ឆ្នាំ ២០១០-២០១៩
ការប្រែក្លាយជា​ឪពុកម្ដាយ​ល្អ
តុលា 2012


2:3

ការប្រែក្លាយជា​ឪពុកម្ដាយ​ល្អ

នោះ​មាន​វិធី​ជាច្រើន ដែល​ឪពុក​ម្ដាយល្អ អាចទទួលបានជំនួយ និង ការគាំទ្រ ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ចំពោះ​កូនចៅ​ពួកគេ ។

ខ្ញុំ​បាន​ចូលដល់​ព្រឹត្តការណ៍ពិសេស​មួយ​នា​រដូវក្ដៅនេះ-- ខ្ញុំ​បាន​ធ្វើ​ខួប​គំរប់​អាយុ 90 ឆ្នាំ ។ នៅពេល​អ្នក​​ចូល​ដល់​ព្រឹត្តការណ៍ជាក់លាក់​ទាំងឡាយ​ក្នុងជីវិត វាជាជំនួយ និង​ ជា​ប្រយោជន៍ដើម្បីគិត​អំពី​ព្រឹត្តការណ៍ និង​បទពិសោធន៍​ទាំងឡាយ​ពីអតីតកាល ។ អ្នក​ដែល​ជា​យុវវ័យ ពេល​ស្ដាប់ ឬ អាន​សុន្ទរកថា​នេះ​ទៅ អាច​នឹង​ពុំ​ចាប់​អារម្មណ៍​ថា មនុស្ស​ម្នាក់នេះ​អាច​រស់បាន 90 ឆ្នាំ​ទេ ប៉ុន្តែ​ពេលដែល​ខ្ញុំ​កើតមក រស់​បាន​រយៈពេល​យូរ​ដូច​នេះ ចាត់ទុក​ថា​ជា​ជោគជ័យ​ដ៏អស្ចារ្យ​មួយ ។ ខ្ញុំ​ដឹងគុណ​ព្រះវរបិតាសួគ៌​ដែល​ប្រទានពរ​ខ្ញុំ​ឲ្យមាន​អាយុវែងជារៀងរាល់ថ្ងៃ ។

មានអ្វីៗជាច្រើន​បាន​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​ការអភិវឌ្ឍ​នៃ​ជំនាន់ឧស្សាហកម្ម និង ជំនាន់​ព័ត៌មាន​វិទ្យា ។ រថយន្ដ​ ទូរស័ព្ទដៃ និង យន្ដហោះដែល​បាន​ផលិត​យ៉ាងច្រើន គឺជា​ការ​កែប្រែថ្មីដ៏អស្ចារ្យ​ដែលបាន​បង្កើត​ឡើង​កាលពីខ្ញុំ​នៅក្មេង ។ សព្វថ្ងៃ​របៀប​ដែល​យើង រក ចែកចាយ និង ប្រើព័ត៌មាន ផ្លាស់ប្ដូរ​ស្ទើរតែ​រៀងរាល់ថ្ងៃ ។ នៅជំនាន់ខ្ញុំ ខ្ញុំ​ស្ងើច​ចំពោះការផ្លាស់ប្ដូរយ៉ាងលឿន​ក្នុងពិភពលោក​ដែល​យើង​រស់​នៅ​នេះ​ណាស់ ។ របក​គំឃើញ​​ជាច្រើន​នាសព្វថ្ងៃ​ ធ្វើ​ឲ្យ​យើង​នឹកគិត​ដោយ​រំភើប​ចំពោះ​សក្ដានុពល​របស់​វា ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ល្អប្រសើរ​ ។

តាម​រយៈ​ការ​ផ្លាស់ប្ដូរ​យ៉ាងលឿន​ដែលបាន​កើតឡើងនៅ​ជុំវិញ​យើងទាំងអស់ យើងសូម​​អធិស្ឋាន​ដោយ​ស្មោះ ហើយ​ធ្វើ​ការ​ដើម្បី​ប្រាកដ​ថា តម្លៃ​នៃ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទនៅខ្ជាប់ខ្ជួន ។ មាន​នូវ​តម្លៃ​មួយចំនួន​ដំណឹង​ល្អ​កំពុង​ត្រូវ​បាន​រង​នូវ​ការ​បាត់បង់​រួចទៅហើយ ។ ហេតុដូច្នេះ នៅ​ចំនុច​លើ​គេ​ក្នុង​បញ្ជី​នៃ​តម្លៃ​ទាំងនេះ គោលដៅ​ដ៏​ចំបង​របស់​មារសត្រូវ គឺ​ភាពបរិសុទ្ធ​នៃអាពាហ៍ពិពាហ៍ និង សារៈសំខាន់​ជា​ចំបង​នៃ​ក្រុមគ្រួសារ ។ វា​ផ្ដល់​ឲ្យ​នូវ​​គេហដ្ឋាន​មាន​សុវត្ថិភាព និង នឹងនរ ដែល​កូន​ម្នាក់ៗ​របស់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ អាច​ទទួល​ឥទ្ធិពល​សម្រាប់​សេចក្ដីល្អ ហើយ​ទទួល​បាន​តម្លៃ​ដ៏អស់កល្ប ។

គ្រួសារ​ខ្ញុំ ដែល​បាន​ចូលរួម​ប្រារព្ធ​ខួប 90 ឆ្នាំ​ក្នុងជីវិត​ខ្ញុំ​នេះ បាន​ថ្លែង​នូវអ្វី​ដែល​បាន​ជួយ​ខ្ញុំ​ចងចាំ និង អរគុណ​ចំពោះ​បទពិសោធន៍ទាំងឡាយ​ក្នុងជីវិត​យូរអង្វែងខ្ញុំ​នេះ ។ ឧទាហរណ៍ ក្មួយ​ស្រី​ខ្ញុំ​ដែលបាន​មកជុំគ្នា ហើយ​បាន​ចែកចាយ​ជាមួយ​ខ្ញុំ​នូវ​សំបុត្រ​មួយចំនួន ដែល​ខ្ញុំ​បាន​សរសេរ​ទៅ​ឪពុក​ម្ដាយ​ខ្ញុំ​កាលពី 70 ឆ្នាំ​កន្លងទៅ ដែល​ខ្ញុំ​បាន​ផ្ញើរ​មកពី​មូលដ្ឋានទ័ព​នាវា​ខ្ញុំ នៅ​កោះ​ សៃប៉ាន ក្នុង​មហាសមុទ្រ​ប៉ាស៊ីភិច អំឡុង​សង្គ្រាម​លោក​លើក​ទី 2 ។

ខ្ញុំ​ចាប់អារម្មណ៍លើ​សំបុត្រ​មួយ​ក្នុងចំណោម​សំបុត្រទាំង​នោះ​ ។ វាគឺជាសំបុត្រ​មួយ​ដែល​ខ្ញុំ​បាន​សរសេរ​ទៅ​ម្ដាយ​របស់​ខ្ញុំ សម្រាប់​បើកអាន​នៅ​ថ្ងៃ​បុណ្យម្ដាយ​ក្នុង​ឆ្នាំ 1945 ។ ខ្ញុំ​ចង់ចែកចាយ​ផ្នែកខ្លះៗ​ជាមួយអ្នក ដោយ​សង្ឃឹម​ថា អ្នក​នឹង​ឃើញ​នូវ​មូលហេតុ​ដែល​ខ្ញុំ​នឹង​ដឹងគុណ​ជារៀងរហូត​ដល់​ឪពុក​ម្ដាយ​ជាទីស្រឡាញ់​ខ្ញុំ ចំពោះ​មេរៀន​ដែល​ខ្ញុំ​បាន​រៀន​មក​ពី​ការបង្រៀន​នៅ​ក្នុង​ផ្ទះ​របស់ពួកគាត់ ។ ឪពុក​ម្ដាយ​ខ្ញុំគឺ​ជា​គំរូដ៏ល្អបំផុត​ដែល​ចាំ​អំពី​ឪពុក​ម្ដាយល្អ ដែល​បាន​ដាក់​អាពាហ៍ពិពាហ៍របស់​ពួកគាត់ និង ការចិញ្ចឹម​កូន​ដោយត្រឹមត្រូវ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់ពួកគាត់ ។

សំបុត្រ​ថ្ងៃ​បុណ្យ​ម្ដាយ​ឆ្នាំ 1945 បាន​ចាប់​ផ្ដើម​ថា ៖

« ម៉ាក់ជាទីស្រឡាញ់

« កាលពី​បួន​ឆ្នាំ​មុន កូន​​បាន​ចំណាយ​ពេល​បុណ្យម្ដាយ​នៅ​ឆ្ងាយពីម៉ាក់ ។ កូន​​ចង់​នៅ​ជាមួយ​ម៉ាក់​ជារៀងរាល់​ឆ្នាំ ហើយ​ប្រាប់​ម៉ាក់ថា កូន​ស្រឡាញ់ម៉ាក់ប៉ុណ្ណា ហើយ​កូននឹករលឹក​​ម៉ាក់ប៉ុណ្ណា ប៉ុន្តែ​​ដោយ​​ឆ្នាំ​នេះ​កូននៅ​ពុំអាច​ធ្វើ​បាន​ទៀតនោះ​ កូន​នឹង​ត្រូវ​ធ្វើ​នូវ​រឿង​ដ៏​ល្អ​មួយទៀត ដោយ​ផ្ញើ​ការ​នឹករលឹក​របស់​កូន​តាមរយៈ​សំបុត្រ​ ។

« ឆ្នាំ​នេះ​ធ្វើ​ឲ្យ​កូន​បាន​ដឹង​ច្បាស់​ថា ម៉ាក់​បាន​ប្រទានពរ​ដល់​កូន​យ៉ាង​ខ្លាំង ជាង​ឆ្នាំ​ណាៗទាំងអស់ ។ ដំបូងគេ កូន​នឹក​នូវ​រឿង​តូចៗ​ដែល​ម៉ាក់​បាន​ធ្លាប់​ធ្វើ​សម្រាប់​កូន ។ ពេល​ណា​កូន​ភ្ញាក់ពីដំណេក​នៅ​ពេល​ព្រឹក កូន​ពុំចាំបាច់​ត្រូវ​បារម្ភ​ថា ​កូន​​ត្រូវ​រក​អាវ​ស្អាត និង ស្រោម​ជើង​ស្អាត​ទេ ។ អ្វី​ដែលកូនត្រូវ​ធ្វើ គឺ​គ្រាន់តែ​បើក​ថតទូរ នោះ​កូន​នឹងឃើញ​​វា​ ​ហើយ ។ នៅ​ពេល​បាយ កូន​តែងតែ​ដឹងថា កូន​នឹង​មាន​អ្វី​ដែល​កូនចូលចិត្ត បាន​ត្រៀម​យ៉ាង​ល្អ​រួច​ទៅហើយ ។ នៅ​ពេល​យប់​កូន​តែងតែ​ដឹង​ថា កូន​នឹង​មាន​កំរាល​ស្អាត​នៅ​លើ​គ្រែ ហើយ​មានគ្រប់គ្រាន់​ដើម្បី​ខ្ញុំដណ្ដប់យ៉ាង​កក់ក្ដៅ ។ ការរស់នៅ​ក្នុង​ផ្ទះ គឺ​ជា​ពិតជា​ក្ដីអំណរ​ដ៏អស្ចារ្យ » ។

នៅពេល​ខ្ញុំ​អាន​សំបុត្រ​នៅត្រង់​កថាខណ្ឌ​ពីរ​ដំបូង​នេះ​ ខ្ញុំ​តក់​ស្លុត​ ​វា​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ។ ប្រហែល​មក​ពី​ការរស់នៅ​ក្នុង​តង់ ដេក​នៅ​ក្នុងមុងនៅ​លើ​គ្រែតូច បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពីការ​ត្រឡប់​ទៅ​​ផ្ទះ​ដ៏​ពិសេស​របស់​ខ្ញុំ​ហើយ​មើលទៅ ។

សំបុត្រ​ទៅ​ម្ដាយ​ខ្ញុំ​បាន​បន្ដ​ទៀត​ថា ៖

« ប៉ុន្តែ​អ្វី​ដែល​ជ្រាលជ្រៅជាងនេះ គឺ​អារម្មណ៍របស់កូន​ចំពោះ​ម៉ាក់ ដោយសារ​តែ​គំរូ​ដែលម៉ាក់​បាន​បង្ហាញ​ដល់​កូន ។​ ម៉ាក់ធ្វើ​ឲ្យ​ជីវិតយើង​រីករាយជា​គ្រួសារ ដែល​យើង​ចង់​ធ្វើ​តាម​គំរូ​របស់ម៉ាក់ ។ ដើម្បី​បន្ដ​មាន​ក្ដីអំណរ​ដូចគ្នា​នេះ ដែល​ពួក​យើង​មាន​ក្នុង​វ័យ​ក្មេង​របស់​យើង ។ ម៉ាក់​តែងតែ​មាន​ពេល​នាំ​គ្រួសារ​ទៅ​លេង​នៅ​ជ្រលងភ្នំ ហើយ​យើង​អាច​ពឹងផ្អែក​លើ​ម៉ាក់​ធ្វើអ្វីគ្រប់យ៉ាង តាំង​ពីការ​ឡើងភ្នំ ហើយ​លេងបាល់​នឹង​ពួកយើង ។​ ម៉ាក់ និង ប៉ា​ពុំ​ដែល​ទៅវិស្សមកាលតែ​ពីរនាក់ទេ ។ គ្រួសារ​តែងតែ​ទៅ​ជាមួយ​ជានិច្ច ។ ឥឡូវ កូន​នៅ​ឆ្ងាយពីផ្ទះ កូន​ចូលចិត្ត​និយាយ​អំពី​ជីវិត​នៅ​ផ្ទះជានិច្ច ដោយ​សារ​វា​សប្បាយរីករាយណាស់ ។ កូន​មិនអាច​ព្រងើយចំពោះ​ការ​បង្រៀន​របស់ម៉ាក់ទេ ដោយសារ​សកម្មភាព​របស់​កូន នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា​ម៉ាក់​ចិញ្ចឹមកូន​មិន​បាន​ល្អ ។​ ជីវិត​គឺ​ជា​រឿង​ដ៏សំខាន់មួយ​ចំពោះ​កូន ដើម្បី​មានភាពសក្ដិសម​នឹង​ហៅជា​កូន​របស់​ ណូរ៉ា សូនី ភែរី ។ កូន​មាន​មោទនភាព​ណាស់​ចំពោះ​នាម​នេះ ហើយ​កូន​សង្ឃឹម​ថា កូន​នឹង​មានភាពសក្ដិសម​ជានិច្ច​ក្នុង​ការ​ធ្វើ​ជាកូនម៉ាក់ ។

« កូន​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ កូន​នឹង​អាច​នៅ​ជាមួយ​ម៉ាក់ ដើម្បី​បង្ហាញ​ម៉ាក់​នូវ​ពេល​ដ៏​ល្អ ដែល​កូន​បាន​រៀបចំ​ដើម្បី​បង្ហាញ​ដល់ម៉ាក់ នៅ​ថ្ងៃ​បុណ្យ​ម្ដាយ​សម្រាប់​កាលពី​បួន​ឆ្នាំ​កន្លងទៅ ។

« សូម​ឲ្យព្រះអម្ចាស់​ប្រទានពរ​ម៉ាក់​នូវ​រឿង​ល្អៗ​ទាំងអស់ ដែល​ម៉ាក់​បាន​ធ្វើ សម្រាប់​ពិភពលោក​ដ៏​ចលាចល​នេះ ។

« ដោយ​អស់ពីក្ដីស្រឡាញ់​របស់​កូន ថម » ។ 1

នៅ​ពេល​ខ្ញុំ​អាន​សំបុត្រ​ខ្ញុំ​ឡើងវិញ ខ្ញុំ​នឹកចាំ​ផងដែរ​អំពី​វប្បធម៌​ក្នុង​គ្រួសារ វួដ ស្ដេក និង សហគមន៍ ដែល​ខ្ញុំបាន​ធំឡើងនោះ ។

វប្បធម៌ ត្រូវ​បាន​កំណត់​ជា​ផ្លូវ​នៃ​ជីវិត​របស់​មនុស្ស ។ មាន​វប្បធម៌​ដំណឹងល្អ​ដ៏​ពិសេស​មួយ បង្កើត​ជាចង្កោម​នៃ​គុណតម្លៃ និង ការ​រំពឹងទុក ហើយ​នឹងជា​ការអនុវត្ត​ជាទូទៅ​ចំពោះ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំង​អស់ ។ វប្បធម៌ដំណឹងល្អ ឬ ផ្លូវ​នៃ​ជីវិត​នេះ កើតចេញ​មកពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បទបញ្ញត្តិ​នៃ​ព្រះ និង ការបង្រៀនរបស់​​ព្យាការី​នៅ​រស់ ។ វា​បាន​បង្ហាញ​ក្នុង​​របៀប​​មួយ ដែល​យើង​ចិញ្ចឹមគ្រួសាររបស់​យើង និង​របៀប​​រស់នៅ​ក្នុងជីវិត​របស់​យើង​ម្នាក់ៗ ។

ការបង្រៀនដំបូងចំពោះ​អ័ដាម សម្រាប់​ការទទួលខុសត្រូ​ក្នុងជីវិត​រមែង​ស្លាប់​របស់​គាត់ គឺ​មាន​នៅ​ក្នុង​លោកុប្បត្តិ 2:24 ថា​ ៖ « ដោយ​ហេតុនោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន​ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នកទាំងពីរ នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ​សុទ្ធ » ។

ការ​នៅជុំគ្នា​នៃ​បុរសម្នាក់ និង ស្ត្រីម្នាក់ គឺ​ជា​ការ​រៀបការ​ដោយ​ស្រប​ច្បាប់ និង ពេញ​ច្បាប់ ពុំ​មែន​គ្រាន់​តែ​ជា​ការ​រៀបចំ​សម្រាប់​ជំនាន់​នា​ពេល​អនាគត ដើម្បី​ទទួលគ្រង​ផែនដី​នោះ​ទេ ប៉ុន្តែ​វា​ក៏​នាំ​មក​នូវ​ក្ដីអំណរ និង ក្ដី​សោមនស្ស​ដ៏អស្ចារ្យ​ផងដែរ ដែល​អាច​មាន​នៅ​ក្នុង​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​នេះ ។ នេះ​ជា​ការពិត​ពិសេស នៅពេល​អំណាច​បព្វជិតភាព​ប្រកាស​ថា អាពាហ៍ពិពាហ៍ត្រូវ​ធ្វើ​សម្រាប់​ជីវិត​នេះ និង ជីវិតដ៏នៅអស់កល្បជានិច្ច ។ កូនចៅ​ដែល​កើត​មក​ក្នុង​ចំណងអាពាហ៍ពិពាហ៍ដូច្នេះ មាន​នូវ​សុវត្ថិភាព​មួយ ដែល​ពុំ​អាច​រកបាន​នៅ​កន្លែង​ផ្សេង​ឡើយ ។

មេរៀន​ទាំងឡាយ ដែល​បាន​បង្រៀន​នៅ​ក្នុង​ផ្ទះ ដោយ​ឪពុក​ម្ដាយល្អ កំពុង​តែ​មាន​តួនាទីកាន់​តែ​សំខាន់​ឡើង​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ ព្រោះ​ឥទ្ធិពល​របស់​មារសត្រូវ កំពុង​រាតត្បាត​ខ្លាំង​ណាស់ ។ ដូច​​យើង​ដឹងហើយ​​ថា វា​កំពុង​ព្យាយាម​ច្រោះ និង បំផ្លាញគ្រឹះ​ទាំងអស់​នៃ​សង្គម​យើង-- គឺ​គ្រួសារ ។ វា​កំពុង​វាយ​ប្រហារ​លើ​ការប្ដេជ្ញាចិត្ត​ចំពោះ​ជីវិត​គ្រួសារ​នៅទូទាំង​ពិភពលោក ហើយបំបាក់​វប្បធម៌ និង សេចក្ដីសញ្ញា​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្មោះត្រង់ តាម​វិធី​សម្ងាត់​ដ៏​ឆ្លាតវៃ និង​ប្រុងប្រយ័ត្នវា ។ ឪពុកម្ដាយ ត្រូវតែសម្រេចចិត្ត​ថា ការបង្រៀន​នៅ​ក្នុងផ្ទះ គឺ​ជា​ការទទួលខុសត្រូវ​ដ៏ពិសិដ្ឋ និង សំខាន់​បំផុត ។ ខណៈ​ដែល​ស្ថាប័ន​ផ្សេងទៀត ដូចជា ព្រះវិហារ និង សាលារៀន អាច​ជួយ​ឪពុក​ម្ដាយ « បង្ហាត់​កូន​ក្មេង ឲ្យប្រព្រឹត្ត​តាម​ផ្លូវ​ដែល​ [ គេ ] គួរ​ប្រព្រឹត្ត » (សុភាសិត 22:6 ) នៅ​ទីបំផុត ការទទួលខុសត្រូវ​នេះ គឺ​ជា​របស់​ឪពុកម្ដាយដដែល ។ ស្របតាម​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា គឺ​ជា​ឪពុក​ម្ដាយល្អ ដែល​ត្រូវ​បាន​ទទួលខុសត្រូវ​ក្នុង​ការ​មើល​ថែ និង អភិវឌ្ឍ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។

នៅ​ក្នុង​ការទទួលខុសត្រូវ​ដ៏​ធំ​របស់​យើង​ក្នុង​នាម​ជា​ឪពុកម្ដាយ នោះ​មាន​វិធី​ជាច្រើន ដែល​ឪពុក​ម្ដាយល្អ អាចទទួលបានជំនួយ និង ការគាំទ្រ ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ចំពោះ​កូនចៅ​ពួកគេ ។ ខ្ញុំ​សូម​ផ្ដល់នូវ​យោបល់​ប្រាំយ៉ាង​ ដែល​ឪពុកម្ដាយអាចធ្វើ​ដើម្បី​បង្កើត​វប្បធម៌​គ្រួសារ​កាន់ឲ្យ​កាន់តែរឹងមាំ ៖

ទីមួយ ឪពុកម្ដាយ អាចអធិស្ឋាន​ដោយ​ស្មោះ ទូលសុំ​ព្រះបិតាដ៏អស់កល្បយើង​ ដើម្បី​ជួយ​ពួកគេ​ឲ្យស្រឡាញ់ យល់ និង ដឹកនាំ​កូនៗ ដែល​ទ្រង់​បាន​បញ្ជូន​ដល់ពួកគេ ។

ទីពីរ ពួកគេ​អាច​មាន​ការអធិស្ឋាន​ជាគ្រួសារ អានព្រះគម្ពីរ និង រាត្រីជួបជុំ​ក្រុមគ្រួសារ ហើយ​បរិភោគ​ជុំ​គ្នា ឲ្យ​បាន​ញឹកញាប់​តាមដែលអាច​ធ្វើទៅបាន​ សូម​ប្រើពេល​បរិភោគ​អាហារពេលល្ងាចធ្វើការទំនាក់ទំនង និង បង្រៀន​អំពី​គុណតម្លៃ​ទាំងឡាយ ។

ទីបី ឪពុកម្ដាយ អាច​ទទួលប្រយោជន៍យ៉ាង​ពេញលេញ​ពី​បណ្ដាញ​គាំទ្រ​របស់សាសនាចក្រ ដោយការ​ធ្វើ​​ទំនាក់ទំនង​នឹង​គ្រូបង្រៀន​ថ្នាក់កុមារ​របស់​កូនៗ​ពួកគេ អ្នកដឹកនាំ​យុវវ័យ និង គណៈប្រធានថ្នាក់ និង គណៈប្រធានកូរ៉ុម ។ តាមរយៈ​ការ​ទំនាក់ទំនង​នឹង​អ្នកទាំងនោះ ដែល​ត្រូវ​បាន​ហៅ ហើយ​ញែកចេញ​ឲ្យ​ធ្វើ​ការ​ជាមួយ​កូនៗ​ពួកគេ នោះ​ឪពុកម្ដាយ អាច​ផ្ដល់​​​នូវ​ការ​យល់ដឹង​សំខាន់ៗ​អំពី​តម្រូវការ​ពិសេស និង ជាក់លាក់​របស់កូន ។

ទីបួន ឪពុកម្ដាយ​អាច​ចែកចាយទីបន្ទាល់​របស់ពួកគេ​ជាមួយកូនឲ្យញឹកញាប់ តាំងចិត្តពួកគេ​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់ព្រះ ហើយ​សន្យា​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​យើង សន្យា​ចំពោះ​កូនចៅ​ស្មោះត្រង់​របស់ទ្រង់ ។

ទីប្រាំ យើងអាច​រៀបចំ​គ្រួសារ​យើង ដោយ​ផ្អែក​លើ​ច្បាប់ និង ការរំពឹងទុក​ក្នុង​​គ្រួសារឲ្យ​​ច្បាស់លាស់ និង​សាមញ្ញ មាន​ទំនៀមទំលាប់ និង ទម្លាប់​ក្នុងគ្រួសារ​ល្អៗ និង « សេដ្ឋកិច្ចគ្រួសារ » ដែល​កូនៗ​មានការទទួលខុសត្រូវក្នុង​ផ្ទះ ហើយរៀន​​​រក​ប្រាក់​បន្ថែម ដើម្បីពួកគេ​អាច​រៀន​រៀបចំថវិកា ចេះសន្សំ និង ថ្វាយដង្វាយមួយភាគ​ក្នុង​ដប់​ចំពោះ​ប្រាក់​ដែល​ពួកគេ​រក​បាន ។

យោបល់ទាំងនេះ សម្រាប់​ការបង្កើត វប្បធម៌គ្រួសារ ឲ្យកាន់តែរឹងមាំ​ ដែល​មានដំណើរការ​ស្របគ្នា​នឹង​វប្បធម៌​សាសនាចក្រ ។ វប្បធម៌គ្រួសារ​រឹងមាំរបស់យើង នឹង​ជា​ការការពារ​មួយ​ដល់​កូនចៅ​របស់យើង ពី « ព្រួញភ្លើង​ទាំងឡាយ​របស់មារសត្រូវ » (នីហ្វៃទី  1 15:24 ) ដែល​បង្កប់ក្នុង​វប្បធម៌​មិត្តភក្ដិ​របស់ពួកគេ វប្បធម៌​ការ​លេងកំសាន្ដ និង ពួកតារា វប្បធម៌​ការមានកិត្តិយស និង មាន​ឈ្មោះល្បី ព្រមទាំង​វប្បធម៌​អ៊ិនធើរណិត និង ប្រព័ន្ធផ្សព្វផ្សាយ ដែល​ពួកគេ​ជួប​ជាប្រចាំ ។ វប្បធម៌​គ្រួសារ​រឹងមាំ​នឹង​ជួយ​​កូនៗ​យើងឲ្យ « រស់នៅ​ក្នុង​ពិភពលោក » តែ​មិន​ក្លាយ​ជា «​ របស់ពិភពលោក » ទេ (យ៉ូហាន 15:19) ។

ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​បង្រៀន​ថា ៖ « វាជាកាតព្វកិច្ច​របស់ឪពុកម្ដាយ ដើម្បីបង្រៀន​កូនចៅ​ពួកគេ​នូវ​គោលការណ៍​នៃ​ការសង្គ្រោះ​ទាំងនេះ នៃ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ដើម្បី​ពួកគេ​នឹង​ដឹង​ពីមូលហេតុ​ដែល​ពួកគេ​ត្រូវ​ទទួលបុណ្យជ្រមុជទឹក ហើយ​ដើម្បី​ឲ្យ​ពួកគេមានបំណង​ប្រាថ្នា​ដោយស្មោះ​ក្នុងដួងចិត្ត ដើម្បី​បន្ដ​រក្សា​បទបញ្ញតិ្ត​នៃ​ព្រះ បន្ទាប់ពីពួកគេ​ទទួលបុណ្យជ្រមុជទឹក ដើម្បី​ពួកគេ​អាច​ត្រឡប់​ទៅ​កាន់វត្តមាន​ទ្រង់វិញ ។ បងប្អូនប្រុសស្រី​ដ៏ល្អ​របស់ខ្ញុំ តើ​អ្នក​ចង់​ឲ្យ​គ្រួសារ​អ្នក កូន​អ្នក​ តើ​អ្នក​ចង់​ផ្សាភ្ជាប់​នឹង​ឪពុក និង​ម្ដាយ​អ្នក​ដែលទៅ​ពីមុន​​អ្នកដែរ​ឬ​ទេ... ? បើដូច្នោះ នោះ​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​បង្រៀន​តាំងពីគេ​នៅ​តូច ។ អ្នក​ត្រូវ​បង្រៀន​ដោយគំរូ ក៏ដូចជា​ដោយ​សិក្ខាបទ​ផងដែរ » ។ 2

ការប្រកាស​អំពីគ្រួសារ​បាន​និយាយ​ថា ៖

« ស្វាមី និង ភរិយា មាន​ការ​ទទួលខុសត្រូវ​ដ៏ឧឡារិក​ដើម្បី​ស្រឡាញ់​ និង ថែរក្សា​គ្នា​ទៅវិញទៅមក ព្រមទាំង​កូនចៅ​របស់​ខ្លួន​ផងដែរ ។ ‹ កូនចៅ​ជា​មរត​ពី​ព្រះយេហូវ៉ា » (ទំនុក​ដំកើង 127:3 ) ។ ឪពុកម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ និង សេចក្ដីសុចរិត ផ្គត់​ផ្គង់​សេចក្ដីត្រូវការ ទាំងខាងរូបកាយ និង​ខាងវិញ្ញាណ​របស់ពួកគេ និង បង្រៀន​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់ និង បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃព្រះ ហើយ​ធ្វើ ជា​ពលរដ្ឋ​ល្អ ចេះ​គោរព​ច្បាប់​គ្រប់​ទីកន្លែង ដែល​ពួកគេ​រស់នៅ  … ។

« …  តាម​ការ​រៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន ដោយសេចក្ដីស្រឡាញ់ និង សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការ​ផ្គត់​ផ្គង់សេចក្ដី​ត្រូវការ​ក្នុងជីវិត ព្រមទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង ។ ម្ដាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការ​ទទួលខុសត្រូវ​ដ៏ពិសិដ្ឋ​ទាំង​នេះ ឪពុក​ និង ម្ដាយ មាន​កាព្វកិច្ច​ដើម្បីជួយ​គ្នា​ទៅវិញ​ទៅមក ជាដៃគូ​ស្មើគ្នា » ។ 3

ខ្ញុំ​ជឿ​ថា វា​ត្រូវ​បាន​គ្រោង​ឡើងដោយព្រះ ថាតួនាទីជាម្ដាយ គូសបញ្ជាក់​អំពី​ការចិញ្ចឹមបីបាច់ និង ការបង្រៀន​ដល់កូន​ចៅជំនាន់ក្រោយ ។ ប៉ុន្តែ​វា​គឺ​ជា​ការល្អណាស់ ដើម្បី​មើលឃើញ​ស្វាមី និង ភរិយា ​រក​ដំណោះស្រាយ​នៃភាព​ជាដៃគូ​ពិត ដែល​ពួកគេ​បញ្ចូល​ឥទ្ធិពល​របស់គេ​ជាមួយគ្នា ហើយ​ទំនាក់ទំនង​ដោយមានប្រសិទ្ធភាព ទាំង​អំពី​កូនៗ​ពួកគេ និង ចំពោះ​កូនៗពួកគេ ។

ការវាយប្រហារ​ដ៏​ខ្លាំង​នៃ​អំពើទុច្ចរិត ប្រឆាំង​នឹង​កូនៗ​យើង គឺ​ឃើញ​កាន់តែ​ច្បាស់ និង ដោយ​ចំៗ ជាង​វាធ្លាប់​ធ្វើ ។​ ការ​បង្កើត​វប្បធម៌គ្រួសាររឹងមាំ បន្ថែម​នូវការការពារ​មួយជាន់ទៀត សម្រាប់កូនចៅ​យើង ជាការការពារ​ពួកគេ​ពី​ឥទ្ធិពល​លោកិយ ។

សូម​ឲ្យព្រះប្រទានពរ​ដល់​ឪពុក និង ម្ដាយ​ល្អនៅក្នុងស៊ីយ៉ូន ។ ទ្រង់ទុកចិត្ត​អ្នក​ឲ្យ​មើលថែ​កូនចៅ​ដ៏អស់កល្ប​របស់ទ្រង់ ។ ក្នុង​នាម​ជាឪពុកម្ដាយ យើង​ជាដៃគូ ចូលរួម​នឹង​ព្រះ នៅក្នុង​ការ​នាំកិច្ចការ និង សិរីល្អ​របស់​ទ្រង់មានក្នុង​ចំណោម​កូនចៅទ្រង់ ។ វា​ជា​កាតព្វកិច្ចដ៏​ពិសិដ្ឋ​របស់យើង ដើម្បីធ្វើ​ឲ្យអស់ពីសមត្ថភាព​យើង ។ ខ្ញុំ​ថ្លែងទីបន្ទាល់អំពី​កិច្ចការនេះ ក្នុងព្រះនាម​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សំបុត្រ​សម្រាប់បុណ្យម្ដាយ មកពី អិល. ថម ភែរី ផ្ញើរទៅកាន់ម្ដាយ​លោក ពី សៃប៉ាន, ចុះ​ថ្ងៃទី  3 ខែ ឧសភា ឆ្នាំ 1945 ។

  2. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ នៅក្នុង Conference Report, ខែ​តុលា ឆ្នាំ 1948 ទំព័រ 153 ។

  3. « គ្រួសារ ៖ ការប្រកាស​ដល់ពិភពលោក » លីអាហូណា, ខែ​វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។