ការរៀនដោយដួងចិត្តរបស់យើង
របៀបមួយដើម្បីមករកព្រះគ្រីស្ទគឺ តាមរយៈការចង់រៀនពីសេចក្ដីពិតដ៏សំខាន់ដោយដួងចិត្តរបស់យើង ។
« មករកយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចស្ទាប ហើយឃើញ » ។1 នេះគឺជាបទបញ្ញត្តិមួយដែល ព្រះអង្គសង្គ្រោះបានផ្តល់ដល់ប្រជាជននៅទ្វីបអាមេរិកពីបុរាណ ។ ពួកគេបានស្ទាបដោយដៃគេផ្ទាល់ ហើយបានឃើញដោយភ្នែកគេផ្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ បញ្ញត្តិនេះសំខាន់សម្រាប់យើងសព្វថ្ងៃនេះ ក៏សំខាន់សម្រាប់ប្រជាជននោះ នៅសម័យពួកគេដែរ ។ នៅពេលយើងមករកព្រះគ្រីស្ទ យើងអាចមានអារម្មណ៍ពីទ្រង់ ហើយ « ដឹងយ៉ាងជាក់ច្បាស់ »2 -- មិនមែនដោយដៃ និង ភ្នែករបស់យើងទេ -- ប៉ុន្ដែដោយដួងចិត្ត និង គំនិតទាំងអស់របស់យើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
របៀបមួយដើម្បីមករកព្រះគ្រីស្ទគឺ តាមរយៈការចង់រៀនពីសេចក្ដីពិតដ៏សំខាន់ដោយដួងចិត្តរបស់យើង ។ នៅពេលយើងធ្វើដូច្នោះ ការបំផុសដែលមកពីព្រះ នឹងផ្ដល់ចំណេះដឹងដល់យើង ដែលយើងមិនអាចទទួលដោយរបៀបផ្សេងទៀតបាន ។ សាវក ពេត្រុស បានដឹងយ៉ាងជាក់ច្បាស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ព្រះអង្គសង្គ្រោះបានពន្យល់ថា ប្រភពនៃចំណេះដឹងរបស់ពេត្រុសគឺមិនមែនជា « សាច់ឈាមទេ … គឺព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញ » ។3
ព្យាការី អ័ប៊ីណាដៃ បានពន្យល់ពីតួនាទីនៃអារម្មណ៍ដែលមកពីព្រះដល់ដួងចិត្តរបស់យើង ។ គាត់បានបង្រៀនថា យើងមិនអាចយល់ពីព្រះគម្ពីរទាំងស្រុងបានទេ លុះត្រាតែយើងប្រព្រឹត្តការយល់នោះក្នុងដួងចិត្តរបស់យើង ។4
សេចក្ដីពិតនេះបានបញ្ជាក់ច្បាស់នៅក្នុងសៀវភៅនិទានកុមារ រឿង The Little Prince ដោយ Antoine de Saint-Exupéry ។ ក្នុងរឿងនេះ ព្រះអម្ចាស់តូចក្លាយជាមិត្តនឹងឆ្កែចចកមួយ ។ ពេលបែកគ្នា ឆ្កែចចកបានប្រាប់រឿងសម្ងាត់មួយដល់ព្រះអម្ចាស់តូចនោះ ។ វានិយាយថា « នេះគឺជារឿងសម្ងាត់របស់ខ្ញុំ … ៖ មានតែដោយដួងចិត្តទេ ដែលមនុស្សម្នាក់អាចមើលឃើញត្រឹមត្រូវ ហើយអ្វីដែលសំខាន់គឺមិនអាចមើលឃើញដោយភ្នែកទេ » ។5
បងប្រុស ថូម៉ាស កូអែលហូ ដែលមានអាយុប៉ែតសិបប្រាំបីឆ្នាំ គឺជាមនុស្សគំរូដ៏ល្អម្នាក់ដែលបានឃើញរឿងសំខាន់ដោយដួងចិត្តរបស់គាត់ ។ គាត់គឺជាសមាជិកដ៏ស្មោះត្រង់ម្នាក់នៃក្រុមប្រឹក្សាជាន់ខ្ពស់របស់យើងក្នុង ប៉េសានឌូ ប្រទេស យ៉ូរ៉ាហ្គាយ ។ មុនពេលចូលសាសនាចក្រ គាត់បានជួបនឹងគ្រោះថ្នាក់មួយ ពេលគាត់កំពុងជិះម៉ូតូ ។ ពេលគាត់ដេកលើដី ដោយមិនអាចឈរបាន មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់បានជួយគាត់ឲ្យក្រោកឈរ ហើយត្រឡប់ទៅផ្ទះវិញ ។ គាត់បាននិយាយថា គាត់មានអារម្មណ៍អ្វីមួយពិសេសពេលអ្នកផ្សព្វផ្សាយសាសនានោះបានមកជួយគាត់ ។ ក្រោយមក គាត់មានអារម្មណ៍ដ៏ខ្លាំងនេះម្ដងទៀត ពេលអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់ ។ ឥទ្ធិពលនៃអារម្មណ៍ទាំងនោះគឺបែបនោះ រហូតដល់គាត់អានព្រះគម្ពីរមរមនពីដើមរហូតដល់ចប់ក្នុងពេលតែពីរបីថ្ងៃ ។ គាត់បានជ្រមុជទឹក ហើយបានបម្រើដោយគ្មាននឿយហត់តាំងពីថ្ងៃនោះមក ។ ខ្ញុំចាំថាគាត់ជិះម៉ូតូគាត់ចុះឡើងតាមផ្លូវក្នុងទីក្រុងរបស់យើង ទោះជាក្នុងរដូវរងាដ៏ត្រជាក់ និង មានភ្លៀងក្ដី ដើម្បីយកអ្នកដទៃមកព្រះវិហារ ដូច្នេះពួកគេអាចបានឃើញ មានអារម្មណ៍ ហើយដឹងយ៉ាងជាក់ច្បាស់ដូចជាគាត់បានមានដែរ ។
សព្វថ្ងៃ ដោយពោរពេញដោយព័ត៌មានជាច្រើន យើងអាចគិតថា ការស្វែងរកតាមគេហទំព័ររាប់លាននឹងផ្ដល់ដល់យើងទាំងអស់គ្នានូវអ្វីដែលយើងត្រូវដឹង ។ យើងអាចឃើញមានព័ត៌មានល្អ និង អាក្រក់លើអ៊ិនធើណិត ប៉ុន្ដែព័ត៌មានតែមួយមុខវាមិនគ្រប់ទេ ។ ព្រះបានប្រទានដល់យើងនូវប្រភពនៃចំណេះដឹងមួយទៀតដែលប្រសើរជាងនេះ,6 ជាចំណេះដឹងមកពីស្ថានសួគ៌ ។ ព្រះវរបិតាសួគ៌របស់យើង អាចប្រទានដល់យើងនូវចំណេះដឹងបែបនេះ ពេលយើងរកមើលចំណេះដឹងពីប្រភពសេឡេស្ទាលនៅក្នុងដួងចិត្ត និង គំនិតរបស់យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាននិយាយថា គាត់មាន « សៀវភៅដ៏ចាស់មួយនៅក្នុងដួងចិត្ត [ របស់គាត់ ] គឺជាអំណោយទាននៃព្រះវិញ្ញណបរិសុទ្ធ » ។7
យើងទទួលបាននូវធនធានសេឡេស្ទាលនេះ ពេលយើងធ្វើការណ៍ដូចជា ការអានព្រះគម្ពីរ ការធ្វើតាមព្យាការីនៅរស់ និង ការអធិស្ឋាន ។ វាក៏សំខាន់ផងដែរដើម្បីពិចារណា8 ហើយដឹង និង ធ្វើតាមការបំផុសខាងសេឡេស្ទាល ។ នៅពេលយើងធ្វើដូច្នេះ យើងនឹង « ទទួលអារម្មណ៍ ហើយឃើញ » អ្វីៗដែលមិនអាចរៀនបានដោយបច្ចេកវិទ្យាទំនើប ។ ពេលដែលយើងមានបទពិសោធន៍ច្រើនក្នុងការស្វែងរកចំណេះដឹងខាងសេឡេស្ទាល នោះយើងនឹងយល់ពីសេចក្ដីពិត ទោះជាពេលអានប្រវត្តិ ឬ ប្រធានបទផ្សេងទៀតខាងលោកិយក្ដី ។ អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះបំផុត នឹងដឹងពីសេចក្ដីពិតនៃការណ៍ទាំងអស់ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។.9
នេះជាពាក្យបម្រាមមួយ ៖ ការទទួលបានចំណេះដឹងខាងសេឡេស្ទាលនេះ ត្រូវបានបំផ្លាញដោយអំពើទុច្ចរិត ហើយការភ្លេចព្រះអម្ចាស់ ។ នីហ្វៃបានប្រាប់ដល់បងប្រុសរបស់គាត់ថា ពួកគេមិនអាច « ចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ [ ព្រះអង្គ ] ឡើយ » ដោយសារពួកគេ « រហ័សធ្វើអំពើទុច្ចរិតណាស់ [ ហើយ ] កម្រនឹកចាំដល់ព្រះអម្ចាស់ » ។10 អំពើទុច្ចរិតបន្ថយសមត្ថភាពយើងក្នុងការឃើញ មានអារម្មណ៍ និង ស្រឡាញ់អ្នកដទៃ ។ ការរហ័សនឹកចាំដល់ព្រះអម្ចាស់ដោយការអធិស្ឋាន « ដោយអស់ពីកម្លាំងចិត្ត »11 ហើយការចាំពីបទពិសោធន៍ខាងវិញ្ញាណរបស់យើង ពង្រីកសមត្ថភាពយើងក្នុងការឃើញ និង ទទួលអារម្មណ៍ពីការណ៍ទាំងឡាយរបស់ព្រះគ្រីស្ទ ។ ឥឡូវ ខ្ញុំសូមសួរអ្នក ៖
-
តើអ្នកចាំពីសេចក្ដីសុខសាន្ដដែលអ្នកមានអារម្មណ៍ពេលអ្នកអំពាវនាវដល់ព្រះវរបិតាដោយការអធិស្ឋានដ៏ខ្លាំង ក្រោយពីមានទុក្ខព្រួយជាច្រើនដែរទេ ?
-
តើអ្នកចាំពីការផ្លាស់ប្ដូរនូវកិច្ចការដែលអ្នកត្រូវធ្វើ ដើម្បីធ្វើតាមការបំផុសគំនិតមួយក្នុងដួងចិត្តរបស់អ្នកទេ ?
បុរសដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរមរមន បង្កើនសមត្ថភាពរបស់ពួកគេដើម្បីទទួលបានចំណេះដឹងដ៏ប្រសើរមួយដោយការចាំពីបទពិសោធន៍ខាងវិញ្ញាណដ៏សំខាន់ ។ អាលម៉ាបានការពារ និង ពង្រឹងដល់កូនៗរបស់គាត់ ដោយការរំឭកពួកគេពីបទពិសោធន៍ប្រែចិត្តរបស់គាត់ ។12 ហេលេមិនបានបង្រៀននីហ្វៃ និង លីហៃឲ្យចងចាំ -- ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះគ្រីស្ទដែលពួកគេត្រូវសង់គ្រឹះរបស់គេលើ ដើម្បីអារក្សនឹងគ្មានអំណាចមកលើពួកគេឡើយ ។13 យើងត្រូវធ្វើដូចគ្នានេះដែរ ។ ការចងចាំដល់ព្រះ ជួយយើងឲ្យមានអារម្មណ៍ និង រស់នៅបាន ។ ការណ៍នេះផ្ដល់អត្ថន័យដ៏ជ្រាលជ្រៅដល់ពាក្យរបស់ស្ដេចបេនយ៉ាមីន ដែលបានមានព្រះបន្ទូលថា « ហើយឥឡូវនេះ ឱ មនុស្សលោកអើយ សូមចងចាំ ហើយកុំវិនាសបង់ឡើយ » ។14
ការចងចាំដ៏ពិសិដ្ឋបំផុតមួយដែលខ្ញុំពេញចិត្តនោះគឺ អារម្មណ៍ដែលខ្ញុំបានមាន ពេលខ្ញុំដឹងថាព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ។ ខ្ញុំដឹងថា យើងអាចមានក្ដីអំណរមួយដែលពាក្យសម្ដីមិនអាចពិពណ៌នាបាន ។ នៅថ្ងៃនោះ ខ្ញុំបានលុតជង្គង់ ខ្ញុំបានមានអារម្មណ៍ និង បានដឹងយ៉ាងជាក់ច្បាស់ពីរឿងដែលខ្ញុំមិនអាចដឹងតាមរបៀបណាផ្សេងទៀតបាន ។ ការចងចាំបែបនោះ គឺហេតុផលសម្រាប់អំណរគុណជារៀងរហូត ហើយវាពង្រឹងខ្ញុំក្នុងគ្រាលំបាក ។
អ្នកទាំងឡាយណាដែលទទួលបានចំណេះដឹងមិនមែនមកពីខាងសាច់ឈាម តែមកពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌នោះ នឹងដឹងយ៉ាងជាក់ច្បាស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយនេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ចំណេះដឹងនោះផ្ដល់កម្លាំងដើម្បីផ្លាស់ប្ដូរអ្វីចាំបាច់ដើម្បីមករកព្រះគ្រីស្ទ ។ ដោយហេតុផលនេះ យើងសូមអញ្ជើញព្រលឹងគ្រប់គ្នាឲ្យជ្រមុជទឹក ប្រែចិត្ត និង ត្រឡប់មករកទ្រង់វិញឥឡូវនេះ ។15
ដោយការមករកព្រះគ្រីស្ទ ព្រលឹងទាំងអស់អាចឃើញ មានអារម្មណ៍ និង ដឹងយ៉ាងជាក់ច្បាស់ថា ព្រះគ្រីស្ទបានរងទុក្ខ ហើយបានសុគតជំនួសអំពើបាបរបស់យើងដើម្បីយើងអាចមានជីវិតដ៏នៅអស់កល្បជានិច្ច ។ ប្រសិនបើយើងប្រែចិត្ត យើងនឹងមិនរងទុក្ខនោះទេ ។16 ដោយសារទ្រង់ ព្រលឹងដែលមានរបួសទាំងឡាយអាចបានព្យាបាល ហើយដួងចិត្តដែលខូចទាំងអស់នឹងត្រូវជួសជុល ។ គ្មានការលំបាកណាដែលទ្រង់មិនអាចបញ្ឈប់ ឬ យកចេញបាននោះទេ ។ ទ្រង់ជ្រាបពីគុណវិបត្តិ និង ជំងឺរបស់យើង ។ ខ្ញុំសូមសន្យា និង ថ្លែងទីបន្ទាល់ដល់អ្នកថា ពេលអ្នកមានអារម្មណ៍ថាអ្នកគ្មានជម្រើស ពេលអ្វីៗមើលទៅហាក់ដូចជាបរាជ័យ ទ្រង់នឹងមិនធ្វើឲ្យអ្នកចាញ់ទេ ។ ព្រះគ្រីស្ទនឹងជួយ ហើយទ្រង់គឺជាផ្លូវចេញ មិនថាបញ្ហនោះគឺជា ការញៀន ការកើតទុក្ខ ឬ អ្វីផ្សេងនោះទេ ។ ទ្រង់ដឹងពី « របៀបដើម្បីជួយរាស្ដ្រទ្រង់បែបណានោះ » ។17 អាពាហ៍ពិពាហ៍ និង គ្រួសារដែលជាបញ្ហាដោយហេតុផលណាក្ដី -- ឧបសគ្គហិរញ្ញវត្ថុ ឥទ្ធិពលផ្សព្វផ្សាយអាក្រក់ ឬ ស្ថានភាពគ្រួសារក្ដី -- នឹងមានអារម្មណ៍ពីឥទ្ធិពលដ៏ស្ងប់ពីស្ថានសួគ៌ ។ វាគឺជាការលួងលោមដើម្បី « បានស្ទាប ហើយបានឃើញ » ថាទ្រង់បានរស់ឡើងពីសុគត « មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ »18 ថាដោយសារទ្រង់ យើងនឹងជួបឱបក្រសោបអ្នកជាទីស្រឡាញ់ទាំងឡាយដែលបានស្លាប់ទៅម្ដងទៀត ។ មែនហើយការប្រែចិត្តជឿរបស់យើងចំពោះទ្រង់ គឺជារង្វាន់នៃការព្យាបាលរបស់យើង ។19
ខ្ញុំដឹងយ៉ាងជាក់ច្បាស់ថា ទាំងអស់នេះគឺជាការពិត ។ ដោយហេតុនេះហើយ ខ្ញុំឯកភាពជាមួយនឹងជនជាតិអាមេរិកពីបុរាណប្រកាសថា ៖ « ហូសាណា ! សូមឲ្យព្រះនាមនៃព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ! »20 ទ្រង់បានប្រទានសេចក្ដីសង្គ្រោះដល់យើង ។ ខ្ញុំសូមធ្វើជាសាក្សីថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រះម៊ែស៊ីដ៏បរិសុទ្ធ ។ ទ្រង់គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។