សារលិខិតគណៈប្រធានទីមួយ
រង្វាន់នៃ ការស៊ូទ្រាំដោយហ្មត់ចត់
កាលខ្ញុំនៅជាយុវជន ខ្ញុំបានបម្រើនៅក្នុងសាសនាចក្រជាទីប្រឹក្សារបស់ប្រធានមណ្ឌលដ៏វាងវៃមួយរូប ។ គាត់បានព្យាយាមបង្រៀនខ្ញុំជានិច្ច ។ ខ្ញុំចាំថាមានគ្រាមួយនោះ គាត់បានផ្តល់ដំបូន្មានដល់ខ្ញុំថា ៖ « កាលណាអ្នកជួបនរណាម្នាក់ សូមប្រព្រឹត្តនឹងពួកគេ ដូចពួកគេកំពុងមានបញ្ហាធ្ងន់ធ្ងរ ហើយអ្នកនឹងធ្វើរឿងត្រឹមត្រូវបានដល់ជាងពាក់កណ្តាលទៅហើយ » ។ កាលនោះខ្ញុំគិតថាគាត់មានភាពទុទិដ្ឋិនិយមណាស់ ។ ឥឡូវនេះវាជាង ៥០ឆ្នាំហើយ ខ្ញុំអាចឃើញថាគាត់យល់ដឹងពីពិភពលោក និងជីវិតនេះបានយ៉ាងច្បាស់ ។
យើងទាំងអស់គ្នាប្រឈមមុខនឹងការសាកល្បងនានា — ជួនកាលវាពិតជាលំបាកហួសប្រមាណ ។ យើងដឹងថាព្រះអម្ចាស់ទុកឲ្យយើងហែលឆ្លងកាត់ការសាកល្បងនានា ដើម្បីឲ្យយើងអាចដុសខាត់ខ្លួនយើងឲ្យប្រសើរឡើង និងឲ្យបានល្អឥតខ្ចោះ ប្រយោជន៍ឲ្យយើងអាចរស់នៅជាមួយទ្រង់ជារៀងរហូត ។
ព្រះអម្ចាស់បានបង្រៀនព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងគុកលីប៊ើធីថា រង្វាន់សម្រាប់ការស៊ូទ្រាំដោយហ្មត់ចត់ទៅនឹងការសាកល្បងរបស់លោក នឹងជួយលោកឲ្យមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវិតអស់កល្បជានិច្ច ៖
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីលំបាករបស់អ្នកនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។
យើងជួបប្រទះរឿងជាច្រើននៅក្នុងជីវិតនេះ ដែលវាហាក់បីដូចជាលំបាកឲ្យយើងស៊ូទ្រាំដោយហ្មត់ចត់បាន ។ វាប្រៀបដូចទៅនឹងគ្រួសារមួយដែលពឹងផ្អែកលើការដាំដុះពេលគ្មានភ្លៀងធ្លាក់អញ្ចឹងដែរ ។ ពួកគេអាចឆ្ងល់ថា « តើយើងអាចស៊ូទ្រាំបានយូរប៉ុណ្ណាទៅ ? » វាប្រៀបដូចទៅនឹងយុវជនម្នាក់ដែលបានប្រឈមមុខទប់ទល់នឹងទង្វើស្មោកគ្រោក និងការល្បួងដែលកំពុងតែកើនឡើង ។ វាប្រៀបដូចទៅនឹងយុវជនម្នាក់ដែលកំពុងពុះពារទទួលការអប់រំ ឬការបំពាក់បំប៉ននានា ដែលគាត់ត្រូវការសម្រាប់ការងារមួយ ដើម្បីឧបត្ថម្ភភរិយា និងគ្រួសារ ។ វាប្រៀបដូចទៅនឹងមនុស្សម្នាក់ដែលពុំអាចរកការងារធ្វើបាន ឬបុគ្គលម្នាក់ដែលបាត់បង់ការងារជាច្រើន ខណៈដែលអាជីវកម្មនានាត្រូវបានបិទទ្វារឈប់ដំណើរការ ។ វាប្រៀបដូចទៅនឹងអស់អ្នកដែលប្រឈមមុខជាមួយនឹង ការទ្រុឌទ្រោមនៃសុខភាព និងកម្លាំងរូបកាយ ដែលវាអាចកើតទាំងក្នុងវ័យក្មេង ឬវ័យចំណាស់របស់ពួកគេ ឬដល់អស់អ្នកដែលពួកគេស្រឡាញ់ ។
ប៉ុន្តែព្រះដែលពេញដោយក្តីស្រឡាញ់ ពុំបានដាក់ការសាកល្បងបែបនោះនៅចំពោះមុខយើង ដើម្បីគ្រាន់តែដឹងថាតើយើងអាចស៊ូទ្រាំនឹងការលំបាកនោះបានឬអត់នោះឡើយ ផ្ទុយទៅវិញគឺដើម្បីមើលថាតើយើងអាចស៊ូទ្រាំនឹងការលំបាកទាំងនោះបានហ្មត់ចត់ប៉ុណ្ណា ហើយប្រែកាន់តែប្រសើរឡើង ។
គណៈប្រធានទីមួយបានបង្រៀនអែលឌើរ ប៉ាលី ភី ប្រាត្ត ( ១៨០៧–៥៧ ) ពេលលោកត្រូវបានហៅឲ្យធ្វើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្មីថ្មោងដូចនេះ ៖ « អ្នកត្រូវបានជ្រើសឲ្យបម្រើនៅក្នុងបុព្វហេតុមួយដែលតម្រូវឲ្យអ្នកមានការផ្តោតចិត្តទុកដាក់ទាំងស្រុង … ក្លាយជាតួព្រួញដែលខាត់រំលីង ។ … អ្នកត្រូវតែស៊ូទ្រាំនឹងការលំបាក ការធ្វើកិច្ចការ និងការសាកល្បងជាច្រើនដើម្បីត្រូវបានដុសខាត់ឲ្យបានល្អឥតខ្ចោះ ។ … ព្រះវរបិតាសួគ៌របស់អ្នកតម្រូវនូវអ្វីៗទាំងនេះ វាលស្រែគឺជារបស់ផងទ្រង់ កិច្ចការនេះគឺជារបស់ផងទ្រង់ ហើយទ្រង់នឹង … ធ្វើឲ្យចិត្តអ្នករីករាយឡើង … ហើយទ្រង់នឹងគាំទ្រអ្នក » ។១
នៅក្នុងគម្ពីរហេព្រើរ ប៉ុលនិយាយអំពីផលផ្លែនៃការស៊ូទ្រាំដោយហ្មត់ចត់ដូចនេះ ៖ « កាលណាយើងត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ » ( ហេព្រើរ ១២:១១ ) ។
ការសាកល្បង និងទុក្ខលំបាករបស់យើងផ្តល់ឱកាសឲ្យយើងរៀន និងរីកចម្រើន ហើយវាអាចផ្លាស់ប្តូរលក្ខណៈរបស់យើងបាន ។ ប្រសិនបើយើងអាចបែរទៅរកព្រះអង្គសង្គ្រោះ អំឡុងពេលនៃការសាកល្បងដ៏លំបាករបស់យើង នោះព្រលឹងយើងអាចត្រូវបានដុសខាត់ នៅពេលយើងស៊ូទ្រាំ ។
ហេតុដូច្នោះហើយ កិច្ចការដំបូងដែលត្រូវចងចាំនោះគឺអធិស្ឋានជានិច្ច ( សូមមើល គ. និង ស. ១០:៥; អាលម៉ា ៣៤:១៩–២៩ ) ។
ទីពីរត្រូវព្យាយាមបន្តគោរពព្រះបញ្ញត្តិ — ទោះបីជាមានការជំទាស់ ការល្បួង ឬបញ្ហាស្មុគស្មាញនៅជុំវិញយើងក្តី ( សូមមើល ម៉ូសាយ ៤:៣០ ) ។
រឿងសំខាន់ទីបីដែលត្រូវធ្វើនោះគឺបម្រើព្រះអម្ចាស់ ( សូមមើល គ. និង ស. ៤:២; ២០:៣១ ) ។
នៅក្នុងការបម្រើរបស់លោកចៅហ្វាយ យើងបានស្គាល់ ហើយស្រឡាញ់ទ្រង់កាន់តែខ្លាំង ។ យើងនឹងចាប់ផ្តើមទទួលស្គាល់ឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះ និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើង ប្រសិនបើយើងព្យាយាមក្នុងការអធិស្ឋាន និងការបម្រើដោយស្មោះត្រង់ ។ ពួកយើងជាច្រើននាក់ធ្លាប់ទទួលឱកាសបម្រើទាំងនោះ ហើយទទួលអារម្មណ៍នៃភាពជាគូកននោះ ។ ប្រសិនបើអ្នកត្រឡប់ទៅគិតអំពីគ្រានោះវិញ នោះអ្នកនឹងចាំថា អ្នកមានការផ្លាស់ប្តូរ ។ ការល្បួងឲ្យធ្វើអាក្រក់ហាក់ដូចជាមានតិចតួច ។ បំណងប្រាថ្នាធ្វើល្អបានកើនឡើង ។ អស់អ្នកដែលស្គាល់អ្នកច្បាស់ជាងគេ និងអស់អ្នកដែលស្រឡាញ់អ្នកអាចនិយាយដូចនេះ ៖ « អ្នកមានចិត្តសប្បុរស ហើយមានការអត់ធ្មត់ច្រើន ។ អ្នកហាក់ដូចជាពុំមែនជាមនុស្សដូចកាលពីមុន » ។
អ្នកពុំមែនជាមនុស្សដូចកាលពីមុនឡើយ ។ អ្នកត្រូវបានផ្លាស់ប្តូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដោយសារអ្នកពឹងផ្អែកលើទ្រង់ នៅក្នុងគ្រានៃការសាកល្បងរបស់អ្នក ។
ខ្ញុំសន្យានឹងអ្នកថា ព្រះអម្ចាស់នឹងជួយអ្នកក្នុងការសាកល្បងនានា ប្រសិនបើអ្នកស្វែងរក ហើយបម្រើទ្រង់ ហើយព្រលឹងអ្នកនឹងត្រូវបានដុសខាត់នៅក្នុងដំណើរការនោះ ។ ខ្ញុំសូមអញ្ជើញអ្នកឲ្យដាក់ទីទុកចិត្តរបស់អ្នកលើទ្រង់ នូវគ្រប់ទាំងសេចក្តីលំបាករបស់អ្នក ។
ខ្ញុំដឹងថា ព្រះជាព្រះវរបិតាមានព្រះជន្មរស់ ហើយទ្រង់ព្រះសណ្តាប់ និងឆ្លើយតបគ្រប់ការអធិស្ឋានរបស់យើង ។ ខ្ញុំដឹងថា ព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទ បានបង់ថ្លៃសម្រាប់អំពើបាបរបស់យើងគ្រប់គ្នា ហើយថាទ្រង់សព្វព្រះទ័យឲ្យយើងមករកទ្រង់ ។ ខ្ញុំដឹងថាព្រះវរបិតា និងព្រះរាជបុត្រាមើលថែពួកយើង ហើយបានរៀបចំផ្លូវសម្រាប់យើងឲ្យស៊ូទ្រាំដោយហ្មត់ចត់ និងត្រឡប់ទៅផ្ទះវិញ ។