ឆ្នាំ​២០១៧
អព្ភូតហេតុ​ដ៏ពិត
July 2017


អព្ភូតហេតុ ដ៏ពិត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ព្រះចេស្តា​របស់​ព្រះអម្ចាស់​ពុំ​គ្រាន់តែ​បាន​បង្ហាញ​នៅក្នុង​ការជាសះស្បើយ​របស់ ប៉ោឡា ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្ហាញ​នៅក្នុងការប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​របស់ឪពុក​នាង​ផងដែរ ។

woman on hospital bed receiving a priesthood blessing

រចនា​រូបភាព​ដោយ ឌី ឃេត ឡាសុន

វេជ្ជបណ្ឌិត​បាន​និយាយ​ថា អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ ប៉ោឡា យ៉ាញេស្ស គឺ​ជា​អព្ភូតហេតុ​នៃ​ការព្យាបាល ។ ស្ថានភាព​ជំងឺ​របស់ក្មេង​ជំទង់​ម្នាក់​នៅ គីតូ អេក្វាទ័រ បាន​ប្រសើរ​ឡើង​ភ្លាមៗ ពេល​ឪពុក​របស់​នាង​បាន​បរិច្ចាគ​តម្រងនោម​ម្ខាង​ឲ្យ​ទៅនាង ការវះកាត់​ប្តូរសរីរាង្គ​នោះ​បាន​ទទួល​ជោគជ័យ ហើយ​នាង​មាន​ឱកាស​រស់​ជា​ថ្មី​ម្តង​ទៀត ។

ប៉ុន្តែ​ឪពុក​របស់​នាងគឺ ម៉ាកូ យ៉ាញេស្ស និយាយ​ថាអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់នោះ​គឺ​ជារឿង​អស្ចារ្យ​ដូចគ្នា ។ គាត់​បាន​រកឃើញ​ដំណឹង​ល្អ ហើយ​ដំណឹង​ល្អ​ក៏បាន​ផ្លាស់ប្តូរ​ជីវិត​គាត់ ដំណឹង​ល្អ​បាន​ផ្តល់​ឱកាស​ជា​លើក​ទី​ពីរ​ដល់រូប​គាត់​ផងដែរ ។

ជំងឺ​រលាក​តម្រង​នោម​តាំង​ពី​កុមារភាព បាន​បំផ្លាញ​តម្រង់​នោម​ទាំង​សងខាង​របស់ ប៉ោឡា ប៉ុន្តែ​ការប្រើ​ឱថស​បាន​ជួយ​នាង​ឲ្យ​មាន​ជីវិត​រស់នៅ ។ ទោះជាយ៉ាង​ណាក្តី ពេល​នាង​អាយុ ១៥ ឆ្នាំ​ស្ថានភាពជំងឺ​របស់​នាងប្រែ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ។ តម្រង​នោមម្ខាង​បាន​ខូច ហើយ​ម្ខាង​ទៀត​កំពុង​តែខូចយ៉ាង​ឆាប់​រហ័ស ។ ទោះបីជា​បាន​ទទួលការព្យាបាល​ដោយ​ការលាង​ឈាម​ក្តី ប៉ោឡា​នឹង​ឈានទៅ​រក​សេចក្តីស្លាប់​ដោយ​សន្សឹមៗ ។ នាង​ត្រូវបាន​អនុញ្ញាតឲ្យ​ផឹកបាន​តែ​ទឹក​មួយ​កែវ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​នាង​ត្រូវបាន​ដាក់​កំហិត​យ៉ាង​តឹងរឹងពុំ​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ​ឡើយ ដោយសារ​សួត លំពែង និង​បេះដូង​របស់​នាង​បាន​ទទួល​រង​ការប៉ះពាល់​ផងដែរ ។

វា​ពុំ​អាច​ធ្វើ​ទៅបាន​ឡើយ ដើម្បី​យក​គាត់​ទៅ​សហរដ្ឋ ឬ​ប្រទេស​គុយបា ដើម្បី​វះកាត់​ប្តូរ​សរីរាង្គ — នាង​ត្រូវស្វែងរក​អ្នក​បរិច្ចាគ​សរីរាង្គ​ម្នាក់​ដែល​នៅ​អេក្វាទ័រ ។ ការធ្វើ​តេស្ត​បាន​បង្ហាញ​ថា ឪពុក​របស់​គាត់​ពុំអាច​ធ្វើ​ជាអ្នក​បរិច្ចាគ​សរីរាង្គ​​នោះបាន​ឡើយ ។ ម្តាយ​របស់​នាង​អាច​ធ្វើ​ជា​អ្នក​បរិច្ចាគ​បាន ប៉ុន្តែ​ក្រោយ​មក​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា ការលាងឈាម​បាន​បន្សល់​ទុក​នូវ​កម្រិត​​ថ្នាំអង់ទីប៊ីយ៉ូទិក​ក្នុង​ខ្លួនរបស់​ ប៉ោឡា ខ្ពស់ ដែល​ពុំ​អាច​ធ្វើ​ការវះកាត់ប្តូរ​សរីរាង្គ​បានទេ ។ ប៉ោឡា​ បានអធិស្ឋាន​​សូម​ឲ្យ​មាន​របៀប​ណា​មួយ​ ដែល​ឲ្យ​នាង​មាន​ជីវិត​រស់​នៅ​បន្ត​ទៀត ។

នៅគ្រានោះ ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៨៨ អ្នកផ្សព្វផ្សាយសាសនា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​គោះទ្វារ​ផ្ទះ​របស់គ្រួសារ យ៉ាញេស្ស ។ ខាមែន ម្តាយ​របស់​ ប៉ោឡា បាន​និយាយ​ថា គាត់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ផ្ទះ ដើម្បី​គាត់​អាច​ប្រមាថ​មើលងាយ​ដល់​ពួកគេ ។ នៅពេល​ពួកគេ​បាន​ប្រាប់​គាត់​ថា ពួកគេ​មាន​សារលិខិត​ដែល​អាច​ជួយ​គាត់​បាន នោះ​គាត់​បាន​និយាយ​ទាំងខឹង​សម្បារ​ថា « តើ​អ្នក​អាច​ជួយ​ខ្ញុំ​បាន​តាម​របៀប​ណា ខណៈ​ដែល​កូនស្រី​របស់​ខ្ញុំ​​ខិត​ទៅរក​សេចក្តីស្លាប់​ទៅ​ហើយ​នោះ ? ខ្ញុំ​ពុំជឿ​ថា​មាន​ព្រះ​ឡើយ ! »

ទោះបីជា​មាន​ការជំទាស់​ជាលើក​ដំបូង​ពី ខាមែន ក្តី អ្នកផ្សព្វផ្សាយសាសនា​នៅតែ​បន្ត​ទៅ​សួរសុខទុក្ខ​គ្រួសារ​របស់​គាត់ ។ ដំបូង ម៉ាកូ មាន​អារម្មណ៍​ថាគាត់​ហាក់ដូចជា​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុងការ​មើលថែ​កូនស្រី​របស់​គាត់ ដោយ​ពុំ​បាន​ខ្វល់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ ប៉ុន្តែ​ទីបំផុត​គាត់​បាន​ស្តាប់ ដោយសារ​គាត់​ចង់​ដឹង​ជាខ្លាំង ។ គាត់​បាន​ឃើញ​ថា ពួកគេ​មាន​ចម្លើយ​ចំពោះ​សំណួរ​ដែល​គាត់​មាន​អំពី​គោលបំណង​នៃ​ជីវិត​នេះ ។

ម៉ាកូ ពុំ​ជឿ​ថា​ព្រះ​ជា​ព្រះ​ដែល​មាន​ព្រះកាយ​អ្វី​ឡើយ ។ សម្រាប់​គាត់ ព្រះ​គឺ​ជា​ប្រភព​ដ៏​មាន​ឥទ្ធិពល​ជា​សកល​មួយ ឬ​ជាតួ​អង្គ​ដ៏​អស្ចារ្យ ជា​តួអង្គ​ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឡើយ ។ ប៉ុន្តែ​ពេល​ស្ថានភាពជំងឺ​កូនស្រី​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរទៅៗ នោះ​គាត់​បាន​អធិស្ឋាន​ដោយទូលសូម​ព្រះ​ឲ្យ​ព្យាបាល​កូនស្រី​ដែល​កំពុង​រងទុក្ខ​របស់​គាត់ ឬ​ក៏ឆក់​យក​ជីវិត​របស់​នាង​ទៅ ។ គាត់​បានអធិស្ឋាន​ថា « ប្រសិនបើ​ទ្រង់​មាន​មែន សូម​បង្ហាញ​ទូលបង្គំ​មក ។ សូម​ប្រទាន​ជីវិត​ដល់​កូនស្រី​ទូលបង្គំ​មក » ។

បន្ទាប់​ពី​ការអធិស្ឋាន​របស់​គាត់ ម៉ាកូ​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ថា ស្ថានភាព​​ជំងឺ​របស់ ប៉ោឡា នឹង​ផ្លាស់ប្តូរ ។ គាត់​បាន​សូម​ឲ្យ​វេជ្ជបណ្ឌិត​ធ្វើ​តេស្ត​គាត់ និង​កូនស្រីគាត់​ម្តង​ទៀត ។ ពួកគេ​បាន​ប្រាប់​គាត់​ថា ការធ្វើតេស្ត​នោះ​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ហើយ ប៉ុន្តែ​ពួកគេ​យល់​ព្រម​ធ្វើ​តេស្ត​នោះ ។

ពួកគេ​បាន​រកឃើញ​ថា ម៉ាកូ​ គឺ ពិតជា​អ្នក​បរិច្ចាគ​ដ៏ត្រឹមត្រូវ — ហើយ​ថាស្ថានភាព​ជំងឺ​របស់​ ប៉ោឡា បាន​ប្រសើរ​ឡើង​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​នាង​អាច​ទទួល​ការវះកាត់​ប្តូរ​សរីរាង្គ​បាន !

នៅមុន​ថ្ងៃ​វះកាត់ ម៉ាកូ និង ប៉ោឡា​ បាន​ទទួល​យក​ការប្រសិទ្ធពរ​នៃ​បព្វជិតភាព​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ទាំង ម៉ាកូ និង ប៉ោឡា បាន​រំពឹង​ថា​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​មួយ​នៅក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ការវះកាត់​របស់​ពួកគេ ។ ប៉ុន្តែ ម៉ាកូ អាច​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ប្រាំថ្ងៃ​ក្រោយ​មក ហើយ ប៉ោឡា វិញ រំពឹង​ទុកជាមុនថា​ត្រូវ​បន្ត​ស្នាក់​នៅ​មន្ទីរពេទ្យ​រយៈពេល​ពីរខែ ប៉ុន្តែ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្នុងរយៈពេល​តែ ១៣ ថ្ងៃ​ក្រោយ​ប៉ុណ្ណោះ ។ ម៉ាកូ បាន​និយាយ​ដោយ​អាង​ហេតុផល​ថា ការជាសះស្បើយ​យ៉ាង​លឿន​របស់​ពួកគេ នោះ​គឺ​បាន​មក​ពី​ការប្រសិទ្ធពរ​នៃបព្វជិតភាព ហើយ​គាត់​បានដឹង​ថា គាត់​ត្រូវតែ​រៀន​សារលិខិត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ដោយ​ហ្មត់ចត់ ។

ម៉ាកូ និង ខាមែន យ៉ាញេស្ស បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ១៩៨៨ ។ ប៉ោឡា ដែលបាន​ស្តាប់​ឮ​ការបង្រៀន​នានា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីមុន​ការវះកាត់​​ និង​ប្អូនស្រី​របស់​នាង ប៉ាទ្រីសៀ បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា ។ នៅ​គ្រា​នោះ​ឪពុក​របស់​ពួកគេ​បានទទួល​បព្វជិតភាព​អើរ៉ុន ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ពួកគេ ។

បងប្រុស យ៉ាញេស្ស ជឿ​ថា​ព្រះអម្ចាស់​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​គាត់ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​បរិច្ចាគ​សរីរាង្គ​ឲ្យ​ដល់ ប៉ោឡា ដើម្បី​ឲ្យ​គាត់​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​គាត់ ។ គាត់​និយាយ​ថា « ប្រសិនបើ​ពួកគេ​វះកាត់​ប្រពន្ធ​របស់​ខ្ញុំ​ជំនួស​រូប​ខ្ញុំ នោះ​ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​បន្ត​រស់នៅ​ក្នុងជីវិត​ដដែល​នោះ​ជាក់ជា​មិនខាន​ឡើយ » ។ វា​ពុំ​មែនជា​ជីវិត​ដែល​គាត់​មាន​មោទនភាព​ចំពោះ — ការផឹក ការជក់ និង​ការលេង​ល្បែង​នោះ​ទេ ។ គាត់​និយាយ​ថា គាត់​យកឈ្នះ​លើ​ការញៀន​របស់​គាត់ ដោយសារ​ចម្លើយ​ដែល​គាត់​បាន​ទទួល​មក​ពី​ការអធិស្ឋាន​របស់​គាត់ ។ ប៉ុន្តែ​វា​មាន​ការលំបាក​យ៉ាង​ខ្លាំង ដែល​គាត់​ត្រូវ​ទទួល​ស្គាល់​ថា មានតែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​គាត់​ឲ្យ​ផ្លាស់ប្តូរ​បាន ។

បងប្រុស យ៉ាញេស្ស​ និយាយ​ថា ឥឡូវ​នេះ​គាត់​មាន​ទីបន្ទាល់​យ៉ាង​រឹងមាំ​អំពី​ច្បាប់​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ និង ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ កាល​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន​គាត់ គាត់​បន្ត​បើក​អាជីវកម្ម​របស់​គាត់​រយៈពេល​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បង់​ថ្លៃ​ការព្យាបាល​របស់​ ប៉ោឡា ១០០០ ដុល្លារ ក្នុង​មួយ​ខែ ។ គាត់​និយាយ​ថា ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ « ពិបាក​ឲ្យ​ខ្ញុំ​ទទួល​យក​ណាស់ » ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ហើយ​ល្បង​ល​នឹង​ការសន្យា​នៅក្នុង ម៉ាឡាគី ៣:១០ ដោយ​ការថ្វាយ​ដង្វាយមួយភាគ​ក្នុង​ដប់ ។ ពេលគាត់​បិទ​ហាង​លក់​ទំនិញ​របស់​គាត់​នៅថ្ងៃ​អាទិត្យ គាត់​​និយាយ​ថា « អស់​អ្នក​ដែល​ទិញ​ទំនិញ​នៅ​ថ្ងៃ​អាទិត្យ បាន​ទិញទំនិញ​នៅ​ថ្ងៃ​សៅរ៍​វិញ — ហើយ​ពួកគេ​បាន​ទិញ​ច្រើន​ទៀត​ផង » ។ សព្វ​ថ្ងៃ​នេះ​គាត់​មាន​ហិរញ្ញវត្ថុ​ប្រសើរច្រើនជាង កាល​គាត់​បើកអាជីវកម្ម​របស់​គាត់​​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ទៅ​ទៀត ។

នៅពេល​ ម៉ាកូ យ៉ាញេស្ស គិតរឿង​ទាំងនោះ​ឡើង​វិញ គាត់​មាន​ក្តីរំភើប​ចំពោះ​ការផ្លាស់ប្តូរ​នៅក្នុង​ខ្លួន​គាត់ ។ គាត់​ទទួល​ស្គាល់​ថា​ការទូល​អង្វរ​របស់​គាត់ សូម​ជីវិត​កូនស្រី​គាត់​នោះ​ បាន​នាំ​គ្រួសារ​ទាំងមូលឈាន​ទៅ​ដល់​កម្រិត​នៃ​ជីវភាព​ខាងវិញ្ញាណ​មួយ ដែល​គាត់​ពុំ​ធ្លាប់​សម្រៃ​ថា​នឹង​អាច​កើត​ឡើង​បាន​ឡើយ ។