ដំណឹងតែមួយគត់ដែលបាន សង្គ្រោះខ្ញុំ
ជាអ្នកនិពន្ធរស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ។
មិត្តភាពដែលពុំបានរំពឹងទុកមួយ បានជួយខ្ញុំឲ្យផ្លាស់ប្តូរជីវិតខ្ញុំពីភាពអន្ធការមកឯពន្លឺ ។
កីឡាវាយកូនហ្គោលគឺជាកីឡាពេញនិយមនៅក្នុងប្រទេសជប៉ុន ដូច្នេះខ្ញុំបានចាប់ផ្តើមលេងវាតាំងពីខ្ញុំអាយុ ១៤ ឆ្នាំ ដែលជារបៀបមួយដើម្បីចំណាយពេលជាមួយឪពុករបស់ខ្ញុំ ។ វាសប្បាយណាស់តាំងពីចាប់ផ្តើមដំបូង ហើយទីបំផុតខ្ញុំបានចាប់ផ្តើមអនុវត្តដោយខ្លួនឯងផ្ទាល់ ហើយលេងនៅក្នុងក្រុមកីឡាវាយកូនហ្គោលនៅវិទ្យាល័យរបស់ខ្ញុំ ។ ខ្ញុំបានក្លាយជាមិត្តជាមួយកីឡាកររួមក្រុម និងគ្រូបង្វឹករបស់ខ្ញុំ ដែលពួកគេបានលើកទឹកចិត្តខ្ញុំឲ្យចាប់យកក្តីសុបិនរបស់ខ្ញុំក្នុងការក្លាយជាកីឡាករវាយកូនហ្គោលអាជីព ។
ខ្ញុំបានខិតខំយ៉ាងខ្លាំង ដែលពុំគ្រាន់តែខំក្នុងការលេងកីឡារបស់ខ្ញុំនោះទេ ថែមទាំងខំនៅក្នុងការសិក្សារបស់ខ្ញុំផងដែរ ខ្ញុំបានបញ្ចប់ការសិក្សាជាសិស្សឆ្នើមក្នុងវិទ្យាល័យ ។
ពេលដំបូងដែលខ្ញុំចូលរៀនមហាវិទ្យាល័យ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយគ្រូបង្វឹកកីឡាវាយកូនហ្គោល និងកីឡាកររួមក្រុមរបស់ខ្ញុំ ។ ពួកគេលេងបានល្អជាងខ្ញុំ ដូច្នេះខ្ញុំខិតខំគ្រប់បែបយ៉ាងដើម្បីលេងឲ្យបានពូកែដូចពួកគេ ។ សមាជិកក្រុមមួយចំនួនបានរិះគន់ជាពិសេសអំពីឈ្មោះ ស្ស៊ូហូ ដែលជាឈ្មោះរបស់ខ្ញុំ ។ ខ្ញុំបានប្រាប់ពួកគេថា ជីដូនខាងម្តាយខ្ញុំជនជាតិកូរ៉េ បានដាក់ឈ្មោះនេះឲ្យខ្ញុំ ហើយជាភាសាកូរ៉េ វាមានន័យថា « ភ្នំដ៏ស្រស់ស្អាត » ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ឥរិយាបថរបស់ពួកគេមកលើរូបខ្ញុំបានផ្លាស់ប្តូរ ដែលវាជះឥទ្ធិពលមកពីសម្ពាធដ៏យូរអង្វែងរវាងប្រជាជនជប៉ុន និងកូរ៉េ ។
ពួកគេបានចាប់ផ្តើមហៅខ្ញុំថា « អាក្មេងកូរ៉េ » ហើយពួកគេបាននិយាយថាខ្ញុំនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏ល្អរបស់សាកលវិទ្យាល័យអាប់ឱន ។ ពួកគេបានឲ្យខ្ញុំសម្អាតបង្គន់ដោយមិនឲ្យខ្ញុំហាត់សមវាយកូនហ្គោលជាមួយពួកគេឡើយ ។
ខ្ញុំកាន់តែមានអារម្មណ៍តានតឹងដើម្បីនៅក្នុងក្រុមនោះ ។ ការនៅឆ្ងាយពីផ្ទះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំនៅឯកោ ។ ខ្ញុំបានព្យាយាមបន្តចាប់យកក្តីសុបិនខ្ញុំ ហើយបានធ្វើឲ្យគ្រូបង្វឹក និងក្រុមរបស់ខ្ញុំពេញចិត្តខ្ញុំឡើងវិញ ប៉ុន្តែពីរឆ្នាំក្រោយមក ខ្ញុំពុំអាចអត់ធ្មត់នឹងការប្រព្រឹត្តិដ៏ឃោរឃៅរបស់ពួកគេតទៅទៀតឡើយ ដូច្នេះខ្ញុំបានត្រឡប់ទៅផ្ទះវិញ ។
នេះជាគ្រាដ៏អាប់អួរមួយសម្រាប់ខ្ញុំ ។ ភាពតានតឹងផ្លូវចិត្តនោះបានជះឥទ្ធិពលលើសតិអារម្មណ៍ និងរូបកាយរបស់ខ្ញុំ ។ ការបំបាក់តម្លៃខ្លួនឯងអស់រយៈពេលពីរឆ្នាំ ។ ក្តីសុបិនរបស់ខ្ញុំក្នុងការក្លាយជាកីឡាករវាយកូនហ្គោលអាជីពនោះបានបញ្ចប់ហើយ ។ ខ្ញុំពុំដឹងថាត្រូវធ្វើអ្វីនោះឡើយ ។ ហើយខ្ញុំមានកំហឹង ។ ខ្ញុំខឹងនឹងមនុស្សគ្រប់គ្នា ៖ គ្រូបង្វឹក កីឡាកររួមក្រុម និងឪពុកម្តាយខ្ញុំ ។ ខ្ញុំបានខឹងយ៉ាងខ្លាំង គំនិតនានាក្នុងខ្លួនខ្ញុំបានធ្វើឲ្យខ្ញុំភ័យខ្លាចនឹងខ្លួនឯង ។ ខ្ញុំគ្មានមិត្តភក្តិឡើយ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំអាចទុកចិត្ត ឬទាក់ទងជាមួយមនុស្សផ្សេងឡើយ ។ អស់រយៈពេលប្រាំមួយខែ ខ្ញុំគ្រាន់តែចេញពីផ្ទះដើម្បីហាត់ប្រាណនៅក្លឹបហាត់ប្រាណប៉ុណ្ណោះ ។
អំឡុងពេលដ៏អាប់អួរក្នុងជីវិតខ្ញុំនេះ ខ្ញុំបានរាប់អាន ចាស្ទីន គ្រីស្ទី ជាអ្នកដែលខ្ញុំជួបនៅក្លឹបហាត់ប្រាណ ។ គ្រាដំបូងដែលខ្ញុំបានជួបគាត់ ខ្ញុំបានគិតថាគាត់គឺជានិស្សិតបរទេសដែលចុះកម្មសិក្សា ។ ខ្ញុំស្ទាក់ស្ទើរមិនហ៊ាននិយាយជាមួយគាត់ឡើយ រហូតដល់ខ្ញុំបានឃើញគាត់និយាយជាមួយគេនៅក្លឹបហាត់ប្រាណនោះ ហើយដោយក្តីភ្ញាក់ផ្អើលគឺថាគាត់ចេះនិយាយភាសាជប៉ុន ។ ខ្ញុំនៅតែមានអារម្មណ៍ថាពុំអាចទុកចិត្តមនុស្សផ្សេងឡើយ ប៉ុន្តែគាត់បានផ្តល់យោបល់ថា យើងហ្វឹកហ្វាត់ជាមួយគ្នា ។ មានអ្វីមួយដែលចម្លែកអំពីគាត់ ដែលខ្ញុំពុំយល់នៅគ្រានោះឡើយ ។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត នៅពេលខ្ញុំនៅជិតគាត់ ។ ខ្ញុំបានចាប់ផ្តើមទន្ទឹងចាំដល់ម៉ោងហ្វឹកហ្វាត់ជាមួយគ្នា ។ ខ្ញុំបានរកឃើញមនុស្សម្នាក់ដែលខ្ញុំមានអារម្មណ៍ថាអាចទុកចិត្តធ្វើជាមិត្តភក្តិម្នាក់ ។
បន្ទាប់ពីការហ្វឹកហ្វាត់ជាមួយគ្នាអស់ពេលជាច្រើនខែមក ចាស្ទីន បានអញ្ជើញខ្ញុំឲ្យទៅទទួលទានអាហារពេលល្ងាចជាក្រុម ដែលគាត់តែងតែទៅជាប្រចាំ ។ ខ្ញុំមានការស្ទាក់ស្ទើរនឹងទៅ ប៉ុន្តែបន្ទាប់ពីការអញ្ជើញបួនប្រាំដងមក ខ្ញុំបានសម្រេចចិត្តទៅទទួលទានអាហារពេលល្ងាចជាមួយយុវមជ្ឈិមវ័យនៅលីវ នៅផ្ទះរបស់ រីឆាដ និងខរីណា ក្លាក ។ ពួកគេបានទទួលស្វាគមន៍ខ្ញុំដោយក្តីកក់ក្តៅពេលខ្ញុំចូលទៅក្នុងផ្ទះរបស់ពួកគេ បងប្រុស ក្លាក ស្វាគមន៍ជាភាសាជប៉ុន ហើយបងស្រី ក្លាក ស្វាគមន៍ជាភាសាអង់គ្លេស ។ ខ្ញុំពុំយល់អ្វីដែលបងស្រី ក្លាក និយាយឡើយ ប៉ុន្តែខ្ញុំព្យាយាមឆ្លើយទៅកាន់គាត់ ។ ទោះបីជាមនុស្សមួយចំនួននៅទីនោះពុំនិយាយភាសាជប៉ុនក្តី ពួកគេគឺជាក្រុមដែលពេញដោយក្តីស្រឡាញ់ និងរីករាយ ដែលមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ ។ ពួកយើងសើចរហូត ។
ខ្ញុំបានចាប់ផ្តើមចូលរួមសកម្មភាពនានារបស់យុវមជ្ឈិមវ័យនៅលីវផ្សេងទៀត ហើយមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលពុំធ្លាប់មានពីមុនមកក្នុងជីវិតខ្ញុំឡើយ ។ ខ្ញុំឆ្ងល់ថា តើមានអ្វីទៅដែលធ្វើឲ្យមនុស្សទាំងនេះមានចិត្តល្អ ហើយរួសរាយបែបនេះ ។
អំឡុងពេលនោះ ចាស្ទីនបានសួរខ្ញុំថា តើខ្ញុំគិតចង់ធ្វើអ្វីបន្តទៀតនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំភ្ញាក់ផ្អើលណាស់ដោយឃើញថា គោលដៅរបស់ខ្ញុំបានចាប់ផ្តើមផ្លាស់ប្តូរ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់រៀនឲ្យចេះនិយាយភាសាអង់គ្លេស ហើយខ្ញុំចង់ធ្វើជាមិត្តនឹងមនុស្សគ្រប់គ្នា ដូចជាគាត់បានធ្វើ ។ គាត់បានប្រាប់ខ្ញុំអំពីថ្នាក់រៀនភាសាអង់គ្លេសនៅព្រះវិហារដែលរៀនពុំគិតថ្លៃ ។ ខ្ញុំបានទៅរៀនភាសាអង់គ្លេស ហើយបានជួបអ្នកផ្សព្វផ្សាយសាសនា ។ ទោះបីជាខ្ញុំពុំធ្លាប់គិតអំពីព្រះក្តី ក៏ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែស្តាប់អ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានបង្រៀនខ្ញុំអំពីមូលដ្ឋានគ្រឹះនៃដំណឹងល្អ ហើយបានទូរសព្ទមករកខ្ញុំស្ទើរតែរាល់ថ្ងៃ ។ ពួកគេបានក្លាយជាមិត្តល្អរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង ដោយសារខ្ញុំពុំទាន់មានមិត្តភក្តិច្រើននៅឡើយ ។
ខ្ញុំបានចាប់ផ្តើមជួបសមាជិកជាច្រើននៃសាសនាចក្រ ដែលបានទៅបង្រៀនខ្ញុំជាមួយអ្នកផ្សព្វផ្សាយសាសនា ហើយពួកគេក្លាយជាមិត្តល្អរបស់ខ្ញុំ ។ ពួកគេបានបង្រៀនខ្ញុំអំពីដំណឹងល្អ ហើយបានធ្វើជាគំរូដល់ខ្ញុំ ។ ចាស្ទីនបាននិយាយជាមួយខ្ញុំអំពីព្រះគម្ពីររមន ហើយបានប្រាប់ខ្ញុំអំពីរឿងនានា ដែលមាននៅក្នុងនោះ ដូច្នេះគាត់ធ្វើឲ្យខ្ញុំចង់អានគម្ពីរនោះដោយខ្លួនឯង ។ មិត្តម្នាក់ឈ្មោះ ស្ស៊ីនហ្គូ ជាអ្នកដែលពូកែពន្យល់យ៉ាងល្អិតល្អន់ បានពិភាក្សាគោលលទ្ធិនានាជាមួយខ្ញុំ តាមរបៀបមួយដែលធ្វើឲ្យខ្ញុំងាយយល់ ។ គាត់តែងតែថ្លែងទីបន្ទាល់របស់គាត់ នៅពេលយើងពិភាក្សាគ្នាចប់ ។
ខ្ញុំបានរកឃើញអ្វីដែលខ្ញុំបានជឿ និងកន្លែងដែលខ្ញុំមានអារម្មណ៍ថា ជាកន្លែងរបស់ខ្ញុំ ។ បន្ទាប់ពីខ្ញុំបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មក ខ្ញុំបានចាប់ផ្តើមគិតអំពីការបម្រើបេសកកម្ម ប៉ុន្តែខ្ញុំបារម្ភអំពីការលះបង់សម្រាប់រយៈពេលពីរឆ្នាំនោះ ។ ខ្ញុំបាននិយាយជាមួយមនុស្សជាច្រើន អំពីការបម្រើបេសកកម្ម ជាពិសេសជាមួយមិត្តភក្តិរបស់ខ្ញុំ ដែលជាអ្នកត្រឡប់មកពីបេសកកម្ម ។ ខ្ញុំបានគិតច្រើនអំពីរឿងនោះ ហើយខ្ញុំបានដឹងថា ដំណឹងល្អគឺជាដំណឹងតែមួយគត់ដែលអាចសង្គ្រោះខ្ញុំបាន ។
ខ្ញុំដឹងថា ព្រះបានប្រទានអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ ៖ ក្តីសុបិន ក្តីសង្ឃឹម មិត្តភក្ដិ ហើយជាពិសេសគឺសេចក្តីស្រឡាញ់ ។ ដំណឹងល្អបានជួយខ្ញុំចេញពីភាពអន្ធការទៅរកពន្លឺ ។
របៀបដែលខ្ញុំចែកចាយដំណឹងល្អជាមួយស្ស៊ូហូ
ដោយ ចាស្ទីន គ្រីស្ទី
នៅពេលខ្ញុំបានជួបស្ស៊ូហូនៅក្លឹបហាត់ប្រាណ គាត់បាននិយាយថា គាត់ចង់រៀនភាសាអង់គ្លេស ហើយនឹងទៅកម្មវិធីកីឡាវាយកូនហ្គោលនៅក្រៅប្រទេស ។ ខ្ញុំបានប្រាប់គាត់អំពីថ្នាក់ភាសាអង់គ្លេសនៅព្រះវិហារ ប៉ុន្តែវាចំណាយពេលជាច្រើនសប្តាហ៍ពីមុនយើងអាចចូលរៀនថ្នាក់នោះបាន ។ ក្នុងពេលដំណាលគ្នានោះ នៅពេលយើងហាត់ប្រាណជាមួយគ្នា នោះយើងបានពិភាក្សាគ្នាយ៉ាងច្រើន អំពីប្រធានបទនានានៃដំណឹងល្អ អំពីព្រះគម្ពីរមរមន និងអំពីភាពទូទៅនៃជីវិត ។
មិត្តភាព និងគំរូល្អៗរបស់សមាជិកគ្រួសារ ដែលគាត់បានជួប បានធ្វើឲ្យគាត់ចាប់អារម្មណ៍ ហើយបានជួយគាត់រៀនដំណឹងល្អ ។ ព្រះវិញ្ញាណបានដឹកនាំឲ្យមានការប្រែចិត្តជឿ អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវចែកចាយសារលិខិត ហើយគាំទ្រមនុស្ស នៅពេលពួកគេជ្រើសរើសដោយខ្លួនពួកគេ ។
ខ្ញុំធ្លាប់មានភាពតានតឹងក្នុងចិត្ត នៅពេលគិតអំពីការចែកចាយដំណឹងល្អ ។ ប៉ុន្តែខ្ញុំបានឃើញថា ប្រសិនបើយើងគ្រាន់តែបើកមាត់នៅចំពេលដែលត្រឹមត្រូវ នោះយើងនឹងមានឱកាសផ្សព្វផ្សាយសាសនាបាន ។ អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវអញ្ជើញមនុស្សឲ្យមកសកម្មភាព ឬ ការប្រជុំនៅព្រះវិហារ ។ ប្រសិនបើយើងបើកដួងចិត្តរបស់យើង នោះនឹងមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អ ។