សារលិខិតបង្រៀនសួរសុខទុក្ខ
ដើម្បីឲ្យគេបានរួមគ្នាតែមួយ
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន និងស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពីគោលបំណងនៃសមាគមសង្គ្រោះ នឹងរៀបចំបុត្រីទាំងឡាយរបស់ព្រះ ឲ្យទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ព្រះយេស៊ូវបានសម្រេចនូវការរួបរួមយ៉ាងឥតខ្ចោះជាមួយនឹងព្រះវរបិតា ដោយការចុះចូលអង្គទ្រង់ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ទៅតាមព្រះឆន្ទៈរបស់ព្រះវរបិតា ។
… ប្រាកដណាស់ យើងនឹងមិនមែនតែមួយជាមួយព្រះ និងព្រះគ្រីស្ទទេ រហូតទាល់តែយើងធ្វើឲ្យព្រះឆន្ទៈ និងចំណាប់អារម្មណ៍របស់ទ្រង់ក្លាយជាបំណងប្រាថ្នាដ៏ខ្លាំងបំផុតរបស់យើងសិន ។ ការចុះចូលបែបនេះពុំអាចសម្រេចបានក្នុងពេលមួយថ្ងៃនោះឡើយ ប៉ុន្តែតាមរយៈព្រះវិញ្ញាណបរិសុទ្ធ និង ដំណើរការនៃពេលវេលា នោះព្រះអម្ចាស់នឹងណែនាំយើង រហូតទាល់តែអាចនិយាយបានយ៉ាងប្រាកដថា ទ្រង់គឺនៅក្នុងយើង ដូចជាព្រះវរបិតានៅក្នុងទ្រង់ដែរ » ។១
លីនដា ខេ ប៊ើតុន ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនអំពីរបៀបធ្វើការដើម្បីឆ្ពោះទៅរកសាមគ្គីភាពនេះ ៖ « ការចុះ និងការរក្សាសេចក្ដីសញ្ញារបស់យើង គឺជាការបង្ហាញនូវការតាំងចិត្តរបស់យើង ដើម្បីក្លាយដូចព្រះអង្គសង្គ្រោះ ។ ឧត្តមគតិនោះគឺត្រូវព្យាយាមឲ្យមានអាកប្បកិរិយា ដែលបានបង្ហាញយ៉ាងល្អបំផុតក្នុងឃ្លាមួយចំនួននៃទំនុកតម្កើងដ៏គួរឲ្យពេញចិត្តដូចនេះ ៖ ‹ ខ្ញុំនឹងទៅដែល ទ្រង់ ឲ្យខ្ញុំទៅ ។ … ខ្ញុំនឹងថាដែល ទ្រង់ ឲ្យខ្ញុំថា ។ … ខ្ញុំនឹងធ្វើដែល ទ្រង់ ឲ្យខ្ញុំធ្វើ › » ។២
អែលឌើរ គ្រីស្តូហ្វឺសិន ក៏បានរំឭកយើងផងដែរថា « នៅពេលយើងខិតខំពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដើម្បីដើរតាមមាគ៌ារបស់ព្រះគ្រីស្ទ លំដាប់នោះវិញ្ញាណរបស់យើងបង្ហាញឧត្តមភាពរបស់ខ្លួន ហើយចម្បាំងដ៏ឥតស្រាកស្រាន្ត និងការល្បួងទាំងឡាយនឹងលែងជាបញ្ហាទៀតហើយ » ។៣
នីល អែហ្វ ម៉ារ៉ត ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅថ្លែងទីបន្ទាល់អំពីពរជ័យនៃការព្យាយាមសម្របឆន្ទៈរបស់យើងជាមួយនឹងព្រះទ័យរបស់ព្រះដូចនេះ ៖ « ខ្ញុំបានពុះពារលុបបំបាត់បំណងប្រាថ្នា ដែលចង់ធ្វើអ្វីគ្រប់យ៉ាងតាមរបៀប របស់ខ្ញុំ នៅទីបំផុតខ្ញុំទទួលស្គាល់ថា របៀបរបស់ខ្ញុំគឺខ្វះចន្លោះ មានដែនកំណត់ និងទាបជាងរបៀបរបស់ព្រះយេស៊ូវគ្រីស្ទ ។ ‹ របៀប [ របស់ព្រះវរបិតាសួគ៌ ] គឺជាមាគ៌ានាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចក្នុងពិភពខាងមុខ › » ។៤ ចូរយើងព្យាយាមដោយរាបសាដើម្បីបានរួមគ្នាតែមួយជាមួយព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទ ។
ខគម្ពីរ និង ព័ត៌មានបន្ថែម
យ៉ូហាន ១៧:២០–២១; អេភេសូរ ៤:១៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៧; reliefsociety.lds.org
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ