ជួយពួកគេឲ្យដាក់គោលដៅខ្ពស់
តាមការណែនាំរបស់អ្នក នោះអ្នកទាំងឡាយដែលអ្នកដឹកនាំ នឹងអាចមើលឃើញ ចង់បាន ហើយជឿថា ពួកគេអាចសម្រេចបាននូវសក្ដានុពលពួកគេពេញលេញចំពោះការបម្រើក្នុងនគររបស់ព្រះ ។
ខ្ញុំមានសេចក្ដីអំណរជាខ្លាំងសម្រាប់ឱកាសនៅក្នុងការប្រជុំបព្វជិតភាពដ៏អស្ចារ្យនេះ ដែលបានឮការបង្រៀន និង ទីបន្ទាល់ដ៏មហិមាបែបនេះ ។ វាធ្វើឲ្យខ្ញុំគិតដល់បទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ។ ស្ទើរតែគ្រប់អ្វីៗដែលខ្ញុំអាចសម្រេចបាន ក្នុងនាមជាអ្នកកាន់បព្វជិតភាពម្នាក់ គឺដោយសារបុគ្គលទាំងឡាយដែលស្គាល់ខ្ញុំ ដែលបានឃើញអ្វីៗនៅក្នុងខ្លួនខ្ញុំ ដែលខ្ញុំមិនអាចមើលឃើញ ។
ក្នុងនាមជាឪពុកវ័យក្មេង ខ្ញុំអធិស្ឋានសុំដើម្បីដឹងនូវអ្វីដែលកូនៗរបស់ខ្ញុំ អាចធ្វើសម្រាប់នគររបស់ព្រះអម្ចាស់ ។ ចំពោះក្មេងប្រុស ខ្ញុំដឹងថាពួកគេអាចមានឱកាសបព្វជិតភាព ។ ចំពោះក្មេងស្រី ខ្ញុំដឹងថា ពួកគេផ្ដល់ការបម្រើតំណាងឲ្យព្រះអម្ចាស់ ។ ពួកគេទាំងអស់គ្នានឹងធ្វើកិច្ចការរបស់ទ្រង់ ។ ខ្ញុំដឹងថា ពួកគេម្នាក់ៗ ផ្សេងពីគ្នា ហេតុដូច្នេះព្រះអម្ចាស់នឹងប្រទានអំណោយទានជាក់លាក់សម្រាប់ពួកគេម្នាក់ៗប្រើប្រាស់នៅក្នុងការបម្រើរបស់ទ្រង់ ។
ឥឡូវ ខ្ញុំពុំអាចប្រាប់គ្រប់ឪពុក និង គ្រប់អ្នកដឹកនាំយុវវ័យ លម្អិតអំពីអ្វីដែលល្អបំផុត ដើម្បីអ្នកធ្វើនោះទេ ។ ប៉ុន្តែខ្ញុំអាចសន្យានឹងអ្នកថា អ្នកនឹងផ្តល់ពរដល់ពួកគេ ដើម្បីជួយពួកគេឲ្យស្គាល់អំណោយទានខាងវិញ្ញាណ ដែលពួកគេបានកើតមក ។ មនុស្សគ្រប់រូបគឺផ្សេងៗពីគ្នា ហើយមានការបរិច្ចាគផ្សេងៗគ្នា ។ គ្មាននរណាម្នាក់កំណត់មកឲ្យបរាជ័យនោះទេ ។ នៅពេលអ្នកស្វែងរកវិវរណៈដើម្បីមើលឃើញនូវអំណោយទានទាំងឡាយ ដែលព្រះទតឃើញក្នុងអ្នកទាំងឡាយណាដែលអ្នកដឹកនាំនៅក្នុងបព្វជិតភាព --ជាពិសេសគឺយុវជន -- នោះអ្នកនឹងមានពរដើម្បីដឹកនាំពួកគេទៅកិច្ចការបម្រើដែលពួកគេអាចធ្វើបាន ។ តាមការណែនាំរបស់អ្នក នោះអ្នកទាំងឡាយដែលអ្នកដឹកនាំ នឹងអាចមើលឃើញ ចង់បាន ហើយជឿថា ពួកគេអាចសម្រេចបាននូវសក្ដានុពលពួកគេពេញលេញចំពោះការបម្រើក្នុងនគររបស់ព្រះ ។
ជាមួយនឹងកូនៗខ្ញុំផ្ទាល់ ខ្ញុំបានអធិស្ឋានសុំវិវរណៈដើម្បីដឹងពីរបៀប ដែលខ្ញុំអាចជួយពួកគេម្នាក់ម្ដងៗឲ្យរៀបចំសម្រាប់ឱកាសជាក់លាក់ ដើម្បីបម្រើព្រះ ។ បន្ទាប់មក ខ្ញុំបានព្យាយាមជួយពួកគេឲ្យមើលឃើញ សង្ឃឹម និង ធ្វើការសម្រាប់អនាគតនេះ ។ ខ្ញុំបានឆ្លាក់ក្ដារមួយសម្រាប់កូនប្រុសម្នាក់ៗ ដែលមានពាក្យដកស្រង់មកពីគម្ពីរ ពិពណ៌នាអំពីអំណោយទានពិសេសរបស់គាត់ និង រូបភាពមួយ ដែលតំណាងឲ្យអំណោយទាននេះ ។ នៅខាងក្រោមរូបភាព និង អក្សរចារិកនោះ ខ្ញុំបានឆ្លាក់កាលបរិច្ឆេទពិធីបុណ្យជ្រមុជទឹក និង ការតែងតាំងក្នុងតំណែងបព្វជិតភាពរបស់កូនប្រុសម្នាក់ៗ ព្រមទាំងបានគូសចំណាំនៅកាលបរិច្ឆេទនៃព្រឹត្តការណ៍នីមួយៗផងដែរ ។
ខ្ញុំនឹងពិពណ៌នាអំពីក្ដារដែលខ្ញុំបានឆ្លាក់សម្រាប់កូនប្រុសម្នាក់ៗ ដើម្បីជួយគាត់ឲ្យមើលឃើញអំណោយទានខាងវិញ្ញាណរបស់គាត់ និង អ្វីដែលគាត់អាចធ្វើនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ អ្នកអាចទទួលការបំផុសគំនិត ដើម្បីស្គាល់អំណោយទានជាក់លាក់ និង ឱកាសពិសេសៗ សម្រាប់យុវវ័យម្នាក់ៗដែលអ្នកស្រឡាញ់ និង ដឹកនាំ ដូចជាខ្ញុំផងដែរ ។
នៅពេលកូនប្រុសច្បងបង្អស់របស់ខ្ញុំក្លាយជាឌីកុន និង ក្រុមកាយឬទ្ធិឥន្ទ្រី រូបភាពឥន្ទ្រីចូលក្នុងគំនិតខ្ញុំ នៅពេលខ្ញុំគិតអំពីគាត់ និង អនាគតគាត់ ។ យើងរស់នៅអៃដាហូជិតនឹងជើងភ្នំ Teton ខាងត្បូង ជាកន្លែងដែលយើងបានឡើងភ្នំជាមួយគ្នា មើលឥន្ទ្រីសំកាំងខ្លួន ។ រូបភាពនោះដិតក្នុងចិត្តខ្ញុំ ដែលធ្វើឲ្យខ្ញុំដឹងអំពីពាក្យសម្ដីរបស់អេសាយ ៖
« ទ្រង់រមែងចម្រើនកម្លាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ។
« ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង ។
« តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ » ។ 1
តាមពិត ជាមួយនឹងកូនប្រុសច្បងនោះ យើងបានឈប់ឡើងភ្នំនៅខាងក្រោមកំពូលនៃភ្នំ Teton ខាងត្បូងទៀតហើយ ដោយសារកូន ប្រុសខ្ញុំនឿយហត់ ។ គាត់ចង់ឈប់ ។ គាត់បាននិយាយថា « តើយើងនឹងតូចចិត្តជានិច្ចឬ ដែលយើងពុំអាចឡើងទៅដល់កំពូលនោះ ? ប៉ាបន្ដទៅទៀតចុះ-- កូនមិនចង់ធ្វើឲ្យប៉ាខកចិត្តទេ » ។
ខ្ញុំបានតបថា « ប៉ាមិនខកចិត្តទេ ហើយកូនក៏នឹងពុំតូចចិត្តដែរ ។ យើងនឹងចងចាំជានិច្ចថា យើងបានឡើងមកទីនេះជាមួយគ្នា » ។ នៅពី ខាងលើក្ដាររបស់គាត់ ខ្ញុំបានឆ្លាក់រូបឥន្ទ្រី ហើយបានឆ្លាក់ថា ‹ ស្លាបឥន្ទ្រី › » ។
ច្រើនឆ្នាំកន្លងទៅ កូនប្រុសខ្ញុំបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាល្អប្រសើរជាងដែលខ្ញុំអាចនឹកគិត នៅក្នុងក្ដីសង្ឃឹមដែលដក់ជាប់ចិត្តរបស់ខ្ញុំទៅទៀត ។ ឧបសគ្គនៅក្នុងតំបន់បេសកកម្ម បទពិសោធន៍មួយចំនួនដែលគាត់បានជួប ហាក់បីដូចជាលើសពីសមត្ថភាពរបស់គាត់ ។ សម្រាប់ក្មេងប្រុសដែលអ្នកជួយ គឺប្រហែលជាដូចជាកូនប្រុសរបស់ខ្ញុំ ដែលព្រះអម្ចាស់បានលើកគាត់យ៉ាងខ្ពស់ នៅក្នុងការផ្សាយដំណឹងល្អក្នុងភាសាមួយដែលលំបាកជាង អ្វីដែលខ្ញុំគិតថាអាចធ្វើទៅបាន ។ បើអ្នកនឹងព្យាយាមជួយយុវជនណាម្នាក់ឲ្យយល់អំពីលទ្ធភាពបព្វជិតភាពរបស់គាត់ ខ្ញុំសន្យានឹងអ្នកថា ព្រះអម្ចាស់ នឹងប្រាប់អ្នកយ៉ាងច្រើនតាមដែលអ្នកត្រូវការ ។ ក្មេងប្រុសអាចមានសក្ដានុពលហួសពីអ្វីដែលព្រះអម្ចាស់ នឹងបើកបង្ហាញដល់អ្នក ។ សូមជួយគាត់ឲ្យដាក់គោលដៅខ្ពស់ ។
ក្មេងប្រុសដែលអ្នកកំពុងលើកទឹកចិត្ត អាចមានការខ្មាស់អៀនពេក ដើម្បីធ្វើជាអ្នកបម្រើបព្វជិតភាពប្រកបដោយអានុភាព ។ កូនប្រុសម្នាក់ទៀតរបស់ខ្ញុំ មានការខ្មាស់អៀនខ្លាំងណាស់កាលពីតូច គាត់ពុំទាំងហ៊ានដើរទៅហាងទំនិញមួយ ហើយនិយាយជាមួយនឹងអ្នកលក់ផង ។ គាត់ពិតជាខ្លាចខ្លាំងណាស់ ។ ខ្ញុំព្រួយបារម្ភ នៅពេលខ្ញុំអធិស្ឋានអំពីអនាគតបព្វជិតភាពរបស់គាត់ ។ ខ្ញុំបានគិតអំពីគាត់នៅក្នុងតំបន់បេសកកម្ម --ដែលស្ដាប់ទៅមិនសូវល្អសោះ ។ ខ្ញុំត្រូវបាននាំទៅកាន់ខគម្ពីរមួយនៅសុភាសិតថា ៖ « មនុស្សអាក្រក់គេរត់ ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសឹង្ហវិញ » ។ 2
ខ្ញុំបានឆ្លាក់អក្សរ « អង់អាចដូចសត្វសឹង្ហ » នៅលើក្ដាររបស់គាត់ ខាងក្រោមរូបក្បាលសឹង្ហដែលកំពុងស្រែកដ៏ធំនោះ ។ នៅក្នុងបេសកកម្មរបស់គាត់ និងជាច្រើនឆ្នាំក្រោយមក គាត់បានបំពេញតាមក្ដីសង្ឃឹមក្នុងការឆ្លាក់របស់ខ្ញុំ ។ កូនប្រុសដែលខ្មាស់អៀនច្រើនរបស់ខ្ញុំពីមុន បានផ្សាយដំណឹងល្អដោយជំនឿដ៏អស្ចារ្យ ហើយបានប្រឈមមុខនឹងគ្រោះថ្នាក់ដោយភាពក្លាហាន ។ គាត់ត្រូវបានពង្រឹងនៅក្នុងការទទួលខុសត្រូវរបស់គាត់ ដើម្បីធ្វើជាតំណាងរបស់ព្រះអម្ចាស់ ។
រឿងនោះអាចកើតឡើងចំពោះយុវជន ដែលអ្នកកំពុងដឹកនាំ ។ អ្នកចាំបាច់ត្រូវស្ថាបនាសេចក្ដីជំនឿគាត់ថា ព្រះអម្ចាស់អាចផ្លាស់គាត់ឲ្យទៅជាអ្នកបម្រើដ៏ក្លាហានជាងក្មេងប្រុសខ្មាស់អៀន ដែលអ្នកមើលឃើញនាពេលនេះ ។
យើងដឹងថា ព្រះអម្ចាស់ធ្វើឲ្យអ្នកបម្រើរបស់ទ្រង់អង់អាច ។ ក្មេងប្រុសយ៉ូសែបដែលបានឃើញព្រះ ជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រៃ បានផ្លាស់ទៅជាបុរសដែលរឹងមាំខាងវិញ្ញាណ ។ ប៉ាលី ភី ប្រាត្តបានឃើញថា នៅពេលព្យាការីយ៉ូសែប ស្ម៊ីធ បន្ទោសដល់អ្នកយាមទុច្ចរិត ដែលចាប់ពួកគាត់ឃុំឃាំងនោះ ។
« រំពេចនោះ លោកបានក្រោកឈរឡើង ហើយបាននិយាយដោយសម្លេងផ្គរលាន់ ឬ ដូចជាសម្លេងតោគ្រហឹម ដោយនិយាយនូវពាក្យដូចខាងក្រោម តាមដែលខ្ញុំអាចនឹកចាំថា ៖
« ‹ ស្ងាត់ទៅ ! ,មនុស្សអាក្រក់ក្នុងរណ្ដៅដ៏អប្រិយអើយ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្ដីបន្ទោសដល់អ្នក ហើយបញ្ជាឲ្យអ្នកនៅស្ងៀម ខ្ញុំនឹងមិនរស់នៅមួយនាទីទៀត ហើយស្ដាប់នូវភាសាដូច្នេះទេ ។ ឈប់និយាយពាក្យដូច្នោះ , នៅអ្នក ឬខ្ញុំត្រូវស្លាប់នៅពេលនេះ ! › »
ចេញមកពីបទពិសោធន៍នោះ អែលឌើរ ប្រាត្ត បានសរសេរថា « សេចក្ដីថ្លៃថ្នូរ និង អានុភាពដ៏អស្ចារ្យ ដែលខ្ញុំធ្លាប់ឃើញតែម្ដងគត់ នៅពេលលោកឈរត្រង់ខ្លួន ដោយជាប់ច្រវាក់ ស្ថិតនៅក្នុងគុគក្នុងភូមិដ៏ងងឹតនៃរដ្ឋមីសសួរី » ។ 3
ព្រះអម្ចាស់ នឹងប្រទានអ្នកបម្រើដ៏សុចរិតរបស់ទ្រង់នូវឱកាសដើម្បីមានចិត្តអង់អាចដូចជាសឹង្ហ នៅពេលពួកគេនិយាយនៅក្នុងព្រះនាមទ្រង់ ហើយជាសាក្សីក្នុងបព្វជិតភាពទ្រង់ ។
កូនប្រុសម្នាក់ទៀត កាលពីក្មេង មានមិត្តភក្ដិច្រើន ដែលជាញឹកញាប់ គេចូលចិត្តពឹងពាក់គាត់ណាស់ ។ គាត់បង្កើតមិត្តយ៉ាងងាយក្នុងចំណោមមនុស្ស ។ នៅពេលខ្ញុំអធិស្ឋាន និង ព្យាយាមមើលពីកិច្ចការបរិច្ចាគរបស់គាត់ ក្នុងនគរព្រះ ខ្ញុំមានអារម្មណ៍ថា គាត់នឹងមានអំណាចដើម្បីបង្រួបប្រួមមនុស្សមកជុំគ្នានៅក្នុងសេចក្ដីស្រឡាញ់ និង សាមគ្គីភាព ។
រឿងនោះបាននាំខ្ញុំឲ្យគិតអំពីរឿងក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ដែលពិពណ៌នាអំពីការប្រឹងប្រែងនៃកូរ៉ុមបព្វជិតភាពអែលឌើរដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូន នៅរដ្ឋមីសសួរី ដែលពួកទេវតាកោតសរសើរដល់ពួកគេ ពេលបានឃើញការខិតខំ និង ការបរិច្ចាគរបស់ពួកគេ ។ នោះតម្រូវឲ្យមានការលះបង់ខ្ពស់ ។ វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា បាននិយាយថា ៖ « ទោះជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាត្រូវបានពរ ត្បិតទីបន្ទាល់ដែលអ្នករាល់គ្នាបានថ្លែង នោះត្រូវបានកត់ទុកនៅលើស្ថានសួគ៌ សម្រាប់ទុកឲ្យពួកទេវតាមើល ហើយពួកគេមានចិត្តត្រេកអរមកលើអ្នក ហើយអំពើបាបទាំងឡាយរបស់អ្នក ត្រូវបានអត់ទោសឲ្យហើយ » ។ 4
នៅលើក្ដារបញ្ឈរកូនប្រុសខ្ញុំ ខ្ញុំបានឆ្លាក់ថា « ពួកទេវតាអរសាទរចំពោះអ្នក » ។
លទ្ធភាពដ៏អស្ចារ្យរបស់កូនប្រុសនេះ ដើម្បីប្រមូលផ្ដុំ និង មានឥទ្ធិពលលើមនុស្ស បានបន្ដមាន បន្ទាប់ពីឆ្នាំសិក្សារបស់គាត់ ។ គាត់បានរៀបចំសកម្មភាពស្ដេក ជាមួយនឹងអ្នកកាន់បព្វជិតភាព ដែលផ្ដល់សេចក្ដីជំនឿដល់យុវវ័យក្នុងតំបន់គាត់ ឲ្យស៊ូទ្រាំ និង យកឈ្នះលើស្ថានភាពពិបាកៗ ។ នៅពេលគាត់ស្ថាបនាសេចក្តីជំនឿនៅក្នុងខ្លួនយុវជនយុវនារីទាំងនេះ គាត់បានជួយស្ថាបនាក្រុមនៃស៊ីយ៉ូនតូចមួយ នៅក្នុងកណ្ដាលទីក្រុងនៃសហរដ្ឋអាមេរិក ។ នៅក្នុងការឆ្លាក់នោះ ខ្ញុំមានរូបទេវតាផ្លុំត្រែ ដែលប្រហែលជាមិនសូវដូចទេ ប៉ុន្តែវាងាយស្រួលជាងដើម្បីឆ្លាក់រូបត្រែជាងការស្រែកដែរ ។
ពួកទេវតាមានអំណរនៅពេលអ្នកដឹកនាំបព្វជិតភាព ទូទាំងពិភពលោក ស្ថាបនាក្រុងស៊ីយ៉ូននៅក្នុងវួដ ស្ដេក និង បេសកកម្មរបស់គេ ។ ហើយពួកគេនឹងមានអំណរចំពោះយុវជន យុវនារី ដែលអ្នកជួយស្ថាបនាក្រុងស៊ីយ៉ូន នៅគ្រប់កន្លែងដែលពួកគេនៅ និង នៅគ្រប់ស្ថានភាពរបស់ពួកគេ ។ ស៊ីយ៉ូន គឺជាលទ្ធផលរបស់អ្នកដែលភ្ជាប់ដោយសេចក្ដីសញ្ញា និង ក្ដីសេចក្តីស្រឡាញ់ ។ ខ្ញុំអញ្ជើញអ្នកឲ្យជួយដល់យុវវ័យអ្នកចូលរួម ។
ចំពោះកូនប្រុសម្នាក់របស់ខ្ញុំ ខ្ញុំត្រូវបានបំផុសឲ្យឆ្លាក់រូបព្រះអាទិត្យ --នោះគឺជារូបព្រះអាទិត្យនៅលើមេឃ -- និង បន្ទូលមកពីព្រះអង្គសង្គ្រោះ អធិស្ឋានសម្រាប់អ្នកដទៃ ៖ « នេះជាជីវិតដ៏នៅអស់កល្បជានិច្ច » ។ ព្រះអង្គសង្គ្រោះបានអធិស្ឋានទៅព្រះបិតាទ្រង់ ពេលការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ជិតចូលមកដល់ទីបញ្ចប់ថា ៖
« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ ដ៏ជាព្រះពិតតែមួយ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង ។
« ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ »។ 5
កូនប្រុសខ្ញុំបានផ្ដល់ការបម្រើបព្វជិតភាពនៅលើទ្វីបទាំងបី ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺនៅក្នុងគេហដ្ឋាន និង ក្នុងគ្រួសាររបស់គាត់ ។ គាត់បានស្ថាបនាជីវិតគាត់នៅជុំវិញពួកគេ ។ គាត់ធ្វើការក្បែរផ្ទះរបស់គាត់ ហើយជាញឹកញាប់ ត្រឡប់ទៅផ្ទះជាមួយភរិយា និង កូនតូចៗរបស់គាត់ពេលម៉ោងបាយថ្ងៃត្រង់ ។ គ្រួសារគាត់រស់នៅជិតនឹងស៊ីស្ទើរ អាវរិង និង ខ្ញុំ ។ ពួកគេមើលថែទីធ្លាផ្ទះរបស់យើង ដូចជារបស់ពួកគេ ។ កូនប្រុសនេះកំពុងរស់នៅពុំត្រឹមតែមានលទ្ធភាពនឹងជីវិតអស់កល្បជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅជុំគ្នាដ៏អស់កល្បជានិច្ច ដោយសមាជិកគ្រួសារប្រកបដោយការដឹងគុណ ដែលពួកគេកំពុងតែអង្គុយជុំជិតគាត់នោះ ។
ជីវិតដ៏អស់កល្ប គឺត្រូវរស់នៅក្នុងសាមគ្គីភាព នៅក្នុងក្រុមគ្រួសារ មានព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ ។ ជីវិតដ៏អស់កល្ប គឺអាចមានតាមរយៈតែកូនសោនៃបព្វជិតភាពរបស់ព្រះប៉ុណ្ណោះ ដែលបានស្ដារឡើងវិញ តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ សូមលើកទឹកចិត្ត ដល់យុវវ័យឲ្យ ដាក់គោលដៅដ៏អស់កល្បនោះ ព្រោះវាគឺជាអំណោយទានដ៏អស្ចារ្យ ដែលអ្នកអាចផ្ដល់ឲ្យពួកគេ ។ អ្នកនឹងធ្វើជាគំរូក្នុងគ្រួសារអ្នកជាមុនសិន ។ អ្នកទាំងឡាយដែលអ្នកកំពុងដឹកនាំ អាចនឹងពុំមានគ្រួសារក្នុងសាសនាចក្រទេ ប៉ុន្តែខ្ញុំសំណូមពរឲ្យអ្នកជួយពួកគេ ទទួលអារម្មណ៍ និង ចង់ឲ្យមានសេចក្ដីស្រឡាញ់ពីគ្រួសារ នៅទាំងសង្ខាងនៃវាំងនន ។
ក្ដារបញ្ឈរដែលខ្ញុំបានពិពណ៌នា គឺជារបៀបមួយតែប៉ុណ្ណោះ ដើម្បីជួយយុវវ័យ យល់អំពីមហិទ្ធិឬទ្ធិ ដែលព្រះទតឃើញក្នុងខ្លួនពួកគេ និង អនាគតរបស់ពួកគេ និង ការបម្រើពិសេស ដែលទ្រង់បានរៀបចំឲ្យពួកគេផ្ដល់ឲ្យ ។ ទ្រង់នឹងជួយអ្នកឲ្យមើលឃើញពីរបៀបធ្វើវា សម្រាប់កូនចៅ ឬ សម្រាប់យុវវ័យផ្សេងទៀតដែលអ្នកដឹកនាំ ។ ប៉ុន្តែនៅពេលអ្នកស្វែងរកដោយការអធិស្ឋាន ដើម្បីយល់ពីអនាគតនេះសម្រាប់ខ្លួនអ្នក និង ទំនាក់ទំនងទៅមនុស្សវ័យក្មេងម្ដងមួយ នោះអ្នកនឹងដឹងថា ស្រឡាញ់កូនចៅរបស់ទ្រង់ម្នាក់ផ្ទាល់ ហើយទតឃើញ នូវអំណោយទានអស្ចារ្យ និង ពិសេសក្នុងខ្លួនគេម្នាក់ៗ ។
ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានពរដែលបានមើលឃើញអនាគតដ៏អស្ចារ្យ ក្នុងនគរព្រះ សម្រាប់កូនស្រី ក៏ដូចជាកូនប្រុសរបស់ខ្ញុំ ។ នៅពេលខ្ញុំស្វែងរកការណែនាំដោយការអធិស្ឋាន ខ្ញុំត្រូវបានបង្ហាញផ្លូវមួយ ដើម្បីជួយកូនស្រីរបស់ខ្ញុំស្គាល់ពីទំនុកចិត្ត ដែលព្រះបានមានចំពោះពួកគេ ក្នុងនាមជាអ្នកបម្រើ ដែលអាចស្ថាបនានគរទ្រង់ ។
ពេលកូនស្រីខ្ញុំនៅក្មេង ខ្ញុំឃើញថា យើងអាចជួយគ្នាទៅវិញទៅមក ដឹងពីក្ដីស្រឡាញ់របស់អ្នកទាំងឡាយ ដែលបានស្លាប់ទៅ ជាច្រើនតំណរ ។ ខ្ញុំដឹងថា ក្ដីស្រឡាញ់កើតមកពីការបម្រើ និង ក្ដីសង្ឃឹមដ៏បំផុសគំនិតនៃជីវិតដ៏អស់កល្ប ។
ដូច្នេះ យើងអាចឆ្លាក់ក្ដារហាន់នំប៉័ង ដែលយើងដាក់នំប៉័ងដែលយើងដុត ហើយចេញទៅជាមួយគ្នា យកទៅឲ្យស្ត្រីមេម៉ាយ អ្នកពោះម៉ាយ និង គ្រួសារទាំងឡាយ ។ អក្សរចារិកដែលខ្ញុំបានឆ្លាក់នៅលើក្ដារហាន់នំប៉័ងទាំងនោះមួយៗអានថា « J’aime et J’espere » ជាភាសាបារាំង មានន័យថា « ខ្ញុំស្រឡាញ់ ហើយខ្ញុំសង្ឃឹម » ។ ភស្ដុតាងនៃអំណោយទានខាងវិញ្ញាណដ៏ពិសេសរបស់ពួកគេ ពុំមែនបង្ហាញតែនៅលើក្ដារ ដែលខ្ញុំឆ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញកាន់តែច្បាស់ នៅពេលយើងចែកចាយវាទៅដល់អ្នកទាំងឡាយដែលខ្វះខាត អ្នកដែលឈឺចាប់ ឬបាត់បង់ ដោយអះអាងថា ក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និង ដង្វាយធួនទ្រង់ អាចបង្កើតនូវក្ដីសង្ឃឹមដ៏ភ្លឺថ្លា ។ ការបម្រើ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច សម្រាប់កូនស្រីខ្ញុំ និង យើងម្នាក់ៗ ។
ឥឡូវ អ្នកអាចគិតថា « បងប្រុស អាវរិង តើបងកំពុងនិយាយថា ខ្ញុំត្រូវរៀនពីរបៀបឆ្លាក់ឬ ? » ចម្លើយគឺទេ ។ ខ្ញុំបានរៀនឆ្លាក់តែពេលមានជំនួយពីអ្នកបង្រៀនដែលចិត្តល្អ និង មានអំណោយទានប៉ុណ្ណោះ ដែលពេលនោះជា អែលឌើរ ប៊យដ៍ ឃេ ផាកកឺ ។ ជំនាញតិចតួចដែលខ្ញុំមាន គឺដោយសារអំណោយទានដ៏អស្ចារ្យរបស់គាត់ ដែលជាអ្នកឆ្លាក់ និង ការអត់ធ្មត់របស់គាត់ ក្នុងនាមជាគ្រូម្នាក់ ។ មានតែស្ថានសួគ៌ទេ ដែលអាចផ្ដល់នូវអ្នកបង្រៀនប្រភេទនេះ ដូចប្រធាន ផាកកឺ ។ ប៉ុន្តែមានមានវិធីជាច្រើនដែលអ្នកអាចមានឥទ្ធិពលលើដួងចិត្តកូនៗ ដោយគ្មានក្ដារឆ្លាក់ សម្រាប់ពួកគេ ។
ឧទាហរណ៍ បច្ចេកវិជ្ជាទំនាក់ទំនងថ្មី អនុញ្ញាតឲ្យមានការចែកចាយសារលិខិតពីសេចក្ដីជំនឿ និង ក្ដីសង្ឃឹមដល់អ្នកដែលនៅឆ្ងាយពីយើងរាប់គីឡូម៉ែត្របានភ្លាមៗ ដោយចំណាយប្រាក់តិច ឬ គ្មានចំណាយសោះ ។ ភរិយាខ្ញុំ ជួយខ្ញុំធ្វើដូច្នេះ ។ យើងបានចាប់ផ្ដើមនិយាយតាមទូរស័ព្ទ ជាមួយចៅៗ ឬ កូនៗដែលយើងអាចទាក់ទងបាន ។ យើងបានសុំឲ្យពួកគេចែកចាយរឿងជោគជ័យផ្ទាល់ខ្លួនរបស់ពួកគេ និងការបម្រើដែលពួកគេបានធ្វើមកយើង ។ យើងក៏សុំឲ្យពួកគេផ្ញើរូបថតសកម្មភាពទាំងនោះផងដែរ ។ យើងប្រើរូបថតទាំងនោះដើម្បីបង្ហាញពីកថាខណ្ឌមួយចំនួនក្នុងអត្ថបទ ។ យើងបន្ថែមខមួយ ឬពីរ មកពីគម្ពីរមរមន ។ ប្រហែលជានីហ្វៃ និង មរមននឹងមិនសូវចាប់អារម្មណ៍ដោយគុណភាពខាងវិញ្ញាណនៃក្ដីអំណររបស់យើង ឬការខិតខំមានកម្រិតរបស់យើង តម្រូវឲ្យមានដើម្បីបង្កើតនូវអ្វីដែលយើងហៅថា « កំណត់ហេតុគ្រួសារ ៖ ផ្ទាំងតូច » នោះទេ ។ ប៉ុន្តែស៊ីស្ទើរ អាវរិង និងខ្ញុំ បានពរដោយការខំប្រឹងប្រែងនេះ ។ យើងមានអារម្មណ៍បំផុសគំនិត ជ្រើសរើសវគ្គគម្ពីរ និង សារលិខិតសង្ខេបអំពីទីបន្ទាល់ ដែលយើងបានសរសេរ ។ ហើយយើងមើលឃើញភស្ដុតាងនៅក្នុងជីវិតរបស់ពួកគេ ដែលដួងចិត្តរបស់ពួកគេបានបង្វែរមករកយើង និង ព្រះអង្គសង្គ្រោះ និង ឆ្ពោះទៅលើ ។
មានវិធីផ្សេងទៀតដើម្បីមានឥទ្ធិពលលើអ្នកដទៃ អ្នកក៏មានជាច្រើនរួចហើយដែរ ។ ទម្លាប់នៃការអធិស្ឋាន និង ការអានគម្ពីរជាគ្រួសាររបស់អ្នក នឹងបង្កើតនូវការចងចាំយូរអង្វែង ហើយជាការផ្លាស់ប្ដូរចិត្តដ៏ធំ ជាងដែលអ្នកអាចដឹងក្នុងពេលនេះ ។ សូម្បីតែសកម្មភាពខាងសាច់ឈាម ដូចជាការចូលរួមក្នុងព្រឹត្តការកីឡា ឬ មើលខ្សែភាពយន្ដ ក៏អាចមានឥទ្ធិពលលើដួងចិត្តកូនដែរ ។ អ្វីដែលសំខាន់ គឺពុំមែនជាសកម្មភាពទេ ប៉ុន្តែជាអារម្មណ៍ដែលកើតមានពេលអ្នកធ្វើវា ។ ខ្ញុំបានរកឃើញការសាកល្បងដ៏ល្អមួយ សម្រាប់ស្គាល់ពីសកម្មភាពទាំងឡាយ ដែលមានសក្ដានុពល បង្កើតនូវភាពខុសប្លែកដ៏អស្ចារ្យ ក្នុងជីវិតរបស់មនុស្សវ័យក្មេង ។ គឺថា ឲ្យពួកគេផ្ដល់យោបល់ពីសកម្មភាព ដែលពួកគេចាប់អារម្មណ៍ ជាអំណោយទានមួយមកពីព្រះ ។ ខ្ញុំដឹងថា វាអាចធ្វើទៅបាន មកពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ។
នៅពេលខ្ញុំក្លាយជាឌីកុន កាលអាយុ 12 ឆ្នាំ ខ្ញុំរស់នៅក្នុង នូវ ជើរស៊ី ចម្ងាយ 50 ម៉ែល ( 80 គ.ម) ពីទីក្រុង នូវយោក ។ ខ្ញុំសុបិនចង់ក្លាយជាអ្នកលេង baseball ដ៏អស្ចារ្យម្នាក់ ។ ឪពុកខ្ញុំយល់ព្រមនាំខ្ញុំទៅមើលកីឡាមួយដែលលេងនៅក្នុងកីឡាដ្ឋាន យ៉ាងគី ដ៏ចំណាស់ជាប្រវត្តិសាស្ត្រមួយ ក្នុងទីក្រុង ប្រង់ ។ ខ្ញុំនៅតែអាចចាំពេលដែល ចូ ឌីម៉ាជីអូ លើកតំបងគាត់វាយកូនបាល់ ចេញពី ទីលាន ដែលខ្ញុំឈរជាមួយឪពុក នោះជាគ្រាតែមួយគត់ ដែលយើងបានចេញទៅមើលកីឡាវាយកូនបាល់ដ៏ល្បីជាមួយគ្នា ។
ប៉ុន្តែថ្ងៃមួយទៀត ដែលខ្ញុំមានជាមួយឪពុកខ្ញុំ គឺមានឥទ្ធិពលក្នុងជីវិតខ្ញុំជារៀងរហូត ។ គាត់បាននាំខ្ញុំពី នូវជើរស៊ី ទៅផ្ទះរបស់លោកអយ្យកោដែលបានតែងតាំងម្នាក់ នៅទីក្រុង សលត៍ ឡេក ។ ខ្ញុំពុំដែលជួបបុរសនោះពីមុនទេ ។ ឪពុកខ្ញុំបានទុកខ្ញុំឲ្យនៅមាត់ទ្វារ ។ លោកអយ្យកោបាននាំខ្ញុំទៅកាន់កៅអីមួយ ដាក់ដៃគាត់លើក្បាលខ្ញុំ ហើយប្រកាសការប្រសិទ្ធពរមួយ ជាអំណោយមួយមកពីព្រះ ដែលការប្រកាសមានអំពីបំណងប្រាថ្នាដ៏អស្ចារ្យនៃដួងចិត្តខ្ញុំ ។
គាត់បាននិយាយថា ខ្ញុំស្ថិតក្នុងចំណោមនៃអ្នកទាំងឡាយ ដែលត្រូវបានថ្លែងថា « មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » ។6 ខ្ញុំភ្ញាក់ផ្អើលណាស់ ដែលមនុស្សដ៏ចម្លែកម្នាក់ អាចដឹងពីដួងចិត្តខ្ញុំ ដែលខ្ញុំបានបើកភ្នែកមើលទីកន្លែងដែលអព្ភូតហេតុបានកើតឡើង ។ ពរជ័យអំពីសមត្ថភាពខ្ញុំនោះ បានផ្លាស់ជីវិតខ្ញុំ អាពាហ៍ពិពាហ៍ខ្ញុំ និង ការបម្រើបព្វជិតភាពខ្ញុំ ។
ចេញមកពីបទពិសោធន៍នោះ និង អ្វីដែលកើតមានក្រោយមក ខ្ញុំអាចថ្លែងទីបន្ទាល់ថា « ត្បិតមនុស្សទាំងអស់ពុំបានគ្រប់អំណោយទាន ដែលបានប្រទានដល់ពួកគេឡើយ ត្បិតមានអំណោយទានជាច្រើន ហើយមនុស្សរាល់គ្នាត្រូវបានប្រទានអំណោយទានមួយ ដោយព្រះវិញ្ញាណនៃព្រះ » ។ 7
ដោយសារព្រះអម្ចាស់បើកបង្ហាញដល់ខ្ញុំនូវអំណោយមួយ នោះខ្ញុំអាចស្គាល់ និង រៀបចំសម្រាប់ឱកាសទាំងឡាយ ដើម្បីប្រើវាប្រទានពរដល់អ្នកទាំងឡាយ ដែលខ្ញុំស្រឡាញ់ និងបម្រើ ។
ព្រះស្គាល់អំណោយទានយើង ។ ខ្ញុំអញ្ជើញអ្នក និង ខ្លួនខ្ញុំផ្ទាល់ឲ្យអធិស្ឋាន ដើម្បីស្គាល់ពីអំណោយទានដែលយើងបានទទួល ដើម្បីស្គាល់អំពីរបៀបអភិវឌ្ឍវា ហើយស្គាល់ឱកាសបម្រើដល់អ្នកដទៃ ដែលព្រះប្រទានដល់យើង ។ ប៉ុន្ដែភាគច្រើន ខ្ញុំអធិស្ឋានសុំឲ្យអ្នកនឹងត្រូវបានបំផុសគំនិតឲ្យជួយអ្នកដទៃរកឃើញអំណោយទានពិសេសមកពីព្រះដើម្បីបម្រើផងដែរ ។
ខ្ញុំសន្យាអ្នកថា បើអ្នកសុំ នោះអ្នកនឹងត្រូវបានប្រទានពរ ដើម្បីជួយ និង លើកស្ទួយអ្នកដទៃឡើងទៅដល់សក្ដានុពលពេញលេញរបស់គេ នៅក្នុងការបម្រើដល់អ្នក ដែលពួកគេដឹកនាំ និង ស្រឡាញ់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅដល់អ្នកថា ព្រះមានព្រះជន្មរស់ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ នេះគឺជាបព្វជិតភាពនៃព្រះ ដែលយើងកាន់ ហើយព្រះបានរៀបចំអំណោយដ៏ពិសេសសម្រាប់យើងដើម្បីបម្រើទ្រង់ លើសពីក្ដីសង្ឃឹមដែលយើងចង់បានបំផុត ។ ក្នុងនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។