ចម្លើយមកពីថ្នាក់ដឹកនាំសាសនាចក្រ
របៀប ទទួលបានទីបន្ទាល់
ដកស្រង់ចេញពីសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០០៨ ។
ជំហានទីមួយក្នុងការទទួលបានចំណេះដឹងណាក៏ដោយគឺ ការមានប្រាថ្នាចង់ដឹងដោយពិតប្រាកដ ។ នៅក្នុងករណីនៃចំណេះដឹងខាងវិញ្ញាណ ជំហានបន្ទាប់គឺ ទូលសួរដល់ព្រះនៅក្នុងការអធិស្ឋានដ៏ស្មោះសរ ។ ដូចយើងអាននៅក្នុងវិវរណៈសម័យទំនើបនេះថា « បើសិនជាអ្នកសូម នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ ដើម្បីឲ្យអ្នកអាចបានស្គាល់សេចក្ដីអាថ៌កំបាំងទាំងឡាយ និងរបស់ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត — ដែលនឹងនាំឲ្យមានសេចក្ដីអំណរ ជាអ្វីដែលនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច » ( គ. និង ស. ៤២:៦១ ) ។
នេះជាអ្វីដែលអាលម៉ាបានសរសេរអំពីអ្វីដែលគាត់បានធ្វើ ៖ « មើលចុះ ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ ។ ហើយឥឡូវនេះ ខ្ញុំដឹងរឿងទាំងនោះដោយខ្លួនខ្ញុំថាជារឿងពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់បានសម្ដែងប្រាប់ខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ » ( អាលម៉ា ៥:៤៦ ) ។
នៅពេលយើងមានបំណងប្រាថ្នា ហើយស្វែងរក នោះយើងគប្បីចាំថា ការទទួលបានទីបន្ទាល់ពុំមែនជារឿងអកម្មឡើយ ប៉ុន្តែវាជាដំណើរការមួយដែលរំពឹងឲ្យយើង ធ្វើ កិច្ចការអ្វីមួយ ។ ព្រះយេស៊ូវបានបង្រៀនថា « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។
របៀបមួយទៀតដើម្បីស្វែងរកទីបន្ទាល់ ហាក់បីដូចជាអស្ចារ្យណាស់ បើប្រៀបធៀបទៅនឹងវិធីនានាក្នុងការទទួលបានចំណេះដឹងដទៃទៀត ។ យើងទទួលបាន ឬ ពង្រឹងទីបន្ទាល់តាមរយៈការថ្លែងទីបន្ទាល់នោះ ។ មានមនុស្សមួយចំនួនព្រមទាំងបានផ្តល់យោបល់ថា ទីបន្ទាល់ខ្លះអាចទទួលបាននៅពេលពួកគេថ្លែងទីបន្ទាល់នោះ ជាជាងការលុតជង្គង់ទូលសូមទីបន្ទាល់នោះ ។
ទីបន្ទាល់ផ្ទាល់ខ្លួនគឺជាគ្រឹះសម្រាប់សេចក្តីជំនឿរបស់យើង ។ ដូច្នេះហើយ អ្វីៗដែលយើងត្រូវធ្វើដើម្បីទទួលបាន ដើម្បីពង្រឹង និងរក្សាទីបន្ទាល់ទុកគឺ ចាំបាច់សម្រាប់ជីវិតខាងវិញ្ញាណរបស់យើង ។ ក្រៅពីអ្វីដែលបាននិយាយមកហើយនេះ យើងត្រូវតែ ទទួលទានសាក្រាម៉ង់រៀងរាល់សប្តាហ៍ ( សូមមើល គ. និង ស. ៥៩:៩) ដើម្បីសក្តិសមនឹងការសន្យាដ៏មានតម្លៃថាយើងនឹង « មានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹង [ ពួកយើង ] ជាដរាប » ( គ. និង ស. ២០:៧៧ ) ។ ប្រាកដណាស់ ព្រះវិញ្ញាណគឺជាប្រភពនៃទីបន្ទាល់របស់យើង ។