ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
គ្រូបង្រៀនដែលជួយសង្គ្រោះព្រលឹង
មូលហេតុ ដែលព្រះអង្គសង្គ្រោះបានបង្រៀន ផ្តល់អត្ថន័យដល់ របៀប ដែលទ្រង់បានបង្រៀន ។ តើគោលបំណងរបស់យើងមានផ្សេងពីនេះឬ ?
ខ្ញុំសារភាពថា នៅពេលខ្ញុំគិតអំពីការបង្រៀនតាមរបៀបរបស់ព្រះអង្គ សង្គ្រោះ នោះខ្ញុំមានទំនោរផ្តោតទៅលើ របៀប ដែលទ្រង់បានបង្រៀន ។ តើទ្រង់បានធ្វើអ្វីខ្លះ ? តើទ្រង់បានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សទូទៅយ៉ាងដូចម្តេច ? លើសពីនោះទៀត ទ្រង់គឺជាគ្រូបង្រៀនដ៏ឆ្នើម ! ប៉ុន្តែប្រសិនបើយើងចង់បង្រៀនដូចជាទ្រង់ វាជារឿងចាំបាច់ត្រូវយល់អំពី មូលហេតុ ដែលទ្រង់បានបង្រៀន ។ ទីបំផុត « មូលហេតុ » នោះនឹងធ្វើឲ្យយើង និងអស់អ្នកដែលយើងបង្រៀនមានការផ្លាស់ប្តូរ ។
នៅពេលព្រះអង្គសង្គ្រោះបង្រៀន ព្រះរាជបំណងរបស់ទ្រង់ពុំមែនគ្រាន់តែបំពេញតែម៉ោង ឬជាការកម្សាន្ត ឬ ចែកចាយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ — រួមទាំងការបង្រៀន — គឺមានព្រះទ័យដឹកនាំមនុស្សដទៃទៅកាន់ព្រះវរបិតាទ្រង់ ។ ព្រះរាជបំណងប្រាថ្នា និង បេសកកម្មទាំងស្រុងរបស់ព្រះអង្គសង្គ្រោះគឺដើម្បីសង្គ្រោះកូនចៅរបស់ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី ២ ២៦:២៤ ) ។ នៅក្នុងការប៉ុនប៉ងរបស់យើងដើម្បីបង្រៀនដូចទ្រង់បានបង្រៀន នោះយើងអាចរៀនដើម្បីបានការជំរុញទឹកចិត្ត មកពីគោលបំណងដូចគ្នាដែលបានជំរុញព្រះទ័យរបស់ទ្រង់ផងដែរ ។
និយាយម្យ៉ាងទៀតគឺថា ដើម្បីបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះគឺត្រូវធ្វើជាគ្រូបង្រៀនដែលមានគោលបំណងដើម្បីជួយសង្គ្រោះដល់ព្រលឹង ។
បំណងប្រាថ្នាដើម្បីសង្គ្រោះអ្នកដទៃ
ដំណើររឿងមួយដែលខ្ញុំពេញចិត្តនៅក្នុងព្រះគម្ពីរមរមន ប្រាប់អំពីបុត្រារបស់ស្តេចម៉ូសាយ បោះបង់នគរនៃសាសន៍នីហ្វៃ ដើម្បីពួកទ្រង់អាចស្ថាបនានគរព្រះនៅក្នុងចំណោមពួកសាសន៍លេមិន ។ ពួកគេបានបោះបង់នគរនៅលើផែនដី ដើម្បីយកនគរស្ថានសួគ៌ ។ ពួកទ្រង់បោះបង់សុវត្ថិភាព និងសន្តិសុខដ៏ស្រណុកសុខស្រួលនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ដើម្បីទៅក្នុងចំណោមពួកសត្រូវរបស់ពួកទ្រង់គឺសាសន៍លេមិន ដើម្បីពួកទ្រង់ « អាចសង្គ្រោះព្រលឹងពួកគេបានខ្លះ » ( អាលម៉ា ២៦:២៦ ) ។
តើមានអ្វីខ្លះទៅដែលបានជំរុញទឹកចិត្តពួកអ្នកបម្រើរបស់ព្រះទាំងនេះ ? « ពួកគេពុំអាចទ្រាំឲ្យព្រលឹងមនុស្សណាម្នាក់ត្រូវវិនាសឡើយ មែនហើយ ទោះបីគ្រាន់តែគិតថា ព្រលឹងមនុស្សណាម្នាក់ត្រូវស៊ូទ្រាំនូវសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ ក៏ធ្វើឲ្យពួកគេញាក់ និងញ័រទៅហើយ » ( ម៉ូសាយ ២៨:៣ ) ។ ការជំរុញចិត្តនោះបានបណ្តាលឲ្យពួកគេស៊ូទ្រាំ « ការវេទនាជាច្រើន » ( អាលម៉ា ១៧:៥, ១៤ ) ។
ជារឿយៗ រឿងនេះបានបំផុសគំនិតឲ្យខ្ញុំគិតថា តើខ្ញុំកំពុងតែធ្វើអ្វីដែលខ្ញុំអាចនាំអ្នកដទៃមកកាន់ព្រះគ្រីស្ទឬទេ ? តើខ្ញុំបានផ្តោតយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើការសង្គ្រោះព្រលឹងដែរឬទេ ?
ការក្លាយជាគ្រូបង្រៀនដែលជួយសង្គ្រោះព្រលឹង
នៅពេលយើងមានបំណងប្រាថ្នាបង្រៀនដោយមានមូលហេតុដូចជាព្រះអង្គសង្គ្រោះបានបង្រៀន នោះគោលការណ៍នៃ របៀប ដែលទ្រង់បង្រៀនកាន់តែមានអត្ថន័យអស្ចារ្យឡើង ។ វាមានន័យលើសពីបច្ចេកទេសបង្រៀនទៅទៀត វាគឺជាលំនាំសម្រាប់ការប្រែក្លាយដូចជាទ្រង់ ។ នៅពេលយើងបន្តអនុវត្តយោបល់ដូចតទៅនេះ និងយោបល់ផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ នោះយើងមិនគ្រាន់តែអាច បង្រៀន កាន់តែដូចទ្រង់ប៉ុណ្ណោះទេ យើងថែមទាំង ក្លាយ កាន់តែដូចទ្រង់ទៀតផង ។
ស្វែងរកវិវរណៈជាមុន
ដើម្បីជួយក្នុងកិច្ចការនៃការសង្គ្រោះព្រលឹង នោះយើងត្រូវការវិវរណៈ ។ វិវរណៈកើតមានឡើង « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច » ( នីហ្វៃទី២ ២៨:៣០ ) — ហើយវាត្រូវការចំណាយពេលច្រើន ។ ដូច្នេះយើងចាប់ផ្តើមរៀបចំជាមុន ហើយយើងស្វែងរកវិវរណៈឲ្យបានញឹកញាប់ ។
ស្រឡាញ់មនុស្ស
សេចក្តីស្រឡាញ់អាចជាវិធីដ៏មានឥទ្ធិពលបំផុត ដែលគ្រូបង្រៀនអាចជួយសង្គ្រោះព្រលឹង ។ វាអាចជាកិច្ចការសាមញ្ញៗ ដូចជាការស្គាល់ឈ្មោះសមាជិកម្នាក់ៗក្នុងថ្នាក់ សួរពួកគេអំពីជីវិតពួកគេក្នុងសប្តាហ៍នោះ ប្រាប់ពួកគេអំពីការឡើងនិយាយដ៏ល្អដែលពួកគេបាននិយាយ ឬសាទរពួកគេចំពោះភាពរីកចម្រើន ឬស្នាដៃរបស់ពួកគេ ។ ការបង្ហាញអំពីចំណាប់អារម្មណ៍ និងក្តីស្រឡាញ់បើកដួងចិត្ត និងជួយអស់អ្នកដែលយើងបង្រៀនឲ្យទទួលការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
រៀបចំបង្រៀនដោយគិតអំពីតម្រូវការរបស់អ្នករៀននៅក្នុងគំនិត
គ្រូបង្រៀនដែលជួយសង្គ្រោះព្រលឹងផ្តោតចិត្តទុកដាក់ទៅលើអ្នករៀន ។ នៅពេលយើងរំឭកមាតិកានៅក្នុងមេរៀនឡើងវិញ យើងផ្តោតចិត្តទុកដាក់លើអ្វី ដែលនឹងបំពេញតម្រូវការរបស់ពួកគេបានច្រើនបំផុត ដែលពុំមែនជាតម្រូវការរបស់យើងឡើយ ។ នោះយើងនឹងភ្លេចអំពីការបង្រៀនគ្រាន់តែបំពេញម៉ោង ហើយផ្តោតចិត្តទុកដាក់ទៅលើការបំពេញដួងចិត្ត និងគំនិតវិញ ។ យើងមិនគ្រាន់តែគិតអំពីអ្វីដែលយើងនឹងនិយាយ និងធ្វើឡើយ ប៉ុន្តែយើងនឹងគិតអំពីអ្វីដែលអ្នករៀននឹងនិយាយ និងធ្វើវិញ ។ យើងចង់ឲ្យពួកគេចែកចាយយោបល់របស់ពួកគេ ដោយសារវាបង្កើតឲ្យមានសាមគ្គីភាព បើកដួងចិត្តរបស់ពួកគេ ហើយជួយពួកគេឲ្យអនុវត្តសេចក្តីជំនឿ ។
បន្តផ្តោតចិត្តទុកដាក់លើគោលលទ្ធិ
វាជារឿងធម្មតាដែលគ្រូបង្រៀន វាយតម្លៃទៅលើប្រសិទ្ធិភាពនៃការបង្រៀនរបស់ខ្លួន តាមរយៈចំនួននៃសិស្សដែលចូលរួម ប៉ុន្តែនោះគឺគ្រាន់តែជាធាតុមួយនៃបទពិសោធន៍នេះប៉ុណ្ណោះ ។ ប្រសិនបើសិស្សនៅក្នុងថ្នាក់យើងមានការចែកចាយជាច្រើន ប៉ុន្តែមានគោលលទ្ធិតែបន្តិចបន្តួច នោះយើងបានផ្តល់នូវអ្វីដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានហៅថា « ចំណីខាងសាសនាដែលខ្វះរសជាតិ » ។ យើងបានផ្តល់នូវអ្វីដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែយើងពុំបានចិញ្ចឹមបីបាច់សមាជិកថ្នាក់របស់យើងនូវអនុភាពដែលទ្រទ្រង់គោលលទ្ធិឡើយ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « មនុស្សម្នាក់មិនត្រូវបានសង្គ្រោះ លឿនជាងចំណេះដឹងដែលគាត់ទទួលបានឡើយ » ។១ យើងត្រូវជួយអស់អ្នកដែលយើងបង្រៀនឲ្យទទួលបានចំណេះដឹងមួយបែបដែលសំខាន់បំផុតគឺ — គោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ។
នៅពេលយើង និងសមាជិកក្នុងថ្នាក់ចែកចាយគំនិត និងអារម្មណ៍របស់យើង នោះយើងគប្បីភ្ជាប់ការចែកចាយទាំងនោះត្រឡប់ទៅរកបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយវិញជានិច្ច ។ ថ្មីៗនេះបងប្រុស ថាត អរ ខាលីស្ទើរ ប្រធានសាលាថ្ងៃអាទិត្យទូទៅ បានបង្រៀនថា ៖ « គ្រូបង្រៀនដែលមានឧត្តមគតិព្យាយាមភ្ជាប់យោបល់នានារបស់សិស្សទៅនឹងគោលលទ្ធិជាប់ជានិច្ច ។ ឧទាហរណ៍គ្រូបង្រៀនអាចនិយាយថា ‹ បទពិសោធន៍ដែលអ្នកចែកចាយរំឭកខ្ញុំអំពីខគម្ពីរមួយ › ។ ឬ ‹ តើសេចក្ដីពិតនៃដំណឹងល្អអ្វីខ្លះដែលយើងរៀនមកពីយោបល់ដែលយើងបានស្តាប់ឮនេះ ? › ឬ ‹ តើមាននរណាម្នាក់ចង់ថ្លែងទីបន្ទាល់អំពីអនុភាពនៃសេចក្តីពិតនោះ ដែលយើងបានពិភាក្សាដែរឬទេ ? › »២
យាងព្រះវិញ្ញាណបរិសុទ្ធឲ្យថ្លែងទីបន្ទាល់
គ្រូបង្រៀនដែលជួយសង្គ្រោះព្រលឹងយល់ថា អ្វីដែលយើងនិយាយ និងធ្វើក្នុងនាមជាគ្រូបង្រៀន គឺមានចេតនាយាងព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ មកកាន់ជីវិតអ្នកដទៃ ។ ព្រះវិញ្ញណបរិសុទ្ធគឺជាគ្រូបង្រៀន ។ តួនាទីមួយរបស់ព្រះវិញ្ញណបរិសុទ្ធគឺ ថ្លែងទីបន្ទាល់អំពីសេចក្តីពិត ជាពិសេសអំពីព្រះវរបិតា និងព្រះរាជបុត្រា ។ ដូច្នេះនៅពេលយើងបង្រៀនអំពីពួកទ្រង់ និងដំណឹងល្អរបស់ពួកទ្រង់ យើងយាងព្រះវិញ្ញាណបរិសុទ្ធឲ្យថ្លែងទីបន្ទាល់ដល់សមាជិកក្នុងថ្នាក់ ។ ព្រះចេស្តារបស់ទ្រង់ពង្រឹងទីបន្ទាល់ ហើយផ្លាស់ប្តូរដួងចិត្តរបស់ពួកគេ ទៅតាមកម្រិតនៃបំណងក្នុងដួងចិត្តរបស់ពួកគេ ។ សាក្សីរបស់ទ្រង់មានព្រះចេស្តាជាងមតិយោបល់ទៅទៀត ។៣
អញ្ជើញអ្នករៀនឲ្យរៀន ហើយអនុវត្តសម្រាប់ខ្លួនពួកគេ
ថ្មីៗនេះ ខ្ញុំបានចូលរួមនៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ ដែលមានគ្រូបង្រៀនបានចាប់ផ្តើមថ្នាក់ ដោយសូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយអ្វីដែលមានន័យពិសេសចំពោះពួកគេ នៅពេលពួកគេអានកិច្ចការប្រចាំសប្តាហ៍ ចេញពីខគម្ពីរ និងរបៀបដែលពួកគេបានអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ ។ ការណ៍នេះបាននាំឲ្យមានការពិភាក្សាដ៏មានឥទ្ធិពលអំពីការយល់ដឹង និងការរកឃើញនានា ដែលពួកគេបានជួបផ្ទាល់ ។ វាគឺជារឿងធម្មតាចំពោះគ្រូបង្រៀន ដើម្បីបញ្ចូលបន្ថែមទៅលើការសន្ទនានេះអំពីចំណុចនៃគោលលទ្ធិ ដែលគាត់បានរៀបចំបង្រៀន ។ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះគឺអំពីរបៀបដែលគាត់ផ្តោតចិត្តទុកដាក់លើការលើកទឹកចិត្តសមាជិកក្នុងថ្នាក់របស់គាត់ ឲ្យដកពិសោធន៍នូវព្រះចេស្តានៃព្រះបន្ទូលព្រះដោយខ្លួនពួកគេផ្ទាល់ ។
គោលដៅរបស់យើងក្នុងនាមជាគ្រូបង្រៀន ពុំមែនគ្រាន់តែមានបទពិសោធន៍អស្ចារ្យនៅក្នុងថ្នាក់រៀន ឬគ្រាន់តែបំពេញម៉ោងបង្រៀន ឬផ្តល់មេរៀនដ៏ល្អនោះទេ ។ គោលដៅពិតប្រាកដនោះគឺត្រូវដើរជាមួយអ្នកដទៃ នៅលើដំណើររបស់ពួកគេ ដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទវិញ ។ គោលដៅរបស់យើងគឺប្រែក្លាយជាគ្រូបង្រៀនដែលជួយសង្គ្រោះព្រលឹង ។