២០១៧
ទេវតា​បាន​នាំ​ពន្លឺ​មក​កាន់​ផ្ទះ​របស់​ខ្ញុំ
July 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ទេវតា​បាន​នាំ​ពន្លឺ​មក​កាន់​ផ្ទះ​របស់​ខ្ញុំ

នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​ត្រូវបាន​សួរ​ប្រសិនបើ​ខ្ញុំ​ចង់​ឲ្យ​គ្រូបង្រៀន​តាម​ផ្ទះ​មក​ជួប​ខ្ញុំឬទេ ។ ថ្មីៗនេះ ខ្ញុំ​ទើប​តែ​លែងលះ​គ្នា ហើយ​មាន​ការលំបាក​ក្នុង​ការប្រឈមមុខ​នឹង​ជីវិត​ថ្មី​របស់​ខ្ញុំ ក្នុងនាម​ជាម្តាយ​ទោល​ដែល​មាន​កូនតូចៗ​ពីរនាក់ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​មាន​អំណរគុណ​ប្រសិនបើ​មាន​គេ​មក​សួរសុខ​ទុក្ខ ។ នៅពេល​នោះ ខ្ញុំ​កំពុង​មាន​អារម្មណ៍ឈឺ​ចាប់​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​របស់​ខ្ញុំ ហើយ​មាន​អារម្មណ៍ឯកោ​នៅក្នុង​ការពុះពារ​របស់​ខ្ញុំ ។

នៅសប្តាហ៍​បន្ទាប់​មក បងប្អូន​ប្រុស​ដ៏​ល្អ​ពីរ​នាក់ បាន​មក​ផ្ទះ​របស់​ខ្ញុំ ។ អំឡុងពេល​នៃ​ការសួរសុខទុក្ខ​នោះ ពួកគេ​បានសួរ​សំណួរ​សាមញ្ញៗ ហើយ​ចែកចាយ​សារលិខិត​ដំណឹងល្អ​ខ្លី​មួយ​ជាមួយ​គ្រួសារ​ខ្ញុំ ។

ក្រោយ​មក​បងប្អូន​ប្រុស​ដ៏​ល្អ​ទាំង​នេះ​បាន​សួរ​ថា « បងស្រី នើរៀដា តើ​មាន​អ្វី​ដែល​ពួក​ខ្ញុំ​អាច​ជួយ​បង​បាន​ទេ ? »

ដោយ​ពុំ​បាន​គិត​ច្រើន​អំពី​សំណួរ​នោះ ខ្ញុំ​បាន​ប្រាប់​ពួកគេ​អំពី​អំពូល​ភ្លើងដាច់​នៅ​ខាងលើ​ជណ្តើរ​ដែល​ឡើង​ទៅ​ជាន់​ទីរពីរ ។ ខ្ញុំ​មាន​អំពូល​ភ្លើង​នោះ​ហើយ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ឈោង​ដៃដល់​ដើម្បី​ប្តូរ​វា​បានឡើយ ហើយ​ខ្ញុំ​បារម្ភ​ក្នុងការ​ប្រើ​ជណ្តើរ​បត់​ដាក់ពី​លើ​កាំជណ្តើរ ។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួកគេ​ថា នៅ​រានហាល​ខាង​ក្រោយ​ផ្ទះ​គ្មានអំពូលភ្លើង​ទេ ។

ពួកគេ​បាន​​ទៅ​​ភ្លាម ។ មាន​បងប្រុសម្នាក់​បាន​ចេញទៅ​កាន់​ឡាន​របស់​គាត់ ហើយ​ត្រឡប់​មកវិញ​ដោយ​មាន​កាន់​ប្រអប់​ឧបករណ៍​មក​ជាមួយ ។ គាត់​មាន​កម្ពស់​ជិត ១.៩ ម៉ែត្រ ដូច្នេះ​គាត់​បាន​ឡើង​ជណ្តើរ ហើយ​ប្តូរ​អំពូល​ភ្លើង​ដោយ​គ្មាន​បញ្ហា​អ្វីឡើយ ។ នៅក្នុង​ពេល​ដំណាល​គ្នា​នោះ ដៃគូ​របស់​គាត់​បាន​ទៅ​រាន​ហាល​ខាង​ក្រោយ​ផ្ទះ ហើយ​បាន​ឃើញ​ថា​ខ្សែ​ភ្លើង​បាន​ត​ផ្ទុយ​គ្នា ។ គាត់​បាន​ជួសជុល​វា​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ។

ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​គ្រូបង្រៀន​តាម​ផ្ទះ​របស់​ខ្ញុំ ចំពោះ​ទង្វើ​សាមញ្ញៗ​របស់​ពួកគេ ដូចជា​សេចក្តីសប្បុរស សេចក្ដី​ស្រឡាញ់ និង​ការលះបង់ និង​មេរៀន​ដ៏​អស្ចារ្យ​ដែល​ពួកគេ​បាន​បង្រៀន​ខ្ញុំ ។ គ្រូបង្រៀន​តាម​ផ្ទះ​របស់​ខ្ញុំគឺ​ជា​ទេវតា​ពិតៗ ​ដែល​ពុំ​គ្រាន់តែ​នាំ​ពន្លឺ​មក​កាន់​ផ្ទះ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​បាន​នាំ​ភាពសុខសាន្ត សេចក្តីសង្ឃឹម និង​សុវត្ថិភាព​នៃ​ដំណឹង​ល្អ ដែល​នាំ​ពន្លឺ​មក​កាន់​ទី​ងងឹត​គ្រប់បែប​យ៉ាងផងដែរ ។

បោះពុម្ព