ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ
យើងអាចទទួលបានភាពសុខសាន្តដ៏ពេញលេញ និងការធ្វើជាដៃគូនឹងព្រះអង្គសង្គ្រោះរបស់យើង នៅពេលយើងរៀនអភ័យទោសដល់ជនដែលរំលងនឹងយើង ។
« លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗ នោះគេយកគ្រឿងក្រអូបដែលរៀបចំនោះ នាំគ្នាទៅឯផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ ។
គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ ។
តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ ។
កំពុងដែលមានសេចក្តីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងពា្រយឈរជិតគេ ។
គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ?
ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ » ។
ថ្ងៃស្អែកគឺជាថ្ងៃបុណ្យអ៊ីស្ទើរ យើងនឹងចងចាំតាមវិធីពិសេសមួយចំពោះអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ នៅទីបំផុត យើងនឹងបានរស់ឡើងវិញដូចជាទ្រង់ ហើយរស់ជារៀងរហូត ។
តាមរយៈអព្ភូតហេតុនៃដង្វាយធួនដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ យើងក៏អាចទទួលអំណោយទាននៃការអភ័យទោសពីអំពើបាប និងកំហុសរបស់យើងផងដែរ បើយើងទទួលយកឱកាស និងការទទួលខុសត្រូវនៃការប្រែចិត្ត ។ ហើយដោយការទទួលពិធីបរិសុទ្ធចាំបាច់ ការរក្សាសេចក្ដីសញ្ញា និងការគោពតាមបទបញ្ញត្តិ យើងអាចទទួលបានជីវិតអស់កល្បជានិច្ច និងភាពតម្កើងឡើង ។
នៅថ្ងៃនេះ ខ្ញុំចង់ផ្ដោតលើការអភ័យទោស ដែលជាអំណោយទានដ៏ចាំបាច់ ហើយមានតម្លៃដែលព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង ។
នាយប់មួយក្នុងខែ ធ្នូ ឆ្នាំ១៩៨២ ភរិយាខ្ញុំ ធែរី និងខ្ញុំបានភ្ញាក់ឡើងដោយសារសំឡេងទូរសព្ទមួយនៅក្នុងផ្ទះរបស់យើង នៅប៉ូកាតេឡូ រដ្ឋអៃដាហូ ។ នៅពេលខ្ញុំលើកទូរសព្ទ ខ្ញុំបានឮតែសំឡេងខ្សឹបខ្សួលប៉ុណ្ណោះ ។ នៅទីបំផុត បងស្រីខ្ញុំបាននិយាយទាំងពិបាកចិត្តថា « ថមមី បានស្លាប់ហើយ » ។
មានអ្នកបើកឡានម្នាក់វ័យ ២០ ឆ្នាំ ស្រវឹងស្រាបានបើកឡានក្នុងល្បឿនយ៉ាងលឿនលើសពី ១៣៥ គ.ម. ក្នុងមួយម៉ោង កាត់ភ្លើងក្រហមនៅជាយក្រុងឌេនវើរ រដ្ឋខូឡូរ៉ាដូ ។ គាត់បានបើកឡានទៅបុកឡានប្អូនប្រុសរបស់ខ្ញុំ ថមមី យ៉ាងខ្លាំង ហើយធ្វើឲ្យគាត់ និងភរិយាគាត់ ចូអាន ស្លាប់ភ្លាមៗ ។ ពួកគេបានបើកឡានត្រឡប់ទៅផ្ទះវិញដែលមានកូនស្រីម្នាក់នៅចាំ បន្ទាប់ពីពិធីជប់លៀងបុណ្យគ្រីស្ទម៉ាស់មួយ ។
រំពេចនោះភរិយាខ្ញុំ និងខ្ញុំបានជិះយន្តហោះទៅឌេនវើរ ហើយបានធ្វើដំណើរទៅបន្ទប់រក្សាសាកសពក្នុងមន្ទីរពេទ្យ ។ យើងបានជួបជុំនឹងឪពុកម្ដាយ និងសាច់ញាតិរបស់ខ្ញុំ ហើយបានសោកសៅដោយបាត់បង់ ថមមី និងចូអាន ជាទីស្រឡាញ់របស់យើង ។ យើងបានបាត់បង់ពួកគេដោយសារតែអំពើឧក្រិដ្ឋដែលមិនសមហេតុផលមួយ ។ ពួកយើងបានខូចចិត្ត ហើយខ្ញុំបានចាប់ផ្ដើមមានកំហឹងយ៉ាងខ្លាំងចំពោះយុវជនល្មើសនោះ ។
ថមមី គឺជាមេធាវីម្នាក់នៅក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ហើយជិតក្លាយជាអ្នកតស៊ូមតិដ៏រឹងមាំសម្រាប់ការការពារដី និងធនធានធម្មជាតិរបស់អាមេរិកដើមក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
មួយរយៈក្រោយមក តុលាការបានកាត់ទោសយុវជននោះឲ្យជាប់ទោសពីបទសម្លាប់មនុស្ស ។ ឪពុកម្ដាយ និងបងស្រីច្បងរបស់ខ្ញុំ ខាធី បានចូលរួមការកាត់ទោសនោះទាំងទុក្ខក្រៀមក្រំ និងភាពសោកសៅ ។ ឪពុកម្ដាយរបស់អ្នកបើកឡានស្រវឹងស្រានោះក៏នៅទីនោះដែរ ហើយបន្ទាប់ពីការកាត់ទោសបានបញ្ចប់ទៅ ពួកគេបានអង្គុយនៅលើកៅអីវែងមួយ ហើយយំ ។ ឪពុកម្ដាយ និងបងស្រីខ្ញុំបានអង្គុយនៅក្បែរនោះ កាលពួកគាត់បានខិតខំទប់អារម្មណ៍របស់ខ្លួនឯង ។ ក្រោយមកទៀត ឪពុកម្ដាយ និងបងស្រីខ្ញុំបានក្រោកឡើងដើរសំដៅទៅឪពុកម្ដាយរបស់អ្នកបើកឡាននោះ ហើយបានផ្ដល់នូវការលួងលោមចិត្ត និងការអភ័យទោសដល់ពួកគេ ។ ឪពុកទាំងពីរបានចាប់ដៃគ្នា ហើយម្ដាយទាំងពីរបានកាន់ដៃគ្នា យើងទាំងអស់គ្នាពោរពេញដោយភាពសោកសៅដ៏ក្រៀមក្រំ ហើយទទួលស្គាល់ថា គ្រួសារទាំងសងខាងបានរងការឈឺចាប់យ៉ាងខ្លាំង ។ ម៉ាក់ ប៉ា និងខាតធី បានចាកចេញទៅដោយភាពរឹងមាំ និងភាពក្លាហានដ៏ស្ងាត់ស្ងៀម ហើយបានបង្ហាញដល់គ្រួសារយើងអំពីអត្ថន័យនៃការអភ័យទោស ។
ការផ្ដល់ការអភ័យទោសនៅក្នុងគ្រាទាំងនោះបានបន្ទន់ចិត្តខ្ញុំ ហើយបានបើកផ្លូវមួយទៅរកការព្យាបាល ។ យូរៗទៅ ខ្ញុំបានរៀនមានដួងចិត្តអភ័យទោសមួយ ។ មានតែតាមរយៈជំនួយរបស់ម្ចាស់នៃមេត្រីភាពប៉ុណ្ណោះ ទើបបន្ទុកដ៏ឈឺចាប់របស់ខ្ញុំត្រូវបានសម្រាល ។ ក្នុងចិត្តខ្ញុំនៅតែនឹកថមមី និងចូអាន ជានិច្ច ប៉ុន្តែការអភ័យទោសនៅពេលនេះអនុញ្ញាតឲ្យខ្ញុំចងចាំពួកគេជាមួយនឹងអំណរដ៏មានសេរីភាពមួយ ។ ហើយខ្ញុំដឹងថា យើងនឹងជួបជុំគ្នាជាគ្រួសារម្ដងទៀត ។
ខ្ញុំពុំមែនណែនាំថា ឲ្យយើងលើកលែងទោសដល់ទង្វើខុសច្បាប់នោះទេ ។ យើងយល់យ៉ាងច្បាស់ថា បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋ និងកំហុសរដ្ឋប្បវេណីរបស់ខ្លួន ។ ប៉ុន្តែយើងក៏ដឹងដែរថា ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ នោះយើងធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវតែអភ័យទោស ទោះជាពេលដែលមនុស្សដទៃទំនងជាមិនស័ក្ដិសមនឹងការអភ័យទោសរបស់យើងក្ដី ។
ព្រះអង្គសង្គ្រោះបានបង្រៀន ៖
« ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ ៖
តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ » ។
យើងអាចទទួលបានភាពសុខសាន្តដ៏ពេញលេញ និងការធ្វើជាដៃគូនឹងព្រះអង្គសង្គ្រោះរបស់យើង នៅពេលយើងរៀនអភ័យទោសដល់ជនដែលរំលងនឹងយើង ។ ការធ្វើជាដៃគូនេះនាំយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់យើងតាមវិធីមួយដ៏អស្ចារ្យ ហើយដែលមិនអាចបំភ្លេចបានឡើយ ។
សាវកប៉ុលបានទូន្មាន ៖
« ដូច្នេះ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង …ដល់ព្រះចុះ
ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក … ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ » ។
ព្រះអម្ចាស់ផ្ទាល់បានប្រកាស ៖
« ហេតុដូច្នោះហើយ យើងប្រាប់អ្នកថា អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ដ្បិតអ្នកណាដែលមិនអត់ទោសដល់បងប្អូនរបស់ខ្លួនចំពោះការរំលងរបស់គេទេ នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះគឺជាបាបដ៏ធំជាង ។
យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញគឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះគឺព្រះយេស៊ូវគ្រីស្ទយើងមានភាពច្បាស់លាស់ អ្នកមានបាបត្រូវតែយល់ព្រមអភ័យទោសដល់មនុស្សដទៃ បើគាត់សង្ឃឹមចង់ទទួលបានការអភ័យទោសដែរ ។
បងប្អូនប្រុសស្រី នៅក្នុងជីវិតរបស់យើង តើមានមនុស្សដែលធ្វើឲ្យយើងឈឺចាប់ដែរឬទេ ? តើយើងមានអ្វីដែលមើលទៅដូចជាមានអារម្មណ៍ថាមានអំនួត និងកំហឹងដែរឬទេ ? តើយើងកំពុងបណ្ដោយឲ្យអំនួតរារាំងយើងពីការអភ័យទោស និងការបំភ្លេចវាចោលដែរឬទេ ? ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាឲ្យអភ័យទោសទាំងស្រុង ហើយអនុញ្ញាតឲ្យការព្យាបាលកើតឡើងនៅក្នុងចិត្ត ។ ហើយទោះជាការអភ័យទោសមិនកើតមាននៅថ្ងៃនេះក្ដី សូមដឹងថា នៅពេលយើងចង់ធ្វើវា ហើយខិតខំធ្វើវា នោះវានឹងកើតឡើង—ដូចជាវាបានកើតឡើងចំពោះខ្ញុំនៅទីបញ្ចប់ ក្រោយពីការស្លាប់របស់ប្អូនប្រុសខ្ញុំដែរ ។
សូមចងចាំថា កត្តាដ៏សំខាន់មួយនៃការអភ័យទោសរួមមាននូវការអភ័យទោសដល់ខ្លួនឯងផងដែរ ។
ព្រះអម្ចាស់បានមានបន្ទូលថា« អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថា បានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ » ។
នៅថ្ងៃនេះ ខ្ញុំសូមអង្វរដល់យើងទាំងអស់គ្នាឲ្យចងចាំ ហើយធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅលើឈើឆ្កាងនៃភ្នំគាល់កូថា នៅក្នុងការឈឺចាប់យ៉ាងខ្លាំងរបស់ទ្រង់ ទ្រង់បានបន្លឺបន្ទូលទាំងនេះ ៖« ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ។
ដោយមានស្មារតីនៃការអភ័យទោសមួយ និងការធ្វើតាមវា ដូចជាឪពុកម្ដាយ និងបងស្រីខ្ញុំបានធ្វើ នោះយើងអាចស្គាល់អំពីការសន្យារបស់ព្រះអង្គសង្គ្រោះ ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យនោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ។
ខ្ញុំសូមធ្វើជាសាក្សីថា សេចក្ដីសុខសាន្តនេះនឹងកើតមានក្នុងជីវិតរបស់យើង នៅពេលយើងស្ដាប់តាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមគំរូរបស់ទ្រង់ដោយការអភ័យទោសដល់មនុស្សដទៃ ។ នៅពេលយើងអភ័យទោស ខ្ញុំសូមសន្យាថា ព្រះអង្គសង្គ្រោះនឹងពង្រឹងយើង ហើយព្រះចេស្ដារបស់ទ្រង់ និងអំណរនឹងកើតមាននៅក្នុងជីវិតរបស់យើង ។
ផ្នូរនោះនៅទទេស្អាត ។ ព្រះគ្រីស្ទមានព្រះជន្មរស់ ។ ខ្ញុំស្គាល់ទ្រង់ ។ ខ្ញុំស្រឡាញ់ទ្រង់ ។ ខ្ញុំមានអំណរគុណចំពោះព្រះគុណរបស់ទ្រង់ ដែលជាអនុភាពដ៏រឹងមាំដែលមានល្មមគ្រប់គ្រាន់ដើម្បីព្យាបាលអ្វីៗគ្រប់យ៉ាង ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។