ដង្វាយធួន
នៅកន្លែងណាដែលសមាជិក និង អ្នកផ្សព្វផ្សាយសាសនាយើងអាចទៅដល់ នោះសារលិខិតរបស់យើង គឺជាសារលិខិតនៃសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមទៅលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
សារលិខិតរបស់ខ្ញុំ និយាយសំដៅទៅអ្នកទាំងឡាយនៅក្នុងចំណោមយើង ដែលរងទុក្ខ មានបន្ទុកដោយកំហុស និង ភាពទន់ខ្សោយ និង ការបរាជ័យ ការសោកស្ដាយ និង ភាពអស់សង្ឃឹម ។
នៅឆ្នាំ 1971 ខ្ញុំត្រូវបានចាត់ឲ្យទៅសន្និសីទស្ដេក នៅសាម័រប៉ែកខាងលិច រួមទាំងរៀបចំស្ដេកថ្មីនៅកោះ យូពូលូ ។ បន្ទាប់ពីការសម្ភាសន៍ យើងបានជួលយន្ដហោះតូចមួយជិះទៅកាន់កោះ សាវៃអី ដើម្បីធ្វើសន្និសីទស្ដេកនៅទីនោះ ។ យន្ដហោះចុះនៅលើវាលស្មៅនៅ ហ្វាអាឡា ហើយត្រូវត្រឡប់មកវិញនៅរសៀលថ្ងៃស្អែកដើម្បីជិះទៅកាន់កោះ យូពូលូ វិញ ។
ថ្ងៃដែលយើងត្រូវត្រឡប់មកពី សាវៃអី វិញ គឺមានភ្លៀងធ្លាក់ ។ ដោយដឹងថា យន្ដហោះពុំអាចចុះចតនៅលើវាលដីសើមបាន នោះយើងបានធ្វើដំណើរទៅកាន់ភាគខាងលិចបំផុតនៃកោះ ជាកន្លែងដែលមានផ្លូវមួយនៅលើផ្កាថ្ម ។ យើងបានរង់ចាំរហូតដល់ងងឹត ប៉ុន្តែគ្មានយន្ដហោះមកទេ ។ ទីបំផុត យើងបានដឹងតាមវិទ្យុទាក់ទងថា មានព្យុះ ហើយយន្ដហោះពុំអាចហោះហើរបានទេ ។ យើងបានបញ្ជូនសារទៅវិញថា យើងនឹងទៅតាមទូកវិញ ។ សូមឲ្យនរណាម្នាក់មកជួបយើងនៅ មូលីហ្វានូអា ។
នៅពេលយើងចេញពីផែ សាវៃអី អ្នកបើកទូកដែលមានប្រវែង 40 ហ្វុត ( 12 ម.) បានសួរប្រធានបេសកកម្មថា តើគាត់មានពិលឬទេ ។ សំណាងល្អ គាត់មាន ហើយបានឲ្យវាជាអំណោយទៅអ្នកបើកទូក ។ យើងបានធ្វើដំណើរបាន 13 ម៉ែល ( 21 គ.ម. ) ឆ្លងទៅកោះ យូពូលូ នៅលើសមុទ្រដ៏លំបាក ។ គ្មានគ្នាយើងណាម្នាក់ ដឹងថា ព្យុះត្រូពិចដ៏ធំ បានបោកបក់មកលើកោះទេ ហើយយើងកំពុងតែធ្វើដំណើរតម្រង់ទៅរកវា ។
យើងបានទៅដល់ផែ មូលីហ្វានូអា នោះមានផ្លូវតូចមួយ ដែលយើងត្រូវឆ្លងកាន់តាមថ្មប៉ប្រះទឹក ។ មានពន្លឺភ្លើងមួយនៅលើភ្នំខាងលើឆ្នេរ ហើយពន្លឺភ្លើងទីពីរនៅទាបជាង បានបង្ហាញផ្លូវចង្អៀតនោះ ។ នៅពេលទូកបរចូល ត្រូវមានភ្លើងទាំងពីរនោះ ដូច្នេះទូកនឹងនឹងចូលតាមជួរត្រឹមត្រូវ ឆ្លងផុតពីថ្មដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ នៅតាមផ្លូវនោះ ។
ប៉ុន្តែនៅយប់នោះ មានភ្លើងតែមួយគត់ ។ អែលឌើរពីរនាក់ នៅឈរលើគោករង់ចាំជួបយើង ប៉ុន្តែការឆ្លងកាត់បានចំណាយពេលយូរ ខុសពីធម្មតា ។ បន្ទាប់ពីរង់ចាំមើលសញ្ញាទូករបស់យើងជាច្រើនម៉ោងមក ពួកអែលឌើរមានការនឿយហត់ ហើយងងុយគេង ពុំបានបើកភ្លើងទីពីរ ដែលជាភ្លើងទាបជាងគេនោះ ។ ជាហេតុធ្វើឲ្យ យើងមើលផ្លូវដែលនៅតាមថ្មប៉ប្រះទឹកនោះពុំសូវច្បាស់ ។
អ្នកបើកទូកបានបើកទូកយ៉ាងល្អបំផុតតាមដែលគាត់អាចធ្វើបាន ទៅរកពន្លឺមួយនៅខាងលើច្រាំង ខណៈដែលមានកម្មករឈរនៅលើទូកម្នាក់ បញ្ចាំងពិលដែលខ្ចីនោះ រកមើលថ្មដែលមាននៅខាងមុខ ។ យើងអាចស្ដាប់ឮទូកប៉ះនឹងថ្មប៉ប្រះទឹក ។ នៅពេលយើងទៅជិតល្មមនឹងមើលឃើញវាដោយពន្លឺពិល នោះអ្នកបើកទូកបានស្រែកយ៉ាងខ្លាំងឲ្យថយក្រោយ ហើយព្យាយាមចូលផ្លូវម្ដងទៀត ។
បន្ទាប់ពីបានព្យាយាមជាច្រើនដង គាត់បានដឹងថាមិនអាចរកឃើញផ្លូវទេ ។ អ្វីដែលយើងអាចធ្វើ គឺព្យាយាមបើកទៅកាន់ផែមួយទៀត ដែលមានចម្ងាយ 40 ម៉ែល ( 64 គ.ម) នៅ អាប៉ៃ ។ យើងពុំអាចទប់ទល់នឹងកម្លាំងព្យុះដ៏ខ្លាំងបានទេ ។ ខ្ញុំពុំចាំអ្វី ក្រៅពីភាពងងឹតស្លុងនោះទេ ។
យើងពុំអាចទៅណាបានអស់រយៈពេលមួយម៉ោងដំបូង ទោះជាម៉ាស៊ីនទូកខ្លាំងក៏ដោយ ។ ទូកបានទៅមុខបុកនឹងទឹករលកធំៗ ហើយបន្ទាប់មកទូកនៅលើរលក ដោយធ្វើឲ្យស្លាបចក្ររបស់ទូកចេញផុតពីទឹក ។ រំញ័ររបស់ស្លាបចក្រគ្រវីយ៉ាងខ្លាំង ស្ទើរតែធ្វើឲ្យទូកបែកជាបំណែកៗ មុនពេលទូកធ្លាក់ចុះមកទឹកវិញ ។
យើងបានក្រាបចុះដោយលាតដៃជើង នៅលើគម្របឥវ៉ាន់ ដោយដៃរបស់យើងម្ខាងកាន់គែម ហើយជើងយើងបានចាក់ស្រេះនឹងវាដើម្បីកុំឲ្យត្រូវបោកចេញពីទូក ។ បងប្រុស ម៉ាក លីថលហ្វត បានរបូតដៃហើយបានបោកទៅបង្កាន់ដៃដែកនៅខាងក្រោម ។ គាត់មុតក្បាល ប៉ុន្តែបង្កាន់ដៃបានទប់គាត់កុំឲ្យធ្លាក់ចេញពីទូក ។
ទីបំផុត យើងបានបន្តដំណើរទៅមុខ នៅពេលទាបភ្លឺ បានចូលទៅដល់ផែ អាពីតា ។ ទូកជាច្រើនបានចងជាប់គ្នាដើម្បីឲ្យមានសុវត្ថិភាព ។ នៅផែមានសុទ្ធតែទូកទាំងនេះ ។ យើងបានលូនចេញមកកាត់ពួកគេ ដោយព្យាយាមមិនឲ្យរំខានដល់អ្នកដែលកំពុងដេកនៅលើដំបូលទូកឡើយ ។ យើងបានធ្វើដំណើរទៅ ប៉េសេហ្គា សម្ងួតខោអាវយើង ហើយបានធ្វើដំណើរទៅ វ៉ាលូអូតៃ ដើម្បីរៀបចំស្ដេកថ្មី ។
ខ្ញុំពុំដឹងថានរណាបានរង់ចាំយើង នៅឆ្នេរ មូលីហ្វានូអា ទេ ។ ខ្ញុំបដិសេធកុំឲ្យពួកគេប្រាប់ខ្ញុំថាជានរណា ។ ប៉ុន្តែវាជាការពិតថា បើគ្មានពន្លឺទាបទេ នោះយើងទាំងអស់គ្នានឹងស្លាប់ជាមិនខាន ។
មានទំនុកដំកើងមួយដែលចាស់ ហើយកម្រច្រៀងក្នុងសៀវភៅទំនុកដំកើងរបស់យើង ដែលមានអត្ថន័យយ៉ាងខ្លាំងចំពោះខ្ញុំ ។
ព្រះគុណព្រះបិតាយើងភ្លឺចែងចាំង
ពីប៉មបំភ្លឺផ្លូវទ្រង់ជារៀងរហូត
ប៉ុន្តែយើងមានការខុសត្រូវមើល
ពន្លឺនៅតាមមាត់ច្រាំង ។
ឲ្យពន្លឺភ្លើងដែលនៅទាបឆេះបំភ្លឺឡើង
បំភ្លឺចាំងនៅលើទឹក ។
ព្រោះមានអ្នកដើរសមុទ្រមួយចំនួនគួរឲ្យអាណិត នឿយហត់ និង មានបញ្ហា
អ្នកអាចជួយសង្គ្រោះ អ្នកអាចសង្គ្រោះ ។
យប់ងងឹតនៃអំពើបាបធ្វើឲ្យអស់សង្ឃឹម
សន្ធឹករលកបានបក់បោកខ្លាំង ។
កែវភ្នែករំពៃមើល ដោយព្យាយាម
រកមើលពន្លឺនៅតាមមាត់ច្រាំង ។
សូមយកចិត្តទូកដាក់នឹងពន្លឺចង្កៀងរបស់អ្នក បងប្អូនខ្ញុំអើយ
មានអ្នកបរទូកអកុសលមួយចំនួនត្រូវព្យុះបក់បោក
ឥឡូវព្យាយាមមករកច្រាំង
ដែលគេអាចវង្វេងនៅក្នុងទីងងឹត ។ 1
ខ្ញុំនិយាយថ្ងៃនេះ ទៅកាន់អ្នកទាំងឡាយដែលបានវង្វេង ហើយកំពុងស្វែងរកពន្លឺភ្លើងនៅទាបជាងគេនោះ ដើម្បីជួយដឹកនាំពួកគេត្រឡប់មកវិញ ។
យើងបានយល់ពីដើមដំបូងថា នៅក្នុងជីវិតរមែងស្លាប់ យើងនឹងពុំល្អឥតខ្ចោះទេ ។ ពុំបានរំពឹងឲ្យយើងរស់នៅដោយគ្មានអំពើរំលងច្បាប់ណាមួយនោះទេ ។
« ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះ ជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាម សេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។2
ចេញមកពីគម្ពីរមុក្ដាដ៏មានតម្លៃមហិមា យើងយល់ថា « គ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅ [ នគរព្រះ ] ទេ» 3 ហើយដូច្នោះ មានផ្លូវមួយបានផ្ដល់ឲ្យមនុស្សទាំងអស់ដែលមានអំពើបាប អាចប្រែចិត្ត ហើយមានភាពសក្ដិសមនៃវត្តមានរបស់ព្រះបិតាយើងនៅស្ថានសួគ៌ម្ដងទៀត ។
អ្នកសង្រួបសង្រួម ព្រះប្រោសលោះមួយ ត្រូវបានជ្រើសរើស ជាអង្គមួយដែលនឹងរស់នៅក្នុងជីវិតដ៏ឥតខ្ចោះ ពុំប្រព្រឹត្តអំពើបាប ហើយទ្រង់ « ថ្វាយរូបអង្គទ្រង់ជាយញ្ញបូជា ជំនួសអំពើបាប ដើម្បីតបស្នងការចុងបំផុតនៃក្រិត្យវិន័យ ដល់អស់អ្នកណាដែលមានចិត្តសង្រេង និង វិញ្ញាណទន់ទាប ហើយគ្មានអ្នកណាទៀតសោះ ដែលអាចតបស្នងការចុងបំផុតនៃក្រិត្យវិន័យបាន » ។ 4
ស្ដីអំពីសារៈសំខាន់នៃដង្វាយធួន ក្នុងគម្ពីរអាលម៉ាយើងបានរៀនថា « ព្រោះជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង... បើពុំនោះសោតទេមនុស្សលោកទាំងអស់នឹងពុំអាចចៀសផុតពីសេចក្ដីវិនាសបានឡើយ » ។ 5
បើអ្នកពុំខុស នោះអ្នកពុំត្រូវការដង្វាយធួនទេ ។ បើអ្នកមានកំហុស ហើយយើងទាំងអស់គ្នាមានកំហុស ទោះជាតូច ឬ ធំ នោះអ្នកចាំបាច់ត្រូវតែស្វែងរករបៀបដើម្បីលប់វាចោល ដើម្បីកុំឲ្យអ្នកមានកំហុសតទៅទៀត ។
« [ ព្រះយេស៊ូវ គ្រីស្ទ ] គឺជាពន្លឺ និង ជាជីវិតនៃពិភពលោក » ។ 6 នៅពេលយើងផ្ដោតយ៉ាងខ្លាំងទៅលើទ្រង់ និង ការបង្រៀនរបស់ទ្រង់ នោះយើងនឹងត្រូវបានដឹកនាំឲ្យទៅកាន់ផែនៃសុវត្ថិភាពខាងវិញ្ញាណ ។
មាត្រានៃសេចក្ដីជំនឿខទីបី បានថ្លែងថា « យើងខ្ញុំជឿថា តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះ មនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រិត្យវិន័យ និង ពិធីការទាំងឡាយនៃដំណឹងល្អ » ។ 7
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖ « មនុស្សពុំអាចអភ័យទោសអំពើបាបរបស់ពួកគេបានទេ ពួកគេពុំអាចសម្អាតខ្លួនគេពីលទ្ធផលនៃអំពើបាបរបស់ពួកគេទេ ។ មនុស្សអាចឈប់មានអំពើបាប ហើយអាចធ្វើត្រូវនៅពេលអនាគត ហើយដរាបណា ទង្វើរបស់ពួកគេត្រូវបានចាត់ទុកថា អាចទទួលយកបាននៅចំពោះព្រះអម្ចាស់ [ ប្រែជា ] សក្ដិសម។ ប៉ុន្តែតើនរណាអាចជួសជុលកំហុសទាំងឡាយ ដែលពួកគេបានធ្វើចំពោះខ្លួនគេ និង អ្នកដទៃបាន ដែលវាពុំអាចធ្វើទៅរួច ដើម្បីពួកគេជួសជុលខ្លួនគេនោះទេ ? តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អំពើបាបរបស់អ្នកប្រែចិត្ត នឹងត្រូវបានលាងសម្អាត ទោះជាវាក្រហមឆ្អៅក្ដី នោះវានឹងធ្វើឲ្យទៅជាសដូចជារោមចៀម [ សូមមើល អេសាយ 1:18 ] ។ នេះគឺជាការសន្យាដែលបានផ្ដល់ឲ្យអ្នក » ។ 8
យើងពុំដឹងច្បាស់អំពីរបៀបដែលព្រះអម្ចាស់សម្រេចដង្វាយធួននោះទេ ។ ប៉ុន្តែយើងដឹងថា ការធ្វើ ទារុណកម្មឆ្កាងដ៏ឃោរឃៅ គឺជាផ្នែកនៃការឈឺចាប់ដ៏ខ្លាំងតែមួយគត់ ដែលបានចាប់ផ្ដើមនៅសួនច្បារគេតសេម៉ានី -- ដែលជាកន្លែងនៃការរងទុក្ខដ៏ពិសិដ្ឋ-- ហើយត្រូវបានបញ្ចប់នៅភ្នំរលាដ៏ក្បាល ។
លូកាបានកត់ត្រាថា ៖
« រួចទ្រង់ថយចេញពីគេទៅ ចម្ងាយទីប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា
« ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ។
« នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចម្រើនកម្លាំងថ្វាយ ។
« ហើយដោយទ្រង់កើតទុក្ខជាខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី » ។ 9
តាមដែលខ្ញុំអាចប្រាប់បាន នោះមានដំណើររឿងតែមួយនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះផ្ទាល់ ដែលពិពណ៌នាអំពីអ្វីដែលទ្រង់បានស៊ូទ្រាំនៅក្នុងសួនច្បារគេតសេម៉ានី ។ វិវរណៈបានកត់ត្រាថា ៖
« ត្បិតមើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះ ជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
« ប៉ុន្តែបើសិនជាពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ
« គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើងគឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស » ។ 10
នៅក្នុងជីវិតរបស់អ្នក មានគ្រាជាច្រើន ដែលអ្នកបានទៅកន្លែងផ្សេងៗ ដែលអ្នកពុំគួរទៅ ហើយធ្វើនូវរឿងជាច្រើនដែលអ្នកពុំគួរធ្វើ ។ បើអ្នកនឹងងាកចេញពីអំពើបាប នោះនៅថ្ងៃណាមួយអ្នកនឹងអាចដឹងពីភាពសុខសាន្ដដែលកើតមកពីការធ្វើតាមផ្លូវនៃការប្រែចិត្តទាំងស្រុង ។
មិនថាការរំលងរបស់យើងជាអ្វីនោះទេ មិនថាសកម្មភាពរបស់យើងធ្វើឲ្យអ្នកដទៃឈឺចាប់យ៉ាងណាទេ កំហុសទាំងនោះ អាចត្រូវបានលុបចោល ។ ឃ្លាក្នុងបទគម្ពីរដ៏ល្អបំផុតក្នុងខគម្ពីរទាំងអស់ចំពោះខ្ញុំ ប្រហែលជាគឺនៅពេលព្រះអម្ចាស់មានបន្ទូលថា « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថា បានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ » ។ 11
នោះគឺជាការសន្យានៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនគឺ ៖ ទទួលយកមនុស្សគ្រប់រូបដែលមក មនុស្សគ្រប់រូបនឹងចូលរួម ហើយដាក់ពួកគេឆ្លងកាត់បទពិសោធន៍មួយដើម្បីនៅទីបញ្ចប់នៃជីវិតពួកគេ នោះពួកគេអាចទៅឆ្លងកាត់វាំងនន ដោយបានប្រែចិត្តពីអំពើបាបពួកគេ ហើយត្រូវបានលាងសម្អាតដោយលោហិតនៃព្រះគ្រីស្ទ ។ 12
នោះគឺជាអ្វីដែលពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើនៅជុំវិញពិភពលោក ។ នោះគឺជាពន្លឺដែលយើងផ្ដល់ទៅដល់អ្នកទាំងឡាយ ដែលនៅក្នុងភាពងងឹត ហើយវង្វេងផ្លូវ ។ នៅកន្លែងណាដែលសមាជិក និង អ្នកផ្សព្វផ្សាយសាសនាយើងអាចទៅដល់ នោះសារលិខិតរបស់យើង គឺជាសារលិខិតនៃសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមទៅលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានសរសេរកំណាព្យទំនុកដំកើងថា « តើដំណើរផ្លូវមើលទៅវែងឆ្ងាយឬ ? » ទ្រង់ជាមិត្តសម្លាញ់របស់ខ្ញុំ ។ មាននូវការលើកទឹកចិត្ត និង ការសន្យាមួយ ចំពោះអ្នកទាំងឡាយដែលព្យាយមធ្វើតាមការបង្រៀននៃព្រះអង្គសង្គ្រោះ ៖
តើដំណើរផ្លូវមើលទៅវែងឆ្ងាយ
ជាផ្លូវពិបាក និង ចោទឬ ?
តើមានរុក្ខជាតិបន្លា និង បន្លានៅតាមផ្លូវឬ ?
តើមានថ្មស្រួចៗមុតជើងអ្នកទេ
ពេលអ្នកព្យាយាមឡើងទៅលើ
ភ្នំឆ្លងកាត់កណ្ដាលថ្ងៃត្រង់ដ៏ក្ដៅឬ ?
តើដួងចិត្តអ្នកទន់ខ្សោយ និង សោកសៅឬ
តើព្រលឹងអ្នកនឿយហត់
នៅពេលអ្នកពុះពារ « នៅក្រោមបន្ទុកនៃការបារម្ភរបស់អ្នកឬ ?
តើបន្ទុកហាក់ដូចជាធ្ងន់ឬ
នៅពេលអ្នកព្យាយាមលើក ?
តើគ្មាននរណាម្នាក់រែកបន្ទុកអ្នកទេឬ ?
ចូរកុំឲ្យដួងចិត្តអ្នកនឿយហត់ឡើយ
ឥឡូវដោយសារអ្នកចាប់ផ្ដើមធ្វើដំណើរ
នោះមានអង្គមួយដែលនៅតែហៅអ្នក ។
ចូរមើលឆ្ពោះទៅលើដោយក្ដីអំណរ
ហើយកាន់ព្រះហស្តទ្រង់
ទ្រង់នឹងដឹកនាំអ្នកទៅដល់ទីខ្ពស់ដែលជា
ដែនដីថ្មីដ៏បរិសុទ្ធ និង ពិសិដ្ឋ
ជាកន្លែងដែលការឈឺចាប់ទាំងអស់ ត្រូវបញ្ចប់
ហើយជីវិតអ្នកនឹងមានសេរីពីអំពើបាបទាំងអស់
ជាកន្លែងដែលគ្មានទឹកភ្នែក
គ្មានភាពសោកសៅ ។
ចូរកាន់ព្រះហស្តទ្រង់ ហើយចូលទៅជាមួយទ្រង់ ។ 13
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។