កូរ៉ុមអែលឌើរ
ការមានកូរ៉ុមបព្វជិតភាពមិលគីស្សាដែកមួយនៅក្នុងវួដបង្រួបបង្រួមពួកអ្នកកាន់បព្វជិតភាពដើម្បីសម្រេចនូវគ្រប់កត្តាទាំងអស់ក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។
មិនយូរប៉ុន្មាន បន្ទាប់ពីសាសនាចក្រត្រូវបានរៀបចំឡើងនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ព្រះអម្ចាស់បានមានបន្ទូលនៅក្នុងវិវរណៈមួយថា « ហើយដោយសារការអធិស្ឋានដោយនូវសេចក្ដីជំនឿរបស់អ្នក នោះអ្នករាល់គ្នានឹងបានទទួលក្រឹត្យវិន័យរបស់យើង ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានចេះត្រួតត្រាសាសនាចក្ររបស់យើង ហើយឲ្យមានអ្វីត្រឹមត្រូវសព្វគ្រប់នៅចំពោះយើង » ។ គោលការណ៍នេះត្រូវបានធ្វើតាមនៅក្នុងសាសនាចក្រ—ហើយការសន្យានោះត្រូវបានព្រះអម្ចាស់ឲ្យតម្លៃ—តាំងពីពេលនោះមក ។ គំរូសម្រាប់ការរៀបចំ និងការបម្រើនៃបព្វជិតភាពត្រូវបានបើកសម្ដែងពីមួយគ្រាទៅមួយគ្រា ចាប់ផ្ដើមជាមួយព្យាការី យ៉ូសែប ស៊្មីធ នៅពេលតំណែង និងកូរ៉ុមបព្វជិតភាពត្រូវបានស្ថាបនាជាលើកដំបូង ។ ការរីកចម្រើនសំខាន់ៗត្រូវបានបើកសម្ដែង ហើយអនុវត្តអំឡុងនៃការកាន់តំណែងរបស់ប្រធាន ព្រិកហាំ យ៉ង់, យ៉ូហាន ថេលើរ និង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ជាមួយការគោរពដល់កូរ៉ុមនៃពួកដប់ពីរនាក់ ពួកចិតសិបនាក់ ពួកសង្ឃជាន់ខ្ពស់ ព្រមទាំងតំណែង និងកូរ៉ុមផ្សេងទៀតទាំងនៅក្នុងបព្វជិតភាពមិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ។ ឥឡូវនេះ នៅក្នុងសេចក្ដីថ្លែងការជាប្រវត្តិសាស្ត្រពីមុននេះបន្តិច ប្រធាន រ័សុល អិម ណិលសុន បានប្រកាសអំពីការកែតម្រូវដ៏សំខាន់មួយបន្ថែមទៀត ។
ខ្ញុំសូមអានម្ដងទៀតនូវសេចក្ដីថ្លែងមួយចំនួនរបស់លោកដូចតទៅ ៖ « នៅរាត្រីនេះ យើងប្រកាសអំពីការរៀបចំឡើងវិញដ៏សំខាន់មួយនៃកូរ៉ុមបព្វជិតភាពមិលគីស្សាដែករបស់យើងដើម្បីសម្រេចបានកិច្ចការរបស់ព្រះអម្ចាស់ឲ្យកាន់តែមានប្រសិទ្ធភាព ។ ឥឡូវនេះ នៅក្នុងវួដនីមួយៗ ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរនឹងត្រូវបានដាក់បញ្ចូលគ្នាជាកូរ៉ុមអែលឌើរតែមួយ …[ ហើយ ] សមាសភាពនៃកូរ៉ុម[ សង្ឃជាន់ខ្ពស់ស្ដេក ] នឹងត្រូវផ្អែកទៅលើការហៅបព្វជិតភាពនា ពេលបច្ចុប្បន្ន » ។
ប្រធាន ណិលសុន បានបន្ថែមថា ៖
« ការកែប្រែទាំងនេះត្រូវបានសិក្សាជាច្រើនខែ ។ យើងទទួលអារម្មណ៍នូវសេចក្ដីត្រូវការដ៏ចាំបាច់មួយដើម្បីកែលម្អវិធីដែលយើងមើលថែសមាជិករបស់យើង ។ … ដើម្បីធ្វើកិច្ចការនោះឲ្យបានប្រសើរ យើងត្រូវតែពង្រឹងកូរ៉ុមបព្វជិតភាពរបស់យើង ដើម្បីផ្ដល់ការដឹកនាំកាន់តែអស្ចារ្យដល់ការងារបម្រើនៃសេចក្ដីស្រឡាញ់ និងការគាំទ្រដែលព្រះអម្ចាស់មានចំពោះពួកបរិសុទ្ធរបស់ទ្រង់ ។
« ការកែតម្រូវទាំងនេះត្រូវបានបំផុសគំនិតមកពីព្រះអម្ចាស់ ។ នៅពេលយើងអនុវត្តគោលការណ៍ទាំងនេះ យើងនឹងកាន់តែមានប្រសិទ្ធភាពជាងយើងកាលពីមុនទៅទៀត » ។
ក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ អែលឌើរ រ៉ូណល អេ រ៉ាសបាន និងខ្ញុំនឹងដាក់បន្ថែមនូវព័ត៌មានលម្អិតមួយចំនួនដែលយើងទុកចិត្តថា វានឹងឆ្លើយតបចំពោះសំណួរដែលបងប្អូនអាចមាន ។
កូរ៉ុមអែលឌើរ និងសង្ឃជាន់ខ្ពស់
ទីមួយ ដើម្បីអះអាងជាថ្មីម្ដងទៀត តើការកែតម្រូវចំពោះក្រុមសង្ឃជាន់ខ្ពស់ និងកូរ៉ុមអែលឌើរមានអ្វីខ្លះ ? នៅក្នុងវួដ សមាជិកកូរ៉ុមអែលឌើរ និងក្រុមសង្ឃជាន់ខ្ពស់ ឥឡូវនេះនឹងដាក់បញ្ចូលគ្នាជាកូរ៉ុមបព្វជិតភាពមិលគីស្សាដែកតែមួយដោយមានគណៈប្រធានតែមួយ ។ កូរ៉ុមនេះ ដោយបានកើនឡើងក្នុងចំនួន និងសាមគ្គីភាព នឹងត្រូវបានចាត់តាំងជា « កូរ៉ុមអែលឌើរ » ។ ក្រុមសង្ឃជាន់ខ្ពស់ត្រូវបានលុបចោល ។ កូរ៉ុមអែលឌើរមានដាក់បញ្ចូលនូវអែលឌើរ និងអែលឌើរបម្រុងក្នុងវួដ ក៏ដូចជាសង្ឃជាន់ខ្ពស់ដែលនៅបច្ចុប្បន្ននេះ ពុំមែន កំពុងបម្រើនៅក្នុងគណៈប៊ីស្សព គណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬជាលោកអយ្យកោដែលកំពុងបម្រើផងដែរ ។ កូរ៉ុមសង្ឃជាន់ខ្ពស់នៅក្នុងស្តេកនឹងរួមមាននូវសមាសភាពនៃសង្ឃជាន់ខ្ពស់ទាំងឡាយណាដែល កំពុង បម្រើនៅក្នុងគណៈប្រធានស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ និងជាលោកអយ្យកោដែលកំពុងបម្រើការ ។
គណៈប្រធានកូរ៉ុមអែលឌើរ
តើគណៈប្រធានកូរ៉ុមអែលឌើរត្រូវបានរៀបចំឡើងយ៉ាងដូចម្ដេច ? គណៈប្រធានស្តេកនឹងដោះលែងថ្នាក់ដឹកនាំក្រុមសង្ឃជាន់ខ្ពស់នាពេលបច្ចុប្បន្ន និងគណៈប្រធានកូរ៉ុមអែលឌើរ ហើយនឹងហៅប្រធានកូរ៉ុមអែលឌើរថ្មីម្នាក់ និងទីប្រឹក្សានៅក្នុងវួដ ឬសាខានីមួយៗ ។ គណៈប្រធានកូរ៉ុមអែលឌើរថ្មីអាចរួមបញ្ចូលទាំងពួកអែលឌើរ និងពួកសង្ឃជាន់ខ្ពស់ ដែលមានវ័យ និងបទពិសោធន៍ខុសៗគ្នា ដោយបម្រើរួមគ្នានៅក្នុងគណៈប្រធានកូរ៉ុមតែមួយ ។ ទោះជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ម្នាក់បម្រើជាប្រធានកូរ៉ុម ឬជាទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធាននេះក្ដី ។ នេះពុំមែនជា « ការកាន់កាប់ » កូរ៉ុមអែលឌើរដោយសង្ឃជាន់ខ្ពស់នោះទេ ។ យើងរំពឹងទុកឲ្យពួកអែលឌើរ និងពួកសង្ឃជាន់ខ្ពស់ធ្វើការរួមគ្នានៅក្នុងការរួមបញ្ចូលគ្នានានានៅក្នុងគណៈប្រធានកូរ៉ុម និងនៅក្នុងការបម្រើរបស់កូរ៉ុម ។ ការកែតម្រូវកូរ៉ុមទាំងនេះគួរត្រូវបានអនុវត្តឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
តំណែងបព្វជិតភាពនៅក្នុងកូរ៉ុមអែលឌើរ
តើការកែតម្រូវនេះនៅក្នុងរចនាសម្ព័ន្ធបព្វជិតភាពផ្លាស់ប្ដូរតំណែងបព្វជិតភាពដែលសមាជិកកូរ៉ុមកាន់ដែរឬទេ ? ទេ សកម្មភាព នេះពុំមែនបោះបង់តំណែងបព្វជិតភាព ណាមួយដែលសមាជិកកូរ៉ុមណាម្នាក់ត្រូវបានតែងតាំងកាលពីមុននោះទេ ។ ដូចបងប្អូនដឹងស្រាប់ហើយ បុរសម្នាក់ត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពខុសៗគ្នានៅក្នុងជីវិតរបស់គាត់ ហើយគាត់មិនបានបាត់បង់ ឬបោះបង់ការតែងតាំងពីមុនណាមួយឡើយ នៅពេលគាត់ទទួលតំណែងថ្មីមួយនោះ ។ នៅក្នុងករណីខ្លះ កាលអ្នកកាន់បព្វជិតភាពម្នាក់អាចបម្រើច្រើនជាងតំណែងមួយនៅពេលមួយ ក៏ដូចជាពេលដែលសង្ឃជាន់ខ្ពស់ម្នាក់បម្រើជាលោកអយ្យកោ ឬប៊ីស្សពដែរ នោះជាធម្មតាគាត់ពុំបានធ្វើការនៅក្នុងតំណែងរាល់បព្វជិតភាពរបស់គាត់ក្នុងពេលតែមួយនោះទេ ។ ឧទាហរណ៍ ប៊ីស្សព និងពួកចិតសិបនាក់ ពុំបានបម្រើយ៉ាងសកម្មនៅក្នុងតំណែងទាំងនោះឡើយ នៅពេលពួកគាត់ត្រូវបានដោះលែង ឬសម្រាកពីតំណែងនោះ ។ ដូច្នេះហើយ មិនថាបុរសម្នាក់កាន់តំណែងបព្វជិតភាព ឬតំណែងផ្សេងណាមួយនោះទេ កាលគាត់ជាសមាជិកម្នាក់ក្នុងកូរ៉ុមអែលឌើរ គាត់បម្រើជាអែលឌើរ ។
ច្រើនឆ្នាំកន្លងទៅ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានសង្កេតឃើញថា « បព្វជិតភាពគឺជាធំជាងតំណែងនានារបស់វាទៅទៀត ។… បព្វជិតភាពមិនអាចបែងចែកទៅជាចំណែកតូចៗឡើយ ។ អែលឌើរម្នាក់កាន់បព្វជិតភាពដូចជាសាវកម្នាក់ផងដែរ ។ ( សូមមើល គ. និង ស. ២០:៣៨ ) ។ នៅពេលបុរសម្នាក់ [ ទទួលបព្វជិតភាព ] គាត់ទទួលបានវាទំាងអស់ ។ ប៉ុន្តែ មានតំណែងជាច្រើននៅក្នុងបព្វជិតភាព —ជាការបែងចែកសិទ្ធិអំណាច និងការទទួលខុសត្រូវ ។… ពេលខ្លះ តំណែងមួយត្រូវបានលើកឡើងថា ‹ ខ្ពស់ជាង › ឬ ‹ ទាបជាង › តំណែងមួយទៀត ។ ជាជាងការ ‹ ខ្ពស់ជាង ›ឬ ‹ ទាបជាង › តំណែងនៅក្នុងបព្វជិតភាព មិលគីស្សាដែកតំណាងឲ្យផ្នែកខុសគ្នានៃការបម្រើ » ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងមិននិយាយទៀតទេក្នុងន័យថាការ « ឡើង » ទៅតំណែងមួយទៀតនៅក្នុងបព្វជិតភាពមិលគីស្សាដែក ។
ពួកអែលឌើរនឹងបន្តទទួលការតែងតាំងជាសង្ឃជាន់ខ្ពស់ នៅពេលពួកគេត្រូវបានហៅទៅក្នុងគណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សព—ឬនៅពេលខ្លះទៀតតាមការកំណត់របស់ប្រធានស្តេកតាមរយៈការពិចារណា និងការបំផុសគំនិតប្រកបដោយការអធិស្ឋាន ។ នៅពេលគ្រានៃការបម្រើរបស់ពួកគេនៅក្នុងគណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សពត្រូវបានបញ្ចប់ ពួកសង្ឃជាន់ខ្ពស់នឹងចូលរួមនឹងកូរ៉ុមអែលឌើរក្នុងវួដរបស់ពួកគេវិញ ។
ការដឹកនាំសម្រាប់ប្រធានកូរ៉ុមអែលឌើរ
តើនរណាដឹកនាំកិច្ចការប្រធានកូរ៉ុមអែលឌើរ ? ប្រធានស្តេកធ្វើជាអធិបតីលើបព្វជិតភាពមិលគីស្សាដែកនៅក្នុងស្តេករបស់គាត់ ។ ដូច្នេះហើយ ប្រធានកូរ៉ុមអែលឌើរគឺស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់របស់ប្រធានស្តេក ដែលជាអ្នកផ្ដល់ការបំពាក់បំប៉ន និងការណែនាំមកពីគណៈប្រធានស្តេក និងតាមរយៈក្រុមប្រឹក្សាជាន់ខ្ពស់ ។ ប៊ីស្សពក្នុងនាមជាសង្ឃជាន់ខ្ពស់ជាអធិបតីក្នុងវួដ ក៏ជួបជាទៀងទាត់ជាមួយនឹងប្រធានកូរ៉ុមអែលឌើរផងដែរ ។ ប៊ីស្សពប្រឹក្សាជាមួយនឹងគាត់ ហើយផ្ដល់ការដឹកនាំសមរម្យស្ដីពីរបៀបល្អបំផុតដើម្បីបម្រើ ហើយផ្ដល់ពរជ័យដល់សមាជិកវួដដោយធ្វើការជាមួយនឹងអង្គការវួដទាំងមូល ។
គោលបំណងនៃការផ្លាស់ប្ដូរទាំងនេះ
តើអ្វីទៅជាគោលបំណងនៃការកែតម្រូវចំពោះកូរ៉ុមបព្វជិតភាពមិលគីស្សាដែកនេះ ? ការមានកូរ៉ុមបព្វជិតភាពមិលគីស្សាដែកតែមួយនៅក្នុងវួដបង្រួបបង្រួមពួកអ្នកកាន់បព្វជិតភាពដើម្បីសម្រេចគ្រប់កត្តាទាំងអស់នៃកិច្ចការនៃសេចក្ដីសង្គ្រោះ រួមបញ្ចូលទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ដែលកាលពីមុនបានរៀបចំឡើងដោយក្រុមសង្ឃជាន់ខ្ពស់ ។ វាអនុញ្ញាតឲ្យសមាជិកកូរ៉ុមគ្រប់វ័យ និងមានបទពិសោធន៍ទទួលបានប្រយោជន៍មកពីទស្សនវិស័យ និងបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពីមនុស្សដែលមានស្ថានភាពជីវិតផ្សេងគ្នា ។ វាក៏ផ្ដល់ឱកាសបន្ថែមទៀតសម្រាប់អ្នកកាន់បព្វជិតភាពដែលមានបទពិសោធន៍ ឲ្យណែនាំដល់មនុស្សដទៃទៀត រួមបញ្ចូលទាំងពួកអែលឌើរបម្រុង សមាជិកថ្មី យុវមជ្ឈិមវ័យ និងអ្នកដែលត្រឡប់មកសកម្មភាពក្នុងសាសនាចក្រវិញ ។ ខ្ញុំមិនអាចបង្ហាញពីភាពរំភើបដែលខ្ញុំមានក្នុងការសញ្ជឹងគិតអំពីតួនាទីដ៏សំខាន់ដែលកូរ៉ុមអែលឌើរនឹងដើរតួនាពេលអនាគតឡើយ ។ ប្រាជ្ញា បទពិសោធន៍ សមត្ថភាព និងកម្លាំងដែលនឹងមាននៅក្នុងកូរ៉ុមទាំងនេះបង្ហាញអំពីថ្ងៃថ្មីមួយ និងបទដ្ឋានថ្មីមួយនៃការបម្រើបព្វជិតភាពទូទាំងសាសនាចក្រ ។
ម្ភៃឆ្នាំមុននៅក្នុងសន្និសីទទូទៅ ខ្ញុំបានប្រាប់រឿងមួយដែលដំបូងឡើយបានប្រាប់ដោយអែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូននៃពួកចិតសិបនាក់ ដែលខ្ញុំជឿថាមានតម្លៃសក្ដិសមដើម្បីលើកឡើងម្ដងទៀតនៅពេលនេះ ។
នៅឆ្នាំ១៩១៨ បងប្រុស ចច ហ្គូតេស គឺជាកសិករម្នាក់ដាំឆៃថាវផ្អែមនៅទីក្រុងលីហៃរដ្ឋយូថាហ៍ ។ នៅឆ្នាំនោះរដូវរងារបានមកដល់មុន ហើយបានធ្វើឲ្យដំណាំឆៃថាវផ្អែមរបស់គាត់ភាគច្រើនកកអស់ ។ ការប្រមូលយកផលមានការលំបាកណាស់ចំពោះចច និងកូនប្រុសរបស់គាត់ឈ្មោះ ហ្វ្រេនស៊ីស ។ ទន្ទឹមនឹងនោះ ជំងឺគ្រុនផ្ដាសាយបក្សីក៏កំពុងរីករាលដាលផងដែរ ។ ជំងឺដ៏គួរឲ្យភ័យខ្លាចនេះបានឆក់យកជីវិតកូនប្រុសរបស់ចចឈ្មោះ ឆាលី និងកូនតូចបីនាក់របស់ចច—រួមមានក្មេងស្រីតូចពីរនាក់ និងក្មេងប្រុសម្នាក់ ។ រយៈពេលតែប្រាំមួយថ្ងៃប៉ុណ្ណោះ ចច ហ្គូតេសបានធ្វើដំណើរបីលើកផ្សេងៗគ្នាដោយភាពសោកសៅ ទៅកាន់ទីក្រុងអ័គឌិន រដ្ឋយូថាហ៍ ដើម្បីយកសាកសពទាំងនោះមកផ្ទះធ្វើការបញ្ចុះ ។ នៅចុងបញ្ចប់នៃគ្រាដ៏គួរឲ្យភ័យខ្លាចនេះ ចច និងហ្វ្រេនស៊ីសបានជិះរទេះរបស់ពួកគេត្រឡប់ទៅវាលដាំឆៃថាវផ្អែមវិញ ។
« [ នៅតាមផ្លូវ ] ពួកគេបានឃើញកសិករជិតខាងបររទេះជាច្រើនដែលដឹកសុទ្ធឆៃថាវទៅកាន់រោងចក្រ ។ កាលពួកគេបររទេះកាត់គាត់ ពួកគេបាននិយាយរាក់ទាក់ថា ‹ សួស្ដី ពូចច › ‹ ចូលរួមសោកស្ដាយផង ចច › ‹ លំបាកហើយ ចច › ‹ អ្នកមានមិត្តច្រើនណាស់ ចច › ។
« អ្នកបររទេះចុងក្រោយគឺជា … ក្មេងប្រុសម្នាក់ដែលមានមុខពពាលឈ្មោះថា ចាស្ពើរ រ៉ុលហ្វេ ។ គាត់បានគ្រវីដៃរាក់ទាក់ ហើយស្រែកឡើងថា ‹ វាអស់ហើយ ពូចច › ។
« [ បងប្រុសចច ] មើលមុខហ្វ្រេនស៊ីស ហើយពោលថា ‹ ប៉ាប្រាថ្នាថាវាទាំងអស់គឺជារបស់យើង › ។
« នៅពេលពួកគេបានទៅដល់របងកសិដ្ឋាន ហ្វ្រេនស៊ីសបានលោតចុះពីរទេះឆៃថាវដ៏ធំពណ៌ក្រហម ហើយបានបើករបងនោះឲ្យ [ ឪពុកគាត់ ] បររទេះចូលទៅក្នុងចម្ការ ។ [ ចច ] បានទាញសេះឲ្យឈប់ … ហើយក្រឡេកមើលទៅចម្ការ ។ … នៅក្នុងចម្ការទាំងមូលគ្មានឆៃថាវផ្អែមសោះ ។ បន្ទាប់មកទើបគាត់នឹកឃើញអំពីពាក្យសម្ដីរបស់ចាស្ពើរ រ៉ុលហ្វេ នៅពេលគាត់ស្រែកប្រាប់ថា ‹ វាអស់ហើយ ពូចច ! ›
« [ ចច ] បានចុះពីរទេះ ចាប់ដីមួយក្ដាប់ រួចហើយ … រើសស្លឹកឆៃថាវមួយ ហើយមើលនិមិត្តសញ្ញានៃការខិតខំទាំងនេះរបស់គាត់មួយសន្ទុះ ដូចជាគាត់មិនចង់ជឿនឹងភ្នែកខ្លួនឯងសោះ ។
« បន្ទាប់មក [ គាត់ ] បានអង្គុយចុះនៅលើគំនរស្លឹកឆៃថាវ—បុរសនេះដែលបាននាំកូនជាទីស្រឡាញ់បួននាក់ត្រឡប់មកផ្ទះវិញដើម្បីបញ្ចុះនៅក្នុងរយៈពេលតែប្រាំមួយថ្ងៃ ធ្វើក្ដារមឈូស ជីកផ្នូរ ហើយថែមទាំងធ្វើសម្លៀកបំពាក់សម្រាប់ការបញ្ចុះសពទៀតផង—បុរសដ៏អស្ចារ្យម្នាក់នេះដែលមិនដែលធ្វេសប្រហែស មិនដែលដកខ្លួនចេញ ឬងាករេក្នុងការឆ្លងកាត់ទុក្ខវេទនាដ៏គួរឲ្យឈឺចាប់នេះ—បានអង្គុយចុះនៅលើគំនរស្លឹកឆៃថាវ ហើយបានយំដូចជាកូនក្មេង ។
« បន្ទាប់មក គាត់បានក្រោកឡើង ហើយជូតទឹកភ្នែកចេញ … ហើយបានមើលទៅមេឃ ហើយពោលថា « អរគុណព្រះវរបិតា សម្រាប់ពួកអែលឌើរនៅក្នុងវួដរបស់យើង › » ។
ពិតណាស់ ការថ្លែងអំណរគុណត្រូវតែថ្លែងទៅកាន់ព្រះចំពោះពួកបុរសនៃបព្វជិតភាព និងចំពោះការបម្រើដែលពួកគេនឹងធ្វើនៅក្នុងការងារបម្រើដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ព្រមទាំងនៅក្នុងការស្ថាបនាទីក្រុងស៊ីយ៉ូនផងដែរ ។
គណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប្រធាននៃពួកចិតសិបនាក់ បានពិចារណាអំពីការកែតម្រូវនេះជាយូរយារមកហើយ ។ ដោយមានការអធិស្ឋានយ៉ាងច្រើន ការសិក្សាដោយប្រុងប្រយ័ត្នចំពោះបទគម្ពីរគ្រឹះស្ដីពីកូរ៉ុមបព្វជិតភាព និងការបញ្ជាក់ថានេះគឺជាព្រះទ័យរបស់ព្រះអម្ចាស់ នោះយើងកំពុងដើរឆ្ពោះទៅមុខជាមួយនឹងការឯកភាពនៅក្នុងអ្វីដែលជាការពិតមួយជំហានទៀតនៅក្នុងការបើកបង្ហាញអំពីការស្ដារឡើងវិញ ។ ការដឹកនាំរបស់ព្រះអម្ចាស់ត្រូវបានបើកសម្ដែង ហើយខ្ញុំរីករាយនៅក្នុងកិច្ចការនេះ ខ្ញុំសូមថ្លែងជាសាក្សីអំពីទ្រង់ បព្វជិតភាពរបស់ទ្រង់ និងការតែងតាំងរបស់បងប្អូននៅក្នុងបព្វជិតភាពនោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។