កណ្ឌទី ៣៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅ ឬនៅក្បែរភូមិហ្វាយែត រដ្ឋញូវយ៉ក ខែធ្នូ ឆ្នាំ១៨៣០ (History of the Church, ១:១២៨–១៣១)។ នៅគ្រានេះ ព្យាការីរវល់ស្ទើរតែរាល់ថ្ងៃ ដោយសារការបកប្រែព្រះគម្ពីរប៊ីប។ ការបកប្រែប្រហែលជាបានចាប់ផ្ដើម នៅដើមខែមិថុនា ឆ្នាំ១៨៣០ ហើយ អូលីវើរ ខៅឌើរី និងយ៉ូហាន វិតមើរ ទាំងពីរនាក់បានបម្រើធ្វើជាស្មៀន។ ឥឡូវនេះ មកពីពួកគេត្រូវបានហៅឲ្យធ្វើតំណែងផ្សេងៗទៀត នោះ ស៊ីឌនី រិកដុន ត្រូវបានហៅ ដោយការហៅពីព្រះ ឲ្យបម្រើធ្វើជាស្មៀនរបស់ព្យាការី នៅក្នុងកិច្ចការនេះ (សូមមើលខ ២០)។ ទុកជាបុព្វកថាចំពោះបញ្ជីរបស់លោក អំពីវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « នៅខែធ្នូ ស៊ីឌនី រិកដុន បានមក [ពីរដ្ឋអូហៃអូ] ដើម្បីមកសូមស្នើពីព្រះ ហើយមាន អែតវឺត ប៉ាទ្រិច មកជាមួយគាត់ដែរ …។ ក្រោយពីពួកបងប្រុសពីរនាក់មកដល់បន្តិច ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ » (History of the Church, ១:១២៨)។
១–២, ពីរបៀបដែលមនុស្សលោកអាចបានត្រឡប់ទៅជាកូនព្រះ; ៣–៧, ស៊ីឌនី រិកដុន ត្រូវបានហៅឲ្យធ្វើបុណ្យជ្រមុជទឹក និងប្រគល់ព្រះវិញ្ញាណបរិសុទ្ធ; ៨–១២, ទីសំគាល់ និងអព្ភូតហេតុទាំងឡាយត្រូវបាននាំមកដោយសារសេចក្ដីជំនឿ; ១៣–១៦, ពួកអ្នកបម្រើរបស់ព្រះអម្ចាស់នឹងបញ្ជាន់សាសន៍ទាំងឡាយ ដោយព្រះចេស្ដានៃព្រះវិញ្ញាណ; ១៧–១៩, យ៉ូសែប ស៊្មីធ កាន់កូនសោទាំងឡាយនៃសេចក្ដីអាថ៌កំបាំង; ២០–២១, ពួកអ្នកដែលរើសតាំងនឹងធន់នៅក្នុងថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់; ២២–២៧, សាសន៍អ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះ។
១ចូរស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ គឺអាលផា និងអូមេកា ជាដើម ហើយជាចុង រីឯដំណើររបស់យើង គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច គឺនៅតែដដែល ទោះពីថ្ងៃម្សិលមិញ ថ្ងៃនេះ និងរហូតតទៅ។
២យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ជាអ្នកដែលត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក គឺដល់មនុស្សជាច្រើនដែលនឹងជឿដល់ព្រះនាមយើង ប្រយោជន៍ឲ្យពួកគេអាចបានត្រឡប់ទៅជាកូនព្រះ គឺឲ្យបានក្លាយទៅតែមួយក្នុងយើង ដូចជាយើងរួមគ្នាតែមួយក្នុងព្រះវរបិតា ដូចជាព្រះវរបិតារួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យយើងអាចបានរួមគ្នាទៅតែមួយ។
៣មើលចុះ ប្រាកដមែន យើងប្រាប់ដល់ស៊ីឌនី ជាអ្នកបម្រើយើងជាប្រាកដថា យើងបានទតមើលមកលើអ្នក និងកិច្ចការរបស់អ្នក។ យើងបានឮពាក្យអធិស្ឋានទាំងប៉ុន្មានរបស់អ្នក ហើយបានរៀបចំអ្នក សម្រាប់កិច្ចការដ៏លើសលែងទៅទៀត។
៤អ្នកមានពរហើយ ត្បិតអ្នកនឹងត្រូវបានធ្វើការដ៏ធំធេង។ មើលចុះ អ្នកត្រូវបានចាត់ឲ្យមក ដូចជាយ៉ូហាន ដើម្បីរៀបចំផ្លូវពីមុខយើង ហើយពីមុខលោកអេលីយ៉ា ដែលនឹងត្រូវមក ហើយអ្នកពុំបានដឹងសោះឡើយ។
៥អ្នកបានធ្វើបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត ប៉ុន្តែពួកគេពុំបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ។
៦ប៉ុន្តែឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នកនឹងត្រូវធ្វើបុណ្យជ្រមុជដោយទឹក ហើយពួកគេនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ ដូចជាពួកសាវកពីបុរាណ។
៧ហើយហេតុការណ៍នឹងកើតឡើង នឹងមានកិច្ចការមួយដ៏ធំនៅលើដែនដី គឺនៅក្នុងចំណោមពួកសាសន៍ដទៃ ត្បិតសេចក្ដីចម្កួតរបស់ពួកគេ និងអំពើគួរខ្ពើមឆ្អើមរបស់ពួកគេ នឹងត្រូវបានបើកសម្ដែងឲ្យឃើញដល់ភ្នែកនៃអស់ទាំងមនុស្ស។
៨ត្បិតយើងជាព្រះ ហើយដៃរបស់យើងមិនបានរួញខ្លីឡើយ ហើយយើងនឹងបង្ហាញអព្ភូតហេតុ ទីសំគាល់ និងការអស្ចារ្យទាំងឡាយ ដល់អស់អ្នកណាដែលជឿដល់ព្រះនាមយើង។
៩ហើយអស់អ្នកណាដែលនឹងសូមអ្វីដោយនូវព្រះនាមយើងក្នុងសេចក្ដីជំនឿ នោះពួកគេនឹងបណ្ដេញពួកអារក្សចេញ ពួកគេនឹងប្រោសមនុស្សឈឺ ពួកគេនឹងធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ និងមនុស្សថ្លង់បានឮ និងមនុស្សគបាននិយាយ និងមនុស្សខ្វិនបានដើររួច។
១០ហើយពេលនោះកំពុងតែមកដល់យ៉ាងឆាប់រហ័ស ក្នុងកាលការអស្ចារ្យដ៏ធំៗ ត្រូវបានបង្ហាញដល់កូនចៅមនុស្ស
១១ប៉ុន្តែដោយគ្មានសេចក្ដីជំនឿ នោះគ្មានអ្វីនឹងត្រូវបានបង្ហាញឡើយ លើកលែងតែសេចក្ដីហិនវិនាសទាំងឡាយមកលើក្រុង បាប៊ីឡូន គឺជាក្រុងនោះដែលបានធ្វើឲ្យអស់ទាំងសាសន៍ផឹកស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធនៃសេចក្ដីកំផិតរបស់នាង។
១២ហើយគ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ លើកលែងតែពួកអ្នកបានប្រុងប្រៀប ដើម្បីទទួលភាពពោរពេញនៃដំណឹងល្អរបស់យើងប៉ុណ្ណោះ ដែលយើងបានចាត់ឲ្យមកឯតំណមនុស្សនេះ។
១៣ហេតុដូច្នោះហើយ យើងហៅពួកកម្សោយនៅលោកិយ គឺជាពួកអ្នកដែលពុំបានរៀនសូត្រ ហើយគេមើលងាយ ដើម្បីឲ្យបញ្ជាន់សាសន៍ទាំងឡាយ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង
១៤ហើយដៃរបស់ពួកគេនឹងបានទៅជាពាហុរបស់យើង ហើយយើងនឹងធ្វើជាខែលរបស់ពួកគេ និងជាប្រដាប់ការពាររបស់ពួកគេ ហើយយើងនឹងក្រវាត់ចង្កេះរបស់ពួកគេ ហើយពួកគេនឹងច្បាំងយ៉ាងក្លាហានជំនួសយើង ហើយពួកខ្មាំងសត្រូវរបស់ពួកគេនឹងបាននៅក្រោមជើងរបស់ពួកគេ ហើយយើងនឹងបណ្ដោយឲ្យដាវធ្លាក់មកដោយសារពួកគេ ហើយដោយសារភ្លើងនៃសេចក្ដីក្ដៅក្រហាយរបស់យើង នោះយើងនឹងរក្សាពួកគេទុកឲ្យបានគង់វង់។
១៥ហើយពួកទាល់ក្រ និងមនុស្សស្លូតត្រង់នឹងត្រូវបានដំណឹងល្អផ្សាយដល់ពួកគេ ហើយពួកគេនឹងទន្ទឹងចាំដល់ពេលដែលយើងនឹងយាងមក ត្បិតពេលនោះនៅជិតដៃបង្កើយ —
១៦ហើយពួកគេនឹងបានរៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា ត្បិតសូម្បីតែពេលឥឡូវនេះ រដូវក្ដៅជិតដល់ហើយ។
១៧ហើយយើងបានចាត់ភាពពោរពេញនៃដំណឹងល្អរបស់យើង ដោយសារដៃយ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយដោយនូវសេចក្ដីកម្សោយ នោះយើងបានប្រទានពរដល់លោក
១៨ហើយយើងបានប្រទានដល់លោកនូវកូនសោទាំងឡាយនៃសេចក្ដីអាថ៌កំបាំងអំពីរបស់អស់ទាំងនោះ ដែលបានបិទត្រាទុក គឺជារបស់ទាំងឡាយដែលមាន ចាប់តាំងពីកំណើតលោកិយមកម្ល៉េះ ហើយជារបស់ទាំងឡាយដែលនឹងចេញមក ចាប់តាំងពីពេលនេះ លុះត្រាដល់ពេលដែលយើងនឹងយាងមក បើសិនជាលោកនៅជាប់នឹងយើង ហើយបើសិនជាពុំនៅជាប់នឹងយើងទេ នោះយើងនឹងដាក់អ្នកណាផ្សេងទៀតជំនួសលោក។
១៩ហេតុដូច្នោះហើយ ចូរមើលលោក ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់លោកវិនាសបាត់ឡើយ ហើយរបស់ទាំងនោះនឹងត្រូវបានប្រទានឲ្យដោយព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលជ្រាបគ្រប់ទាំងអស់។
២០ហើយយើងប្រទានបញ្ញត្តិមួយដល់អ្នក — ថាអ្នកនឹងត្រូវសរសេរឲ្យលោក ហើយបទគម្ពីរទាំងឡាយនឹងត្រូវបានប្រទានឲ្យ សូម្បីតែនៅក្នុងឱរារបស់យើងផ្ទាល់ គឺដើម្បីសេចក្ដីសង្គ្រោះដល់ពួកដែលយើងរើសតាំង
២១ត្បិតពួកគេនឹងបានឮសំឡេងរបស់យើង ហើយនឹងបានឃើញយើង ហើយនឹងមិនងុយងក់ឡើយ ហើយនឹងធន់នៅក្នុងថ្ងៃនៃការយាងមករបស់យើង ត្បិតពួកគេនឹងត្រូវបានល្អសុទ្ធសាធ ដូចជាយើងល្អសុទ្ធសាធដែរ។
២២ហើយឥឡូវនេះ យើងប្រាប់អ្នកថា ចូរនៅជាមួយនឹងលោកចុះ ហើយលោកនឹងធ្វើដំណើរជាមួយនឹងអ្នក ចូរកុំបោះបង់លោកចោលឡើយ ហើយការណ៍ទាំងឡាយនេះច្បាស់ជានឹងបានសម្រេចមែន។
២៣ហើយដរាបណាអ្នករាល់គ្នាមិនសរសេរ មើលចុះ នោះនឹងបានប្រទានដល់លោកឲ្យព្យាករ ហើយអ្នកនឹងត្រូវផ្សាយដំណឹងល្អរបស់យើង ហើយហៅរកពួកព្យាការីបរិសុទ្ធ ដើម្បីបញ្ជាក់ពាក្យពេចន៍របស់លោក ដូចដែលបានប្រទានដល់លោក។
២៤ចូរកាន់តាមបញ្ញត្តិ និងសេចក្ដីសញ្ញាទាំងប៉ុន្មានដែលអ្នករាល់គ្នាជាប់ ហើយយើងនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក ហើយអារក្សសាតាំងនឹងញ័ររន្ធត់ ហើយក្រុងស៊ីយ៉ូននឹងបានអរសប្បាយនៅលើភ្នំទាំងឡាយ ហើយលូតលាស់
២៥ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះ តាមពេលដែលយើងកំណត់ ហើយដោយសារកូនសោដែលយើងបានប្រទានឲ្យ នោះពួកគេនឹងត្រូវបាននាំ ហើយគ្មាននរណានឹងត្រូវបំភាន់ទៀតឡើយ។
២៦ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ គឺសេចក្ដីប្រោសលោះរបស់អ្នកជិតមកដល់ហើយ។
២៧ចូរកុំខ្លាចឡើយ ហ្វូងតូចអើយ នគរជារបស់ផងអ្នកហើយ ដរាបដល់យើងយាងមក។ មើលចុះ យើងមកយ៉ាងឆាប់រហ័ស។ គឺដូច្នោះមែន។ អាម៉ែន៕