ការប្រសិទ្ធពរសាក្រាម៉ង់
យើងនឹងត្រូវបានប្រទានពរ នៅពេលយើងមានការដឹងគុណចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ រំឭកសេចក្ដីសញ្ញារបស់យើង ទទួលអារម្មណ៍អភ័យទោស ហើយទទួលការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំបានធំឡើងនៅ រីកប៊ើហ្គ រដ្ឋអៃដាហូ ជាកន្លែងដែលខ្ញុំបានទទួលនូវឥទ្ធិពល និងបានបង្រៀនដោយគ្រួសារ មិត្តភក្ដិ គ្រូបង្រៀន និង អ្នកដឹកនាំដ៏ល្អ ។ មានបទពិសោធន៍ដ៏ពិសេសនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា ដែលមានឥទ្ធិពលមកលើព្រលឹងរបស់យើង ហើយធ្វើឲ្យមានភាពខុសប្លែកជារៀងរហូត ។ មានបទពិសោធន៍មួយបានកើតឡើងក្នុងយុវវ័យខ្ញុំ ។ បទពិសោធន៍នេះ បានផ្លាស់ប្ដូរជីវិតខ្ញុំ ។
ខ្ញុំតែងតែសកម្មនៅក្នុងសាសនាចក្រ ហើយរីកចម្រើននៅក្នុងបព្វជិតភាពអើរ៉ុន ។ នៅពេលខ្ញុំនៅវ័យក្មេង បងប្រុស យ៉ាកុប គ្រូបង្រៀនខ្ញុំ បានសុំខ្ញុំឲ្យសរសេរនៅលើកាតមួយអំពីអ្វីដែលខ្ញុំបានគិត អំពីម៉ោងសាក្រាម៉ង់ ។ ខ្ញុំបានយកកាតខ្ញុំមក ហើយចាប់ផ្ដើមសរសេរ ។ ចំណុចដំបូង នៅលើបញ្ជី គឺជាការប្រកួតកីឡាបោះបាល់ ដែលយើងបានឈ្នះកាលពីយប់មុន ។ ហើយបន្ទាប់មកជាការដើរលេងបន្ទាប់ពីការប្រកួតនោះ និងរឿងស្រដៀងគ្នាផ្សេងទៀតនៅក្នុងបញ្ជី ។ ព្រះនាមព្រះយេស៊ូវគ្រីស្ទ ពុំកត់មុនគេឡើយ ហើយពុំបានគិតថាសំខាន់សោះ ។
នៅរាល់ថ្ងៃអាទិត្យ យើងបានសរសេរនូវរឿងដែលយើងគិត អំឡុងពេលសាក្រាម៉ង់នៅលើកាតមួយ ។ ចំពោះអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់ ការប្រជុំសាក្រាម៉ង់ និង សាក្រាម៉ង់ បានរំឭក ពង្រីកអត្ថន័យ និង មានប្រយោជន៍ខាងវិញ្ញាណ ។ ខ្ញុំបានរង់ចាំដោយអន្ទះសារដល់ថ្ងៃអាទិត្យ និង ឱកាសដើម្បីទទួលទានសាក្រាម៉ង់ ដោយសារការយល់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះកំពុងផ្លាស់ប្ដូរខ្ញុំ ។ ជារៀងរាល់ថ្ងៃអាទិត្យរហូតដល់ថ្ងៃនេះ នៅពេលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំអាចមើលកាតខ្ញុំ ហើយរំឭកបញ្ជីរបស់ខ្ញុំ ។ ចំណុចដំបូងគេបំផុត ដែលតែងតែមាននៅក្នុងបញ្ជីខ្ញុំឥឡូវនេះ គឺព្រះអង្គសង្គ្រោះនៃមនុស្សលោក ។
នៅក្នុងគម្ពីរសញ្ញាថ្មី យើងអានអំពីគ្រាដែលព្រះអង្គសង្គ្រោះ និង សាវកទ្រង់ បានជួបជុំគ្នានៅក្នុងបន្ទប់ខាងលើមួយ សម្រាប់អាហារបុណ្យរំលង ។
« រួចទ្រង់ក៏យកនំប៉័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ។
« នោះទ្រង់បានយកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាមដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា » 1។
ព្រះយេស៊ូវក៏បានបង្កើតពិធីបរិសុទ្ធនៃសាក្រាម៉ង់ អំឡុងពេលទ្រង់យាងទៅជួបនឹងពួកសាសន៍នីហ្វៃ ។ 2 ខ្ញុំបានដឹងអំពីសារៈសំខាន់នៃព្រឹត្តការណ៍ទាំងពីរនេះ ។
ប្រធាន ដេវីឌ អូ មិកឃេ បានមានប្រសាសន៍ថា « ខ្ញុំចាប់អារម្មណ៍ចង់បញ្ជាក់ថា ព្រះអម្ចាស់បានតាំងជាការប្រជុំដ៏សំខាន់បំផុត នៅក្នុងសាសនាចក្រ ហើយនោះគឺជាការប្រជុំសាក្រាម៉ង់ » ។ 3 បើយើងរៀបចំសម្រាប់សាក្រាម៉ង់ដោយត្រឹមត្រូវ នោះយើងអាចផ្លាស់ប្ដូរជីវិតរបស់យើង ។ ខ្ញុំចង់ផ្ដល់យោបល់ជាគោលការណ៍ចំនួនប្រាំ ដែលអាចប្រទានពរដល់ជីវិតរបស់យើង នៅពេលយើងទទួលទានសាក្រាម៉ង់ដោយសក្ដិសម ។
I. មានអារម្មណ៍ដឹងគុណចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
គោលការណ៍ទីមួយ គឺមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ អំឡុងពេលសាក្រាម៉ង់ ចំពោះដង្វាយធួននៃព្រះបុត្រាទ្រង់ ។ រឿងខាងក្រោមមានប្រាប់អំពីការចែកសាក្រាម៉ង់ ។
« សាក្រាម៉ង់ ពុំមានអត្ថន័យច្រើនចំពោះខ្ញុំទេ រហូតដល់ថ្ងៃអាទិត្យ ដែលខ្ញុំត្រូវបានតែងតាំងជាឌីកុន ។ ល្ងាចនោះ បន្ទាប់ពីខ្ញុំបានចែកសាក្រាម៉ង់ ជាលើកទីមួយ ។ មុនពេលការប្រជុំ ឌីកុនម្នាក់បានដាស់តឿនខ្ញុំថា ‹ ចូរយកចិត្តទុកដាក់នឹងបងប្រុស ស្មេត ។ អ្នកអាចនឹងដាស់គាត់ឡើង ! › ទីបំផុតពេលវេលាបានមកដល់ខ្ញុំ ដើម្បីចូលរួមនៅក្នុងការចែកសាក្រាម៉ង់ ។ ខ្ញុំបានចែកដល់ប្រាំមួយជួរដំបូងបានយ៉ាងល្អ ។ កុមារ និង មនុស្សពេញវ័យ បានទទួលទាននំប៉័ងដោយមិនខ្វល់ ឬ ជាបញ្ហាគួរកត់សំគាល់ឡើយ ។ បន្ទាប់មក ខ្ញុំទៅដល់ជួរទីប្រាំពីរ ជាជួរដែលបងប្រុស ស្មេត តែងតែអង្គុយ ។ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើល ។ គាត់ពុំដេកទេ ។ គាត់បានយកនំប៉័ងហាក់ដូចជាគិត និង មានគារវភាពយ៉ាងខ្លាំង មិនដូចជាអ្នកដទៃជាច្រើនទៀត ដែលខ្ញុំបានចែកឲ្យទេ ។
« ប៉ុន្មាននាទីក្រោយមក ខ្ញុំចែកទឹកទៅដល់ជួរទីប្រាំពីរម្ដងទៀត ។ គ្រានេះ មិត្តខ្ញុំនិយាយត្រូវ ។ បងប្រុស ស្មេត បានអង្គុយឈ្ងោកក្បាលចុះ ហើយភ្នែកធំគាត់បិទ ។ គាត់ដេកយ៉ាងច្បាស់ ។ តើខ្ញុំអាចធ្វើ ឬ អាចនិយាយអ្វីបាន ? ខ្ញុំបានមើលមួយសន្ទុះ ទៅថ្ងាសគាត់ ដែលជ្រីវជ្រួញ និង នឿយហត់ពីការលំបាក និង ភាពវេទនាជាច្រើនឆ្នាំមកនេះ ។ គាត់បានចូលរួមក្នុងសាសនាចក្រកាលពីវ័យក្មេង ហើយជួបប្រទះនឹងការបៀតបៀនយ៉ាងច្រើននៅក្នុងទីក្រុងអាល្លឺម៉ង់តូចរបស់គាត់ ។ ខ្ញុំបានស្ដាប់ឮរឿងជាច្រើនដងក្នុងការប្រជុំថ្លែងទីបន្ទាល់ ។ ទីបំផុត ខ្ញុំបានសម្រេចចិត្តគោះស្មាគាត់តិចៗ ដោយសង្ឃឹមថា ដាស់គាត់ឡើង ។ នៅពេលខ្ញុំហៀបធ្វើដូច្នោះ នោះគាត់បានងើបក្បាលឡើងយឺតៗ ។ មានទឹកភ្នែកនៅលើថ្ពាល់គាត់ ហើយពេលខ្ញុំមើលទៅកែវភ្នែកគាត់ ខ្ញុំបានឃើញសេចក្ដីស្រឡាញ់ និង ក្ដីអំណរ ។ គាត់បានលូកយកពែងទឹកដោយស្ងៀមស្ងាត់ ។ ទោះជាខ្ញុំទើបតែអាយុដប់ពីរឆ្នាំក្ដី ក៏ខ្ញុំអាចនៅចាំយ៉ាងច្បាស់អំពីអារម្មណ៍ដែលខ្ញុំមាន នៅពេលខ្ញុំមើលបុរសរឹងមាំនេះ ទទួលទានសាក្រាម៉ង់ ។ ខ្ញុំដឹងដោយគ្មានសង្ស័យថា គាត់ទទួលអារម្មណ៍អ្វីមួយអំពីសាក្រាម៉ង់ ដែលខ្ញុំពុំធ្លាប់មាន ។ ខ្ញុំប្ដេជ្ញាថា ខ្ញុំចង់មានអារម្មណ៍ដូចគ្នានោះដែរ » ។ 4
បងប្រុស ស្មេត បានទំនាក់ទំនងនឹងស្ថានសួគ៌ ហើយស្ថានសួគ៌បានទំនាក់ទំនងនឹងគាត់ ។
II. សូមចងចាំថា យើងកំពុងតែរំឭកអំពីសេចក្ដីបុណ្យជ្រមុជទឹក
គោលការណ៍ទីពីរ គឺដើម្បីចងចាំថា យើងកំពុងតែរំឭកអំពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង នៅពេលយើងទទួលទានសាក្រាម៉ង់ ។ ការសន្យាមួយចំនួន ដែលយើងធ្វើជាកំណត់ត្រានៅក្នុងបទគម្ពីរ ដែលរួមមាន ៖
« ... ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថា ជារាស្ត្ររបស់ទ្រង់ ហើយយល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ... ទួញយំជាមួយនឹងអ្នកណាដែលទួញយំ... ហើយឈរជាសាក្សីដល់ព្រះ » ។ 5
« មកដោយមានចិត្តសង្រេង និង វិញ្ញាណទន់ទាប ... យល់ព្រមលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត » 6 និងរក្សាបទបញ្ញត្តិរបស់ទ្រង់ និង ចងចាំទ្រង់ជានិច្ច ។ 7
ការអធិស្ឋានពិធីសាក្រាម៉ង់ ជាការរំឭកមួយអំពីសេចក្ដីសញ្ញាទាំងនេះ ។ នៅពេលយើងទទួលទានសាក្រាម៉ង់ យើងរំឭកការតាំងចិត្តរបស់យើង ក្នុងការរស់នៅតាមសេចក្ដីសញ្ញាទាំងនេះ ។ ខ្ញុំជឿថា វានឹងជាការសមរម្យដើម្បីទន្ទេញចាំការអធិស្ឋានពិធីសាក្រាម៉ង់នៅក្នុងចិត្ត និង គំនិតរបស់យើង ។ នោះនឹងជួយយើងផ្ដោតទៅលើសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ។ ទោះជាយើងមានអាយុ 8 ឬ 80 ឆ្នាំក្ដី នៅពេលយើងទទួលបុណ្យជ្រមុជទឹក យើងសង្ឃឹមថា យើងនឹងពុំអាចបំភ្លេចថ្ងៃនោះ និង សេចក្ដីសញ្ញាដែលយើងបានធ្វើបានឡើយ ។
III. អំឡុងសាក្រាម៉ង់ យើងអាចទទួលអារម្មណ៍អភ័យទោសពីអំពើបាបរបស់យើង
ទីបី អំឡុងពេលសាក្រាម៉ង់ យើងអាចទទួលអារម្មណ៍អភ័យទោសពីអំពើបាបរបស់យើង ។ បើយើងបានចំណាយពេលមុនការប្រជុំសាក្រាម៉ង់ ប្រែចិត្តពីអំពើបាបរបស់យើង នោះយើងអាចចេញពីការប្រជុំសាក្រាម៉ង់ទៅដោយមានអារម្មណ៍ស្អាត និង បរិសុទ្ធ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ មានប្រសាសន៍ថា ៖ « សាក្រាម៉ង់ រំឭកដំណើរការនៃការអភ័យទោស ។ ជារៀងរាល់ថ្ងៃអាទិត្យ នៅពេលបម្រើសាក្រាម៉ង់ នោះគឺជាពិធីមួយ ដើម្បីរំឭកដំណើរការនៃការអភ័យទោស ។ ... ជារៀងរាល់ថ្ងៃអាទិត្យ អ្នកសម្អាតខ្លួន ដើម្បីដល់ពេលមួយ ពេលអ្នកស្លាប់ទៅ នោះវិញ្ញាណរបស់អ្នកនឹងស្អាតស្អំ » ។ 8 ការទទួលទានសាក្រាម៉ង់ដោយសក្ដិសម អាចជួយយើងឲ្យមានអារម្មណ៍ដូចជារាស្ត្ររបស់ស្ដេចបេនយ៉ាមីន ដែល « ពោរពេញទៅដោយសេចក្ដីអំណរ ដោយបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ហើយដោយមានសេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ » ។ 9
IV. យើងអាចទទួលការបំផុសគំនិត ជាដំណោះស្រាយចំពោះបញ្ហាទាំងឡាយរបស់យើង
គោលការណ៍ទីបួន គឺថា យើងអាចទទួលការបំផុសគំនិតជាដំណោះស្រាយចំពោះបញ្ហារបស់យើង អំឡុងការប្រជុំសាក្រាម៉ង់ ។ នៅពេលខ្ញុំជាប្រធានបេសកកម្មនៅ បូលីវ៉ា ភរិយាខ្ញុំ ម៉ារី អាន និង ខ្ញុំមានពរដែលបានចូលរួមក្នុងសិក្ខាសាលាប្រធានបេសកកម្មជាមួយប្រធាន ហែនរី ប៊ី អាវរិង ។ នៅក្នុងការប្រជុំនោះ គាត់បានបង្រៀនថា មានវិធីសំខាន់បីដើម្បីរៀបចំទទួលបានប្រយោជន៍ពីការប្រជុំ ។ យើងគួរតែមកជាមួយបញ្ហារបស់យើង រាបសារដូចជាកូនក្មេងត្រៀមខ្លួនរៀន ហើយដោយមានបំណងប្រាថ្នាជួយដល់កូនចៅរបស់ព្រះ ។
នៅពេលយើងមកការប្រជុំសាក្រាម៉ង់ដោយរាបសារ នោះយើងអាចមានពរដើម្បីដឹងនូវដំណោះស្រាយចំពោះបញ្ហាប្រចាំថ្ងៃរបស់យើង ។ យើងត្រូវតែមកដោយបានត្រៀមខ្លួន មានឆន្ទៈស្ដាប់ ហើយគ្មានការរំខាន ។ នៅក្នុងគម្ពីរយើងអានថា « ប៉ុន្តែមើលចុះ យើងប្រាប់អ្នកថា អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយអ្នកត្រូវសុំដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ ហើយបើសិនជាត្រឹមត្រូវ នោះយើងនឹងបណ្ដាលឲ្យទ្រូងរបស់អ្នកខ្មួលខ្មាញ់ខាងក្នុង ហេតុដូច្នោះហើយ អ្នកនឹងមានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ » ។ 10 យើងអាចដឹងនូវអ្វីដែលយើងគួរធ្វើ ដើម្បីដោះស្រាយបញ្ហារបស់យើង ។
V. ការទទួលទានសាក្រាម៉ង់ដោយសក្ដិសម នឹងជួយយើងឲ្យពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ
គោលការណ៍ទីប្រាំ ការទទួលទានសាក្រាម៉ង់ដោយសក្ដិសម នឹងជួយយើងពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ អំឡុងពេលនៃការបង្កើតពិធីសាក្រាម៉ង់ កាលដែលទ្រង់យាងទៅជួបពួកសាសន៍នីហ្វៃ ព្រះយេស៊ូវបានថ្លែងថា « អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើងទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះ នឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច » ។ 11 ពួកគេបានសន្យាថា បើពួកគេស្រេកឃ្លានសេចក្ដីសុចរិត នោះពួកគេនឹងពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ។ ការអធិស្ឋានសាក្រាម៉ង់ក៏សន្យាផងដែរថា បើយើងរស់នៅតាមសេចក្ដីសញ្ញារបស់យើង នោះយើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។ 12
អែលឌើរ មេលវិន ជី បាឡាដ បានមានប្រសាសន៍ថា ៖ « ខ្ញុំជាសាក្សីម្នាក់ថា មានព្រះវិញ្ញាណចូលរួមក្នុងការបម្រើសាក្រាម៉ង់ ដើម្បីធ្វើឲ្យព្រលឹងកក់ក្ដៅ តាំងពីក្បាលដល់ចុងជើង អ្នកអាចដឹងថារបួសខាងវិញ្ញាណត្រូវបានព្យាបាល ហើយបន្ទុកត្រូវបានសម្រាល ។ ការលួងលោមចិត្ត និង សុភមង្គល កើតមានក្នុងព្រលឹង ដែលមានបំណងប្រាថ្នាពិត និងសក្ដិសមក្នុងការទទួលទានអាហារខាងវិញ្ញាណនេះ » ។ 13
យើងនឹងត្រូវបានប្រទានពរ នៅពេលយើងមានការដឹងគុណចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ រំឭកសេចក្ដីសញ្ញារបស់យើង ទទួលអារម្មណ៍អភ័យទោស ហើយទទួលការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ។ វានឹងជាការប្រជុំសាក្រាម៉ង់ដ៏អស្ចារ្យមួយ បើសាក្រាម៉ង់ ផ្ដោតសំខាន់ក្នុងការថ្វាយបង្គំរបស់យើង ។ ខ្ញុំសូមបង្ហាញនូវការដឹងគុណរបស់ខ្ញុំចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្ម ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។