សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
បានទទួលការលួងលោម បន្ទាប់ពីរលូតកូន
នៅសប្តាហ៍ទីដប់ប្រាំបីនៅក្នុងការពរពោះលើកទីបួនរបស់ខ្ញុំ ខ្ញុំបានក្រោកពីដេកដោយមានធ្លាក់ឈាមតិចតួច ។ ខ្ញុំមានអារម្មណ៍ភិតភ័យ នៅពេលឈាមនោះហូរពុំឈប់សោះ ដូច្នេះខ្ញុំបានសម្រេចចិត្តទៅបន្ទប់សង្គ្រោះបន្ទាន់ ។
អំឡុងពេលជិះឡានដ៏យូរទៅកាន់មន្ទីរពេទ្យ នោះខ្ញុំបានសង្ឃឹម និងអធិស្ឋានទូលសូមឲ្យអ្វីៗគ្រប់យ៉ាងនឹងគ្មានបញ្ហាអ្វីឡើយ ។ ខ្ញុំបានគិតថា រឿងអាក្រក់បំផុតដែលវេជ្ជបណ្ឌិតនឹងប្រាប់ខ្ញុំនោះគឺឲ្យខ្ញុំសម្រាកនៅលើគ្រែបួនប្រាំថ្ងៃ ។
នៅពេលខ្ញុំត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ បុគ្គលិកនៅទីនោះបានធ្វើតេស្តមួយចំនួន ។ ពួកគេបានរកឃើញថា ទារកពុំមានចង្វាក់បេះដូងឡើយ ។ ពួកគេបានធ្វើរោគវិនិច្ឆ័យថា « ទារកស្លាប់ក្នុងផ្ទៃ » ។ មកដល់ចំណុចនេះ វេជ្ជបណ្ឌិតពុំអាចធ្វើអ្វីផ្សេងទៀតបានឡើយ ដូច្នេះគាត់បានឲ្យខ្ញុំចេញពីមន្ទីរពេទ្យវិញ ។
ខ្ញុំបានត្រឡប់ទៅផ្ទះវិញដោយក្រៀមក្រំ និងភ័យខ្លាច ។ ខ្ញុំដេកពុំលក់ឡើយនាយប់នោះ ។ ពេលខ្ញុំភ្ញាក់ពីដំណេកនៅព្រឹកបន្ទាប់ ខ្ញុំទទួលការបំផុសគំនិតឲ្យទៅពិធីអំណោយទានពិសិដ្ឋនៅព្រះវិហារបរិសុទ្ធវគ្គពេលព្រឹកព្រលឹម ។
នៅពេលជិតចុងបញ្ចប់នៃវគ្គនោះ ខ្ញុំបានសម្លឹងមើលដោយយកចិត្តទុកដាក់លើចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនភ្ជាប់ពាក្យដែលពាក់នៅដៃនាងរបស់ខ្ញុំ ។ វាគឺជាចិញ្ចៀនរបស់ជីដូនទួតរបស់ខ្ញុំ ដែលខ្ញុំដាក់ឈ្មោះដូចគាត់ ។ គាត់បានចែកឋានទៅកាលខ្ញុំអាយុប្រាំឆ្នាំ ហើយថ្មីៗនេះខ្ញុំបានអានរឿងរបស់គាត់ ។ ខ្ញុំចាំថា គាត់បានធ្លាប់ជួបនូវការរលូតកូនជាច្រើនដង កាលគាត់មានអាយុខ្ទង់ ២០ ឆ្នាំជាង ។
ពេញមួយព្រឹក ខ្ញុំអត់ទ្រាំពុំយំ ដោយសារតែភាពក្រៀមក្រំ និងក្តីភ័យខ្លាចនោះ ប៉ុន្តែនៅក្នុងគ្រានោះ ខ្ញុំមានអារម្មណ៍នៃភាពសុខសាន្តយ៉ាងខ្លាំង ។ ខ្ញុំទទួលអារម្មណ៍នៃការលួងលោម ។ ជីដូនទួតខ្ញុំបានចែកឋានទៅដោយជួបនូវការសាកល្បងស្រដៀងគ្នានេះនៅក្នុងជីវិតគាត់ ហើយព្រះអង្គសង្គ្រោះបានជួយគាត់ ។ ខ្ញុំទទួលអារម្មណ៍បញ្ជាក់ថា ទ្រង់នឹងជួយខ្ញុំផងដែរ ។
« ទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។
ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ភាពសុខសាន្តដែលកើតមានមកពីការចូលរួមព្រះវិហារបរិសុទ្ធ សម្រាប់កេរដំណែលនៃដូនតាដ៏ស្មោះត្រង់ និងកាន់តែសំខាន់បំផុតនោះគឺមានអំណរគុណសម្រាប់ពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។