នៅខាងព្រះអម្ចាស់ ៖ មេរៀនមកពីកងទ័ពជំរំស៊ីយ៉ូន
ដកស្រង់ចេញពីសុន្ទរកថាក្នុងការប្រជុំធម្មនិដ្ឋាននៃសប្តាហ៍ស្តីពីការអប់រំ ដែលមានចំណងជើងថា « Who’s on the Lord’s Side ? Now Is the Time to Show » ( « តើនរណានៅខាងព្រះអម្ចាស់ ? ឥឡូវនេះគឺពេលដែលត្រូវបង្ហាញហើយ » ) បានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១០ ។
បេសកកម្មកងទ័ពជំរំស៊ីយ៉ូនដែលបានដឹកនាំដោយព្យាការី យ៉ូសែប ស៊្មីធ ក្នុងឆ្នាំ ១៨៣៤ គឺជាគំរូដ៏អស្ចារ្យមួយអំពី ការជ្រើសរើសដើម្បីនៅខាងព្រះអម្ចាស់ ។ ការរំឭកឡើងវិញអំពីប្រវត្តិនៃកងទ័ពជំរំស៊ីយ៉ូន អាចជួយយើងឲ្យរៀនអំពីមេរៀនដ៏មានតម្លៃ និងដែលពុំប្រែប្រួល មកពីប្រព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាសនាចក្រ ដែលអនុវត្តចំពោះជីវិត និងកាលៈទេសៈរបស់យើងសព្វថ្ងៃនេះ ។
តើកងទ័ពជំរំស៊ីយ៉ូនគឺជាអ្វី ?
ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយនៅក្នុងឆ្នាំ ១៨៣១ ឲ្យជ្រើសរើសយកទីក្រុង អ៊ីនឌីពែនឌែនស៍ ឃុំចាកសុន រដ្ឋមិសសួរី ជាទីតាំងនៃស៊ីយ៉ូន ជាទីតាំងកណ្តាលនៃការប្រមូលពួកបរិសុទ្ធថ្ងៃចុងក្រោយ និងជាទីតាំងសម្រាប់ទីក្រុងយេរូសាឡិមថ្មី ដែលអាចរកឃើញនៅក្នុងទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ( សូមមើល គ. និង ស. ៥៧:១–៣ សូមមើលផងដែរ វិវរណៈ ២១:១–២; អេធើរ ១៣:៤–៦ ) ។ នៅរដូវក្តៅឆ្នាំ ១៨៣៣ អ្នកតាំងទីលំនៅនៃពួកមរមនមានប្រមាណជាមួយភាគបីនៃប្រជាជននៅក្នុងឃុំ ចាកសុន ។ ការកើនឡើងយ៉ាងលឿននៃពួកអ្នកតាំងទីលំនៅ ឥទ្ធិពលនៃនយោបាយដ៏មានសក្តានុពល ព្រមទាំងជំនឿលើសាសនា និងនយោបាយផ្សេងៗគ្នា របស់ពួកអ្នកចំណូលថ្មីទាំងនេះ បានបណ្តាលឲ្យមានការខ្វល់ខ្វាយដល់អ្នកតាំងទីលំនៅផ្សេងទៀតនៅក្នុងតំបន់នោះ ដែលក្រោយមកពួកគេបានទាមទារឲ្យសមាជិកសាសនាចក្រចាកចេញពីផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ពួកគេ ។ នៅពេលការទាមទារនេះពុំត្រូវបានអនុវត្ត នោះពួកប្រជាជនរដ្ឋមិសសួរី បានវាយប្រហារទីលំនៅទាំងនោះ ក្នុងខែវិច្ឆិកា ឆ្នាំ ១៨៣៣ ហើយបានបង្ខំឲ្យពួកបរិសុទ្ធចាកចេញ ។
ការបង្កើតកងទ័ពជំរំស៊ីយ៉ូន ត្រូវបានបញ្ជាដោយវិវរណៈនៅក្នុងខែកុម្ភៈឆ្នាំ ១៨៣៤ ( សូមមើល គ. និង ស. ១០៣ ) ។ គោលបំណងចម្បងនៃកងទ័ពរបស់ព្រះអម្ចាស់នេះគឺ ដើម្បីការពារពួកមរមននៅក្នុងឃុំ ចាកសុនពីការវាយប្រហារបន្ថែម — បន្ទាប់ពីកងទ័ពពួកមិសសួរី បានបំពេញកាតព្វកិច្ចខ្លួន ក្នុងការអមដំណើរពួកអ្នកតាំងទីលំនៅទាំងនោះដោយសុវត្ថិភាពឲ្យត្រឡប់ទៅផ្ទះសំបែង និងទឹកដីរបស់ពួកគេវិញ ។ ក្រុមនោះក៏បាននាំយកប្រាក់ គ្រឿងសម្ភារផ្គត់ផ្គត់នានា ព្រមទាំងការគាំទ្រផ្នែកសីលធម៌ដល់ពួកបរិសុទ្ធដែលក្រខ្សត់ ។ ដូច្នេះហើយ អំឡុង ខែ ឧសភា និង មិថុនា ឆ្នាំ ១៨៣៤ មនុស្សមួយក្រុមដែលមានពួកបរិសុទ្ធស្ម័គ្រចិត្តជាង ២០០ នាក់ដែលដឹកនាំដោយព្យាការី យ៉ូសែប ស៊្មីធ បានធ្វើដំណើរចម្ងាយប្រហែលជា ១៤៥០ គីឡូម៉ែត្រពីទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ទៅឃុំ ក្លេ រដ្ឋមិសសួរី ។ ហៃរុម ស៊្មីធ និង ឡាយមិន វ៉ាយ ក៏បានកែនទ័ពនៃពួកអ្នកស្ម័គ្រចិត្តមួយក្រុមតូចមកពីដែនដី មីឈីហ្កេន ហើយបានជួបជាមួយក្រុមកងទ័ពរបស់ព្យាការីនៅក្នុងរដ្ឋមិសសួរី ។ អ្នកចូលរួមនៅក្នុងកងទ័ពជំរំស៊ីយ៉ូននោះរួមមាន ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល, វិលហ្វូឌ វូឌដ្រុព្វ, ប៉ាលី ភី ប្រាត្ត, អួរសុន ហៃឌ និង មនុស្សល្បីៗជាច្រើននាក់ទៀតក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។
គោលបំណងរបស់ខ្ញុំពុំមែនពិពណ៌នាអំពីព័ត៌មានលម្អិតនៃ ការធ្វើដំណើរដ៏លំបាកនេះ ឬដំណាលប្រាប់អំពីប្រព្រឹត្តិការណ៍ខាងវិញ្ញាណសំខាន់ៗទាំងអស់ ដែលបានកើតឡើងនោះឡើយ ។ ខ្ញុំគ្រាន់តែសង្ខេបអំពីប្រព្រឹត្តិការណ៍សំខាន់ៗពីរបីអំពីបេសកកម្មនៃកងទ័ពជំរំស៊ីយ៉ូននេះ ៖
-
អភិបាលរដ្ឋមិសសួរី លោក ដានីយ៉ែល ដាក់គ្លីន ពុំបានផ្តល់ជំនួយកងទ័ពដ៏ចាំបាច់ដូចបានសន្យា ដល់ពួកអ្នកតាំងទីលំនៅមរមន ដើម្បីតាំងឡើងវិញនូវដែនដីរបស់ពួកគេឡើយ ។
-
ការចរចារដែលបានធ្វើឡើងរវាងថ្នាក់ដឹកនាំសាសនាចក្រ ពួកមន្ត្រីរដ្ឋមិសសួរី និងប្រជាពលរដ្ឋនៃឃុំចាកសុន ដើម្បីចៀសវាងទំនាស់ប្រើប្រាស់អាវុធ និងការដោះស្រាយជម្លោះដីធ្លី ពុំបានធ្វើទៅតាមកិច្ចព្រមព្រៀងគ្នានោះឡើយ ។
-
ទីបំផុត ព្រះអម្ចាស់បានដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យបំបែកពួកកងទ័ពជំរំស៊ីយ៉ូន និងបង្ហាញអំពីមូលហេតុដែលកងទ័ពរបស់ព្រះអម្ចាស់ពុំបានសម្រេចនូវគោលបំណងដែលខ្លួនមាន ( សូមមើល គ. និង ស. ១០៥:៦–១៣, ១៩ ) ។
-
ព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យបង្កើតនូវសេចក្តីសប្បុរសនៅក្នុងតំបន់នោះ ដើម្បីរៀបចំសម្រាប់គ្រាដែលស្ថានភាពនៃក្រុងស៊ីយ៉ូននឹងទទួលបានសិទ្ធិមកវិញតាមផ្លូវច្បាប់ ជាងតាមការប្រើកងទ័ព ( សូមមើល គ. និង ស. ១០៥:២៣–២៦, ៣៨–៤១ ) ។
កងទ័ពស៊ីយ៉ូនបានបំបែកគ្នាជាក្រុមតូចៗនៅចុងខែមិថុនាឆ្នាំ ១៨៣៤ ហើយទីបំផុតសំបុត្ររំសាយកងទ័ពបានចេញទៅនៅពីរបីថ្ងៃដំបូងនៃ ខែ កក្កដា ឆ្នាំ ១៨៣៤ នោះ ។ ពួកអ្នកស្ម័គ្រចិត្តភាគច្រើនបានត្រឡប់ទៅរដ្ឋអូហៃអូ វិញ ។
តើមេរៀនអ្វីខ្លះ ដែលយើងអាចរៀនពីកងទ័ពជំរំស៊ីយ៉ូន ?
ដោយសារតែការខកខានពុំបានស្ថាបនាពួកបរិសុទ្ធនៅលើទឹកដីរបស់ពួកគេវិញ នៅក្នុងឃុំចាកសុន នោះមនុស្សមួយចំនួនបានចាត់ទុកកងព័ទជំរំស៊ីយ៉ូនថា ជាការខំប្រឹងមួយដែលបរាជ័យ និងគ្មានប្រយោជន៍ ។ បងប្រុសម្នាក់នៅទីក្រុង ខឺតឡង់ — ជាមនុស្សម្នាក់ដែលខ្វះសេចក្តីជំនឿក្នុងការស្ម័គ្រចិត្តទៅជាមួយពួកក្រុមកងទ័ពនោះ — បានជួប ព្រិកហាំ យ៉ង់ ពេលលោកត្រឡប់មកពីរដ្ឋមិសសួរីវិញ ហើយបានសួរលោកថា « ‹ តើអ្នកបានទទួលអ្វីពីដំណើរដ៏ឥតប្រយោជន៍ទៅកាន់រដ្ឋ មិសសួរី ជាមួយ យ៉ូសែប ស៊្មីធ នេះ ? › ព្រិកហាំ យ៉ង់ បានតបវិញភ្លាមថា ‹ អ្វីៗទាំងអស់ដែលយើងបានសម្រេចនោះ ខ្ញុំនឹងមិនប្ដូរបទពិសោធន៍ ដែលខ្ញុំបានទទួលនៅក្នុងបេសកកម្មនោះជាមួយនឹងទ្រព្យសម្បត្តិនៃឃុំ ហ្គូហ្គាឡើយ › » ដែលកាលនោះទីក្រុង ខឺតឡង់ មានទីតាំងនៅឃុំនោះ ។១
ខ្ញុំអញ្ជើញអ្នកគិតឲ្យបានល្អិតល្អន់អំពីចម្លើយរបស់ ព្រិកហាំ យ៉ង់ ៖ « អ្វីៗទាំងអស់ដែលយើងបានសម្រេច» ។ តើមានគន្លឹះរៀនសូត្រសំខាន់អ្វីខ្លះ ដែលយើងអាចរៀនចេញពីការទទួលខុសត្រូវនេះ ដែលពុំបានបំពេញតាមគោលបំណងដែលបានចែង ប៉ុន្តែបានផ្តល់ដល់ពួកបរិសុទ្ធកាលពីជំនាន់មុនទាំងនោះ ហើយអាចផ្តល់ពរជ័យដល់ជីវិតយើង ?
ខ្ញុំជឿថា យ៉ាងហោចណាស់មានមេរៀនដែលគួរឲ្យយល់ដឹងពីរ ដែលមាននៅក្នុងចម្លើយរបស់បងប្រុស ព្រិកហាំ ចំពោះសំណួរចំអកឡកឡឺយនោះ ៖ ( ១ ) មេរៀននៃការសាកល្បង ការរែងរកមើល និងការរៀបចំ និង ( ២ ) មេរៀននៃការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមពួកបងប្អូនប្រុស ។ ខ្ញុំសូមគូសបញ្ជាក់ថាមេរៀនទាំងនេះមានសារៈសំខាន់ចំពោះពួកយើងដើម្បីរៀន ហើយអនុវត្តក្នុងពេលបច្ចុប្បន្ននេះដូចវាសំខាន់ចំពោះអ្នកស្ម័គ្រចិត្តនៃកងទ័ពជំរំស៊ីយ៉ូនកាលពីជាង ១៨០ ឆ្នាំមុនដែរ ។
មេរៀននៃការសាកល្បង ការរែងរកមើល និងការរៀបចំ
ពួកបរិសុទ្ធដ៏អង់អាចក្លាហាន ដែលបានធ្វើដំណើរក្នុងកងទ័ពរបស់ព្រះអម្ចាស់ត្រូវបានសាកល្បង ។ ដូចព្រះអម្ចាស់បានប្រកាសថា « យើងបានឮបទអធិស្ឋានទាំងឡាយរបស់ពួកគេហើយ ហើយព្រមទទួលដង្វាយរបស់ពួកគេ ហើយគឺជាការចាំបាច់ដល់យើង ដែលពួកគេត្រូវបាននាំមកដល់ទីនេះ សម្រាប់ការសាកល្បងសេចក្ដីជំនឿនៃពួកគេ » ( គ. និង ស. ១០៥:១៩ ) ។
និយាយឲ្យត្រង់ទៅ ការអញ្ជើញទាំងខាងរូបកាយ និងខាងវិញ្ញាណនៃពួកកងទ័ពជំរំស៊ីយ៉ូន បានបង្កើតឲ្យមានការរែងស្រូវសាលី ចេញពីស្រងែ ( សូមមើល ម៉ាថាយ ១៣:២៥, ២៩–៣០; គ. និង ស. ១០១:៦៥ ) ជាការញែកចៀមចេញពីពពែ ( សូមមើល ម៉ាថាយ ២៥:៣២–៣៣ ) ជាការញែកចេញរវាងអ្នកមានភាពរឹងមាំខាងវិញ្ញាណពីអ្នកដែលខ្សោយខាងវិញ្ញាណ ។ ដូច្នេះបុរស និងស្ត្រីម្នាក់ៗដែលបានចូលបម្រើនៅក្នុងកងទ័ពរបស់ព្រះអម្ចាស់ បានប្រឈមមុខ ហើយឆ្លើយសំណួរដ៏ម៉ឹងម៉ាត់ដែលថា « តើនរណានៅខាងព្រះអម្ចាស់ ? »២
នៅពេល វិលហ្វូឌ វូឌដ្រុព្វ កំពុងរៀបចំកិច្ចការជំនួញរបស់លោក ហើយរៀបចំខ្លួនចូលរួមកងទ័ពជំរំស៊ីយ៉ូន មិត្តភក្តិ និងអ្នកជិតខាងរបស់លោកបានព្រមានលោក កុំឲ្យធ្វើដំណើរដ៏គ្រោះថ្នាក់នោះឡើយ ។ ពួកគេបានផ្តល់យោបល់ថា « កុំទៅឡើយ ប្រសិនបើអ្នកទៅនោះអ្នកនឹងស្លាប់បាត់បង់ជីវិតហើយ » ។ លោកបានតបវិញថា « ប្រសិនបើខ្ញុំដឹងថាខ្ញុំនឹងត្រូវគេបាញ់ទម្លុះបេះដូង នៅជំហានដំបូងដែលខ្ញុំឈានជើងដើរនៅលើរដ្ឋមិសសួរីក្តី ក៏ខ្ញុំនឹងទៅដែរ » ។៣ វិលហ្វូឌ វូឌដ្រុព្វ បានដឹងថាមិនត្រូវភ័យខ្លាចនឹងលទ្ធផលអាក្រក់ដែលកើតមានឡើយ ដរាបណាគាត់នៅស្មោះត្រង់ ហើយគោរពប្រតិបត្តិនោះ ។ គាត់ពិតជានៅខាងព្រះអម្ចាស់ហើយ !
ប្រាកដណាស់នេះជា « ពេលដែលត្រូវបង្ហាញ »៤ ពីបុរស និងស្ត្រីស្មោះត្រង់នារដូវក្តៅក្នុងឆ្នាំ ១៨៣៤ ទាំងនោះ ។ ប៉ុន្តែការសម្រេចចិត្តដើម្បីធ្វើដំណើរជាមួយព្យាការី យ៉ូសែប ទៅរដ្ឋមិសសួរី ពុំមែនជាការឆ្លើយតបចាំបាច់តែម្តង ឬរួមគ្នាទាំងអស់ ឬចម្លើយតបភ្លាមៗទៅនឹងសំណួរថា « តើនរណានៅខាងព្រះអម្ចាស់ ? » ឡើយ ។ ពេលដែលត្រូវបង្ហាញដោយពួកបរិសុទ្ធទាំងនោះបានកើតឡើងជារឿយៗ ហើយដដែលៗ តាមរយៈការហត់នឿយខាងផ្លូវចិត្ត និងរូបកាយ តាមរយៈពងបែកនៅលើជើងរបស់ពួកគេ តាមរយៈការខ្វះខាតអាហារ និងទឹកមិនស្អាត តាមរយៈការខកចិត្តជាច្រើន តាមរយៈការបែកបាក់គ្នា និងការបះបោរនៅក្នុងក្រុម និងតាមរយៈការគំរាមកំហែងពីសំណាក់ពួកមារសត្រូវខាងក្រៅដ៏កាចសាហាវ ។
ពេលដែលត្រូវបង្ហាញកើតមានឡើងនៅក្នុងបទពិសោធន៍ និងការលំបាកនានាដែលមានរៀងរាល់ម៉ោង រាល់ថ្ងៃ និងរាល់សប្តាហ៍ ។ វាគឺជាការរួមផ្តុំគ្នាដ៏ធំសម្បើមនៃជម្រើស និងទង្វើជាច្រើនដែលហាក់ដូចជាតូចតាច នៅក្នុងជីវិតនៃពួកបរិសុទ្ធដ៏មានភក្តីភាពទាំងនោះ ដែលបានផ្តល់ចម្លើយយ៉ាងពិតប្រាកដចំពោះសំណួរថា « តើនរណានៅខាងព្រះអម្ចាស់ ? »
តើការសាកល្បង និងការរែងរកមើល ដែលបានកើតឡើងនៅក្នុងជីវិតនៃអស់អ្នក ដែលចូលរួមនឹងកងទ័ពជំរំស៊ីយ៉ូននេះជួយក្នុងការរៀបចំខ្លួនដោយរបៀបណា ? គួរឲ្យចាប់អារម្មណ៍ណាស់ មានបងប្អូនប្រុសចំនួនប្រាំបីរូបត្រូវបានហៅឲ្យបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក្នុងឆ្នាំ ១៨៣៥ ព្រមទាំងពួកចិតសិបនាក់ទាំងអស់ក៏ត្រូវបានហៅនាពេលដដែរនោះ សុទ្ធតែជាពួកទាហានជើងចាស់មកពីកងទ័ពជំរំស៊ីយ៉ូននោះ ។ នៅក្នុងការប្រជុំមួយបន្ទាប់ពីការហៅពួកចិតសិបនាក់មក ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា ៖
« បងប្អូនប្រុសអើយ មានបងប្អូនមួយចំនួនខឹងនឹងរូបខ្ញុំ ដោយសារបងប្អូនពុំបានធ្វើចម្បាំងនៅក្នុងរដ្ឋមិសសួរី ប៉ុន្តែខ្ញុំសូមប្រាប់បងប្អូនថា ព្រះពុំចង់ឲ្យបងប្អូនធ្វើចម្បាំងឡើយ ។ ទ្រង់ពុំអាចស្ថាបនានគរទ្រង់ឡើង ដោយមានតែបុរសដប់ពីរនាក់ បើកទ្វារនៃដំណឹងល្អឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដី និងពួកចិតសិបនាក់ទៀត ដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេដើម្បីបន្តកិច្ចការបានឡើយ លើកលែងតែទ្រង់ចម្រាញ់ពួកគេចេញមកពី ក្រុមបុរសដែលបានថ្វាយជីវិតខ្លួន និង ដែលបានលះបង់យ៉ាងធំធេងដូចដែលអ័ប្រាហាំបានធ្វើប៉ុណ្ណោះ ។
ឥឡូវនេះព្រះអម្ចាស់បានមានពួកដប់ពីរនាក់ និងពួកចិតសិបនាក់របស់ទ្រង់ហើយ ហើយនឹងមានកូរ៉ុមនៃពួកចិតសិបនាក់ផ្សេងទៀតនឹងត្រូវបានហៅ » ។៥
ប្រាកដណាស់ និយាយរួមកងទ័ពជំរំស៊ីយ៉ូនគឺជាភ្លើងរបស់ជាងសំរង សម្រាប់អស់អ្នកដែលស្ម័គ្រចិត្តទាំងអស់ ហើយជាពិសេសសម្រាប់អនាគតថ្នាក់ដឹកនាំជាច្រើននាក់របស់សាសនាចក្រ ។
បទពិសោធន៍ដែលអ្នកស្ម័គ្រចិត្តទាំងនោះទទួលបាននៅក្នុងកងទ័ពរបស់ព្រះអម្ចាស់ ក៏ជាការរៀបចំសម្រាប់ការធ្វើអន្តោប្រវេសន៍ដ៏ធំនាពេលខាងមុខរបស់សមាជិកសាសនាចក្រផងដែរ ។ អ្នកចូលរួមជាង ២០ នាក់នៅក្នុងកងទ័ពជំរំស៊ីយ៉ូននោះបានក្លាយជាមេបញ្ជាការ និងអនុសេនីយ៍ត្រីនៅក្នុងការធ្វើដំណើរដ៏ធំៗចំនួនពីរ — លើកទីមួយគឺបួនឆ្នាំក្រោយមកទាក់ទងនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនពី ៨០០០ នាក់ ទៅ ១០០០០ នាក់ពីរដ្ឋមិសសួរី ទៅរដ្ឋអិលលីណោយ៦ និងលើកទីពីរ ១២ ឆ្នាំក្រោយមក គឺការប្តូរទីលំនៅដ៏ធំទៅទិសខាងលិចនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រមាណជា ១៥០០០ នាក់ពីរដ្ឋអិលលីណោយ ទៅជ្រលងភ្នំ សលត៍ លេក និងជ្រលងភ្នំរ៉កគី ។ អំឡុងពេលការរៀបចំបំពាក់បំប៉ន កងទ័ពជំរំស៊ីយ៉ូនមានតម្លៃខ្លាំងបំផុតសម្រាប់សាសនាចក្រ ។ ឆ្នាំ ១៨៣៤ គឺជាពេលដែលត្រូវបង្ហាញ — ហើយដើម្បីរៀបចំសម្រាប់ឆ្នាំ ១៨៣៨ និង ឆ្នាំ ១៨៤៦ ។
ក្នុងនាមជាបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ យើងក៏នឹងទទួលការសាកល្បង ការរែងរកមើល និងការរៀបចំ ដូចជាសមាជិកនៃកងទ័ពជំរំស៊ីយ៉ូនដែរ ។ ព្រះគម្ពីរ និងការបង្រៀនរបស់ពួកបងប្អូនប្រុសពោរពេញដោយការសន្យាថា សេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការចុះ ការគោរព និងការចងចាំអំពីសេចក្តីសញ្ញាពិសិដ្ឋរបស់យើង និងការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ នឹងពង្រឹងយើងឲ្យរៀបចំខ្លួនដើម្បីប្រឈមមុខ ដើម្បីយកឈ្នះ និងដើម្បីរៀនពីការសាកល្បង និងការល្បងលនៃជីវិតរមែងស្លាប់នេះ ។
ពួកអ្នកដឹកនាំសាសនាចក្ររបស់ព្រះអម្ចាស់ពីជំនាន់មុនៗ បានរកឃើញនូវការសាកល្បងរួម ឬការសាកល្បងទូទៅមួយចំនួន ដែលយើងអាចរំពឹងទុកជាមុនថានឹងជួបប្រទះនៅក្នុងជីវិត និងជំនាន់របស់យើង ។ ក្នុងនាមជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក្នុងឆ្នាំ ១៩៧៧ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បានមានប្រសាសន៍ពីសំឡេងនៃការព្រមាន នៅក្នុងការប្រជុំអ្នកតំណាងភូមិភាគ ។ ឥឡូវនេះខ្ញុំសូមដកស្រង់សារលិខិតទាំងស្រុងរបស់ប្រធាន ប៊ែនសឹន ហើយអញ្ជើញអ្នកឲ្យផ្តោតចិត្តទុកដាក់លើការទូន្មានរបស់លោកនាកាលគ្រានោះ ៖
« ជំនាន់នីមួយៗមានការសាកល្បង និងឱកាសរៀងៗខ្លួនដើម្បីក្រោកឈរឡើង ហើយបង្ហាញសមត្ថភាពរបស់ខ្លួន ។ តើអ្នកចង់ដឹងអំពីការសាកល្បងដ៏លំបាកបំផុតមួយរបស់ពួកយើងដែរឬទេ ? ដោយស្តាប់ឮការព្រមានរបស់ ព្រិកហាំ យ៉ង់ ‹ ការភ័យខ្លាចដ៏ធំបំផុតដែលខ្ញុំមានអំពីប្រជាជននេះគឺថា ពួកគេនឹងក្លាយជាអ្នកមាននៅក្នុងប្រទេសនេះ ភ្លេចព្រះ និងរាស្ត្ររបស់ទ្រង់ ប្រែជាខ្ជិលច្រអូស ហើយដកខ្លួនឯងចេញពីសាសនាចក្រចូលទៅស្ថាននរក ។ ប្រជាជននេះអាចស៊ូនឹងការវាយប្រហារ ការលួចឆក់ប្លន់ ភាពក្រីក្រ និងការបៀតបៀនគ្រប់រូបភាពបាន ហើយបន្តនៅស្មោះត្រង់ ។ ប៉ុន្តែអ្វីដែលជាសេចក្តីភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំនោះគឺថា ពួកគេនឹងពុំអាចស៊ូទ្រាំនឹងការមានភោគទ្រព្យសំបូរហូរហៀរឡើយ › » ។
ប្រធាន ប៊ែនសឹន ថ្លែងបន្តទៀតថា ៖ « ការសាកល្បងរបស់យើងហាក់ដូចជាលំបាកខ្លាំងបំផុតលើសពីការសាកល្បងទាំងអស់ ដ្បិតអារក្សមានកលល្បិចយ៉ាងប៉ិនប្រសប់ ហើយវាឆ្លាតជាងយើង ។ ការសាកល្បងទាំងនោះហាក់ដូចជាមិនសូវកាចសាហាវ ហើយវាពិបាកមើលឃើញ ។ ខណៈដែលគ្រប់ការសាកល្បងនៃសេចក្តីសុចរិត តំណាងឲ្យការលំបាកមួយ នោះការសាកល្បងបែបនេះហាក់ដូចជាពុំមែនជាការសាកល្បងឡើយ គ្មានការលំបាកណា អាចក្លាយជាការបំភាន់ខ្លាំងបំផុតលើសពីការសាកល្បងទាំងអស់ឡើយ ។
« តើអ្នកដឹងទេថាភាពសុខសាន្ត និងភាពចម្រុងចម្រើនអាចផ្តល់អ្វីខ្លះដល់មនុស្ស — វាអាចធ្វើឲ្យពួកគេភ្លេចខ្លួន ។ ព្រះគម្ពីរមរមនបានព្រមានយើងអំពី របៀបដែលសាតាំងនឹងនាំយើងឲ្យធ្លាក់ចុះទៅស្ថាននរកដោយប្រុងប្រយ័ត្ននៅជំនាន់ចុងក្រោយនេះ ។ ព្រះអម្ចាស់បានដាក់អ្នកមានសក្តានុពលដែលរឹងប៉ឹងខាងវិញ្ញាណមួយចំនួនលើផែនដី ជាអស់អ្នកដែលទ្រង់បានរក្សាទុកអស់រយៈពេលប្រាំមួយពាន់ឆ្នាំ ដើម្បីជួយបង្កើតផលដោយជោគជ័យដល់នគរព្រះ ហើយអារក្សកំពុងព្យាយាមធ្វើឲ្យពួកគេភ្លេចខ្លួន ។ មារសត្រូវដឹងថា វាប្រហែលជាមិនសូវទទួលជោគជ័យក្នុងការនាំពួកគេឲ្យប្រព្រឹត្តអំពើបាបធំៗ និងដ៏សែនអាក្រក់នៃការប្រព្រឹត្តកំហុសនោះឡើយ ។ ដូច្នេះវាធ្វើឲ្យពួកគេភ្លេចខ្លួន ដូចជាហ្គូលីវើរ ដោយវាដាក់អន្ទាក់ពួកគេឲ្យជាប់ទៅនឹងអំពើបាបតូចៗទាំងនោះនៃការមិនប្រតិបត្តិតាមវិញ ហើយតើអ្នកដឹកនាំដែលភ្លេចខ្លួន គ្មានប្រសិទ្ធភាព មានចិត្តស្ទាក់ស្ទើរនោះមានអ្វីល្អទៅ ?
« យើងមានអ្នកមានសក្តានុពលដែលរឹងប៉ឹងខាងវិញ្ញាណជាច្រើន ដែលគួរតែលើកស្ទួយគ្រួសារ នគរ និងប្រទេសរបស់ខ្លួនឲ្យបានកាន់តែរឹងមាំឡើង ។ យើងមានមនុស្សជាច្រើនដែលពួកគេមានអារម្មណ៍ថា ពួកគេជាមនុស្សល្អ ប៉ុន្តែពួកគេចាំបាច់ត្រូវតែជាមនុស្សប៉ិនប្រសប់ចំពោះរឿងមួយចំនួនដូចជា — អយ្យកោរឹងមាំ អ្នកផ្សព្វផ្សាយសាសនាមានចិត្តក្លាហាន អ្នកធ្វើការដ៏អង់អាចក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ អ្នកស្នេហាជាតិចេះលះបង់ សមាជិកកូរ៉ុមដែលមានភក្តីភាព ។ សរុបទៅ យើងត្រូវតែគេចខ្លួន និងដាស់ខ្លួនយើងចេញពីការលង់លក់ខាងវិញ្ញាណ » ។៧
ចូរពិចារណាអំពីភោគទ្រព្យដ៏សំបូរហូរហៀរ ភាពចម្រុងចម្រើន និងភាពងាយស្រួលនោះ ដែលវាអាចក្លាយជាការសាកល្បងនៅក្នុងជំនាន់របស់យើង ដែលមានទំហំស្មើ ឬខ្លាំងជាងការបៀតបៀន និងការលំបាកខាងរូបកាយ ដែលពួកបរិសុទ្ធស្ម័គ្រចិត្តធ្វើដំណើរជាមួយកងទ័ពជំរំស៊ីយ៉ូនទាំងនោះបានស៊ូទ្រាំ ។ ដូចព្យាការីមរមនបានពិពណ៌នានៅក្នុងការសង្ខេបដ៏អស្ចារ្យរបស់លោកអំពីវដ្តនៃភាពឆ្មើងឆ្មៃ ដែលមាននៅក្នុង ហេលេមិន ១២ ៖
« ម៉្លោះហើយ យើងអាចឃើញថា ចិត្តនៃកូនចៅមនុស្សខុសឆ្គង ហើយគ្មានភាពនឹងនយ៉ាងណា មែនហើយ យើងអាចឃើញថា ព្រះអម្ចាស់នៅក្នុងសេចក្ដីល្អមហិមាដ៏និរន្តរ៍របស់ទ្រង់ ប្រទានពរ ហើយធ្វើឲ្យចម្រើនឡើងដល់អស់អ្នកណា ដែលដាក់ទីទុកចិត្តរបស់គេទៅលើទ្រង់ ។
« មែនហើយ ហើយយើងអាចឃើញថា នៅពេលដែលទ្រង់ធ្វើឲ្យរាស្ត្រទ្រង់បានចម្រើនឡើង មែនហើយ គឺក្នុងការបង្កើនស្រែចម្ការរបស់គេ ហ្វូងចៀមរបស់គេ និងហ្វូងសត្វរបស់គេ ហើយមាស និងប្រាក់ និងវត្ថុមានតម្លៃសព្វសារពើ និងវត្ថុសិល្បៈ លើកលែងជីវិតឲ្យគេ ហើយដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ បន្ទន់ចិត្តនៃពួកខ្មាំងសត្រូវរបស់គេដើម្បីកុំឲ្យពួកវាធ្វើសង្គ្រាមនឹងពួកគេ មែនហើយ ហើយសរុបសេចក្ដីមក ធ្វើនូវគ្រប់ការណ៍ទាំងអស់ ដើម្បីសុខុមាលភាព និងសុភមង្គលរបស់រាស្ត្រទ្រង់ មែនហើយ នៅពេលនោះហើយដែលពួកគេធ្វើចិត្តរឹងរូស ហើយបំភ្លេចព្រះអម្ចាស់ជាព្រះរបស់គេ ហើយជាន់ឈ្លីនៅក្រោមជើងរបស់គេនូវព្រះដ៏បរិសុទ្ធ — មែនហើយ ហើយនេះគឺមកពីការងាយស្រួល និងការចម្រើនឡើងដ៏ធំហួសប្រមាណរបស់គេ » ( ហេលេមិន ១២:១–២ ) ។
ជាពិសេសខ្ញុំសូមអញ្ជើញអ្នកឲ្យកត់សម្គាល់អំពីឃ្លាចុងក្រោយនៅក្នុងខគម្ពីរចុងក្រោយនោះ ៖ « ហើយនេះគឺមកពីការងាយស្រួល និងការចម្រើនឡើងដ៏ធំហួសប្រមាណរបស់គេ » ។
ប្រធាន ហារ៉ូល ប៊ី លី ( ១៨៩៩–១៩៧៣ ) ក៏បានបង្រៀនដូចនេះផងដែរ អំពីការសាកល្បងជារួមនៃភាពងាយស្រួល ដែលយើងជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងថា ៖ « យើងត្រូវបានសាកល្បង យើងត្រូវបានល្បងល យើងកំពុងហែលឆ្លងកាត់ការសាកល្បងដ៏លំបាកបំផុតមួយចំនួននាសព្វថ្ងៃនេះ ហើយយើងប្រហែលជាពុំដឹងអំពីទំហំដ៏ធ្ងន់ធ្ងរនៃការសាកល្បងទាំងនោះ ដែលយើងកំពុងឆ្លងកាត់ឡើយ ។ នៅជំនាន់នោះ មានអំពើឃាតកម្ម មានការបៀតបៀនពីមនុស្សអាក្រក់ មានការបណ្តេញចេញពីទីលំនៅ ។ ពួកគេត្រូវបានបណ្តេញចេញឲ្យចូលទៅក្នុងវាលរហោស្ថាន ពួកគេមានការស្រេកឃ្លាន ហើយពួកគេអាក្រាតគ្មានសម្លៀកបំពាក់ ហើយពួកគេរងារ ។ ពួកគេបានមកដល់ទីនេះដែលជាដែនដីដ៏សំណព្វចិត្ត ។ ពួកយើងគឺជាអ្នកទទួលមរតកនៃអ្វីដែលពួកគេបានផ្តល់ដល់យើង ។ ប៉ុន្ដែតើយើងកំពុងធ្វើអ្វីខ្លះជាមួយនឹងមរតកទាំងនោះ ? សព្វថ្ងៃនេះយើងរីករាយនឹងជីវិតបែបទំនើប ជាជីវិតដែលយើងពុំធ្លាប់បានឃើញពីមុន នៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ។ វាទំនងថា នេះប្រហែលជាការសាកល្បងដ៏ខ្លាំងបំផុតនៃការសាកល្បងនានា ដែលយើងធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃសាសនាចក្រនេះ » ។ ៨
ការបង្រៀនទាំងនេះមកពីពួកព្យាការីសម័យទំនើប និងបុរាណអំពីការល្បងល និងការសាកល្បងនាថ្ងៃចុងក្រោយនេះគឺមានភាពស្រគត់ស្រគំ និងសំខាន់ណាស់ ។ ប៉ុន្តែការបង្រៀនទាំងនោះពុំគួរបំបាក់ទឹកចិត្តយើងឡើយ ហើយយើងពុំគួរភ័យខ្លាចផងដែរ ។ ដ្បិតអស់អ្នកមានភ្នែកដែលមើលឃើញ ហើយមានត្រចៀកដែលស្ដាប់ឮ នោះការព្រមានខាងវិញ្ញាណដឹកនាំទៅរកការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ។ បងប្អូន និងរូបខ្ញុំរស់នៅក្នុង « ថ្ងៃនៃការព្រមាន » ( គ. និង ស. ៦៣:៥៨ ) ។ ដូចសាវកប៉ុលបានទូន្មាន ហើយដោយសារយើងធ្លាប់ និងត្រូវបានព្រមាន នោះយើងត្រូវ « ចាំយាម … នូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន » ( អេភេសូរ ៦:១៨ ) ។ នៅពេលយើងប្រុងប្រយ័ត្ន ហើយរៀបចំខ្លួន ប្រាកដណាស់យើងពុំត្រូវភ័យខ្លាចឡើយ ( សូមមើល គ. និង ស. ៣៨:៣០ ) ។
តើនរណានៅខាងព្រះអម្ចាស់ ? ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញថា យើងមានចិត្តគំនិត ដែលទទួលយក ហើយនឹងឆ្លើយតបទៅនឹងការព្រមានដ៏បំផុសគំនិតទាំងនេះ ។ ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញថា យើងកំពុងប្រុងប្រយ័ត្ន ហើយរៀបចំខ្លួនទប់ទល់នឹងការសាកល្បងនៃភាពចម្រុងចម្រើន និងភាពឆ្មើងឆ្មៃ ភោគទ្រព្យសំបូរហូរហៀរ និងភាពងាយស្រួល និងភាពរឹងរូសនៃចិត្ត និងការបំភ្លេចព្រះអម្ចាស់ជាព្រះរបស់យើងនាជំនាន់ថ្ងៃចុងក្រោយនេះ ។ ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញថា យើងនឹងបន្តស្មោះត្រង់គ្រប់ពេលវេលា ទោះនៅក្នុងកិច្ចការណាក៏ដោយ ដែលយើងទទួលមកពីព្រះវរបិតាសួគ៌របស់យើង និងបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ — ហើយថាយើងនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយដើរដោយស្មោះត្រង់នៅចំពោះទ្រង់ ( សូមមើល អាលម៉ា ៥៣:២០–២១ ) ។
មេរៀននៃការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមពួកបងប្អូនប្រុស
ពួកបរិសុទ្ធដ៏មានចិត្តអង់អាចក្លាហាននៅក្នុងកងទ័ពរបស់ព្រះអម្ចាស់បានទទួលពរ ក្នុងការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមពួកបងប្អូនប្រុស ។ ហើយពួកយើងសព្វថ្ងៃនេះអាចទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងមកពីគំរូ និងភាពស្មោះត្រង់របស់សមាជិកនៃកងទ័ពជំរំស៊ីយ៉ូនដ៏មានភក្តីភាពទាំងនោះ ។
ក្នុងការឆ្លើយតបទៅនឹងការទូន្មានរបស់ ប៉ាលី ភី ប្រាត្ត នោះ វិលហ្វូឌ វូឌដ្រុព្វ បានធ្វើដំណើរទៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ នៅក្នុងខែមេសា ឆ្នាំ ១៨៣៤ ទៅចូលរួមនឹងកងទ័ពជំរំស៊ីយ៉ូន ។ ដំណើររឿងរបស់បងប្រុស វូឌដ្រុព្វ អំពីការការប្រជុំជាមួយព្យាការី យ៉ូសែប ស៊្មីធ គឺមានប្រយោជន៍សម្រាប់ពួកយើងទាំងអស់គ្នា ៖
« នេះគឺជាលើកដំបូងក្នុងជីវិតខ្ញុំ ដែលខ្ញុំបានជួប និងបានសម្ភាសជាមួយព្យាការី យ៉ូសែប ស៊្មីធ ជាទីស្រឡាញ់របស់យើង គាត់ជាបុរសដែលព្រះបានជ្រើសរើស ឲ្យនាំយកនូវវិវរណៈរបស់ទ្រង់មកកាន់ជំនាន់ថ្ងៃចុងក្រោយនេះ ។ ការណែនាំខ្លួនខ្ញុំលើកដំបូងឲ្យលោកស្គាល់ ពុំមែនជាអ្វីមួយគាប់ចិត្តមនុស្សដែលកាន់សាសនាធ្លាប់បានសន្មត់ទុកជាមុនទាក់ទងនឹងអត្តចរិតរបស់ព្យាការី និងរូបរាងរបស់លោកឡើយ ។ វាអាចធ្វើឲ្យសេចក្តីជំនឿរបស់មនុស្សមួយចំនួនរង្គោះរង្គើរ ។ ខ្ញុំបានជួបលោក និងបងប្រុសរបស់លោក ហៃរុម នៅខាងក្រៅផ្ទះកំពុងកាន់កាំភ្លើងពីរដើមបាញ់ទៅលើផ្ទាំងស៊ីប ។ ពេលពួកលោកឈប់បាញ់កាំភ្លើង ខ្ញុំបានណែនាំខ្លួនឲ្យបងប្រុស យ៉ូសែប ស្គាល់ ហើយលោកបានចាប់ដៃខ្ញុំដោយដួងចិត្តរីករាយបំផុត ។ លោកបានអញ្ជើញខ្ញុំឲ្យចាត់ទុកផ្ទះរបស់លោកដូចជាផ្ទះរបស់ខ្ញុំ អំឡុងពេលខ្ញុំស្នាក់នៅទីក្រុងខឺតឡង់ ។ ខ្ញុំបានទទួលយកការអញ្ជើញនេះដោយរីករាយបំផុត ហើយខ្ញុំត្រូវបានស្អាងឡើង និងមានសេចក្តីមនោរម្យឥតឧបមាអំឡុងពេលខ្ញុំស្នាក់នៅជាមួយលោក » ។៩
ខ្ញុំយល់ឃើញថា វាជាប្រយោជន៍ដ៏ធំមួយ ដែលបងប្រុស វូឌដ្រុព្វ បានស្នាក់នៅមួយរយៈពេលនៅក្នុងផ្ទះរបស់ព្យាការី ហើយមានឱកាសអស្ចារ្យបំផុត ដើម្បីសង្កេតមើលលោកនៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយបានទទួលពរឲ្យមានភ្នែកដែលមើលឃើញហួសពី « គំនិតដែលមនុស្សកាន់សាសនាធ្លាប់បានសន្មត់ទុកជាមុន ទាក់ទងនឹងអត្តចរិតរបស់ព្យាការី និងរូបរាងរបស់លោក » ។ គំនិតខុសឆ្គងទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោកបច្ចុប្បន្ននេះ ទាំងនៅក្នុង និងក្រៅសាសនាចក្ររបស់ព្រះអម្ចាស់ ដែលស្តារឡើងវិញនេះ មានទស្សនយល់ខុស ។
ជាលទ្ធផលនៃការហៅបម្រើរបស់ខ្ញុំក្នុងឆ្នាំ ២០០៤ ដើម្បីបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នោះខ្ញុំមានទស្សនវិស័យផ្ទាល់ខ្លួនមួយយ៉ាងជាក់ច្បាស់ អំពីអត្ថន័យនៃការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមពួកបងប្អូនប្រុស ។ ឥឡូវនេះខ្ញុំមើលឃើញជាប្រចាំនូវចរិតលក្ខណៈ ចំណង់ចំណូលចិត្តផ្សេងៗគ្នា និងចរិតដ៏ថ្លៃថ្នូររបស់ពួកលោកម្នាក់ៗ ដែលជាអ្នកដឹកនាំក្នុងសាសនាចក្រនេះ ។ មនុស្សមួយចំនួនបានរាប់ថាការខ្វះខាត និងភាពមិនល្អឥតខ្ចោះរបស់បងប្អូនប្រុសទាំងនេះ គឺជាបញ្ហា ហើយធ្វើឲ្យសេចក្ដីជំនឿថយចុះ ។ សម្រាប់ខ្ញុំ ភាពទន់ខ្សោយទាំងនោះគឺជាការលើកកម្ពស់សេចក្ដីជំនឿទៅវិញ ។ គំរូបើកបង្ហាញរបស់ព្រះអម្ចាស់អំពីការគ្រប់គ្រងនៅក្នុងសាសនាចក្ររបស់ទ្រង់ ផ្ដល់ការគាំទ្រ និងកាត់បន្ថយឥទ្ធិពលនៃភាពទន់ខ្សោយរបស់មនុស្ស ។ វាពិតជាអព្ភូតហេតុសម្រាប់ខ្ញុំ ក្នុងការមើលឃើញថា ព្រះអម្ចាស់សម្រេចបាននូវព្រះហឫទ័យទ្រង់ តាមរយៈអ្នកបម្រើទ្រង់ទោះបីជាថ្នាក់ដឹកនាំដែលទ្រង់បានជ្រើសរើសនោះមានកំហុសឆ្គង និងភាពទន់ខ្សោយក្តី ។ ពួកបុរសទាំងនេះពុំធ្លាប់ប្រកាសអះអាងថា ពួកលោកល្អឥតខ្ចោះ ហើយពួកលោកក៏មិនល្អឥតខ្ចោះផងដែរ ប៉ុន្តែព្រះបានហៅពួកលោកជាប្រាកដ ។
នៅពេលលោកដើរចូរទៅក្នុងរដ្ឋមិសសួរីជាមួយកងទ័ពព្រះអម្ចាស់ក្នុងនាមជាសង្ឃ នោះ វិលហ្វូឌ វូឌដ្រុព្វ បានប្រកាសនៅពេលក្រោយមកទៀត អំឡុងពេលបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖ « យើងបានទទួលបទពិសោធន៍មួយ ដែលយើងពុំអាចទទួលវាបានតាមរបៀបណាផ្សេងទៀតឡើយ ។ យើងមានឯកសិទ្ធិក្នុងការ … ធ្វើដំណើរអស់រាប់ពាន់គីឡូជាមួយ [ ព្យាការី ] ហើយមើលឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះនៅគង់ជាមួយនឹងលោក ព្រមទាំងវិវរណៈនៃព្រះយេស៊ូវគ្រីស្ទប្រទានមកដល់លោក និងការបំពេញនូវវិវរណៈទាំងនោះ ។ … ប្រសិនបើខ្ញុំពុំបានមកជាមួយនឹងកងទ័ពជំរំស៊ីយ៉ូនទេនោះ ខ្ញុំពុំអាចមានវត្តមាននៅទីនេះនាថ្ងៃនេះឡើយ » ។១០
នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែមេសា ឆ្នាំ ១៨៣៤ យ៉ូសែប ស៊្មីធ បានអញ្ជើញថ្នាក់ដឹកនាំមួយចំនួនរបស់សាសនាចក្រ ឲ្យដឹកនាំប្រមូលពួកកងទ័ពជំរំស៊ីយ៉ូនចូលទៅក្នុងសាលារៀនមួយ ។ បន្ទាប់ពីពួកបងប្អូនប្រុសបានបញ្ចប់សារលិខិតរបស់ពួកលោកហើយ ព្យាការីបានក្រោកឈរឡើង ហើយបង្ហាញថាលោកត្រូវបានស្អាងឡើងដោយការណែនាំមួយ ។ បន្ទាប់មកលោកបានព្យាករថា ៖
« ខ្ញុំចង់និយាយទៅកាន់បងប្អូននៅចំពោះព្រះភក្ត្រព្រះអម្ចាស់ថា បងប្អូនពុំដឹងអ្វីផ្សេងទៀតអំពីជោគវាសនានៃសាសនាចក្រ និងនគរនេះច្រើនជាងទារកដែលនៅលើភ្លៅម្ដាយឡើយ ។ បងប្អូនពុំអាចយល់វាបានទេ ។ … នៅយប់នេះ បងប្អូនឃើញមានអ្នកកាន់បព្វជិតភាពតែបន្ដិចទេ ប៉ុន្តែសាសនាចក្រនេះនឹងមានពាសពេញនៅអាមេរិកខាងជើង និងខាងត្បូង — វានឹងមានពេញផែនដីទាំងមូល » ។១១
បុរសទាំងនោះដូចជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល ,អួរសុន ប្រាត្ត និង វិលហ្វូឌ វូឌដ្រុព្វ បានស្តាប់តាម ហើយបានរៀនច្រើនពីព្យាការីនាយប់នោះ — ហើយជាច្រើនឆ្នាំក្រោយមក ពួកគេបានជួយបំពេញនូវការព្យាករដែលបានប្រកាសនោះ ។ ឱ វាជាឱកាសដ៏រុងរឿងអ្វីម៉្លេះ ដែលបុរសទាំងនេះមានក្នុងការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមព្យាការី ។
វាជារឿងសំខាន់សម្រាប់ពួកយើងទាំងអស់គ្នាដើម្បីចងចាំថា យើងអាចរៀនពីការបង្រៀនរបស់ពួកបងប្អូនប្រុស និងរៀនពីគំរូនៃជីវិតរបស់ពួកលោក ។ ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីទស្សនវិស័យដ៏វិសេសវិសាលអំពីការរីកចម្រើនរបស់សាសនាចក្រនាពេលអនាគត ឥឡូវនេះសូមពិចារណាអំពីឥទ្ធិពលនៃគំរូផ្ទាល់ខ្លួនរបស់លោក នៅក្នុងការធ្វើកិច្ចការប្រចាំថ្ងៃ និងសាមញ្ញៗ ប៉ុន្តែជាកិច្ចការចាំបាច់ ។ ចច អេ ស្ម៊ីធ បានពិពណ៌នានៅក្នុងទិនានុប្បវត្តិរបស់លោក អំពីប្រតិកម្មរបស់ព្យាការីទៅនឹងឧបសគ្គប្រចាំថ្ងៃ ក្នុងការធ្វើធ្វើដំណើរទៅកាន់រដ្ឋមិសសួរី ។
« ព្យាការី យ៉ូសែប ស្ម៊ីធ មានការនឿយហត់ដូចជាបុរសដទៃទៀតក្នុងអំឡុងពេលនៃការធ្វើដំណើរនោះ ។ ក្រៅពីការមើលថែក្នុងការផ្គត់ផ្គង់ និងការគ្រប់គ្រងកងទ័ពនោះភាគច្រើនលោកបានដើរ ហើយមានដំបៅពងបែក ហូរឈាម និងការឈឺចាប់នៅជើង ។ … ប៉ុន្តែអំឡុងពេលនៃការធ្វើដំណើរនោះទាំងមូល លោកពុំរអ៊ូរទាំ ឬត្អូញត្អែរទាល់តែសោះ ខណៈដែលមនុស្សស្ទើរតែទាំងអស់ក្នុងកងទ័ពនោះ បានត្អូញត្អែរដាក់គាត់អំពីការឈឺមេជើង ពងបែកនៅជើង ធ្វើដំណើរផ្លូវឆ្ងាយ ស្បៀងអាហារមានតិចតួច អាហារគ្មានឱជារស នំពោតមិនល្អ ប៊ើរដែលកខ្វក់ ទឹកឃ្មុំខាប់ សាច់ប៊ែកខន់ និងឈីសមានដង្កូវ ជាដើម សូម្បីតែសត្វឆ្កែក៏រអ៊ូរទាំដាក់ យ៉ូសែប ដែរ ។ ប្រសិនបើពួកគេត្រូវធ្វើដំណើរដោយមានទឹកមិនស្អាត នោះវាបណ្តាលឲ្យមានការបះបោរ ប៉ុន្តែយើងគឺជាកងទ័ពជំរំស៊ីយ៉ូន ហើយពួកយើងជាច្រើននាក់គ្មានការអធិស្ឋាន គ្មានការគិតពិចារណា មិនយកចិត្តទុកដាក់ ពុំស្តាប់តាម ឆ្កួតលីលា ឬកាចសាហាវ ហើយពួកយើងពុំបានដឹងពីវាឡើយ ។ យ៉ូសែប ត្រូវតែស៊ូទ្រាំជាមួយពួកយើង ហើយបង្រៀនពួកយើង ដូចជាកូនក្មេង » ។១២
យ៉ូសែបគឺជាគំរូដ៏រឹងមាំមួយអំពីគោលការណ៍ដែលបានបង្រៀនដោយ អាលម៉ា ថា ៖ « ដ្បិតអ្នកផ្សាយសាសនាមិនប្រសើរជាងអ្នកស្ដាប់ទេ ឯគ្រូបង្រៀនក៏មិនប្រសើរជាងអ្នករៀនដែរ … ហើយពួកគេបានធ្វើការទាំងអស់គ្នា បុគ្គលគ្រប់រូបតាមកម្លាំងរៀងៗខ្លួន » ( អាលម៉ា ១:២៦ ) ។
ចាប់តាំងពីការហៅបម្រើរបស់ខ្ញុំជាពួកអ្នកមានសិទ្ធិអំណាចទូទៅ ខ្ញុំបានព្យាយាមគោរពប្រតិបត្តិតាម ហើយរៀនដើម្បីក្លាយដូចជាពួកបងប្អូនប្រុសមួយចំនួនរបស់ខ្ញុំ ដែលបានប្រឈមមុខនឹងឥទ្ធិពលនៃភាពចាស់ជរា ឬតម្រូវការឥតឈប់ឈរនៃភាពខ្វះខាតខាងរូបកាយ និងការឈឺចាប់ជាប់ជានិច្ច ។ អ្នកពុំអាច ហើយអ្នកនឹងពុំស្គាល់ពីការរងទុក្ខផ្ទាល់ខ្លួន និងស្ងាត់ស្ងៀមរបស់បុរសមួយចំនួននោះបានហែលឆ្លងកាត់ឡើយ នៅពេលពួកគេបម្រើសាធារណជនដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់ពួកគេ ។ ដោយបានបម្រើ និងមើលឃើញប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ១៩១៧–២០០៨ ) ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ១៩២៤–២០១៥ ) អែលឌើរ អិល ថម ភែរី ( ១៩២២–២០១៥ ) អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) និងសមាជិកក្រុមផ្សេងទៀតនៃពួកសាវក ផ្តល់អំណាចដល់ខ្ញុំឲ្យប្រកាសយ៉ាងច្បាស់ និងអង់អាចថា ពួកបងប្អូនប្រុសដែលខ្ញុំបម្រើជាមួយគឺជាកងទ័ព — ជាកងទ័ពខាងវិញ្ញាណដែលមានត្រកូលខ្ពស់ និងអស្ចារ្យ — នៅក្នុងពាក្យសម្តីដ៏ទុកចិត្ត និងកោតសរសើរខ្លាំងបំផុត ! ការអត់ធ្មត់ ការតស៊ូ និងភាពក្លាហានរបស់ពួកលោកធ្វើឲ្យពួកលោក « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ដែលវាសមនឹងឲ្យយើងយកធ្វើជាគំរូ ។
ប្រធាន លី បានព្រមានអំពីការសាកល្បងទូទៅមួយបន្ថែមទៀត ដែលកំពុងកើនឡើងកាន់តែខ្លាំងទូទាំងសកលលោកនៅក្នុងជំនាន់នេះ ៖ « ឥឡូវនេះយើងកំពុងឆ្លងកាត់នូវការសាកល្បងមួយទៀត — ជារយៈពេលមួយដែលយើងអាចហៅបានថាជាការបំភាន់ ។ នេះគឺជាគ្រាដែលមានមនុស្សឆ្លាតជាច្រើន ដែលគ្មានឆន្ទៈស្តាប់ព្យាការីដ៏រាបសារបស់ព្រះអម្ចាស់ ។ … វាពិតជាការសាកល្បងមួយដែលកាន់តែខ្លាំងឡើង » ។១៣
ការសាកល្បងនៃការបំភាន់នេះគឺជាដៃគូនឹងការសាកល្បងនៃភាពចម្រុងចម្រើន និងភាពងាយស្រួល ។ ឱ វាសំខាន់អ្វីម៉្លេះដល់ពួកយើងម្នាក់ៗ ដើម្បីគោរពប្រតិបត្តិ រៀនសូត្រ និងធ្វើតាមពួកបងប្អូនប្រុស ។
« តើនរណានៅខាងព្រះអម្ចាស់ ? » ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញ តាមរយៈការស្តាប់ និងស្តាប់ដោយយកចិត្តទុកដាក់ លើដំបូន្មានរបស់ពួកសាវក និងព្យាការីដែលកំពុងរស់នៅ ដែលព្រះបានហៅនៅក្នុងជំនាន់ចុងក្រោយនេះ ដើម្បីមើលថែ និងដឹកនាំកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ ។ ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញ ថាយើងជឿថា « ពាក្យរបស់ព្រះនឹងមិនកន្លងបាត់ទៅឡើយ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេង [ របស់ទ្រង់ ] ផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើ [ របស់ទ្រង់ ] ក្ដី គឺដូចតែគ្នា » ( គ. និង ស. ១:៣៨ ) ។ ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញហើយ ។ គឺពេលនេះហើយ !
កងទ័ពជំរំស៊ីយ៉ូនផ្ទាល់ខ្លួនរបស់យើង
នៅគ្រាមួយក្នុងជីវិតយើងម្នាក់ៗ យើងនឹងត្រូវបានអញ្ជើញឲ្យធ្វើដំណើរ នៅក្នុងកងទ័ពជំរំស៊ីយ៉ូនផ្ទាល់ខ្លួនរបស់យើង ។ ពេលវេលានៃការអញ្ជើញនោះនឹងមានលក្ខណៈខុសៗពីគ្នា ហើយឧបសគ្គនានាដែលយើងអាចជួបប្រទះនៅលើដំណើរនោះក៏ផ្សេងៗពីគ្នាដែរ ។ ប៉ុន្តែការឆ្លើយតបជាបន្តបន្ទាប់ និងជាប់លាប់របស់យើងចំពោះការហៅដ៏ប្រាកដប្រជានេះ ទីបំផុតនឹងផ្តល់ចម្លើយចំពោះសំណួរដែលថា « តើនរណានៅខាងព្រះអម្ចាស់ ? »
ពេលវេលាដែលត្រូវបង្ហាញគឺនៅពេលនេះ ថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតតទៅ ។ សូមឲ្យយើងចងចាំពីមេរៀននានាដែលទាក់ទងនឹងការសាកល្បង ការរែងរកមើល និងការរៀបចំខ្លួន ព្រមទាំងការគោរពប្រតិបត្តិ ការរៀនសូត្រ និងការធ្វើតាមពួកបងប្អូនប្រុស ។