ឆ្នាំ​២០១៧
ការដើរតួ​ក្នុង​ឈុត​ដ៏​សំខាន់​បំផុត
July 2017


ការដើរតួ​ក្នុង ឈុត​ដ៏​សំខាន់​បំផុត

អ្នក​និពន្ធ​រស់នៅ​រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។

ខ្ញុំ​ទើបតែ​បាន​ទទួល​ភារៈកិច្ច​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​មាន​ចិត្ត​រំភើប — រហូត​ដល់​ពេល​ទទូល​បាន​ប្ររ៉ូលអត្ថបទ​សាច់​រឿង ។

theater stage

រូបថត​មក​ពី Getty Images

ការសម្តែងដោយ​ផ្ទាល់​គឺ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ ! ក្នុងនាម​ជា​យុវមជ្ឈិមវ័យ ខ្ញុំ​មាន​ចិត្ត​រំភើប​ក្នុង​ការសម្តែង និង​ច្រៀង​នៅលើ​ឆាក ។ ខ្ញុំ​បាន​ទទួលពរ​ដោយ​មាន​ទេពកោសល្យ ហើយ​សង្ឃឹម​ថា​បង្កើត​មុខរបរ​ជា​អ្នក​សម្តែង​អាជីព ។ ខ្ញុំ​មាន​ជោគជ័យ​លើ​ការដើរតួ​សម្តែង​រឿង​ដែលលំបាកៗ​បំផុត ហើយខ្ញុំ​តែងតែ​កាន់យក​កិរិយា​មាយាទ​ដែល​មាន​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​ការគោរព​ពី​បងប្អូន​សិល្បៈករ​ ។

ខ្ញុំ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ពេល​ចាងហ្វាង​ផលិតកម្ម​ដ៏​មាន​ឥទ្ធិពល​​នៅក្នុង​តំបន់​របស់​យើង​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​មាន​ការ​រើស​សិល្បៈករ​ម្នាក់ ហើយ​គាត់​ចង់​ឲ្យ​ខ្ញុំ​សាកល្បង​សម្តែង ។ ការសម្តែង​នោះ​នឹង​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ទីតាំង​ដ៏​មាន​កិត្យានុភាព​បំផុត​នៅក្នុង​តំបន់​របស់​យើង ហើយ​ថា​មិត្តភក្តិ​ចាងហ្វាង​ផលិតកម្ម​របស់​ខ្ញុំ​ហាក់​ដូចជា​បាន​គិត​រើសយក​ខ្ញុំ​រួច​ទៅ​ហើយ​នៅ​ក្នុងចិត្ត​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើជា​តួ​សម្តែងសំខាន់ ។

គ្មាន​អត្ថបទ​សាច់រឿង​ដើម្បី​អាន​ពីមុន​ការសម្តែង​រើស​សិល្បៈករ​ឡើយ ប៉ុន្តែ​ល្ខោន​នោះ​ផ្អែកលើ​រឿង​ប្រលោម​លោក​មួយ​ដែល​និពន្ធ​ដោយ​ទស្សនវិទូ​កាល​សតវត្សរ៍​ទី ១៨ ដែល​ខ្ញុំ​បាន​អាន ។ ខ្ញុំ​ក៏​បាន​ស្គាល់ច្បាស់​នូវ​តន្ត្រី​នៃ​ការសម្តែង​នោះ ដែល​វា​ជា​តន្ត្រី​ដ៏​ពីរោះ​អស្ចារ្យ និង​គួរឲ្យ​រំភើប ។

ការសម្តែង​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ហើយ​ភ្លាម​នោះ​ខ្ញុំ​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​ថា​នឹង​ត្រូវ​សម្តែង​ជា​តួ​សំខាន់​ — គឺ​ឈុត​ដ៏​សំខាន់​បំផុត — នោះ ! ខ្ញុំ​បាន​ជឿជាក់​ថា​តួសម្តែង​នេះ​គឺ​ជា​ឱកាស​ដ៏​ធំធេង​មួយ ។

ខ្ញុំ​មាន​ចិត្ត​រំភើប​ពន់ពេក — រហូត​ដល់ទទូល​បាន​អត្ថបទ​សាច់រឿង​នោះ​ ។ នៅពេល​ខ្ញុំ​អាន​អត្ថបទ​សាច់​រឿង​នោះ ក្តី​រីករាយ​របស់​ខ្ញុំ​បាន​រលាយ​បាត់​អស់​មួយ​រំពេច ។ រឿង​ប្រលោម​លោក និង​តន្ត្រី​មាន​ភាពសមរម្យ ប៉ុន្តែ​អត្ថបទ​សាច់រឿង​នោះ​មិន​គួរ​ឲ្យ​គោរព ហើយ​មាន​នូវការផ្តល់​យោបល់ និង​ការដឹកនាំ​ឲ្យសម្តែង​នៅ​លើ​ឆាក​ដែល​មិន​សមរម្យ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​គួរ​ចូលរួម​នឹង​ផលិតកម្ម​នេះ​ទេ ។ វា​ជា​ការខកចិត្ត​ដ៏​ខ្លាំង​បំផុត ។

រំពេច​នោះ ខ្ញុំ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ វិន័យ​របស់​រោងភាពយន្ត​ចែង​ថា បន្ទាប់​ពី​ទទួល​យក​តួ​ហើយ នោះ​តួសម្តែងពុំ​ត្រូវ​ឈប់ ដោយសារតែ​កាលវិភាគ​របស់​ផលិតកម្ម ពុំ​ផ្តល់​ពេលវេលា​ផ្លាស់ប្តូរ​នានា​នៅក្នុង​ក្រុម​សម្តែងឡើយ ។ ការឈប់​ក្នុង​ពេល​នេះ​នឹង​ត្រូវបាន​ចាត់ទុក​ថា​គ្មាន​វិជ្ជាជីវៈ​ឡើយ ។ ខ្ញុំ​ខ្លាច​ថា​បាត់បង់​ការទុកចិត្ត​ពី​ក្រុមហ៊ុន​ល្ខោន ធ្វើ​ឲ្យ​ចាងហ្វាង​ផលិតកម្ម​អាក់អន់​ចិត្ត ហើយ​ថែមទាំង​បាត់បង់​ឱកាស​បន្ត​សម្តែង​នៅ​កន្លែង​ផ្សេងៗ​ទៀត ។

ប្រាកដ​ណាស់​ខ្ញុំ​ត្រូវបាន​ល្បួង​ឲ្យ​ដោះសារ ! មាន​សំឡេង​មួយ​បន្លឺ​មក​ក្នុង​ចិត្ត​ខ្ញុំថា « អ្នក​មិន​ត្រូវ​ឈប់​ក្នុង​ពេល​នេះ​ឡើយ ។ អត្ថបទ​សាច់រឿង​នោះ​ពុំ​អាក្រក់​ណាស់​ណា​ទេ ។ ឈុត​ដែល​ល្អ​នៅក្នុង​ល្ខោន​នោះ​នឹង​ប៉ះប៉ូវ​ឈុត​ដែល​មិន​សូវ​ល្អ​នោះ​ហើយ » ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​តែង​មាន​ឥទ្ធិពល​លើ​ដួងចិត្ត​ខ្ញុំ​ជានិច្ច — ដោយ​រឹងប៉ឹង អត់ធ្មត់ ជំរុញ​ខ្ញុំ​យ៉ាង​ខ្ជាប់ខ្ជួន​ថា ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ការសម្តែង​ល្ខោន​នេះ ។

ខ្ញុំ​បាន​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ដោយ​ក្តីញាប់​ញ័រ ខ្ញុំ​បាន​ចាប់យក​ទូរសព្ទ ហើយ​វាយ​លេខ​ទូរសព្ទ​ទៅ​លោក​ចាងហ្វាង​ផលិតកម្ម ។

នៅពេល​លោក​បាន​ឆ្លើយ​ទូរសព្ទ​ ខ្ញុំ​បាន​និយាយ​ថា « ជំរាបសួរ លោក ខ្ញុំ​គឺ​អាននី » ។

« អាននី ! ខ្ញុំ​រំភើប​ចិត្ត​ចំពោះ​ការសម្តែង​ណាស់ ។ តើ​អ្នក​បាន​ទទួល​អត្ថបទ​សាច់​រឿង​ហើយ​ឬ​នៅ ? »

« ចាស៎ ខ្ញុំ​បាន​ទទួល​ហើយ ហើយ​ខ្ញុំ … ខ្ញុំ … »

ខ្ញុំ​បាន​ចាប់ផ្តើម​យំ ។ និយាយ​អំពីភាពពុំ​មែនជា​អ្នក​មាន​វិជ្ជាជីវៈ !

ទោះ​ជាយ៉ាង​ណា​ក្តី ខ្ញុំ​បាន​រៀបរាប់​ពន្យល់​ដល់​លោក​ចាងហ្វាង​ផលិតកម្ម​អំពី​មូលហេតុ​ដែល​ខ្ញុំ​ពុំ​អាច​ចូលរួម​សម្តែង​ក្នុង​ល្ខោន​របស់​គាត់​ទាំង​ទឹកភ្នែក ។ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​រង់ចាំ​ទទួល​លទ្ធផល​អាក្រក់​ដែល​នឹង​អាច​កើត​ឡើង ។

លោក​ចាងហ្វាង​នោះ​បាន​សើច ។ គាត់​បាន​គោរព​ដល់​ជម្រើស​របស់​ខ្ញុំ ។ ដំបូង​គាត់​បាន​ព្យាយាម​និយាយ​ជាមួយ​ខ្ញុំ ឲ្យ​បន្ត​សម្តែង​ទៀត ប៉ុន្តែ​គាត់​បាន​ឈប់​ព្យាយាម​វិញ ។ គាត់​បាន​និយាយ​ថា គាត់​នៅ​តែ​ចូលចិត្ត​ខ្ញុំ​ទោះបីជា​ខ្ញុំ​ពុំ​ចង់​ចូលរួម​សម្តែង​ក្នុង​ល្ខោន​របស់​គាត់​ក្តី ។ ហើយ​គាត់​បាន​សូម​ឲ្យ​ខ្ញុំ​យក​អត្ថបទ​សាច់​រឿង​នោះ​ទៅ​ឲ្យ​គាត់​ភ្លាម ដើម្បី​គាត់​អាច​យក​វាទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត ។ ខ្ញុំ​បាន​ដាក់​ទូរសព្ទ​ចុះ ទាំង​មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​ការទួញ​យំ​របស់​ខ្ញុំ ប៉ុន្តែ​មាន​អំណរគុណ​ចំពោះ​សេចក្តីសណ្តោស ចម្លើយ​ដែល​មាន​ការយល់ចិត្ត​របស់​លោក​ចាងហ្វាង ។

ខ្ញុំ​បាន​ជូត​ទឹក​ភ្នែក​ចេញ ហើយ​ចាប់យក​អត្ថបទ​សាច់រឿង​នោះ ប្រញាប់​ចូល​ក្នុង​ឡាន​របស់​ខ្ញុំ ។ នៅពេល​ម៉ាស៊ីន​ឡាន​ដំណើរការ វិទ្យុ​ក៏​បាន​បើក​ផងដែរ ។ វិទ្យុ​នោះ​បើក​ចំ​ប៉ុស្តិ៍​ស្ថានីយ៍​តន្ត្រី​បុរាណ​ក្នុង​តំបន់ ហើយ​ដោយ​ក្តីភ្ញាក់ផ្អើល តន្ត្រី​ដែល​កំពុង​លេង​នោះ​គឺ​ជាការស្នើសុំ ដែល​វា​ជា​តន្ត្រី​ល្ខោនដដែល​នោះ ។ ខ្ញុំ​ពុំ​ដែល​ធ្លាប់​ឮ​តន្ត្រី​នោះ​ចាក់​ផ្សាយ​តាម​វិទ្យុ​ពីមុន​ឡើយ ។

ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​កំពុង​ប្រគុំ​តន្ត្រី​សម្រាប់​ខ្ញុំ ។ ទ្រង់​ចង់​ឲ្យ​ខ្ញុំ​យល់​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ទ្រង់​យល់​ស្រប​នឹង​ជម្រើស​របស់​ខ្ញុំ ។ តន្ត្រី​នោះ​បាន​ចាក់ផ្សាយ​តាម​វិទ្យុ​គឺ​ជា​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​មួយ​របស់​ព្រះ ។ តាម​រយៈ​តន្ត្រី​នេះ​ខ្ញុំ​បាន​ទទួល​ការលួងលោម​អំពី​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

ខ្ញុំ​បាន​បន្ត​សិក្សា​អំពី​ល្ខោន​នៅ​សាកលវិទ្យាល័យ ។ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រដៀង​គ្នា​ជា​ច្រើន​ដង ។ មាន​គ្រា​ជាច្រើន ដែល​វា​ចាំបាច់​ត្រូវតែ​ចាកចេញ​ពី​គម្រោង​ជាក់លាក់​នានា​ដែល​យើង​សហការ​គ្នា ដោយសារ​មក​ពី​ការមាន​មាតិកា​ដែល​ពុំ​សមរម្យ​នោះ ។ ស្ថានភាព​ទាំង​នេះ​ពុំ​ងាយស្រួល ឬ​គាប់ចិត្ត​ឡើយ ប៉ុន្តែ​ខ្ញុំ​អាច​ទប់ទល់​នឹង​ស្ថានភាព​ទាំង​នោះ​ដោយ​ព្រះគុណ​កាន់តែ​ច្រើន​ឡើងៗ ដោយពុំ​យំ​​ឡើយ ។ ប្រហែល​ជា​បទពិសោធន៍​កាល​ពីមុនៗ​របស់​ខ្ញុំ​បាន​រៀបចំ​សម្រាប់​ឱកាស​ទាំងនោះ ។ ប្រហែល​វា​ជួយ​ខ្ញុំ​ឲ្យ​យល់​កាន់តែ​ប្រសើរ​អំពី​ខ្លួន​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​ចង់​ប្រែក្លាយ​ខ្លាំង​បំផុត ។

វិល្លាម ស្ស៊េកស្ពៀរ បាន​សរសេរ​ថា ៖

ពិភពលោក​ទាំងអស់​គឺ​ជា​ឆាក​សម្តែង​មួយ

ហើយ​ទាំង​បុរស និង​ស្ត្រី​គ្រប់រូប ​គ្រាន់តែ​អធិស្ឋាន ៖

ពួកគេ​មាន​ច្រក​ចេញ និង​ច្រក​ចូល​របស់​ពួកគេ

ហើយ​មនុស្ស​ម្នាក់​ប្រើ​ពេលវេលា​របស់​ខ្លួន​សម្តែង​ក្នុង​ផ្នែក​ជា​ច្រើន ។

ខ្ញុំ​រៀន​ថា​មាន​ឈុតមួយ​ដែល​ត្រូវ​សម្តែង​ដែល​វា​ជា​ឈុត​សំខាន់​ជាង​ឈុត​ណាៗ​ទាំងអស់ ។ នោះគឺ​ជា​ការធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការទទួល​បាន​ការសាទរ​ពី​មិត្តភក្តិ​របស់​យើង អាច​ជារឿង​ដែល​គួរឲ្យ​រំភើប និង​ពេញចិត្ត ប៉ុន្តែ​មាន​តែ​ការអនុម័ត​របស់​ព្រះ​ទេ ដែល​សំខាន់​នោះ ។ ការសម្តែង​ដ៏​ប្រសើរ​បំផុត​របស់​យើង​កើតឡើង​បាន នៅពេល​យើង​រៀន​ធ្វើ​តាម​លោក​ចៅហ្វាយ ។

កំណត់​ចំណាំ

  1. William Shakespeare As You Like It ការសម្តែង​ទី ២ ឈុតទី ៧ ទំព័រ ១៤១–៤៤ ។