យុវវ័យ
នៅពេលមិត្តរបស់ខ្ញុំបានស្លាប់
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
អំឡុងពេលរៀននៅវិទ្យាល័យ មិត្តភក្ដិម្នាក់របស់ខ្ញុំមានជំងឺប៉ោងសសៃឈាមក្នុងខួរក្បាល ហើយបានស្លាប់នៅថ្ងៃបន្ទាប់ ។ ទោះបីខ្ញុំជាសមាជិកសាសនាចក្រក្តី ខ្ញុំនៅតែមានការលំបាកក្នុងចិត្ត ។ ខ្ញុំត្រូវបានបង្រៀនពេញមួយជីវិតរបស់ខ្ញុំថា ខ្ញុំអាចងាកទៅរកព្រះវរបិសួគ៌ា និងព្រះអង្គសង្គ្រោះសម្រាប់រឿងគ្រប់យ៉ាង ប៉ុន្តែខ្ញុំពុំធ្លាប់ឆ្លងកាត់រឿងបែបនេះពីមុនឡើយ ។
ខ្ញុំបានយំអស់ពេលជាច្រើនម៉ោង ដោយព្យាយាមស្វែងរកអ្វីមួយ — អ្វីក៏បាន — ដែលផ្តល់ភាពសុខសាន្តដល់ខ្ញុំ ។ នៅយប់បន្ទាប់ពីថ្ងៃដែលគាត់ស្លាប់នោះ ខ្ញុំបានបើកសៀវភៅទំនុកតម្កើង ។ នៅពេលខ្ញុំបើកទំព័រសៀវភៅនោះ ខ្ញុំបានបើកទៅបទ « សូមគង់នឹងខ្ញុំ យប់យន់រាត្រី » ( ទំនុកតម្កើង ទំព័រ ៩៧ ) ។ ខ្ញុំចាប់អារម្មណ៍នឹងវគ្គទីបី ៖
សូមគង់នឹងខ្ញុំយប់យន់រាត្រី
រាត្រីនឹងប្រែឯកោ
បើខ្ញុំមិនអាចប្រាស័យនឹងទ្រង់
ឬទ្រង់មិនបានបំភ្លឺ
ខ្ញុំខ្លាចភាពងងឹតនៃលោកិយ
គ្របដណ្តប់លើផ្ទះខ្ញុំ ។
ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ
មើលហ្ន៎ យប់យន់ដល់ហើយ ។
វគ្គនេះបានធ្វើឲ្យចិត្តខ្ញុំសុខសាន្តជាខ្លាំង ។ ក្រោយមកខ្ញុំដឹងថា ព្រះអង្គសង្គ្រោះមិនត្រឹមតែអាចគង់នៅជាមួយខ្ញុំនាយប់នោះប៉ុណ្ណោះទេ ទ្រង់ថែមទាំងជ្រាបដឹងយ៉ាងច្បាស់អំពីអារម្មណ៍របស់ខ្ញុំ ។ ខ្ញុំដឹងថាសេចក្តីស្រឡាញ់ដែលខ្ញុំមានតាមរយៈទំនុកតម្កើង មិនគ្រាន់តែជួយខ្ញុំឲ្យឆ្លងកាត់ការលំបាកនាយប់នោះប៉ុណ្ណោះទេ តែថែមទាំងជួយខ្ញុំឲ្យឆ្លងកាត់ការសាកល្បងផ្សេងៗជាច្រើនដែលខ្ញុំបានស៊ូទ្រាំ ។