ក្លាយជាសិស្សដ៏ពិតម្នាក់
នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបម្រើដល់ប្រជាជនរបស់យើង នោះយើងក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។
ពួកយើងទាំងឡាយណាដែលបានចុះក្នុងទឹកនៃបុណ្យជ្រមុជទឹក ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បានចុះសេចក្ដីសញ្ញាថា យើងនឹងទទួលដាក់លើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ឬ និយាយម្យ៉ាងទៀតថា យើងប្រកាសចំពោះខ្លួនឯងថាយើងជា សិស្សរបស់ព្រះអម្ចាស់ ។ យើងបានរំឭកសេចក្ដីសញ្ញានោះរាល់សប្ដាហ៍ នៅពេលយើងទទួលទានសាក្រាម៉ង់ ហើយយើងបង្ហាញភាពជាសិស្សនោះតាមរយៈរបៀបដែលយើងរស់នៅ ។ ភាពជាសិស្សបែបនោះ ត្រូវបានបង្ហាញយ៉ាងស្រស់បំព្រងក្នុងពេលថ្មីៗនេះនៅក្នុងប្រទេសម៉ិកស៊ិក ។
វាជារដូវផ្ការីកដ៏ស្រស់មួយសម្រាប់សហគមន៍ ដែលដុះផ្លែផ្កានៅក្នុងប្រទេសម៉ិកស៊ិកភាគខាងជើង ។ ដើមឈើហូបផ្លែមានផ្ការីកសុះសាយ ដោយសេចក្ដីសង្ឃឹមថានឹងប្រមូលផលបានច្រើនពេលចម្រូត ។ គម្រោងនានាក៏បានធ្វើហើយដើម្បីសងប្រាក់កម្ចីទាំងអស់ ដើម្បីដូរសម្ភារដែលត្រូវការ និង ផ្លែឈើដ៏ពេញញ៉ាំ ហើយបំពេញការប្ដេជ្ញាផ្ទាល់ខ្លួនដូចជា ថ្លៃសាលាសម្រាប់សមាជិកគ្រួសារ ។ គម្រោងសម្រាប់វិស្សមកាលជាគ្រួសារក៏បានធ្វើរួចហើយ ។ ឯបរិយាកាសក៏មានភាពអំណោយផលដែរ ។ បន្ទាប់មក នៅពេលរសៀលថ្ងៃច័ន្ទនាចុងខែមីនា ព្យុះនារដូវរងាបានកើតឡើង ហើយក៏បានចាប់ផ្ដើមធ្លាក់ព្រិល ។ ព្រិលបានធ្លាក់រហូតដល់ប្រហែលម៉ោងបីទៀបភ្លឺ ។ បន្ទាប់មក នៅពេលពពករសាត់បាត់ សីតុណ្ហភាពក៏បានធ្លាក់ចុះយ៉ាងខ្លាំង ។ ពេញមួយយប់ និង ព្រឹកព្រលឹមនោះ មានការខិតខំតាមគ្រប់វិធីដើម្បីសង្គ្រោះយ៉ាងហោចណាស់មួយផ្នែកនៃផលផ្លែនោះ ។ អ្វីទាំងអស់គ្មានប្រយោជន៍នោះទេ ។ វាឡើងត្រជាក់ខ្លាំងពេក ហើយដំណាំនោះត្រូវកកទាំងអស់ ។ វាគ្មានផ្លែឈើណានឹងត្រូវច្រូតកាត់ និង លក់ក្នុងឆ្នាំនេះទេ ។ ថ្ងៃអង្គារបានមកដល់ ដោយការបាត់បង់ដ៏ឈឺចាប់ និង ខូចចិត្តនូវគម្រោង ក្ដីសង្ឃឹម និង សុបិនដ៏អស្ចារ្យទាំងឡាយដែលមានថ្ងៃមុន ។
នៅព្រឹកថ្ងៃអង្គារ ខ្ញុំបានទទួលអ៊ីម៉េលមួយពី សានត្រា ហាត ជាភរិយារបស់ចន ហាត ដែលពេលនោះជាទីប្រឹក្សាទីមួយក្នុងគណៈប្រធាននៃព្រះវិហារបរិសុទ្ធ ខូឡូនា ហួរេស៍ ឈីហូហូ អំពីភាពហិនហោចទាំងនោះ។ ខ្ញុំសូមដកស្រង់ចំណែកអ៊ីម៉េលនោះថា ៖ « ចន ក្រោកឡើងពីព្រលឹម--ប្រហែលម៉ោង 6:30 ព្រឹក---រត់ទៅព្រះវិហារបរិសុទ្ធដើម្បីមើលថា តើយើងគួរតែលុបចោលវគ្គអំណោយទានពិសិដ្ឋព្រឹកនេះឬក៏អត់ ។ គាត់បានត្រឡប់មកវិញដោយនិយាយថា អ្វីៗមិនមានបញ្ហានោះទេ ដូច្នេះយើងអាចនៅបន្តវគ្គនៅព្រឹកនោះបាន ។ យើងគិតថា ប្រហែលជាអ្នកធ្វើការខ្លះៗដែលគ្មានដំណាំនឹងមក ហើយយើងអាចឲ្យអ្នកធ្វើការទាំងនោះចូលរួមវគ្គនោះបាន ... ។ វាគួរឲ្យស្ញប់ស្ញែងខ្លាំងណាស់ដែលបានឃើញបុរសទាំងនោះមក ម្នាក់ហើយម្នាក់ទៀត ។ ពួកគេនៅតែមក ទាំងមិនបានគេងពេញមួយយប់ ហើយដោយដឹងថាដំណាំរបស់ពួកគេបានខូចបាត់បង់ក៏ដោយនោះ ... ។ ខ្ញុំបានមើលទៅពួកគេ អំឡុងពេលការប្រជុំរៀបចំរបស់យើង ឃើញថាពួកគេងងុយខ្លាំងណាស់ ។ ពួកគេនៅតែមក ទោះបីជាពួកគេអាចមានហេតុផលដ៏សម្យរម្យដើម្បីនឹងមិនមកក៏ដោយ ។ មានមនុស្ស 38 នាក់បានមកប្រជុំក្នុងវគ្គនោះ ( មួយវគ្គពេញ ) ! វាគឺជាព្រឹកដែលលើកកម្លាំងមួយសម្រាប់យើង ហើយយើងបានអរគុណដល់ព្រះវរបិតាសួគ៌សម្រាប់មនុស្សល្អដែលបានបំពេញកាតព្វកិច្ចរបស់ពួកគេ មិនថាមានអ្វីកើតឡើងនោះទេ ។ ខ្ញុំបានមានអារម្មណ៍អំពីព្រះវិញ្ញាណដ៏ពិសេសមួយនៅទីនោះនាព្រឹកនេះ ។ ខ្ញុំប្រាកដថា ទ្រង់បានសព្វព្រះហឫទ័យដែលដឹងថា យើងស្រឡាញ់ដំណាក់របស់ទ្រង់ ហើយមានអារម្មណ៍ថា វាគឺជាកន្លែងដ៏ល្អមួយដើម្បីទៅនាព្រឹកដ៏ពិបាកមួយបែបនោះ » ។
រឿងនោះ មិនបានបញ្ចប់ត្រឹមហ្នឹងទេ ហើយតាមពិតវានៅមានបន្ដទៀត ។
ភាគច្រើននៃអ្នកដែលបានបាត់បង់ផលដំណាំរបស់ពួកគេនោះ មានដីខ្លះនៅទំនេរដែលត្រូវដាំដំណាំឆ្លាស់គ្នាក្នុងរដូវនោះ ដូចជាម្ទេស ឬ សណ្ដែក ។ យ៉ាងហោចណាស់ ដំណាំទាំងនេះអាចល្មមផ្គត់ផ្គង់ដល់ចរន្តសាច់ប្រាក់សម្រាប់ជីវភាពរស់នៅ រហូតដល់រដូវកាលដាំដុះឆ្នាំក្រោយទៀត ។ ទោះយ៉ាងណាក្ដី មានបងប្រុសដ៏ល្អម្នាក់ជាមួយនឹងគ្រួសារថ្មីថ្មោងមួយ ដែលមិនមានដីសល់ ហើយត្រូវប្រឈមនឹងការគ្មានចំណូលអ្វីសោះក្នុងពេលមួយឆ្នាំ ។ អ្នកផ្សេងក្នុងសហគមន៍នោះ ដែលបានឃើញស្ថានភាពបន្ទាន់របស់បងប្រុសនោះ ហើយបានធ្វើតាមគំនិតផ្តូចផ្ដើម និង ការចំណាយផ្ទាល់ខ្លួនគេ ក៏បានរៀបចំដីមួយកន្លែង ដោយប្រើសម្ភារផ្ទាល់ខ្លួនរបស់ពួកគេដើម្បីព្យួរាស់ដីនោះ ព្រមទាំងបានផ្ដល់កូនម្ទេសដល់គាត់ឲ្យដាំទៀតផង ។
ខ្ញុំស្គាល់បុរស ដែលខ្ញុំទើបតែបាននិយាយនេះ ។ ដោយស្គាល់ពួកគេ ខ្ញុំមិនមានការភ្ញាក់ផ្អើលចំពោះអ្វីដែលពួកគេបានធ្វើនោះទេ ។ ប៉ុន្ដែអ្នកដែលមិនបានស្គាល់ពួកគេ ប្រហែលជានឹងមានសំណួរពីរ ដែលសំណួរទាំងពីរនោះនឹងចាប់ផ្ដើមដោយពាក្យថា ហេតុអ្វី ។ ហេតុអ្វីបានជាពួកគេមកព្រះវិហារបរិសុទ្ធ ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយបម្រើទាំងមិនបានសម្រាកពេញមួយយប់ ដោយគ្រាន់តែដឹងថា ពួកគេបានបាត់បង់ចំណូលរបស់ពួកគេមួយភាគធំពេញមួយឆ្នាំនេះ ? ហេតុអ្វីបានជាពួកគេប្រើអ្វីដែលមានតិចតួច ហើយជាធនធានដ៏មានតម្លៃបំផុតដើម្បីជួយដល់អ្នកផ្សេងដែលត្រូវការជំនួយដ៏ខ្លាំង សូម្បីតែពេលនោះពួកគេក៏នៅក្នុងស្ថានភាពខ្វះមុខខ្វះក្រោយផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់មួយដែរនោះ ?
ប្រសិនបើអ្នកយល់ថា ដូចម្ដេចទៅហៅថាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទម្នាក់ នោះអ្នកនឹងដឹងចម្លើយចំពោះសំណួរទាំងពីរនេះហើយ ។
ការធ្វើសេចក្ដីសញ្ញាក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ គឺជាការចាប់ផ្ដើមនៃដំណើរពេញមួយជីវិត ហើយផ្លូវនេះមិនតែងតែងាយស្រួលនោះទេ ។ នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ហើយខិតខំធ្វើអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ និង បម្រើប្រជាជនរបស់យើងដូចជាទ្រង់បានបម្រើពួកគេដែរ នោះយើងនឹងក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើងដោយចៀសមិនរួច ។ ការក្លាយដូចជាទ្រង់ និង ការក្លាយជាតែមួយជាមួយនឹងទ្រង់ គឺជាគោលដៅ និង កម្មវត្ថុដ៏ចុងបំផុតមួយ---ហើយជាមូលដ្ឋាន វាគឺជានិយមន័យតែមួយគត់នៃភាពជាសិស្សដ៏ពិតនោះ ។
ដូចដែលព្រះអង្គសង្គ្រោះ បានសួរសិស្សរបស់ទ្រង់ នៅពេលទ្រង់បានយាងទៅទ្វីបអាមេរិច « ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? » ហើយបន្ទាប់មក ដោយឆ្លើយនឹងសំណួររបស់ទ្រង់ផ្ទាល់ ទ្រង់បានមានព្រះបន្ទូលថា « យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជាយើង » ( នីហ្វៃទី 3 27:27 ) ។
ការក្លាយដូចជាព្រះអង្គសង្គ្រោះ គឺមិនមែនជាកិច្ចការងាយស្រួលនោះទេ ជាពិសេសនៅក្នុងពិភពលោកមួយដែលយើងរស់នៅនេះ ។ យើងជួបនឹងឧបសគ្គ និង ការសាកល្បងទាំងឡាយជាក់ស្ដែងរាល់ថ្ងៃនៅក្នុងជីវិតយើង ។ មានហេតុផលមួយចំពោះការណ៍នេះ ហើយវាគឺជាគោលបំណងដ៏សំខាន់មួយនៃជីវិតរមែងស្លាប់ ។ ដូចដែលយើងអានក្នុង អ័ប្រាហាំ 3:25 ថា « ហើយយើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ » ។
ការសាកល្បង ឬក៏ឧបសគ្គទាំងនេះ ខុសគ្នាតាមធម្មជាតិ និង កម្លាំង ។ ប៉ុន្ដែ គ្មាននរណាម្នាក់នឹងចាកចេញពីជីវិតរមែងស្លាប់នេះ ដោយមិនបានឆ្លងកាត់ការសាកល្បងនោះទេ ។ ភាគច្រើន យើងស្រមៃឧបសគ្គនោះថាជាការបាត់បង់ដំណាំ ឬ ការងារមួយ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ ជំងឺ អសមត្ថភាពខាងរាងកាយ ខួរក្បាល ឬ ខាងអារម្មណ៍ ភាពក្រីក្រ ឬក៏ការបាត់បង់មិត្តភក្ដិ ។ ទោះយ៉ាងណាក្ដី សូម្បីតែការសម្រេចបាននូវកម្មវត្ថុដែលមានប្រយោជន៍ដ៏សម្យរម្យ ក៏អាចនាំគ្រោះថ្នាក់នៃការឆ្មើងឆ្មៃដ៏ឥតប្រយោជន៍ផ្ទាល់ខ្លួនពួកគេដែរ ជាអ្វីដែលយើងចង់បាននូវកិត្តិយសរបស់មនុស្សជាជាងអំណាចស្ថានសួគ៌ដែរ ។ ទាំងនេះអាចរួមមានភាពល្បីល្បាញខាងលោកិយ ការទទួលស្គាល់ជាសាធារណៈ វីរភាពខាងរាងកាយ ទេពកោសល្យខាងសិល្បៈ ឬ ខាងអត្តពលកម្ម ការរីកចម្រើន និង ទ្រព្យសម្បត្តិ ។ ទាក់ទងនឹងឧបសគ្គចុងក្រោយទាំងនេះ ពួកយើងខ្លះអាចមានអារម្មណ៍ស្រដៀងនឹងអ្វីដែលបានលើកឡើងដោយ Tevye នៅក្នុង Fiddler on the Roof ៖ « ប្រសិនបើទ្រព្យសម្បត្តិ គឺជាបណ្ដាសាមួយ សូមឲ្យ [ ព្រះ ] វាយខ្ញុំជាមួយនឹងទ្រព្យសម្បត្តិនោះ ហើយថាខ្ញុំនឹងមិនត្រឡប់មកវិញឡើយ ! » ។ 1
ប៉ុន្ដែប្រភេទឧបសគ្គចុងក្រោយទាំងនេះ អាចកាន់តែគួរឲ្យខ្លាច និង កាន់តែគ្រោះថ្នាក់ ព្រមទាំងពិបាកយកឈ្នះខ្លាំងជាងឧបសគ្គពីមុនៗទៅទៀត ។ ភាពជាសិស្សរបស់យើង នឹងត្រូវអភិវឌ្ឍ និង បង្ហាញ មិនមែនដោយសារប្រភេទឧបសគ្គដែលយើងត្រូវជួបនោះទេ ប៉ុន្ដែដោយរបៀបដែលយើងតស៊ូនឹងឧបសគ្គនោះ ។ ដូចដែលយើងត្រូវបានបង្រៀនដោយប្រធាន ហែនរី ប៊ី អាវរិង ៖ « ដូច្នេះ ការសាកល្បងដ៏ធំបំផុតនៃជីវិត គឺដើម្បីដឹងថាតើយើងនឹងស្ដាប់ និង ប្រតិបត្តិតាមការបញ្ជារបស់ព្រះនៅកណ្ដាលព្យុះទាំងឡាយនៃជីវិតដែរឬទេ ។ វាមិនមែនត្រូវស៊ូទ្រាំនឹងព្យុះនោះទេ ប៉ុន្ដែត្រូវជ្រើសរើសអ្វីដែលត្រឹមត្រូវ កាលដែលព្យុះវាបក់បោកយ៉ាងខ្លាំងនោះ ។ ហើយសោកនាដកម្មនៃជីវិត គឺការបរាជ័យនៅក្នុងការសាកល្បងនោះ ហើយមិនបានសក្ដិសមដើម្បីត្រឡប់ទៅរកផ្ទះនៅស្ថានសួគ៌របស់យើងវិញដោយភាពរុងរឿងនោះ » ។ ( « Spiritual Preparedness: Start Early and Be Steady » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 38 ) ។
ខ្ញុំគឺជាជីតាដ៏មានមោទនភាពចំពោះចៅ 23 នាក់ ។ ពួកគេមិនដែលឈប់កោតសរសើរដល់ខ្ញុំ ដោយការទទួលយកសេចក្ដីពិតដ៏អស់កល្បរបស់ពួកគេ ទោះជានៅក្នុងវ័យក្មេងខ្ចីរបស់គេក្ដី ។ នៅពេលខ្ញុំកំពុងរៀបចំការនិយាយនេះ ខ្ញុំសុំពួកគេម្នាក់ៗឲ្យផ្ញើរនិយមន័យខ្លីៗមួយអំពីន័យនៃការក្លាយជាសិស្ស ឬ អ្នកដើរតាមម្នាក់របស់ព្រះយេស៊ូវគ្រីស្ទរបស់ពួកគេដល់ខ្ញុំ ។ ខ្ញុំបានទទួលចម្លើយដ៏អស្ចារ្យមកពីពួកគេទាំងអស់គ្នា ។ ប៉ុន្តែខ្ញុំចង់ចែកចាយជាមួយអ្នកនូវចម្លើយនេះពីចៅប្រុស ប៊េនយ៉ាមីន ដែលមានអាយុប្រាំបីឆ្នាំថា ៖ « ការក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទម្នាក់មានន័យថា ការក្លាយជាគំរូមួយ ។ វាមានន័យថា ការធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ហើយកំពុងរៀបចំដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា ។ វាមានន័យថា ការបម្រើដល់អ្នកដទៃ ។ វាមានន័យថា អ្នកអានព្រះគម្ពីរ និង អធិស្ឋាន ។ វាមានន័យថា អ្នករក្សាថ្ងៃសិល្ប៍ទុកជាបរិសុទ្ធ ។ វាមានន័យថា អ្នកស្ដាប់តាមការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ វាមានន័យថា ការទៅព្រះវិហារ និង ទៅព្រះវិហារបរិសុទ្ធ » ។
ខ្ញុំយល់ស្របតាមប៊េនយ៉ាមីន ។ ភាពជាសិស្ស គឺជាការធ្វើ និង ការក្លាយទៅជា ។ នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបម្រើដល់ប្រជាជនរបស់យើង នោះយើងក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។ ការគោរពប្រតិបត្តិតាមព្រះរាជបំណងរបស់ទ្រង់ នាំមកនូវភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងពរជ័យទាំងឡាយនៃសេចក្ដីសុខសាន្ដ ក្ដីអំណរ និង សុវត្ថិភាពដែលតែងតែអមនឹងអង្គទីបីនៃក្រុមព្រះ ។ ហើយពរជ័យទាំងនោះ មិនអាចមកតាមរបៀបណាផ្សេងទៀតបានទេ ។ ទីបំផុត វាមកដោយការប្រតិបត្តិតាមដ៏ពេញលេញតាមព្រះបំណងរបស់ទ្រង់ ដែលនឹងជួយយើងឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង ។ ជាថ្មីម្ដងទៀត ការក្លាយដូចជាទ្រង់ និង ការក្លាយជាតែមួយជាមួយនឹងទ្រង់ គឺជាគោលដៅ និង កម្មវត្ថុដ៏ចុងបំផុតមួយ---ហើយជាមូលដ្ឋាន វាគឺជានិយមន័យតែមួយគត់នៃភាពជាសិស្សដ៏ពិតនោះ ។
ភាពជាសិស្ស គឺជាអ្វីដែលខ្ញុំបានឃើញថាបានអនុវត្តនៅក្នុងព្រះវិហារបរិសុទ្ធ ខូឡូនា ហួរេស៍ និង នៅក្នុងតំបន់ក្បែរៗនោះ ក្នុងភាពជាបងប្អូនប្រុសស្រីនឹងគ្នា ដោយសេចក្ដីជំនឿដែលបានបញ្ជាក់ពីការតាំងចិត្តរបស់ពួកគេចំពោះព្រះ និង ចំពោះគ្នាទៅវិញទៅមក ដោយមិនគិតពីការសាកល្បងដ៏លំបាក ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ បម្រើដល់អ្នកដទៃ និង សម្របឆន្ទៈរបស់យើងទៅតាមព្រះឆន្ទៈរបស់ទ្រង់ នោះយើងនឹងក្លាយជាសិស្សដ៏ពិតរបស់ទ្រង់ពិតមែន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។