ខ្ញុំស្គាល់វា ។ រស់នៅតាមវា ។ ខ្ញុំស្រឡាញ់វា ។
យើងគឺជាអ្នកដើរតាមព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្តជឿ និង ទំនុកចិត្តបែបនោះ គឺជាលទ្ធផលនៃការខិតខំដ៏ឧស្សាហ៍ និង ការតាំងចិត្ត ។ វាគឺជារឿងបុគ្គល ។ វាគឺជាដំណើរការពេញមួយជីវិត ។
ខ្ញុំត្រូវបាន បំផុសគំនិត ដោយគំរូដែលបានធ្វើដោយសមាជិកសាសនាចក្រដ៏សុចរិតទាំងឡាយ រួមមានយុវវ័យដ៏ខ្ពង់ខ្ពស់ ។ សមាជិកទាំងឡាយសំឡឹងទៅព្រះអង្គសង្រ្គោះដោយក្លៀវក្លា ។ អ្នកស្មោះត្រង់ គោរពប្រតិបត្តិ និង បរិសុទ្ធ ។ ពរជ័យដែលអ្នកទទួលដោយសារភាពល្អរបស់អ្នក មិនត្រឹមតែមានឥទ្ធិពលលើជីវិតអ្នកប៉ុណ្ណោះទេ ប៉ុន្ដែមានយ៉ាងជ្រៅក្នុងជីវិតខ្ញុំ និង ជីវិតអ្នកដទៃជាច្រើនទៀត ប៉ុន្ដែជាញឹកញាប់មិនបានស្គាល់នោះទេ ។
ពីរបីឆ្នាំកន្លងទៅ ខ្ញុំបានតម្រង់ជួរទិញទំនិញនៅហាងគ្រឿងទេសក្នុងស្រុកខ្ញុំ ។ យុវនារីម្នាក់ដែលមានអាយុប្រហែល 15 ឆ្នាំ បានឈរនៅពីមុខខ្ញុំ ។ នាងមើលទៅមានទំនុកចិត្ត និង ភាពរីករាយ ។ ខ្ញុំឃើញអាវយឺតរបស់នាង ហើយមិនអាចទប់មិននិយាយរកនាងបានទេ ។ ខ្ញុំចាប់ផ្ដើមដោយសួរ « អ្នកមកពីរដ្ឋផ្សេងទៀត មែនទេ ? »
នាងភ្ញាក់ផ្អើលនឹងសំណួរខ្ញុំ ហើយឆ្លើយតបថា « មែនហើយ ! ខ្ញុំមកពីរដ្ឋ ខូឡូរ៉ាដូ ។ តើមីងដឹងដោយរបៀបណា ? »
ខ្ញុំបានពន្យល់ថា « ដោយសារតែអាវយឺតក្មួយ » ។ ខ្ញុំទាយត្រូវ មកពីអានពាក្យនៅលើអាវរបស់នាងថា « ខ្ញុំជាមរមន ។ ចុះអ្នកវិញ ? »
ខ្ញុំបានបន្ដ « មីងសូមប្រាប់ក្មួយថា មីងស្ងើចចំពោះទំនុកចិត្តរបស់ក្មួយក្នុងការបង្ហាញ និង ពាក់អាវដោយមានសេចក្តីប្រកាសដ៏ក្លៀវក្លា ។ មីងអាចឃើញភាពខុសប្លែករបស់ក្មួយ ហើយមីងចង់ឲ្យយុវនារីគ្រប់រូប និង សមាជិកសាសនាចក្រគ្រប់គ្នាអាចមានជំនឿស៊ប់ និង ទំនុកចិត្តដូចជាក្មួយអញ្ចឹង » ។ បន្ទាប់ពីទិញឥវ៉ាន់ហើយ យើងក៏បានលាគ្នា ហើយបែកគ្នាទៅ ។
ជាច្រើនថ្ងៃ និង ច្រើនសប្ដាហ៍កន្លងទៅ បន្ទាប់ពីការជួបនោះ ខ្ញុំនៅតែនឹកឃើញពីការជួបដោយចៃដន្យថ្ងៃនោះ ។ ខ្ញុំឆ្ងល់ពីរបៀបដែលក្មេងស្រីមកពីរដ្ឋ ខូឡូរ៉ាដូ នេះ មានទំនុកចិត្តយ៉ាងខ្លាំងចំពោះអត្តសញ្ញាណនាងជាសមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំមិនអាចទប់មិនគិតពីឃ្លាដ៏មានន័យណាដែលខ្ញុំនឹងយកជាន័យធៀប ដើម្បីបោះពុម្ពលើអាវយឺតរបស់ខ្ញុំដែលបង្ហាញពីជំនឿ និង ទីបន្ទាល់ខ្ញុំ ។ នៅក្នុងគំនិតខ្ញុំ ខ្ញុំគិតពីឃ្លាដ៏ទំនងជាច្រើន ។ ទីបំផុត ខ្ញុំគិតឃើញប្រយោគដ៏វិសេសមួយដែលខ្ញុំនឹងពាក់ដោយរីករាយថា ៖ « ខ្ញុំគឺជាមរមន ។ ខ្ញុំស្គាល់វា ។ ខ្ញុំរស់នៅតាមវា ។ ខ្ញុំស្រឡាញ់វា » ។
ថ្ងៃនេះ ខ្ញុំចង់ផ្ដោតការនិយាយលើ ប្រយោគដ៏ក្លៀវក្លា និង ដ៏មានសង្ឃឹមនេះ ។
ផ្នែកដំបូងនៃឃ្លានេះ គឺជាការប្រកាសដ៏ជឿជាក់មិនសោកស្ដាយមួយថា ៖ « ខ្ញុំគឺជាមរមន » ។ ដូចជាយុវនារីនោះ ដែលខ្ញុំបានជួបនៅហាងគ្រឿងទេស នាងមិនបានខ្លាចដើម្បីឲ្យពិភពលោកដឹងថា នាងគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ខ្ញុំសង្ឃឹមថាយើងនឹងមិនខ្លាច ឬ ស្ទាក់ស្ទើរក្នុងការទទួលស្គាល់ថា « ខ្ញុំគឺជាមរមន » ។ យើងគួរតែជឿជាក់ ដូចជាសាវកប៉ុល នៅពេលគាត់បានប្រកាសថា « ត្បិតខ្ញុំគ្មានសេចក្ដីខ្មាស់ ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្រ្គោះដល់អស់អ្នកណាដែលជឿ » ។1 ក្នុងនាមជាសមាជិក យើងគឺជាអ្នកដើរតាមព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្តជឿ និង ទំនុកចិត្តបែបនោះ គឺជាលទ្ធផលនៃការខិតខំដ៏ឧស្សាហ៍ និង ការតាំងចិត្ត ។ វាគឺជារឿងបុគ្គល ។ វាគឺជាដំណើរការពេញមួយជីវិត ។
ផ្នែកបន្ទាប់នៃប្រយោគនេះបញ្ជាក់ថា « ខ្ញុំស្គាល់វា » នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានសកម្មភាព, រឿង និង ចំណាប់អារម្មណ៍ជាច្រើនដែលប្រជែងចង់បានចំណាប់អារម្មណ៍របស់យើងគ្រប់នាទី ។ ដោយមានការរំខានដ៏ច្រើន តើយើងមានកម្លាំង វិន័យ និង ការតាំងចិត្តដើម្បីនៅតែបន្តផ្ដោតលើអ្វីដែលសំខាន់ជាងគេបំផុតដែរទេ ? តើយើងបានរៀននៅក្នុងសេចក្ដីពិតនៃដំណឹងល្អដូចដែលយើងធ្វើនៅក្នុងការសិក្សា ការងារ ចំណូលចិត្ត កីឡា ឬ អត្ថបទ ព្រមទាំងសារលិខិត ធ្វីតធើរ របស់យើងដែរឬទេ ? តើយើងមានរកចម្លើយចំពោះសំណួររបស់យើងយ៉ាងសកម្ម ដោយសិក្សាព្រះគម្ពីរ និង ការបង្រៀនរបស់ព្យាការីដែរទេ ? តើយើងមានរកការបញ្ជាក់ពីព្រះវិញ្ញាណទេ ?
សារៈសំខាន់នៃការទទួលបានចំណេះដឹង គឺជាគោលការណ៍ដ៏អស់កល្បមួយ ។ ព្យាការី យ៉ូសែប ស្ម៊ីធ « ស្រឡាញ់ចំណេះដឹង ដោយសារអំណាចដ៏សុចរិតរបស់វា » ។2 គាត់បាននិយាយថា ៖ « ចំណេះដឹង គឺចាំបាច់ចំពោះជីវិត និង ការគោរពព្រះ ... ។ ឱ បងប្អូនប្រុសទាំងឡាយ សូមស្ដាប់តាមគន្លឹះដ៏មហិមានេះ ៖ ចំណេះដឹង គឺជាអំណាចនៃព្រះទៅដល់សេចក្ដីសង្គ្រោះ » ។3
សេចក្ដីពិត និង ចំណេះដឹងទាំងអស់គឺសំខាន់ ប៉ុន្ដែដោយសារការរំខានដ៏ឥតដាច់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងត្រូវយកចិត្តទុកដាក់ជាពិសេសលើការបង្កើនចំណេះដឹងខាងដំណឹងល្អរបស់យើង ដើម្បីយើងអាចយល់ពីរបៀបអនុវត្តគោលការណ៍ដំណឹងល្អនៅក្នុងជីវិតរបស់យើង ។4 នៅពេលចំណេះដឹងខាងដំណឹងល្អរបស់យើងកើនឡើង យើងនឹងចាប់មានអារម្មណ៍ទុកចិត្តលើទីបន្ទាល់របស់យើង ហើយអាចនិយាយថា « ខ្ញុំស្គាល់វា » ។
បន្ទាប់មក គឺឃ្លា « ខ្ញុំរស់នៅតាមវា » ។ ព្រះគម្ពីរបង្រៀនថា យើងត្រូវតែជា « អ្នកប្រព្រឹត្តតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ » ។5 យើងរស់នៅតាមដំណឹងល្អ និង ក្លាយជា « អ្នកប្រព្រឹត្តតាមព្រះបន្ទូល » ដោយការអនុវត្តសេចក្ដីជំនឿ គោរពប្រតិបត្តិ បម្រើអ្នកដទៃដោយក្ដីស្រឡាញ់ និង ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះយើង ។ យើងធ្វើដោយសេចក្ដីសុចរិត និង ធ្វើអ្វីដែលយើងដឹងថាត្រូវ « នៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង »6 មិនថានរណាអាច ឬ មិនអាចមើលឃើញយើងនោះទេ ។
នៅក្នុងលក្ខខណ្ឌខាងសាច់ឈាមយើង គ្មាននរណាម្នាក់ឥតខ្ចោះនោះទេ ។ ទោះជាក្នុងការខិតខំដ៏យកចិត្តទុកដាក់រស់នៅតាមដំណឹងល្អរបស់យើងក្ដី ក៏ពួកយើងទាំងអស់គ្នានឹងមានកំហុស ហើយយើងទាំងអស់គ្នានឹងមានបាប ។ ឱ វាជាការអះអាងដ៏លួងលោមម្ល៉េះទេ ដែលដឹងថាតាមរយៈពលិកម្មសង្គ្រោះរបស់ព្រះអង្គសង្គ្រោះរបស់យើង យើងអាចបានអភ័យទោស ហើយបានស្អាតម្ដងទៀត ។ ដំណើរការនៃការប្រែចិត្ត និង ការអភ័យទោសដ៏ពិតនេះ ពង្រឹងទីបន្ទាល់ និង ការតាំងចិត្តរបស់យើងឲ្យគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយចិញ្ចឹមជីវិតរបស់យើងស្របតាមបទដ្ឋានដំណឹងល្អ ។
នៅពេលខ្ញុំគិតពីឃ្លា « ខ្ញុំរស់នៅតាមវា » ខ្ញុំចាំពីយុវនារីម្នាក់ដែលខ្ញុំបានជួបឈ្មោះ ការីហ្គាន ។ នាងបានសរសេរថា « ខ្ញុំក្លាយជាសមាជិកនៃសាសនាចក្រជាងមួយឆ្នាំហើយ ... ។ នៅពេលដែលខ្ញុំស្វែងរកព្រះវិហារ សញ្ញាសម្គាល់មួយដែលថា នេះគឺជាសាសនាចក្រដ៏ពិតបានមកដោយសារខ្ញុំមានអារម្មណ៍ថា ទីបំផុតខ្ញុំបានរកឃើញសាសនាចក្រមួយដែលបានបង្រៀនភាពរមទម្យ និង បទដ្ឋានហើយ ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែករបស់ខ្ញុំនូវអ្វីដែលបានកើតឡើងចំពោះមនុស្ស នៅពេលដែលពួកគេមិនគោរពតាមព្រះបញ្ញត្តិទាំងឡាយ ហើយរើសផ្លូវខុស ។ ខ្ញុំបានសម្រេចចិត្តជាយូរមកហើយ ថានឹងរស់នៅតាមបទដ្ឋានសីលធម៌ដ៏ខ្ពស់ ... ។ ខ្ញុំមានអារម្មណ៍ថាមានពរជ័យខ្លាំងណាស់ ដែលបានរកឃើញសេចក្ដីពិត ហើយបានជ្រមុជទឹក ។ ខ្ញុំរីករាយខ្លាំងណាស់ » ។7
ឃ្លាចុងក្រោយនៅក្នុងប្រយោគប្រកាសរបស់ខ្ញុំគឺ « ខ្ញុំស្រឡាញ់វា » ។ ការទទួលបានចំណេះដឹងនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និង ការរស់នៅតាមគោលការណ៍ដំណឹងល្អដោយឧស្សាហ៍នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដឹកនាំសមាជិកសាសនាចក្រជាច្រើនឲ្យបន្លឺដោយរីករាយថា « ខ្ញុំស្រឡាញ់ដំណឹងល្អ ! »
អារម្មណ៍នេះមក នៅពេលយើងមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធធ្វើសាក្សីដល់យើងថា យើងគឺជាបុត្ររបស់ព្រះវរបិតាសួគ៌យើង ទ្រង់គិតអំពីយើង ហើយយើងស្ថិតលើផ្លូវត្រូវ ។ ក្ដីស្រឡាញ់របស់យើងចំពោះដំណឹងល្អដុះឡើង នៅពេលយើងស្គាល់ក្ដីស្រឡាញ់ព្រះវរបិតាយើងនៅស្ថានសួគ៌ និង ក្ដីសុខសាន្ដដែលបានសន្យាដោយព្រះអង្គសង្រ្គោះ នៅពេលយើងបង្ហាញទ្រង់ថា យើងនឹងគោរព ហើយធ្វើតាមទ្រង់ ។
នៅពេលផ្សេងៗក្នុងជីវិតរបស់យើង មិនថាយើងជាអ្នកប្រែជឿថ្មីក្នុងសាសនាចក្រ ឬ ជាសមាជិកពេញមួយជីវិតនោះទេ យើងអាចឃើញថាការរីករាយដ៏រំភើបនេះបានរសាត់ទៅ ។ ពេលខ្លះវាកើតឡើង នៅពេលវាមានការលំបាក ហើយយើងត្រូវតែអត់ធ្មត់ ។ ពេលខ្លះវាកើតឡើងនៅចំពេលរីកចម្រើន និង ភាពសម្បួរណ៌បំផុតរបស់យើង ។ ពេលណាដែលខ្ញុំមានអារម្មណ៍នេះ ខ្ញុំដឹងថាខ្ញុំត្រូវផ្ដោតការខិតខំជាថ្មីលើការបង្កើនចំណេះដឹងខាងដំណឹងល្អខ្ញុំ និង ការរស់នៅតាមគោលការណ៍ដំណឹងល្អឲ្យបានពេញលេញជាងមុននៅក្នុងជីវិតខ្ញុំ ។
គោលការណ៍ដំណឹងល្អមួយដែលមានប្រសិទ្ធិភាពបំផុត ប៉ុន្ដែពេលខ្លះវាពិបាកអនុវត្តនោះគឺ ការបន្ទាបខ្លួន និង ការស្ដាប់តាមឆន្ទៈរបស់ព្រះ ។ នៅក្នុងការអធិស្ឋានរបស់ព្រះគ្រីស្ទនៅក្នុងច្បារគែតសេម៉ានី ទ្រង់បានបង្ហាញដល់ព្រះវរបិតាថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។8 ការណ៍នេះគួរតែជាការអធិស្ឋានរបស់យើងផងដែរ ។ ជារឿយៗ វានៅក្នុងពេលស្ងប់ ពោរពេញដោយការអធិស្ឋានទាំងនេះ ដែលយើងមានអារម្មណ៍ហ៊ុំព័ទ្ធដោយក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយអារម្មណ៍ដ៏មានអំណរជាទីស្រឡាញ់ទាំងនោះត្រូវបានស្ដារឡើងវិញ ។
ក្នុងការប្រជុំថ្នាក់ដឹកនាំយុវនារីនៅ អ៊ូហ្គើរនី រដ្ឋ អូរីហ្គិន ខ្ញុំបានមានឯកសិទ្ធិប្រជុំ និង និយាយជាមួយនឹងស៊ិស្ទើរ ខាមី វិលប៊ើរហ្គើរ ។ រឿងដែលស៊ិស្ទើរ វិលប៊ើរហ្គើរ បានចែកចាយនឹងខ្ញុំ គឺជាទីបន្ទាល់មួយនៃអំណាច និង ពរជ័យនៃការស្គាល់ ការរស់នៅតាម និង ការស្រឡាញ់ដំណឹងល្អរបស់យុវនារីម្នាក់ ។
កូនស្រីអាយុ 19 ឆ្នាំរបស់ស៊ិស្ទើរ វិលប៊ើរហ្គើរ ឈ្មោះ ប្រ៊ូក បានស្លាប់បីបួនឆ្នាំកន្លងទៅក្នុងវិស្សមកាលរដូវក្ដៅ ក្រោយពីរៀននៅមហាវិទ្យាល័យឆ្នាំទីមួយ ។ ស៊ិស្ទើរ វិលប៊ើរហ្គើរ បានរំឭកថា « វាគឺជាពេលដ៏ពិបាក និង ងងឹតមួយសម្រាប់គ្រួសាររបស់យើង ។ ទោះយ៉ាងណាក្ដី ប្រ៊ូក បានឲ្យយើងនូវអំណោយមួយដ៏អស្ចារ្យ ។ យើងមិនបានដឹងទេ នៅពេលនាងធំឡើងនោះ ប៉ុន្ដែរាល់ឆ្នាំ និង ពេលនីមួយៗនៃជីវិតដ៏ខ្លីរបស់នាង ប្រ៊ូក បានឲ្យយើងនូវអំណោយដ៏មហិមាបំផុតដែលកូនស្រីម្នាក់អាចផ្ដល់ដល់ឪពុកម្ដាយរបស់នាងបាន ។ ប្រ៊ូក គឺជាកូនស្រីដ៏សុចរិតរបស់ព្រះ ...។ ដោយសារតែអំណោយនេះ និង ជាពិសេស ដោយសារតែអំណាចនៃដង្វាយធួនដែលអាចកើតឡើង នោះខ្ញុំមានកម្លាំង ការលួងលោម និង ក្ដីស្ងប់ដែលបានសន្យាដោយព្រះអង្គសង្គ្រោះ ។ ខ្ញុំគ្មានសំណួរថា ឥឡូវតើ ប្រ៊ូក នៅទីណានោះទេ ហើយយើងទន្ទឹងរង់ចាំដល់ការជួបជុំជាថ្មីដ៏ល្អរបស់យើង » ។9
ខ្ញុំមានទីបន្ទាល់មួយអំពីផែនការនៃសុភមង្គលដ៏អស់កល្បយ៉ាងមហិមារបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំដឹងថា ទ្រង់ស្គាល់យើង ហើយស្រឡាញ់យើង ។ ខ្ញុំដឹងថា ទ្រង់បានរៀបចំព្យាការី ប្រធាន ថូម៉ាស អេស. ម៉នសុន មកកាន់យើងដើម្បីលើកទឹកចិត្តយើង និង ជួយណែនាំយើងឲ្យត្រឡប់ទៅរកទ្រង់វិញ ។ ខ្ញុំអធិស្ឋានថា យើងម្នាក់ៗនឹងខិតខំដើម្បីអាចប្រកាសដោយទំនុកចិត្តថា « ខ្ញុំគឺជាមរមន ។ ខ្ញុំស្គាល់វា ។ ខ្ញុំរស់នៅតាមវា ។ ខ្ញុំស្រឡាញ់វា » ។ ខ្ញុំសូមពោលពាក្យទាំងនេះដោយបន្ទាបខ្លួន នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។
កំណត់ចំណាំ ៖ សម្រាប់ការសិក្សាបន្ថែម ខ្ញុំសូមណែនាំឲ្យអានអាលម៉ា 32 និង ការនិយាយរបស់អែលឌើរ ដាល្លិន អេក អូក « The Challenge to Become » ( លីអាហូណា ខែ មករា ឆ្នាំ 2001 ទំព័រ 40–43 ) ។