ឆ្នាំ​២០១៧
ដេស៊ីឌើរៀ យ៉ាញេស្ស ៖ អ្នកត្រួសត្រាយ​ក្នុង​ចំណោម​ពួកស្ត្រី
July 2017


ដេស៊ីឌើរៀ យ៉ាញេស្ស៖ អ្នកត្រួសត្រាយ​ក្នុង​ចំណោម​ពួកស្ត្រី

បន្ទាប់​ពី​សុបិន​បាន​ដឹកនាំគាត់​ឲ្យ​ស្គាល់​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កាល​ពី​ជំនាន់​ដើម​រូប​នេះ មក​ពី​ប្រទេស ម៉ិកស៊ិក បាន​ក្លាយ​ជា​អ្នកត្រួសត្រាយ​ដ៏​ស្មោះត្រង់​របស់​សាសនាចក្រ ។

desideria yanez

រចនារូបភាព​ដោយ ខាធ្លីន ភីធើរសិន

នា​រាត្រី​មួយ​នៅក្នុង​ដើម​ឆ្នាំ ១៨៨០ ដេស៊ីឌើរៀ យ៉ាញេស្ស កំពុង​ដេក​នៅក្នុង​ផ្ទះ​មួយ​ដ៏​សុខសាន្ត នៅលើ​ទួល ណូផាឡា ដែល​មាន​ដើម​ដំបង​យក្ស​ដុះ នៅ​ក្នុង​ប្រទេស ម៉ិកស៊ិក ។ នៅពេល​គាត់​សុបិន គាត់​បាន​ឃើញ​កូនសៀវភៅ​មួយ​មាន​ចំណង​ជើង​ថា Voz de Amonestación ( សំឡេង​នៃ​ការព្រមាន ) ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត និង​ផ្តល់​ជំនួយ​ខាង​វិញ្ញាណ​ដល់​គាត់ ។ នៅពេល​គាត់​ដឹង​ខ្លួន​ឡើង គាត់​បាន​ដឹង​ថា​អ្នក​បោះពុម្ព​កូនសៀវភៅ​នោះ​នៅ​ទីក្រុង​ម៉ិកស៊ីកូ ។ គាត់​ក៏​បាន​ដឹង​ផងដែរ​ថា គាត់​ពុំ​អាច​ធ្វើ​ដំណើរ​ចម្ងាយ ១២០ គីឡូម៉ែត្រ ទៅកាន់​ទីក្រុង​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​សុបិន​នោះ ហើយ​ស្វែងរក​ដំណោះស្រាយ ។

សេចក្តីជំនឿ​របស់​គ្រួសារ​មួយ

ដេស៊ីឌើរៀ បាន​ពិភាក្សា​អំពី​សុបិន​របស់​គាត់​ជាមួយ​កូន​ប្រុស​គាត់ ហូសេ ។ កូន​ប្រុស​គាត់​បាន​ជឿ​គាត់ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ិកស៊ីកូ​ជំនួស​គាត់ ។ កូន​ប្រុស​គាត់ បាន​ចាប់ផ្តើម​និយាយ​ជាមួយ​មនុស្ស​នៅ​ទីនោះ​ដោយ​ការជ្រួល​ច្របល់​ក្នុង​ចិត្ត ហើយ​ទីបំផុត​បាន​ជួប​សមាជិក​សាសនាចក្រ​ម្នាក់​ឈ្មោះ ផ្លូទីណូ រ៉ូដាកាណាធី ដែល​បាន​នាំ​កូន​ប្រុស​គាត់​ទៅ​សណ្ឋាគារ សាន ខាឡូស ។

នៅ​ឯសណ្ឋាគារ ហូសេ​បាន​ជួប​អែលឌើរ ជេម ស្ស៊ី ស្ទូវ៉ត ធ្វើការ​កែរ​ឯកសារ​ដែល​ហៀប​នឹង​បោះពុម្ព​របស់ ប៉ាលី ភី ប្រាត្ត ដែល​មាន​ចំណង​ជើង​ថា Voz de Amonestación គឺ​ជា​កូនសៀវភៅ​ដែល ដេស៊ីឌើរៀ បាន​ឃើញ​នៅក្នុង​សុបិន​របស់​គាត់ ។ បន្ទាប់​ពី​អែលឌើរ ហូសេ និយាយ​ជាមួយ​អែលឌើរ ស្ទូវ៉ត​អំពី​សុបិន​របស់ ដេស៊ីឌើរៀ មក អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​កូន​សៀវភៅ​មួយ​ចំនួន​ផ្សេង​ដល់ ហូសេ ដោយសារ​សៀវភៅ Voz de Amonestación ពុំ​ទាន់​បាន​បញ្ចប់​នៅឡើយ ហើយ​អែលឌើរ ស្ទូវ៉ត បាន​កត់ត្រា​អំពី​ការសន្ទនា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​នៅក្នុង​ទិនានុប្បវត្តិ​របស់​គាត់ ។

បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់ជា​ច្រើន​គីឡូ​ម៉ែត្រ​លើ​ផ្លូវ​ដែល​មាន​ដី​ហុយ​មក ហូសេ បាន​មក​ជួបជុំ​នឹង​ម្តាយ​របស់​គាត់​វិញ ។ បន្ទាប់​ពី​បាន​រៀន​អំពី​ភាពពិតប្រាកដ​របស់​កូនសៀវភៅ​នោះ​មក ដេស៊ីឌើរៀ បាន​ដឹង​ថា​សុបិន​នោះ​គឺ​ជា​ការពិត ។ គាត់​បាន​សិក្សា​កូនសៀវភៅ​ដែល ហូសេ​បាន​យក​មក​ឲ្យ​គាត់​នោះ​ដោយ​យកចិត្ត​ទុកដាក់ ហើយ​ការបង្រៀន​ជាមូលដ្ឋាន​គ្រឹះ​អំពី​ដំណឹង​ល្អ​ដែល​មាន​នៅក្នុង​សៀវភៅ​ទាំង​នោះ​បាន​ដាស់​រំជួល​ដល់​ព្រលឹង​គាត់ ។ គាត់​មាន​បំណង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

បាន​ជួប​ពួកអ្នកផ្សព្វផ្សាយ​សាសនា

ដោយសារ​អែលឌើរ ស្ទូវ៉ត នៅ​បន្ត​បញ្ចប់​សៀវភៅ Voz de Amonestación អែលឌើរ មេលីតុន ត្រេហូ ជាអ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​ប្រទេស​អេស្ប៉ាញ ត្រូវបាន​បញ្ចូន​ឲ្យ​ទៅ​ទីក្រុង​ណូប៉ាឡា ដើម្បី​ស្វែងរក ដេស៊ីឌើរៀ និង​ហូសេ ។ នៅ​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ១៨៨០ អែលឌើរ ត្រេហូ បាន​ជ្រមុជទឹក ដេស៊ីឌើរៀ ខ្វីនថាណា ឌើ យ៉ាញេស្ស និង ខាមិន កូនស្រី​របស់​ហូសេ ។ ដេស៊ីឌើរៀ គឺ​ជា​មនុស្ស​ទី ២២ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅក្នុង​បេសកកម្ម​ម៉ិកស៊ិក ហើយ​ជា​ស្ត្រី​ដំបូង​គេ​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​ភាគ​កណ្តាល ។

នៅ​ចុង​ខែ​នោះ ហូសេ បាន​ទៅ​លេង​ទីក្រុង​ម៉ិកស៊ីកូ ម្តង​ទៀត ហើយ​បាន​នាំ​យក​សៀវភៅ Voz de Amonestación ចំនួន ១០ ក្បាល​ទៅផ្ទះ​ផងដែរ ។ ទីបំផុត ដេស៊ីឌើរៀ បាន​ឃើញ​កូនសៀវភៅ​ដែល​គាត់​បាន​ឃើញ​ក្នុង​សុបិន ។ សម្រាប់​គាត់ កូនសៀវភៅ​នោះ​គឺ​ជា​ការំឭក​ដល់​គាត់​អំពី​ព្រះអម្ចាស់ ដែល​បាន​ឈោង​ព្រះហស្ត​ទ្រង់​ដោយ​ផ្ទាល់​ទៅ​ជួយ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​លើ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។

ព្រះគម្ពីរមរមន​ភាសា​អេស្ប៉ាញ​មុន​ដំបូង​គេបង្អស់

នៅ​អាយុ ៧២ ឆ្នាំ ដេស៊ីឌើរៀ បាន​ឃើញ​ថា​សុខភាព​របស់​គាត់​បាន​ចុះ​ទ្រុឌទ្រោម ។ នៅ​ឆ្នាំ ១៨៨៦ គាត់​ពុំ​អាច​ចាកចេញ​ពី​ផ្ទះ​ដ៏តូច​របស់​គាត់​នៅ សាន ឡូរែនសូ ក្បែរ​ទីក្រុង ណូប៉ាឡា បាន​ឡើយ ។ នា​ល្ងាច​ដ៏​សោកសៅ​មួយ ពួកចោរ​បាន​គាស់​ចូល​ផ្ទះ​របស់​គាត់ វាយ​ធ្វើ​បាប​គាត់ ហើយ​បាន​លួច​យក​ប្រាក់ ៣០០០ ដុល្លារ​ទៅ​ផងដែរ ។ តែ ដេស៊ីឌើរៀ​ នៅ​រស់រាន​មាន​ជីវិត ។ ជាជាង​មាន​ក្តីអស់សង្ឃឹម ដេស៊ីឌើរៀ បាន​រង់ចាំ​ជំនួយ​របស់​ព្រះអម្ចាស់​ដោយ​សេចក្តីជំនឿ ។ គាត់​បាន​រៀន​មក​ពី​សុបិន​របស់​គាត់​ថា ព្រះអម្ចាស់​ជ្រាបដឹង​អំពី​ស្ថានភាព​របស់​គាត់ ។

ក្រោយ​មក​នៅ​ខែ តុលា ឆ្នាំ ១៨៨៦ សាវក​មួយ​រូប និង​ប្រធាន​បេសកកម្ម​ពីរ​នាក់ បាន​ទៅ​លេង​តំបន់​នោះ​ដោយ​ពុំ​បាន​ព្រៀង​ទុក​ឡើយ ។ ហូសេ យ៉ាញេស្ស បាន​ប្រាប់​ពួកលោក​អំពី​ការរងទុក្ខ​របស់​ម្តាយ​គាត់ ។ ពួកបងប្អូនប្រុស​បាន​ប្រញាប់ទៅ​ផ្ទះរបស់​ដេស៊ីឌើរៀ ។ ដេស៊ីឌើរៀ​មាន​ចិត្ត​រីករាយ​ដោយ​បាន​ជួប​អែលឌើរ អ៊ីរ៉ាស្តុស ស្នូ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​បាន​ឲ្យ​អែលឌើរ អ៊ីរ៉ាស្តុស ស្នូ ដាក់​ដៃលើ​ក្បាល​គាត់ ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព ។

អំឡុង​ពេល​ពួកបងប្អូនប្រុស​សួរសុខ​ទុក្ខគាត់ នោះ​ប្រធាន​បេសកកម្ម ហូរ៉េស្ស ខូមមីង បាន​ប្រាប់​ដំណឹង​ដ៏​រំភើប​មួយ​ដល់ ដេស៊ីឌើរៀ ។ អែលឌើរ អ៊ីរ៉ាស្តុស ស្នូ បាន​ប្រាប់​គាត់​អំពី​ការបកប្រែ​ដំបូង​នៃ​ព្រះគម្ពីរ​មរមន​ទាំង​មូល​ជា​ភាសា​អេស្ប៉ាញ នៅទីក្រុង សលត៍ លេក ជិតចប់​សព្វ​គ្រប់​ហើយ ។ ដេស៊ីឌើរៀ បាន​ស្នើសូម​ព្រះគម្ពីរ​ដែល​នឹង​មាន​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នោះ​ភ្លាម ។

មួយ​ខែ​ក្រោយ​មក​ប្រធាន ខូមមីង បាន​យក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នោះ​ទៅ​ផ្ទះ​របស់ ដេស៊ីឌើរៀ ។ គាត់​បាន​សរសេរ​អំពី​បទពិសោធន៍​នេះ​ថា ៖ « ការសួរសុខទុក្ខ​បងស្រី​ចំណាស់ យ៉ាញេស្ស ជា​អ្នក​កំពុង​ត្រូវការ​ការមើលថែ ខ្ញុំ​បាន​ជូន​ព្រះគម្ពីរ​មរមន​បោះពុម្ព​រួច​នោះ​ទៅគាត់ ដែល​ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋ យូថាហ៍ ដើម្បី​យក​វា​ឲ្យ​គាត់ ។ វា​គឺ​ជា​ព្រះគម្ពីរ​ដំបូង​គេ​ជា​ភាសា​អេស្ប៉ាញ​ដែល​បាន​ទទួល​នៅក្នុង​ប្រទេស​ម៉ិកស៊ិក ។ … គាត់​ហាក់​បីដូច​ជា​ពេញចិត្ត​ព្រះគម្ពីរ​នោះ​ខ្លាំង​ណាស់ » ។ នេះ​គឺ​ជា​លើក​ចុងក្រោយ​នៃ​ការសួរសុខទុក្ខ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ ដេស៊ីឌើរៀ អំឡុង​ពេល​នៃ​ជីវិត​របស់​គាត់ ។

នៅដាច់​ពី​គេ ប៉ុន្តែ​ពុំ​ត្រូវបាន​បំភ្លេច​ចោល​ឡើយ

woman greeting visitor

នៅ​ឆ្នាំ ១៨៨៩ គឺ ១០ ឆ្នាំ​បន្ទាប់​ពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​មក​ដល់​ប្រទេស​ម៉ិកស៊ិក​ភាគ​កណ្តាល នោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ផ្លាស់ប្តូរ ធនធាន​ដែល​មាន​តិចតួច​របស់​សាសនាចក្រ ដោយ​បង្កើត​ក្រុម​នានា​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​ភាគ​ខាង​ជើង ។ សមាជិក​នៅ​ជិត​ទីក្រុង​ម៉ិកស៊ីកូ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល ១៦០០ គីឡូម៉ែត្រ ពី​ក្រុម​ទាំង​នោះ មាន​អារម្មណ៍​ដូច​ជា​សត្វចៀម​ដែល​គ្មាន​អ្នក​គង្វាល នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ចាកចេញ​ទៅ​ភាគ​ខាង​ជើង ។ ដោយ​មាន​ក្រុមគ្រួសារ​នៅ​ក្បែរ ដេស៊ីឌើរៀ បាន​ដឹង​ថា​ពួកគេ​នឹង​ត្រូវ​អនុវត្ត​តាម​ដំណឹង​ល្អ​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ ។ នេះ​មាន​ន័យ​ថា គាត់​នឹង​ពុំ​អាច​ចូលរួម​ថ្នាក់​សមាគម​សង្គ្រោះ ឬ​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​អំឡុង​ពេល​នៅ​មាន​ជីវិត​នោះ​ឡើយ ។

ប៉ុន្តែ​គាត់​បាន​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​បាន​ស្គាល់​គាត់ ។ តាមរយៈ​អ្នក​បម្រើ​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះទ័យ​របស់​ទ្រង់ ដើម្បី​បម្រើ​ហ្វូង​ចៀម​របស់​ទ្រង់​ម្នាក់​ម្តងៗ ។ ដោយសារ​សុបិន​របស់​គាត់ ពរជ័យ​នៃ​បព្វជិតភាព និង ព្រះគម្ពីរ​មរមន នោះ​ដេស៊ីឌើរៀ អាច​ថ្លែង​ទីបន្ទាល់​អំពី​ការបញ្ជាក់​ដ៏​ច្បាស់លាស់​របស់​គាត់​ថា ព្រះ​ខ្វល់ខ្វាយ​អំពី​សេចក្តីត្រូវការ​របស់​គាត់​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ។ ទោះបីជា​ចំណេះ​ដឹង​នេះ​ពុំ​អាច​រារាំង​ការសាកល្បង និង​ឧបសគ្គ​នានា​កុំឲ្យ​កើត​មាន​ឡើង​ក្នុង​ជីវិត​គាត់​ក្តី ក៏​វា​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​គាត់​ថា ព្រះអម្ចាស់​នឹង​សម្រាល​បន្ទុក​របស់​គាត់ ។

មរតក​នៃ​ការកាន់ខ្ជាប់

ក្នុង​ឆ្នាំ ១៩០៣ អ្នកផ្សព្វផ្សាយ​សាសនា​បាន​ត្រឡប់​ទៅ​ប្រទេស ម៉ិកស៊ិក​ភាគ​ខាង​ត្បូង​វិញ​ជា​លើក​ដំបូង ចាប់តាំង​ពី​ឆ្នាំ ១៨៨៦ មក ។ ពួកគេ​បាន​ជួប ហូសេ ដែល​សង្ខេប​អំពី​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត និង​មរតក​នៃ​សេចក្តីជំនឿ ដោយ​និយាយ​ថា​ទាំង​ភរិយា និង​ម្តាយ​របស់​គាត់ « បាន​ចែកឋាន​ទៅ​ទាំង​មាន​សេចក្តីជំនឿ​ទាំងស្រុង​លើ​និកាយ​មរមន » ហើយ​ថា​គាត់ « រំពឹង​ថា​នឹង​ស្លាប់​ក្នុង​ជំនឿ​នៃ​ពួកមរមន » ។

បន្ទាប់​ពី​បាន​សុបិន​អំពី​រឿង​នោះ​មក ដេស៊ីឌើរៀ បាន​ចាប់ផ្តើម​ដើរ​លើ​មាគ៌ា​នៃ​ដំណឹង​ល្អ ដោយ​ក្លាយ​ជា​អ្នកត្រួសត្រាយ​ជនជាតិ​ឡាតាំង​នៃ​សាសនាចក្រ ។ គ្រាប់ពូជ​នៃ​សេចក្តីជំនឿ​បាន​ដុះ​ឡើង តាមរយៈ​សុបិន​នៅក្នុងឆ្នាំ ១៨៨០ នោះ ពុំ​ឥត​ប្រយោជន៍​ឡើយ វា​បាន​ដុះ​ពន្លក​ឡើង​នៅពេល ដេស៊ីឌើរៀ បាន​ចុះ​សេចក្តីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក ហើយ​ស៊ូទ្រាំ​នឹង​ការសាកល្បង​គាត់​ដោយ​សេចក្តីជំនឿ ។ ដេស៊ីឌើរៀ នឹង​ពុំ​ងាយ​ចុះ​ខ្សោយ​ខាង​វិញ្ញាណ​ឡើយ នៅពេល​គាត់ និង​គ្រួសារ​គាត់​អនុវត្ត​តាម​ដំណឹង​ល្អ​ដែល​នៅ​ដាច់​គេ​ពី​ព្រះវិហារ​ទាំង​អស់​នោះ ប៉ុន្តែ​គាត់​បាន​បន្ត​កាន់​ខ្ជាប់ ។ គាត់​បាន​ដឹង​ថា​ព្រះ​ខ្វល់​ខ្វាយ ហើយ​មើល​ថែ​រូប​គាត់​ក្នុង​ផ្នែក​ដ៏​តូច​នៃ​ពិភពលោក ។

ទោះបី​ជា​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​រួច​ក្តី គាត់​ក្លាយ​ជា​គំរូ​មួយ​នៃ​សេចក្តីជំនឿ ភាពឧស្សហ៍​ព្យាយាម ការគោរព​ប្រតិបត្តិ និង​ជា​កម្លាំង​មិន​ត្រឹម​តែ​សម្រាប់​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ដល់​ពួកយើង​ម្នាក់ៗ​ផងដែរ នៅពេល​យើង​ព្យាយាម​បន្ត​នូវ​ស្មារតី​នៃ​អ្នក​ត្រួសត្រាយ​នេះ ។

កំណត់ចំណាំ

  1. សូមមើល Alonzo L. Taylor Mission Papers ថ្ងៃ​ទី ១០ ខែ កក្កដា ឆ្នាំ ១៩០៣ និង Mexican Mission Manuscript History and Historical Reports ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ១៩០៣ Church History Library Salt Lake City ។

  2. សូមមើល Taylor Mission Papers ថ្ងៃ​ទី ១០ ខែ កក្កដា ឆ្នាំ ១៩០៣ និង James Z. Stewart Papers ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៨៨០ Church History Library ។

  3. សូមមើល Stewart Papers ថ្ងៃ​ទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៨៨០ ។

  4. សូមមើល Moses Thatcher Journal ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៨៧៩ និង Stewart Papers ថ្ងៃ​ទី ២៦ ខែ មេសា និង ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ១៨៨០ Church History Library ។ ដេស៊ីឌើរៀ គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក បន្ទាប់​ពី​បេសកកម្ម​ម៉ិកស៊ិក បាន​បើក​នៅក្នុង​ឆ្នាំ ១៨៧៩ នៅក្នុង​ទីក្រុង​ម៉ិកស៊ីកូ ។ ប៉ុន្តែ បេសកកម្ម​ខ្លី​មួយ​ទៅ​ទីក្រុង ហើរម៉ូសីលយ៉ូ​ភាគ​ខាង​ជើង​ក្នុង​ឆ្នាំ ១៨៧៧ បាន​នាំ​ឲ្យ​មាន​បុណ្យ​ជ្រមុជទឹក​ចំនួន​ប្រាំ​នាក់​នៅ​ភូមិ​ក្បែរ​នោះ រួម​មាន ម៉ារៀ ឡា គ្រូស ប៉ារ៉ូស ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ស្ត្រី​ជនជាតិ​ម៉ិកស៊ិក​ដំបូង​គេ​ដែល​បាន​ប្រែចិត្ត​ជឿ ។ កំណត់ត្រា​ជា​ផ្លូវការ​នៃ​បេសកកម្ម ម៉ិកស៊ិក ដែល​បាន​បង្កើត​ឡើង​ដោយ ម៉ូសេ ថាឆើរ ដាក់​ថា ដេស៊ីឌើរៀ យ៉ាញេស្ស គឺ​ជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ប្រែ​ចិត្ត​ជឿ ដែល​ការពិត​នោះ​គាត់​គឺ​ជា​អ្នក​ទីពីរ ។ សូមមើល​ផងដែរ Louis Garff Reminiscences គ្មាន​កាលបរិច្ឆេទ Church History Library ។

  5. សូមមើល Horace H. Cummings Papers ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ១៨៨៦ Church History Library ។

  6. Cummings Papers ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៨៨៦ ។

  7. Taylor Mission Papers ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៩០៣ ។