ពិធីបរិសុទ្ធនៃការសង្គ្រោះនឹងនាំពន្លឺដ៏អស្ចារ្យមកកាន់យើង
ការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការគោរពតាមសេចក្ដីសញ្ញាដែលជាប់ទាក់ទង នឹងនាំពន្លឺដ៏អស្ចារ្យ ហើយការការពារដល់បងប្អូននៅក្នុងពិភពលោកដ៏ងងឹតនេះ ។
បងប្អូនប្រុសស្រី ខ្ញុំរីករាយដើម្បីនៅជាមួយបងប្អូននៅក្នុងដំណឹងល្អ ឬគោលលទ្ធិនៃព្រះគ្រីស្ទ ។
មានមិត្តម្នាក់បានសួរអែលឌើរ នែល អិល អាន់ឌើរសិន ដែលកាលនោះលោកជាពួកចិតសិបនាក់ថា តើគាត់មានអារម្មណ៍យ៉ាងណាដែលត្រូវនិយាយនៅមុខមនុស្ស ២១,០០០ នាក់នៅមជ្ឈមណ្ឌលសន្និសីទ ។ អែលឌើរ អាន់ឌើរសិន បានតបថា « ពុំមែនមនុស្ស ២១,០០០ នោះធ្វើឲ្យអ្នកភ័យនោះទេ គឺជាបងប្អូនប្រុស ១៥ រូបដែលអង្គុយនៅពីក្រោយអ្នកវិញទេតើ » ។ ខ្ញុំសើចនៅពេលនោះ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ដូច្នោះ ។ ខ្ញុំស្រឡាញ់ ហើយគាំទ្របងប្អូនប្រុស ១៥ រូបនេះជាពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។
ព្រះអម្ចាស់បានប្រាប់អ័ប្រាហាំថា តាមរយៈពូជពង្សរបស់លោក និងតាមរយៈបព្វជិតភាព នោះក្រុមគ្រួសារទាំងអស់នៅក្នុងផែនដីនឹងត្រូវបានប្រទានពរ « ដោយព្រះពរទាំងឡាយនៃដំណឹងល្អ…គឺខាងជីវិតដ៏នៅអស់កល្បជានិច្ច » ( អ័ប្រាហាំ ២:១១ សូមមើលផងដែរ ខ ២–១០ ) ។
ពរជ័យនៃដំណឹងល្អ និងបព្វជិតភាពដែលបានសន្យាទាំងនេះ ត្រូវបានស្ដារឡើងវិញនៅលើផែនដី បន្ទាប់មកនៅក្នុងឆ្នាំ ១៨៤២ ព្យាការី យ៉ូសែប ស៊្មីធ បានបម្រើពិធីអំណោយទានពិសិដ្ឋដល់បុរស និងស្ត្រីទាំងឡាយក្នុងចំនួនមានកំណត់ ។ មើស៊ី ហ្វីឌីង ថមសុន គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ ។ ព្យាការីបានមានប្រសាសន៍ទៅកាន់គាត់ថា « [ អំណោយទានពិសិដ្ឋ ] នេះនឹងនាំអ្នកចេញពីសេចក្ដីងងឹតមកកាន់ពន្លឺដ៏អស្ចារ្យ » ។
នៅថ្ងៃនេះ ខ្ញុំចង់ផ្ដោតទៅលើពិធីបរិសុទ្ធនៃការសង្គ្រោះ ដែលនឹងនាំពន្លឺដ៏អស្ចារ្យមកកាន់បងប្អូន និងខ្ញុំ ។
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា
នៅក្នុងកូនសៀវភៅ ពិតចំពោះសេចក្តីជំនឿ យើងអានថា « ពិធីបរិសុទ្ធគឺជាពិធីដ៏ពិសិដ្ឋជាផ្លូវការមួយ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ [ ពិធី ] បរិសុទ្ធ [ ដែល ] សំខាន់ចំពោះភាពលើកតម្កើងរបស់យើង…ត្រូវបានគេហៅថាជាពិធិបរិសុទ្ធសម្រាប់ការសង្រ្គោះ ។ វារួមមាននូវពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ » ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពលើកតម្កើងឡើង ដែលបានធ្វើឡើងនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់…បង្កើតជាច្រកផ្លូវដែលមានការអនុញ្ញាត ដែលតាមច្រកផ្លូវនោះ ពរជ័យ និងអំណាចនានានៃស្ថានសួគ៌អាចចាក់ស្រោចមកក្នុងជីវិតរបស់យើងម្នាក់ៗ » ។
ក៏ដូចជាផ្នែកទាំងសងខាងនៃកាក់ដែរ គ្រប់ពិធីបរិសុទ្ធនៃការសង្គ្រោះមានមកជាមួយនូវសេចក្ដីសញ្ញាជាមួយនឹងព្រះ ។ ព្រះសន្យានឹងយើងនូវពរជ័យជាច្រើន បើយើងគោរពដោយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងនោះ ។
ព្យាការី អាម៉ូលេក បានប្រកាសថា « នេះគឺជាពេលវេលា…ប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ… » ( អាលម៉ា ៣៤:៣២ ) ។ តើយើងប្រុងប្រៀបខ្លួនតាមរបៀបណា ? ដោយការទទួលយកពិធីបរិសុទ្ធទាំងឡាយដោយសក្ដិសម ។ នៅក្នុងប្រសាសន៍របស់ប្រធាន រ័សុល អិម. ណិលសុន យើងត្រូវតែ « បន្ដដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា » ។ ប្រធាន ណិលសុន បានបន្ដថា « ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការចុះសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញានោះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង » ។
ចន និងប៊ូនី នូមែន ក៏ដូចជានឹងបងប្អូនជាច្រើនផងដែរ គឺជាអ្នកទទួលយកពរជ័យខាងវិញ្ញាណដែលប្រធាន ណិលសុន បានសន្យា ។ នៅថ្ងៃអាទិត្យមួយ បន្ទាប់ពីចូលរួមក្នុងព្រះវិហារជាមួយនឹងកូនតូចៗបីនាក់របស់គាត់ ប៊ូនី បាននិយាយទៅចនដែលពុំមែនជាសមាជិកនៃសាសនាចក្រថា « អូនពុំអាចធ្វើការណ៍នេះដោយខ្លួនអូនផ្ទាល់បានទេ ។ បងចាំបាច់ត្រូវសម្រេចចិត្តថាតើបងមកព្រះវិហារអូនជាមួយនឹងពួកយើង ឬបងជ្រើសរើសព្រះវិហារមួយដែលយើងអាចទៅជាមួយគ្នា ប៉ុន្តែកូនៗចាំបាច់ត្រូវដឹងថាឪពុករបស់ពួកគេស្រឡាញ់ព្រះផងដែរ » ។ នៅថ្ងៃអាទិត្យ និងជារៀងរាល់ថ្ងៃអាទិត្យក្រោយមក ចន ពុំគ្រាន់តែចូលរួមក្នុងព្រះវិហារទេ គាត់ក៏បានបម្រើផងដែរ ថែមទាំងបានលេងព្យាណូសម្រាប់វួដ សាខា និងថ្នាក់អង្គការបឋមសិក្សាអស់ជាច្រើនឆ្នាំ ។ ខ្ញុំមានឯកសិទ្ធិដែលបានជួបនឹងចន កាលពីខែមេសា ឆ្នាំ ២០១៥ ហើយនៅក្នុងការជួបគ្នានោះ យើងបានពិភាក្សាថា វិធីដ៏ល្អបំផុតដែលគាត់អាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះប៊ូនី គឺនាំនាងទៅកាន់ព្រះវិហារបរិសុទ្ធ ប៉ុន្តែរឿងនោះពុំអាចធ្វើទៅបានទេ លុះត្រាតែគាត់ទទួលបុណ្យជ្រមុជទឹក ។
បន្ទាប់ពីចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយអស់រយៈពេល ៣៩ ឆ្នាំ ចន បានទទួលបុណ្យជ្រមុជទឹកនៅក្នុងឆ្នាំ ២០១៥ ។ មួយឆ្នាំក្រោយមក ចន និងប៊ូនី បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ មែនហ្វីស ថែនណេស៊ី ជារយៈពេល ២០ ឆ្នាំបន្ទាប់ពីនាងបានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់នាង ។ កូនប្រុសអាយុ ៤៧ ឆ្នាំរបស់ពួកគេឈ្មោះ រ៉ូប៊ើត បាននិយាយអំពីឪពុករបស់គាត់ថា « ប៉ាពិតជាវិវត្តន៍ខ្លាំងណាស់ចាប់តាំងពីគាត់បានទទួលបព្វជិតភាព » ។ ប៊ូនីបានបន្ថែមថា « ចន តែងតែជាមនុស្សរីករាយ និងសប្បាយចិត្ត ប៉ុន្តែការទទួលពិធីបរិសុទ្ធ និងការគោរពតាមសេចក្ដីសញ្ញារបស់គាត់ កាន់តែពង្រីកនូវភាពទន់ភ្លន់របស់គាត់ » ។
ដង្វាយធួននៃព្រះគ្រីស្ទ និងគំរូរបស់ទ្រង់
ជាច្រើនឆ្នាំកន្លងទៅប្រធាន ប៊យដ៏ ឃេ ផាកកឺ បានព្រមានថា « ទង្វើល្អបើគ្មានពិធីបរិសុទ្ធនៃដំណឹងល្អទេ នោះនឹងពុំបានប្រោសលោះទាំងពុំបានលើកតម្កើងដល់មនុស្សលោកទេ » ។ តាមពិត យើងពុំគ្រាន់តែត្រូវការពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយដើម្បីត្រឡប់ទៅព្រះវរបិតាយើងវិញប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវការព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ផងដែរ ។
ស្តេច បេនយ៉ាមីន បានបង្រៀនថា មានតែនៅក្នុង និងតាមរយៈព្រះនាមនៃព្រះគ្រីស្ទប៉ុណ្ណោះ ទើបសេចក្ដីសង្គ្រោះអាចកើតមានមកដល់កូនចៅមនុស្ស ( សូមមើល ម៉ូសាយ ៣:១៧ សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:៣ ) ។
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានប្រោសលោះយើងពីផលវិបាកនៃការធ្លាក់របស់លោកអ័ដាម ហើយធ្វើឲ្យយើងអាចមានការប្រែចិត្ត និងការលើកតម្កើងនៅទីបំផុត ។ អស់មួយព្រះជន្មរបស់ទ្រង់ ទ្រង់បានធ្វើជាគំរូសម្រាប់យើងដើម្បីទទួលបានពិធីបរិសុទ្ធនៃការសង្គ្រោះ—ដែលជា « អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ( គ. និង ស. ៨៤:២០ ) ។
បន្ទាប់ពីព្រះអង្គសង្គ្រោះបានទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក « ដើម្បីបំពេញសេចក្ដីសុចរិតគ្រប់យ៉ាង » ( សូមមើល នីហ្វៃទី ២ ៣១:៥-៦ ) សាតាំងបានល្បួងទ្រង់ ។ ដូចគ្នានេះដែរ ការល្បួងរបស់យើងពុំបានបញ្ចប់បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ឬការផ្សារភ្ជាប់នោះទេ ប៉ុន្តែការទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ និងការគោរពតាមសេចក្ដីសញ្ញាដែលជាប់ជាមួយនោះ ជួយបំពេញខ្លួនយើងដោយពន្លឺដ៏អស្ចារ្យ ហើយផ្ដល់កម្លាំងដល់យើងដើម្បីទប់ទល់ ហើយយកឈ្នះការល្បួងទាំងឡាយ ។
ការព្រមាន
អេសាយបានព្យាករថា នៅថ្ងៃចុងក្រោយ « ផែនដីត្រូវស្មោកគ្រោក…ពីព្រោះគេបាន…ធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន » ( អេសាយ ២៤:៥; សូមមើលផងដែរ គ. និង ស. ១:១៥ ) ។
ការព្រមានដែលទាក់ទងមួយបានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស្ម៊ីធ គឺថា មនុស្សមួយចំនួន « ចូលមកជិត [ ព្រះអម្ចាស់ ] ដោយបបូរមាត់របស់គេ …[ ហើយ ] គេបង្រៀនសេចក្ដីដែលជាបញ្ញត្តិរបស់មនុស្សវិញ ដោយមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្តិនោះទេ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៩ ) ។
ប៉ុលក៏បានព្រមានផងដែរថា មនុស្សជាច្រើននឹងមាន « ឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ [ មិនព្រមទទួលស្គាល់ ] ព្រះចេស្ដា ៖ ដែលមកដោយការគោរពប្រតិបត្តិនោះទេ… » ( ធីម៉ូថេទី ២ ៣:៥ ) ។ ខ្ញុំសូមនិយាយឡើងវិញថា សូមងាកចេញពីរឿងនោះ ។
មានការរំខាន និងការល្បួងជាច្រើននៅក្នុងជីវិត គឺជា « ឆ្កែចចកដែលឆ្មក់ស៊ី » ( ម៉ាថាយ ៧:១៥ ) ។ គឺជាអ្នកគង្វាលពិតដែលនឹងរៀបចំ ការពារ ហើយព្រមានដល់ចៀម និងហ្វូងចៀម នៅពេលឆ្កែចចកទាំងនោះកំពុងមក ( សូមមើល យ៉ូហាន ១០:១១–១២ ) ។ ក្នុងនាមជាជំនួយការអ្នកគង្វាលដែលព្យាយាមត្រាប់តាមជីវិតដ៏ឥតខ្ចោះនៃអ្នកគង្វាលល្អ តើយើងពុំមែនជាអ្នកគង្វាលជីវិតផ្ទាល់ខ្លួនរបស់យើង និងជីវិតអ្នកដទៃផងដែរទេឬ តាមរយៈការទូន្មានរបស់ពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈដែលយើងទើបតែគាំទ្រ ហើយដោយព្រះចេស្ដា និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមើលឃើញឆ្កែចចកកំពុងដើរមក បើយើងឃ្លាំមើល ហើយត្រៀមខ្លួននោះ ។ ផ្ទុយទៅវិញ នៅពេលយើងជាអ្នកគង្វាលដែលពុំយកចិត្តទុកដាក់នឹងព្រលឹងយើងផ្ទាល់ និងព្រលឹងអ្នកដទៃ នោះភាពមហន្ដរាយនឹងកើតមាន ។ ភាពពុំយកចិត្តទុកដាក់នាំទៅរកភាពមហន្ដរាយ ។ ខ្ញុំសូមអញ្ជើញឲ្យយើងម្នាក់ៗធ្វើជាអ្នកគង្វាលដ៏ស្មោះត្រង់ ។
បទពិសោធន៍ និងទីបន្ទាល់
ពិធីសាក្រាម៉ង់គឺជាពិធីបរិសុទ្ធមួយដែលជួយយើងស្ថិតនៅលើផ្លូវ ហើយការទទួលទានដោយសក្ដិសមគឺជាភស្ដុតាងថា យើងរក្សាសេចក្ដីសញ្ញាដែលជាប់ទាក់ទងនឹងពិធីបរិសុទ្ធដទៃទៀតទាំងអស់ ។ ប៉ុន្មានឆ្នាំកន្លងទៅ ខណៈដែលភរិយាខ្ញុំ អានីតា និង ខ្ញុំកំពុងបម្រើនៅបេសកកម្មអាខានសាស លីថល រ៉ក ខ្ញុំបានចេញទៅបង្រៀនជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងពីរនាក់ ។ អំឡុងមេរៀនបងប្រុសល្អដែលយើងទៅបង្រៀននោះបាននិយាយថា « ខ្ញុំបានទៅព្រះវិហាររបស់អ្នក ហេតុអ្វីក៏អ្នកត្រូវទទួលទាននំប៉័ង ហើយទឹកជារៀងរាល់ថ្ងៃអាទិត្យដូច្នេះ ? នៅក្នុងព្រះវិហាររបស់យើង ពួកយើងធ្វើតែពីរដងក្នុងមួយឆ្នាំ គឺនៅបុណ្យអ៊ីសស្ទើរ និងបុណ្យគ្រីស្ទម៉ាស់ ហើយនោះគឺជារឿងប្រកបដោយអត្ថន័យណាស់ » ។
យើងចែកចាយជាមួយនឹងគាត់ថា យើងត្រូវបានបញ្ជាឲ្យ « ជួបជុំគ្នាជាញឹកញាប់ដើម្បីទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ » ( មរ៉ូណៃ ៦:៦; សូមមើលផងដែរ គ. និង ស. ២០:៧៥ ) ។ យើងបានអាន ម៉ាថាយ ២៦ និង នីហ្វៃទី ៣ ១៨ ឮៗ ។ គាត់បានឆ្លើយតបថា គាត់នៅតែមិនឃើញថាវាចាំបាច់នោះទេ ។
បន្ទាប់មកយើងបានចែកចាយនូវការប្រៀបធៀបដូចតទៅនេះ ៖ « ចូរស្រមៃថាអ្នកស្ថិតក្នុងឧប្បទ្ទវហេតុរថយន្ដធ្ងន់ធ្ងរមួយ ។ អ្នករងរបួស ហើយសន្លប់បាត់ស្មារតី ។ មានមនុស្សម្នាក់រត់មកឃើញថា អ្នកសន្លប់បាត់ស្មារតី ក៏បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ ៩១១ ។ អ្នកត្រូវបានគេជួយ ហើយដឹងស្មារតីឡើងវិញ ។
ពួកយើងបានសួរបងប្រុសរូបនេះថា « នៅពេលដែលអ្នកដឹងខ្លួនហើយស្គាល់អ្នកដែលនៅជុំវិញអ្នក តើមានសំណួរអ្វីខ្លះដែលអ្នកនឹងសួរ ? »
គាត់បាននិយាយថា « ខ្ញុំនឹងចង់ដឹងថាតើខ្ញុំមកដល់ទីនោះដោយរបៀបណា ហើយនរណានាំខ្ញុំមក ។ ខ្ញុំនឹងចង់ថ្លែងអំណរគុណដល់គាត់រាល់ថ្ងៃ ដោយសារគាត់បានសង្គ្រោះជីវិតខ្ញុំ » ។
ពួកយើងបានចែកចាយជាមួយនឹងបងប្រុសដ៏ល្អរូបនេះអំពីរបៀបដែលព្រះអង្គសង្គ្រោះបានសង្គ្រោះជីវិតរបស់យើង និងរបៀបដែលយើងចាំបាច់ត្រូវថ្លែងអំណរគុណទ្រង់ជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ !
បន្ទាប់មកពួកយើងបានសួរថា « នៅពេលដឹងថាទ្រង់បានប្រទានជីវិតរបស់ទ្រង់ដើម្បីអ្នក និងយើង តើអ្នកចង់ទទួលទាននំប៉័ង និងទឹកដែលជាតំណាងឲ្យព្រះកាយ និងព្រះលោហិតរបស់ទ្រង់ញឹកញាប់ប៉ុណ្ណា ?
គាត់បាននិយាយថា « ខ្ញុំយល់ហើយ ខ្ញុំយល់ហើយ ។ ប៉ុន្តែមានរឿងមួយទៀត ។ ព្រះវិហាររបស់អ្នកពុំអ៊ូអរដូចជាព្រះវិហាររបស់យើងទេ » ។
ចំពោះរឿងនោះពួកយើងបានបន្ដថា « តើអ្នកនឹងធ្វើយ៉ាងណា បើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទយាងកាត់តាមទ្វារនោះ ? »
គាត់និយាយថា « ខ្ញុំនឹងលត់ជង្គង់ចុះភ្លាម » ។
ពួកយើងបានសួរថា « តើនោះពុំមែនជាអ្វីដែលអ្នកទទួលអារម្មណ៍ទេឬអី នៅពេលដែលអ្នកដើរមកក្នុងរោងថ្វាយបង្គំពួកបរិសុទ្ធថ្ងៃចុងក្រោយ—ទាំងមានគារវភាពចំពោះព្រះអង្គសង្គ្រោះ ? »
គាត់បាននិយាយថា « ខ្ញុំយល់ហើយ ខ្ញុំយល់ហើយ ខ្ញុំយល់ហើយ ! » ។
គាត់បានមកព្រះវិហារនៅថ្ងៃអាទិត្យបុណ្យអ៊ីសស្ទើរ ហើយបន្ដត្រឡប់មកវិញ ។
ខ្ញុំសូមអញ្ជើញពួកយើងម្នាក់ៗឲ្យសួរខ្លួនឯងថា « តើពិធីបរិសុទ្ធអ្វីខ្លះរួមទាំង ពិធីសាក្រាម៉ង់ ដែលខ្ញុំចាំបាច់ត្រូវទទួល ហើយតើសេចក្ដីសញ្ញាអ្វីខ្លះដែលខ្ញុំចាំបាច់ត្រូវចុះ រក្សា និងគោរពនោះ ? » ខ្ញុំសន្យាថា ការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការគោរពតាមសេចក្ដីសញ្ញាដែលជាប់ទាក់ទង នឹងនាំពន្លឺដ៏អស្ចារ្យ ហើយការការពារដល់បងប្អូននៅក្នុងពិភពលោកដ៏ងងឹតនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។