មើលអ្នកដទៃ ដូចដែលពួកគេអាចប្រែក្លាយ
យើងត្រូវតែអភិវឌ្ឍសមត្ថភាពដើម្បីមើលមនុស្សមិនមែនត្រឹមតែថា ពួកគេជានរណាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែមើលពួកគេថា ពួកគេនឹងក្លាយជាអ្វី ។
បងប្អូនប្រុសជាទីស្រឡាញ់ មានចំនួនពីរដងក្នុងមួយឆ្នាំ មជ្ឈមណ្ឌលសន្និសីទដ៏ល្អនេះមានពោរពេញដោយអ្នកកាន់បព្វជិតភាពនៃព្រះ ពេលយើងរួមគ្នាស្ដាប់សារលិខិតដ៏បំផុសគំនិតទាំងឡាយ ។ មានព្រះវិញ្ញាណដ៏អស្ចារ្យមួយ ដែលមានពាសពេញក្នុងការប្រជុំបព្វជិតភាពទូទៅនៃសាសនាចក្រនេះ ។ ព្រះវិញ្ញាណនេះ មកពីមជ្ឈមណ្ឌលសន្និសីទ ហើយចូលទៅក្នុងអគារនានាដែលបុត្រានៃព្រះប្រជុំ ។ យើងពិតជាមានអារម្មណ៍ពីព្រះវិញ្ញណនោះ នាយប់នេះ ។
ប៉ុន្មានឆ្នាំកន្លងទៅ មុនពេលមជ្ឈមណ្ឌលសន្និសីទដ៏ស្រស់ស្អាតនេះត្រូវបានកសាងឡើង មានអ្នកមកទស្សនា វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធក្នុងទីក្រុងសលត៍ លេកម្នាក់ បានចូលរួមវគ្គនៃសន្និសីទទូទៅមួយនៅរោងឧបោសថ ។ គាត់បានស្ដាប់នូវសារលិខិតរបស់បងប្រុសទាំងឡាយ ។ គាត់បានផ្ចង់អារម្មណ៍ទៅនឹងការអធិស្ឋាន ។ គាត់បានស្តាប់តន្ដ្រីដ៏ពិរោះច្រៀងដោយក្រុមចម្រៀងរោងឧបោសថ ។ គាត់បានស្ញប់ស្ញែងនឹងភាពអស្ចារ្យនៃព្យាណូខ្យល់នៃរោងឧបោសថដ៏ល្អឯក ។ ក្រោយពីការប្រជុំចប់ទៅ គេបានឮគាត់និយាយថា « ខ្ញុំនឹងផ្ដល់អ្វីៗដែលខ្ញុំមាន បើខ្ញុំដឹងថា អ្វីដែលអ្នកនិយាយទាំងនោះបាននិយាយថ្ងៃនេះគឺជាការពិត » ។ ខ្លឹមសារដែលគាត់និយាយនោះគឺ ៖ « ខ្ញុំប្រាថ្នាថា ខ្ញុំមានទីបន្ទាល់មួយអំពីដំណឹងល្អ » ។
វាពិតជាគ្មានអ្វីក្នុងលោកនេះ ដែលនឹងផ្ដល់នូវការលួងលោម និង សុភមង្គលជាងការមានទីបន្ទាល់មួយពីសេចក្ដីពិតនោះទេ ។ ខ្ញុំជឿថា បុរស ឬ យុវជនគ្រប់រូបនៅទីនេះយប់នេះ មានទីបន្ទាល់មួយ ទោះជាទីបន្ទាល់នោះមានកម្រិតខុសៗគ្នាក្ដី ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនទាន់មានទីបន្ទាល់ដ៏រឹងមាំមួយ ដូចដែលអ្នកនឹងចង់មានទេ ។ ខ្ញុំសូមដាស់តឿនអ្នកឲ្យធ្វើការដើម្បីទទួលបាននូវទីបន្ទាល់មួយនោះ ។ បើសិនទីបន្ទាល់របស់អ្នករឹងមាំ និង ស៊ីជម្រៅហើយ សូមបន្ដខំប្រឹងដើម្បីរក្សាវាដូចអញ្ចឹងតទៅទៀត ។ តើវាជាពរជ័យដល់យើងប៉ុណ្ណាទៅហ្ន៎! ដើម្បីមានចំណេះដឹងមួយពីសេចក្តីពិតនោះ ។
បងប្អូនប្រុស សារលិខិតរបស់ខ្ញុំនាយប់នេះគឺថា មានបុគ្គលជាច្រើនដែលមានទីបន្ទាល់តិច ឬ គ្មានសោះក្នុងពេលនេះ ពួកគេទាំងនោះអាចនឹងបាន ហើយព្រមទទួលយកទីបន្ទាល់មួយដូចអញ្ចឹង បើសិនជាយើងមានចិត្តចង់ចែកចាយនូវទីបន្ទាល់របស់យើងជាមួយពួកគេ និងដើម្បីជួយពួកគេឲ្យផ្លាស់ប្ដូរនោះ ។ ពេលខ្លះ យើងក៏អាចផ្ដល់នូវការលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរ ។ ដំបូង ខ្ញុំនឹងនិយាយពីអ្នកដែលជាសមាជិក ប៉ុន្ដែក្នុងពេលនេះ មិនមានការប្តេជ្ញាចិត្តពេញលេញចំពោះដំណឹងល្អ ។
ជាច្រើនឆ្នាំកន្លងទៅ នៅឯសន្និសីទតំបន់មួយដែលបានប្រារព្ធឡើងក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ខ្ញុំបានឮសារលិខិតដ៏មានអំណាច គួរចងចាំ និង ដ៏បំផុសមួយដែលបាននិយាយកំឡុងវគ្គសម្រាប់អ្នកម្ដាយ និង កូនស្រី ។ ខ្ញុំមិនបានភ្លេចនូវសារលិខិតនោះទេ ទោះជាវាបានកន្លងទៅជិត 40 ឆ្នាំហើយតាំងពីខ្ញុំបានឮវានោះ ។ ក្នុងចំណោមការពិតជាច្រើនដែលអ្នកនិយាយបានពិភាក្សា គាត់បាននិយាយថា ស្ដ្រីម្នាក់ត្រូវការប្រាប់ថា នាងស្អាត ។ នាងត្រូវការប្រាប់ថា នាងជាមនុស្សដ៏គួរឲ្យគោរព ។ នាងត្រូវការប្រាប់ថា នាងជាមនុស្សដ៏មានតម្លៃ ។
បងប្អូនប្រុស ខ្ញុំដឹងថា បុរសក៏ដូចជាស្ដ្រីដែរត្រង់ចំណុចនេះ ។ យើងត្រូវការប្រាប់ថា យើងមានតម្លៃ ថាយើងមានសមត្ថភាព និង ដែលគួរឲ្យគោរព ។ យើងត្រូវទទួលបានឱកាសមួយដើម្បីបម្រើ ។ សម្រាប់សមាជិកទាំងឡាយដែលមិនសកម្ម ឬ ដែលស្ទាក់ស្ទើរនឹងសកម្ម យើងអាចស្វែងរកដោយការអធិស្ឋាននូវវិធីដើម្បីទៅដល់ពួកគេនោះ ។ ការសុំពួកគេឲ្យបម្រើតាមសមត្ថភាពខ្លះ អាចជាការលើកទឹកចិត្តដ៏ត្រឹមត្រូវដែលពួកគេត្រូវការដើម្បីត្រឡប់មកសកម្មភាពពេញលេញវិញ ។ ប៉ុន្ដែ អ្នកដឹកនាំទាំងឡាយដែលអាចជួយដោយហៅពួកគេឲ្យបម្រើ ពេលខ្លះគាត់មានការស្ទាក់ស្ទើរដើម្បីធ្វើការនោះទៅវិញ ។ យើងត្រូវចាំថា មនុស្សអាចផ្លាស់ប្ដូរ ។ ពួកគេអាចទុកចោលនូវទម្លាប់អាក្រក់នោះបាន ។ ពួកគេអាចប្រែចិត្តពីការរំលងនោះបាន ។ ពួកគេអាចកាន់បព្វជិតភាពដោយស័ក្ដិសមបាន ។ ហើយពួកគេអាចបម្រើព្រះអម្ចាស់ដោយឧស្សាហ៍បាន ។ ខ្ញុំសូមលើកឧទាហរណ៍ចំនួនពីរបី ។
នៅពេលខ្ញុំក្លាយជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ដំបូង ខ្ញុំមានឱកាសអមដំណើរប្រធាន អិន. អេលឌិន ថែនណឺ ជាទីប្រឹក្សាដល់ប្រធាន ដេវីឌ អូ មិកឃេ ទៅសន្និសីទស្ដេកមួយនៅខេត្ត អាល់ប៊ើរតា ប្រទេសកាណាដា ។ កំឡុងពេលប្រជុំនោះ ប្រធានស្ដេកបានអានឈ្មោះបងប្រុសបួននាក់ដែលស័ក្ដិសមនឹងតែងតាំងជាអែលឌើរ ។ ប្រធាន ថែនណឺ ធ្លាប់ស្គាល់ពួកបុរសទាំងនេះ ដោយសារគាត់ធ្លាប់រស់នៅក្នុងតំបន់នោះពីមុន ។ ប៉ុន្ដែប្រធាន ថែនណឺ បានស្គាល់ និង ចាំថា ពួកគេធ្លាប់មិនមានភាពសក្តិសម នឹងមិនបានដឹងថាពួកគេបានប្រែជីវិតគេមក ហើយមានភាពស័ក្ដិសមយ៉ាងពេញលេញដើម្បីក្លាយជាអែលឌើរនោះទេ ។
ប្រធានស្ដេក អានឈ្មោះបុរសទីមួយ ហើយសុំឲ្យគាត់ក្រោកឈរ ។ ប្រធាន ថែនណឺ បានខ្សឹបប្រាប់ខ្ញុំថា « មើលគាត់ន៎ ! ខ្ញុំមិនដែលគិតថា គាត់នឹងស័ក្ដិសមនោះទេ » ។ ប្រធានស្ដេកអានឈ្មោះបុរសទីពីរ ហើយគាត់ក្រោកឈរ ។ ប្រធាន ថែនណឺ ប៉ះខ្ញុំម្ដងទៀត ហើយប្រាប់ពីការភ្ញាក់ផ្អើលរបស់គាត់ ។ ហើយវាបានបន្ដគ្រប់បងប្រុសទាំងបួនរូប ។
ក្រោយពីការប្រជុំ ប្រធាន ថែនណឺ និង ខ្ញុំបានមានឱកាសជួបនិងអបអរសាទរបងប្រុសទាំងបួននេះ ។ ពួកគាត់បានបង្ហាញថា មនុស្សអាចផ្លាស់ប្ដូរបាន ។
អំឡុងទសវត្សរ៍ឆ្នាំ 1940 និង 1950 អ្នកយាមគុកអាមេរិកម្នាក់ឈ្មោះ ក្លីនតុន ដូហ្វី ល្បីឈ្មោះដោយសារការខិតខំរបស់គាត់ដើម្បីស្ដារនីតិសម្បទាបុរសនៅក្នុងគុករបស់គាត់ ។ អ្នករិះគន់លើការនេះ ម្នាក់បាននិយាយថា « តើអ្នកមិនដឹងទេឬថា ខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុជៗលើខ្លួនវាបាននោះ! »
វ៉ាដិន ដូហ្វី បានឆ្លើយថា « អ្នកត្រូវដឹងថា ខ្ញុំមិនធ្វើការហ្នឹងជាមួយនឹងហ្វូងខ្លារខិនទេ ។ ខ្ញុំធ្វើការហ្នឹងជាមួយនឹងមនុស្ស ហើយមនុស្សផ្លាស់ប្ដូររាល់ថ្ងៃ » ។1
ជាច្រើនឆ្នាំកន្លងទៅ វាជាឱកាសរបស់ខ្ញុំដើម្បីបម្រើជាប្រធានបេសកកម្មប្រទេសកាណាដា ។ នៅទីនោះ មានសាខាមួយដែលមានអ្នកកាន់បព្វជិតភាពដ៏តិចតួចបំផុត ។ យើងតែងតែមានអ្នកផ្សព្វផ្សាយសាសនាម្នាក់ធ្វើជាអធិបតីនៃសាខានោះ ។ ខ្ញុំបានទទួលការបំផុសដ៏ខ្លាំងមួយថា យើងត្រូវមានតែសមាជិកម្នាក់ពីសាខានោះ ដើម្បីធ្វើជាប្រធាននៅទីនោះ ។
យើងមានសមាជិកមជ្ឈិមវ័យម្នាក់នៅសាខានោះ ដែលជាឌីកុនម្នាក់នៅថ្នាក់បព្វជិតភាពអើរ៉ុន ប៉ុន្ដែគាត់មិនបានចូលរួមល្មមគ្រប់គ្រាន់ដើម្បីបន្ដក្នុងថ្នាក់បព្វជិតភាពទេ ។ ខ្ញុំបានមានអារម្មណ៍ដ៏បំផុសដើម្បីហៅគាត់ ឲ្យធ្វើជាប្រធានសាខា ។ ខ្ញុំនៅតែចងចាំថ្ងៃនោះជានិច្ច ពេលដែលខ្ញុំបានសម្ភាសន៍ជាមួយគាត់ ។ ខ្ញុំបានប្រាប់គាត់ថា ព្រះអម្ចាស់បានបំផុសខ្ញុំឲ្យហៅគាត់ធ្វើជាប្រធានសាខា ។ ក្រោយពីការប្រកែកជាច្រើនពីខាងគាត់ និង ការលើកទឹកចិត្តជាច្រើនពីខាងភរិយាគាត់ គាត់បានបង្ហាញថា គាត់នឹងបម្រើ ។ ខ្ញុំបានតែងតាំងគាត់ជាសង្ឃ ។
វាគឺជាការចាប់ផ្ដើមថ្មីមួយសម្រាប់បុរសនោះ ។ ជីវិតរបស់គាត់បានប្តូរទៅជាមានរបៀបរៀបរយយ៉ាងរហ័ស ហើយគាត់បានធានាដល់ខ្ញុំថា គាត់នឹងរស់នៅតាមបទបញ្ញត្តិទាំងឡាយ ដូចដែលគាត់ត្រូវបានរំពឹងថានឹងរស់នៅតាមនោះ ។ ក្នុងពេលពីរបីខែក្រោយមក គាត់ត្រូវបានតែងតាំងជាអែលឌើរ ។ ទីបំផុត គាត់ និង ភរិយា ព្រមទាំងគ្រួសារគាត់ បានទៅព្រះវិហារបរិសុទ្ធ ហើយបានទទួលពិធីផ្សារភ្ជាប់ ។ កូនៗរបស់ពួកគាត់ បានបម្រើបេសកកម្ម ហើយបានរៀបការក្នុងដំណាក់នៃព្រះអម្ចាស់ ។
ពេលខ្លះ ការឲ្យបងប្អូនប្រុសយើងដឹងថា យើងត្រូវការគេ ហើយថាពួកគេមានតម្លៃនោះ អាចជួយពួកគេបោះជំហានចូលក្នុងការប្តេជ្ញាចិត្ត និង សកម្មភាពពេញលេញវិញ ។ នេះអាចជាអ្នកកាន់បព្វជិតភាពដ៏ពិត ដោយមិនគិតពីអាយុ ។ វាជាការទទួលខុសត្រូវរបស់យើង ដើម្បីផ្ដល់ឱកាសដល់ពួកគេឲ្យរស់នៅដូចដែលពួកគេគួរតែធ្វើ ។ យើងអាចជួយពួកគេឲ្យយកឈ្នះលើបរាជ័យរបស់ពួកគេ ។ យើងត្រូវតែអភិវឌ្ឍសមត្ថភាពដើម្បីមើលមនុស្សមិនមែនត្រឹមតែថា ពួកគេជានរណាពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែមើលពួកគេថា ពួកគេនឹងក្លាយជាអ្វី ពេលដែលពួកគេទទួលបានទីបន្ទាល់អំពីដំណឹងល្អរបស់ព្រះគ្រីស្ទនោះ ។
ខ្ញុំធ្លាប់បានចូលរួមការប្រជុំមួយនៅទីក្រុងលីតវីល រដ្ឋខូឡូរ៉ាដូ ។ ទីក្រុង លីតវីល ស្ថិតនៅលើខ្ពង់រាបមួយកម្ពស់ជាង 3000 ម៉ែត្រ ។ ខ្ញុំចាំពីការប្រជុំពិសេសនោះ ដោយសារតែខ្ពង់រាបដ៏ខ្ពស់នោះ ហើយខ្ញុំក៏បានចាំនូវអ្វីដែលកើតឡើងនាល្ងាចនោះដែរ ។ នាល្ងាចនោះមានអ្នកកាន់បព្វជិតភាពតែបន្ដិចបន្ដួច ប៉ុណ្ណោះ ។ ដូចគ្នានឹងសាខានៅបេសកកម្មប្រទេសកាណាដាដែរ សាខានោះត្រូវបានគ្រប់គ្រងដោយអ្នកផ្សព្វផ្សាយសាសនាម្នាក់ ហើយវាអញ្ចឹងតាំងតែពីមុនមក ។
យប់នោះ យើងបានមានការប្រជុំដ៏ល្អមួយ ប៉ុន្ដែពេលយើងច្រៀងចម្រៀងបិទ ខ្ញុំបានមានការបំផុសគំនិតមួយថា វាគួរតែមានប្រធានសាខាក្នុងមូលដ្ឋានម្នាក់ដើម្បីធ្វើជាអធិបតិលើសាខានោះ ។ ខ្ញុំបានបែរទៅប្រធានបេសកកម្ម ហើយបានសួរថា « តើមិនមាននរណាម្នាក់នៅទីនេះ ដែលអាចធ្វើជាអធិបតី -- ដែលជាបុរសក្នុងមូលដ្ឋានម្នាក់ទេឬ ?
គាត់បានឆ្លើយថា « ខ្ញុំមិនស្គាល់មនុស្សណាម្នាក់ទេ » ។
ពេលច្រៀងចម្រៀងនោះ ខ្ញុំបានមើលដោយប្រយ័ត្នទៅពួកបុរសដែលអង្គុយនៅជួរទីបីដំបូង ។ ការយកចិត្តទុកដាក់របស់ខ្ញុំហាក់ដូចជាផ្ដោតលើបងប្រុសម្នាក់ ។ ខ្ញុំនិយាយទៅកាន់ប្រធានបេសកកម្មថា « តើគាត់អាចបម្រើជាប្រធានសាខាបានទេ ? »
គាត់បានឆ្លើយថា « ខ្ញុំមិនដឹងដែរ ។ ប្រហែលជាគាត់អាច » ។
ខ្ញុំបាននិយាយថា « ប្រធាន ខ្ញុំនឹងនាំគាត់ទៅបន្ទប់ផ្សេងទៀត ហើយសម្ភាសន៍គាត់ ។ សូមអ្នកនិយាយក្រោយពីច្រៀងចប់ រហូតដល់យើងត្រឡប់មកវិញ » ។
ពេលយើងទាំងពីរនាក់បានដើរចូលទៅបន្ទប់វិញ ប្រធានបេសកកម្មបានបញ្ចប់ទីបន្ទាល់របស់គាត់ ។ ខ្ញុំបានណែនាំឈ្មោះបងប្រុសនោះថាជាប្រធានសាខាថ្មី ។ ពីថ្ងៃនោះមកទីក្រុង Leadville រដ្ឋ Colorado មានសមាជិកក្នុងមូលដ្ឋានម្នាក់ដើម្បីដឹកនាំសាខានៅទីនោះ ។
បងប្អូនប្រុស គោលការណ៍ដូចគ្នានេះ ក៏អនុវត្តចំពោះអ្នកទាំងឡាយណាដែលមិនមែនជាសមាជិកនៅឡើយ ។ យើងគួរតែអភិវឌ្ឍសមត្ថភាពដើម្បីមើលមនុស្សមិនមែនត្រឹមតែថាពួកគេជានរណានោះទេ ប៉ុន្ដែមើលពួកគេថាពួកគេនឹងក្លាយជាអ្វី ពេលពួកគេក្លាយជាសមាជិកនៃសាសនាចក្រ ពេលពួកគេមានទីបន្ទាល់មួយអំពីដំណឹងល្អ ហើយពេលជីវិតរបស់ពួកគេមានក្ដីសុខដុមនឹងការបង្រៀននេះ ។
ត្រឡប់ទៅឆ្នាំ 1961 វិញ សន្និសីទទូទាំងពិភពលោកមួយត្រូវបានធ្វើឡើងសម្រាប់ប្រធានបេសកកម្មទាំងអស់ ហើយគ្រប់ប្រធានបេសកកម្មក្នុងសាសនាចក្រ ត្រូវបាននាំទៅទីក្រុងសលត៍ លេក សម្រាប់ការប្រជុំទាំងនោះ ។ ខ្ញុំបានមកទីក្រុងសលត៍ លេក ពីបេសកកម្មរបស់ខ្ញុំនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ។
ក្នុងការប្រជុំពិសេសមួយ អិន. អេលឌិន ថែនណឺ ដែលពេលនោះជាជំនួយការម្នាក់ដល់កូរ៉ុមនៃពួកដប់ពីរនាក់ ទើបតែត្រឡប់មកពីការបំពេញនូវបទពិសោធន៍ដំបូងរបស់គាត់ក្នុងការគ្រប់គ្រងបេសកកម្មនៅចក្រភពអង់គ្លេស និង អឺរ៉ុបខាងលិច ។ គាត់បានប្រាប់ពីអ្នកផ្សព្វផ្សាយសាសនាម្នាក់ ដែលជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យបំផុតដែលគាត់ធ្លាប់បានជួបនៅក្នុងការសម្ភាសន៍ទាំងអស់ដែលគាត់បានធ្វើ។ គាត់បាននិយាយថា នៅពេលគាត់សម្ភាសន៍អ្នកផ្សព្វផ្សាយសាសនានោះ គាត់បាននិយាយទៅកាន់គេថា « ខ្ញុំគិតថា មនុស្សទាំងអស់ដែលអ្នកបានជ្រមុជទឹកឲ្យហើយ មកព្រះវិហារតាមរយៈមិត្តភក្តិ ។ »
យុវជននោះបានឆ្លើយថា « ទេ ! យើងបានរកជួបពួកគេទាំងអស់ ដោយការស្វែងរក » ។
បងប្រុសថែនណឺ បានសួរគាត់ពីភាពខុសគ្នាអំពីការទៅដល់របស់គាត់ -- ហេតុអ្វីបានជាគាត់មានជោគជ័យដ៏សម្បើមបែបនេះ ពេលអ្នកផ្សេងមិនមាននោះ ។ យុវជននោះបាននិយាយថា គាត់ចង់ជ្រមុជទឹកឲ្យមនុស្សគ្រប់រូបដែលគាត់បានជួប ។ គាត់និយាយថា បើសិនជាគាត់គោះទ្វារ ហើយឃើញបុរសម្នាក់កំពុងជក់បារី ហើយស្លៀកពាក់សំលៀកបំពាក់ចាស់ និង មើលទៅហាក់ដូចជាមិនចាប់អារម្មណ៍នឹងអ្វីៗ -- ជាពិសេសនោះ គឺអំពីសាសនា -- អ្នកផ្សព្វផ្សាយសាសនាត្រូវស្រមៃក្នុងចិត្តគាត់ពីសភាពដែលបុរសនោះនឹងដូចយ៉ងម៉េចដែរ បើគាត់ស្ថិតក្នុងកាលៈទេសៈមួយផ្សេងពីនេះ ។ នៅក្នុងគំនិតរបស់គាត់ គាត់នឹងមើលទៅបុរសនោះថា បានកោរពុកមាត់ស្អាតបាត ហើយពាក់អាវស និង ខោសមួយ ។ ហើយអ្នកផ្សព្វផ្សាយសាសនានោះ អាចឃើញខ្លួនគាត់កំពុងនាំបុរសនោះ ទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ។ គាត់បាននិយាយថា « ពេលខ្ញុំមើលទៅនរណាម្នាក់តាមរបៀបនោះ ខ្ញុំមានសមត្ថភាពថ្លែងទីបន្ទាល់របស់ខ្ញុំចំពោះគាត់តាមរបៀបមួយ ដែលអាចប៉ះដល់ដួងចិត្តគាត់ » ។
យើងមានការទទួលខុសត្រូវដើម្បីមើលទៅមិត្តភក្តិ សហការី អ្នកជិតខាងរបស់យើងតាមរបៀបនេះ ។ ជាថ្មីម្ដងទៀត យើងមានទំនួលខុសត្រូវដើម្បីមើលបុគ្គលមួយ មិនមែនត្រឹមតែថាពួកគេជានរណានោះទេ ប៉ុន្ដែមើលពួកគេថាពួកគេអាចក្លាយជាអ្វី ។ ខ្ញុំសូមអង្វករអ្នកឲ្យគិតពីពួកគេតាមរបៀបនេះ ។
បងប្អូនប្រុស ព្រះអម្ចាស់ប្រាប់អ្វីមួយដល់យើង អំពីសារៈសំខាន់នៃបព្វជិតភាពដែលយើងកាន់នេះ ។ ទ្រង់ប្រាប់យើងថា យើងទទួលបានវាដោយសម្បថ និង សេចក្ដីសញ្ញាមួយ ។ ទ្រង់ប្រទានការណែនាំដល់យើងថា យើងត្រូវតែស្មោះត្រង់ និង ពិតក្នុងអ្វីទាំងអស់ដែលយើងទទួលបាន ហើយថាយើងមានការទទួលខុសត្រូវដើម្បីរក្សាសេចក្ដីសញ្ញានេះរហូតដល់ទីបញ្ចប់ ។ ហើយបន្ទាប់មក អ្វីទាំងអស់ដែលព្រះវរបិតាមាន នឹងត្រូវបានប្រទានដល់យើង ។2
យើងត្រូវមានសេចក្តីក្លាហាន -- សេចក្តីក្លាហានក្នុងការបដិសេធការល្បួង សេចក្តីក្លាហានក្នុងការថ្លែងទីបន្ទាល់ទៅអ្នកទាំងឡាយដែលយើងជួប ដោយចងចាំថា មនុស្សគ្រប់រូបត្រូវមានឱកាសមួយដើម្បីស្ដាប់សារលិខិតនេះ ។ វាមិនមែនជារឿងងាយស្រួលធ្វើនោះទេសម្រាប់មនុស្សភាគច្រើន ។ ប៉ុន្ដែយើងអាចជឿតាមពាក្យរបស់ប៉ុលទៅកាន់ធីម៉ូថេថា ៖
« ត្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ និង ប្រាជ្ញានឹងធឹងវិញ ។
« ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើងនោះឡើយ » ។3
នៅខែ ឧសភា ឆ្នាំ 1974 ខ្ញុំនៅជាមួយនឹងបងប្រុស ចន អេច. ហ្គ្រូប៊ើហ្គ នៅកោះជនជាតិតុងហ្គា ។ យើងបានមានការណាត់មួយទៅចូលគាល់សេ្ដចតុងហ្គា ហើយយើងបានជួបនឹងទ្រង់ជាលក្ខណៈផ្លូវការមួយ ។ យើងបាននិយាយគ្នាលេងជាធម្មតា ។ ទោះយ៉ាងណាក្ដី មុនពេលយើងចាកចេញ ចន ហ្គ្រូប៊ើហ្គ បាននិយាយអ្វីមួយដែលប្លែកពីធម្មតា ។ គាត់បាននិយាយថា « ព្រះគុណជាម្ចាស់ ទ្រង់គួរតែក្លាយជាមរមនម្នាក់ ព្រមទាំងអ្នកដែលនៅក្រោមបង្គាប់របស់ទ្រង់ផងដែរ ដូច្នេះពេលនោះបញ្ហារបស់ទ្រង់ និង បញ្ហារបស់ពួកគេនឹងត្រូវបានដោះស្រាយបានច្រើន » ។
សេ្ដចទ្រង់ញញឹមស្ញាញ ហើយឆ្លើយថា « ចន ហ្គ្រូប៊ើហ្គ ប្រហែលជាអ្នកនិយាយត្រូវហើយ » ។
ខ្ញុំបានគិតពីសាវកប៉ុល ពីមុខព្រះរាជាអ័គ្រីប៉ា ។ ខ្ញុំបានគិតពីចម្លើយរបស់ព្រះរាជាអ័គ្រីម៉ាចំពោះទីបន្ទាល់របស់ប៉ុលថា ៖ « បន្ដិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ » ។4 បងប្រុស ហ្គ្រូប៊ើហ្គ មានសេចក្តីក្លាហានក្នុងការថ្លែងទីបន្ទាល់របស់គាត់ចំពោះស្ដេចមួយអង្គ ។
យប់នេះ មានអ្នកកាន់បព្វជិតភាពយើងរាប់ពាន់នាក់ ដែលកំពុងបម្រើព្រះអម្ចាស់ ជាអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ពេញម៉ោង ។ ក្នុងការឆ្លើយតបនឹងការហៅបម្រើបេសកកម្មនេះ ពួកគេបានចាកចេញពីផ្ទះ គ្រួសារ មិត្តភក្ដិ និង សាលា ហើយបានចេញទៅបម្រើ ។ អ្នកទាំងឡាយដែលមិនយល់ សួរថា ៖ « ហេតុអ្វីបានជាពួកគេឆ្លើយតបយ៉ាងលឿន ហើយមានឆន្ទៈចង់ធ្វើខ្លាំងម្ល៉េះ ? »
អ្នកផ្សព្វផ្សាយសាសនារបស់យើង អាចឆ្លើយតាមសម្ដីរបស់ប៉ុលដែលជាអ្នកផ្សព្វផ្សាយសាសនាដ៏ខ្ពស់ ដែលបានរស់នៅជាយូរមកហើយថា ៖ « ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ត្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ ! »5
ព្រះគម្ពីរដ៏បរិសុទ្ធមានការប្រកាសដែលទាក់ទងបំផុត ការទទួលខុសត្រូវដែលចងជាប់បំផុត និង បទបញ្ញត្តិដែលចំៗបំផុត ដែលបានប្រទានដោយព្រះអម្ចាស់ដែលបានរស់ឡើងវិញ ពេលទ្រង់មកបង្ហាញអង្គទ្រង់ឯកាលីឡេទៅដល់សាវកដប់មួយនាក់ ។ ទ្រង់មានព្រះបន្ទូលថា ៖
« គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ។
« ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធចុះ ៖
« ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប » ។6
ការបញ្ជាដ៏ទេវភាពនេះ រួមគ្នានឹងសេចក្ដីសន្យាដ៏រុងរឿងរបស់វា គឺជាការណែនាំចំពោះការប្រព្រឹត្តរបស់យើងនាសព្វថ្ងៃនេះ ដូចជាក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ។ កិច្ចការផ្សព្វផ្សាយសាសនា គឺជា គ្រឹះនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ វាតែងតែមានលក្ខណៈរបៀបនេះ ហើយវានឹងតែជាមានលក្ខណៈរបៀបនេះជានិច្ច ។ ដូចដែលព្យាការី យ៉ូសែប ស្ម៊ីធបានប្រកាសថា ៖ « ក្រោយពីអ្វីទាំងអស់បាននិយាយរួច កិច្ចការដ៏អស្ចារ្យ និង សំខាន់បំផុតនោះគឺត្រូវផ្សព្វផ្សាយដំណឹងល្អ » ។7
ក្នុងរយៈពេលពីរឆ្នាំដ៏ខ្លី អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទាំងអស់ដែលបានកំពុងបម្រើនៅក្នុងជួរកងទ័ពរាជានៃព្រះនេះ នឹងត្រូវបញ្ចប់ការងារពេញម៉ោងរបស់ពួកគេ ហើយនឹងត្រូវត្រឡប់ទៅផ្ទះ និង អ្នកជាទីស្រឡាញ់របស់ពួកគេវិញ ។ អ្នកដែលជំនួស ពួកគេនេះ នឹងត្រូវបានឃើញនាយប់នេះក្នុងចំណោមអ្នកកាន់បព្វជិតភាពអើរ៉ុននៃសាសនាចក្រ ។ យុវជនទាំងឡាយ តើអ្នកត្រៀមខ្លួនបំពេញនូវតម្រូវការនេះហើយឬនៅ ? តើអ្នកមានឆន្ទៈដើម្បីធ្វើការនេះឬទេ ? តើអ្នកបានរៀបចំដើម្បីបម្រើហើយឬនៅ ?
សារលិខិតដំណឹងល្អនេះ គឺជាបុរសដែលមានសេចក្ដីជំនឿលើព្រះ ; គឺជាបុរសដែលមានសេចក្ដីជំនឿលើសាសនារបស់គេ ; គឺជាបុរសដែលផ្ដល់កិត្តិយសដល់បព្វជិតភាពរបស់គេ ; ... គឺជាបុរសដែលពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ និង ព្រះចេស្ដានៃព្រះ ... ជាបុរសនៃកិត្តិយស សេចក្ដីសុចរិត គុណធម៌ និង បរិសុទ្ធភាព » ។8
បងប្អូនប្រុសអើយ យើងម្នាក់ៗត្រូវបានបញ្ជាឲ្យចែកចាយដំណឹងល្អនៃព្រះគ្រីស្ទ ។ នៅពេលជីវិតរបស់យើងប្រតិបត្តិតាមបទដ្ឋានផ្ទាល់របស់ព្រះ នោះអ្នកទាំងឡាយ ដែលបានទទួលឥទ្ធិពលពីយើង នឹងមិនដែលនិយាយត្អូញត្អែរថា ៖ « រដូវច្រូតកាត់បានកន្លងហើយ រដូវក្ដៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ » ។9
ជាអ្នកគង្វាលដ៏ឥតខ្ចោះនៃព្រលឹងទាំងឡាយ ជាអ្នកផ្សព្វផ្សាយសាសនាដែលបានសង្គ្រោះមនុស្សជាតិ បានផ្ដល់នូវការធានាដ៏ទេវភាពដល់យើងថា ៖
« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះ នៅក្នុងនគរនៃព្រះវរបិតារបស់យើង !
« ហើយឥឡូវនេះ បើសិនជាអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាដល់ព្រលឹងតែមួយ ហើយយ៉ាងណាទៅ ដែលអ្នកបាននាំមករកយើង នៅក្នុងនគរនៃព្រះវរបិតាយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមា បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើង ! »10
អំពីទ្រង់ដែលបានមានព្រះបន្ទូលទាំងនេះ ខ្ញុំសូមថ្លែងជាសក្ខីភាពផ្ទាល់ខ្លួនខ្ញុំ ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ជាព្រះប្រោលលោះរបស់យើង និង ជាព្រះអង្គសង្គ្រោះរបស់យើង ។
ខ្ញុំអធិស្ឋានថា យើងនឹងមានសេចក្ដីក្លាហានដើម្បីធ្វើជាមិត្តនឹងអ្នកដទៃ ការតាំងចិត្តដើម្បីព្យាយាម ហើយព្យាយាមទៀត និង ការបន្ទាបខ្លួនដែលចាំបាច់ត្រូវមានក្នុងការស្វែងរកការដឹកនាំពីព្រះវរបិតារបស់យើង ពេលយើងបំពេញតាមការបញ្ជារបស់យើងក្នុងការចែកចាយដំណឹងល្អ ។ បងប្អូនប្រុសទាំងឡាយអើយ ទំនួលខុសត្រូវគឺនៅលើយើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។