ឆ្នាំ ២០១០-២០១៩
ការពារកុមារតូចៗ
តុលា 2012


16:34

ការពារកុមារតូចៗ

ពុំ​គួរ​មាននរណាម្នាក់​រឹងទទឹង​នឹង​ពាក្យអង្វរ​ ដែល​យើងរួមបញ្ចូល ដើម្បី​ខ្វល់ខ្វាយច្រើន​ចំពោះ សុខុមាលភាព និង អនាគត​នៃ​កូនចៅ​របស់យើង-- ដែលជា​ជំនាន់​កំពុង​ពេញវ័យទេ ។

យើងទាំងអស់​គ្នា​អាចចាំអំពីអារម្មណ៍យើង ពេល​ដែល​កុមារតូច​ម្នាក់​យំ ហើយ​មក​រកយើង​ឲ្យ​ជួយ ។ ព្រះបិតាសួគ៌​ជាទីស្រឡាញ់ ប្រទាន​អារម្មណ៍ទាំងនោះ​ដល់​យើង ដើម្បី​បំផុសយើង​ឲ្យជួយ​ដល់​កូនចៅ​ទ្រង់ ។ សូម​នឹកចាំពីអារម្មណ៍​ទាំងនោះ ពេល​ខ្ញុំ​និយាយ​អំពី​ការទទួលខុសត្រូវ​របស់យើង ដើម្បី​ការពារ និង​ ធ្វើ​សកម្មភាពដើម្បីសុខុមាលភាព​កូនតូច​ៗ ។​

ខ្ញុំ​និយាយ​ចេញមកពី​ទស្សនៈ​នៃដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ រួមទាំង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ទ្រង់ ។ នោះ​ជា​ការហៅ​របស់ខ្ញុំ ។ អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​មានការទទួលខុសត្រូវ ចំពោះ​តំបន់​ភូមិសាស្ត្រ​មួយ ដូចជា វួដ ឬ​ស្ដេក ប៉ុន្តែ​សាវក​ម្នាក់ មានការទទួលខុសត្រូវ​ធ្វើជាសាក្សី​ចំពោះ​ពិភពលោកទាំងមូល ។ នៅគ្រប់​ជាតិសាសន៍ អំបូរ និង សាសនា កូនតូចៗទាំងអស់ គឺ​ជា​កូនចៅ​នៃ​ព្រះ ។

ទោះ​ជា​ខ្ញុំ​ពុំ​និយាយ​ជា​ពាក្យ​ខាង​នយោបាយ ឬ​ជាគោលនយោបាយ​ជា​សាធារណៈ​ក្ដី ខ្ញុំ​ក៏ដូចជា​អ្នកដឹក​នាំ​សាសនាចក្រ​ដទៃទៀត​ដែរ យើង​ពុំ​អាច​និយាយអំពី​សុខុមាលភាព​នៃ​កូនៗ ដោយ​គ្មាន​ការ​ពិភាក្សា​អំពី​ជម្រើស​ដែល​ពលរដ្ឋ មន្ត្រី​សាធារណៈ និង អ្នកធ្វើ​ការ​ក្នុង​អង្គការ​ឯកជន​ធ្វើ​នោះទេ ។ យើង​ទាំង​អស់​​គ្នា​ស្ថិត​ក្រោម​បញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ស្រឡាញ់ និង មើលថែ​គ្នាទៅវិញ​ទៅមក ហើយ​ជាពិសេស​ចំពោះអ្នកទន់ខ្សោយ និង អ្នក​គ្មាន​ទីពឹង ។

កុមារតូចៗ គឺទន់ខ្សោយណាស់ ។ ពួកគេ​មានថាមពល​តិច ឬ គ្មានអំណាច​ការពារ ឬ ផ្គត់ផ្គង់​ខ្លួន​ឯងទេ ហើយ​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​អ្វី​ៗជាច្រើន​ដែល​មាន​តម្លៃ​ចំពោះ​សុខុមាលភាព​របស់ពួកគេ ។ កុមារតូចៗ ត្រូវ​ការ​អ្នក​ផ្សេង​និយាយជំនួសពួកគេ ហើយ​ពួកគេ​ត្រូវ​ការ​អ្នកធ្វើ​ការសម្រេចចិត្ត ដែល​ដាក់​សុខុមាលភាព​របស់ពួកគេ​មុន​ចំណាប់អារម្មណ៍​មនុស្សពេញវ័យ​ដែល​អត្មា​និយម ។

I.

នៅទូទាំងពិភពលោក យើង​រន្ធត់​ដែល​កុមារតូចៗ​រាប់លាននាក់​ ត្រូវ​រងគ្រោះ​ដោយ​អំពើ​ឧក្រិដ្ឋកម្ម​របស់​មនុស្ស​ពេញ​វ័យ​អាក្រក់ និង អត្មានិយម ។

នៅក្នុង​ប្រទេស​ដែលមាន​សង្គ្រាម​មួយចំនួន កុមារតូចៗ ត្រូវ​គេ​ចាប់​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ជា​ទាហាន នៅ​ក្នុង​ទ័ព​ប្រយុទ្ធ ។

អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ប៉ាន់​ប្រមាណ​ថា មាន​កុមារ​ជាង​ពីរលាន​នាក់ ត្រូវ​រងគ្រោះ​រាល់ឆ្នាំ ដោយ​សារ​ពេស្យាចារ និង រូបអាសគ្រាម ។ 1

ចេញមកពីទស្សនៈ​នៃ​ផែនការ​នៃសេចក្ដីសង្គ្រោះ អំពើរំលោភបំពាន​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ​ទៅលើ​កុមារ គឺ​ការ​បដិសេធ​កំណើត​ពួកគេ ។ នេះ​គឺ​ជាការនិយម​ទូទាំងពិភពលោក ។ អត្រា​កំណើត​ជាតិសាសន៏​នៅ​​ក្នុង​សហរដ្ឋ​អាមេរិក គឺ​មាន​អត្រា​ទាបបំផុត​ក្នុង​រយៈពេល 25 ឆ្នាំ 2 ហើយ​អត្រា​កំណើត​នៅ​អឺរ៉ុប និង អាស៊ី ស្ថិត​នៅ​ក្រោម​កម្រិត​ជំនួស​អស់រយៈពេល​ជាច្រើនឆ្នាំ​ហើយ ។ នេះ​ពុំ​មែន​គ្រាន់តែ​ជា​បញ្ហា​ខាង​សាសនាទេ ។ នៅពេលចំនួន​មនុស្ស​ជំនាន់ធំពេញវ័យថយចុះ នោះ​វប្បធម៌ និង ជាតិសាសន៍ ត្រូវ​ធ្លាក់ចុះ​ទន់ខ្សោយ ហើយ​នឹង​បាត់រូបរាង​នៅទីបំផុត ។

មូលហេតុ​មួយ​នៃ​ការ​ធ្លាក់​ចុះ​អត្រាកំណើត គឺ​​ការធ្វើអំពើពន្លូតកូន ។ នៅទូទាំងពិភពលោក តាម​ ការ​ប៉ាន់ស្មាន គឺ​មាន​ការ​ពន្លូត​កូន​ច្រើន​ជាង 40 លាន​ក្នុង​មួយឆ្នាំ ។ 3 មានច្បាប់​ជាច្រើន​បាន​អនុញ្ញាត ឬ លើកកម្ពស់​ឲ្យ​មាន​ការ​ពន្លូតកូន ប៉ុន្តែ​ចំពោះ​យើង នេះ​គឺ​ជា​រឿង​ដ៏អាក្រក់​មួយ ។ ការរំលោភ​បំពាន​លើ​កុមារ​មួយទៀត ដែល​កើត​ឡើងអំឡុងពេល​មាន​ផ្ទៃពោះ គឺកូនក្នុងផ្ទៃ​ពុំលូតលាស់គ្រប់គ្រាន់ ដែល​លទ្ធផល​កើតមកពី​ម្ដាយ​ខ្វះ​ជីវជាតិ ឬ ប្រើថ្នាំ ។

វាជា​ការចំអក​ដ៏អាក្រក់​មួយ ចំពោះ​កុមារដ៏ច្រើន​ ដែលគេ​បាន​ទម្លាក់ចោល ឬ អន្តរាយ​មុន​ពេល​កើត ខណៈ​ដែល​គូស្វាមីភរិយា​ជាច្រើន​ ដែលពុំ​អាច​មាន​កូន ចង់បាន និង ស្វែងរក​កុមារតូចៗ​ទៅ​ចិញ្ចឹម ។​

ការរំលោភបំពាន​ដល់​កុមារភាព ឬ ការ​ប្រមាថ​ដល់​កុមារតូចៗ កើត​មានបន្ទាប់ពី​កំណើត គឺ​អាច​មើល​ឃើញ​ជា​សាធារណៈ​ច្រើនជាង ។ នៅទូទាំងពិភពលោក កុមារ​ជិត​ប្រាំបីលាន​នាក់ បាន​ស្លាប់​​មុនពេល​អាយុប្រាំឆ្នាំ ដោយ​សារ​ជម្ងឺដែល​​ភាគច្រើន​អាច​ព្យាបាល និង ការពារបាន ។ 4 ហើយ​អង្គការ​សុខភាព​ពិភពលោក បាន​រាយការណ៍​ថា ក្នុង​ចំណោម​កុមារ​បួននាក់ មាន​កុមារ​ម្នាក់​ពុំ​លូតលាស់​រឹងមាំ ទាំងខាង​សតិអារម្មណ៍ និង ខាង​រាងកាយ ដោយ​សារ​តែ​ខ្វះជីវជាតិ ។ 5 យើង​ជាអ្នកដឹកនាំ​សាសនាចក្រ​បាន​មើល​ឃើញ​រឿងនេះ​ជាច្រើន ពេល​រស់នៅ និង ធ្វើ​ដំណើរ​ជាអន្តរ​ជាតិ ។ គណៈ​ប្រធាន​អង្គការ​បឋមិសក្សា​ទូទៅ បាន​រាយការណ៍​អំពីស្ថានភាព​រស់នៅ​របស់​កុមារ គឺ « ហួស​ពី​ការ​នឹកគិត​របស់​យើង » ។ មាន​ម្ដាយ​ម្នាក់នៅ​ប្រទេស ហ្វីលីពីន បាន​និយាយ​ថា ៖ « ពេល​ខ្លះ យើង​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់ទិញ​អាហារ​ទេ ប៉ុន្តែ​វា​មិនអីទេ ព្រោះ​វា​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បង្រៀន​កូនៗ​អំពី​សេចក្ដីជំនឿ ។ យើង​បាន​ជួបជុំគ្នា ហើយ​អធិស្ឋាន​សុំ​ជំនួយ ហើយ​កូនៗ​បាន​មើលឃើញ​ព្រះអម្ចាស់​ប្រទានពរ​ដល់យើង » ។ 6 នៅ​អាហ្វ្រិក​ខាង​ត្បូង អ្នក​ធ្វើ​ការ​អង្គការកុមារ បានជួប​នឹង​ក្មេងស្រី​តូច​ ឯកកោ និង ទុក្ខព្រួយ​ម្នាក់ ។ ​ក្នុង​ចម្លើយ​ចំពោះ​សំណួរ​គួរ​ឲ្យ​ស្រឡាញ់ នាង​បាន​និយាយ​ថា នាង​គ្មាន​ម្ដាយ គ្មានឪពុក គ្មាន​យាយ-- មានតែ​ជីតា​មើល​ថែនាង ។ 7 សោកនាដកម្មដូច្នេះ គឺ​មានជាទូទៅ​នៅ​លើ​ទ្វីបមួយ ដែល​អ្នក​មើល​ថែ​ជាច្រើន​បាន​ស្លាប់​ដោយ​ជម្ងឺ​អេដស៍ ។

ទោះ​ជា​នៅ​ក្នុង​ជាតិសាសន៍​ដែល​សប្បូរសប្បាយ ក៏​កុមារតូចៗ និង យុវវ័យ ត្រូវ​រងគ្រោះ​ពេល​ពួកគេ​ពុំ​ទទួល​បាន​ការ​មើល​ថែ​ដិតដល់ ។ កុមារ​ដែលធំឡើង​នៅ​ក្នុងភាពក្រីក្រ ទទួល​បាន​ការ​ថែទាំសុខភាពទាប និង ពុំ​មាន​ឱកាស​សិក្សា​គ្រប់គ្រាន់ ។ ពួកគេ​ក៏​ប្រឈម​នឹង​បរិដ្ឋាន​គ្រោះ​ថ្នាក់ ទាំង​ខាង​សុខភាព និង វប្បធម៌ជុំវិញ​ ព្រមទាំងការធ្វេសប្រហែល​របស់ឪពុកម្ដាយ​ផង ។ អែលឌើរ Jeffrey R. Holland ថ្មីៗ​នេះ​បាន​ចែកចាយ​បទពិសោធន៍​អំពី​មន្ត្រីប៉ូលីស​ LDS ម្នាក់ ។ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ គាត់​បាន​ឃើញ​កុមារ​តូចៗ​ប្រាំ​នាក់ នៅ​ផ្ដុំគ្នា​ព្យាយាម​ដេក​លើ​កំរាលឥដ្ឋ​ដ៏​កខ្វក់​ ដែលផ្ទះ​​គ្មាន​គ្រែដេកទេ ហើយ​ម្ដាយ និង អ្នកផ្សេងទៀត កំពុង​ស៊ីផឹកជប់លៀង ។ ក្នុងផ្ទះ​គ្មាន​អាហារ​ដើម្បី​បរិភោគ​បំបាត់​ឃ្លាន​ទេ ។ បន្ទាប់ពី​ដាក់កុមារតូចៗ​ឲ្យ​គេង​លើ​គ្រែជា​បណ្ដោះអាសន្នមក មន្ត្រី​ម្នាក់នោះ​បាន​លុតជង្គង់ចុះអធិស្ឋាន​សុំ​ការការពារ​ដល់ពួកគេ ។ នៅពេល​ដើរ​ទៅ​​ទ្វារ មាន​កុមារ​ម្នាក់​អាយុ​ប្រហែល​ជា ប្រាំមួយឆ្នាំ បាន​រត់មកចាប់ដៃគាត់ ហើយ​អង្វរថា « តើ​លោក​យក​ខ្ញុំ​ទៅ​ចិញ្ចឹម​បាន​ទេ ? » 8

ខ្ញុំ​ចាំ​ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ​របស់​យើង នៅពេល​ទ្រង់​ដាក់​កុមារតូចៗ នៅ​ខាង​មុខ​អ្នកដើរ​តាម​ទ្រង់ ហើយ​ប្រកាស​ថា ៖

« អ្នកណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ ។

« ប៉ុន្តែ​បើ​អ្នកណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាតចិត្ត​ចេញ​នោះ ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​ចងក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជាជាង » (ម៉ាថាយ 18:5–6 ) ។

នៅ​ពេល​យើង​គិត​អំពី​គ្រោះ​ថ្នាក់ ដែល​កុមារ​គួរ​តែ​ត្រូវ​បានការពារ នោះ​យើង​ក៏​គួរ​តែរួម​បញ្ចូល​ទាំង ​ការ​រំលោភបំពាន​ខាង​ចិត្តវិទ្យាផងដែរ ។ ឪពុកម្ដាយ ឬ អ្នក​មើលថែដទៃទៀត ឬ គ្រូបង្រៀន ឬ​មិត្តភក្ដិ ដែលបន្ទាបបន្ថោក ​សម្លុត ឬ បង្អាប់​​កុមារតូចៗ ឬ យុវវ័យ អាច​ធ្វើ​ឲ្យ​រងរបួស​ស្នាមយូរអង្វែងជាង ​ការ​របួស​ខាង​រាងកាយ ។ ការ​ធ្វើ​ឲ្យ​កុមារ ឬ យុវវ័យ​មាន​អារម្មណ៍​ពុំ​មាន​តម្លៃ គ្មានក្ដីស្រឡាញ់ ឬ ពុំ​សំខាន់ អាច​ធ្វើ​ឲ្យ​របួសស្នាម​ធ្ងន់ធ្ងរ និង យូរអង្វែង​ចំពោះ​សុខុមាលភាព និង​ការ​លូតលាស់​​ខាង​សតិ​អារម្មណ៍​របស់​ពួកគេ ។ 9 មនុស្សវ័យក្មេងកំពុង​ពុះពារ​នឹង​ស្ថានភាព​ខុសប្រក្រតី​នានា រួមមានទាំង​ ការ​ស្រឡាញ់​មនុស្សភេទដូចគ្នា គឺងាយគ្រោះថ្នាក់​បំផុត ហើយ​​ត្រូវការ​ការ​យល់ដឹងគួរ​ជាទីស្រឡាញ់ -- ពុំ​មែន​ដោយ​ការ​សម្លុត ឬ ការ​បដិសេធ​នោះទេ ។ 10

ដោយ​មានជំនួយពីព្រះអម្ចាស់ នោះ​យើង​អាច​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ និង កាន់តែ​មាន​ក្ដី​ស្រឡាញ់ និង ជួយ​ដល់​កុមារតូចៗ -- ទាំង​កុមារតូច​របស់យើងផ្ទាល់ និង អ្នកដែលនៅជុំវិញ​យើង ។

II.

មានឧទាហរណ៍​មួយចំនួន​អំពី​ការគំរាម​ខាង​រូបកាយ ឬ ខាងសតិអារម្មណ៍ ចំពោះ​កុមារ​ មានសារៈ​សំខាន់​ដូចជា​ឧទាហរណ៍​ដែល​កើត​មក​ពី​ទំនាក់ទំនង​របស់​ពួកគេ ជាមួយ​ឪពុកម្ដាយ ឬ អាណា​ព្យាបាល​ដែរ ។ ប្រធាន​ ថូម៉ាស អេស ម៉នសុន បាន​និយាយ​អំពី​អ្វី​ដែល​លោក​ហៅថា « ទង្វើអប្រិយ » នៃ​ការ​រំលោភបំពាន​លើកុមារ ដែល​ឪពុក ឬ​ម្ដាយ បាន​បំផ្លាញ​កុមារ ទាំង​ខាង​រូបកាយ ឬ​ ខាង​សតិ​អារម្មណ៍ ។ 11 ខ្ញុំ​ទុក្ខព្រួយយ៉ាងខ្លាំង នៅពេល​ខ្ញុំ​ត្រូវ​សិក្សា​អំពី​ភស្ដុតាង​ដ៏រន្ធត់​នៃ​ករណី​ដូច្នេះ អំឡុង​ពេល​ការបម្រើ​របស់ខ្ញុំ​នៅ​ក្នុង​តុលាការ​កំពូល​នៅ​រដ្ឋ​ យូថាហ៍ ។

សារៈសំខាន់​បំផុត​ចំពោះ​សុខុមាលភាព​កុមារតូចៗ គឺថា​តើ​​ឪពុក​ម្ដាយ​គេ​បាន​រៀបការឬទេ ទាំង​លក្ខណៈ​ និង រយៈពេល​នៃ​អាពាហ៍ពិពាហ៍ ហើយ​លើសពីនោះ វប្បធម៌ និង ការរំពឹង​ទុក​នៃ​អាពាហ៍​ពិពាហ៍ និង​ការ​មើល​ថែកុមារ នៅ​កន្លែង​ដែលគេរស់នៅ ។ អ្នកចេះដឹង​ខាងគ្រួសារ​ពីរនាក់​បានពន្យល់ថា ៖ « នៅ​ក្នុងប្រវត្តិសាស្ត្រ អាពាហ៍ពិពាហ៍ គឺជា​ស្ថាប័ន​ដំបូង និង សំខាន់​មួយ សម្រាប់​ការ​បង្កើត និង ការចិញ្ចឹម​កុមារ ។ វា​ផ្ដល់​ចំណងខាង​វប្បធម៌ ដែល​ព្យាយាម​ភ្ជាប់​ឪពុក​ទៅ​នឹង​កូន ដោយ​ការ​ភ្ជាប់​គាត់​​​ទៅ​នឹង​ម្ដាយ​​នៃ​កូនៗ​គាត់ ។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ កុមារតូចៗ ត្រូវ​បាន​គេរុញ​ចេញ​ពី​ការ​យកចិត្តទុក​ដាក់​​យ៉ាង​​ខ្លាំង » ។ 12

សាស្ត្រាចារ្យ​ច្បាប់សកលវិទ្យាល័យ Harvard បាន​ពិពណ៌នា​អំពី​ច្បាប់​ និង ឥរិយាបទថ្មីៗ អំពី​អាពាហ៍​ពិពាហ៍ និង ការលែងលះថា ៖ « អាកប្បកិរិយា​ជនជាតិអាមេរិក​ [ បច្ចុប្បន្ន ] អំពី​អាពាហ៍ពិពាហ៍ ដូច​បាន​​ប្រាប់​ក្នុង​ច្បាប់ និង ក្នុង​អក្សរសាស្ត្រ​ប្រជាប្រិយ​ជាច្រើន និយាយ​ដូច​នេះ​ថា ៖ អាពាហ៍ពិពាហ៍​គឺ​ជា​ទំនាក់ទំនងមួយ ដែល​មាន​ជាចំបង ដើម្បី​បំពេញ​ឲ្យ​ប្ដី​ និង​ ប្រពន្ធ​ ។ បើ​វា​ឈប់​ដំណើរការ នោះ​គ្មាន​នរណា​ម្នាក់​ត្រូវ​បន្ទោស ហើយ​ប្ដី ឬ ប្រពន្ធ អាច​នឹង​បញ្ចប់​វា​ដោយ​ឆន្ទៈ ... ។ កុមារ​ពុំត្រូវ​បានគេ​គិត​នៅ​ក្នុង​ស្ថានភាព​នេះ​ឡើយ ដែលភាគច្រើន​គេ​គិត​ថា ​ពួកគេ​ពុំ​សូវ​​សំខាន់​នៅក្នុង​ស្ថានភាព​នេះ​ទេ » ។ 13

អ្នកដឹកនាំ​សាសនាចក្រ​យើង បាន​បង្រៀន​ថា បើគិតអំពីអាពាហ៍ពិពាហ៍ « ថាគ្រាន់​តែ​ជា​កិច្ចសន្យា​មួយ ដើម្បី​អាច​មាន​នូវ​ការ​ត្រេកត្រអាល... ហើយ​​បានកាត់​ផ្ដាច់​ពេលមាន​​ការ​លំបាក​គ្រា​ដំបូង... នោះ​​គឺជា​សកម្មភាព​អាក្រក់​ ហើយ​សក្ដិសម​ដើម្បី​ទទួល​ការ​ផ្ដន្ទាទោស​ជា​ដំណំ » ជាពិសេស​នៅពេល​ « កុមារ​ត្រូវ​រងគ្រោះ » ។ 14 ហើយ​កុមារ​ត្រូវ​រងឥទ្ធិពល​ដោយ​សារ​ការ​លែងលះ ។ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ មានការ​លែងលះ​ជាង​ពាក់កណ្ដាល កើត​មានចំពោះ​គូស្វាមីភរិយា​ដែល​មាន​កូនតូចៗ ។ 15

កុមារ​ជាច្រើន​បាន​ទទួលពរ​ ទទួលការ​​ចិញ្ចឹមបីបាច់ ដោយ​ឪពុក​ និង​ម្ដាយ​របស់​ពួកគេ តែ​នៅពេល​ឪពុក​ម្ដាយ​ពួកគេ បាន​ធ្វើ​តាម​ការបង្រៀន​ដ៏បំផុសគំនិត​នេះ ក្នុង​ការប្រកាស​អំពី​គ្រួសារ​ថា ៖ « ស្វាមី និង ភរិយា មាន​ការ​ទទួល​ខុសត្រូវ​ដ៏​ឧឡារិក ដើម្បី​ស្រឡាញ់ និង ថែរក្សា​គ្នា​ទៅវិញ​ទៅមក ព្រមទាំង​កូន​ចៅ​​របស់​ខ្លួនផងដែរ... ។ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន ដោយ​ក្ដី​ស្រឡាញ់ និង សេចក្ដី​សុចរិត ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ ទាំង​ខាង​រូបកាយ និង ខាង​វិញ្ញាណ​របស់ពួកគេ និង បង្រៀន​ពួកគេឲ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក » ។ 16 ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​បំផុត​ដល់​កូនចៅ គឺ​តាមរយៈ​គំរូ​របស់​ឪពុក​ម្ដាយ​ពួកគេ ។ ឪពុក​ម្ដាយ​ដែល​លែងលះគ្នា បង្រៀន​យ៉ាង​ច្បាស់​អំពី​មេរៀន​អវិជ្ជមាន ។

មាន​ករណី​ជាក់លាក់ ដែល​​ការលែងលះ ចាំចាច់​ត្រូវ​មាន​សម្រាប់​សេចក្ដី​ល្អ​របស់​កូនៗ ប៉ុន្តែ​ស្ថានភាព​ទាំងនោះ ជាករណី​លើកលែង​ដោយកម្រ ។ 17 នៅក្នុងបញ្ហា​អាពាហ៍ពិពាហ៍​ភាគច្រើន ឪពុក​ម្ដាយ​គួរ​តែ​គិត​អំពី​ទម្ងន់​យ៉ាង​ធ្ងន់ដែល​មាន​​ទៅ​លើ​អារម្មណ៍​របស់​កុមារ ។ ដោយ​មានជំនួយ​ពីព្រះអម្ចាស់ ពួកគេ​អាច​ធ្វើ​បាន ។ កុមារ​ត្រូវការ​កម្លាំង​ខាង​សតិអារម្មណ៍ និង កម្លាំង​ផ្ទាល់ខ្លួន ដែល​បាន​មក​ពី​ការ​ចិញ្ចឹមបីបាច់​ដោយ​ឪពុក និង ម្ដាយ ដែល​មាន​សាមគ្គីភាព​ក្នុងអាពាហ៍ពិពាហ៍ និង គោលដៅ​របស់​គេ ។ ក្នុង​នាម​ជាមនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ម្ដាយ​មេម៉ាយ ខ្ញុំ​ដឹង​តាមបទពិសោធន៍​ខ្ញុំ​ផ្ទាល់​ថា រឿង​នេះ​ពុំអាច​បាន​សម្រេច​ជានិច្ចទេ ប៉ុន្តែ​​ល្អបំផុត ​ត្រូវ​ស្វែងរកជំនួយ នៅពេល​អាច​ធ្វើ​បាន ។

កុមារ​គឺ​ជា​ជនរងគ្រោះ​ដំបូងគេ នៃ​ការ​អនុវត្ត​ច្បាប់​ថ្មីៗ​នេះ ដែល​ហៅ​ថា « ការលែងលះ​ដោយគ្មាន​កំហុស » ។ ចេញមកពីទស្សនៈ​របស់​កុមារតូចៗ ការលែងលះ គឺ​ងាយស្រួល​ណាស់ ។ ​ការ​សង្ខេប​អំពី​ការស្រាវជ្រាវ​ខាង​វិជ្ជាសាស្ត្រសង្គម​អស់ជាច្រើន​ទស្សវត្សរ៍ អ្នក​មានចំណេះវិជ្ជា​ដ៏ប្រុងប្រយ័ត្ន​ម្នាក់បាន​សន្និដ្ឋាន​ថា « រចនាសម្ព័ន្ធ​គ្រួសារ ដែល​បង្កើត​ផលល្អបំផុតសម្រាប់កូនចៅ ជាមធ្យម គឺ​មាន​ឪពុកម្ដាយ នៃជីវសាស្ត្រទាំងពីរនាក់ ស្ថិតនៅ​ក្នុងចំណងអាពាហ៍ពិពាហ៍ » ។ 18 អ្នក​និពន្ធកាសែត New York Times បាន​សរសេរ​កត់សម្គាល់​ថា « ជាការពិត​ជាក់ស្ដែង សូម្បី​តែ​អាពាហ៍ពិពាហ៍​តាមទំនៀមទំលាប់​ ត្រូវ​បាន​ធ្លាក់ចុះ​នៅ​ក្នុង​សហរដ្ឋ​ … ភស្ដុតាង​បាន​បង្កើន​ចំណាប់អារម្មណ៍​អំពី​សារៈសំខាន់​របស់អាពាហ៍ពិពាហ៍​​ចំពោះ​សុខុមាលភាព​នៃ​កុមារតូចៗ​ » ។ 19 ភាពពិតនោះ គួរ​តែ​ផ្ដល់​ជា​ការណែនាំ​ដ៏​សំខាន់​ចំពោះ​ឪពុកម្ដាយ និង អ្នក​ដែល​ក្លាយជាឪពុកម្ដាយ នៅក្នុង​ការសម្រេចចិត្ត​របស់ពួកគេ ជាប់ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង ការ​លែងលះ ។ យើង​ក៏ត្រូវការ​អ្នកនយោបាយ អ្នក​បង្កើត​គោលនយោបាយ និង មន្ត្រី​នានា ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​របស់ពួកគេ​ទៅលើ​អ្វី​ ដែល​សំខាន់​បំផុត​សម្រាប់​កុមារតូចៗ ផ្ទុយ​ពី​ចំណាប់អារម្មណ៍​ដោយអត្មានិយម​ចំពោះ​អ្នក​បោះឆ្នោត និង គាំទ្រ​រឿង​ដែល​មនុស្ស​ពេញវ័យ​ចាប់អារម្មណ៍ ។

កូនចៅ​ក៏គ្រោះថ្នាក់​ដោយ​សារតែ​ការគ្មានអាពាហ៍ពិពាហ៍​ផងដែរ ។ ធាតុពិតមួយចំនួន នៃ​សុខុមាល​ភាព​​នៃ​​ជំនាន់​ពេញវ័យ​របស់​យើង គឺ​គួរ​ឲ្យ​ព្រួយបារម្ភជាង​របាយការណ៍​ថ្មីៗ ថាមាន​ 41 ភាគរយ​នៃការចាប់​កំណើត​ទាំងអស់ នៅ​សហរដ្ឋ កើត​នឹង​ស្ត្រី​ដែល​ពុំ​បាន​រៀបការ ។ 20 ម្ដាយ​ដែលពុំបានរៀបការ មាន​ឧបសគ្គ​យ៉ាង​ខ្លាំង ហើយ​ភស្ដុតាង​គឺ​បង្ហាញ​ច្បាស់​ថា កូនៗ​របស់ពួកគេ គឺ​ស្ថិត​នៅ​ការលំបាក​យ៉ាងខ្លាំង​មួយ បើ​ប្រៀបធៀប​នឹង​កុមារ​ដែល​បាន​ចិញ្ចឹមបីបាច់​ដោយ​ឪពុកម្ដាយ​ដែលបាន​រៀបការ ។ 21

កូនក្មេង​ភាគច្រើន​ដែល​បាន​កើតទៅ​នឹង​ម្ដាយ​ដែល​ពុំ​បា​ន​រៀបការ -- មាន​ចំនួន 51 ភាគរយ-- ដែល​កើតមក​នឹង​ដៃគូ​ដែល​រស់នៅជាមួយគ្នា​ដោយពុំរៀបការ ។ 22 ​ មិនថា​យើង​ហៅ​ដៃគូ​ដែលពុំរៀបការ​នេះ​យ៉ាង​ណា​ទេ តែតាមការសិក្សា​បង្ហាញ​ថា កូនៗ​របស់ពួកគេ​រងទុក្ខ​នឹង​ការ​លំបាក​ជាខ្លាំង​បើប្រៀប​នឹង​កុមារដទៃទៀត ។ 23 សម្រាប់​កុមារ​តូចៗ ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដែលមាន​លំនឹង គឺ​ជារឿងសំខាន់ ។

យើង​គួរ​តែ​គិត​អំពី​ការលំបាក​ដូចគ្នា​នេះ សម្រាប់​កុមារ​ដែល​បាន​ចិញ្ចឹមបីបាច់​ដោយ​ដៃគូ​ដែល​ស្រឡាញ់​​ភេទ​ដូចគ្នា ។ អត្ថបទអក្សរសាស្ត្រសង្គម ត្រូវបានពិភាក្សា​ដោយចម្រូងចម្រាស់ និង ខាង​នយោបាយ​អំពី​ឥទ្ធិពល​រយៈពេលយូរ​នៃរឿង​នេះ​ទៅ​លើកុមារតូចៗ ជាចំបង ដូចជា​អ្នក​និពន្ធ New York Times បាន​សង្កេត​ថា « ដោយសារការ​រៀបអាពាហ៍ពិពាហ៍​របស់​មនុស្ស​​មានភេទដូចគ្នា គឺ​ជាការ​ធ្វើ​ពិសោធន៍​ជាសង្គម ហើយ​ក៏ដូចជា​ការពិសោធន៍​ជាច្រើនទៀត វា​នឹង​ត្រូវ​ការ​ពេលវេលា ដើម្បី​យល់​អំពី​ផលវិបាក​របស់វា » ។24

III.

ខ្ញុំនិយាយ​ជំនួស​ឲ្យ​កុមារតូចៗ -- កុមារតូចៗ​គ្រប់ទីកន្លែង ។ មនុស្ស​មួយចំនួន​អាច​នឹងបដិសេធ​នូវ​ឧទាហរណ៍​មួយចំនួន​ទាំងនេះ ប៉ុន្តែ​ពុំ​គួរ​មាននរណាម្នាក់​រឹងទទឹង​នឹង​ពាក្យអង្វរ​ ដែល​យើងរួមបញ្ចូល ដើម្បី​ខ្វល់ខ្វាយច្រើន​ចំពោះ សុខុមាលភាព និង អនាគត​នៃ​កូនចៅ​របស់យើង-- ដែលជា​ជំនាន់​កំពុង​ពេញវ័យ ។

យើង​កំពុង​និយាយ​អំពី​កូនចៅ​របស់ព្រះ ហើយ​ដោយ​ជំនួយ​ដ៏​មាន​អំណាច​របស់​ទ្រង់ យើង​អាច​ធ្វើ​បាន​ច្រើន​ដើម្បី​ជួយ​ពួកគេ ។ ខ្ញុំ​និយាយ​អង្វរ មិនត្រឹមតែចំពោះ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែ​ចំពោះ​មនុស្ស​គ្រប់​ជំនឿ​សាសនា​ទាំងអស់ និង អ្នកផ្សេងទៀតផងដែរ ដែល​មានគុណតម្លៃ ដែល​បណ្ដាល​ឲ្យ​ពួកគេ​គិត​ពីតម្រូវការ​ផ្ទាល់ខ្លួន​ឲ្យ​តិចជាង​អ្នកដទៃ ជាពិសេស ​សម្រាប់​សុខុមាលភាព​របស់​កុមារ ។ 25

អ្នកកាន់សាសនា ក៏​បាន​ដឹង​ផងដែរ​អំពី ការបង្រៀន​ក្នុងគម្ពីរ​សញ្ញាថ្មី​របស់ព្រះអង្គសង្គ្រោះ ថា កុមារតូច​បរិសុទ្ធ គឺ​ជាគំរូដ៏​​សំខាន់របស់​យើង អំពី​ភាពរាបសារ និង ការងាយប្រដៅ ៖

« ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា បើ​អ្នករាល់គ្នា​មិនផ្លាស់គំនិត ហើយ​ត្រឡប់​ដូចជា​កូនតូច​នេះ នោះ​នឹង​ចូលទៅ​ក្នុង​នគរស្ថានសួគ៌​ពុំ​បាន​ឡើយ ។

« ដូច្នេះ អ្នកណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូចកូនតូចនេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំជាងគេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ » (ម៉ាថាយ 18:3–4 ) ។

នៅ​ក្នុង​គម្ពីរមរមន យើង​អាន​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់ ដល់​សាសន៍នីហ្វៃថា ពួកគេ​ត្រូវ​ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក « ហើយ​ក្លាយដូចជា​កូនក្មេង » ឬ ពួកគេ​ពុំ​អាច​គ្រង​នគរ​ព្រះ​បាន​ឡើយ (នីហ្វៃទី  3 11:38 សូមមើល​មរ៉ូណៃ 8:10 ផងដែរ ) ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​បន្ទាបខ្លួន​ដូចជា​កុមារតូចៗ ហើយ​ជួយ​ការ​ពារ​ដល់​កុមារតូចៗ​របស់​យើង ត្បិត​ពួកគេ​ជា​អនាគត សម្រាប់​យើង និង សាសនាចក្រ​យើង និង ជាតិសាសន៍​យើង ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល UNICEF, The State of the World’s Children 2005: Childhood under Threat ( ឆ្នាំ 2004 ), 26 ។

  2. សូមមើល Haya El Nasser, « National Birthrate Lowest in 25 Years » USA Today, ថ្ងៃទី  26 ខែ​កក្កដា ឆ្នាំ 2012, A1 ។

  3. សូមមើល Gilda Sedgh និង អ្នកដទៃ « Induced Abortion: Incidence and Trends Worldwide from 1995 to 2008 » The Lancet វ៉ុលទី 379 លេខ 9816 ( ថ្ងៃទី  18 ខែ​កុម្ភៈ ឆ្នាំ 2012 ), 625–32 ។

  4. សូមមើល UNICEF, « Young Child Survival and Development » http://www.unicef.org/childsurvival/index.html ។

  5. សូមមើល​អង្គការ​សុខភាព​ពិភពលោក World Health Statistics 20122012 ( ឆ្នាំ 2012), 109, 118 ។

  6. របាយការណ៍​របស់​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ថ្ងៃទី  13 ខែ​កញ្ញា ឆ្នាំ 2012 ។

  7. របាយការណ៍​របស់​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

  8. សូមមើល ជែហ្វ្រី  អរ ហូឡែន « Israel, Israel, God Is Calling, » ( ការចាក់​ផ្សាយ​តាមផ្កាយរណប​សម្រាប់ស៊ីអីអែស ថ្ងៃទី 9 ខែ​កញ្ញា ឆ្នាំ 2012 ) si.lds.org/ broadcasts សូមមើល​ផងដែរ R.   Scott Lloyd, « ស៊ីយ៉ូន​ពុំ​មែន​គ្រាន់​តែ​ជា​កន្លែង​នោះ​ទេ ប៉ុន្តែ​ជា​របៀប​ដែល​យើង​រស់នៅ ប្រសាសន៍អែលឌើរ ហូឡិន » Deseret News,, ថ្ងៃទី  10 ខែ កញ្ញា ឆ្នាំ 2012, B2 ។

  9. សូមមើល Kim Painter, « Parents Can Inflict Deep Emotional Harm,» USA Today, ថ្ងៃទី  30 ខែ​កក្កដា ឆ្នាំ 2012, B8 Rachel Lowry, « Mental Abuse as Injurious as Other Forms of Child Abuse, Study Shows, » Deseret News, ថ្ងៃទី  5 ខែ​សីហា ឆ្នាំ 2012, A3 ។

  10. សូមមើល « End the Abuses » Deseret News, ថ្ងៃទី  12 ខែ​មិថុនា ឆ្នាំ 2012, A10 ។

  11. Thomas  S. Monson, « Precious Children, a Gift from God,» Liahona, ខែ​មិថុនា ឆ្នាំ 2002, 2;  ។

  12. W.  Bradford Wilcox និង Elizabeth Marquardt, eds., The State of Our Unions: Marriage in America 2011 ( ឆ្នាំ 2010 ), 82 ។

  13. Mary Ann Glendon, Abortion and Divorce in Western Law: American Failures, European Challenges ( ឆ្នាំ 1987), 108 ។

  14. David  O. McKay, « Structure of the Home Threatened by Irresponsibility and Divorce,» Improvement Era, , ខែ​មិថុនា ឆ្នាំ 1969, 5 ។

  15. សូមមើល Diana  B. Elliott និង Tavia Simmons, « Marital Events of Americans: 2009 » American Community Survey Reports, ខែ​សីហា ឆ្នាំ 2011 ។

  16. « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » លីអាហូណា, ខែ​វិច្ឆិកា ឆ្នាំ 2010, 129 ។

  17. សូមមើល Dallin  H. Oaks, « Divorce,» Liahona , ខែ​ឧសភា ឆ្នាំ 2007, 71 ។

  18. Charles Murray, Coming Apart: The State of White America, 1960–2010 ( ឆ្នាំ 2012), 158 ។

  19. Ross Douthat, « Gay Parents and the Marriage Debate,» New York Times, ថ្ងៃទី  11 ខែ​មិថុនា ឆ្នាំ 2012 http://douthat.blogs.nytimes.com/2012/06/11/gay-parents-and-the-marriage-debate ។

  20. សូមមើល Joyce  A. Martin និង​អ្នកដទៃទៀត « Births: Final Data for 2009, » National Vital Statistics Reports, , វ៉ុលទី 60 លេខ 1 ( ខែ​សីហា ឆ្នាំ 2012 ), 10 ។

  21. សូមមើល William  J. Doherty និង​អ្នកដទៃទៀត Why Marriage Matters: Twenty-One Conclusions from the Social Sciences ( ឆ្នាំ 2002 ) និង W.   Bradford Wilcox និង​អ្នកដទៃទៀត Why Marriage Matters: Thirty Conclusions from the Social Sciences, 3rd ed. ( ឆ្នាំ 2011) ។

  22. សូមមើល Martin « Births: Final Data for 2010 » 10--11 ។

  23. សូមមើល Wilcox, Why Marriage Matters ។

  24. Ross Douthat, « Gay Parents and the Marriage Debate »។ ការសិក្សា​ដិតដល់​ និង ចុង​ក្រោយ​បំផុត ក្នុង​ការ​ស្វែងរក​វិបត្តិ​ជាចំបង​ បាន​រាយការណ៍​ដោយ​មនុស្សពេញវ័យ​វ័យក្មេង ជាមួយ​នឹង​ឪពុកម្ដាយ ដែល​មានទំនាក់ទំនង​ភេទដូចគ្នា មុន​ពេល​កូន​អាយុ 18 ឆ្នាំ ( សូមមើល Mark Regnerus, « How Different Are the Adult Children of Parents Who Have Same-Sex Relationships? Findings from the New Family Structures Study, » Social Science Research វ៉ុលទី 41 [ ឆ្នាំ 2012 ], 752–70 ) ។

  25. ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ប្ដេជ្ញា​ចិត្ត​ជាពិសេស​ចំពោះ​ភាព​ជា​មាតាបិតា ជា​គោលដៅ​សំខាន់បំផុត​មួយ នៅ​ក្នុង​ជីវិត ( សូមមើល Pew Research Center’s Forum on Religions and Public Life, Mormons in America: Certain in Their Beliefs, Uncertain of Their Place in Society, ថ្ងៃទី  12 ខែ​មករា ឆ្នាំ 2012, 10, 16, 51) ។