កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ៖ ការផ្សារភ្ជាប់ និងការព្យាបាល
នៅពេលយើងប្រមូលពង្សប្រវត្តិរបស់យើង ហើយទៅព្រះវិហារបរិសុទ្ធជំនួសជីដូនជីតារបស់យើង នោះព្រះបំពេញពរជ័យដែលបានសន្យាទាំងនៅសងខាងវាំងនន ។
ទំនាក់ទំនងក្រុមគ្រួសារអាចក្លាយជាបទពិសោធន៍ដ៏រុងរឿង ប៉ុន្តែជាការលំបាកបំផុតដែលយើងជួបប្រទះ ។ មានគ្នាយើងជាច្រើននាក់បានជួបប្រទះនឹងការបែកបាក់មួយចំនួននៅក្នុងរង្វង់ក្រុមគ្រួសាររបស់យើង ។ ការបែកបាក់នេះបានកើតឡើងរវាងវីរៈបុរសពីររូបនៃការស្តារឡើងវិញរបស់សាសនាចក្រនៃព្រះគ្រីស្ទនៅជំនាន់ចុងក្រោយនេះ ។ ប៉ាលី និង អួរសុន ប្រាត្ត គឺជាបងប្អូននឹងគ្នា ជាអ្នកប្រែចិត្តជឿ និងបានតែងតាំងជាសាវកកាលជំនាន់មុន ។ ពួកលោកម្នាក់ៗបានជួបនឹងការសាកល្បងនៃសេចក្ដីជំនឿ ប៉ុន្តែបានឆ្លងកាត់វាដោយមានទីបន្ទាល់ពុំប្រែប្រួលឡើយ ។ ពួកលោកទាំងពីររូបបានបូជា និងរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុនៃសេចក្តីពិត ។
នៅអំឡុងសម័យទីក្រុង ណៅវូ ទំនាក់ទំនងរបស់ពួកលោកបានប្រែជាតានតឹងឡើង ដោយឡើងដល់កម្រិតតឹងតែងបំផុត បានប្រឈមមុខគ្នានៅក្នុងទីសាធារណៈក្នុងឆ្នាំ ១៨៤៦ ។ ការប្រេះឆាដ៏ខ្លាំង និងយូរអង្វែងបានកើតមានឡើង ។ ប៉ាលីបានចាប់ផ្តើមសរសេរសំបុត្រទៅកាន់ អួរសុនដើម្បីដោះស្រាយទំនាស់នោះ ប៉ុន្តែអួរសុនពុំបានឆ្លើយតបឡើយ ។ ប៉ាលីបានបោះបង់ចោលដោយជឿថា ភាពត្រូវគ្នានឹងចប់ជារៀងរហូតតទៅ ប្រសិនបើអួរសុនពុំចាប់ផ្តើមនិយាយជាមុននោះ ។
បួនប្រាំឆ្នាំក្រោយមក នៅក្នុងខែ មីនា ឆ្នាំ ១៨៥៣ អួរសុនបានដឹងអំពីគម្រោងការមួយដើម្បីបោះពុម្ពសៀវភៅស្តីពីពូជពង្សរបស់ វីល្លាម ប្រាត្ត គឺជាជីដូនជីតាអាមេរិកកាំងដំបូងគេបង្អស់របស់ពួកបងប្អូនប្រុសទាំងពីរនាក់នេះ ។ អួរសុនបានចាប់ផ្តើមទ្រហោយំ « ដូចជាកូនក្មេង » នៅពេលលោកបានមើលរតនៈសម្បត្តិដ៏មានតម្លៃនៃពង្សប្រវត្តិនេះ ។ លោកបានរំជួលដួងចិត្ត ហើយលោកបានប្តេជ្ញាចិត្តដើម្បីជួសជួលទំនាក់ទំនងប្រេះឆាជាមួយបងប្រុសរបស់លោក ។
អួរសុនបានសរសេរសំបុត្រទៅកាន់ប៉ាលី « ឥឡូវនេះឱ បងប្រុសជាទីស្រឡាញ់របស់ប្អូនអើយ គ្មាននរណាម្នាក់ក្នុងចំណោមពូជពង្សទាំងអស់នៃជីដូនជីតារបស់យើងគឺ [ អនុសេនីយ៍ត្រី ] វីល្លាម ប្រាត្ត ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកពូជពង្សដូចជាពួកយើងឡើយ ។ អួរសុនគឺជាមនុស្សដំបូងគេដែលយល់ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយមានកាតព្វកិច្ចមួយក្នុងការស្រាវជ្រាវ និងចងក្រងពង្សប្រវត្តិ ដើម្បីយើងអាចធ្វើពិធីបរិសុទ្ធជំនួសសម្រាប់ជីដូនជីតារបស់យើង ។ សំបុត្ររបស់លោកបានបន្តទៀតថា ៖ « យើងដឹងថា ព្រះនៃអយ្យកោយើងបានលូកព្រះហស្តមកជួយក្នុងកិច្ចការទាំងអស់នេះ ។… ប្អូនសូមអភ័យទោសចំពោះការព្រងើយកន្តើយក្នុងការសរសេរតបទៅបងវិញ ។… ប្អូនសង្ឃឹមថា បងនឹងអភ័យទោសឲ្យប្អូន » ។ ទោះជាយ៉ាងណាក្តីទីបន្ទាល់របស់ពួកលោកពុំប្រែប្រួលទេ សេចក្តីស្រឡាញ់របស់ពួកលោកចំពោះជីដូនជីតារបស់ខ្លួនគឺជាកាតាលីករព្យាបាលការប្រេះឆា ជួសជួលសេចក្តីឈឺចាប់ ហើយស្វែងរក និងផ្តល់ការអភ័យទោស ។
នៅពេលព្រះដឹកនាំយើងឲ្យធ្វើកិច្ចការអ្វីមួយ ជារឿយៗទ្រង់មានព្រះរាជបំណងជាច្រើននៅក្នុងព្រះទ័យទ្រង់ ។ កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធគឺពុំគ្រាន់តែសម្រាប់មរណជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ពរដល់អ្នកដែលនៅរស់ផងដែរ ។ សម្រាប់អួរសុន និង ប៉ាលី កិច្ចការនេះបានបង្វែរចិត្តពួកគេឲ្យត្រូវគ្នាវិញ ។ កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធផ្តល់អំណាចក្នុងការព្យាបាលដែលត្រូវការការព្យាបាល ។
ក្នុងនាមជាសមាជិកសាសនាចក្រ យើងមានការទទួលខុសត្រូវដែលព្រះចាត់តាំងឲ្យស្វែងរកជីដូនជីតា ហើយចងក្រងពង្សប្រវត្តិរបស់យើង ។ កិច្ចការនេះគឺលើសពីការកម្សាន្តដែលត្រូវបានលើកទឹកចិត្តឲ្យធ្វើទៅទៀត ដោយសារពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះគឺចាំបាច់សម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ យើងត្រូវតែស្វែងរកជីដូនជីតាផ្ទាល់ខ្លួនយើង ដែលបានចែកឋានទៅដោយពុំបានទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ។ យើងអាចធ្វើពិធីបរិសុទ្ធជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ ហើយជីដូនជីតាយើងអាចជ្រើសរើសដើម្បីទទួលយកពិធីបរិសុទ្ធទាំងនោះ ។ យើងក៏ត្រូវបានលើកទឹកចិត្តឲ្យជួយសមាជិកវួដ និងស្តេកជាមួយឈ្មោះគ្រួសារពួកគេផងដែរ ។ វាគឺជាកិច្ចការដ៏អស្ចារ្យណាស់ព្រោះ តាមរយៈពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ នោះយើងអាចជួយប្រោសលោះដល់មរណជន ។
ប៉ុន្តែនៅពេលយើងចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធនាពេលបច្ចុប្បន្ននេះ នោះយើងក៏សក្តិសមដើម្បីទទួលពរជ័យនៃ « ការព្យាបាល » ដែលបានសន្យាដោយពួកព្យាការី និងពួកសាវក ។ ពរជ័យទាំងនេះក៏អស្ចារ្យបំផុតផងដែរ ដោយសារតែវិសាលភាព និងលក្ខណៈពិសេស ព្រមទាំងលទ្ធផលនៅក្នុងជីវិតរមែងស្លាប់នៃពរជ័យទាំងនេះ ។ បញ្ជីដ៏វែងនេះរួមមាននូវពរជ័យទាំងនេះ ៖
-
ការយល់ដឹងអំពីព្រះអង្គសង្គ្រោះ និងពលិកម្មដ៏ធួនរបស់ទ្រង់បានកើនឡើង
-
ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលអារម្មណ៍នៃកម្លាំង និងការដឹកនាំសម្រាប់ជីវិតផ្ទាល់របស់យើងបានកើនឡើង
-
សេចក្ដីជំនឿបានកើនឡើង ដូច្នេះហើយការប្រែចិត្តជឿលើព្រះអង្គសង្គ្រោះប្រែកាន់តែស៊ីជម្រៅ និងគោរពតាមកាន់តែខ្លាំង
-
លទ្ធភាព និងការជំរុញចិត្តដើម្បីរៀន និងប្រែចិត្តបានកើនឡើង ដោយសារតែការយល់ដឹងអំពីខ្លួនរបស់យើង ពីកន្លែងដែលយើងមក និងទស្សនវិស័យយ៉ាងច្បាស់លាស់អំពីកន្លែងដែលយើងនឹងទៅ
-
ការបន្សុទ្ធ ការញែកជាបរិសុទ្ធ និងការរក្សាឥទ្ធិពលឲ្យមានតុល្យភាពក្នុងចិត្តរបស់យើងបានកើនឡើង
-
អំណរតាមរយៈសមត្ថភាពដែលបានបង្កើនដើម្បី ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់បានកើនឡើង
-
ពរជ័យសម្រាប់គ្រួសារបានកើនឡើង មិនថាស្ថានភាពគ្រួសារយើងក្នុងពេលបច្ចុប្បន្ននេះ អតីតកាល ឬអនាគតកាលមានសភាពបែបណា ឬទោះបីជាមែកធាងគ្រួសាររបស់យើងមិនល្អឥតខ្ចោះក្តី
-
សេចក្ដីស្រឡាញ់ និងអំណរគុណចំពោះជីដូនជីតា និងសាច់ញាតិដែលនៅរស់បានកើនឡើង ដូច្នេះយើងនឹងគ្មានអារម្មណ៍ឯកោទៀតឡើយ
-
អំណាចដើម្បីញែកឲ្យដឹងថា តើនរណមា្នក់ដែលត្រូវការការព្យាបាល ហើយបម្រើអ្នកដទៃដោយមានជំនួយពីព្រះអម្ចាស់
-
ការការពារពីការល្បួង និងឥទ្ធិពលដ៏ខ្លាំងពីមារសត្រូវបានកើនឡើង និង
-
ជំនួយដើម្បីជួសជួលក្តីអំពល់ ការខូចចិត្ត ឬការថប់បារម្ភចិត្ត និងធ្វើឲ្យដំបៅជាសះស្បើយបានកើនឡើង ។
ប្រសិនបើអ្នកបានអធិស្ឋានសម្រាប់ពរជ័យណាមួយនៃពរជ័យទាំងនេះ សូមចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើអ្នកធ្វើដូច្នោះ នោះការអធិស្ឋានរបស់អ្នកនឹងទទួលចម្លើយ ។ នៅពេលពិធីបរិសុទ្ធត្រូវបានធ្វើឡើងជំនួសមរណជន នោះបុត្រាបុត្រីរបស់ព្រះនៅលើផែនដីត្រូវបានព្យាបាល ។ ពុំបាច់ឆ្ងល់ឡើយដែលប្រធាន រ័សុល អិម ណិលសុន នៅក្នុងសារលិខិតដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្របានប្រកាសថា « ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូន នឹងប្រទានពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា » ។
ព្យាការីជំនាន់ដើមក៏បានព្យាករអំពីពរជ័យសម្រាប់ទាំងមនុស្សរស់ផង និង មរណជនមនុស្សផងដែរ ។ សារទូតស្ថានសួគ៌បានបង្ហាញអេសេគាលនូវការនិមិត្តមួយនៃព្រះវិហារបរិសុទ្ធជាមួយនឹងទឹកហូរយ៉ាងលឿន ។ អេសេគាលត្រូវបានប្រាប់ថា ៖
« ទឹកនេះហូរចេញទៅ… រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រ [ ស្លាប់ ] … [ ហើយ ] ទឹកសមុទ្រនឹងទៅជាល្អវិញ ។
ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទឹកទន្លេនោះហូរនឹងបានរស់នៅ … ហើយទឹកសមុទ្រនោះនឹងបានល្អឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ » ។
លក្ខណៈពីរនៃទឹកទន្លេគឺសំខាន់ណាស់ ។ លក្ខណៈទីមួយ ទោះបីជាស្ទឹងតូចគ្មានដៃស្ទឹងក្តី វាបានរីកទៅជាទន្លេដ៏ធំ ប្រែកាន់តែធំទៅៗ និងជ្រៅទៅៗនៅពេលវាហូរទៅកាន់តែឆ្ងាយ ។ មានរឿងស្រដៀងគ្នានេះកើតឡើងជាមួយពរជ័យដែលហូរមកពីព្រះវិហារបរិសុទ្ធ នៅពេលបុគ្គលម្នាក់ៗ ត្រូវបានផ្សារភ្ជាប់ជាក្រុមគ្រួសារ ។ ការរីកចម្រើនដ៏មានអត្ថន័យកើតឡើងទាំងទៅក្រោយ និងទៅមុខតាមរយៈជំនាន់នានា នៅពេលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ ផ្សារភ្ជាប់ក្រុមគ្រួសារជាមួយគ្នា ។
លក្ខណៈទីពីរ ទឹកទន្លេធ្វើឲ្យអ្វីៗគ្រប់យ៉ាងស្រស់បស់ឡើងវិញនៅគ្រប់កន្លែងដែលវាហូរកាត់ ។ ដូចគ្នានោះផងដែរ ពរជ័យនៃព្រះវិហារបរិសុទ្ធគឺជាការមានសមត្ថភាពដ៏អស្ចារ្យដើម្បីព្យាបាល ។ ពរជ័យនៃព្រះវិហារបរិសុទ្ធអាចព្យាបាលដួងចិត្ត និងជីវិត ព្រមទាំងក្រុមគ្រួសារ ។
ខ្ញុំសូមធ្វើការបង្ហាញ ។ នៅឆ្នាំ ១៩៩៩ យុវជនម្នាក់ឈ្មោះ ថត បានដួលសន្លប់ដោយសារដាច់សសៃឈាមនៅក្នុងខួរក្បាលរបស់គាត់ ។ ទោះបីជាថត និងគ្រួសារគាត់ជាសមាជិកសាសនាចក្រក្តី សកម្មភាពរបស់ពួកគេពុំសូវទៀងទាត់ទេ ហើយគ្មាននរណាម្នាក់មានបទពិសោធន៍នូវពរជ័យនៃព្រះវិហារបរិសុទ្ធឡើយ ។ នៅយប់ថ្ងៃចុងក្រោយនៃជីវិតរបស់ថត ម្តាយរបស់គាត់ឈ្មោះ ប៊ែតធី បានអង្គុយនៅក្បែរគ្រែរបស់ថតដោយអង្អែលដៃរបស់ថត ហើយនិយាយថា « ថត ប្រសិនបើកូនពិតជាស្លាប់មែននោះ ម៉ាក់សន្យាថា ម៉ាក់នឹងធ្វើកិច្ចការព្រះវិហារបរិសុទ្ធឲ្យកូនជាប្រាកដ » ។ នៅព្រឹកបន្ទាប់មក គេបានប្រាប់ថា ថតបានស្លាប់ខួរក្បាលហើយ ។ វេជ្ជបណ្ឌិតវះកាត់បានវះប្តូរបេះដូងរបស់ថតដាក់ចូលទៅក្នុងអ្នកជំងឺរបស់ខ្ញុំ គឺជាបុគ្គលម្នាក់ដ៏អស្ចារ្យដែលមានឈ្មោះថារ៉ត ។
ពីរបីខែបន្ទាប់ពីការវះកាត់ប្តូរសរីរាង្គនោះមក រ៉តបានស្គាល់ពីអត្តសញ្ញាណនៃគ្រួសារដែលបរិច្ចាគបេះដូងឲ្យគាត់ ហើយបានចាប់ផ្តើមទាក់ទងជាមួយពួកគេ ។ ប្រមាណជាពីរឆ្នាំក្រោយមក ម្តាយរបស់ថតគឺ ប៊ែតធី បានអញ្ជើញរ៉តឲ្យមកព្រះវិហារបរិសុទ្ធកាល ប៊ែតធីបានទីនោះជាលើកដំបូង ។ រ៉ត និង ប៊ែតធីបានជួបគ្នាដោយផ្ទាល់នាគ្រាដំបូងនៅក្នុងបន្ទប់សេឡេស្ទាលនៃព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ។
ក្រោយទៀតមក ឪពុករបស់ថត—គឺស្វាមីរបស់ប៊ែតធី—បានស្លាប់ ។ ពីរឆ្នាំក្រោយមក ប៊ែតធីបានអញ្ជើញរ៉តឲ្យធ្វើពិធីជំនួសដែលតំណាងឲ្យកូនប្រុសដែលស្លាប់របស់គាត់ នៅក្នុងការទទួលពិធិបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ រ៉តបានធ្វើកិច្ចការនោះដោយអំណរគុណ ហើយកិច្ចការជំនួសត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ផ្សារភ្ជាប់នៃព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ។ ប៊ែតធីបានផ្សារភ្ជាប់ជាមួយស្វាមីរបស់គាត់ដែលបានស្លាប់ ដោយលុតជង្គង់លើអាសនាទល់មុខចៅប្រុសរបស់គាត់ដែលបម្រើជាអ្នកជំនួស ។ ក្រោយមកទាំងយំដោយមានទឹកភ្នែកហូរលើថ្ពាល់ គាត់បានបក់ដៃហៅរ៉តឲ្យចូលរួមជាមួយពួកគេនៅឯទីអាសនា ។ រ៉តបានលុតជង្គង់នៅក្បែរពួកគេ ដោយធ្វើជាអ្នកជំនួសឲ្យកូនប្រុសរបស់គាត់គឺថត ដែលបេះដូងរបស់ថតកំពុងតែលោតនៅក្នុងទ្រូងរបស់រ៉ត ។ ថតដែលបានបរិច្ចាគបេះដូងឲ្យរ៉តត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់គាត់សម្រាប់ភាពអស់កល្បជានិច្ច ។ ម្តាយរបស់ថតបានរក្សាការសន្យាកាលពីប៉ុន្មានឆ្នាំមុន ដែលគាត់បានធ្វើជាមួយកូនប្រុសរបស់គាត់ដែលស្លាប់ទៅនោះ ។
ប៉ុន្តែរឿងនោះពុំទាន់ចប់នៅត្រឹមនោះទេ ។ ដប់ប្រាំឆ្នាំបន្ទាប់ពីការវះកាត់ប្តូរបេះដូងរបស់គាត់មក រ៉តបានភ្ជាប់ពាក្យ ហើយរៀបការ ព្រមទាំងបានសូមឲ្យខ្ញុំធ្វើពិធីផ្សារភ្ជាប់ឲ្យនៅក្នុងព្រះវិហារបរិសុទ្ធ ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ នៅថ្ងៃរៀបការ ខ្ញុំបានជួបរ៉ត និងកូនក្រមុំដ៏អស្ចារ្យរបស់គាត់គឺ គីម នៅក្នុងបន្ទប់ជាប់នឹងបន្ទប់ផ្សារភ្ជាប់ ជាកន្លែងដែលក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេកំពុងរង់ចាំនៅទីនោះ ។ បន្ទាប់ពីបានជួបរ៉ត និងគីមមួយសន្ទុះមក ខ្ញុំបានសួរប្រសិនបើពួកគេមានសំណួរ ។
រ៉តបានឆ្លើយថា « បាទមាន ។ គ្រួសារដែលបរិច្ចាគបេះដូងឲ្យខ្ញុំកំពុងនៅទីនេះ ហើយពួកគេចង់ជួបលោកខ្លាំងណាស់ » ។
ខ្ញុំពុំបានរំពឹងទុកពីការប្រាប់របស់គាត់ឡើយ ដូច្នេះខ្ញុំបានសួរថា « តើប្អូនចង់និយាយថា ពួកគេនៅទីនេះឬ ? ឥឡូវនេះឬ ? »
រ៉តបានឆ្លើយថា « បាទ » ។
ខ្ញុំបានចេញទៅ ហើយហៅគ្រួសារនោះចេញពីបន្ទប់ផ្សារភ្ជាប់ ។ ប៊ែតធី កូនស្រីគាត់ និងកូនប្រសារគាត់បានចូលរួមជាមួយពួកយើង ។ រ៉តបានស្វាគមន៍ប៊ែតធីដោយឱបគាត់ ហើយថ្លែងអំណរគុណដល់គាត់ដែលបានមករួម បន្ទាប់មកគាត់បានណែនាំខ្ញុំឲ្យស្គាល់ប៊ែតធី ។ រ៉តបាននិយាយថា « ប៊ែតធី នេះគឺជាអែលឌើរ រិនឡាន់ ។ លោកគឺជាវេជ្ជបណ្ឌិតដែលបានមើលថែបេះដូងកូនប្រុសរបស់អ្នកអស់រយៈពេលជាច្រើនឆ្នាំនេះ » ។ ប៊ែតធីបានដើរកាត់បន្ទប់នោះ ហើយមកឱបខ្ញុំ ។ ហើយអស់រយៈពេលមួយសន្ទុះធំ ពួកយើងបានឱបគ្នា និងយំដោយអំណរ ។
បន្ទាប់ពីយើងបានស្ងប់ចិត្តហើយ យើងបានទៅបន្ទប់ផ្សារភ្ជាប់ នៅទីនោះ រ៉ត និង គីម ត្រូវបានផ្សារភ្ជាប់ចំពោះវេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ច ។ រ៉ត, គីម, ប៊ែតធី និងខ្ញុំអាចថ្លែងទីបន្ទាល់ថា ស្ថានសួគ៌នៅជិតបង្កើយ ថាមានមនុស្សដទៃទៀតនៅជាមួយយើងនៅថ្ងៃនោះ ជាអស់អ្នកដែលបានឆ្លងកាត់វាំងនងនៃជីវិតរមែងស្លាប់នេះទៅមុន ។
នៅក្នុងសមត្ថភាពដ៏ឥតដែនកំណត់របស់ទ្រង់ ព្រះផ្សារភ្ជាប់ និងព្យាបាលបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ទោះបីជាមានសោកនាដកម្ម ការបាត់បង់ និងការសាកល្បងក្តី ។ ជួនកាលយើងប្រៀបធៀបអារម្មណ៍ដែលយើងមាននៅក្នុងព្រះវិហារបរិសុទ្ធ ដូចជាការបានឃើញស្ថានសួគ៌មួយភ្លែតផងដែរ ។ នៅថ្ងៃនោះនៅក្នុងព្រះវិហារបរិសុទ្ធ ប្រូវ៉ូ រដ្ឋ យូថាហ៍ សេចក្តីថ្លែងដោយ ស៊ី. អេស. លេវីស បានផ្តល់អត្ថន័យពិសេសដល់ខ្ញុំ ៖ « [ ជនមានជីវិតរមែងស្លាប់ ] និយាយអំពីការរងទុក្ខខាងសាច់ឈាមមួយចំនួនថា ‹ ពុំអាចផ្សះផ្សាបានដោយក្តីរីករាយណាមួយនាអនាគតកាលបានឡើយ › ពួកគេពុំដឹងថា ស្ថានសួគ៌កាលណាទទួលបានហើយ នឹងធ្វើឲ្យការឈឺចាប់ពីអតីតកាលក្លាយទៅជាសិរីល្អវិញ › ។… អ្នកដែលមានពរនឹងថ្លែងថា ‹ យើងពុំធ្លាប់រស់នៅកន្លែងណាឡើយ លើកលែងតែនៅក្នុងស្ថានសួគ៌ប៉ុណ្ណោះ › » ។
ព្រះនឹងពង្រឹង ជួយ ព្រមទាំងទ្រពួកយើង ហើយទ្រង់នឹងញែកយើងឲ្យបរិសុទ្ធចេញពីទុក្ខលំបាករបស់យើង ។ នៅពេលយើងប្រមូលពង្សប្រវត្តិរបស់យើង ហើយទៅព្រះវិហារបរិសុទ្ធជំនួសជីដូនជីតារបស់យើង នោះព្រះបំពេញពរជ័យដែលបានសន្យាជាច្រើនទាំងនេះនៅទាំងសងខាងវាំងនន ។ ស្រដៀងគ្នានេះដែរ យើងមានពរនៅពេលយើងជួយមនុស្សដទៃនៅក្នុងវួដ និងស្តេកឲ្យធ្វើកិច្ចការនេះ ។ សមាជិកដែលពុំរស់នៅក្បែរព្រះវិហារបរិសុទ្ធក៏ទទួលពរជ័យទាំងនេះ តាមរយៈការចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ដោយការប្រមូលឈ្មោះជីដូនជីតារបស់ពួកគេដើម្បីធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
ប៉ុន្តែ ប្រធាន រ័សុល អិម ណិលសុន បានដាស់តឿនថា ៖ យើងអាចទទួលបានការបំផុសគំនិតពេញមួយថ្ងៃអំពីបទពិសោធន៍នៃព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិពីអ្នកដទៃ ។ ប៉ុន្តែយើងត្រូវតែធ្វើអ្វីមួយដើម្បីទទួលបានបទពិសោធន៍នៃអំណរនោះដោយខ្លួនយើងផ្ទាល់ » ។ លោកបានបន្តទៀតថា « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាដោយការអធិស្ឋានអំពីការលះបង់ណាមួយ—ហើយសំខាន់បំផុតនោះគឺការលះបង់ពេលវេលា—ដែលបងប្អូនអាចធ្វើបាន [ ដើម្បី ] ធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិបន្ថែមទៀត » ។ នៅពេលបងប្អូនទទួលការអញ្ជើញរបស់ប្រធាន ណិលសុន នោះបងប្អូននឹងរកឃើញ ប្រមូលផ្តុំ និងភ្ជាប់ទំនាក់ទំនងគ្រួសាររបស់បងប្អូន ។ លើសពីនេះទៀត ពរជ័យនឹងកើតមានដល់បងប្អូន និងគ្រួសារបងប្អូនដូចជាទឹកទន្លេដែលអេសេគាលបាននិយាយនោះ ។ បងប្អូននឹងរកឃើញការព្យាបាលសម្រាប់អ្វីដែលត្រូវការការព្យាបាល ។
អួរសុន និង ប៉ាលី ប្រាត្ត បានដកពិសោធន៍អំពីឥទ្ធិពលនៃការព្យាបាល និងការផ្សារភ្ជាប់នៃកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធមុនគេនៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ ។ ប៊ែតធី គ្រួសាររបស់គាត់ និង រ៉តបានទទួលបទពិសោធន៍នេះ ។ បងប្អូនក៏អាចទទួលបទពិសោធន៍នេះផងដែរ ។ តាមរយៈពលិកម្មធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទប្រទានពរជ័យទាំងនេះដល់មនុស្សទាំងអស់ ទាំងមរណជន និងអ្នកនៅរស់ ។ ដោយសារតែពរជ័យទាំងនេះ នោះយើងនឹងឃើញ ដោយការប្រៀបធៀបថា យើង « ពុំធ្លាប់រស់នៅកន្លែងណាឡើយ លើកលែងតែ … ស្ថានសួគ៌ប៉ុណ្ណោះ › » ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។