ឆ្នាំ ២០១០-២០១៩
ចូរមានចិត្ត​ក្លាហានអង់អាច, កម្លាំង និង សកម្មភាព​
តុលា 2012


10:35

ចូរមានចិត្ត​ក្លាហានអង់អាច, កម្លាំង និង សកម្មភាព​

ចូរ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​សក្ដិសម​ដូចជា​ពួក​ទាហាន​កំលោះ​ 2000 នាក់ ដោយ​ការ​ធ្វើ​ជា​មនុស្ស​អង់​អាច មានភាព​ក្លាហាន ជា​អ្នក​កាន់​បព្វជិតភាព​សក្ដិសម ។

រាត្រី​នេះ ខ្ញុំ​មាន​អារម្មណ៍​មានពរជាពិសេស​ ដើម្បី​និយាយ​ក្នុង​នាមជា​ប៊ីស្សព​ម្នាក់ ទៅកាន់យុវជន ដែលជាអ្នក​កាន់​បព្វជិត​ភាព​អើរ៉ុន ដែល​បាន​ជួប​គ្នាជុំវិញ​ពិភព​លោក សម្រាប់​សម័យ​ប្រជុំបព្វជិតភាព​ទូទៅនេះ ។ ខ្ញុំ​សូម​ចែកចាយ​រឿង​មួយចេញ​ពី​ព្រះ​គម្ពីរ​មរមន​​ជាមួយ​អ្នក​ ដែលរៀប​រាប់ពី ហេលេមិន និង ទ័ព​កំលោះ ​ 2000 នាក់របស់​គាត់ ។ ខ​គម្ពីរ​នេះ នឹង​ផ្តល់​ការ​យល់​ដឹងពី​លក្ខណៈរបស់​ក្មេង​ប្រុសពី​បុរាណទាំង​នោះ ហើយ​ជា​ការ​បំផុស​គំនិត​ដល់​អ្នក ដែល​ជា​យុវជន​នៃ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​សូម​ដក​ស្រង់​ខគម្ពីរ​ពេញ​ចិត្ត​មួយ ៖ « ហើយ​ពួកគេ​ទាំងអស់​គ្នា​ជា​កំលោះ ហើយ​ពួកគេ​មាន​ចិត្ត​ក្លាហានអង់​អាចជា​អតិបរមា ហើយ​មាន​កម្លាំង និង សកម្មភាព​ជា​អតិបរមាដែរ ប៉ុន្តែ​មើល​ចុះ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ—ពួកគេ​ជា​មនុស្ស​ស្មោះ​ត្រង់ គ្រប់​ពេល​វេលា​ ។ 1 ចិត្ត​ក្លាហានអង់​អាច​, កម្លាំង និង សកម្មភាព — គឺ​ជាលក្ខណៈ​ដែល​គួរ​ឲ្យ​សរសើរអ្វី​ម្ល៉េះ !

ខ្ញុំ​សូម​ផ្តោត​លើលក្ខណៈ​​ទីមួយ ដែល​បាន​និយាយ​ពី​ពួកគេ ៖ « ចិត្ត​ក្លាហានអង់​អាច » ។ ចំពោះ​រូប​ខ្ញុំ នេះ​គឺ​ជា​ការប្រាប់​ពី​ជំនឿស៊ប់​របស់​យុវជន​ទាំង​នេះ ដើម្បី​ក្លាហាន​ ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ឬ ដូច​ អាលម៉ា ​បាន​ពិព័ណនាថា « ឈរ​ជា​សាក្សី​ ដល់​ព្រះ​នៅ​គ្រប់​ពេល...និង គ្រប់​ទី​កន្លែង » ។ 2 ទ័ពកំលោះ 2000 នាក់នោះ មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​គេ ។ អ្នក​គ្រប់​គ្នាក៏​នឹង​មាន​ឱកាស​ពិសេសនៅ​ក្នុង​ជីវិត​អ្នក​ដែល​តម្រូវ​ឲ្យ​មាន​ភាព​ក្លាហាន ។ មិត្តខ្ញុំម្នាក់​ ឈ្មោះ ចន បាន​ចែក​ចាយ​ឱកាស​ពិសេស​មួយ​នោះ​នៅ​ក្នុង​ជីវិត​គាត់​ជាមួយ​ខ្ញុំ ។​

ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ចន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន នៅ​សាលក​វិទ្យា​ល័យប្រទេស​ជប៉ុន ។ គាត់​គឺ​ជា​និស្សិត​ម្នាក់​ ក្នុង​កម្មវិធី​អន្តជាតិ ដែល​មាន​សិស្ស​ពូកែ​ជាច្រើន មក​ពី​ជុំ​វិញ​ពិភព​លោក ។ មាន​និស្សិត​ខ្លះ​បាន​ចុះ​ឈ្មោះចូល​រៀន​ ដោយ​សង្ឃឹមថា​ ពួកគេ​នឹងទទួល​បាន​ការ​យល់​ដឹង​ជ្រៅជ្រះ​ពី​វប្បធម៌ និង ភាសា មាន​និស្សិត​ខ្លះ​ទៀតមើល​ឃើញ​ថា វា​ជា​ជំហានឆ្ពោះ​ទៅ​មុខ ហើយ​ទី​បំផុត​ទទួល​បាន​ជំនាញ​ និង ការ​ងារ​នៅ​ប្រទេស​ជប៉ុន ។ តែ​និស្សិត​ទាំង​អស់ បាន​ឃ្លាតពីគេហដ្ឋាន ​ដើម្បី​សិក្សា​នៅ​បរទេស ។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី ចន ដល់​ជប៉ុន នោះមាន​​ការ​ជប់​លៀង​មួយ នឹង​​ធ្វើ​ឡើង នៅ​លើ​ដំបូល​ផ្ទះ​របស់​ប្រជាជន​ម្នាក់ បាន​ឭ​ដល់​ក្រុម​និស្សិត​បរទេស​នោះ ។ នៅ​ល្ងាច​នោះ ចន និង មិត្ត​ពីរ​នាក់​របស់​គាត់​បាន​ទៅ​តាម​អាសយដ្ឋានដែល​បាន​ផ្សាយ​ ។

ដោយ​ឡើង​​​ជណ្តើរ​យន្ត ​ទៅដំបូលអគារ នោះ ចន និង មិត្ត​គាត់បាន​ដើរ​តាម​ផ្លូវ​តូច​ចង្អៀត​មួយ ដែល​នាំ​ទៅ​ដល់​ដំបូល ហើយ​បាន​ចាប់​ផ្តើម​ជជែក​គ្នា ។ ដោយ​សារ​វា​ចេះតែយប់​ទៅៗ នោះ​អាកាស​ធាតុ​បាន​ប្រែប្រួល ។ ​ភាព​អ៊ូអរ, សម្លេង​តន្ត្រីកាន់​តែ​ឮ​ ហើយ​ការ​ផឹក​ស្រា​កាន់តែច្រើន​ ហើយ​ ចន ក៏​មិន​ស្រណុក​ខ្លួនដែរ ។ រំពេច​នោះ មាន​​​ម្នាក់​បាន​ចាប់​ផ្តើម​រៀប​ចំ​និស្សិត​នោះ​ ជា​រង្វង់​ធំ​មួយក្នុង​គោល​បំណងចែកកញ្ឆា គ្នា​ជក់ ។ ចន បាន​ជ្រួញ​មុខ ហើយ​ប្រញាប់​ប្រាប់​មិត្ត​ទាំង​ពីរ​របស់​គាត់ថា ដល់​ពេល​យើង​ត្រូវ​ទៅ​ហើយ ។ វា​ដូច​ជា​ការ​សើច​ចំអក នោះ​មិត្ត​ម្នាក់បាន​តប​ថា « ចន មិន​អី​​ទេ —យើង​គ្រាន់​តែ​ឈរនៅ​ក្នុង​រង្វង់ ហើយ​ពេល​ដល់​វេន​យើង នោះ​យើង​គ្រាន់​តែ​​ហុចវា​ត​ទៀត ដោយ​មិន​ជក់​វា​ឡើយ ។ ធ្វើ​បែប​នេះ​ យើង​នឹងមិន​​អៀន​ខ្មាស់ចំពោះ​មុខ​មនុស្សគ្រប់គ្នា ដោយ​ការ​​ចេញ​ទៅ ។ វា​ហាក់​ដូច​ជា​ស្រួលចំពោះ​ ចន តែវា​ដូច​ជា​មិនត្រឹម​ត្រូវ​ទេ ។ គាត់បាន​ដឹង​ថា គាត់​ត្រូវ​តែ​ប្រាប់​ពី​គោល​បំណង​គាត់ ហើយ​ធ្វើ​វា ។ មួយ​ស្របក់​មក គាត់​បាន​​ផ្តុំ​ភាព​ក្លាហាន​គាត់ ហើយប្រាប់​មិត្ត​គាត់​ថា ពួកគេ​អាច​ធ្វើ​តាម​ចិត្ត​ចុះ ហើយគាត់​បាន​ដើរ​ចេញ​ទៅ ។ មិត្ត​គាត់​ម្នាក់​សម្រេច​ចិត្ត​​នៅ ហើយចូល​រួម​ក្នុង​រង្វង់​នោះ មាន​ម្នាក់​​ទៀត​ស្ទាក់​ស្ទើរ​ដើរ​តាម ចន ចុះ​ជណ្តើរ ដើម្បី​ឡើង​ជិះ​ជណ្តើរ​យន្ត ។ នៅ​ពេល​ទ្វារ​ជណ្តើរ​យន្ត​​បើក ពួកគេមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​ប៉ូលីស​ជប៉ុន​បាន​រត់​ចេញ​មក ហើយ​ប្រញាប់​ឡើង​ជណ្តើរទៅ​លើ​ដំបូល ។ ចន និង មិត្ត​របស់​គាត់​បាន​ឡើង​ជិះ​ជណ្តើរ​យន្ត ហើយ​ចេញ​ទៅ ។ ​ ​

ពេល​ប៉ូលីសបាន​ទៅដល់ កំពូល​ជណ្តើរ នោះ​និស្សិតបាន​គ្រវែញថ្នាំ​ញៀន​នោះ ចេញ​ពី​ដំបូល ដូច​នេះ ពួកគេ​នឹង​មិន​ត្រូវ​បាន​ចាប់​ខ្លួនឡើយ​ ។ ​ទោះ​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ចាក់​សោទ្វារជណ្តើររួច ប៉ូលីស​បាន​ឲ្យ​និសិ្ស​ត​តម្រង់​ជួរលើ​ដំបូលនោះ ហើយ​ឲ្យ​ពួកគេ​លើក​ដៃឡើង​លើ ។ បន្ទាប់​មក​ប៉ូលីស បានដើរ ហិតមេដៃ និង ដៃ​ចង្អុលរបស់​និសិ្សត​ម្នាក់ៗ​នៅ​ក្នុង​ជួរដោយ​យក​ចិត្ត​ទុក​ដាក់​ ។ និសិ្សត​ណា​ដែល​បាន​កាន់កញ្ឆា​នោះ ទោះ​ជា​ ​ជក់ ឬ មិន​ជក់​ក៏ដោយ ត្រូវបាន​ចាត់​ទុក​ថា មាន​ទោស ហើយមាន​ផល​វិបាក​ធ្ងន់​ធ្ងរ ។ និស្សិត​ទាំងអស់​ដែល​នៅ​ដំបូល​ទាំង​ប៉ុន្មាន ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាកលវិទ្យាល័យ​របស់​គេ និង អ្នក​ដែល​ប្រើ​ថ្នាំ​ញៀន​ ត្រូវ​បាន​កាត់​ទោស​ជា​បទ​ឧក្រិដ្ឋ ហើយបណ្តេញ​ចេញ​ពី​ប្រទេស​ជប៉ុន ។ ក្តី​សុបិននៃ​ការ​សិក្សា ការ​រៀប​ចំ​ជា​ច្រើន​ឆ្នាំ និង ឱកាស​មាន​ការងារ​នា​ពេល​អនាគតនៅ​ប្រទេស ជប៉ុន ត្រូវ​បាន​រលាយ​សាប​សូន្យ ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក ។

ឥឡូវ​ ខ្ញុំ​សូម​ប្រាប់​អ្នក​ពី​ អ្វី​ដែល​បាន​កើត​ឡើង​ដល់​មិត្ត​ទាំងបី​នាក់​នោះ ។ មិត្ត​ម្នាក់​ដែល​នៅ​លើ​ដំបូល​នោះ ត្រូវ​បាន​បណ្តេញ​ចេញពីសាកល​វិទ្យាល័យ​ប្រទេស ជប៉ុន ដែល​គាត់​បានខិត​ខំ​រៀន​យ៉ាង​ខ្លាំង​ដើម្បី​គេ​ទទួល​ឲ្យ​ទៅ​រៀន ហើយ​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ មិត្តម្នាក់​ដែល​ចេញ​ពី​ពិធី​ជប់​លៀងនៅ​យប់​នោះ​ជា​មួយ​ ចន បាន​បញ្ចប់​ការ​សិក្សា​នៅ ជប៉ុន ហើយបន្ត​​រៀន​យក​សញ្ញា​ប័ត្រពី សាកលវិទ្យាល័យពីរ​ ដែលឈានមុន​គេ​នៅ​សហរដ្ឋ ។ ​គាត់​បាន​ត្រឡប់​មក​ធ្វើ​ការ​នៅ​ទ្វីប​អាស៊ីវិញ ដែល​គាត់​រីករាយ​ជា​ខ្លាំង ជាមួយ​នឹងជំនាញ​ដ៏ជោគ​ជ័យ ។ គាត់​នៅ​តែ​មាន​អំណរ​គុណចំពោះគំរូ​នៃ​ភាព​ក្លាហាន​របស់​​ ចន រហូត​មកដល់​ថ្ងៃ​នេះ ។ សម្រាប់​ ចន មាន​ពរជ័យ​ដ៏​ ​រាប់​មិន​អស់ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​គាត់ ។ កាល​​គាត់​នៅ​ជប៉ុន ពេល​នោះ បាន​នាំ​ឲ្យ​គាត់​ឈោង​ទៅ​ដល់ អាពាហ៏​ពិពាហ៍រីក​រាយ​មួយ ហើយ​បន្ទាប់​មក​ មាន​កូន​ប្រុស​ពីរនាក់​​ ។​ គាត់​បាន​ក្លាយ​ជា​ពាណិជ្ជករ​ដ៏​ជោគ​ជ័យ​មួយ​រូប ហើយ​ថ្មីៗ​នេះ​បាន​ក្លាយ​ជា​សាស្ត្រាចារ្យមួយរូប នៅ​ក្នុង​សាកល​វិទ្យាល័យ​ជប៉ុន ។ សូម​គិត​ស្រម៉ៃពី ភាពផ្ទុយ​គ្នា​នៃ​ជីវិត​គាត់ បើ​គាត់​គ្មាន​ភាព​ក្លាហាន​ដើម្បី​ចេញ​ពី ពិធី​ជប់​លៀងនៅ​ល្ងាច​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទេ​នោះ ។ 3

យុវជនអើយ ! នឹង​មាន​គ្រា​​ដែល​អ្នក​នឹង​ប្រឈម​មុខ​ដូច​ជា​ ចន ដែល​នឹង​ត្រូវ​បង្ហាញពី​ភាព​ក្លាហាន​សុចរិត​អ្នក ខណៈដែល​ពួកគេ​កំពុង​មើល​អ្នក ហើយ​លទ្ធផល​នោះ​អាច​ជាការ​សើច​ចំអក និង អៀន​ខ្មាស់ ។ ជាង​នេះ​ទៀត នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃនេះ ការ​ល្បួង​ដែល​ប្រឈម​មុខ អាច​មាន​នៅ​ពេលដែលអ្នក​​នៅ​ពី​មុខ​គ្រឿង​បច្ចេក​វិទ្យាតែ​ម្នាក់​ឯងនោះ ។ បចេ្ចក​វិទ្យាដែល​មាន​សារៈ​ប្រយោជន៍ដ៏​ច្រើន​​ក៏​អាច​នាំបញ្ហា​ដែលមនុស្ស​ជំនាន់​មុន​មិន​ដែល​ជួបប្រទះ​ ។ កា​រ​ស្ទង់មតិ​​ថ្នាក់​ជាតិ​ថ្មីៗមួយ បាន​ឃើញ​ថា យុវវ័យ​បច្ចុប្បន្ននេះ គឺមិន​គ្រាន់តែ​ត្រូវ​បាន​ល្បួងរាល់​ថ្ងៃអំពី​កម្រិត​​នៃ​ការ​សិក្សា​នៅ​ ​សាលារៀន​​ប៉ុណ្ណោះទេ ថែម​ទាំងព្រួ​យ​បារម្ភ​ចំពោះ​ការ​ ​ប្រើ​អ៊ិន​ធើរ​ណែត​ផង​ដែរ ។ វា​បាន​បង្ហាញ​ថា យុវវ័យ​ដែល​ឃើញ​រូប​ភាព​នៃការ​ប្រើ​ គ្រឿង​ស្រវឹង និង គ្រឿង​ញាណ តាម​បណ្តាញ​គេហទំព័រ​សង្គម បាន​តែ​បី​ទៅ​បួន​ដង នឹង​មាន​បំណង​ដើម្បី​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ឬ គ្រឿង​ញៀន​នោះ​ហើយ ។ អតីត​លេខា​ព្រឹទ្ធ​សភា បាន​មាន​យោបល់​អំពី​ការ​ស្ទង់​មតិ​នោះ​ថា ៖ « ការ ​ស្ទង់មតិ​ឆ្នាំ​នេះ​ បានបង្ហាញពីការបង្ខំពី​មិត្តភក្តិ​ ដ៏​មាន​ឥទ្ធិពល​ថ្មី​​មួយ—គឺការ​បង្ខំ​តាម​កុំព្យូទ័រ ។ ការ​បង្ខំ​តាម​​កុំព្យូទ័រនេះ​ជា​អ្វី​មួយ​ដែល​ហួស​ពី​មិត្តភាព​របស់​កុមារ និង ក្មេង​ដែល​គេ​មាន​ជាមួយ​គ្នា​នោះ ។ វា​លុក​លុយ​ទៅ​ក្នុង​គេហដ្ឋាន និង បន្ទប់​គេង​របស់​កូនៗ​តាម​រយៈ អ៊ិន​ធើរ​ណែត » ។ 4 ជា​ញយៗ ​ការ​​បង្ហាញ​ពីភាព​ក្លា​ហាន​សុចរិត នោះគឺភាព​ឆ្លាត​វៃ​ដើម្បី​​ ​ចុច ឬ មិន​ចុចបូតុង​កុំ​ព្យូទ័រតែ​ប៉ុណ្ណោះ ។ អ្នក​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​បង្រៀន​ចេញ​ពី ប្រកាស​ដំណឹង​ល្អ​របស់​យើង ថា « អ្វី​ដែល​អ្នក​ជ្រើសរើស​ដើម្បីគិត និង ធ្វើ ពេល​ដែល​អ្នក​នៅ​តែម្នាក់​ឯង ហើយ​អ្នក​ជឿថា​គ្មាន​​នរណា​ម្នាក់កំពុង​​មើល​មកទេ ​នោះគឺ​ជា​រង្វាល់​ដ៏​ធំនៃ​គុណ​ធម៌​របស់​អ្នក » ។ 5 ចូរ​ក្លាហាន​ឡើង ! ចូរ​រឹង​ប៉ឹងចុះ ! ចូរ​ឈរ​នៅទី​បរិសុទ្ធ ហើយ​នៅ​នឹងនរ ។6

យុវជន​អើយ ! ខ្ញុំសូម​សន្យាថា ព្រះ​អម្ចាស់​នឹង​ប្រទាន​កម្លាំង​ដល់​អ្នក ។ « ត្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺឲ្យមាន​​វិញ្ញាណដ៏​មាន​អំណាច​វិញ » ។ 7 ​ ទ្រង់​នឹងប្រទានរង្វាន់​ឲ្យ​អ្នក​ចំពោះ​ភាព​ក្លា​ហាន និង អកប្បកិរិយាសុចរិតរបស់​អ្នក—ឲ្យមាន​សុភមង្គល​ និង រីករាយ ។ ភាព​ក្លាហាន​បែប​នេះ នឹង​ក្លាយជាលទ្ធផល​នៃជំនឿ​របស់​អ្នកលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង ដង្វាយ​ធួន​ទ្រង់, ការ​អធិស្ឋាន និង ការ​គោរពប្រតិបត្តិ​ព្រះ​បញ្ញាត្តិរបស់​អ្នក ។

ប្រធាន អ៊ិន  អែលដុន ថែនើរ បាន​ថ្លែងថា ៖ « ក្មេង​ប្រុស​ម្នាក់ដែល​នៅ​សិក្សា អាចទទួល​ឥទ្ធិពល​នៃ​សេចក្តី​ល្អ ។ ក្មេង​ម្នាក់​ទៀត​ដែល​នៅ​ក្នុង​ក្រុម​បាល់​ឱប ឬ នៅ​សាលា​រៀន​ ឬ ក្នុង​ចំណោម​អ្នក​ធ្វើការ​​ជាមួយ​គ្នា អាច​គោរពបព្វជិតភាព​​គាត់​ដោយ​រស់​នៅ​តាម​ដំណឹង​ល្អ ហើយ​ការពារ សិទ្ធិ, ធ្វើ​អ្វី​ៗ​ដែល​ល្អ ។ ជា​ញឹក​ញាប់ អ្នកនឹង​​មាន​ការ​រិះ​គន់ និង ​ការ​សើច​ចំអក​​ច្រើន ដោយ​​អ្នក​ដែល​មាន​ជំនឿ​ដូច​គ្នា ។​ ទោះ​ជា​យ៉ាង​ណា ពួកគេ​នឹង​គោរ​ព​អ្នក ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​ត្រូវ ។ តែ​សូម​ចាំថា ព្រះ​សង្គ្រោះ​ទ្រង់​ផ្ទាល់ ត្រូវបាន​រង​ទុក្ខ, សើច​ចំអក, វាយ​ធ្វើ​បាប ហើយ​ទី​បំផុត​ត្រូវ​ឆ្គាង​ដោយ​សារ ទ្រង់​មិន​បន្ទន់​សេចក្តី​ជំនឿ​ទ្រង់ទេ ។ តើ​អ្នក​ធ្លាប់​គិត​ពី​អ្វី​ដែល បាន​កើត​ឡើង​បើសិន​ទ្រង់ ទន់​ខ្សោយ ហើយ​មាន​បន្ទូលថា ៖ អូ៎ ! តើ​មាន​អ្វី​ខ្លះ​ដែល​នឹង​ផ្លាស់​ប្តូរទៅហើយ​បោះ​បង់​បេសកកម្ម​ទ្រង់​នោះ ? តើ​យើង​ចង់​ធ្វើ​ជា​អ្នក​ចាញ់ ឬ ជា​អ្នក​បម្រើ​ដ៏​អង់​អាច សូម្បី​តែ​មាន​ភាព​ផ្ទុយ​គ្នា និង អំពើ​អាក្រក់​លើ​ពិភព​លោក​នេះ ? ចូរ​យើងមាន​ចិត្ត​ក្លាហាន​ឡើង ដើម្បី​ឈរ ហើយ​ត្រូវ​បាន​រាប់​ជា​អ្នក​ដើរ​តាមព្រះ​គ្រីស្ទ ​ដ៏​ពិត ស្មោះត្រង់ » ។ 8

ខ្ញុំសូម​​អញ្ជើញឲ្យអ្នក​រៀប​ចំ​ខ្លួន​ឲ្យ​សក្តិសម គឺ​ដូចទ័ព​កំលោះ 2000នាក់ ដោយមាន​ភាព​អង់​អាច​ក្លាហាន​ក្នុង​នាម​ជា​អ្នក​កាន់​បព្វ​ជិត​ភាពសក្តិសម ។ ចូរ​ចាំថា អ្វី​ដែល​អ្នកធ្វើ កន្លែង​ដែល​អ្នក​ទៅ និង អ្វី​ដែល​អ្នក​ឃើញ នឹងកំណត់​អ្នកថា​អ្នក​ជាមនុស្សបែបណា ។ តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​បែបណា ? សូម​ក្លាយ​ជា ឌីកុន​, គ្រូ, សង្ឃ ម្នាក់​ដែល​សក្តិ​សម ។ សូម​ដាក់​គោល​ដៅ ដើម្បី​សក្តិសមចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​នាពេលនេះ និង មានភាពសក្ដិសម​នឹង​​ទទួលបាន​ការ​តែង​តាំង​បន្ទាប់​នៅ​ពេល​អាយុ​សមរម្យ ហើយ​ទី​បំផុត ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ នេះ​គឺ​ជា​ផ្លូវ​នៃ​សេចក្ដី​សុចរិត ដែល​អញ្ជើញ​​ឲ្យ​មាន​ជំនួយ​ពី​ព្រះ ។ ព្រះអម្ចាស់​បាន​ថ្លែង​ថា « នៅ​ក្នុងពិធី​បរិសុទ្ធ​ទាំងឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ » ។ 9

ឪពុកម្ដាយ អ្នកដឹកនាំ​បព្វជិតភាព និង អាទិភាព​របស់ព្យាការី​​មាន​ក្នុងកូនសៀវភៅ កាតព្វកិច្ចចំពោះព្រះ និង ដើម្បី​កម្លាំង​នៃ​យុវជន នឹង​ដឹកនាំ​អ្នក​នៅ​តាម​ផ្លូវ​ ។

ថ្មីៗ​នេះ ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​ទូន្មាន​ថា ៖

« ដើម្បី​ធ្វើ​ [ ការ​សម្រេចចិត្ត ] ​ឆ្លាត​វៃ គឺ​តម្រូវ​ឲ្យ​មាន​សេចក្តី​ក្លាហាន—ក្លាហាន​ដើម្បី​និយាយថា ទេ, ក្លាហានដើម្បី​និយាយថា មែន... ។

« ខ្ញុំ​សូម អង្វរអ្នក​ឲ្យ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ត្រឹម​ត្រូវ... ពេលនេះ គឺ​មិន​ត្រូវ​ងាក​ចេញ​ពីផ្លូវ​ដែល​ឆ្ពោះ​ទៅ​រកគោល​ដៅ​របស់​យើងនោះទេ ៖ គឺ​ជីវិត​អស់​កល្ប​ជានិច្ច ជាមួយព្រះបិតាសួគ៌​យើង » ។ 10

ក៏​ដូច​ជាទ័ព​កំលោះ 2000 នាក់ បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ឲ្យ​ធ្វើ​សង្គ្រាម ពី​អ្នក​ដឹកនាំ​គេ គឺ ហេលេមិន ហើយ​ឲ្យ​គេ​មាន​​ភាព​អង់​អាច​ក្លាហាន​យ៉ាង​ណា នោះអ្នក​ក៏​នឹង​អាច​ធ្វើ​ដូច​គ្នា​បាន​ផង​ដែរ ដោយការធ្វើ​តាម​​ព្យាការី​ដែលជា​អ្នក​ដឹកនាំ​អ្នក គឺ លោក​ប្រធាន ថូម៉ាស  អេស ម៉នសុន។

អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេងខ្ញុំ​អើយ ! ជា​ចុង​បញ្ចប់​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៃ​ព្រះ​ជា​ព្រះ​បិតា និង ព្រះ​យេស៊ូវ​គ្រីស្ទ និង ប្រសាសន៍​របស់​ យ៉ូសែប ស្ម៊ីធថា ៖ « បង​ប្អូន​អើយ ! តើ​យើង​នឹង​មិន​ទៅ​មុខ ដោយសារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ ហើយ​ចូរ​ទៅ ចូរទៅ ទៅ​រក​ជ័យ​ជំនះ ! » ។ 11 នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. អាលម៉ា 53:20 ។

  2. ម៉ូសាយ 18:9 ។

  3. ដំណើរ​រឿង​ផ្ទាល់​ខ្លួន​ដែល​បាន​ប្រាប់​ដល់​អ្នក​និពន្ធ ។

  4. យ៉ូសែប  អេ. កាលីហ្វាណូ, ជុញ្ញ័រ អ្នក​និពន្ធ និង នាយកនៃ មជ្ឈមណ្ឌល​ប្រឆាំង​គ្រឿង​ញៀន និង សារធាតុ​ដែល​រំលោភបំពាន នៅ​សាកលវិទ្យាល័យកូឡុំបៀ នៅ​ក្នុង​កាសែត​ចេញ​ផ្សាយ​ទាក់​ទិន​នឹង​ការ​ស្រាវជ្រាវគេហទំព័រ casacolumbia.org ។

  5. ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវ​ភៅ​ណែនាំការ​បម្រើកិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា ​ ( ឆ្នាំ 2004 ) ទំព័រ 121 ។

  6. គោលលទ្ធិ និង សេចក្ដី​សញ្ញា 87:8 ។

  7. ធីម៉ូថេទី  2 1:7 ។

  8. អ៊ិន  អែលតុន ថែនើរ “For They Loved the Praise of Men More Than the Praise of God,” Ensign ខែ វិច្ឆិកា ឆ្នាំ 1975 ទំព័រ 74–75 ។

  9. គោលលទ្ធិ និង សេចក្តី​សញ្ញា 84:20 ។

  10. ថូម៉ាស  អេស. ម៉នសុន « ជម្រើស​ទាំងបីនៃ​អក្សរ ក » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 68 ។

  11. គោលលទ្ធិ និង សេចក្តី​សញ្ញា 128:22 ។