ឆ្នាំ ២០១០-២០១៩
អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពុំ​អាច​ប្រាប់​បាន
តុលា 2012


11:0

អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពុំ​អាច​ប្រាប់​បាន

ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ការ​សាមគ្គីភាព​ដ៏ឥតខ្ចោះ​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បំពេញ​នូវ​តួនាទី​ និង​ ការទទួលខុសត្រូវ​ជាក់លាក់​សំខាន់ៗជាច្រើន ។

នៅ​ឆ្នាំ 1994 ប្រធាន ហាវើដ  ដបុលយូ ហឹនធើរ បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ទាំងអស់​ឲ្យ « សាងសង់​ព្រះវិហារបរិសុទ្ធ ... ជា​និមិត្តសញ្ញា​ដ៏អស្ចារ្យ​នៃ​សមាជិកភាព [ របស់​យើង ] » ។ 1 ក្រោយ​មក​ក្នុង​ឆ្នាំ​នោះ ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ បោនទីហ្វុល យូថាហ៍ ត្រូវ​បាន​សាង​សង់រួច ។ យើង​ដូចជា​មនុស្ស​ជាច្រើន​ដែរ មាន​ចិត្ត​រំភើប​ដើម្បី​នាំ​គ្រួសារ​វ័យក្មេង​របស់​យើង ទៅ​កាន់​ពិធីសម្ភោធ​មុន​ការឧទ្ទិស​ឆ្លង ។ យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រៀប​ចំ​កូនៗ​របស់​យើង​ចូល​ព្រះវិហារបរិសុទ្ធ អធិស្ឋានដោយស្មោះ ដើម្បី​ពួកគេ​នឹង​មានបទពិសោធន៍​ខាងវិញ្ញាណ ដើម្បី​ឲ្យព្រះវិហារបរិសុទ្ធ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ជីវិត​របស់​ពួកគេ ។

ពេល​យើង​ដើរ​ដោយ​មានគារវភាព​ក្នុង​ព្រះវិហារបរិសុទ្ធ ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំ​កោតសរសើរ​ចំពោះ​ស្ថាបត្យកម្ម​ដ៏​ប្រណិត សំណង់​ដ៏ស្រស់ស្អាត ពន្លឺចាំង​តាម​បង្អួច​ខ្ពស់ៗ និង គំនូរ​ដ៏បំផុស​គំនិត​ជាច្រើន​ទៀត ។ គ្រប់​ទិដ្ឋភាព​នៃអគារ​ដ៏ពិសិដ្ឋ​នេះ គឺពិតជាល្អ​ ។

ពេល​ដើរ​ចូល​ក្នុង​បន្ទប់​សេឡេស្ទាល ខ្ញុំ​បាន​ដឹងភ្លាម​ថា កូន​ប្រុស​ពៅ​របស់​យើងឈ្មោះ Ben ដែលមាន​អាយុប្រាំមួយឆ្នាំ មក​តោងជើង​ខ្ញុំ ។ គាត់​ហាក់ដូចជា​រសាប់រសល់ -- ប្រហែល​ជា​មាន​បញ្ហា​តិចតួច ។

ខ្ញុំ​បាន​ខ្សឹប​សួរថា « មានរឿងអីហ្នឹង កូនប្រុស ? » ។

គាត់​ឆ្លើយ​ថា « ប៉ា តើ​មានអ្វី​កំពុង​កើតឡើងនៅទីនេះ ? ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ​ពី​មុន​ទេ » ។

ខ្ញុំ​បាន​លុតជង្គង់​ចុះ​នៅ​លើ​កំរាល​ឥដ្ឋ​ជិត​នឹង​គាត់ ដោយ​ទទួល​ស្គាល់​ថា នេះ​គឺ​ជា​លើក​ដំបូង​ដែល​កូន​ប្រុស​របស់​យើង​បាន​ទទួលអារម្មណ៍​​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ក្នុង​របៀប​ដ៏​មាន​អានុភាព​មួយ ។ ខណៈ​ដែល​អ្នកដើរ​ទស្សនា​​ដទៃទៀត​​ដើរ​នៅ​ជិតៗ​យើង នោះ​ ប៊ែន និង​ ខ្ញុំ បាន​ចំណាយ​ពេល​ប៉ុន្មាន​នាទី នៅជិត​គ្នា​រៀន​អំពី​ព្រះវិញ្ញាណបរិសុទ្ធ​ជាមួយ​គ្នា ។ ខ្ញុំ​អស្ចារ្យ​ក្នុង​ចិត្ត​ដែល​យើង​អាច​ពិភាក្សា​អំពី​អារម្មណ៍​ដ៏ពិសិដ្ឋ​របស់​គាត់ បានដោយ​ងាយ ។ នៅពេល​យើង​ដើរ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្វី​ដែល​បំផុសគំនិត​ ប៊ែន បំផុត​នោះគឺ​ពុំ​មែន​ជា​អ្វី​ដែល​គាត់ បាន​ឃើញ ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​គាត់បានទទួលអារម្មណ៍ --ពុំ​មែន​ជា​ភាពស្រស់ស្អាត​នៅ​ជុំ​វិញ​យើង​ទេ ប៉ុន្តែ​ជា​សម្លេងតូច​រហៀង​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះនៅ​ក្នុង​ដួងចិត្ត​គាត់ ។ ខ្ញុំ​បាន​ចែកចាយ​ជាមួយ​គាត់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំថា សូម្បី​តែ​ការ​ងឿងឆ្ងល់​នៃភាពជា​ក្មេង​របស់​គាត់ ក៏​បាន​រំឭក​ដល់​ខ្ញុំ​អំពី​កត្តញ្ញូតា​ចំពោះ​អំណោយទាន​មកពីព្រះ​ ដែល​ពុំ​អាច​ថ្លែង​បាន​នេះ -- ជាអំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ 2

តើ​ព្រះវិញ្ញាណ​បរិសុទ្ធជានរណា ?

ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​សមាជិក​ទីបី​នៃ​ក្រុមព្រះ ហើយ​ក៏​ដូចជា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ទ្រង់​ស្គាល់​គំនិត​យើង និង​ បំណង​នៃ​ដួងចិត្ត​យើង ។ 3 ព្រះវិញ្ញាណ​បរិសុទ្ធ ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​រីករាយ ។ ដោយ​សារ​ទ្រង់​ដឹង​អំពី​ឧបសគ្គ​ដែល​យើង​នឹង​ជួប​ប្រទះ នោះ​ទ្រង់​អាច​ដឹកនាំ​យើង ហើយ​បង្រៀន​យើង​នូវ​រឿងគ្រប់យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​យើង​ជា​ថ្មី​ម្ដងទៀត ។ 4

ព្រះវិញ្ញាណបរិសុទ្ធ​គឺ​ជា​តួអង្គ​វិញ្ញាណ​ដែល​មានទំនាក់ទំនង​នឹង​វិញ្ញាណ​របស់​យើង តាម​អារម្មណ៍ និង​ ចំណាប់អារម្មណ៍ ពុំ​ដូចជា​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង​ដ៏​រុងរឿង​នោះទេ ។ 5 ដោយ​សារ​ទ្រង់​ជា​វិញ្ញាណ ទ្រង់​មាន​ការទទួលខុសត្រូវ​ជា​ភ្នាក់​ងារ​ពិសេស ដែល​ប្រទានវិវរណៈ​ផ្ទាល់​ខ្លួនដល់​យើង​ ។ ជារឿយៗ នៅ​ក្នុង​គម្ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​សំដៅ​ទៅ​លើ​ព្រះវិញ្ញាណបរិសុទ្ធ, ព្រះវិញ្ញាណ​នៃ​ព្រះ, ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ការ​សន្យា ឬ និយាយ​ដោយសាមញ្ញ​ថា ព្រះវិញ្ញាណ ។6

តើ​បេសកកម្ម​របស់​ព្រះវិញ្ញាណបរិសុទ្ធ​ជាអ្វី ?

ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ការ​សាមគ្គីភាព​ដ៏ឥតខ្ចោះ​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បំពេញ​នូវ​តួនាទី​ និង​ ការទទួលខុសត្រូវ​ជាក់លាក់​សំខាន់ៗជាច្រើន ។ គោលបំណង​ចំបង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ថ្លែងជាសាក្សី​អំពីព្រះជាព្រះបិតា និង ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ 7 ហើយ​បង្រៀន​យើង​នូវ​សេចក្ដីពិត​គ្រប់យ៉ាង ។ 8 សាក្សីពិត​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ជា​សាក្សី​ច្បាស់​លាស់ជាងសាក្សី​​មកពី​ប្រភព​ដទៃទៀត ។ ប្រធាន យ៉ូសែប ហ្វីលឌីង​ ស្ម៊ីធ បាន​បង្រៀន​ថា « ព្រះវិញ្ញាណ​នៃ​ព្រះ មានបន្ទូល​ទៅ​កាន់​វិញ្ញាណ​មនុស្ស មានអំណាច​ ទំនាក់ទំនងសេចក្ដីពិត ដោយ​ឥទ្ធិពល​ដ៏​មហិមា ហើយ​មានការ​យល់ដឹង​ជាង​សេចក្ដីពិត ដែល​ទំនាក់ទំនង​ដោយ​ការទាក់ទង​ផ្ទាល់ខ្លួន​ជាមួយ​នឹង​តួអង្គ​ពីស្ថានសួគ៌ » ។ 9

​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ត្រូវបាន​ស្គាល់​ថា ជា​អង្គ​លួងលោមចិត្ត ។ 10 អំឡុង​គ្រា​ដែល​មានបញ្ហា ឬ អស់សង្ឃឹម ឬ នៅ​ពេល​យើង​ចាំបាច់​ត្រូវ​ដឹង​ថា ព្រះ​គង់​នៅ​ជិត​ឬទេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លើក​វិញ្ញាណ​យើង​ឡើង ផ្ដល់​ក្ដី​សង្ឃឹម​ដល់​យើង ហើយ​បង្រៀន​យើង « នូវ​ការណ៍​ទាំងឡាយ​ប្រកប​ដោយ​ក្ដី​សុខសាន្ដ​នៃនគរ » 11 ដែល​ជួយ​យើង​មាន​អារម្មណ៍ « ក្ដីសុខសាន្ដ​នៃ​ព្រះ ដែលហួស​លើស​ពី​អស់​ទាំង​គំនិត » ។ 12

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅពេល​គ្រួសារ​យើង​ជួបជុំ​គ្នា សម្រាប់​អាហារ​ពេល​ល្ងា​ច​ក្នុងថ្ងៃ​បុណ្យ ឪពុក​ខ្ញុំ​បាន​ចាប់​ផ្ដើម​លេង​ល្បែង​កំសាន្ដ​ជាមួយ​នឹង​ចៅៗ​ជាច្រើន​របស់​គាត់ ។ រំពេច​នោះ ដោយ​ពុំ​បាន​ដឹង​មុន គាត់​បានដួល ហើយ​បាន​ទទួល​មរណភាព​ទៅ ។ ព្រឹត្តការណ៍​ដែល​ពុំ​រំពឹង​នេះ ​ក្លាយ​ជា​រឿង​ដ៏ទុក្ខសោក ជាពិសេស​ចៅៗ​របស់​គាត់ ពួកគេ​បាន​សួរ​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ ។ ទោះ​ជា​យ៉ាង​ណា នៅពេល​យើង​ប្រមូល​កូនៗ​របស់​យើង​មក​ជុំ​គ្នា នៅពេល​យើង​អធិស្ឋាន ហើយ​អាន​ពាក្យ​ព្យាការី​ក្នុង​គម្ពីរមរមន​អំពី​គោលបំណង​នៃ​ជីវិត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​លួងលោម​ចិត្ត​យើង​ម្នាក់ៗ​ដោយផ្ទាល់ ។ ចម្លើយ​ដែល​យើង​ស្វែងរក​បាន​ប្រាប់​យ៉ាង​ច្បាស់​ក្នុង​ដួងចិត្ត​យើង តាម​របៀប​មួយ​ដែល​ពិបាក​ពិពណ៌នា​ជា​ពាក្យ​សម្ដី ។ យើង​មាន​អារម្មណ៍​សុខសាន្ដនៅ​ថ្ងៃ​នោះ ដែល​ពិតជា​ហួស​ពី​ការ​យល់ដឹង​របស់​យើង ព្រោះ​តែ​សាក្សី​មកពី​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ច្បាស់លាស់ ពុំ​អាច​បដិសេធបាន ហើយ​ជាការពិត ។

ព្រះវិញ្ញាណបរិសុទ្ធ គឺ​ជា​គ្រូបង្រៀន និង ជា​អ្នកទទួល​វិវរណៈ ។ 13 នៅពេល​យើង​សិក្សា ពិចារណា ហើយ​អធិស្ឋាន​អំពី​សេចក្ដីពិត​នៃដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ បំភ្លឺ​ចិត្ត​យើង ហើយ​ពន្លឿន​ការ​យល់ដឹង​យើង ។14 ទ្រង់​បណ្ដាល​ឲ្យ​សេចក្ដីពិត​កត់ត្រា​ជាប់​នៅ​ក្នុង​ព្រលឹង​យើង ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏ធំ​កើត​ឡើង​ក្នុង​ចិត្ត​យើង ។ នៅពេល​យើង​ចែក​ចាយ​សេចក្ដីពិត​ទាំងនេះ​ជាមួយគ្រួសារ​យើង ​សមាជិក​នៃ​សាសនាចក្រ និង មិត្តភក្ដិ ព្រមទាំង​អ្នកជិតខាង​ក្នុង​សហគមន៍​របស់​យើង នោះ​ព្រះវិញ្ញាណបរិសុទ្ធ ក្លាយ​ជា​គ្រូ​របស់ពួកគេ​ផងដែរ ត្បិត​ទ្រង់​នាំ​សារលិខិត​នៃ​ដំណឹងល្អ « ចូល​ទៅ​ក្នុង​ដួងចិត្ត​នៃ​កូនចៅ​មនុស្ស » ។15

ព្រះវិញ្ញាណបរិសុទ្ធ បំផុសគំនិត​យើង ដើម្បី​ជួយ​បម្រើ​ដល់​អ្នក​ដទៃ ។ ចំពោះ​ខ្ញុំ ឧទាហរណ៍​ដ៏​ច្បាស់​បំផុត​នៃ​ការ​ស្ដាប់តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​ការ​បម្រើ​អ្នកដទៃ កើត​មក​ពី​ជីវិត និង ការ​បម្រើ​របស់​ប្រធាន ថូម៉ាស អេស. ម៉នសុន ដែល​បាន​និយាយ​ថា ៖​ « នៅ​​ពេល​ធ្វើ​នូវការទទួលខុសត្រូវ​របស់​យើង ខ្ញុំ​បាន​រៀន​​ថា នៅពេល​យើងស្ដាប់​តាម​ការ​បំផុសគំនិត​ដោយ​ស្ងាត់ៗ ហើយ​ធ្វើ​តាម​ដោយ​ពុំ​ពន្យាពេល នោះ​ព្រះវរបិតាសួគ៌​យើង នឹង​នាំ​ជំហាន​របស់​យើង ហើយ​ប្រទាន​ពរ​ដល់ជីវិត​យើង និង ជីវិត​អ្នកដទៃ ។ ខ្ញុំ​ពុំ​ដឹងអំពី​បទពិសោធន៍​ណា​ដែល​ផ្អែម​ល្ហែម ឬ ជាអារម្មណ៍​មាន​តម្លៃ​ជាង ការ​ស្ដាប់​តាមការបំផុសគំនិត​ ដើម្បី​ដឹង​ថា​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នកដទៃ​តាមរយៈ​អ្នក​នោះទេ » ។ 16

ខ្ញុំ​ចង់ចែកចាយ​បទពិសោធន៍​ផ្អែមល្ហែម​មួយ ។ ខណៈ​ដែល​ប្រធាន​ម៉នសុន បម្រើ​ជា​ប៊ីស្សព លោក​បាន​ដឹង​ថា សមាជិក​ម្នាក់​ក្នុង​វួដ​របស់​លោក ឈ្មោះ ម៉ារី វ៉តសុន គេង​នៅ​មន្ទីរពេទ្យ ។ ពេល​លោក​ទៅ​សួរសុខទុក្ខគាត់ លោក​បាន​ដឹង​ថា​គាត់​គេង​នៅ​ក្នុង​បន្ទប់​ធំមួយ ដែល​មាន​អ្នកជម្ងឺ​ដទៃទៀត​ជាច្រើន ។ ពេល​លោក​ទៅ​ដល់​បងស្រី វ៉តសុន លោក​បាន​សំគាល់​ឃើញ​ថា អ្នកជម្ងឺ​នៅ​ជាប់​គ្រែនោះ​យក​កំរាល​គ្រែ​មក​គ្រប​លើ​មុខ​របស់​គាត់​យ៉ាង​រហ័ស ។

បន្ទាប់​ពី​ប្រធាន ម៉នសុន បាន​សួរសុខទុក្ខ​បងស្រី វ៉តសុន និង​ ផ្ដល់​ពរជ័យ​នៃ​បព្វជិតភាព​ដល់​គាត់​រួច​ហើយ លោក​បានចាប់​ដៃលា ហើយ​បាន​រៀបនឹង​ចាកចេញ ។ ពេល​នោះ​មាន​រឿង​សាមញ្ញ​ តែ​អស្ចារ្យ​មួយ​បាន​កើតឡើង ។ ឥឡូវ​ខ្ញុំ​ដកស្រង់​មកពី​ការចងចាំ​ផ្ទាល់​របស់​ប្រធានម៉នសុន អំពី​បទពិសោធន៍​នេះ​ថា ៖

« ខ្ញុំ​ពុំ​អាច​ចេញ​ពី​គាត់ទេ ។ វា​ហាក់ដូចជា​មាន​ដៃ​ដែល​មើល​មិនឃើញ [ បាន ] ដាក់​មក​លើ​ស្មា​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ក្នុង​ព្រលឹង​ខ្ញុំ​ថា ខ្ញុំ​ឮពាក្យ​ទាំងនេះ ៖ ‹ ចូរ​ទៅ​គ្រែអ្នកជម្ងឺ​នៅ​ជាប់នោះ ជា​គ្រែដែល​ស្ត្រី​តូច​ម្នាក់​គ្រប​មុខ ពេល​អ្នកដើរ​ចូល​មក​ › ។ ខ្ញុំ​ក៏បាន​ធ្វើ​តាម... ។

ខ្ញុំ​បាន​ទៅ​ដល់​គ្រែ​របស់​អ្នកជម្ងឺ​ម្នាក់ទៀត ហើយ​បាន​គោះ​ស្មា​របស់​គាត់​តិចៗ ហើយ​ទាញ​កំរាល​ចេញ​ពី​មុខ​គាត់​ដោយ​ប្រយ័ត្ន ។ មើល​ចុះ ! គាត់​ក៏​ជា​សមាជិកម្នាក់​ក្នុង​វួដ​ខ្ញុំ​ដែរ​តើ ។ ខ្ញុំ​ពុំ​ដឹង​ថា គាត់​ឈឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ទេ ។ ​គាត់ឈ្មោះ ខាតធ្លីន ម៉ាក់​គី ។ ពេល​យើង​មើល​គ្នាទៅវិញទៅមក គាត់​បាន​ស្រែក​ដោយទឹកភ្នែកថា ‹ ឱ ប៊ីស្សព ពេល​លោក​ដើរ​ចូល​តាម​ទ្វារនោះ ខ្ញុំ​ដឹង​ថា លោក​មក​មើល​ខ្ញុំ និង ប្រសិទ្ធពរ​ខ្ញុំ ជា​ការ​ឆ្លើយ​តបចំពោះ​ការ​អធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​រីករាយ​ក្នុង​ចិត្ត ពេល​គិត​ថាលោក​ដឹង​ថា ខ្ញុំទីនេះ ប៉ុន្តែនៅពេល​លោក​ទៅ​ដល់គ្រែ​មួយ​ទៀត ខ្ញុំ​សោកសៅ ហើយ​ខ្ញុំ​ដឹង​ថា​លោក​ពុំមែន​មក​មើល​ខ្ញុំ​ទេ › ។

« ខ្ញុំ​បាន​និយាយ​ទៅ​ [ បងស្រី ] ម៉ាក់​គី ថា ៖ ‹ វា​មិនសំខាន់​ទេ ដែល​ខ្ញុំ​មិនដឹង​ថា​អ្នក​នៅទីនេះ​ ។ តែ​វាសំខាន់​ថា ព្រះវរបិតាសួគ៌​យើង បាន​ដឹង ហើយ​ថា​អ្នក​បាន​អធិស្ឋាន​ដោយ​ស្ងៀម​ស្ងាត់​សុំ​ការប្រសិទ្ធពរ​នៃ​បព្វជិតភាព ។ គឺទ្រង់​បាន​បំផុសគំនិត​ខ្ញុំ​ឲ្យមក​រកអ្នក ទោះ​ជា​អ្នក​លាក់​មុខ​ក្ដី »។ 17

តើ​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូលមកកាន់​យើង​ដោយរបៀប​ណា ?

យើងទាំងអស់គ្នា​មានបទពិសោធន៍​នឹង​ព្រះវិញ្ញាណបរិសុទ្ធ ទោះ​ជា​យើង​ពុំបាន​​ស្គាល់​ជានិច្ចក្ដី ។ នៅពេល​គំនិត​បំផុស​ក្នុង​ចិត្ត​យើង នោះ​យើង​ដឹង​ថា​វា​ជាការ​ពិត តាមរយៈ​អារម្មណ៍​ខាង​វិញ្ញាណ ដែល​ចូល​ក្នុង​ចិត្ត​យើង ។ ប្រធាន ប៊យដ៍  ឃេ ផាកកឺ បាន​បង្រៀន​ថា ៖ « ព្រះវិញ្ញាណបរិសុទ្ធ មាន​បន្ទូល​ដោយ​សម្លេង​មួយ ដែល​អ្នក មានអារម្មណ៍ដឹង ច្រើន​ជាង​អ្នក ស្ដាប់ឮ ... ។ ពេល​យើង​និយាយ​អំពី ‹​ ការ​ស្ដាប់​ › ការខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ ជាញឹកញាប់ មនុស្ស​ម្នាក់​ពិពណ៌នា​អំពី​ការ​បំផុសគំនិត​ខាង​វិញ្ញាណ​ដោយ​ការ​និយាយ​ថា ‹ ខ្ញុំមាន អារម្មណ៍ ... ›» ។ 18 គឺ​តាមរយៈ​អារម្មណ៍​ដ៏ពិសិដ្ឋ​ទាំងនេះ មកពីព្រះវិញ្ញាណបរិសុទ្ធ ដែល​យើង​អាច​ដឹង​នូវ​អ្វី​ដែល​ព្រះចង់​ឲ្យ​យើង​ធ្វើ ត្បិត​រឿងនេះ បាន​ថ្លែង​នៅ​ក្នុង​គម្ពីរ​ថា « គឺ​ជា​វិញ្ញាណ​នៃ​វិវរណៈ » ។ 19

តើវា​មានន័យ​យ៉ាង​ណា ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ?

នៅ​ក្នុង​ការ​បង្រៀន​ដល់ ​ ប៊ែន ជាកូនប្រុសអាយុប្រាំមួយឆ្នាំ​របស់​យើង ខ្ញុំ​គិតថា វា​សំខាន់​ដើម្បី​ពន្យល់​ពីភាព​ខុសគ្នា​រវាង​អ្វីដែល​គាត់​មានអារម្មណ៍ ជា​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ជា​អ្វី​ដែល​គាត់​នឹង​ទទួល​បន្ទាប់ពីបុណ្យជ្រមុជទឹក ។ មុនពេល​បុណ្យជ្រមុជទឹក អស់អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ និង អស់ពីចិត្តទាំងអស់ អាច​ទទួល​អារម្មណ៍​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​មួយ​គ្រាទៅមួយគ្រា ។ ទោះជាយ៉ាងណា ឱកាស​ដើម្បី​ទទួល​ភាពជាដៃគូ​នៃព្រះវិញ្ញាណបរិសុទ្ធ​ខ្ជាប់ខ្ជួន និង ភាពពេញលេញ នៃ​ពរជ័យ​ដែល​ទាក់ទងទាំងអស់ គឺ​មាន​សម្រាប់តែ​សមាជិក​ដែល​សក្ដិសម និង បានទទួល​បុណ្យជ្រមុជទឹក ដែល​ទទួលអំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ​ការដាក់ដៃលើ ដោយអ្នកទាំងឡាយ​ដែល​កាន់សិទ្ធិអំណាច​បព្វជិតភាព​របស់ព្រះប៉ុណ្ណោះ ។

តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ យើង​ទទួល​បាន​អំណាច​ និង អំណោយទាន​ខាង​វិញ្ញាណ​បន្ថែម ទទួលបានវិវរណៈ និង ការការពារ​កើនឡើង ទទួលបាន​ការដឹកនាំ និង ការណែនាំ​យ៉ាងខ្ជាប់ខ្ជួន ហើយ​ទទួលបាន​ពរជ័យ​ដែលបាន​សន្យា​នៃ​ការ​ញែកចេញ និង ភាពលើកតម្កើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ ពរជ័យទាំងអស់នេះ ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​លទ្ធផល​នៃ​បំណងប្រាថ្នា​ផ្ទាល់​របស់​យើង ដើម្បី​ទទួល​យក និង​ កើត​មាន នៅពេល​យើង​រៀប​ជីវិត​របស់​យើង​តាម​ឆន្ទៈ​របស់​ព្រះ ហើយ​ស្វែងរក​ការ​ដឹកនាំ​ដ៏ខ្ជាប់​ខ្ជួន​របស់ទ្រង់ ។

នៅពេលខ្ញុំ​គិត​អំពី​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយកូន ប៊ែន នៅ​ក្នុងព្រះវិហារបរិសុទ្ធ បោនទីហ្វុល យូថាហ៍ ខ្ញុំ​មាន​អារម្មណ៍ និង ចំណាប់អារម្មណ៍ដ៏​​ផ្អែមល្ហែម​ជាច្រើន ។ ការចងចាំ​ដ៏ច្បាស់​មួយ ដែលខ្ញុំ​មាន គឺ​នៅពេល​ខ្ញុំ​ផ្ដោត​ទៅ​លើ​ភាព​អស្ចារ្យ​​នៃ​អ្វី​ដែលខ្ញុំ​អាច​មើល​ឃើញ ប៉ុន្តែ​កូន​តូចនៅ​ជិត​ខ្ញុំ ស្គាល់អារម្មណ៍​ដ៏មាន​អំណាច​ក្នុង​ដួងចិត្ត​គាត់ ។ ជា​​ការ​រំឭក​ដ៏ទន់ភ្លន់ ខ្ញុំ​មិន​ត្រឹម​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឈប់ ហើយ​លុតជង្គង់ចុះ​តែប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ឲ្យ​ស្ដាប់​ការ​ហៅ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ក្លាយ​ដូចជា​កូន​ក្មេង-- រាបសារ ទន់ភ្លន់ និង ត្រៀមខ្លួនជាស្រេច​ដើម្បី​ស្ដាប់​សម្លេង​តូចរហៀង​នៃ​ព្រះវិញ្ញាណរបស់ទ្រង់ផងដែរ ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​នៃ​ភាព​ពិត​រស់រវើក និង បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​អាច​ស្គាល់​សេចក្ដីពិត​គ្រប់យ៉ាង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ជាអំណោយទាន​ដ៏​មានតម្លៃ និង ពុំអាច​កាត់​ថ្លៃ​បាន​របស់ព្រះវរបិតាសួគ៌ ចំពោះ​មនុស្ស​ទាំងអស់ ដែល​នឹង​មក​រក​ព្រះរាជបុត្រា ដើម្បីទទួលបុណ្យជ្រមុជទឹក​ក្នុង​ព្រះនាមទ្រង់ ហើយ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ​ពិធីបញ្ជាក់ នៅក្នុង​សាសនាចក្រ​ទ្រង់ ។ ខ្ញុំ​ថ្លែង​ជាសាក្សី​ផ្ទាល់​អំពី​សេចក្ដីពិតដ៏ពិសិដ្ឋទាំងនេះ នៅ​ក្នុង​ព្រះនាម​ ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។