ឆ្នាំ​២០១៧
ជ្រុង​មួយ​នៃ​សំណួរ
July 2017


ជ្រុង​មួយ​នៃ​សំណួរ

តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ធំ​ល្មម​នឹង​ចាប់ផ្តើម​តមអាហារ​បាន​ដោយ​របៀប​ណា ?

question corner

នៅ​ថ្ងៃ​អាទិត្យ​តមអាហារ យើង​តែងតែ​មិន​បរិភោគ ឬ​ផឹក​សម្រាប់​អាហារ​ពីរពេល ។ យើង​ក៏​បង់​វិភាគ​ទាន​របស់​យើង​សម្រាប់​អាហារ​ពីរ​ពេល​នោះ ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ត្រូវការ​វា ។ គេ​ហៅ​វា​ថា « ដង្វាយ​តម​អាហារ » ។ អំឡុងពេល​យើង​តមអាហារ យើង​អាច​ចងចាំ​អំពី​ពរជ័យ​របស់​យើង អធិស្ឋាន​សម្រាប់​អ្នក​ដទៃ ហើយ​មាន​អារម្មណ៍​ខិតជិត​ព្រះវរបិតា​សួគ៌ ។ អ្នក​អាច​ចាប់ផ្តើម​តម​អាហារ នៅពេល​អ្នក​នឹង​ឪពុក​ម្តាយ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រៀម​ខ្លួន​រួច​រាល់ ។ ប្រសិនបើ​អ្នក​ពុំ​អាច​តម​អាហារ​បាន ដោយសារ​បញ្ហា​សុខភាព នោះ​អ្នក​អាច​នៅតែ​អធិស្ឋាន ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ខណៈ​ដែល​អ្នកដទៃ​ទៀត​តម​អាហារ ។

ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ធំ​ល្មម​ដើម្បី​ចាប់ផ្តើម​តមអាហារ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់​ធ្វើ​វា ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ ។ នៅពេល​ខ្ញុំ​ចាប់ផ្តើម​តមអាហារ​ខ្ញុំ​បាន​ធ្វើ​វា​ដោយ​សន្សឹមៗ ។ ដំបូង​ខ្ញុំ​តមអាហារ​ក្នុងរយៈពេល​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ ។ ក្រោយ​មក​ខ្ញុំ​សាកល្បង​ព្យាយាម​តម​សម្រាប់​រយៈពេល​ពីរ​ពេល ។

អាន ឌី អាយុ ៩ ឆ្នាំ រដ្ឋនីវ៉ាដា ស.រ.អា.

អ្នក​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​ដឹង​ថា​ពេលណា​អ្នក​គួរតែ​ចាប់ផ្តើម​តម​អាហារ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​អាច​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ។

លៀម ភី អាយុ ៧ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

វា​មិន​ជា​ថ្វី​ទេ​ដើម្បី​តម​អាហារ នៅពេល​អ្នក​ចង់​ជួយ​ផ្តល់​ពរ​ជ័យ​ដល់​អ្នកដទៃ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នោះ ។ វាគឺ​ជា​ពេល​មួយ​ដ៏​ប្រពៃ​ដើម្បី​តម​អាហារ បន្ទាប់​ពី​អ្នក​ជ្រមុជទឹក ។

អេឌី អូ អាយុ ៩ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.

ខ្ញុំ​នឹង​ដឹង​ថា​ខ្ញុំ​ធំ​ល្មម ដោយសារ​ខ្ញុំ​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា វា​គឺ​ជា​ពេលវេលា​សមស្រប​ដើម្បី​តម​អាហារ​ហើយ ។ ហើយ​ខ្ញុំ​នឹង​សួរ​ម្តាយ និង​ឪពុក​ខ្ញុំ​ថា តើ​អារម្មណ៍​នោះ​ត្រឹមត្រូវ​ឬទេ ។

ប្រូក្លីន អ័រ អាយុ ៧ ឆ្នាំ អូកលែន ប្រទេស នូវែលសេឡង់ ។

នៅពេល​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក ខ្ញុំគិត​ថា​ខ្ញុំ​នឹងទទួល​អារម្មណ៍​ថា ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចាប់ផ្តើម​តម​អាហារ ។ ខ្ញុំ​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ ហើយ​ទូលសួរ​ទ្រង់​ឲ្យ​ដឹង​ពី​ពេលវេលា និង​របៀប​ដែល​ខ្ញុំ​គួរតែ​ចាប់ផ្តើម​តម​អាហារ ។

ប្រែន ខេ អាយុ ៧ ឆ្នាំ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា.