ឆ្នាំ​២០១៧
ផ្លូវ​ទៅ​កាន់​ស៊ីយ៉ូន
July 2017


ផ្លូវ​ទៅ​កាន់​ស៊ីយ៉ូន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ តិចសាស ស.រ.អា ។

The Way to Zion
The Way to Zion 2

ទីក្រុង ​រិចម៉ន្ត រដ្ឋ មិសសួរី ថ្ងៃ​ទី ២ ខែ មិថុនា ឆ្នាំ ១៨៦២

« ម៉ារី តើ​កូន​មើល​ឃើញ​អ្វី​ខ្លះ ? » ម្តាយ​ចុង​របស់​ម៉ារី បាន​និយាយ​ដោយ​ស្រទន់​ពី​លើគ្រែ​ដោយ​កំពុង​ដេក​ឈឺ ។

ម៉ារី និយាយ​ដោយ​មើល​ទៅ​ក្រៅ​តាម​បង្អួច​ថា « ការប្រយុទ្ធ​គ្នា​នោះ​ហាក់បី​ដូច​ជា​មក​កាន់តែ​ជិត​ហើយ » ។ សង្គ្រាម​ស៊ីវិល​អាមេរិក​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ទីនោះ​ប៉ុណ្ណោះ ។ សំឡេង​បាញ់​គ្នា​ឮ​កងរំពង​ពេញ​អាកាស​តាំង​ពី​ព្រឹក ។ ម៉ារី បាន​ងាក​មើល​ទៅ​ម្តាយ​ចុង​របស់​នាង​វិញ ។ « កូន​សូម​ទោស ។ កូន​គិត​ថា យើង​ពុំ​អាច​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រក​វេជ្ជបណ្ឌិត​ឡើយ » ។

« ខិត​ឲ្យ​ជិត​មក » ។ ម៉ារី បាន​អង្គុយ​នៅក្បែរ​គ្រែ ហើយ​បាន​ចាប់​ដៃ​របស់​ម្តាយ​ចុង​នាង ។ ម្តាយ​ចុង​របស់​ម៉ារី​បាន​និយាយ​ដោយ​ស្ងាត់ៗ​ថា « ម៉ាក់​ដឹង​ថា​ឪពុក​របស់​កូន​ពុំ​ទាន់​មាន​សុខភាព​ល្អ​នៅឡើយ​ទេ ប៉ុន្តែ​កូន​ត្រូវ​នាំ​យក​គ្រួសារ​យើង​ទៅ​ស៊ីយ៉ូន — ប្អូនប្រុស​ប្អូនស្រី​របស់​កូន និង​កូន​ភ្លោះ ។ ចូរ​កុំ​បណ្តោយ​ឲ្យ​ឪពុក​កូន​ស្លាប់​ឡើយ រហូត​គាត់​ទៅ​ដល់​ភ្នំរ៉កគី​សិន ! សូម​សន្យា​នឹង​ម៉ាក់​មក ! »

ម៉ារី​បាន​ដឹង​ថា​គ្រួសារ​របស់​នាង​ចង់​ទៅ​ទីក្រុង សលត៍ លេក​យ៉ាង​ខ្លាំង ។ បន្ទាប់​ពី​ពួកគេ​បាន​ឮ​អំពី​ដំណឹង​ល្អ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​មក ពួកគេ​បាន​ចាកចេញ​ពី​ប្រទេស​អង់គ្លេស​ទៅ​ចូលរួម​ពួកបរិសុទ្ធ​នៅទីក្រុង​ស៊ីយ៉ូន ។ ប៉ុន្តែ​តើ​វា​អាច​ធ្វើ​ទៅបាន​ដែរ​ឬ​ទេ ? នាង​បាន​ក្រឡេក​មើល​ទៅ​ឪពុក​នាង កំពុង​អង្គុយ​ដោយ​ស្ងាត់ស្ងៀម​នៅលើ​កៅអី​របស់​គាត់ ។ បី​ឆ្នាំ​កន្លង​មក​នេះ ឪពុក​នាង​បាន​រងទុក្ខ​ដោយ​ការដាច់​សសៃឈាម​ក្នុង​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​គាត់​ពិការ​មួយ​ចំហៀង​ខ្លួន​ខាង​ឆ្វេង ។

ម៉ារី​បាន​ដក​ដង្ហើម​វែង ។ នាង​បាន​ខ្សឹប​ថា « កូន​សូម​សន្យា » ។

មិន​យូរ​ប៉ុន្មាន ម្តាយ​ចុង​របស់​ម៉ារី​បាន​ស្លាប់ ។

នា​ព្រឹក​បន្ទាប់​មក ម៉ារី​បាន​សម្រេច​ចិត្ត​ថា វា​ដល់​ពេល​ដែល​ត្រូវ​ប្រាប់​ឪពុក​នាង​អំពី​ការសន្យា​នោះ ។ នាង​បាន​ថ្លែង​ថា « កូនដឹង​ថា​កូន​មាន​អាយុ​តែ ១៤ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​កូន​ត្រូវតែ​នាំ​គ្រួសារ​របស់​យើង​ទៅ​ស៊ីយ៉ូន​ឲ្យ​បាន » ។ នាង​បាន​ឮ​សំឡេង​កូន​ភ្លោះ​ភ្ញាក់​ឡើង ។ នាង​បាន​និយាយ​ថា « កូន​ត្រូវ​ទៅ​ចំអិន​អាហារ​ពេល​ព្រឹក​ហើយ ។ ប៉ុន្តែ​សូម​គិត​អំពី​រឿង​នេះ » ។

ពីរបី​ថ្ងៃ​ក្រោយ​មក ​ឪពុក​បាន​ហៅ​ឈ្មោះ​របស់​ម៉ារី ។ គាត់​បាន​និយាយ​ថា « អ្វីៗ​ទាំងអស់​បាន​រៀបចំ​រួច​ស្រេច​ហើយ » ។ សំឡេង​របស់​គាត់​នៅ​តែ​ឮ​ឡុលៗ​នៅឡើយ ដោយសារ​ការដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល​នោះ ។ « ប៉ា​បាន​លក់​ដី​របស់​យើង និង​រ៉ែ​ធ្យូង​ថ្ម​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ទិញ​រទេះ​មួយ គោ​ឈ្មោល គោ​ញី និង​គ្រឿង​សម្ភារ​មួយ​ចំនួន ។ ក្រុម​រទេះ​នឹង​ចាកចេញ​ដំណើរ​យ៉ាង​ឆាប់​នេះ​ទៅ​ទិស​ខាង​លិច ។ ពួកគេ​ពុំមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទេ ប៉ុន្តែ​ពួកយើង​អាច​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ទៅ​ដល់​រដ្ឋ​អៃអូវ៉ា ។ នៅពេល​យើង​ទៅដល់​ទីនោះ យើង​អាច​ចូលរួម​ជាមួយ​ក្រុម​ពួកបរិសុទ្ធ ដែល​ធ្វើ​ដំណើរ​ទៅ​ជ្រលង​ភ្នំ​សលត៍ លេក » ។

ម៉ារី​បាន​ឱប​ឪពុក​នាង ។ « អរគុណ​ប៉ា » ។ មិន​យូរ​ប៉ុន្មាន ពួកគេ​នឹង​ទៅ​ស៊ីយ៉ូន !

ពេលវេលា​ដើរ​យ៉ាង​លឿន ពេល​ម៉ារី​បាន​ជួយ​រៀបចំ​ក្រុមគ្រួសារ​នាង​ដើម្បី​ធ្វើ​ដំណើរ​ ។ នាង​បាន​ប្រាប់​ខ្លួន​ឯង​ថា « អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​យ៉ាង​ល្អ ។ មិន​យូរ​ប៉ុន្មាន​ទេ​ពួកយើង​នឹង​រស់នៅ​ក្នុង​ស៊ីយ៉ូន » ។

ប៉ុន្តែ​ក្រោយ​មក​ឪពុក​នាង​បាន​ឈឺ ។ មាត់​របស់​គាត់​ធ្លាក់​ស្រយុង​ចុះ​ម្ខាង ម៉ារី​បារម្ភ​ថា​មាន​ការដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​មួយ​ផ្សេង​ទៀត ។

នាង​បាន​ប្រាប់​អ្នកដឹកនាំ​ក្រុម​រទេះ​ថា « គាត់​ឈឺ​ខ្លាំង​ណាស់​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ យើង​ត្រូវ​ការពេល​ពីរបី​ថ្ងៃ​ដើម្បី​ឲ្យ​គាត់​បាន​ធូរស្បើយ​សិន » ។

បុរស​នោះ​បាន​និយាយ​ភ្លាម​ថា « យើង​ពុំ​អាច​រង់ចាំ​បាន​ឡើយ » ។ ដោយ​មើល​មុខ​របស់​ម៉ារី បុរស​នោះ​បាន​បន្ទន់​សំឡេង​របស់​គាត់ ។ « ក្មួយអាច​នៅ​ទីនេះរហូត​ដល់​គាត់​អាច​ធ្វើ​ដំណើរ​បាន ហើយ​ក្រោយ​មក​ក្មួយ​អាច​ទៅ​ទាន់​ពួកយើងហើយ » ។ ដោយ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទៀត ម៉ារី​បាន​យល់​ព្រម ។

មួយ​សប្តាហ៍​ក្រោយ​មក ម៉ារី​បាន​រៀបចំ​គ្រួសារ​នាង​ដើម្បី​ធ្វើ​ដំណើរ​បន្ត​ទៅ​ទៀត ។ នាង​និយាយ​ប្រាប់ ជែកសិន ប្អូនប្រុស​អាយុ​ប្រាំបួន​ឆ្នាំ​របស់​នាង​ថា « កូនភ្លោះ និង​សារ៉ា​អាច​ជិះ​លើ​គោ​បាន ។ ប៉ា​អាច​ជិះ​លើ​រទេះ ហើយ​ឯង​អាច​ជួយ​បង​បណ្តើរ​គោ » ។

សារ៉ា​បាន​និយាយ​ដោយ​សំឡេង​តិចៗ​ថា « ខ្ញុំ​ខ្លាច​ណាស់ » ។ នាង​ទើប​តែ​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ហើយ​នាង​មើល​ទៅ​មាន​មាឌ​តូច កំពុង​តែ​អង្គុយ​នៅ​លើ​ខ្នង​ដ៏​ធំ​របស់​គោ ។ កូនភ្លោះ​អាយុ​បួន​ឆ្នាំ​នោះ​បាន​មើល​ម៉ារី​ទាំង​បើក​ភ្នែក​ធំៗ ។

« យើង​នឹង​ធ្វើ​ដំណើរ​ឲ្យ​លឿន ហើយ​ទៅទាន់​ក្រុម​របស់​យើង ! » ម៉ារី​បាន​បង្ខំចិត្ត​និយាយ​ទាំង​ក្តី​រីករាយ ។

គ្រួសារ​របស់​ម៉ារី​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ និង​អស់​ជាច្រើន​ថ្ងៃ ។ ទីបំផុត សូម្បី​តែ​ម៉ារី​ក៏​សារភាព​អំពី​រឿង​ហេតុ​ពិត​ផងដែរ ។

ក្រុម​រទេះ​ទាំងនោះ​ពុំ​បាន​រង់ចាំ​ពួកគេ​ឡើយ ។ ម៉ារី និង​គ្រួសារ​នាង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស៊ីយ៉ូន​តែ​ឯង​ហើយ ។

ទន្លេ ប្លេត រដ្ឋ ណេប្រាស្កា ឆ្នាំ ១៨៦៣

« មើលណ៎ ! » ម៉ារី​បាន​ទាញ​ខ្លុះ​គោ ហើយ​គោ​បាន​បន្ថយ​ល្បឿន ។ « តើ​ប្អូនៗ​គ្មាន​បញ្ហា​អ្វី​ទេ​ឬ ? » នាង​បាន​មើល​ទៅ​ប្អូនៗ​តូច​ជាងគេ​ទាំង​បី​របស់​នាង ដែល​កំពុង​ជិះ​នៅលើ​ខ្នង​គោ ។ ពួកគេ​បាន​ងក់​ក្បាល ។

ទន្លេ ប្លេត លាត​សន្ធឹង​នៅ​ពីមុខ​ពួកគេ យ៉ាង​ធំ​ទូលាយ​ហើយ​មាន​ភក់ ។ ជែកសិន ប្អូនប្រុស​របស់​នាង​បាន​សួរ​ថា « តើ​យើង​ត្រូវធ្វើ​អ្វី​ទៀត ? » គាត់​មាន​អាយុ​តែ​ប្រាំបួន​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​កំពុង​ជួយ​ម៉ារី​បណ្តើរ​គោ ។ ឪពុក​ទម្រេត​ខ្លួន​លើ​រទេះ នៅតែ​ឈឺ​ដោយសារ​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​នៅ​ឡើយ ។

ម៉ារី​បាន​និយាយ​ថា « យើង​ពុំ​ចាំបាច់​ឆ្លង​ទន្លេ​នេះ​ឡើយ ។ ប៉ុន្តែ​យើង​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​នេះ » ។ គ្មាន​ផ្លូវ​ទៅកាន់​ស៊ីយ៉ូន​ឡើយ ប៉ុន្តែ​ទន្លេ​នេះ​គួរតែ​នាំ​ផ្លូវ​ពួកគេ​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច ។ « ហ៊ុយៗ ម៉ារី​ដេញ​គោ​ឲ្យ​ទៅមុខ ! »

ម៉ារី​ពុំ​ដឹង​ថា​ពួកអ្នកត្រួសត្រាយ​មរមន​ធ្វើ​ដំណើរ​តាម​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​ប្លេត ហើយ​បាន​ទៅ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​ទេ ។ ដោយ​ពុំ​បាន​ឆ្លង​ទន្លេ នោះ​ពួកគេ​បាន​ចូល​ទៅក្នុង​ដែនដី​ពួកឥណ្ឌា​អាមេរិកាំង​ដើម ។ ពួកគេ​ពុំ​បាន​ជួប​រទេះ​ផ្សេង​ទៀត​ឡើយ​នៅពេល​ពួកគេ​បន្ត​ធ្វើ​ដំណើរ​នោះ ។

ពួកគេ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ ។ ជាច្រើន​សប្តាហ៍​ក្រោយ​មក ម៉ារី​បាន​ឃើញ​ធូលី​ដី​ដ៏​ក្រាស់​បាន​ហុយ​មក ។ នាង​បាន​ខ្សឹប​ប្រាប់​គោ និង​ខ្លួន​នាង​ថា « ចូរ​រឹងប៉ឹង​ឡើង ។ ចូរ​រឹងប៉ឹង​ឡើង » ។

ពេល​ធូលីដី​នោះ​ឈប់​ហុយ​ពួកគេ​បាន​ឃើញ​ពួក​ឥណ្ឌា​អាមេរិកាំង​ដើម​មួយ​ក្រុម​តូច​កំពុង​ជិះសេះ​មក ។ មាន​ម្នាក់​បាន​ជិះសេះ​មក​ក្បែរ​ខ្នង​រទេះ​ជា​កន្លែង​ដែល​ប៉ា​របស់​នាង​កំពុង​ដេក ។

ទឹកមុខ​របស់​អ្នក​ជិះសេះ​នោះ​មើលទៅ​មាន​ចិត្ត​សប្បុរស ។ គាត់​បាន​សួរ​ដោយ​ចង្អុល​ទៅ​ឪពុក​នាង​ថា « តើ​គាត់​ឈឺ​ឬ ? »

ម៉ារី​បាន​និយាយ​តិចៗ​ថា « ចាស៎ » ។ បុរស​នោះ​បាន​ស្រែក​ដោយ​និយាយ​ជា​ភាសា​របស់​គាត់ ហើយ​មាន​បុរស​មួយ​ចំនួន​បាន​ជិះសេះ​មក​យ៉ាង​លឿន ។

ម៉ារី​បាន​សម្លឹង​មើល​ទៅ​លើ​មេឃ ។ នាង​បាន​ប្រាប់​ជែកសិន ថា « យើង​នឹង​ឈប់​នៅ​ទីនេះ » ។ នាង​បាន​លើក​សារ៉ា និង​កូនភ្លោះ​ចុះក្រោម ។

ជែកសិន​បាន​និយាយ​ថា​ « ម៉ារី​មក​មើល​នេះ ! » បុរស​ដែល​មាន​ទឹកមុខ​សប្បុរស​នោះ​បាន​ជិះសេះ​មក​រក​ពួកគេ ដោយ​យួរ​អ្វី​មួយ​ធ្ងន់​នៅ​ក្នុង​ដៃ​គាត់ ។

បុរស​នោះ​និយាយ​ថា​នេះ​ជា « ទា​ព្រៃ និង​ទន្សាយ ។ សម្រាប់​អ្នក​ទាំងអស់​គ្នា » ។ ម៉ារី​គ្រាន់តែ​ឈរ​សម្លឹង ដោយ​ពុំ​អាច​ថ្លែង​រួច នៅពេល​បុរស​នោះ​ទម្លាក់​សត្វ​ដែល​គាត់​បាន​សម្លាប់​ទាំងនោះ​មក​ក្នុង​ដៃ​នាង ។ គាត់​បាន​ងក់​ក្បាល ហើយ​ជិះសេះ​ទៅវិញ​ខណៈ​ដែល​ពន្លឺ​ព្រះអាទិត្យ​កំពុង​ភ្លឺ​ចែងចាំង ។

ម៉ារី​បាន​បន្លឺ​សំឡេង​ថា « អាហារ ! ។ សាច់ ! » ។ អំណោយ​របស់​បុរស​នោះ​ពិត​ជា​អព្ភូតហេតុ​មួយ ។

មាន​អព្ភូតហេតុ​ជាច្រើន​ទៀត​បាន​កើត​មាន​នៅ​ក្នុង​ដំណើរ​របស់​ពួកគេ ។ គោព្រៃ​មួយ​ហ្វូង​បាន​មក​ក្បែរ​ពួកគេ ប៉ុន្តែ​ក្រោយ​មក​បាន​វាង​ចេញ​ពី​រទេះ ដោយ​ទៅ​តាម​ផ្លូវ​វា​រៀងៗខ្លួន ។ ព្យុះ​ដី​ហុយ​បាន​បក់បោក​នាំយក​កូន​ភ្លោះ​ម្នាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ ប៉ុន្តែ​ម៉ារី​បាន​សង្គ្រោះ​នាង​បាន​មក​វិញ ។

ប៉ុន្ដែ ការធ្វើ​ដំណើរ​នោះ​នៅតែ​មាន​ការលំបាក ។ រទេះ​គោ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​រាល់​ថ្ងៃ ហើយ​មើល​ទៅគោ​កាន់តែ​ខ្សោយ​ទៅៗ ។ ​ចំណែក​ឯដី​វិញជាដីចំណោត ហើយ​មាន​សុទ្ធ​តែ​ថ្ម ។ ភ្នំ​នានា​ពិបាក​ឆ្លង​កាត់ ។ ប៉ុន្តែ​ម៉ារី និង គ្រួសារ​នាង​បន្ត​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​សន្សឹមៗ ។

ពួកគេ​ទើប​តែ​ចុះ​មក​ពី​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ ពេល​ម៉ារី​បាន​ឃើញ​បុរស​ម្នាក់​កំពុង​បរ​រទេះ​មក​រក​ពួកគេ ។

នាង​បាន​និយាយ​ទៅ​ជែកសិន ថា « ប្រហែល​ជា​គាត់​អាច​ប្រាប់​ផ្លូវ​ពួកយើង​ទៅ​ទីក្រុង​លីហៃ ! » ។ ពួក​គាត់​មាន​ឪពុក​មា​ម្នាក់​រស់នៅ​ទីនោះ ។

នៅពេល​នាង​បាន​សួរ​តើ​ពួកនាង​កំពុង​នៅ​ទីណា បុរស​នោះ​បាន​និយាយថា « ក្មួយ​កំពុង​នៅ​ជ្រលង​ជ្រោះ អេខូ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជ្រលង​ភ្នំ សលត៍ លេក​ឡើយ ។ ប៉ុន្តែ​តើ​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុម​របស់​ក្មួយ​នៅ​ឯណា ? »

នាង​បាន​ប្រាប់​រឿង​ទាំងអស់​ដល់​បុរស​នោះ ហើយ​គាត់​បាន​ស្តាប់​នាង​ដោយ​ក្តី​ភ្ញាក់ផ្អើល ។ « ក្មួយ​បាន​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ចម្ងាយ ១៦០៩ គីឡូម៉ែត្រ​ឬ ? » គាត់​បាន​គ្រវី​ក្បាល​ដោយ​ការកោត​សរសើរ ។ « ក្មួយ​ជា​ក្មេង​ស្រី​ម្នាក់​ដ៏​ក្លាហាន ។ ពូ​សូម​ប្រាប់​ផ្លូវ​ក្មួយ​ទៅ​កាន់​ទីក្រុង​លីហៃ ។ ក្មួយ​ជិត​ទៅដល់​ទីនោះ​ហើយ » ។

ខណៈ​ដែល​បុរស​នោះ​បាន​ដក​យក​ផែនទី​សាមញ្ញ​មួយ​ដែល​ប្រឡាក់​ដី​ចេញ​មក ម៉ារី​បាន​និយាយ​តិចៗ​ដាក់​ខ្លួន​នាង​ថា « ជិត​ដល់​ទីនោះ​ហើយ ។ ជិត​ដល់​ស៊ីយ៉ូន​ហើយ ។ ខ្ញុំ​គិត​ថា​ទីបំផុត យើង​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​ហើយ » ។

ម៉ារី និង​គ្រួសារ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​លីហៃ​រដ្ឋ​យូថាហ៍ ។ ក្រោយមក​នាង​បាន​រៀប​អាពាហ៍ពិពាហ៍ ហើយ​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​នាង​ដ៏​ធំ​មួយ ។ គំរូ​នៃ​សេចក្តីជំនឿ និង​ភាពក្លាហាន​របស់​នាង​បាន​ផ្តល់​ពរ​ដល់​មនុស្ស​ជា​ច្រើន ។