ឆ្នាំ ២០១០-២០១៩
មួយ​ថ្ងៃ​ទៀត
ខែ មេសា ឆ្នាំ ២០១៨


2:3

មួយ​ថ្ងៃ​ទៀត

យើង​ទាំងអស់គ្នា​មាន « ថ្ងៃនេះ » ដើម្បី​រស់នៅ ហើយ​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​របស់​យើង​ជោគជ័យ គឺ​ការមាន​ឆន្ទៈ​លះបង់ ។

កា​ល​ពីរ​បី​ឆ្នាំមុន មិត្ត​របស់​ខ្ញុំ​មាន​កូន​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ​ថា ព្រិកហាំ ។ បន្ទាប់ពី​កំណើត​របស់​គាត់ គាត់​មាន​ជំងឺ​ដែល​កម្រ​មាន​មួយ​ដែល​ហៅ​ថា ហាន់ធើរ ស៊ីនដ្រុម ដែល​មាន​ន័យ​ថា ព្រិកហាំ នឹង​មាន​ជីវិត​ខ្លី​គួរ​ឲ្យ​សោកស្ដាយ ។ មាន​ថ្ងៃ​មួយ​នៅ​ពេល​ដែល​ព្រិកហាំ និង​គ្រួសារ​របស់​គាត់​ទៅ​លេង​នៅ​បរិវេណ​ព្រះវិហារបរិសុទ្ធ ព្រិកហាំ​បាន​ប្រកាស​នូវ​ឃ្លា​ដ៏​ជាក់លាក់​មួយ​ដែល​គាត់​និយាយ​ពីរ​ដង​ថា « មួយ​ថ្ងៃ​ទៀត » ។ នៅ​ថ្ងៃ​ស្អែក​ឡើង ព្រិកហាំ បាន​ស្លាប់​ទៅ ។

ព្រិកហាំ
គ្រួសារ​របស់​ព្រិកហាំ
ផ្នូរ​បស់​ព្រិកហាំ

ខ្ញុំ​បាន​ទៅ​មើល​ផ្នូរ​របស់​ព្រិកហាំ​ពីរបី​ដង​ហើយ ហើយ​រាល់​ពេល​ដែល​ខ្ញុំ​ទៅ ខ្ញុំ​បាន​សញ្ជឹង​គិត​អំពី​ឃ្លា​ថា « មួយ​ថ្ងៃ​ទៀត » ។ ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា តើ​​នឹង​មាន​ឥទ្ធិពល​អ្វី​មក​លើ​ជីវិត​ខ្ញុំ​ដើម្បី​ដឹង​ថា ខ្ញុំ​មាន​តែ​មួយ​ថ្ងៃ​ទៀត​ដើម្បី​នៅ​រស់​នោះ ។ តើ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ដាក់​ភរិយា​របស់​ខ្ញុំ កូន​របស់​ខ្ញុំ និង​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​នឹង​អត់ធ្មត់ ហើយ​មាន​ការ​គួរសម​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​អាច​ថែ​ទាំ​រូបកាយ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រាវជ្រាវ​ព្រះគម្ពីរ​ដោយ​ក្លៀវក្លា​យ៉ាង​ដូចម្ដេច ? ខ្ញុំ​គិត​ថា តាម​របៀប​ណា​មួយ​នោះ យើង​ទាំងអស់​គ្នា​នៅ​ត្រង់​ចំណុច​ណា​មួយ​នោះ​នឹង​ដឹងខ្លួន​ថា មាន « មួយ​ថ្ងៃ​ទៀត »—ជា​ការ​ដឹង​ថា យើង​ត្រូវ​តែ​ប្រើ​ពេលវេលា​ដែល​យើង​មាន​ដោយ​ឆ្លាត​វៃ ។

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​អាន​រឿង​របស់​ហេសេគា ជា​ស្ដេច​ពួក​យូដា ។ ព្យាការី​អេសាយ​បាន​ប្រកាស​ទៅ​ហេសេគា​ថា ជីវិត​របស់​ហេសេគា​ហៀប​នឹង​បញ្ចប់​ហើយ ។ នៅពេល​ទ្រង់​ស្ដាប់​ឮ​ពាក្យ​របស់​ព្យាការី ហេសេគា​បាន​ចាប់​ផ្ដើម​អធិស្ឋាន​បាន​ទូលអង្វរ ហើយ​ព្រះកន្សែង​ជា​ខ្លាំង ។ នៅ​ក្នុង​ករណី​នោះ ព្រះយេហូវ៉ា​បាន​បន្ថែម​អាយុ ១៥ ឆ្នាំ​ទៀត​ដល់​ជីវិត​ហេសេគា ។ ( សូមមើល អេសាយ ៣៨:១–៥ ) ។

ប្រសិន​បើ​យើង​ត្រូវ​បាន​ប្រាប់​ថា យើង​មាន​ពេល​ខ្លី​ដើម្បី​រស់នៅ នោះ​យើង​ក៏​នឹង​អាច​ទូល​អង្វរ​សុំ​ឲ្យ​មាន​ពេល​បន្ថែម​ទៀត​ក្នុង​ជីវិត​ដោយ​រៀបរាប់​អំពី​អ្វី​ដែល​យើង​គួរបាន​ធ្វើ ឬ​បាន​ធ្វើ​ផ្សេង​ពី​នោះ ។

នៅក្នុង​ព្រះប្រាជ្ញា​របស់​ទ្រង់ មិន​ថា ព្រះអម្ចាស់​កំណត់​ពេលវេលា​ផ្ដល់​ឲ្យ​យើង​ម្នាក់ៗ​ប៉ុណ្ណា​ទេ រឿង​មួយ​ដែល​យើង​អាច​ដឹង​ច្បាស់​គឺ​ថា ៖ យើង​ទាំងអស់​គ្នា​មាន « ថ្ងៃ​នេះ » ដើម្បី​រស់នៅ ហើយ​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​របស់​យើង​បាន​ជោគជ័យ គឺ​ការ​មាន​ឆន្ទៈ​ធ្វើ​ការ​លះបង់ ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « មើល​ចុះ ឥឡូវ​ត្រូវ​បាន​ហៅ​ថា ថ្ងៃនេះ រហូត​ដល់​ការ​យាង​មក​នៃ​កូន​មនុស្ស ហើយ​ប្រាកដ​មែន គឺ​ជា​ថ្ងៃ​នៃ​ការ​បូជា » គ. និង ស. ៦៤:២៣ គូសបញ្ជាក់​បន្ថែម ) ។

ពាក្យ​ថា បូជា ចេញ​មក​ពី​ពាក្យ​ឡាតាំង sacer ដែល​មាន​ន័យ​ថា « ពិសិដ្ឋ » និងពាក្យ facere មាន​ន័យ​ថា « ធ្វើ​ឲ្យ »—ជា​ពាក្យ​ម្យ៉ាង​ទៀត​ថា ធ្វើ​ឲ្យ​ពិសិដ្ឋ ដើម្បី​នាំ​កិត្តិយស​ដល់​ពួកគេ ។

« ពលិកម្ម​នាំមក​នូវ​ពរជ័យ​ពី​ស្ថានសួគ៌ » ( « សរសើរ​ដល់​លោក » ទំនុកតម្កើង លេខ ១៣១ ) ។

តើការ​លះបង់​នាំ​ឲ្យ​ថ្ងៃ​របស់​យើង​មាន​អត្ថន័យ និង​ពរជ័យ​តាម​របៀប​ណា ?

ទីមួយ ការលះបង់​​ផ្ទាល់​ខ្លួន​ពង្រឹង​យើង ហើយ​ផ្ដល់​តម្លៃ​ចំពោះ​អ្វីៗ​ដែល​យើង​ពលិកម្ម​នោះ ។

កាល​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ថ្ងៃ​អាទិត្យ​តមអាហារ មាន​ស្ត្រី​ចំណាស់​ម្នាក់​បាន​ឡើង​ទៅ​លើ​វេទិកា​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ។ គាត់​រស់នៅ​ក្នុង​ទីក្រុង​ឈ្មោះ​ថា អ៊ីខ្វីតូស ដែល​នៅ ភារ៉ូវៀន អាម៉ាស្សូន ។ គាត់​បាន​ប្រាប់​យើង​ថា ចាប់​តាំង​ពី​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​តែងតែ​មាន​គោលដៅ​ចង់​ទទួល​បាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​លីម៉ា ប៉េរូ ។ គាត់​បាន​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ហើយ​បាន​សន្សំ​ចំណូល​ដ៏​ស្ដួចស្ដើង​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ ។

អំណរ​របស់​គាត់​ចំពោះការ​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការ​ទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ បាន​បង្ហាញ​តាម​ពាក្យ​សម្ដី​ទាំងនេះ​ថា ៖ « ថ្ងៃ​នេះ ខ្ញុំ​អាច​និយាយ​ថា ទីបំផុត​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទៅ​ឆ្លងកាត់​វាំងនន ។ ខ្ញុំ​ជា​ស្ត្រី​ដែល​មាន​សុភមង្គល​បំផុត​ក្នុង​លោក​នេះ ខ្ញុំ​បាន​សន្សំ​ប្រាក់ បងប្អូន​ពុំ​ដឹងទេ​ថា​សន្សំ​យូរ​ប៉ុណ្ណា​នោះ ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់ពី​ការធ្វើ​ដំណើរ​រយៈពេល​ប្រាំពីរ​ថ្ងៃ​នៅ​លើ​ទឹកទន្លេ និង​រយៈពេល ១៨ ម៉ោង​នៅ​លើ​ឡាន​ក្រុង ទីបំផុត​ខ្ញុំ​បាន​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅពេល​ចាក​ចេញ​ពី​ទី​ដ៏​បរិសុទ្ធ​នោះ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើការ​លះបង់​ទាំងអស់​នេះ ដើម្បី​ខ្ញុំ​អាច​មក​ដល់​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វី​ណា​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដីសញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ឡើយ បើ​ដូច្នោះ​វា​ខ្ជះខ្ជាយ​ណាស់ ។ នេះ​គឺ​ជា​ការ​តាំង​ចិត្ត​ដ៏​មុតមាំ​បំផុត​មួយ ! » ។

ខ្ញុំ​បាន​រៀន​មក​ពី​បងស្រ្ដី​ដ៏​គួរ​ស្រឡាញ់​នេះ​ថា ការលះបង់​ផ្ទាល់​ខ្លួន​គឺ​ជា​កម្លាំង​ដ៏​មាន​តម្លៃ​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន ដឹកនាំ​ការ​សម្រេចចិត្ត និង​ការ​ប្ដេជ្ញាចិត្ត​របស់​យើង ។ ការលះបង់​ផ្ទាល់​ខ្លួន​ដឹកនាំ​សកម្មភាព ការ​តាំងចិត្ត​របស់​យើង ហើយ​ចុះ​សេចក្ដីសញ្ញា និង​ផ្ដល់​អត្ថន័យ​ចំពោះ​រឿង​ពិសិដ្ឋ ។

ទីពីរ ការលះបង់​ដែល​យើង​ធ្វើ​សម្រាប់​អ្នកដទៃ និង​អ្នកដទៃ​ធ្វើ​សម្រាប់​យើង គឺ​នាំ​ឲ្យ​មាន​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​គ្នា ។

កាល​ខ្ញុំ​ជា​និសិត្ស​ពេទ្យធ្មេញ ហិរញ្ញវត្ថុ​នៃ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​យើង​ពុំ​ល្អ​នោះ​ទេ ។ អតិផរណា​បាន​ទម្លាក់​តម្លៃ​រូបិយវត្ថុ​យ៉ាង​ខ្លាំងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ខ្ញុំ​នៅ​ចាំ​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ការ​ហាត់​រៀន​វះកាត់ ខ្ញុំ​ចាំបាច់​ត្រូវ​មាន​ឧបករណ៍​វះកាត់​ចាំបាច់​ទាំងអស់​ពីមុន​ចុះ​ឈ្មោះ​នៅ​ត្រីមាស​នោះ ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​សន្សំ​ប្រាក់​ទាំងអស់ ។ ប៉ុន្តែ​នៅ​យប់​មួយ​មាន​អ្វី​ដ៏​អាក្រក់​បាន​កើតឡើង ។ ពេល​ពួក​យើ​ង​បាន​ទៅ​ទិញ​ឧបករណ៍​បាន​រកឃើញ​ថា ប្រាក់​ដែល​យើង​ត្រូវ​ទិញបាន​ឧបករណ៍​ទាំងអស់ ឥឡូវ​បែរ​ជា​ល្មម​បាន​ត្រឹមតែ​ទិញ​ចន្ទៀស​មួយ​គូ​ប៉ុណ្ណោះ—មិន​អាច​ទិញ​អ្វី​ផ្សេង​ទៀត​ទេ ។ ពួក​យើង​បាន​ត្រឡប់មក​ផ្ទះវិញ​ដោយ​ដៃ​ទទេ ទាំង​ដួងចិត្ត​ទុក្ខព្រួយ​ពេល​គិត​ថា ខ្ញុំ​ធ្លាក់​មួយ​ត្រីមាស​នៅក្នុង​មហាវិទ្យាល័យ​របស់​ខ្ញុំ​ហើយ ។​ តែ​ទោះ​ជា​យ៉ាងណា រំពេច​នោះ ម្ដាយ​ខ្ញុំ​បាន​និយាយ​ថា « ថេលើរ មក​ជាមួយ​ម៉ាក់ តោះ​ចេញ​ទៅ​ក្រៅ » ។

ខ្ញុំ​បាន​ទៅ​ទីក្រុង​ដែល​មាន​កន្លែង​លក់ដូរ​គ្រឿង​អលង្ការ​ជា​ច្រើន ។ នៅពេល​យើង​ទៅ​ដល់​ហាង​មួយ ម្ដាយ​របស់​ខ្ញុំ​បាន​បើក​កាបូប​របស់​គាត់​យក​ថង់កាំម្ញី​ពណ៌​ខៀវ​តូច​មួយ​ចេញ​មក ដែល​មាន​ខ្សែក​មាស​ដ៏​ស្អាត​ដែល​មាន​ផ្លាក​សរសេរ​ថា « ចំពោះ​កូន​ស្រី​ជា​ទីស្រឡាញ់​របស់​ឪពុក ពី​ឪពុក​របស់​កូន » ។ វា​គឺ​ជា​ខ្សែក​មួយ​ដែល​លោកតា​របស់​ខ្ញុំ​បាន​ឲ្យ​ទៅ​ម្តាយ​ខ្ញុំ​នៅ​ថ្ងៃ​ខួប​កំណើត​មួយ​របស់​គាត់ ។ គាត់​បាន​លក់​វា​នៅ​ចំពោះ​មុខ​ខ្ញុំ ។

នៅពេល​គាត់​ទទួល​បាន​ប្រាក់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « មាន​រឿង​មួយ​ដែល​ម៉ាក់​ដឹង​ប្រាកដ គឺ​ថា​កូន​នឹង​ក្លាយ​ជា​ទន្ដពេទ្យ ។ តោះទៅ​ទិញ​ឧបករណ៍​ទាំងអស់​ដែល​កូន​ត្រូវការ » ។ ឥឡូវ តើ​បងប្អូន​នឹក​ស្រមៃ​ថា​ខ្ញុំ​ក្លាយជា​និសិត្ស​ប្រភេទ​ណា​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ? ខ្ញុំ​ចង់​ធ្វើ​ជា​និសិត្ស​ដ៏​ពូកែ​បំផុត ហើយ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​ឲ្យ​ឆាប់​បំផុត ដោយសារ​ខ្ញុំ​ដឹង​ពី​តម្លៃ​ដ៏​ធំធេង​នៃ​ការលះបង់​ដែល​ម្ដាយ​ខ្ញុំ​បាន​ធ្វើ ។

ខ្ញុំ​បាន​ដឹង​ថា ការលះបង់​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ធ្វើ​សម្រាប់​យើង បាន​ធ្វើ​ឲ្យ​យើង​ស្រស់​ស្រាយ​ដូចជា​ទឹក​ត្រជាក់​នៅ​កណ្ដាល​វាល​ខ្សាច់​ដូច្នោះ​ដែរ ។ ការលះបង់​ដូច្នេះ​នាំ​ឲ្យ​មាន​សេចក្ដីសង្ឃឹម និង​ការ​លើកទឹក​ចិត្ត ។

ទីបី ការលះបង់​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​គឺ​តូចតាច​បើ​ប្រៀបធៀប​ទៅនឹង​ការលះបង់​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

តើ​ខ្សែក​មាស​របស់​មនុស្ស​ជា​ទីស្រឡាញ់​មាន​តម្លៃ​ប៉ុន្មាន បើ​ប្រៀបធៀប​នឹង​ការលះបង់​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ? តើ​យើង​អាច​គោរព​ដល់​ការ​លះបង់​ដ៏​គ្មាន​ដែន​កំណត់​បាន​ដោយ​របៀប​ណា ? ជា​រៀងរាល់​ថ្ងៃ យើង​អាច​ចងចាំ​ថា យើងមាន​មួយ​ថ្ងៃ​ទៀត​ដើម្បី​រស់នៅ និង​ស្មោះត្រង់ ។ អាមូលេក​បាន​បង្រៀន​ថា « ចេញ​មក ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ទៀត​ឡើយ ដ្បិត​មើល​ចុះ ឥឡូវនេះ​គឺ​ជា​ពេលវេលា និងថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​របស់​អ្នក​ហើយ ហេតុដូច្នេះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ប្រែចិត្ត ហើយ​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ រំពេច​នោះ ផែន​ការនៃ​សេចក្ដីប្រោសលោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់អ្នក » ( អាលម៉ា ៣៤:៣១ ) ។ ជា​ពាក្យ​ម្យ៉ាង​ទៀត បើ​យើង​នឹង​ថ្វាយ​ការលះបង់​ចំពោះ​ព្រះអម្ចាស់​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប រំពេច​នោះ​ពរជ័យ​ទាំងឡាយ​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា នឹង​បើក​សម្ដែង​នៅក្នុង​ជីវិត​របស់​យើង ។

ផែនការ​នៃ​ការ​ប្រោសលោះ គឺ​មាន​ជា​ការអរគុណ​ចំពោះ​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ទ្រង់​បាន​ពិពណ៌នា​ដោយ​ផ្ទាល់​ថា « ពលិកម្ម​ដែល​បណ្តាល​ឲ្យ​យើង គឺ​ជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំងអស់ ត្រូវ​ញ័រ​ដោយសារ​តែ​ការឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រងទុក្ខ​ព្រម​ទាំង​រូបកាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច » ( គ. និង ស. ១៩: ១៨ ) ។

ហើយ​ពីព្រោះ​តែ​ការ​ពលិកម្ម​នេះ បន្ទាប់ពី​ការធ្វើតាម​ដំណើរការ​នៃ​ការ​ប្រែចិត្ត​ដោយ​ស្មោះ នោះ​យើង​អាច​ដឹង​ថា​ទម្ងន់​នៃ​កំហុស និង​អំពើបាប​របស់​យើង​ត្រូវ​បាន​ដក​ចេញ ។ តាមពិត កំហុស​ឆ្គង ការខ្មាសអៀន ការឈឺចាប់ ការ​សោកសៅ និង​ការ​មើល​ងាយ​ខ្លួន​យើង ត្រូវ​បាន​ជំនួស​ដោយ​មនសិការ​ដ៏​ច្បាស់​មួយ សុភមង្គល អំណរ និង​ក្ដីសង្ឃឹម ។

ក្នុង​ពេល​ដដែល​នេះ នៅពេល​យើង​គោរព ហើយ​ដឹង​គុណ​ចំពោះ​ការ​ពលិកម្ម​របស់​ទ្រង់ យើងអាច​ទទួល​បាន​រង្វាស់​ដ៏​ធំមួយ ដោយ​មាន​បំណង​ប្រាថ្នា​ដ៏​ម៉ឺងម៉ាត់​ដើម្បី​ក្លាយ​ជា​បុត្រាបុត្រី​កាន់តែ​ល្អ​របស់​ព្រះ ដើម្បី​នៅ​ឆ្ងាយពី​អំពើបាប ហើយ​រក្សា​សេចក្ដីសញ្ញា​ដែល​ពុំ​ដែល​បាន​ធ្វើកាលពីមុន ។

ក៏​ដូចជា​អេណុស​ បន្ទាប់ពី​បាន​ទទួល​ការ​អភ័យទោស​ពី​អំពើបាប​របស់​លោក យើង​នឹង​ដឹង​ពី​បំណងប្រាថ្នា​ដើម្បី​លះបង់​ខ្លួន​យើង ហើយ​ស្វែងរក​សុខុមាលភាព​នៃ​បងប្អូន​ប្រុស​ស្រី​របស់​យើង ( សូមមើលអេណុស ១:៩ ) ។ ហើយ​យើង​នឹង​កាន់តែ​មាន​ឆន្ទៈគ្រប់ « ថ្ងៃ​មួយ​ទៀត » ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​ដែល​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ផ្ដល់​ឲ្យ​យើង​នៅពេល​លោក​មាន​ប្រសាសន៍​ថា ៖ « ផ្សះផ្សា​ជម្លោះ ។ ស្វែងរក​មិត្ត​ដែល​ត្រូវ​បាន​ភ្លេច ។ លុប​បំបាត់​ភាព​សង្ស័យ ហើយ​ជំនួស​វិញ​ដោយ​ទំនុក​ចិត្ត ។… ឆ្លើយ​ដោយ​ទន់ភ្លន់ ។ លើក​ទឹកចិត្ត​ដល់​យុវវ័យ ។ បង្ហាញ​ពី​ភាព​ថ្លៃថ្នូ​ទាំង​ក្នុង​ពាក្យ​សម្ដី និង​ទង្វើ ។ រក្សា​ការ​សន្យា ។ បោះបង់​ការ​គុំគួន ។ អភ័យទោស​ដល់​សត្រូវ ។ សូម​ការអភ័យទោស ។ ព្យាយាម​យល់​ចិត្ត ។ ពិនិត្យ​មើល​តម្រូវការ​របស់​អ្នក​ចំពោះ​អ្នក​ដទៃ ។ គិត​អំពី​នរណា​ម្នាក់​ទៀត​ជា​មុន ។ មាន​ចិត្ត​ល្អ ។ ទន់ភ្លន់ ។ សើច​ច្រើន​ជាង​មុន ។ បង្ហាញ​នូវ​ការ​ដឹងគុណ​របស់​អ្នក ។ ស្វាគមន៍​មនុស្ស​ចម្លែក ។ ធ្វើ​ឲ្យ​ដួងចិត្ត​កុមារ​បាន​រីករាយ ។… និយាយ​ពី​ការស្រឡាញ់​របស់​អ្នក បន្ទាប់​មក​និយាយ​វា​ម្ដងទៀត » ( Teachings of Presidents of the Church: Howard W. Hunter [ ឆ្នាំ ២០១៥ ] ទំព័រ ៣២ បាន​សម្រួល​មកពី « What We Think Christmas Is » McCall’s ខែ ធ្នូ ឆ្នាំ ១៩៥៩ ទំព័រ ៨២–៨៣ ) ។

ចូរ​ឲ្យ​យើង​បំពេញ​ថ្ងៃ​របស់​យើង​ជាមួយ​នឹង​សន្ទុះ និង​កម្លាំង​ដែល​ការលះបង់​ផ្ទាល់ខ្លួន និង​ការលះបង់​ដែល​យើង​បាន​ធ្វើ ឬ​ការ​លះបង់​ដែល​បាន​ទទួល​មក​ពី​អ្នកដទៃ ។ ហើយ​តាម​របៀប​ដ៏​ពិសេស​មួយ សូម​យើង​រីករាយ​នឹង​ភាព​សុខសាន្ដ និង​អំណរ​ដែល​ការពលិកម្ម​របស់​ព្រះរាជបុត្រា​សំណព្វ​បាន​ប្រទាន​ដល់​យើង មែនហើយ ជា​ភាពសុខសាន្ដ​ដែល​បាន​ថ្លែង នៅពេល​យើងអាន​ថា អ័ដាម​ធ្លាក់​ខ្លួន ដើម្បី​ឲ្យមាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក—គឺ​បងប្អូន—ដើម្បី​បងប្អូន​អាច​មាន​អំណរ ( សូមមើល​នីហ្វៃទី ២ ២:២៥ ) ។ អំណរនោះ​គឺ​ជា​អំណរ​ពិត​ដែល​មានតែ​ការ​ពលិកម្ម និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ ប៉ុណ្ណោះ​ទើប​អាច​ផ្ដល់​ឲ្យ​បាន ។

ខ្ញុំ​សូម​អធិស្ឋាន​សុំ​ឲ្យ​ពួក​យើង​ធ្វើ​តាម​ទ្រង់ ជឿ​ទ្រង់ ស្រឡាញ់​ទ្រង់ ហើយ​ដឹង​ពី​សេចក្ដីស្រឡាញ់​ដែល​បាន​បង្ហាញ​តាមរយៈ​ការ​ពលិកម្ម​របស់​ទ្រង់​នៅ​គ្រប់​ពេល​ដែល​យើង​មាន​ឱកាស​ដើម្បី​រស់នៅ​មួយ​ថ្ងៃ​ទៀត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។