ការងារបម្រើដ៏បំផុសគំនិត
យើងទទួលព្រះវិញ្ញាណបរិសុទ្ធបានល្អបំផុត នៅពេលយើងផ្ដោតលើការបម្រើមនុស្សដទៃ ។ នេះគឺជាហេតុផលដែលយើងមានការទទួលខុសត្រូវបព្វជិតភាពដើម្បីបម្រើព្រះអង្គសង្គ្រោះ ។
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមានអំណរគុណណាស់ចំពោះឯកសិទ្ធិដើម្បីនិយាយទៅកាន់បងប្អូននៅក្នុងសន្និសីទទូទៅជាប្រវត្តិសាស្ត្រនេះ ។ យើងបានគាំទ្រប្រធាន រ័សុល អិម ណិលសុន ជាប្រធានទី ១៧ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ កាលខ្ញុំទទួលបានពរជ័យនៃការធ្វើការជាមួយនឹងលោករាល់ថ្ងៃ ខ្ញុំទទួលអារម្មណ៍នូវការបញ្ជាក់មួយពីព្រះវិញ្ញាណថា ប្រធាន ណិលសុន ត្រូវបានហៅដោយព្រះដើម្បីដឹកនាំសាសនាចក្រដ៏ពិតរបស់ព្រះអម្ចាស់ ។
ខ្ញុំក៏សូមធ្វើជាសាក្សីផងដែរថា ព្រះអម្ចាស់បានហៅអែលឌើរ ជែរីត ដបុលយូ ហ្គង និង អែលឌើរ អូលីសេស សូរ៉េស ឲ្យបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ខ្ញុំស្រឡាញ់ ហើយគាំទ្រពួកលោក ។ តាមរយៈការងារបម្រើរបស់ពួកលោក នោះពួកលោកនឹងប្រទានពរដល់ជីវិតជាច្រើនជុំវិញពិភពលោក និងជំនាន់ជាច្រើន ។
សន្និសីទនេះគឺជាសន្និសីទប្រវត្តិសាស្ត្រដោយសារហេតុផលមួយទៀត ។ ប្រធាន ណិលសុន បានប្រកាសអំពីការពន្លឿនទៅមុខដ៏បំផុសគំនិតមួយនៅក្នុងផែនការដែលបានរៀបចំដោយព្រះអម្ចាស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។ ផែនការនោះរួមបញ្ចូលនូវរចនាសម្ព័ន្ធថ្មីមួយសម្រាប់កូរ៉ុមបព្វជិតភាពនៅក្នុងវួដ និងស្តេកដើម្បីយើងអាចបំពេញការទទួលខុសត្រូវបព្វជិតភាពរបស់យើងបានកាន់តែប្រសើរឡើង ។ ការទទួលខុសត្រូវទាំងនោះគឺទាក់ទងនឹងការមើលថែពីសំណាក់បព្វជិតភាពរបស់យើងដល់បុត្រាបុត្រីរបស់ព្រះវរបិតា ។
ផែនការរបស់ព្រះអម្ចាស់សម្រាប់ពួកបរិសុទ្ធរបស់ទ្រង់ដើម្បីផ្ដល់ការមើលថែដោយសេចក្ដីស្រឡាញ់បានធ្វើនៅក្នុងទម្រង់ជាច្រើនជាយូរមកហើយ ។ នៅសម័យណៅវូ ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវការវិធីដែលបានរៀបចំមួយដើម្បីមើលថែពួកអ្នកប្រែចិត្តជឿក្រីក្រដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានចូលមកក្នុងទីក្រុង ។ ជីដូនជីតារបស់ខ្ញុំបួនគ្រួសារស្ថិតនៅក្នុងចំណោមពួកគេដែរ—ដូចជា គ្រួសារអាវរិង គ្រួសារប៊េនញៀន គ្រួសាររ៉មនី និងគ្រួសារស្ម៊ីធ ។ ព្យាការីបានរៀបចំការមើលថែដល់ពួកបរិសុទ្ធទាំងនោះតាមភូមិសាស្ត្រ ។ នៅរដ្ឋអិលលីណោយ ផ្នែកនៃទីក្រុងទាំងនោះត្រូវបានហៅថា « វួដ » ។
កាលពួកបរិសុទ្ធបានដើរឆ្លងកាត់ទីវាល ការមើលថែរបស់ពួកគេចំពោះគ្នាទៅវិញទៅមកត្រូវបានរៀបចំជា « ក្រុម » ។ ជីតាទួតម្នាក់របស់ខ្ញុំខាងឪពុកបានត្រឡប់មកពីបេសកកម្មរបស់គាត់នៅរដ្ឋមួយដែលឥឡូវនេះហៅថា អូខ្លាហូម៉ា ជាពេលដែលគាត់បានជួបនឹងក្រុមមួយនៅតាមផ្លូវ ។ គាត់បានមានជំងឺធ្ងន់ធ្ងររហូតដល់គាត់ និងដៃគូរបស់គាត់ត្រូវដេកសម្រាកនៅក្នុងរទេះតូចមួយ ។
មេក្រុមនោះបានចាត់ស្ត្រីពីរនាក់ឲ្យជួយមនុស្សដែលនៅក្នុងរទេះនោះ ។ មានស្ត្រីវ័យក្មេងម្នាក់ដែលបានប្រែចិត្តជឿនៅប្រទេសស្វ៊ីស បានមកមើលអ្នកផ្សព្វផ្សាយសាសនាម្នាក់ ហើយមានចិត្តអាណិត ។ គាត់ត្រូវបានជួយសង្គ្រោះដោយក្រុមនៃពួកបរិសុទ្ធនោះ ។ គាត់បានជាសះស្បើយ ហើយមានកម្លាំងគ្រប់គ្រាន់ល្មមអាចនឹងដើរទន្ទឹមគ្នានឹងស្ត្រីដែលបានជួយគាត់ទៅកាន់ជ្រលងភ្នំសលត៍ លេក ។ ពួកគាត់បានស្រឡាញ់គ្នា ហើយបានរៀបការ ។ បុរសនោះបានក្លាយជាជីតាទួតខ្ញុំឈ្មោះ ហិនរី អាវរិង ហើយស្ត្រីនោះបានក្លាយជាជីដូនទួតខ្ញុំឈ្មោះ ម៉ារី ប៊មមេលី អាវរិង ។
ច្រើនឆ្នាំក្រោយមក កាលមនុស្សទូទៅបានលើកឡើងអំពីការលំបាកដ៏ធំធេងនៃការដើរឆ្លងកាត់ទ្វីបមួយ នោះជីដូនទួតខ្ញុំបានពោលថា « ទេ វាមិនពិបាកទេ ។ កាលយើងដើរ យើងបាននិយាយគ្នាអំពីអព្ភូតហេតុដ៏អស្ចារ្យដែលយើងទាំងពីរនាក់បានរកឃើញដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាគ្រាដ៏មានសុភមង្គលបំផុតដែលខ្ញុំអាចចាំបាន » ។
ចាប់តាំងពីពេលនោះមក ព្រះអម្ចាស់បានប្រើវិធីជាច្រើនដើម្បីជួយពួកបរិសុទ្ធរបស់ទ្រង់ឲ្យមើលថែគ្នាទៅវិញទៅមក ។ ឥឡូវនេះ ទ្រង់បានប្រទានពរដល់យើងជាមួយនឹងកូរ៉ុមដ៏រឹងមាំ ហើយមានសាមគ្គីភាពនៅតាមវួដ និងស្តេក—ជាកូរ៉ុមដែលធ្វើការសហការជាមួយនឹងអង្គការវួដទាំងអស់ ។
វួដដែលមានព្រំប្រទល់ ក្រុម និងកូរ៉ុមដ៏រឹងមាំទាំងឡាយតម្រូវឲ្យមានយ៉ាងហោចណាស់រឿងពីរយ៉ាងដើម្បីទទួលបានជោគជ័យនៅក្នុងព្រះរាជបំណងរបស់ព្រះអម្ចាស់ដើម្បីឲ្យពួកបរិសុទ្ធរបស់ទ្រង់មើលថែគ្នាតាមរបៀបដែលទ្រង់មើលថែដល់ពួកគេ ។ ពួកគេមានជោគជ័យ នៅពេលពួកបរិសុទ្ធទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះគ្នាលើសពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ ព្រះគម្ពីរហៅវាថា « សេចក្តីសប្បុរស … សេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ ហើយពួកគេមានជោគជ័យ នៅពេលព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នកមើលថែឲ្យដឹងអ្វីដែលព្រះអម្ចាស់ត្រាស់ដឹងថា ល្អបំផុតសម្រាប់បុគ្គលដែលគាត់កំពុងព្យាយាមជួយនោះ ។
ម្ដងហើយម្ដងទៀតនៅក្នុងសប្ដាហ៍ថ្មីៗនេះ សមាជិកសាសនាចក្របានធ្វើសកម្មភាពនៅក្នុងវត្តមានរបស់ខ្ញុំដូចជាពួកគេបានសង្ឃឹមទុកអ្វីដែលព្រះអម្ចាស់នឹងធ្វើ ដូចដែលបានប្រកាសនៅទីនេះនាថ្ងៃនេះ ។ ខ្ញុំសូមប្រាប់បងប្អូននូវគំរូចំនួនពីរ ។ ទីមួយ គឺជាការឡើងនិយាយក្នុងការប្រជុំសាក្រាម៉ង់ដ៏សាមញ្ញមួយដោយគ្រូអាយុ ១៤ ឆ្នាំក្នុងបព្វជិតភាពអើរ៉ុនដែលយល់អំពីអ្វីដែលពួកអ្នកកាន់បព្វជិតភាពអាចសម្រេចបាននៅក្នុងការបម្រើរបស់ពួកគេសម្រាប់ព្រះអម្ចាស់ ។ ទីពីរ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ដែលត្រូវបានបំផុសគំនិតឲ្យបម្រើគ្រួសារមួយដោយសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។
ដំបូង សូមឲ្យខ្ញុំប្រាប់បងប្អូននូវពាក្យសម្ដីរបស់យុវជននោះនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់របស់វួដ ។ ខ្ញុំបាននៅទីនោះ ។ សូមព្យាយាមចងចាំអ្វីដែលបងប្អូនបានធ្វើនៅអាយុ ១៤ ឆ្នាំ ហើយត្រងត្រាប់ស្ដាប់គាត់និយាយ ដែលវាលើសពីអ្វីដែលយុវជនម្នាក់អាចដឹងទៅទៀត ៖
« ខ្ញុំពិតជាចូលចិត្តធ្វើជាសមាជិកក្នុងកូរ៉ុមគ្រូក្នុងវួដរបស់យើង តាំងពីខ្ញុំឈានចូលវ័យ ១៤ ឆ្នាំកាលពីឆ្នាំមុន ។ គ្រូម្នាក់នៅតែមាននូវរាល់ការទទួលខុសត្រូវរបស់ឌីកុន បូកបន្ថែមនឹងការទទួលខុសត្រូវថ្មីផង ។
« ដោយសារយើងមួយចំនួនគឺជាគ្រូ នៅថ្ងៃមួយអ្នកផ្សេងទៀតនឹងក្លាយជាគ្រូ ហើយមនុស្សគ្រប់គ្នានៅក្នុងសាសនាចក្រមានពរដោយសារបព្វជិតភាព ដូច្នេះវាសំខាន់ដល់យើងទាំងអស់គ្នាដើម្បីស្គាល់បន្ថែមទៀតអំពីកាតព្វកិច្ចរបស់គ្រូម្នាក់ ។
« ដំបូង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣ ចែងថា ‹ កាតព្វកិច្ចរបស់គ្រូគឺដើម្បីមើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និង ចម្រើនកម្លាំងពួកគេ › ។
« បន្ទាប់មកទៀត គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៤–៥៥ ចែងថា
« ‹ ហើយឲ្យមើលឃើញថា គ្មានសេចក្តីទុច្ចរិតនៅក្នុងសាសនាចក្រ ឬក៏មានភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬមានការកុហក ការពោលបង្កាច់ ឬក៏មានការនិយាយអាក្រក់ឡើយ
ហើយមើលឲ្យឃើញថា សាសនាចក្រជួបជុំគ្នាជាញឹកញាប់ ហើយក៏មើលឲ្យឃើញថា សមាជិកទាំងអស់ធ្វើកាតព្វកិច្ចរបស់ខ្លួន › » ។
យុវជននោះបានបន្តទៀតថា ៖
« ព្រះអម្ចាស់កំពុងមានបន្ទូលប្រាប់យើងថា វាគឺជាការទទួលខុសត្រូវរបស់យើងពុំគ្រាន់តែមើលថែសាសនាចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏មើលថែមនុស្សនៅក្នុងសាសនាចក្រតាមរបៀបដែលព្រះគ្រីស្ទនឹងធ្វើផងដែរ ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ ។ បើយើងកំពុងព្យាយាមគោរពបទបញ្ញត្តិ មានសន្ដានចិត្តល្អចំពោះគ្នា មានភាពស្មោះត្រង់ ធ្វើជាមិត្តល្អ ហើយរីករាយនឹងការនៅជាមួយគ្នា នោះយើងនឹងអាចមានព្រះវិញ្ញាណជាមួយនឹងយើង ហើយដឹងអ្វីដែលព្រះវរបិតាសព្វព្រះទ័យចង់ឲ្យយើងធ្វើ ។ បើយើងមិនធ្វើដូច្នោះទេ នោះយើងមិនអាចបំពេញការហៅរបស់យើងបានឡើយ » ។
គាត់បន្តទៀតថា ៖
« នៅពេលគ្រូម្នាក់ធ្វើជាគំរូត្រឹមត្រូវតាមរយៈការធ្វើជាគ្រូបង្រៀនតាមផ្ទះដ៏ល្អម្នាក់ ការរាក់ទាក់សមាជិកនៅព្រះវិហារ ការរៀបចំសាក្រាម៉ង់ ការជួយកិច្ចការផ្ទះ និងការធ្វើជាអ្នកផ្សះផ្សា នោះគាត់កំពុងជ្រើសរើសគោរពដល់បព្វជិតភាពរបស់គាត់ ហើយបំពេញការហៅរបស់គាត់ ។
ការធ្វើជាគ្រូដ៏ល្អម្នាក់ពុំមែនមានន័យថា មានការទទួលខុសត្រូវនៅពេលយើងនៅឯព្រះវិហារ ឬនៅក្នុងសកម្មភាពរបស់សាសនាចក្រនោះទេ ។ សាវក ប៉ុល បានបង្រៀនថា ‹ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ ›( ធីម៉ូថេទី ១ ៤:១២ ) ។
បន្ទាប់មកយុវជននោះបាននិយាយថា ៖
« មិនថាយើងនៅទីណា ឬធ្វើអ្វីនោះទេ យើងអាចធ្វើជាគំរូល្អនៃសេចក្ដីសុចរិតនៅគ្រប់ពេល និងគ្រប់ទីកន្លែង ។
ឪពុកខ្ញុំនិងខ្ញុំ ទៅបង្រៀនដល់គ្រួសារប្រោន ។ គ្រប់ពេលដែលយើងទៅទីនោះ ខ្ញុំមានចិត្តរីករាយ ហើយស្គាល់ពួកគេកាន់តែច្បាស់ ។ រឿងមួយដែលខ្ញុំពិតជាចូលចិត្តពីគ្រួសារប្រោនគឺថា នៅពេលយើងទៅជួបគ្រួសាររបស់ពួកគេ ពួកគេទាំងអស់គ្នាចាំស្ដាប់ ហើយពួកគេតែងតែមានរឿងល្អៗចែកចាយ ។
នៅពេលយើងស្គាល់មនុស្សនៅក្នុងវួដកាន់តែច្បាស់ដោយសារតែការបង្រៀនតាមផ្ទះ វាធ្វើឲ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចបន្ទាប់របស់គ្រូម្នាក់ ហើយនោះគឺជាការរាក់ទាក់ដល់សមាជិកនៅព្រះវិហារ ។ ការជួយមនុស្សឲ្យមានអារម្មណ៍ស្វាមគន៍ និងមានចំណែកក្នុងព្រះវិហារជួយសមាជិកទាំងអស់ក្នុងវួដឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់ ហើយរៀបចំខ្លួនដើម្បីទទួលសាក្រាម៉ង់ ។
បន្ទាប់ពីការរាក់ទាក់សមាជិកដែលមកព្រះវិហារហើយ គ្រូជួយរៀបចំសាក្រាម៉ង់នៅថ្ងៃអាទិត្យ ។ ខ្ញុំពិតជារីករាយក្នុងការចែក និងការរៀបចំសាក្រាម៉ង់នៅក្នុងវួដនេះ ដោយសារមនុស្សគ្រប់គ្នាមានគារវភាពខ្លាំងណាស់ ។ ខ្ញុំតែងទទួលអារម្មណ៍ពីព្រះវិញ្ញាណ នៅពេលខ្ញុំរៀបចំ ហើយចែកសាក្រាម៉ង់ ។ វាគឺជាពរជ័យដ៏ពិតមួយដល់ខ្ញុំដែលខ្ញុំអាចធ្វើវារាល់ថ្ងៃអាទិត្យ ។
ការបម្រើខ្លះដូចជាការចែកសាក្រាម៉ង់គឺជាអ្វីមួយដែលមនុស្សមើលឃើញ ហើយពួកគេអរគុណយើងចំពោះការធ្វើកិច្ចការនេះ ប៉ុន្តែការបម្រើផ្សេងទៀតដូចជាការរៀបចំសាក្រាម៉ង់ ជាធម្មតាត្រូវបានធ្វើឡើងដោយគ្មាននរណាម្នាក់កត់សម្គាល់ឡើយ ។ វាមិនសំខាន់ទេ បើមនុស្សមើលឃើញយើងបម្រើនោះ តែអ្វីដែលសំខាន់គឺថា ព្រះអម្ចាស់ជ្រាបថាយើងបានបម្រើទ្រង់ ។
ក្នុងនាមជាគ្រូ យើងគួរព្យាយាមពង្រឹងសាសនាចក្រ មិត្តភក្ដិរបស់យើង និងគ្រួសាររបស់យើងជានិច្ច តាមរយៈការបំពេញការទទួលខុសត្រូវបព្វជិតភាពរបស់យើង ។ វាមិនងាយស្រួលជានិច្ចទេ ប៉ុន្តែព្រះអម្ចាស់មិនបានប្រទានបទបញ្ញត្តិដល់យើងឡើយ ‹ លើកលែងតែ ទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យ [ យើង ] អាចសម្រេចនូវអ្វី ៗ ដែលទ្រង់បានបញ្ជា › ( នីហ្វៃទី ១ ៣:៧ ) » ។
នៅពេលយុវជននោះបានបញ្ចប់ ខ្ញុំបានបន្តស្ងើចសរសើរចំពោះភាពចាស់ទុំ និងប្រាជ្ញារបស់គាត់ ។ គាត់បានសង្ខេបដោយពោលថា « ខ្ញុំដឹងថា យើងនឹងបានប្រសើរឡើង បើយើងជ្រើសធ្វើតាម[ ព្រះយេស៊ូវគ្រីស្ទ ] » ។
រឿងមួយទៀតអំពីការបម្រើបព្វជិតភាពត្រូវបានប្រាប់កាលពីមួយខែមុននៅក្នុងការប្រជុំសាក្រាម៉ង់របស់វួដមួយ ។ ជាថ្មីម្ដងទៀត ខ្ញុំក៏បាននៅទីនោះដែរ ។ ក្នុងករីណនេះ អ្នកកាន់បព្វជិតភាពវ័យចំណាស់ម្នាក់នេះពុំបានដឹងខ្លួនថា គាត់កំពុងរៀបរាប់នូវអ្វីដែលព្រះអម្ចាស់មានព្រះរាជបំណងចង់ឲ្យកើតឡើងនៅក្នុងកូរ៉ុមបព្វជិតភាពដ៏រឹងមាំទាំងឡាយឡើយ ។ នេះគឺជាដំណើររឿងរបស់គាត់ ៖
គាត់ និងដៃគូបង្រៀនតាមផ្ទះរបស់គាត់ត្រូវបានចាត់ឲ្យបម្រើក្រុមគ្រួសារចំនួនប្រាំពីរ ។ ពួកគេភាគច្រើនមិនចង់ឲ្យមានអ្នកសួរសុខទុក្ខទេ ។ នៅពេលពួកគ្រូបង្រៀនតាមផ្ទះទៅដល់ផ្ទះរបស់ពួកគេ ពួកគេមិនបានបើកទ្វារទេ ។ នៅពេលពួកគាត់ទូរសព្ទទៅ ពួកគេមិនបានលើកវាទេ ។ នៅពេលពួកគាត់ទុកសារជាសំឡេង ពួកគេមិនទូរសព្ទមកវិញឡើយ ។ នៅទីបំផុតដៃគូវ័យចំណាស់រូបនេះបានសម្រេចចិត្តសរសេរសំបុត្រមួយ ។ គាត់បានចាប់ផ្ដើមដោយប្រើស្រោមសំបុត្រពណ៌លឿងខ្ចី ដោយសង្ឃឹមថានឹងទទួលបានការឆ្លើយតប ។
ក្នុងចំណោមគ្រួសារទាំងប្រាំពីរនោះមានគ្រួសារមួយគឺជាប្អូនស្រីមិនសូវសកម្មម្នាក់ដែលបានធ្វើអន្តោប្រវេសន៍មកពីទ្វីបអឺរ៉ុប ។ នាងមានកូនពីរនាក់តូចៗ ។
បន្ទាប់ពីព្យាយាមទាក់ទងនឹងនាងជាច្រើនដង គាត់បានទទួលសារមួយ ។ នាងបានប្រាប់គាត់ភ្លាមថា នាងរវល់ណាស់មិនអាចជួបនឹងគ្រូបង្រៀនតាមផ្ទះបានទេ ។ នាងមានការងារពីរវេន ហើយជាយោធាផងដែរ ។ ការងារចម្បងរបស់នាងគឺជាមន្ត្រីប៉ូលីស ហើយគោលដៅអាជីពរបស់នាងគឺចង់ក្លាយជាភ្នាក់ងារស៊ើបអង្កេតម្នាក់ ហើយបន្ទាប់មកត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ ហើយបន្តការងាររបស់នាងនៅទីនោះ ។
គ្រូបង្រៀនតាមផ្ទះរូបនេះពុំធ្លាប់បានទៅសួរសុខទុក្ខនាងនៅផ្ទះឡើយ ។ គាត់គ្រាន់តែផ្ញើសារទៅនាងម្ដងម្កាលប៉ុណ្ណោះ ។ រាល់ខែគាត់បានផ្ញើសំបុត្រមួយ រួមជាមួយនឹងប័ណ្ណសម្រាប់ថ្ងៃបុណ្យដល់កូនម្នាក់ៗផងដែរ ។
គាត់មិនបានទទួលការឆ្លើយតបទេ ។ ប៉ុន្តែនាងបានដឹងថា គ្រូបង្រៀនតាមផ្ទះរបស់នាងជានរណា ដឹងរបៀបដើម្បីទាក់ទងពួកគេ ហើយថាពួកគេនឹងតស៊ូនៅក្នុងការបម្រើបព្វជិតភាពរបស់ពួកគេ ។
បន្ទាប់មកមានថ្ងៃមួយ គាត់បានទទួលសារបន្ទាន់មួយពីនាង ។ នាងត្រូវការជំនួយយ៉ាងខ្លាំង ។ នាងមិនស្គាល់ប៊ីស្សពទេ ប៉ុន្តែនាងស្គាល់គ្រូបង្រៀនតាមផ្ទះរបស់នាង ។
នៅប៉ុន្មានថ្ងៃទៀត នាងត្រូវចាកចេញពីសហរដ្ឋអាមេរិកសម្រាប់ការអនុវត្តការបំពាក់បំប៉នយោធាមួយខែពេញ ។ នាងមិនអាចយកកូនទៅជាមួយបានទេ ។ ម្ដាយនាងដែលនឹងនៅមើលថែកូនរបស់នាង ទើបតែជិះយន្តហោះទៅទ្វីបអឺរ៉ុបវិញទៅមើលថែស្វាមីរបស់គាត់ដែលត្រូវសង្គ្រោះបន្ទាន់ ។
ប្អូនស្រីមិនសូវសកម្មដែលជាម្ដាយទោលរូបនេះមានប្រាក់គ្រប់គ្រាន់ទិញសំបុត្រយន្តហោះមួយឲ្យកូនពៅរបស់នាងទៅអឺរ៉ុប ប៉ុន្តែមិនអាចទិញឲ្យកូនប្រុសរបស់នាងឈ្មោះ អេរីក អាយុដប់ពីរឆ្នាំបានឡើយ ។ នាងបានសុំឲ្យគ្រូបង្រៀនតាមផ្ទះរបស់នាងជួយរកគ្រួសារអិល.ឌី.អែស.ល្អមួយឲ្យជួយមើលថែ អេរីក រយៈពេល ៣០ ថ្ងៃក្រោយ !
គ្រូបង្រៀនតាមផ្ទះរូបនេះបានផ្ញើសារតបវិញថា គាត់នឹងធ្វើឲ្យអស់ពីលទ្ធភាព ។ បន្ទាប់មក គាត់បានទាក់ទងនឹងថ្នាក់ដឹកនាំបព្វជិតភាពរបស់គាត់ ។ ប៊ីស្សពដែលជាអធិបតីនៃសង្ឃជាន់ខ្ពស់បានអនុម័តឲ្យគាត់ទាក់ទងនឹងសមាជិកនៅក្នុងក្រុមប្រឹក្សាវួដ រួមទាំងប្រធានសមាគមសង្គ្រោះផងដែរ ។
ប្រធានសមាគមសង្គ្រោះបានរកឃើញគ្រួសារអិល.ឌី.អែស.ល្អបួនគ្រួសារភ្លាមៗ ដែលមានកូនៗអាយុស្របាលនឹងអេរីក ដែលអាចមើលថែគាត់មួយសប្ដាហ៍ម្នាក់បាន ។ នៅខែក្រោយ គ្រួសារទាំងនេះបានចិញ្ចឹមអេរីក រកបន្ទប់ឲ្យគាត់ដេកនៅក្នុងផ្ទះដ៏តូច ហើយមានសមាជិកគ្រួសារច្រើនរួចហើយ បាននាំគាត់ទៅសកម្មភាពគ្រួសារខែក្ដៅរបស់ពួកគេដែលបានរៀបចំកាលពីមុន បាននាំគាត់ទៅព្រះវិហារ បានឲ្យគាត់ចូលរួមនៅក្នុងរាត្រីជួបជុំក្រុមគ្រួសាររបស់ពួកគេ ។ល ។
គ្រួសារដែលមានកូនប្រុសអាយុស្របាលនឹងអេរីក បាននាំគាត់ចូលក្នុងការប្រជុំ និងសកម្មភាពនៃកូរ៉ុមឌីកុនរបស់ពួកគេ ។ ក្នុងរយៈពេល ៣០ ថ្ងៃនេះ អេរីកទៅព្រះវិហាររាល់ថ្ងៃអាទិត្យជាលើកទីមួយក្នុងជីវិតរបស់គាត់ ។
បន្ទាប់ពីម្ដាយរបស់គាត់បានត្រឡប់មកពីការបំពាក់បំប៉នវិញ អេរីកបានបន្តទៅព្រះវិហារ ជាធម្មតាជាមួយនឹងក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារទាំងបួននោះ ឬមនុស្សដទៃទៀតដែលជាមិត្តនឹងគាត់ រួមបញ្ចូលទាំងគ្រូបង្រៀនសួរសុខទុក្ខរបស់ម្ដាយគាត់ផងដែរ ។ ក្រោយមក គាត់ត្រូវបានតែងតាំងជាឌីកុន ហើយបានចាប់ផ្ដើមចែកសាក្រាម៉ង់ជាទៀងទាត់ ។
ឥឡូវ ចូរយើងមើលទៅអនាគតរបស់អេរីក ។ យើងជឿជាក់ថា គាត់នឹងក្លាយជាថ្នាក់ដឹកនាំមួយរូបនៅក្នុងសាសនាចក្រនៅទឹកដីកំណើតរបស់ម្ដាយគាត់ នៅពេលគ្រួសារគាត់ត្រឡប់ទៅទីនោះវិញ—រឿងទាំងអស់នេះកើតឡើងដោយសារពួកបរិសុទ្ធបានធ្វើការរួមគ្នាដើម្បីបម្រើដោយសាមគ្គីភាពនៅក្រោមការដឹកនាំពីប៊ីស្សព ដើម្បីបម្រើដោយសេចក្តីសប្បុរសនៅក្នុងដួងចិត្តរបស់ពួកគេ និងដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
យើងដឹងថា សេចក្តីសប្បុរសគឺជាកត្តាដ៏ចាំបាច់ចំពោះយើងដើម្បីបានសង្គ្រោះនៅក្នុងនគរព្រះ ។ មរ៉ូណៃបានសរសេរថា « លើកលែងអ្នករាល់គ្នាមានសេចក្ដីសប្បុរស បើពុំនោះសោតទេ អ្នករាល់គ្នានឹងពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះឡើយ »( មរ៉ូណៃ ១០:២១, សូមមើលផងដែរ អេធើរ ១២:៣៤ ) ។
យើងក៏ដឹងដែរថា សេចក្តីសប្បុរសគឺជាអំណោយទានមួយដែលបានប្រទានឲ្យយើង នៅពេលយើងធ្វើឲ្យអស់ពីលទ្ធភាព ។ យើងត្រូវតែ« អធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យ [ យើង ] បានពោរពេញដោយសេចក្តីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណា ដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។
ខ្ញុំគិតថា យើងទទួលព្រះវិញ្ញាណបរិសុទ្ធបានល្អបំផុត នៅពេលយើងផ្ដោតលើការបម្រើមនុស្សដទៃ ។ នេះគឺជាហេតុផលដែលយើងមានការទទួលខុសត្រូវបព្វជិតភាពដើម្បីបម្រើព្រះអង្គសង្គ្រោះ ។ នៅពេលយើងចុះប្រឡូកនៅក្នុងការបម្រើដល់មនុស្សដទៃ យើងគិតអំពីខ្លួនឯងតិច ហើយព្រះវិញ្ញាណបរិសុទ្ធអាចងាយនឹងមករកយើង ហើយជួយយើងនៅក្នុងការស្វែងរកដ៏យូរអង្វែងរបស់យើងដើម្បីបានអំណោយទាននៃសេចក្ដីសប្បុរសដែលបានប្រទានដល់យើង ។
ខ្ញុំសូមថ្លែងសាក្សីរបស់ខ្ញុំថា ព្រះអម្ចាស់បានចាប់ផ្ដើមរៀបចំការពន្លឿនទៅមុខដ៏ធំមួយរួចហើយនៅក្នុងផែនការរបស់ទ្រង់ដើម្បីកាន់តែមានការបំផុសគំនិត និងសប្បុរសធម៌នៅក្នុងការងារបម្រើនៃបព្វជិតភាពរបស់យើង ។ ខ្ញុំមានអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលទ្រង់បានប្រទានដល់យើងយ៉ាងសប្បុរស ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។