ឆ្នាំ​២០១៧
ការផ្តល់​ជំនិះ និងការ​ចែកចាយ​ដំណឹងល្អ
July 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការផ្តល់​ជំនិះ និងការ​ចែកចាយ​ដំណឹងល្អ

drive through English countryside

រចនា​រូបភាព​ដោយ អាឡែន ប៊ែកឃើរ ។

ការបើក​ឡាន​ឆ្លង​កាត់​ទីជនបទ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មាន​ភាពស្ងប់​ស្ងាត់ និង​សុខសាន្ត ពេល​ខ្ញុំ​បើក​ឡាន​ទៅ​ព្រះវិហារ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ។ នៅតាម​ផ្លូវ​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ភ្លាមៗ​ថា​ត្រូវ​ឈប់​ឡាន​ឬ​អត់ ហើយ​ចង់ដឹង​ថា​តើ​គាត់​ត្រូវការ​យាន្ត​ជំនិះ​ដែរ​ឬ​អត់ ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​ឈប់​ឡាន ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ឈ្មោះ​ម៉ារី ហើយ​គាត់​ទើបតែ​មក​ដល់​ទីនោះ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​គាត់​មក​យឺត​ជាង​នេះ​បន្តិច ឬ​បើ​ខ្ញុំ​មក​លឿនជាង​នោះ​បន្តិច​នោះ យើ​ង​ពុំ​បាន​ជួបគ្នា​ឡើយ ។ វា​ចំ​ពេល​គ្នា​តែ​ម្តង ។

គាត់​បាន​ប្រាប់​ខ្ញុំ​ពី​កន្លែង​ដែល​គាត់​ត្រូវ​ទៅ ហើយ​វា​នៅ​ជិត​សាលាជំនុំ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ ហើយ​បាន​សួរ​គាត់​ប្រសិនបើ​គាត់​ធ្លាប់​ឮ​ពី​ព្រះវិហារ ។ គាត់បាន​និយាយ​ថា គាត់​មាន​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​គាត់​បាន​ដឹង​តិចតួច​ណាស់​អំពី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​តាម​ផ្លូវ​ខ្ញុំបាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​គាត់ ។

នៅពេល​ខ្ញុំ​ដាក់​ម៉ារី​ចុះ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​អាច​ដឹក​គាត់​ម្តង​ទៀត​បាន​នៅពេល​ព្រះវិហារ​ចប់ ។ គាត់​បាន​ទទួល​យក​ការស្នើសុំ​នោះ ហើយ​យើង​បាន​ណាត់​ជួប​គ្នា​នៅ​សាលាជំនុំ ។ នៅពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ព្រះវិហារ ខ្ញុំ​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​សូម​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ពី​ពួកគេ ឲ្យ​ទៅ​មិត្តភក្តិ​ថ្មី​របស់​ខ្ញុំ​នោះ ។ ក្រោយ​មក ពេល​គាត់​មក​ដល់​សាលាប្រជុំ សមាជិក​មាន​ភាពរួសរាយ​រាក់ទាក់ ហើយ​បាន​ចែកចាយ​ទីបន្ទាល់​ពួកគេ​ជាមួយគាត់ ។

នៅពេល​ជិះឡាន​ត្រឡប់​ទៅវិញ ខ្ញុំ​បាន​ប្រាប់​ម៉ារីថា គាត់​អាច​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការអាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​អំពី​កន្លែង​ដែល​គាត់ អាច​អាន​ដំណើរ​រឿង​នៃ​ការបង្ហាញ​ព្រះកាយ​របស់​អង្គសង្គ្រោះ​ដល់​ពួក​សាសន៍​នីហ្វៃ ។ ទោះបីជា​បទពិសោធន៍​ដែល​គាត់​មាន​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​រយៈពេល​ខ្លី​ក្តី ខ្ញុំ​ដឹង​ថា​គាត់បាន​ទទួល​អារម្មណ៍​អំពី​អ្វី​មួយ ។ ខ្ញុំ​បាន​ដាក់​ម៉ារី​ចុះ​នៅ​កន្លែង​ដដែល​ដែល​យើង​ជួប​គ្នា ។ ខ្ញុំ​មិន​រំពឹង​ថា​ជួប​គាត់​ម្តង​ទៀត​ឡើយ ។

ពេល​ខ្ញុំ​កំពុង​បើក​ឡាន​ចេញ​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះវិញ​នា​ថ្ងៃ​បន្ទាប់ ខ្ញុំ​ត្រូវ​បើក​លើ​ផ្លូវ​វាង​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ដំណើរ​ពីមុន ។ ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ ដោយ​បាន​ឃើញ​ម៉ារី​ម្តង​ទៀត ! ពេល​គាត់​បាន​ឃើញ​ខ្ញុំ គាត់​បាន​ញញឹម​ដាក់​ខ្ញុំ ។ ខ្ញុំ​រីករាយនឹង​ដឹក​គាត់​ម្តង​ទៀត ។

ខ្ញុំ​លែង​បាន​ជួប​ម៉ារី​តាំង​ពី​ពេ​លនោះ​មក ប៉ុន្តែពេល​ខ្ញុំ​ចាំ​អំពី​បទពិសោធន៍​នោះ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ឱកាស​ដល់​ខ្ញុំ ឲ្យ​ចែកចាយ​ដំណឹង​ល្អ ។ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកយើង​ ទៅតាម​ពេលវេលា​ដ៏ឥតខ្ចោះ​របស់​ទ្រង់ ។