តមអាហារ សម្រាប់ ព្យាការី
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ហាវ៉ៃ ស.រ.អា. ។
ស៊ីលីអូទីស្រឡាញ់ប្រធានឃឹមបឹល ។ នាងចង់ឲ្យលោកបានធូរស្បើយ ។
« Feed thou our souls, fill thou our hearts, and bless our fast, we pray » ( ទំនុកតម្កើង លេខ ១៣៨ ) ។
ស៊ីលីអូទី បានដើរពីសាលារៀនទៅផ្ទះដោយដើរកាត់ដើមល្ហុង និងស្វាយដែលមានផ្លែទុំក្រហមស្រស់ ។ នៅពេលនាងបានឃើញផ្លែឈើទាំងនោះ នាងចាំថានាងឃ្លានយ៉ាងខ្លាំង ។ នាងក៏បានចាំផងដែរថា ថ្ងៃនេះគឺជាថ្ងៃពិសេស ។ ថ្ងៃនេះសមាជិកគ្រប់រូបនៅក្នុងស្តេករបស់នាង នៅក្នុងប្រទេសតុងហ្គាកំពុងតមអាហារសម្រាប់ព្យាការី ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ព្យាការីឈឺ ហើយលោកត្រូវទទួលការវះកាត់ ។ យប់នេះសមាជិកគ្រប់រូបនឹងជួបគ្នានៅក្នុងស្តេកដើម្បីអធិស្ឋាន ហើយបញ្ចប់ការតមអាហាររបស់ពួកគេជាមួយគ្នា ។
នៅពេលស៊ីលីអូទី បានទៅដល់ផ្ទះរបស់នាង នាងបានឆ្ងុយក្លិនម្ហូបដែលកំពុងចម្អិននៅក្នុង ‘umu ( អ៊ូមូ ) នៅលើចង្ក្រាន ។ ពោះរបស់នាងបានកូរ ។ ស៊ីលីអូទី រីករាយណាស់ដែលនាងមានអាយុគ្រប់គ្រាន់ល្មមដើម្បីតមអាហារបាន ប៉ុន្តែការតមអាហារនៅថ្ងៃទៅរៀនគឺពិបាកខ្លាំងជាងការតមអាហារនៅថ្ងៃអាទិត្យ ។
ស៊ីលីអូទីព្យាយាមបំភ្លេចថានាងឃ្លានខ្លាំងណាស់ ។ នាងបានរកអុស ហើយបានបោសសម្អាតស្លឹកឈើដែលបានធ្លាក់មកពីដើមចំប៉ាដក់ខ្ពស់ៗដ៏ស្រស់ស្អាតដែលផ្តល់ម្លប់នៅរានហាលរបស់នាង ។
ស៊ីលីអូទី បានគិតនៅពេលនាងបានលាងដៃរបស់នាងបន្ទាប់ពីការបោសសម្អាតនោះថា « ព្រះវរបិតាសួគ៌នឹងយល់ ប្រសិនបើខ្ញុំគ្រាន់តែចឹបទឹកបន្តិច » ។ ក្រោយមកនាងបានគិតអំពីសេចក្តីស្រឡាញ់ដ៏ខ្លាំងដែលនាងមានចំពោះប្រធាន ឃឹមបឹល ។ នាងចង់ឲ្យលោកបានធូរស្បើយឡើងវិញ ។ នាងបានសម្រេចចិត្តថានាងនឹងរង់ចាំ ។
ស៊ីលីអូទី បានអង្គុយនៅលើមាត់ទ្វារ ហើយកើយក្បាលនាងនៅលើភ្លៅរបស់ម្តាយនាង ។ នាងអស់កម្លាំងខ្លាំងណាស់ ។
ម៉ាក់នាងបាននិយាយថា « កូនអាចបញ្ចប់ការតមអាហារបានប្រសិនបើកូនចង់ » ។
ស៊ីលីអូទី បាននិយាយថា « ប៉ុន្តែកូនចង់តមអាហារ ។ កូនអាចធ្វើវាបាន » ។
នៅពេលឪពុកនាងបានមកពីធ្វើការវិញ មនុស្សគ្រប់គ្នានៅក្នុងគ្រួសារបានជួយបើកគម្រប់ ‘umu (អ៊ូមូ) នៅលើចង្ក្រាន ។ ពួកគេបានដកយកចង្វាយសាច់ជ្រូកជាចំណិតៗ ត្រី និងផ្លែចំប៉ាដក់ដែលបានដុតនៅក្នុងខ្ទិះដូង ។ ក្រោយមកពួកគេបានខ្ចប់អាហារនៅក្នុងបង្វិច ហើយយួរវាចេញទៅផ្លូវដើម្បីរង់ចាំរថយន្តក្រុង ។
ពួកគេបានជួបគ្រួសារផ្សេងទៀតនៅតាមផ្លូវ មនុស្សទាំងអស់មានម្ហូបរៀងៗខ្លួនរបស់ពួកគេ ។ ពួកគេទាំងអស់បានញញឹម ហើយបាននិយាយនៅពេលពួកគេបានឡើងជិះឡានក្រុងជាមួយគ្នា ។ ស៊ីលីអូទី ឃើញកន្លែងទំនេរតូចមួយនៅក្បែរម្តាយនាង ។ នាងស្រង់ក្លិនអាហារដ៏ឆ្ងុយឆ្ងាញ់នោះ នៅពេលឡានក្រុងកំពុងធ្វើដំណើរ ។
មេឃងងឹតហើយនៅពេលឡានក្រុងទៅដល់សាលាជំនុំ ។ នៅក្នុងអគារ ស៊ីលីអូទីបានលុតជង្គង់ ជាមួយឪពុកម្តាយបងប្អូនប្រុសស្រីរបស់នាង និងសមាជិករាប់រយនាក់ផ្សេងទៀតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
អំឡុងពេលអធិស្ឋាន ស៊ីលីអូទី បានអធិស្ឋានក្នុងចិត្តនាងថា « សូមទ្រង់ជួយឲ្យប្រធាន ឃឹមបឹល បានធូរស្បើយឡើងវិញ » ។ នាងបានដឹងថាមនុស្សគ្រប់គ្នានៅក្នុងបន្ទប់កំពុងអធិស្ឋានសម្រាប់រឿងដូចគ្នា ។ អារម្មណ៍ដ៏ស្ងប់បានផុសឡើងក្នុងចិត្តនាងថា ប្រធាន ឃឹមបឹលនឹងបានធូរស្បើយ ។
នៅពេលនាងបើកភ្នែកវិញ នាងបានឃើញមនុស្សនៅជុំវិញខ្លួននាងស្រក់ទឹកភ្នែក ។ សមាជិកទាំងនេះបានតមអាហារ ហើយនាងបានតមអហារជាមួយពួកគេ ។ វាមានការលំបាក ប៉ុន្តែនាងបានធ្វើវា !