ចម្រៀង មួយបទសម្រាប់ ម៉ាណុន
ឱនេះជាសកម្មភាពមួយដែលពោរពេញដោយការកម្សាន្ត ប្រកបដោយការបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ខ្លាំងចំពោះយុវនារីម្នាក់ ។
ក្រុមយុវនារីមានចិត្តរំភើបជាខ្លាំង ។ តាមពិតទៅ សមាជិកនៅទូទាំងវួដក្នុងប្រទេសបារាំងភាគខាងត្បូងមានចិត្តរំភើបជាខ្លាំង ។ ដើម្បីលើកកម្ពស់ឲ្យមានសាមគ្គីភាពកាន់តែប្រសើរឡើង នោះថ្នាក់ដឹកនាំបានគ្រោងសកម្មភាពសង្គមវួដមួយ ដោយមានទទួលទានអាហារ និងការកម្សាន្ត ។ ដោយដឹងថាក្រុមប៊ីហៃ ម៉ៃម៉េត និង ឡូរ៉ល បានរៀនច្រៀងចម្រៀង និងរាំរួចជាស្រេច អំឡុងពេលនៃសកម្មភាពរបស់ពួកគេ នោះថ្នាក់ដឹកនាំបានអញ្ជើញពួកគេឲ្យផ្តល់ការសម្តែងនាពេលល្ងាចមួយ ។
ដូច្នោះហើយ យុវនារីនៅក្នុងវួដនោះបានចាប់ផ្តើមខំប្រឹងប្រែងហាត់ — គឺគ្រប់គ្នាទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ។ ម៉ាណុនពុំអាចសម្តែងបានឡើយ ។ គាត់កំពុងទទួលការព្យាបាលជំងឺមហារីកអស់រយៈពេលជាងពីរឆ្នាំហើយ ។
ម៉ាណុន ស៊ី អាយុ ១៦ ឆ្នាំ នៅតែអាចចូលរួមប្រជុំ និងសកម្មភាពនានាតាមលទ្ធភាពដែលនាងអាចធ្វើបាន ហើយនាងតែងតែចែកចាយស្នាមញញឹមដ៏រួសរាយ ទោះបីជានាងកំពុងជួបនូវឧបសគ្គក្តី ។ ប៉ុន្តែអំឡុងពេលទទួលការព្យាបាលដោយចាក់គីមី ជួនកាលគាត់ខ្សោយពុំអាចធ្វើអ្វីបានឡើយ ក្រៅតែពីដេកប៉ុណ្ណោះ ។ សមាជិកវួដបានតមអាហារ និងអធិស្ឋានជាច្រើនដងសម្រាប់គាត់ ។ គ្មាននរណាម្នាក់រំពឹងថា គាត់មកហាត់សម ឬរាំបានឡើយ ។
ប៉ុន្តែគាត់ អាច ចូលរួមទទួលទានអាហារពេលល្ងាច ។ ដូច្នេះតើហេតុអ្វីពុំអាចធ្វើសកម្មភាពនាល្ងាចនោះសម្រាប់ ម៉ាណុនទៅ ?
ល្ងាចដ៏មានភក្តីភាព
សមាជិកគ្រប់គ្នាមានក្តីរំភើបចំពោះយោបល់នោះ ។
អិមម៉ា អេស អាយុ ១៦ ឆ្នាំ ពន្យល់ថា « យើងចង់ឲ្យ ម៉ាណុន ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ពីវួដ និងការគាំទ្រដល់នាង ។ ប្រសិនបើវួដរបស់យើងចង់មានសាមគ្គីភាពកាន់តែច្រើន តើមានវីធីណាដែលប្រសើរជាងការធ្វើការជាមួយគ្នាដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះម៉ាណុននោះ ? »
សមាជិកវួដទាំងមូលបានចូលរួមនៅក្នុងការរៀបចំ ។ ក្រុមគ្រួសារនានាបានទទួលការចាត់តាំង ឲ្យនាំយកអាហារសម្រាប់ពេលល្ងាច សមាគមសង្គ្រោះបានជួយដេរសម្លៀកបំពាក់សម្ដែងសម្រាប់យុវនារី យុវមជ្ឈិមវ័យបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ( អគ្គីសនី សំឡេង និងវីដេអូ ) សម្រាប់ការហាត់សម និងការសម្តែងលើកចុងក្រោយ ហើយពួកបងប្អូនប្រុសខាងបព្វជិតភាពបានជួយរបៀបចំតុ និងកៅអី ។
កិច្ចការទាំងនេះបានធ្វើរួចជាស្រេចដោយសមាជិកវួដ ដែលពួកគេរស់នៅឆ្ងាយៗពីគ្នានៅក្នុងតំបន់ដ៏ធំនោះ ។ អាវអ៊ីអូឡា វី អាយុ ១៦ ឆ្នាំ និយាយថា « យុវវ័យនៅក្នុងវួដមានភាពជិតស្និទ្ធគ្នាខាងវិញ្ញាណ ប៉ុន្តែពួកយើងរស់នៅដាច់ឆ្ងាយពីគ្នាណាស់ ។ យើងពុំឃើញគ្នានៅសាលារៀនឡើយ ដោយសារពួកយើងរស់នៅក្នុងទីក្រុងផ្សេងគ្នា ដូច្នេះពួកយើងបានខិតខំយ៉ាងខ្លាំងដើម្បីប្រាកដថាគ្មានពួកយើងណាម្នាក់ត្រូវបានពុំរាប់រកគ្នាឡើយ » ។
អ៊ីនកា អេស អាយុ ១៥ ឆ្នាំ និយាយថា « យើងក៏បន្តទាក់ទងគ្នាគ្រប់ពេល យើងមានអំណរគុណចំពោះទូរសព្ទដៃណាស់ ។ យើងបង្រៀនគ្នាទៅវិញទៅមកដោយការចែកចាយនូវបទពិសោធន៍ផ្សេងៗគ្នារបស់ពួកយើង ។ យើងដឹងថាយើងអាចពឹងពាក់គ្នាបាន ហើយយើងព្យាយាមធ្វើជាគំរូល្អដល់គ្នាទៅវិញទៅមក » ។ យុវនារីទាំងនេះចូលចិត្តនៅជាមួយគ្នាគ្រប់ពេលដែលពួកគេអាចធ្វើបាន បានរកឃើញថាការហាត់សមសម្រាប់ការសម្តែង សម្រាប់អាហារពេលល្ងាចនោះ បានផ្តល់នូវឱកាសបន្ថែមទៀតក្នុងការពង្រឹងមិត្តភាពកាន់តែជិតស្និទ្ធឡើង ។
អ៊ីនកា ពន្យល់ថា « ពីមុនយើងចាប់ផ្តើមហាត់សម ខ្ញុំមានការខ្មាសអៀន ។ ខ្ញុំខ្លាចថាខ្ញុំធ្វើខុស ។ ប៉ុន្តែនៅពេលយើងរាំជាក្រុម ខ្ញុំបានទុកការខ្មាសអៀននោះមួយអន្លើរ ។ ខ្ញុំបានដឹងថា វាគឺជាពេលមួយដើម្បីបង្ហាញសមាជិកវួដថា យើងបានខិតខំខ្លាំងប៉ុណ្ណា » ។
សម្រាប់ ម៉ាណុន វិញមានទាំងការបន្ទាបខ្លួន និងការអណិតអាសូរ ។ នាងនិយាយថា « នៅពេលពួកគេបានប្រាប់ខ្ញុំអំពីកម្មវិធីអាហារពេលល្ងាច និងការសម្តែងនោះ ហើយថាខ្ញុំគឺជាភ្ញៀវកិត្តិយស ខ្ញុំបានគិតថាខ្ញុំនឹងមិនត្រូវរំខានគេឡើយ ដោយសារពួកគេខិតខំជាខ្លាំងសម្រាប់ខ្ញុំ ។ ហើយម្យ៉ាងវិញទៀតខ្ញុំមានចិត្តរំភើបដើម្បីទៅចូលរួមកម្មវិធីនោះ ! »
ការសម្តែងដែលពោរពេញដោយក្តីស្រឡាញ់ និងការគាំទ្រ
មិនយូរប៉ុន្មាន កម្មវិធីនាល្ងាចនោះបានមកដល់ ហើយវាគឺជាឱកាសដ៏អស្ចារ្យដើម្បីផ្តល់សេចក្តីស្រឡាញ់ និងការគាំទ្រដល់ម៉ាណុន ។ អាវអ៊ីអូឡា និយាយថា « ប្រាកដណាស់ អាហារមានរសជាតិឆ្ងាញ់ណាស់ ។ នេះហើយជាប្រទេសបារាំង ! »
បន្ទាប់មកការសម្តែង — ដែលហៅថា spectacle ជាភាសាបារាំង — គឺអស្ចារ្យណាស់ ។ ល្បែងកម្សាន្ត ចម្រៀង និងការរាំបានធ្វើឲ្យទស្សនិកជនមានភាពរីករាយ ។ បន្ទាប់មកយុវនារីដែលរួមគ្នាជាក្រុមចម្រៀងបានផ្តល់នូវការសម្តែងមួយដ៏អស្ចារ្យ ។ ពួកគេបានផ្ញើចម្រៀងនោះដល់ម៉ាណុន ជាចម្រៀងដែលអិមម៉ា បាននិពន្ធ និងតែងដោយខ្លួននាង ។ ទំនុកបទនៅក្នុងវគ្គបន្ទរបានបង្ហាញសេចក្តីស្រឡាញ់ និងការគាំទ្ររបស់មនុស្សគ្រប់គ្នាដែលចង់ឲ្យម៉ាណុនដឹង ៖
សូមកុំចុះចាញ់ឡើយ
ព្រោះយើងជឿជាក់លើអ្នក
ហើយកុំភ្លេចថាខ្លួនអ្នកជានរណា
ព្រោះយើងជឿជាក់លើអ្នក ។
នៅពេលក្រុមយុវនារីបានច្រៀងចម្រៀងនោះ វាហាក់បីដូចជាសមាជិកគ្រប់គ្នានៅក្នុងវួដបានច្រៀងតាម យ៉ាងហោចណាស់បានច្រៀងនៅក្នុងចិត្តរបស់ពួកគេ ។ វាហាក់បីដូចជាចម្រៀងដ៏សាមញ្ញរបស់អិមម៉ា បានបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយទោះជាពួកគេរស់នៅទីណាក្តី — ដែលជាចម្រៀងស្តីពីភាពក្លាហាន និងការអាណិតអាសូរ គ្រួសារ និងមិត្តភក្តិ សាមគ្គីភាព សេចក្ដីជំនឿ និងសេចក្តីសង្ឃឹម និងការអធិស្ឋានឥតឈប់បានឮដល់ស្ថានសួគ៌ ។
គោលបំណងរបស់ថ្នាក់ដឹកនាំនៅក្នុងការរៀបចំសកម្មភាពសង្គមនេះ គឺដើម្បីមានសាមគ្គីភាពនៅក្នុងវួដ ។ ការប្រារព្ធកម្មវិធីនាល្ងាចនោះសម្រាប់ម៉ាណុន ពុំគ្រាន់តែជួយឲ្យសម្រេចបានគោលដៅនោះប៉ុណ្ណោះទេ វាថែមទាំងបង្កើតឲ្យមានស្មារតីដ៏រឹងប៉ឹង ក្នុងការគាំទ្រដល់ម៉ាណុន និងគ្រួសារគាត់ ព្រមទាំងការយល់ដឹងថា បុត្រគ្រប់រូបរបស់ព្រះសំខាន់ ។ អាវអ៊ីអូឡានិយាយថា « វាគឺជាគោលបំណងរបស់សាសនាចក្រ ក្នុងការជួយពួកយើងឲ្យខិតកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ យើងដឹងថាពួកទ្រង់ស្រឡាញ់ពួកយើង ហើយថាពួកយើងពុំនៅឯកោឡើយ » ។