កាបូបលុយវេទមន្ដ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ណេវ៉ាដា ស.រ.អា. ។
« ជ្រើសរើសផ្លូវត្រូវ ហើយចូររីករាយ ។ ខ្ញុំត្រូវជ្រើសផ្លូវត្រូវជានិច្ច » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ) ។
មែនឌី បាននិយាយថា « ខ្ញុំចាប់ឯងបានហើយ ! » នាងបានប៉ះប្អូនប្រុសរបស់នាង ហើយនាងបានហែលទឹកចេញទៅ ។ គ្រួសាររបស់មែនឌីបានស្នាក់នៅក្នុងសណ្ឋាគារ រហូតដល់ពេលពួកគេប្តូរទីលំនៅទៅផ្ទះថ្មីរបស់ខ្លួន ។ វារីករាយណាស់ក្នុងការញ៉ាំអាហាររ៉ាវីអូលីកម្តៅក្តៅឧណ្ណៗនៅក្នុងម៉ាស៊ីនកម្តៅអាហារសម្រាប់អាហារថ្ងៃត្រង់ ។ ហើយពួកគេហែលទឹកលេងនៅក្នុងសណ្ឋាគារនោះស្ទើរតែរាល់ថ្ងៃ ។
ប៉ុន្តែមានអ្វីមួយដែលពុំសូវជាល្អនៅក្នុងការរស់នៅសណ្ឋាគារនោះ ។ ការិយាល័យរបស់អ្នកគ្រប់គ្រងសណ្ឋាគារនោះនៅជាន់ក្រោមបន្ទប់របស់ពួកគេ ហើយអ្នកគ្រប់គ្រងនោះគិតថា មែនឌី និងបងប្អូនប្រុសស្រីរបស់នាងឡូឡាណាស់ ។ គាត់បានសួរប៉ារបស់ពួកគេថា « តើខ្ញុំអាចជួលបន្ទប់ឲ្យអ្នកបានយ៉ាងដូចម្តេចទៅ នៅពេលវាឮសូរសំឡេងដូចដំរីចុះប្រេងនៅហឹងនឹងត្រចៀកបែបនេះ ? » ។
បន្ទាប់ពីបរិភោគអាហារពេលថ្ងៃហើយ ប្អូនប្រុសរបស់មែនឌី អើរ៉ុនបានលោតចេញពីគ្រែ ហើយទន្ទ្រាំលើកម្រាលឥដ្ឋឮសូរ គ្រាំៗ ។ មែនឌីបានគ្រវីក្បាល ហើយមើលទៅម៉ាក់ ។
ម៉ាក់បាននិយាយថា « សូមកុំលោត សូមដើរថ្នមៗ » ។
ប៉ុន្តែវាយឺតពេលទៅហើយ ។ ទូរសព្ទបានរោទិ៍ឡើង ។
មែនឌីបានគិតថា « អូ៎ នោះ » ។
ម៉ាក់បានទទួលទូរសព្ទ ។ មែនឌីអាចស្តាប់ឮម្តាយរបស់នាងនិយាយសូមទោសអ្នកគ្រប់គ្រងនោះ ។
ម្តាយនាងបានញាក់ស្មាដោយបាក់ទឹកចិត្ត ពេលគាត់ដាក់ទូរសព្ទចុះវិញ ។ គាត់បាននិយាយថា « អេដវើដ និងមែនឌី ម៉ាក់ត្រូវឲ្យអើរ៉ុន និងអ៊ីមីលីគេង ។ តើកូនអាចយក គ្រីស្ទីន និង ដានីយ៉ែលទៅដើរលេងបានទេ ? »
នៅពេលពួកគេបានចាប់ផ្តើមដើរកាត់កន្លែងចតឡានសណ្ឋាគារនោះ មែនឌី បានឃើញអ្វីមួយតូច មានពណ៌ត្នោតនៅលើដី ។
វាគឺជាកាបូបលុយ ។ ហើយមានលុយនៅក្នុងកាបូបនោះ !
នាងបាននិយាយពេលលើកកាបូបនោះឡើងថា « នេះនែ៎ អេដវើដ ! » ។
អេដវើដ បាននិយាយថា « យើងត្រូវយកកាបូបនេះទៅការិយាល័យអ្នកគ្រប់គ្រងភ្លាម » ។
មែនឌីមានអារម្មណ៍បុកពោះ ។ ហេតុអ្វីបានជាពួកគេត្រូវយកកាបូបនោះទៅឥឡូវនេះ ? តើម៉ាក់ ឬប៉ារបស់ពួកគេមិនអាចយកទៅឲ្យគាត់នៅពេលក្រោយបានទេឬ ?
ប៉ុន្តែ មែនឌីបានដឹងភ្លាមអំពីរឿងត្រឹមត្រូវដែលត្រូវតែធ្វើ ។
ក្មេងៗបានបើកទ្វារការិយាល័យ ហើយបានដើរចូលទៅក្នុងបន្ទប់ដោយភ័យខ្លាច ។ អ្នកគ្រប់គ្រងនោះបានធ្វើមុខក្រញ៉ូវ ។ មែនឌីបាននិយាយថា « ចា៎ស ពួកខ្ញុំបានឃើញកាបូបលុយនេះនៅកន្លែងចតឡាន » ។ ដៃរបស់នាងញ័រនៅពេលនាងដាក់កាបូបលុយនោះនៅលើតុបញ្ជា ។
បុរសម្នាក់ដែលកំពុងឈរនៅតុបញ្ជានោះបានសម្លឹងមើលមក ។ គាត់បានថ្លែងថា « នោះជាកាបូបរបស់ខ្ញុំ » ។ គាត់បានប្រញាប់មើលក្នុងកាបូបនោះ ។ « អ្វីគ្រប់យ៉ាងគឺនៅក្នុងនេះទាំងអស់ ។ អរគុណក្មួយ ! »
មែនឌីបានក្រឡេកមើលទៅអ្នកគ្រប់គ្រងនោះ ។ មុខក្រញ៉ូវរបស់គាត់បានរសាយបាត់ទៅ ហើយទឹកមុខរបស់គាត់មើលទៅគួរឲ្យរីករាយ ។
ពេលពួកគេបានចេញពីការិយាល័យនោះ ដានីយ៉ែលបានសួរថា « តើនោះពុំមែនជាកាបូបលុយវេទមន្តទេឬ ? »
អេដវើដបានសួរ « ហេតុអ្វីបងគិតថាវាជាកាបូបលុយវេទមន្ត ? »
អេដវើដបានគ្រវីក្បាល ហើយនិយាយថា
« ដោយសារកាបូបលុយនោះធ្វើឲ្យមនុស្សដែលមួរម៉ៅសប្បាយចិត្ត ! តើវាពុំមែនជាកាបូបលុយវេទមន្តទេឬ ។ គាត់សប្បាយចិត្តដោយសារយើងបានធ្វើរឿងត្រឹមត្រូវ » ។
មែនឌីបានមានអារម្មណ៍យ៉ាងពិសេសក្នុងចិត្តនាង ។ នាងពុំធ្លាប់ដឹងសោះថា ការជ្រើសរើសធ្វើទង្វើត្រឹមត្រូវធ្វើឲ្យមនុស្សរីករាយជាខ្លាំង ។
ប៉ុន្មានថ្ងៃក្រោយមក មែនឌី និងប៉ារបស់នាងបានទៅបង់ថ្លៃបន្ទប់ក្នុងសប្តាហ៍នោះ ។ អ្នកគ្រប់គ្រងបានញញឹមដាក់មែនឌី ។ គាត់បានទូរសព្ទទៅតែម្តងគត់ ចាប់តាំងពីពេលដែលពួកគេឃើញកាបូបលុយនោះមក ហើយគាត់គ្រាន់តែទូរសព្ទទៅអរគុណចំពោះភាពទៀងត្រង់របស់ពួកគេ ។ មែនឌី មានអារម្មណ៍ថា នាងបានរាប់អានមិត្តភក្តិថ្មី ។
មែនឌីបានគិតថា « ការជ្រើសរើសត្រូវគឺជារឿងអស្ចារ្យណាស់ » ។ នាងបានលើដៃគ្រវីលា ហើយអ្នកគ្រប់គ្រងនោះបានលើកដៃគ្រវីលាដាក់នាងវិញ ។ « ហើយគាត់ពិតជាមិនមួរម៉ៅទៀតឡើយ តាំងពីពេលនោះមក » ។