តម្លៃ​ដ៏​ទេវភាព​ទាំងនេះ គឺមាន​លក្ខណៈ​ចំៗ និង ច្បាស់ ; វាស្រស់​​ស្អាត គួរ​ឲ្យ​ចង់​បាន និង ពេញ​ដោយ​ព្រះចេស្តា ហើយ​វា​ពិត​ជា​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​នូវ​ការសោកស្ដាយ​នាពេល​អនាគត​បាន ។

ខ្ញុំ​ប្រាថ្នាថា ខ្ញុំ​បាន​​ចំណាយ​ពេល​ច្រើន​ជាង​នេះ​ជាមួយ​នឹង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ។

ប្រហែល​ជា​ការសោកស្ដាយ​ដ៏ទូទៅ​បំផុត​ដែល​អ្នកជំងឺ​ជិត​ស្លាប់ បាន​បង្ហាញ​នោះ​គឺ​ថា ពួកគេ​ប្រាថ្នា​ថា​ពួកគេ​បានចំណាយ​ពេល​ច្រើន​ជាង​នេះ​ជាមួយ​នឹង​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។

ជាពិសេសពួក​​បុរស បាន​បង្ហាញ​នូវ​អារម្មណ៍​ទុក្ខសោក​ជា​ទូទៅ​នេះ ៖ ពួកគេ « ពិត​ជា​សោកស្ដាយ​ជាខ្លាំង​ដែល​បាន​ចំណាយ​ពេល​ដ៏​ច្រើន​នៃ​ជីវិត​របស់​ពួកគេ​លើ​ការងារ​របស់​ពួកគេ » ។3 មនុស្ស​ជាច្រើន​បាន​ខកខានដើម្បី​មាន​នូវ​​ឱកាស​​បង្កើត​អនុស្សាវរីយ៍​ដ៏​ពិសេស​ដែលកើត​​មក​ពី​ការចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ និង មិត្តភក្ដិ ។ ពួកគេ​មិន​បាន​បង្កើត​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ជាមួយ​នឹង​អ្នកដែល​មានន័យ​បំផុត​សម្រាប់​ពួកគេ​នោះ​ទេ ។

តើ​វា​មិន​ពិត​ទេ​ឬ ដែល​ថា​ជា​រឿយៗ យើង​រវល់​នោះ ? ហើយ​វា​ជា​ការក្រៀមក្រំ​មួយ​ដើម្បី​និយាយ​ថា យើង​ថែមទាំង​គិត​ថា​ការរវល់​នោះ គឺជា​កិត្តិយស​មួយ ដោយ​សារ​​ការរវល់​នោះ​គឺជា​សមិទ្ធិផល ឬ ទីសម្គាល់​មួយ​នៃ​ជីវិត​ដ៏អស្ចារ្យ​នោះ ។

មែន​ទេ ?

ខ្ញុំ​គិត​អំពី​ព្រះអម្ចាស់ និង ជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ពី​ជីវិត​ដ៏​ខ្លី​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន កាលីឡេ និង យេរូសាឡិម ។ ខ្ញុំ​ព្យាយាម​ស្រមៃ​ពី​ទ្រង់​ប្រញាប់​ប្រញាល់​រវាង​ការប្រជុំ ឬ ការធ្វើ​កិច្ចការ​ច្រើន​ដើម្បី​បញ្ចប់​រឿង​បន្ទាន់​ដែល​ទ្រង់​ត្រូវសម្រេច ។

ខ្ញុំ​ស្រមៃ​មិន​ចេញ​នោះ​ទេ ។

ផ្ទុយមកវិញ ខ្ញុំ​ឃើញ​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​មេត្តា​ករុណា និង យកចិត្ត​ទុកដាក់​នោះ គង់​នៅ​រាល់ថ្ងៃ​ដោយ​មាន​គោលបំណង​មួយ ។ នៅពេល​ទ្រង់​ទាក់ទង​នឹង​អ្នក​នៅ​ជុំវិញ​ទ្រង់ ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​សំខាន់ ហើយ​ថា​ទ្រង់​ស្រឡាញ់​គេ ។ ទ្រង់​ជ្រាប​ពី​តម្លៃ​ដ៏ពិត​ប្រាកដ​​របស់​មនុស្ស​ដែល​ទ្រង់​ជួប​នោះ ។ ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ បម្រើ​ពួកគេ ។ ទ្រង់​បាន​លើក​ពួកគេ​ឡើង ព្យាបាល​ពួកគេ ។ ទ្រង់​បាន​ផ្ដល់​អំណោយទាន​ដ៏​មាន​តម្លៃ​នៃ​ពេលវេលា​របស់​ទ្រង់​ដល់​ពួកគេ ។

នៅក្នុង​ជំនាន់​របស់​យើង វា​ងាយ​ស្រួល​ដោយ​គ្រាន់តែ​ធ្វើ​ការ​ចំណាយ​ពេល​ជាមួយ​នឹង​អ្នកដទៃ ។ ដោយ​គ្រាន់តែ​ចុច​លើ mouse កុំព្យូទ័រ​មួយ យើង​អាច « ទាក់ទង » ជាមួយ​នឹង « មិត្តភក្ដិ » រាប់ពាន់​នាក់ ដោយ​មិន​បាច់​ជួប​មុខ​ពួកគេ​ម្នាក់ៗ​នោះ​ទេ ។ បច្ចេកវិទ្យា​អាច​ជា​រឿង​មួយ​ដ៏​អស្ចារ្យ ហើយ​វា​មាន​ប្រយោជន៍ណាស់ នៅពេល​យើង​មិន​អាច​នៅ​ក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ។ ភរិយា​របស់​ខ្ញុំ និង ខ្ញុំ រស់​នៅ​ឆ្ងាយ​ពី​សមាជិក​គ្រួសារ​ដ៏​មាន​តម្លៃ​ទាំងឡាយ ហើយ​យើង​ដឹង​ពី​អារម្មណ៍​នោះ ។ ទោះយ៉ាងណា​ក្ដី ខ្ញុំ​ជឿ​ថា​យើង​មិន​បាន​រីកចម្រើន​នោះ​ទេ ទោះ​ជាលក្ខណៈ​បុគ្គល និង ជា​សង្គម​មួយ​ក្ដី នៅពេល​​យើង​ទាក់ទង​នឹង​គ្រួសារ ឬ មិត្តភក្ដិ ភាគច្រើន​​ដោយគ្រាន់​តែ​​ដាក់​រូបភាព​កំប្លែង​លើ​អ៊ិនធើណិត , ផ្ញើ​បន្ដ​ដល់​អ្នកដទៃ​នូវ​សារ​ដែល​មិន​សំខាន់ ឬ ការ​ភ្ជាប់​មនុស្សជាទីស្រឡាញ់​របស់​យើង​នឹង​វិបសាយ​នានា​លើ​អ៊ិនធើណិតនោះ ។ ខ្ញុំ​គិត​ថា មាន​ស្ថានភាព​មួយ​ដែល​សកម្មភាព​ប្រភេទ​នេះ​អាច​ទទួល​យក​បាន ប៉ុន្ដែ​តើ​យើង​នឹង​ចំណាយ​ពេល​ប៉ុណ្ណា​លើ​វា ? ប្រសិនបើ​យើង​មិន​បាន​ផ្ដល់​នូវ​អ្វី​ដ៏​ល្អ​បំផុតសម្រាប់​ខ្លួន​​របស់​យើង​ផ្ទាល់ និង ពេលវេលា​ដែលមិន​អាច​បែង​ចែក​ ចំពោះ​អ្នកដែល​ពិត​ជា​សំខាន់​ចំពោះ​យើង​នោះ ថ្ងៃ​មួយ​យើង​នឹង​សោកស្ដាយ​មិន​ខាន ។

ចូរ​យើង​តាំងចិត្ត​ស្រឡាញ់​ថែទាំ​អ្នកដែល​យើង​ស្រឡាញ់​ ដោយ​ចំណាយ​ពេល​ដ៏​មាន​ន័យ​ជាមួយ​នឹង​ពួកគេ ធ្វើកិច្ចការជាមួយពួកគេ ហើយ​បង្កើត​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​នានា ។

ខ្ញុំ​ប្រាថ្នា ខ្ញុំ​អាចបាន​រស់​នៅ​​តាម​សក្ដានុពល​របស់​ខ្ញុំ

មនុស្ស​ដែល​បង្ហាញ​ការសោកស្ដាយ​មួយ​ទៀត​នោះ​គឺ​ថា ពួកគេ​មិនអាច​​បាន​ក្លាយជា​មនុស្ស​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​អាច និង គួរតែ​ជា​មនុស្ស​នោះរហូត​មក ។ នៅពេល​ពួកគេ​គិត​អំពី​ជីវិត​របស់​ខ្លួនឡើង​វិញ ពួកគេ​បាន​ទទួល​ស្គាល់​ថា ពួកគេ​មិន​ដែល​បាន​រស់​នៅ​តាម​សក្ដានុពល​របស់ខ្លួន​ឡើយ ហើយ​មាន​រឿង​ជាច្រើន​ក្រៃ​ដែល​មិន​ទាន់​បាន​បំពេញ​នៅ​ឡើយ ។

ខ្ញុំ​មិនមែន​និយាយ​ពេល​នេះ​អំពី​ការរីកចម្រើន​បាន​ជោគជ័យ នៅក្នុង​អាជីព​ផ្សេងៗ​របស់​យើង​នោះ​ទេ ។ ការរីកចម្រើន​នោះ មិន​ថា​វា​មើល​ទៅ​ ​នៅលើ​ផែនដី​នេះ​អស្ចារ្យប៉ុណ្ណា​ទេ វា​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ​នៅក្នុង​ដំណើរ​ដ៏​អស់កល្ប​មហិមា​ដែល​រង់ចាំ​យើង​នោះ ។

ពេល​នេះ ខ្ញុំ​កំពុង​និយាយ​អំពី​ការក្លាយជា​មនុស្ស​ដែល​ព្រះ​ ជាព្រះវរបិតាសួគ៌​របស់​យើង សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយ​ទៅ​ជា ។

យើង​មក​ដល់​ក្នុង​ពិភពលោក​នេះ ដូចដែល​កវី​បាន​និពន្ធ ៖ « ទាញ​ពពក​នៃ​ភាពរុងរឿង »4 មក​ពី​ជីវិត​មុន​ជីវិត​រមែង​ស្លាប់​មួយ ។

ព្រះវរបិតាសួគ៌​របស់​យើង ទត​ឃើញ​ពី​សក្ដានុពល​ពិត​ប្រាកដ​របស់​យើង ។ ទ្រង់​ជ្រាប​ពី​រឿង​ទាំងឡាយ​អំពី​យើង​ដែល​យើង​មិន​ដឹង​ដោយ​ខ្លួន​យើង ។ ទ្រង់​បំផុស​គំនិត​យើង​ក្នុង​ជីវិត​នេះ ឲ្យ​បំពេញ​រង្វាស់​នៃ​ការបង្កើត​របស់​យើង ដើម្បី​រស់​ក្នុង​​ជីវិត​ដ៏​សុចរិត​មួយ ហើយ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់វិញ ។

អញ្ចឹង តើ​ហេតុអ្វី​​យើង​លះបង់​ពេលវេលា និង កម្លាំង​របស់​យើង​ច្រើន​ម្ល៉េះ​ទៅលើ​រឿង​ដែល​មិន​ទៀងទាត់ មិន​សំខាន់ និង មិន​ស៊ី​ជម្រៅ​បែប​នេះ ? តើ​យើង​​បដិសេធ​មិន​មើល​ភាពល្ងង់ខ្លៅ​ក្នុង​ការព្យាយាម​សម្រេច​បាន​នូវ​រឿង​ដែល​មិន​សំខាន់ និង មិន​ថិតថេរ​នេះ ?

តើ​វា​មិន​ប្រសើរ​សម្រាប់​យើង​ទេ​ឬ ដើម្បី « ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់ [ ខ្លួន​យើង ] នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទម្លុះ ឬ ប្លន់​ផង » ? 5

តើ​យើង​ធ្វើ​ការណ៍​នេះ​ដោយ​របៀប​ណា ? ដោយ​ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ការភ្ជាប់​ការបង្រៀន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ដោយការស្រឡាញ់​ព្រះ និង មនុស្ស​ជាតិ​យើង​យ៉ាង​ពិតប្រាកដ ។

យើង​ពិត​ជា​មិន​អាច​ធ្វើ​ការ​នេះ​​បានទេ ប្រសិនបើ​យើង​ប្រឈម​ក្នុង​​ភាព​ជាសិស្ស​ដោយ​ស្ទាក់ស្ទើរ ដែល​ចេះតែព្រួយ​បារម្ភ​អំពី​រយៈពេល​ដែល​យើង​នឹង​ធ្វើ ហើយ​រអ៊ូ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ ។

នៅពេល​វា​ក្លាយជា​ការរស់នៅ​តាម​ដំណឹងល្អ យើង​មិន​គួរ​ធ្វើ​​ដូចជា​ក្មេងប្រុស​ដែល​ពន្លិច​មេជើង​របស់​គេ​ទៅក្នុង​ទឹក ហើយ​បន្ទាប់មក​ស្រែក​ថា​គាត់​បាន​ទៅ​ហែលទឹក​នោះ​ទេ ។ ដោយសារ​យើង​ជា​បុត្រា និង បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង យើង​អាច​ធ្វើ​នូវអ្វី​ៗ​បាន​ច្រើន​ជាង​នេះ​ឆ្ងាយ​​ណាស់ ។ ដោយហេតុ​នោះហើយ បំណង​ល្អ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ។ យើង​ត្រូវតែ​អនុវត្ត  វា​ផងដែរ។ អ្វី​ដែល​រឹត​តែ​សំខាន់​ជាង​នេះ គឺ​យើង​ត្រូវតែ​ក្លាយដូចជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ក្លាយ​ទៅ​ជា ។

ការប្រកាស​ពី​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ​គឺ​ល្អ ប៉ុន្ដែ​ការធ្វើ​ជា​គំរូ​នៃការ​រស់​នៅ​តាម​​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នោះ​គឺ​ល្អ​ជាង ។ ការប្រាថ្នា​ដើម្បីមាន​ភាព​​ស្មោះត្រង់​ជាង​នេះ​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង​គឺ​ល្អ ប៉ុន្ដែជាក់ស្ដែង​ ការស្មោះត្រង់​នឹង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ--រួមមាន​ទាំង​ការ​រស់នៅ​ក្នុង​ជីវិត​មានគុណធម៌​ ការបង់​ដង្វាយ​មួយ​ភាគ​ដប់ និង ដង្វាយ​​ផ្សេងៗ ការរក្សាពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ព្រម​ទាំង​បម្រើ​អ្នកដែល​ត្រូវការ-- ​គឺ​ល្អ​ប្រសើរ​ជាង​ខ្លាំង​ណាស់ ។ ការប្រកាស​ថា យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​សម្រាប់ ​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ និង សកម្មភាព​ដ៏បំផុស​ផ្សេងៗ​ទៀត​ជា​គ្រួសារ​គឺ​ល្អ ប៉ុន្ដែ​ការអនុវត្ត​នូវ​​រឿង​ទាំងអស់​នេះ​ខ្ជាប់ខ្ជួន ជាក់ស្ដែង នឹង​នាំ​មក​នូវ​ពរជ័យ​ពី​ស្ថានសួគ៌​ដល់​ជីវិត​របស់​យើង ។

ភាព​ជា​សិស្ស គឺជា​ការខំ​រក្សា​នូវ​ភាពបរិសុទ្ធ និង សុភមង្គល ។ វា​គឺជា​ផ្លូវ​ទៅកាន់ភាពល្អ​បំផុត និង រីករាយ​បំផុត​ដល់​ខ្លួន​​យើង ។

ចូរ​យើង​តាំងចិត្ត​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើការ​ដោយ​ឧស្សាហ៍​ដើម្បី​ក្លាយជា​មនុស្ស​ម្នាក់​ដែល​យើង​ត្រូវបាន​តាក់​តែង​មក​​នោះ ។ ចូរ​យើង​ស្ដាប់ និង គោរព​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ព្រះវរបិតាសួគ៌​នឹង​បង្ហាញ​ដល់​យើង​នូវ​រឿង​ទាំងឡាយ​ដែល​យើង​មិន​ដែលធ្លាប់​​ដឹង​អំពី​ខ្លួន​យើង ។ ទ្រង់​នឹង​បង្ហាញ​យើង​នូវ​របៀប និង ជួយ​យើង​ឲ្យ​មើលឃើញ​នូវ​អ្វី​ដែល​យើង​មិន​ធ្លាប់​ដឹង និង​​ប្រហែល​ជា​ទេពកោសល្យ​ដែល​យើង​មិន​ដែល​ស្រមៃ​ដល់ផង ។

កាលណា​យើង​លះបង់​ខ្លួនយើង​ចំពោះ​ការខំ​រក្សា​នូវ​ភាពបរិសុទ្ធ និង សុភមង្គល​កាន់តែ​ច្រើន យើង​នឹង​ស្ថិត​នៅលើ​ផ្លូវ​នាំ​ទៅរក​ការសោកស្ដាយ​កាន់តែ​តិចតួច​ដែរ ។ កាលណា​យើង​ពឹងផ្អែក​លើ​ព្រះគុណ​នៃ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​យើង​នៅលើ​ផ្លូវ​ដែល​ព្រះវរបិតា​​គង់​នៅ​ស្ថានសួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​កាន់តែ​ខ្លាំង​ដែរ ។

ខ្ញុំ​ប្រាថ្នា ខ្ញុំ​អាច​ឲ្យ​ខ្លួនឯង​រីករាយ​ជាង​នេះ

ការសោកស្ដាយ​មួយ​ទៀត​នៃ​អ្នកទាំងឡាយ​ដែល​បាន​ដឹង​ថា ពួកគេ​ជិត​ស្លាប់​ហើយ​នោះ អាច​ជា​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ។ ពួកគេ​ប្រាថ្នា​ថា ពួកគេ​អាច​ឲ្យ​ខ្លួនគេ​រីករាយ​ជាង​នេះ ។

ជាញឹកញាប់​ណាស់ យើង​ត្រូវ​ជាប់​ក្នុង​ការបំភាន់​ថា មាន​អ្វី​មួយ​នៅ​ហួសពី​ការឈោង​របស់​យើង​តែ​បន្ដិច​ដែល​នឹង​នាំ​យើង​ឲ្យ​មាន​សុភមង្គល ៖ ស្ថានភាព​គ្រួសារ​ដ៏​ល្អ​ជាង​មួយ, ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ជាង​មួយ ឬ ទីបញ្ចប់​នៃ​ឧបសគ្គ​ ។

ពេល​​យើង​កាន់តែ​ចាស់ យើង​កាន់តែ​មើល​ទៅ​អតីតកាល ហើយ​ទទួល​ស្គាល់​​ថា​កាលៈទេសៈ​ខាងក្រៅ​ ​មិនសូវជា​សំខាន់ ឬ សម្រេច​ពី​សុភមង្គល​របស់​យើង​នោះ​ទេ ។

ខ្លួន​យើង ទើប​សំខាន់ ។ យើង​ សម្រេច​ពី​សុភមង្គល​របស់​យើង ។

ទីបំផុត អ្នក និង ខ្ញុំ​ត្រូវ​ទទួល​ខុសត្រូវ​លើ​សុភមង្គល​ផ្ទាល់​ខ្លួន​យើង ។

ភរិយា​របស់​ខ្ញុំ ហារីត និង ខ្ញុំ​ចូលចិត្ត​ជិះ​កង់ ។ វា​អស្ចារ្យ​ពេល​ចេញ​ក្រៅ ហើយ​រីករាយ​នឹង​សម្រស់​ធម្មជាតិ ។ យើង​មាន​ផ្លូវ​មួយ​ចំនួន​ដែល​យើង​ចូលចិត្ត​ជិះ​កាត់ ប៉ុន្ដែ​យើង​មិន​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ពី​ចម្ងាយ​ផ្លូវ​ដែល​យើង​ទៅ ឬ ល្បឿន​ប៉ុណ្ណា​ដែល​យើង​ជិះ​នោះ​ទេ បើ​ធៀប​នឹង​អ្នកជិះ​កង់​ផ្សេង​ទៀត ។

ទោះយ៉ាងណាក្ដី ជួនកាល​ខ្ញុំ​គិត​ថា យើង​គួរតែ​មាន​ការ​​ប្រណាំងប្រជែង​បន្ដិច ។ ខ្ញុំ​គិត​ថា យើង​អាច​ចំណេញ​ពេល​បន្ដិច ឬ ជិះ​លឿន​ជាង​នេះ បើសិន​ជា​យើង​គ្រាន់តែ​ខំ​ប្រឹង​ឲ្យ​ខ្លាំង​បន្ដិច​ទៀតនោះ ។ ហើយ​ពេលខ្លះ ខ្ញុំ​ថែមទាំងបាន​ធ្វើ​កំហុស​ដ៏ធំ​មួយ​ក្នុង​កាល​ដែលប្រាប់​គំនិត​នេះ​ដល់​ភរិយា​ដ៏​ពូកែ​​របស់​ខ្ញុំនោះ ។

ប្រតិកម្ម​យ៉ាង​សាមញ្ញ​របស់​គាត់​ចំពោះ​យោបល់​ខ្ញុំប្រភេទ​នេះ គឺ​តែងតែ​ស្លូតបូត ច្បាស់ និង ចំៗ​បំផុត ។ គាត់​ញញឹម ហើយ​និយាយ​ថា « ឌៀរថើ វា​មិន​មែន​ជា​ការប្រណាំង​មួយ​ទេ វា​ជា​ដំណើរ​មួយ ។ សូម​រីករាយ​នឹង​ពេលវេលាចុះ ។ »

ឱ ! ​គាត់​និយាយ​ត្រូវ​ណាស់ !

ពេលខ្លះ​នៅក្នុង​ជីវិត យើង​ផ្ដោត​ខ្លាំង​ពេក​លើ​ការបញ្ចប់​អ្វីមួយ​រហូត​ដល់​យើង​មិន​មាន​សេចក្ដី​អំណរ​នៅក្នុង​ដំណើរ​របស់​យើង ។ ខ្ញុំ​មិន​ជិះកង់​ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​រីករាយ​ពី​ការបញ្ចប់នោះ​ទេ ។ ខ្ញុំ​ជិះ​ទៅ​ដោយសារ​បទពិសោធន៍ដ៏​ផ្អែម​ល្អែម និង​ ដ៏រីករាយ​​នៅ​ពេល​នៅជា​មួយ​នឹង​គាត់ ។

តើ​វា​មើលទៅ​មិន​ល្ងង់​ទេ​ឬ ដែល​បំផ្លាញ​នូវ​បទពិសោធន៍​ដ៏​ផ្អែមល្ហែម និង រីករាយ​ដោយសារ​តែ​យើង​គិត​ទុក​មុន​ជានិច្ច​ពី​ពេល​ដែល​វា​នឹង​បញ្ចប់​នោះ ?

តើ​យើង​ស្ដាប់​តន្ដ្រី​ដ៏​ពិរោះ ដោយ​រង់ចាំ​ដល់​វគ្គ​បញ្ចប់​ចប់ មុនពេល​យើង​ឲ្យ​ខ្លួន​យើង​បាន​រីករាយ​ខ្លាំង​នឹង​វា​ឬ ? ទេ ! យើង​ស្ដាប់ ហើយ​ភ្ជាប់​នឹងវគ្គ​កាព្យ ទំនុក និង បទ​ផ្សេងៗ​​ទាំងអស់​នៅ​ក្នុង​ការ​តែងនិពន្ធ ។

តើ​យើង​អធិស្ឋាន​ដោយ​មាន​តែពាក្យ « អាម៉ែន » ឬ ការបញ្ចប់​នៅក្នុង​គំនិត​របស់​យើង​ទេ​ឬ ? វា​ពិត​ជា​មិនមែន​ទេ ។ យើង​អធិស្ឋាន​ដើម្បី​បាន​នៅ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ និង មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

យើង​មិន​គួរ​រង់ចាំ​ដើម្បី​បាន​សប្បាយ ទាល់​តែ​​យើង​ទៅដល់​ចំណុច​ណា​មួយ​ក្នុងពេល​​អនាគតនោះ​ទេ គ្រាន់​តែ​ដឹង​​ថា​សុភមង្គលអាច​កើត​មាន​បាន--​គ្រប់​ពេល​ទាំងអស់ ! ជីវិត​មិន​មែន​មានន័យ​តែ​ត្រឹម​ឲ្យ​គេ​កោតសរសើរ​ដោយការ​​គិត​អំពី​អតីតកាល​នោះ​ទេ ។ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​សរសេរ​ថា « ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក ...  » ។ « យើង​រាល់គ្នា​នឹង​រីករាយ​សប្បាយ​ឡើង » ។6

បងប្អូន​ប្រុស​ស្រី មិន​ថា​កាលៈទេសៈ​របស់​យើង មិន​ថា​ឧបសគ្គ ឬ ការសាកល្បង​របស់​យើង​ខ្លាំង​ប៉ុណ្ណា​ទេ មាន​អ្វី​មួយ​រាល់ថ្ងៃ​ដែល​យើង​ត្រូវ​រីករាយ និង ស្រឡាញ់​ឲ្យ​បាន​ខ្លាំង ។ មាន​អ្វី​មួយ​រាល់ថ្ងៃ​ដែល​អាច​នាំ​អំណរគុណ និង ក្ដី​អំណរ បើសិន​ជា​យើង​នឹង​ឃើញ ហើយ​ថ្លែង​អំណរ​គុណ​សម្រាប់​​​វា​នោះ ។

ប្រហែល​ជា​យើង​គួរតែ​មើល​ដោយ​ភ្នែក​យើង​កាន់តែ​តិច ហើយ​មើល​ដោយ​ដួង​ចិត្ត​របស់​យើង​ច្រើន​ជាង ។ ខ្ញុំ​ស្រឡាញ់​សម្ដី​ដកស្រង់​នេះ​ថា ៖ « មនុស្ស​ម្នាក់ មើល​ឃើញ​យ៉ាង​ច្បាស់​ដោយ​ដួង​ចិត្ត ។ អ្វី​ដែល​​សំខាន់​នោះ គឺ​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទេ » ។7

យើង​ត្រូវ​បាន​បញ្ជា « ឲ្យ​ថ្លែង​អំណរ​គុណ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ » ។8 ដូច្នេះ តើ​វា​មិន​ប្រសើរ​ទេ​ឬ ដើម្បី​មើល​ដោយ​ភ្នែក និង ដួង​ចិត្ត​​របស់​យើង សូម្បី​តែ​រឿង​តូចតាច ក៏​យើង​អាច​ថ្លែង​អំណរគុណ​ដែរ​នោះ ​ជាជាង​ការ​ផ្ដោតតែលើ​ចំណុច​អវិជ្ជមាន​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង ?

ព្រះអម្ចាស់​បាន​សន្យា​ថា « ហើយ​អ្នក​ណា​ដែល​ទទួល​គ្រប់​ទាំងអស់ ដោយ​អំណរ​អរគុណ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​រុងរឿង ហើយ​ការ​ខាង​ផែនដី​នេះ នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ថែម​ទៀត គឺ​មួយ​រយ​ភាគ​ថែម​ទៀត » ។9

បងប្អូន​ប្រុស​ស្រី ដោយ​មាន​ពរជ័យ​ដ៏​ច្រើន​យ៉ាង​នេះ​ពី​ព្រះវរបិតាសួគ៌​របស់​យើង ផែនការ​សង្គ្រោះ​ដ៏​សប្បុរស​របស់​ទ្រង់ សេចក្ដីពិត​ពី​ស្ថានសួគ៌​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ និង សម្រស់​ជាច្រើន​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​នេះ « តើ​យើង​គ្មាន​ហេតុ​នឹង​អររីករាយ​ទេ​ឬ​អី » ? 10

ហេតុដូច្នេះ​ហើយ ចូរ​យើង​តាំងចិត្ត​ដើម្បី​រីករាយ​ឡើង មិន​ថាស្ថានភាព​យើង​យ៉ាងណា​ទេ ។

នៃ​ការតាំងចិត្ត

ថ្ងៃ​មួយ នៅ​ទីបញ្ចប់ យើង​នឹង​ឆ្លង​ពី​ជីវិត​នេះ​ទៅកាន់​ជីវិត​បន្ទាប់​ទៀត ។ ថ្ងៃ​មួយ យើង​នឹង​គិត​អំពី​ជីវិត​របស់​យើង ហើយ​ឆ្ងល់​ថា​តើ​យើង​អាច​បាន​ធ្វើ​ល្អ​ប្រសើរជាង​​នេះ អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាងនេះ​ ឬ អាច​ប្រើ​ពេលវេលា​របស់​យើង​ឲ្យ​បាន​ឆ្លាត​ជាង​នេះ​ទេ ។

ដើម្បី​ចៀសវាង​នូវ​ការសោកស្ដាយ​ខ្លាំង​ខ្លះៗ​ក្នុង​ជីវិត ​ត្រូវ​ឆ្លាត​ហើយ​ធ្វើ​ការ​តាំងចិត្តមួយ​ចំនួន​​នៅ​ថ្ងៃនេះ ។ ហេតុដូច្នេះ​ហើយ ចូរ​យើង ៖

  • តាំងចិត្ត​ដើម្បី​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាង​នេះ​ជាមួយ​នឹង​អ្នក​ដែល​យើង​ស្រឡាញ់ ។

  • តាំងចិត្ត​ដើម្បី​ព្យាយាម​ដោយ​អស់ចិត្ត ដើម្បី​ក្លាយជា​មនុស្ស​ដែល​ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​យើង​ក្លាយ​ទៅ​ជា ។

  • តាំងចិត្តដើម្បី​​រក​សុភមង្គល ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​យើង ។

ទីបន្ទាល់​របស់​ខ្ញុំ​គឺ​ថា ការសោកស្ដាយ​ខ្លាំង​ជាច្រើន​នៃ​ថ្ងៃស្អែក​អាច​ត្រូវ​បាន​ការពារ​ដោយ​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ថ្ងៃ​នេះ ។ ប្រសិនបើ​យើង​បាន​ធ្វើ​អំពើបាប ឬ កំហុស -- ប្រសិន​បើ​យើង​បាន​ធ្វើ​ការ​ជ្រើសរើស​ ដែល​ឥឡូវនេះ​វា​នាំ​ឲ្យ​​យើង​សោកស្ដាយ​នោះ -- យើង​មាន​អំណោយ​ដ៏​មាន​តម្លៃ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដែល​តាមរយៈ​នេះ យើង​អាច​ត្រូវ​បាន​អភ័យទោស ។ យើង​មិន​អាច​ត្រឡប់​ទៅ​ក្រោយវិញ​ ហើយ​ផ្លាស់ប្ដូរ​អតីតកាល​បាន​ទេ ប៉ុន្ដែ​យើង​អាច​ប្រែចិត្ត ។ ព្រះអង្គ​សង្គ្រោះ អាច​ជូត​អស់​ទាំង​ទឹកភ្នែក​ពី​ភ្នែក​គេ​ចេញ11 ហើយ​ដក​ទុក្ខលំបាក​នៃ​អំពើបាប​របស់​យើង​បាន ។.12 ដង្វាយធួន​របស់​ទ្រង់ អនុញ្ញាត​ឲ្យ​យើង​ចាកចេញ​ពី​អតីតកាល ហើយ​ដើរ​ទៅមុខ​ដោយ​ដៃ​ស្អាត ចិត្ត​បរិសុទ្ធ,13 និង ការតាំងចិត្ត​មួយ​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង និង ក្លាយជា​មនុស្ស​ល្អ​ជាងជាពិសេស​ ។

មែនហើយ ជីវិត​នេះ​កន្លង​ទៅ​លឿន​ណាស់ ។ ពេលវេលា​របស់​យើង ហាក់ដូចជា​រសាត់​ទៅ​យ៉ាង​ឆាប់​រហ័ស ហើយ​ការស្លាប់​ហាក់​ដូច​ជាកើតឡើង​គួរ​ឲ្យ​ខ្លាចតាម​​ពេលវេលានោះ ។ ហេតុដូច្នេះ​ហើយ ព្រលឹង​របស់​យើង​នឹង​បន្ដ​រស់នៅ ហើយ​នឹង​ត្រូវ​បាន​រួបរួម​ជាមួយ​នឹង​រាងកាយ​ដែល​រស់ឡើង​វិញ​របស់​យើង ​ដើម្បី​ទទួល​បាន​សិរីល្អ​ដ៏​មិន​ចេះ​ចប់​នៅ​ថ្ងៃ​មួយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​ឱឡារិក​ថា ដោយសារ​តែ​ព្រះគ្រីស្ទ​ដ៏​មាន​មេត្តា​ករុណា យើង​ទាំងអស់​គ្នា​នឹង​រស់នៅ​ម្ដងទៀត និង ជារៀង​រហូត ។ ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​របស់​យើង ថ្ងៃ​មួយ​យើង​នឹង​យល់​ច្បាស់ ហើយ​រីករាយ​នឹង​អត្ថន័យ​នៃ​សម្ដីថា « ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ត្រូវ​បាន​លេបបាត់​នៅក្នុង​ព្រះគ្រីស្ទ » ។14

ផ្លូវ​ទៅកាន់​ការបំពេញ​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង​ក្នុង​នាម​ជា​បុត្រា និង បុត្រី​នៃ​ព្រះ គឺជា​ផ្លូវ​មួយ​ដ៏​អស់កល្ប​ជានិច្ច ។ បងប្អូន​ប្រុស​ស្រី មិត្តភក្ដិ​ជាទី​ស្រឡាញ់ យើង​ត្រូវ​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​នោះ​នៅ​ថ្ងៃនេះ យើង​មិន​អាច​ចំណាយ​សូម្បី​តែ​មួយ​ថ្ងៃ​ឲ្យ​ឥត​ប្រយោជន៍​ឡើយ ។ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​មិន​ត្រូវ​រង់ចាំ​រហូតដល់​យើង​ជិត​ស្លាប់ មុន​ពេល​យើង​​​រៀនពី​ការ​​រស់នៅ​យ៉ាង​ពិត​នោះ​ទេ ។ នៅក្នុង​ព្រះនាមដ៏ពិសិដ្ឋ​​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។