ឆ្នាំ ២០១០-២០១៩
ចូរ​ប្រែក្លាយ​ខ្លួន​ឲ្យ​​​​កាន់​តែជា​ពួកគ្រីស្ទាន
តុលា 2012


15:9

ចូរ​ប្រែក្លាយ​ខ្លួន​ឲ្យ​​​​កាន់​តែជា​ពួកគ្រីស្ទាន

នេះ​គឺ​ជា​ការ​ហៅ​របស់​ព្រះ​គ្រីស្ទ​ដល់​ពួក​គ្រីស្ទាន​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ ៖ « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង... ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង »

តើ​ដើម្បី​ធ្វើ​ជា​ពួក​គ្រីស្ទាន​មាន​ន័យ​ដូច​ម្ត៉េច ?

ពួក​គ្រីស្ទាន​មាន​ជំនឿ​លើ​ព្រះ​អម្ចាស់​ យេស៊ូវ​គ្រីស្ទថា ទ្រង់​ពិត​​ជា​ព្រះ​​បុត្រា​​ព្រះ ដែល​ព្រះ​បិតា​បញ្ជូន​មកដើម្បី​រង​ទុក្ខ​សម្រាប់​អំពើ​បាប​យើង ដោយ​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់​​​ដ៏​មហិមា​ដែល​យើង​ស្គាល់​ថា​ជា ​ដង្វាយ​ធួន ។

ពួក​គ្រីស្ទាន​ជឿថា តាម​រយៈ​ព្រះគុណនៃ​ព្រះវរបិតា និង ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ ប្រែ​ចិត្ត អភ័យ​ទោស​ដល់​អ្នក​ដទៃ គោរព​បញ្ញាត្តិ ហើយ​គ្រងមរត​នៃ​ជីវិត​អស់​កល្ប ។

ពាក្យ​ថា គ្រីស្ទាន មាន​ន័យ​ថា យើង​យក​ដាក់​លើ​ខ្លួនយើង​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។ យើង​ធ្វើ​បែប​នេះ ដោយ​ទទួល​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ការ​ដាក់​ដៃលើ​ ដោយ​អស់​អ្នកដែល​កាន់​សិទ្ធិ​អំណាច​បព្វ​ជិត​ភាព​​​ទ្រង់ ។​

ពួក​គ្រីស្ទាន​ដឹងថា តាម​រយៈ​ប្រវត្តិសាស្ត្រ ព្យាការី​របស់​ព្រះតែង​តែ​ថ្លែង​ទី​បន្ទាល់​ពី ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះ​យេស៊ូវ​គ្រីស្ទអង្គ​​នេះ រួម​ទាំង​ព្រះ​បិតា​សួគ៌​ បាន​បង្ហាញ​អង្គទ្រង់​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ឆ្នាំ 1820 ហើយ​ស្តារ​ដំណឹង​ល្អ និង រៀប​ចំ​សាសនា​ចក្រ​ដើម​របស់​ទ្រង់​ឡើងវិញ ។

តាម​រយៈ​ព្រះ​គម្ពីរ និង សាក្សី​របស់​ យ៉ូសែប ស្ម៊ីធ នោះ​យើង​ដឹង​ថា ព្រះបិតា​សួគ៌​យើង មាន​សិរីរុង​រឿង និង រូប​កាយ​ជា​សាច់​ និង ឆ្អឹង​ល្អ​ឥត​ខ្ចោះ ។ ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយនៃ​ព្រះវរ​បិតានៅ​ក្នុង​សាច់​ឈាម ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​តួអង្គ​នៃ​វិញ្ញាណ ដែល​មាន​នាទី​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​បិតា និង ព្រះ​បុត្រា ។ ក្រុម​ព្រះ គឺ​មាន​រូប​រាងបី​អង្គ​ផ្សេងៗ​ពី​គ្នា តែមាន​គោល​បំណង​តែ​មួយ ។

ដោយ​សារ​គោល​លទ្ធិ​ទាំង​នេះជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​យើង តើ​មាន​ចម្ងល់ ឬ ការ​ជំទាស់​​​ណា​ដែល​ថា​យើង ជាសមាជិក​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​​គឺជា​គ្រីស្ទាន​នោះ ? តែ​គ្រីស្ទាន​គ្រប់​រូប នៅ​តែ​មាន​សំណួរ​សាមញ្ញមួយ​ថា ៖ តើ​យើង​ជា​ពួក​គ្រីស្ទានបែប​ណា ? ឬ​ និយាយ​ម្យ៉ាង​ទៀត​ថា តើ​ដំណើរ​របស់​​យើង​តាម​ព្រះ​គ្រីស្ទនោះយ៉ាង​ណា​ហើយ ?

សូម​ពិចារណា​ជាមួយ​ខ្ញុំ ពីបទ​ពិសោធន៍​ពីរ​នៃ​ពួក​សិស្ស​គ្រីស្ទាន ៖

« កាល​ព្រះ​យេស៊ូវ ទ្រង់​កំពុង​យាងតាម​ឆ្នេរ​សមុទ្រ កាលីឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​ពីរ​នាក់ ជា​​អ្នក​នេសាទ​ត្រីគឺ ស៊ីម៉ន ដែល​ហៅ​ថា ពេត្រុស និង អន​ទ្រេ ជា​ប្អូនកំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ។

« រួច​ទ្រង់​មាន​បន្ទូលទៅ​គេថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​និង​តាំង​អ្នកឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ ។

« គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម » ។ 1

ក្នុង​នាម​ជា​គ្រីស្ទាននៅ​សម័យ​នេះ យើង​មាន​ឱកាស​​ដើម្បី ធ្វើ​ដោយ​មិន​បង្អង់ ភ្លាមៗ និង ម៉ឹង​ម៉ាត់​​ គឺ​ដូច​ ពេត្រុស និង អន​ទ្របាន​ធ្វើ ៖ « គេ​ក៏​ទុក​អួន​ចោល ហើយ​ក៏​ដើរ​តាម​ទ្រង់ជាមួយ​រំពេច​ទៅ » ។ 2 យើង​ក៏​ត្រូវ​បាន​ហៅ​ដើម្បី​លះបង់អ្វីៗ​ដែល​យើង​មាន​ ដើម្បី​បដិសេធ​ផ្លូវ​លោកិយ ប្រពៃណី និង ទំនៀម​ទំលាប់ ។ យើង​ក៏​ត្រូវ​បាន​ហៅ​ដើម្បី​បោះ​បង់​អំពើ​បាប​យើងដែរ ។ « កាល [ ព្រះ​គ្រីស្ទ ] បាន​ហៅ​ហ្វូង​មនុស្សមក​កាន់​ទ្រង់... នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ​ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួនឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាងខ្លួន​មក​តាម​ខ្ញុំ​ចុះ » ។3 ការ​បដិសេធ​ខ្លួន​យើង​ចេញ​ពី​បាប​កម្ម​ គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ប្រែ​ចិត្ត ដែល​បាន​នាំ​មក​នូវ​កា​ផ្លាស់​ប្តូរ​យ៉ាង​ធំនៅ​ក្នុង​ចិត្ត​យើង ដែល​ធ្វើ​ឲ្យ​យើង​ « ពុំមាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ច​រិត​ទៀត​ឡើយ » ។ 4

ការ​​ផ្លាស់​ប្តូរ​នេះ ហៅ​ថា​ ការ​​ប្រែ​ចិត្ត​ជឿ គឺ​អាច​ធ្វើ​បាន​តាមរយៈ​ព្រះ​សង្គ្រោះ​តែ​ប៉ុណ្ណោះ ។ ព្រះ​គ្រីស្ទ សន្យា​ថា ៖ « ហើយ​បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ នូវ​ភាព​ទន់​ខ្សោយរបស់​ពួកគេ... ហើយគុណ​របស់​យើង មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ដែល​បន្ទាប​ខ្លួន នៅ​ចំពោះ​យើង ត្បិត​បើ​សិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្តី​ជំនឿជឿ​ដល់​យើង លំដាប់​នោះ យើង​ នឹង​ធ្វើ​ឲ្យអ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ ចំពោះ​ ពួកគេ​វិញ » ។ 5 នៅ​ពេល​យើង ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​សារ ​ព្រះ​គ្រីស្ទ នោះ​គ្រប់​លក្ខណៈ​របស់​យើង​ផ្លាស់​ប្តូរ ហើយ​ពុំ​ចង់​ត្រឡប់​ទៅ​ទម្លាប់​ចាស់​វិញ​ឡើយ ។

ទោះ​ជា​យ៉ាង​ណា ពួកគ្រីស្ទាន​ដ៏​ស្មោះ​ត្រង់ នឹង​តែង​តែ​ប្រទានពរ​​នូវគ្រាដែល​ជួប​នឹង​បទ​ពិសោធន៍​លំបាក​ៗ និង កា​រ​ខក​ចិត្ត ។ នៅ​ពេល​ឧបសគ្គពិត​ទាំង​នេះ​មក​ដល់ នោះយើង​ប្រហែល​ជា​ត្រូវ​បាន​ល្បួង​ឲ្យ​ត្រឡប់​ទៅ​ទម្លាប់​ចាស់ ។ បន្ទាប់​ពី​ការ​ឆ្កាង​ព្រះ​សង្គ្រោះ នោះទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់រូប​នាង ហើយ​បាន​ប្រាប់​ពួកគេ​ថា បង​ប្អូនប្រុស​ទាំងឡាយនឹង​រក​ទ្រង់​នៅ​ស្រុក កាលីឡេ ។ នៅ​ពេល ពេត្រុស ដែល​ជា​សាវក​ច្បង បាន​ត្រឡប់​ទៅស្រុក កាលីឡេ​វិញ នោះ​លោក​បាន​ត្រឡប់​ជា​ដឹង​ពី​អ្វី​ដែល​លោក​បាន​ដឹង—គឺជា​អ្វី​ដែល​លោក​ទទួល​អារម្មណ៍​ថាទុក​​ចិត្ត​ដើម្បី​ធ្វើ ។ លោក​បានពន្យល់​ថា « ខ្ញុំ​ទៅ​នេសាទ​ត្រី »6 ហើយ​បាន​នាំ​ពួក​សិស្ស​ជា​ច្រើន​ទៅ​​ជាមួយ​ទ្រង់​ផង ។

​ពិតណាស់​ពេញ​មួយ​យប់ហើយ​ដែល​ ពេត្រុស និង អ្នក​នេសាទ​ត្រី​ផ្សេង​ទៀត​​​ពុំនេសាទ​បាន​ត្រីសោះ ។ នៅ​ព្រឹក​បន្ទាប់ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ខ្លួន​ទ្រង់​នៅ​លើ​ច្រាំង ហើយហៅ​ពួកគេ​ឲ្យ​ចុះ​ទូក « ចូរ​ទំលាក់​អួន​ [ របស់​អ្នក ] នៅ​ខាង​ស្តាំទូក » ។ ពួកសិស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទូក​ បាន​ធ្វើតាម​អ្វី​ដែល​ទ្រង់​ប្រាប់​ ហើយ​ភ្លាម​នោះ ឃើញថា​អួន​របស់​គេ​ជាប់​ត្រី​សន្ធឹក​ណាស់ ។ ភ្លាម​នោះ យ៉ូហាន បាន​ស្គាល់​ថា​ជាសំឡេង​ព្រះ​សង្គ្រោះ ហើយ​​ ពេត្រុស បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ ហើយ​ហែល​មកកាន់​ច្រាំងភ្លាម ។ 7

ចំពោះ​ពួក​គ្រីស្ទាន​ណា ដែល​បាន​ត្រឡប់​ទៅ​ទម្លាប់​ចាស់​គេ​វិញ ដែល​ជា​ទម្លាប់​ខ្វះ​ភាព​ស្មោះ​ត្រង់នោះ​ ចូរពិចារណា​ពី​គំរូដ៏​​ស្មោះ​ត្រង់​របស់​ពេត្រុស ។ សូម​កុំ​ពន្យា​ពេលឡើយ ។ សូម​មក​ស្តាប់ និង ស្គាល់​សំឡេង​ហៅ​របស់​លោក​ចៅហ្វាយ​ ។ បន្ទាប់​មក​កុំ​បង្អង់​ពេល​ត្រឡប់​មក​កាន់​ទ្រង់ ហើយ​ទទួល​ពរជ័យ​ទ្រង់​ដ៏​ច្រើន​លើស​លប់​ជា​ថ្មី​ម្តង​ទៀត ។

នៅ​ពេល​ពួកគេ​​ទាំង​នោះបាន​ត្រឡប់​ទៅ​ច្រាំង​វិញ នោះ​ពួកគេ​បានទទួល​ទាន​អាហារ​ដែល​ ​មា​ន​ត្រី និង នំបុ័ង ។ ព្រះ​សង្គ្រោះ​បានបបួល​ថា « ចូរមក​ពិសារ​សិន » ។ 8 នៅ​ពេល​ទ្រង់​បរិភោគជាមួយ​គេ នោះ​ទ្រង់​បា​ន​សួរ ពេត្រុស បី​ដងថា « ស៊ី​ម៉ូន កូន​ យ៉ូណាស​អើយ ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ ? » នៅ​ពេល​ ពេត្រុស បាន​ប្រាប់​ថា​ស្រឡាញ់​ហើយ​នោះ ព្រះ​សង្គ្រោះ​បាន​ទទូច​ឲ្យ​លោក « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង... ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។ 9

នេះ​គឺ​ជា​ការ​ហៅ​របស់​ព្រះ​គ្រីស្ទ​ដល់​ពួក​គ្រីស្ទាន​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ ៖ « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង... ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » —គឺ​ ចូរ​ចែក​ចាយ​ដំណឹង​ល្អ​របស់​យើង​ដល់​ទាំង​ចាស់ និង ក្មេង ចម្រើន​កម្លាំង ប្រសិទ្ធ​ពរ លួង​លោម លើក​ទឹក​ចិត្ត និង ពង្រឹង​អ្នក​ដទៃ ជាពិសេស​តាម​របៀប​ដែល​យើង​រស់​នៅ​តាម​ដំណើរ​ល្អ ៖ សូម​គោរព​ព្រះ​បញ្ញាត្តិ អធិស្ឋាន សិក្សា​ព្រះគម្ពីរ និង ធ្វើ​តាម​គំរូ​នៃ​ក្តី​ស្រ​ឡាញ់​ទ្រង់ ។ យើង​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ទ្រង់​នៅក្នុង​សាសនា​ចក្រ នៅ​ពេល​យើង​បម្រើ​ក្នុង​កូរ៉ុម​បព្វ​ជិតភាព និង អង្គការ​ជំនួយ ។ នៅ​ពេល​យើង​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ទ្រង់ ទូទាំង​ពិភព​លោក ដោយ​ធ្វើ​ជា​អ្នក​ជិត​ខាងគ្រីស្ទាន​ល្អ ដោយ​អនុវត្ត សាសនា​បរិសុទ្ធដោយ​ទៅ​សួរ​សុខទុក្ខ និង បម្រើ​ពួកមេម៉ាយ ក្មេង​កំព្រា ជន​ទ័ល​ក្រ និង អស់​អ្នក​ដែល​ត្រូវ​ការ​ ។

សម្រាប់​មនុស្ស​ជា​ច្រើន ដើម្បី​ត្រូវ​បាន​ហៅ​ថា​ជា​ពួកគ្រីស្ទាន វា​ហាក់​បី​ដូច​ជា ពិបាក ហើយ​ស្មុក​ស្មាញ ។ តែ​យើង​មិន​ត្រូវ​ខ្លាច ឬ មាន​អារម្មណ៍​ភ័យ​​ឡើយ ។ ព្រះ​សង្គ្រោះ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​យើងសក្តិសម ដើម្បី​ធ្វើ​ការ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​មក​តាម​ខ្ញុំ និង ខ្ញុំ នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ » ។ 10 នៅពេល​យើង​ធ្វើ​តាម​ទ្រង់ ទ្រង់​ប្រទាន​ពរ​យើង​ដោយ អំណោយ ទេព​កោសល្យ និង កម្លាំង​ដើម្បី​ធ្វើ​តាម​ព្រះ​ឆន្ទៈទ្រង់ ឲ្យ​យើង​ធ្វើ​បាន​នូវ​អ្វីៗ​ដែល​ហួស​ពី​សមត្ថភាព​យើង​ ហើយ​ធ្វើ​អ្វី​ៗ​ដែល​យើង​មិន​ធ្លាប់​គិត​ថា​អាច​ធ្វើ​ទៅបាន​កាល​ពី​មុន ។ នេះប្រហែល​ជា​​តម្រូវ​ឲ្យ​ចែក​ចាយដំណឹង​ល្អ​ ជាមួយ​អ្នក​ជិត​ខាង សង្គ្រោះ​អ្នក​ដែល​បាត់​បង់​ខាង​វិញ្ញាណ ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ធ្វើ​កិច្ច​ការ​នៅ​​ព្រះ​វិហារ​បរិសុទ្ធ ចិញ្ចឹម​កូន​ៗ​ដែល​មាន​ពិការភាព ស្រឡាញ់​កូន​ដែល​ខ្ជះ​ខ្ជាយ កំដរ​អ្នក​ឈឺ ស៊ូ​ទ្រាំ​នឹងការ​យល់​ខុស ឬ ការ​រង​ទុក្ខ​ឈឺ​ចាប់ ។ វា​មាន​ន័យ​ថា ដើម្បី​រៀប​ចំ​ខ្លួន​យើង ដើម្បី​ឆ្លើយ​តបនឹង​ការ​ហៅ​បម្រើ​របស់​ទ្រង់ ដោយ​និយាយថា ៖ « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំទៅ ខ្ញុំ​នឹង​ថាដែល​ទ្រង់​ឲ្យ​ខ្ញុំ​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ប្រែក្លាយ​ជា​អ្វី​ដែល​ទ្រង់​ឲ្យខ្ញុំ​ប្រែក្លាយ ​ » ។ 11

ដើម្បី​ប្រែ​ក្លាយ​ជា​អ្វី​ដែល​ព្រះ​បិតា​សួគ៌​យើង​ចង់​ឲ្យ​ប្រែ​ក្លាយ​នោះ គឺ​យើង​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់ថា ទ្រង់​នៅ​តែ​បន្ត​ហៅ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។ បើ​អ្នក​គ្រាន់​តែ​រៀន​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​តាំង​ចិត្ត​ធ្វើ​ជា​គ្រីស្ទាន ឬ បើ​សិន​អ្នក​មិន​ទាន់​ចូល​រួមបាន​​ពេញ​លេញនៅ​ក្នុង​សាសនា​ចក្រ ហើយ​ចង់​ធ្វើ​តាម​ទ្រង់​ម្តង​ទៀត​នោះ—សូម​កុំ​ខ្លាច​អី ! ពួក​សិស្ស​ដំបូង​របស់​ព្រះ​អម្ចាស់គឺជា​ សមាជិក​ថ្មី​ទាំង​អស់​នៃ​សាសនា​ចក្រ អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿថ្មីចំពោះ​ដំណឹង​ល្អ​ទ្រង់ ។ ព្រះ​យេស៊ូវ បានបង្រៀន​មនុស្ស​គ្រប់​រូបដោយ​អត់​ធ្មត់ ។ ទ្រង់​ជួយ​គេ បំពេញ​ការ​ទទួល​ខុស​ត្រូវខ្លួន ។ ទ្រង់បាន​​ហៅ​គេថា ជា​សំឡាញ់ ហើយ​បាន​សុគតសម្រាប់​គេ ។ ហើយ​ទ្រង់​បាន​ធ្វើ​រួច​មកហើយ​គឺ​ ដូច​គ្នា​សម្រាប់​អ្នក និង រូប​ខ្ញុំផង​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា តាមរយៈ​ក្តី​ស្រឡាញ់​ និង ព្រះគុណដ៏​មហិមា​ទ្រង់ នោះ​យើង​អាច​ប្រែកាន់​តែជាពួកគ្រីស្ទាន ។ សូម​ពិចារណាពី​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដូច​ខាង​ក្រោមនេះ​ ។ តើ​យើង​អាច​ពង្រឹង​លក្ខណៈទាំងនេះ​ នៅ​ក្នុង​ខ្លួន​យើង​ដោយ​របៀប​ណា ?

ក្តី​ស្រឡាញ់​ពួកគ្រីស្ទាន ។ ព្រះ​សង្គ្រោះ​ផ្តល់​តម្លៃឲ្យ​មនុស្ស​គ្រប់​គ្នា ។ សប្បុរស និង អាណិត​អាសូរ​ដល់​មនុស្ស​ទាំង​អស់ ទ្រង់​បាន​យាង​ចេញ​ពី​ចៀម កៅសិប​ប្រាំបួន ទៅ​រក​ចៀម​មួយ12 ​ ត្បិតចំពោះ​​ « សូម្បី​ទាំង​សក់​ក្បាល​ [ របស់​យើង ] ... ក៏​បាន​រាប់​ទាំងអស់​ដែរ »13 ចំពោះ​ទ្រង់​ ។

ជំនឿ​ពួកគ្រីស្ទាន ។ ទោះ​ជា​មាន​​ការ​ល្បួង ទុក្ខ​លំបាក និង ការ​បៀត​បៀន ព្រះ​សង្គ្រោះ​បាន​ទុក​ចិត្ត​លើ​ព្រះ​បិតា​សួគ៌ ហើយ​បាន​រើស​ដើម្បី​ស្មោះ​ត្រង់ និង គោរព​តាម​បទ​បញ្ញាត្តិ​ទ្រង់ដដែល ។

ការលះ​បង់របស់​ពួកគ្រីស្ទាន ។ ពេញ​មួយ​ជីវិត​ទ្រង់ ព្រះ​សង្គ្រោះ​បាន​ប្រទាន ពេលវេលា​ កម្លាំង ហើយ​ទំបំផុត តាមរយៈ​ដង្វាយ​ធួន បាន​ប្រទាន​អង្គ​ទ្រង់ ដើម្បីឲ្យ​កូន​ចៅ​ទាំងអស់​របស់​ព្រះ អាច​រស់​ឡើង​វិញ ហើយ​មាន​ឱកាស​គ្រង​មរត​នៃ​ជីវិត​អស់​កល្ប ។

ការ​ខ្វល់​ខ្វាយរបស់​ពួកគ្រីស្ទាន ។ ដូច​ជា​សាសន៍​សាម៉ារីដែល​មានចិត្ត​ល្អ នោះព្រះ​សង្គ្រោះ​បាន​បន្ត​ជួយ​សង្គ្រោះ​ ស្រឡាញ់ និង ចិញ្ចឹម​បីបាច់​មនុស្ស​នៅ​ជុំ​វិញ​ទ្រង់ ដោយ​មិន​គិត​ពី វប្បធម៌ សាសនា ឬ កាលៈទេសៈ​គេ​ឡើយ ។

ការ​បម្រើ​របស់ពួកគ្រីស្ទាន ។ មិន​ថា​ដង​ទឹក​ពី​អណ្តូង ចំអិន​ត្រី​ធ្វើ​ជា​អាហារ ឬ លាង​ជើងទេ ព្រះ​សង្គ្រោះ​បាន​ចំណាយ​ពេលវេលា​ទ្រង់ដើម្បី​បម្រើ​មនុស្ស​ដទៃ—ជួយ អ្នក​នឿយ​ព្រួយ និង ពង្រឹង​អ្នក​ទន់​ខ្សោយ ។

ការ​អត់​ធ្មត់​របស់​ពួកគ្រីស្ទាន ។ នៅ​ពេលទ្រង់​កើតទុក្ខ​ និង រង​ការ​ឈឺ​ចាប់ នោះ​ព្រះ​សង្គ្រោះ​រង់​ចាំ​ព្រះ​បិតា​ទ្រង់ ។ ដោយ​ចិត្ត​អំណត់ ទ្រង់​អត់​ធ្មត់​ឲ្យ​យើង​ដឹង​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។

ភាព​សុខ​សាន្ត​​របស់​ពួកគ្រីស្ទាន ។នៅ​គ្រប់​ការ​បម្រើ​របស់​ទ្រង់ ទ្រង់​បានជម្រុញឲ្យ​មាន​ការ​យល់​ដឹង និង ធ្វើ​ឲ្យ​មានភាព​សុខ​សាន្ត ។ ជា​ពិសេស​នៅ​ក្នុង​ចំណោម​ពួក​សិស្ស​ទ្រង់ ទ្រង់​បាន​បង្រៀន​ថា ពួកគ្រីស្ទាន មិន​អាច​ឈ្លោះ​ជាមួយ​គ្រីស្ទាន​ផ្សេង​ឡើយ ទោះ​បី​ជា​គេ​ខុស​ពី​យើង​ក្តី ។

ការអភ័យ​ទោស​​របស់​ពួកគ្រីស្ទាន ។ ទ្រង់​បាន​បង្រៀន​ថា ឲ្យ​យើង​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​អ្នក ហើយ​បង្ហាញផ្លូវ​​យើង ដោយ​អធិស្ឋាន​ថា សូម​អត់​ទោស​ដល់​អ្នក​ដែល​ឆ្កាង​ទ្រង់​​ផង ។​

ការ​ប្រែចិត្ត​ជឿ​​របស់​ពួកគ្រីស្ទាន ។ ដូច​ជា​ ពេត្រុស និង អន​ទ្រ មាន​មនុស្ស​ជា​ច្រើន​បាន​​ទទួល​ស្គាល់​សេច​ក្តី​ពិត​នៃ​ដំណឹង​ល្អ​ភ្លាមៗ​បន្ទាប់​ពី​គេ​ឮវាហើយ ។ ពួកគេនៅ​តែ​ប្រែ​ចិត្ត​ជឿ ។ សម្រាប់​មនុស្ស​ខ្លះ វា​ត្រូវ​ការ​ពេលវេលា​យូរ ។ នៅ​ក្នុង​វិវរណៈ​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ ព្រះ​សង្គ្រោះ​បាន​បង្រៀន​ថា « អ្វី​ដែល​កើត​មកពី​ព្រះ ជា​ពន្លឺ ហើយ​អ្នកណា​ដែលទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។ 14 ជា​ថ្ងៃ​ឥតខ្ចោះ​នៃ​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​របស់​យើង​ ។ ព្រះ​យេស៊ូវ​គ្រីស្ទជា « ពន្លឺ និង ជា​ព្រះ​ដ៏​ប្រោស​លោះនៃ​ពិភព​លោក ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត » ។ 15

ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​របស់​ពួកគ្រីស្ទាន ។ ពេញមួយ​ជីវិត​ទ្រង់ ព្រះ​សង្គ្រោះ​មិន​ដែល​ធ្លាប់​បោះបង់ចោល​ការ​ធ្វើ​តាម​ព្រះ​ឆន្ទៈព្រះ​បិតា​ទ្រង់ឡើយ គឺបន្ត​​សុចរិត ធ្វើល្អ មេត្តាករុណា និង ពិត​រហូត​អស់​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។

ទាំង​នេះ​គឺ​ជា​​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​របស់​អស់​អ្នក​ដែល​ឮ និង ស្តាប់​តាមសំឡេង​របស់​ព្រះ​សង្គ្រោះ ។ ក្នុង​នាម​ជា​សាក្សី​ពិសេស​ម្នាក់របស់​ទ្រង់​​នៅលើ​ផែន​ដី​នេះ ខ្ញុំ​សូម​ថ្វាយ​ទីបន្ទាល់​ដែល​ដូច​ព្រះ​គ្រីស្ទ ថា សព្វ​ថ្ងៃនេះ ទ្រង់​កំពុង​ហៅ​អ្នកថា « ចូរ​មក​តាម​ខ្ញុំចុះ​ » ។ 16 សូម​មក​ដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅ​រក​សុភមង្គល អំណរ និង ជីវិត​អស់​កល្ប នៅ​ក្នុង​នគររបស់​ព្រះ​បិតា​សួគ៌យើង ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​សង្គ្រោះ និង ព្រះ​ប្រោស​លោះយើង អាម៉ែន ។