កិច្ចការផ្សព្វផ្សាយសាសនា ពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ
ដកស្រង់ចេញពីសុន្ទរកថាដែលបានធ្វើឡើង នៅក្នុងសិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មី នៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2013 ។
នៅក្នុងការប្រមូលផ្ដុំដ៏ឱឡារិកមួយដែលធ្វើឡើងនៅព្រះវិហារបរិសុទ្ធ ខឺតឡង់ នៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1837 ព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងថា « បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបាននិយាយរួចហើយ កាតព្វកិច្ចដ៏ធំជាងគេ ហើយសំខាន់បំផុតគឺការផ្សាយដំណឹងល្អ » ។1
ស្ទើរតែប្រាំពីរឆ្នាំក្រោយមក នៅថ្ងៃទី 7 ខែ មេសា ឆ្នាំ 1844 លោកបានប្រកាសថា ៖ « ទំនួលខុសត្រូវដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកនេះ ដែលព្រះប្រទានឲ្យយើងគឺការស្វែងរកដូនតាយើងដែលបានចែកឋានទៅ ។ ព្យាការីបានថ្លែងថា ‹ ពួកគាត់មិនអាចធ្វើឲ្យល្អឥតខ្ចោះដោយគ្មានយើងបានឡើយ › [ សូមមើល ហេព្រើរ 11:40 ] ត្បិតវាចាំបាច់ដែលអំណាចនៃការផ្សារភ្ជាប់គួរមាននៅក្នុងដៃយើង ដើម្បីផ្សារភ្ជាប់កូនចៅ និង ដូនតាយើងសម្រាប់ភាពដ៏ពេញលេញនៃការកាន់កាប់ត្រួតត្រា—ការកាន់កាប់ត្រួតត្រាមួយដើម្បីបំពេញសេចក្ដីសន្យាដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ពីមុនគ្រឹះនៃពិភពលោកនេះ សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស » ។2
មានមនុស្សមួយចំនួនប្រហែលជាងឿងឆ្ងល់ថា តើការបង្រៀនដំណឹងល្អនិងការស្វែងរកដូនតាយើងដែលបានចែកឋានទៅអាចជាកាតព្វកិច្ច និង ទំនួលខុសត្រូវដ៏ធំជាងគេបំផុត ក្នុងពេលតែមួយដែលព្រះបានដាក់ឲ្យកូនចៅទ្រង់តាមរបៀបណា ។ គោលបំណងរបស់ខ្ញុំគឺដើម្បីណែនាំថា ការបង្រៀនទាំងនេះគូសបញ្ជាក់ពីសាមគ្គីភាព និង ភាពតែមួយនៃកិច្ចការនៃសេចក្ដីសង្គ្រោះនៅថ្ងៃចុងក្រោយ ។ កិច្ចការផ្សព្វផ្សាយសាសនា និង កិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិគឺជាដៃគូនឹងគ្នា ហើយជាកត្តាដែលពាក់ព័ន្ធគ្នានៃកិច្ចការដ៏អស្ចារ្យមួយ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ( អេភេសូរ 1:10 ) ។
ខ្ញុំសូមអធិស្ឋានឲ្យព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នក និង ខ្ញុំ កាលយើងគិតពិចារណារួមគ្នាពីកិច្ចការនៃសេចក្ដីសង្គ្រោះនៅថ្ងៃចុងក្រោយដ៏អស្ចារ្យនេះ ។
ដួងចិត្ត និង ពិធីបរិសុទ្ធនៃបព្វជិតភាព
ការផ្សាយដំណឹងល្អ និង ការស្វែងរកដូនតាយើងដែលបានចែកឋានទៅគឺជាទំនួលខុសត្រូវពីរដ៏ទេវភាពដែលបានចាត់មក ដែលវាទាក់ទងទាំងដួងចិត្ត និង ពិធីបរិសុទ្ធនៃបព្វជិតភាព ។ គោលការណ៍នៃកិច្ចការរបស់ព្រះអម្ចាស់កំពុងផ្លាស់ប្ដូរ បង្វែរ ហើយបន្សុទ្ធដួងចិត្តទាំងឡាយតាមរយៈសេចក្ដីសញ្ញា និង ពិធីបរិសុទ្ធដែលបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ។
ពាក្យថា ដួងចិត្តត្រូវបានប្រើជាង 1,000 ដងនៅក្នុងបទដ្ឋានព្រះគម្ពីរ ហើយជាតំណាងឲ្យអារម្មណ៍នៅក្នុងចិត្តរបស់មនុស្ស ម្នាក់ ។ ដូច្នេះ ដួងចិត្តយើង—ដែលជាចំណុចប្រមូលផ្ដុំនៃបំណងប្រាថ្នា សេចក្ដីស្រឡាញ់ គោលដៅ ការលើកទឹកចិត្ត និង ឥរិយាបថរបស់យើង—កំណត់ថាយើងជានរណា និងសក្តានុពលនាពេលអនាគតរបស់យើង ។
ព្រះរាជបំណងរបស់ព្រះអម្ចាស់ចំពោះកិច្ចការផ្សព្វផ្សាយសាសនា គឺដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ទទួលពរជ័យនៃដំណឹងល្អដែលបានស្តារឡើងវិញ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយមានជំនឿលើព្រះគ្រីស្ទ ។3 យើងពុំមែនចែកចាយដំណឹងល្អដោយគ្រាន់តែដើម្បីបង្កើនចំនួន និង កម្លាំងនៃសាសនាចក្រនៅថ្ងៃចុងក្រោយនេះប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ យើងខិតខំបំពេញទំនួលខុសត្រូវដ៏ទេវភាពដែលបានចាត់មក ដើម្បីប្រកាសពីភាពពិតនៃផែនការសុភមង្គលរបស់ព្រះវរបិតា ទេវភាពនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង តម្លៃនៃពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។ ការអញ្ជើញមនុស្សទាំងអស់ឲ្យ « មករកព្រះគ្រីស្ទ » ( សូមមើល មរ៉ូណៃ 10:30–33 ) ការមាន « ការផ្លាស់ប្ដូរដួងចិត្តដ៏ធំ » ( សូមមើល អាលម៉ា 5:12–14 ) និងការផ្ដល់ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះដល់បណ្តាមនុស្ស នៅក្នុងជីវិតរមែងស្លាប់មិនទាន់ស្ថិតនៅក្រោមសេចក្ដីសញ្ញា គឺជាគោលដៅដ៏សំខាន់នៃការផ្សាយដំណឹងល្អ ។
ការអនុញ្ញាតឲ្យមានភាពតម្កើងឡើងដល់អ្នកនៅរស់ និង អ្នកស្លាប់គឺជាព្រះរាជបំណងរបស់ព្រះអម្ចាស់ សម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធ និង ការធ្វើពិធីបរិសុទ្ធជំនួស ។ យើងមិនថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីគ្រាន់តែមានបទពិសោធន៍ជាបុគ្គល ឬគ្រួសារដែលគួរឲ្យចងចាំតែប៉ុណ្ណោះនោះទេ ។ ផ្ទុយទៅវិញ យើងខិតខំដើម្បីបំពេញទំនួលខុសត្រូវដ៏ទេវភាពដែលបានចាត់មក ដើម្បីផ្ដល់ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និង ភាពតម្កើងឡើងដល់គ្រួសារមនុស្សលោកទាំងអស់ ។ ការបណ្ដុះសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុកដូចជា អ័ប្រាហាំ អ៊ីសាក និង យ៉ាកុបនៅក្នុងដួងចិត្តរបស់កូនចៅ ការបង្វែរដួងចិត្តកូនចៅទៅពួកឪពុករបស់ពួកគេផ្ទាល់ និង ការធ្វើការស្រាវជ្រាវពង្សប្រវត្តិ និង ពិធីបរិសុទ្ធជំនួសនៅក្នុងព្រះវិហារបរិសុទ្ធគឺជាការងារដែលប្រទានពរដល់បណ្តាជននៅភពវិញ្ញាណដែលមិនទាន់ស្ថិតនៅក្រោមសេចក្ដីសញ្ញា ។
ពិធីបរិសុទ្ធនៃបព្វជិតភាពគឺជាផ្លូវទៅកាន់អំណាចនៃការគោរពព្រះ ៖
« ហើយបព្វជិតភាពដែលធំជាងគេចាត់ចែងដំណឹងល្អ ហើយកាន់កូនសោនៃសេចក្តីអាថ៌កំបំាងទំាងឡាយនៃនគរ គឺជាកូនសោនៃចំណេះវិជ្ជាពីព្រះ ។
« ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទំាងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្តែងឲ្យឃើញ ។
« បើសិនជាគ្មានពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ និង សិទ្ធិអំណាចនៃបព្វជិតភាពទេ នោះអំណាចនៃព្រះពុំអាចបានសម្តែងដល់មនុស្សនៅក្នុងសាច់ឈាមបានឡើយ » ( គ. និង ស. 84:19–21 ) ។
សូមពិចារណាពីសារៈសំខាន់នៃបទគម្ពីរទាំងនេះ ។ ដំបូង បុគ្គលម្នាក់ត្រូវតែឆ្លងកាត់ទ្វារនៃបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ—រួចហើយបន្តដើរឆ្ពោះទៅមុខលើផ្លូវនៃសេចក្ដីសញ្ញា និង ពិធីបរិសុទ្ធដែលដឹកនាំទៅរកព្រះអង្គសង្គ្រោះ និង ពរជ័យនៃដង្វាយធួនរបស់ទ្រង់ ( នីហ្វៃទី 2 31 ) ។ ពិធីបរិសុទ្ធនៃបព្វជិតភាពគឺជាកត្តាដ៏ចាំបាច់ដើម្បី « មករកព្រះគ្រីស្ទ ហើយបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ឲ្យពេញលេញ ( សូមមើល មរ៉ូណៃ 10:30–33 ) ។ បើគ្មានពិធីបរិសុទ្ធទាំងនេះ នោះមនុស្សម្នាក់មិនអាចទទួលពរជ័យទាំងអស់ ដែលកើតមានតាមរយៈពលិកម្មធួនដ៏គ្មានទីបញ្ចប់ ហើយអស់កល្បរបស់ព្រះអម្ចាស់បានឡើយ ( សូមមើល អាលម៉ា 34:10–14 )—សូម្បីទាំងអំណាចនៃការគោរពព្រះផងដែរ ។
កិច្ចការរបស់ព្រះអម្ចាស់គឺជាកិច្ចការដ៏រុងរឿងមួយ ដែលផ្ដោតលើដួងចិត្ត សេចក្ដីសញ្ញា និង ពិធីបរិសុទ្ធនៃបព្វជិតភាព ។
ឥទ្ធិពល
គោលលទ្ធិដ៏ទេវភាពនេះបង្ហាញប្រាប់នូវឥទ្ធិពលពីរយ៉ាងសម្រាប់កិច្ចការរបស់យើងនៅក្នុងសាសនាចក្រ ។
ទីមួយ ជារឿយៗយើងប្រហែលជាផ្ដល់ការសង្កត់ធ្ងន់ច្រើនពេកចំពោះប្រភេទដាច់ដោយឡែកនៃកិច្ចការនៃសេចក្ដីសង្គ្រោះ និង គោលនយោបាយ និង និតិវិធីដែលពាក់ព័ន្ធ ។ ខ្ញុំខ្លាចថា មានយើងរាល់គ្នាជាច្រើនផ្ដោតយ៉ាងខ្លាំងតែទៅលើទម្រង់ការជាក់លាក់នៃកិច្ចការរបស់ព្រះអម្ចាស់រហូតយើងភ្លេចប្រមូលនូវអំណាចដ៏ពេញលេញនៃកិច្ចការដ៏ពេញលេញនៃសេចក្ដីសង្គ្រោះ ។
ខណៈដែលព្រះអម្ចាស់ខិតខំប្រមូលអ្វីៗគ្រប់យ៉ាងឲ្យរួមគ្នាតែមួយក្នុងព្រះគ្រីស្ទ ជារឿយៗយើងប្រហែលជាបែងចែក ឬផ្ដោតលើរបៀបដែលកំណត់ការយល់ដឹង និង ទស្សនៈរបស់យើង ។ កាលវាអនុវត្តហួសហេតុពេក អាទិភាពត្រូវបានផ្ដល់ទៅលើការចាត់ចែងកម្មវិធី និង ការបង្កើនស្ថិតិលើការអញ្ជើញមនុស្សឲ្យចូលទៅក្នុងសេចក្ដីសញ្ញា ហើយទទួលពិធីបរិសុទ្ធដោយសក្ដិសម ។ វិធីសាស្ត្របែបនេះជម្រុញឲ្យមាននូវការបន្សុទ្ធ សេចក្ដីអំណរ ការប្រែចិត្តជឿជាបន្តបន្ទាប់ ព្រមទាំងអំណាច និង ការការពារខាងវិញ្ញាណដែលកើតចេញពីការ « ប្រគល់ចិត្ត [ យើង ]ដល់ព្រះ » ( ហេលេមិន 3:35 ) ។ ការធ្វើដ៏សាមញ្ញ និង ការគូសបញ្ចប់រាល់កិច្ចការនៅលើបញ្ជី « កិច្ចការដែលត្រូវធ្វើ » ដ៏វែងទាក់ទងនឹងដំណឹងល្អដោយស្មោះត្រង់របស់យើងមិនអាចជួយយើងឲ្យទទួលបានរូបភាពរបស់ទ្រង់នៅលើផ្ទៃមុខរបស់យើង ឬនាំមកនូវការផ្លាស់ប្ដូរដួងចិត្តដ៏ធំនោះឡើយ ( សូមមើល អាលម៉ា 5:14 ) ។
ទីពីរ វិញ្ញាណរបស់អេលីយ៉ាគឺជាផ្នែកដ៏សំខាន់ចំពោះកិច្ចការនៃការប្រកាសដំណឹងល្អនេះ ។ ប្រហែលជាព្រះអម្ចាស់បានគូសបញ្ជាក់ពីសេចក្ដីពិតនេះនៅរាល់លំដាប់នៃព្រឹត្តិការណ៍ដែលបានកើតឡើងជាភាពពេញលេញនៃដំណឹងល្អត្រូវបានស្ដារឡើងវិញមកកាន់ផែនដីនៅក្នុងថ្ងៃចុងក្រោយនេះ ។
នៅក្នុងព្រៃពិសិដ្ឋ យ៉ូសែប ស៊្មីធ បានឃើញ ហើយនិយាយនឹងព្រះវរបិតាដ៏អស់កល្បជានិច្ច និង ព្រះយេស៊ូវគ្រីស្ទ ។ ការនិមិត្តនេះបាននាំចូលមក « សម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ » ( អេភេសូរ 1:10 ) ហើយជួយឲ្យយ៉ូសែបរៀនពីលក្ខណៈពិតនៃក្រុមព្រះ និង ពីវិវរណៈដែលមានជាបន្តបន្ទាប់ ។
ប្រមាណជាបីឆ្នាំក្រោយមក ក្នុងការឆ្លើយតបនឹងការអធិស្ឋានដ៏ស្មោះនៅល្ងាចនៃថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 1823 បន្ទប់ដេករបស់យ៉ូសែបបានពេញដោយពន្លឺរហូតធ្វើឲ្យវា « ភ្លឺជាងពន្លឺថ្ងៃត្រង់ទៅទៀត » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:30 ) ។ មានតួអង្គមួយបានលេចមកក្បែរលោក បានហៅឈ្មោះក្មេងប្រុសនោះ ហើយបានប្រកាសថា « លោកជាទូតដែលបានចាត់មកពីវត្តមាននៃព្រះ… ហើយថាឈ្មោះលោកគឺមរ៉ូណៃ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:33 ) ។ លោកបាននិយាយប្រាប់យ៉ូសែបពីការមកនៃព្រះគម្ពីរមរមន ។ រួចហើយមរ៉ូណៃបានដកស្រង់ពីគម្ពីរម៉ាឡាគីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយមានការប្រែប្រួលបន្តិចបន្តួចនៅក្នុងភាសាដែលបានប្រើនៅក្នុងកំណែស្ដេចជេមស៍ ៖
« មើលចុះ យើងនឹងបើកសម្ដែងដល់អ្នករាល់គ្នានូវបព្វជិតភាព ដោយដៃនៃអេលីយ៉ាដែលជាព្យាការីមុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់បានមកដល់ ។ … ហើយលោកនឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ ។ បើសិនជាមិនមែនដូច្នោះទេ នោះផែនដីទាំងមូលនឹងត្រូវកំទេចចោលសូន្យឈឹងក្នុងកាលទ្រង់យាងមក » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:38–39 ) ។
សេចក្តីណែនាំរបស់មរ៉ូណៃដល់ព្យាការីវ័យក្មេងនេះរួមមាននូវរឿងពីរសំខាន់ៗ ៖ (1) ព្រះគម្ពីរមរមន និង (2) ពាក្យរបស់ម៉ាឡាគីប្រាប់ទុកជាមុនពីតួនាទីរបស់អេលីយ៉ានៅក្នុងការស្ដារឡើងវិញនូវ « របស់ទាំងអស់ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក » ( កិច្ចការ 3:21 ) ។ ដូច្នេះ ព្រឹត្តិការណ៍ចាប់ផ្ដើមនៃការស្តារឡើងវិញបានបើកសម្ដែងនូវការយល់ដឹងត្រឹមត្រូវមួយស្ដីពីក្រុមព្រះ បានបង្កើតភាពពិតនៃវិវរណៈជាបន្តបន្ទាប់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រះគម្ពីរមរមន ហើយបានរំពឹងទុកពីកិច្ចការនៃសេចក្ដីសង្គ្រោះ និង ភាពតម្កើងឡើងសម្រាប់ទាំងអ្នកមានជីវិតរស់ និង អ្នកស្លាប់ ។
ឥឡូវនេះសូមពិចារណាពីតួនាទីរបស់ព្រះគម្ពីរមរមន នៅក្នុងការផ្លាស់ប្ដូរដួងចិត្ត—និងពីវិញ្ញាណរបស់អេលីយ៉ានៅក្នុងការបង្វែរដួងចិត្ត ។
ព្រះគម្ពីរមរមនរួមជាមួយនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់គឺជា « ឧបករណ៍តែមួយអស្ចារ្យជាងគេបំផុត ដែលព្រះបានប្រទានឲ្យយើងដើម្បីប្រែចិត្តជឿដល់ពិភពលោកនេះ » ។4 ព្រះគម្ពីរនៃការស្ដារឡើងវិញនេះគឺជាមូលដ្ឋាននៃសាសនារបស់យើង ហើយចាំបាច់នៅក្នុងការនាំមនុស្សមករកព្រះអង្គសង្គ្រោះ ។ ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ—ជាសាក្សីបញ្ជាក់ដ៏សំខាន់មួយនៃទេវភាពរបស់ព្រះដ៏ប្រោសលោះនៅក្នុងពិភពលោកមួយដែលមានសាសនា និង ភាពឥតអៀនខ្មាស់កើនឡើងយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ។ ដួងចិត្តទាំងឡាយត្រូវបានផ្លាស់ប្ដូរនៅពេលបុគ្គលម្នាក់ៗអាន ហើយសិក្សាព្រះគម្ពីរមរមន ហើយអធិស្ឋានដោយស្មោះ ដើម្បីរៀនពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរនេះ ។
វិញ្ញាណរបស់អេលីយ៉ា « ការបង្ហាញឲ្យឃើញមួយពីព្រះវិញ្ញាណថ្លែងសាក្សីពីលក្ខណៈដ៏ទេវភាពនៃគ្រួសារ » ។5 ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដ៏វិសេសនេះ ថ្លែងជាសាក្សីដ៏អស្ចារ្យពីផែនការសុភមង្គលរបស់ព្រះវរបិតា ហើយទាក់ទាញចិត្តមនុស្សឲ្យស្រាវជ្រាវ ហើយស្រឡាញ់ដូនតាពួកគេ និង សមាជិកគ្រួសារ—ទាំងអតីតកាល និង បច្ចុប្បន្នកាល ។ វិញ្ញាណរបស់អេលីយ៉ាជះឥទ្ធិលទៅលើមនុស្សទាំងនៅខាងក្នុង និង ខាងក្រៅសាសនាចក្រ ហើយធ្វើឲ្យដួងចិត្តបង្វែរទៅរកពួកឪពុក ។
ពេលវេលាសម្រាប់យើងបានមកដល់ហើយ ដើម្បីទទួលបានអត្ថប្រយោជន៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតពីបន្សំដ៏រឹងមាំនៃការផ្លាស់ប្ដូរដួងចិត្តដ៏ធំ ដែលធ្វើឲ្យកើតមានឡើងដោយអំណាចខាងវិញ្ញាណនៃព្រះគម្ពីរមរមន និង ការបង្វែរដួងចិត្តទៅរកពួកឪពុក ដែលកើតឡើងតាមរយៈវិញ្ញាណរបស់អេលីយ៉ា ។ ការប្រាថ្នាចង់បានសម្រាប់ការតភ្ជាប់ទៅនឹងអតីតកាលរបស់យើងអាចរៀបចំមនុស្សម្នាក់ឲ្យទទួលគុណធម៌នៃព្រះបន្ទូលព្រះ ហើយពង្រឹងសេចក្ដីជំនឿរបស់គេ ។ ការបង្វែរដួងចិត្តមួយទៅរកពួកឪពុក ជួយជាពិសេសដល់មនុស្សម្នាក់ឲ្យអត់ទ្រាំនឹងឥទ្ធិពលរបស់មារសត្រូវ ហើយពង្រឹងការប្រែចិត្តជឿ ។
សូមមើលវីដេអូទីពីរដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។
គោលការណ៍ទាំងឡាយ
ឥឡូវនេះ ខ្ញុំចង់គូសបញ្ជាក់ពីគោលការណ៍ចំនួនបួនស្ដីពីអំណាចខាងវិញ្ញាណដែលកើតចេញពីការផ្លាស់ប្ដូរ និង ការបង្វែរដួងចិត្ត ។
-
ដួងចិត្ត និង ការប្រែចិត្តជឿ ។ ការបង្វែរទៅរកពួកឪពុកបានក្រើនរំឭក ហើយរៀបចំដួងចិត្តមួយសម្រាប់ការផ្លាស់ប្ដូរដ៏ធំ ។ ហេតុដូច្នេះហើយ វិញ្ញាណរបស់អេលីយ៉ាជួយនៅក្នុងការប្រែចិត្តជឿ ។
សូមមើលវីដេអូទីបីដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។
NaN:NaN -
ដួងចិត្ត និង ការថែរក្សា ។ ការបង្វែរទៅរកពួកឪពុកគាំទ្រ ហើយពង្រឹងដួងចិត្តដែលធ្លាប់ជួបការផ្លាស់ប្ដូរដ៏ធំ ។ ហេតុដូច្នេះហើយ វិញ្ញាណរបស់អេលីយ៉ាជួយនៅក្នុងការថែរក្សាពួកអ្នកប្រែចិត្តជឿថ្មី ។
សូមមើលវីដេអូទីបួនដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។
NaN:NaN -
ដួងចិត្ត និង ការធ្វើឲ្យសកម្មភាពឡើងវិញ ។ ការបង្វែរទៅរកពួកឪពុកបន្ទន់ដួងចិត្តមួយ ដែលរឹងរូស បន្ទាប់ពីមានការផ្លាស់ប្ដូរដ៏ធំ ។ ហេតុដូច្នេះហើយ វិញ្ញាណរបស់អេលីយ៉ាគឺជាគន្លឹះនៃការធ្វើឲ្យសកម្មឡើងវិញ ។
សូមមើលវីដេអូទីប្រាំដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។
NaN:NaN -
ដួងចិត្ត និង ពួកអ្នកផ្សព្វផ្សាយសាសនាដ៏ក្លាហាន ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលធ្លាប់ជួយទាំងការផ្លាស់ប្ដូរដ៏ធំ និងការបង្វែរដួងចិត្តនឹងក្លាយជាអ្នកបម្រើម្នាក់ដែលកាន់តែប្រែចិត្តជឿ បរិសុទ្ធ ហើយក្លាហាន ។
សូមមើលវីដេអូទីប្រាំមួយដើម្បីមើលពីដំណើររឿងមួយដែលបង្ហាញពីគោលការណ៍នេះ ។
NaN:NaN
រួមជាមួយនឹងកម្លាំងនៃអ្នកផ្សព្វផ្សាយសាសនា កំពុងតែពង្រីកយ៉ាងឆាប់រហ័ស និង រៀបចំខ្លួនយ៉ាងល្អប្រសើរ យើងមិនគ្រាន់តែអាចពឹងផ្អែកទាំងស្រុងទៅលើជោគជ័យនៃការផ្សព្វផ្សាយសាសនាកាលពីអតីតកាល ដើម្បីកំណត់នូវផ្លូវ និង វិធីសាស្ត្ររបស់យើងសម្រាប់អនាគតតែប៉ុណ្ណោះនោះឡើយ ។ ព្រះអម្ចាស់បានបំផុសគំនិតឲ្យមានបច្ចេកវិទ្យា និង ឧបករណ៍ដែលអាចជួយឲ្យទទួលបានប្រយោជន៍ពីភាពតែមួយនៃកិច្ចការផ្សព្វផ្សាយសាសនា និង កិច្ចការព្រះវិហារបរិសុទ្ធ និង កិច្ចការពង្សប្រវត្តិ លើសពីគ្រាណាៗទាំងអស់នៅក្នុងការកាន់កាប់ត្រួតត្រានេះ ។ ហើយវាពុំមែនជាការចៃដន្យឡើយ ដែលការបង្កើតថ្មីទាំងនេះ បានកើតឡើងនៅចំពេលដែលវាត្រូវបានគេត្រូវការយ៉ាងខ្លាំងដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយសាសនាជុំវិញពិភពលោក ។ កិច្ចការរបស់ព្រះអម្ចាស់គឺជាកិច្ចការដ៏អស្ចារ្យមួយផ្ដោតលើដួងចិត្តដែលផ្លាស់ប្ដូរ ហើយបង្វែរ លើសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និង លើអំណាចនៃការគោរពព្រះដែលបើកបង្ហាញតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ។
សេចក្ដីសង្ខេប និង ទីបន្ទាល់
ព្រះអម្ចាស់បានប្រកាសថា « យើងអាចធ្វើកិច្ចការរបស់យើងបាន » ( នីហ្វៃទី 2 27:21 ) ហើយ « យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » ( គ. និង ស. 88:73 ) ។ យើងគឺជាសាក្សីនៃការពន្លឿនរបស់ទ្រង់ទៅលើកិច្ចការរបស់ទ្រង់ ។
យើងរស់នៅ ហើយបម្រើនៅក្នុងសម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ។ ដោយស្គាល់ពីសារៈសំខាន់អស់កល្បជានិច្ចនៃការកាន់កាប់ត្រួតត្រាដ៏វិសេសដែលយើងរស់នៅ គួរជះឥទ្ធិពលដល់អ្វីៗដែលយើងធ្វើ ហើយខិតខំប្រែក្លាយ ។ ដើម្បីសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះនៅថ្ងៃចុងក្រោយនេះគឺជារឿងដ៏ចាំបាច់ ហើយបន្ទាន់បំផុត ។ យើងម្នាក់ៗគួរមានអំណរគុណជាខ្លាំងចំពោះពរជ័យ និង ទំនួលខុសត្រូវនៃការរស់នៅក្នុងរដូវកាលនៃការកាន់កាប់ត្រួតត្រាចុងក្រោយដ៏ជាក់លាក់នេះ ។ តើយើងគួរតែមានចិត្តរាបសាខ្លាំងយ៉ាងណាទៅ ដោយដឹងថា « ដល់អ្នកណាដែលត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ » ( គ. និង ស. 82:3 ) ។
ការប្រកាសដំណឹងល្អ និង ការខិតខំស្វែងរកដូនតាយើងដែលបានចែកឋានទៅគឺជាផ្នែកបន្ថែមនៃកិច្ចការដ៏អស្ចារ្យមួយ—ជាកិច្ចការនៃសេចក្តីស្រឡាញ់ដែលមានគោលបំណងដើម្បីផ្លាស់ប្ដូរ បង្វែរ ហើយបន្សុទ្ធដួងចិត្តនៃជនដែលស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ ។ បន្ទាត់ខណ្ឌដែលយើងជាញឹកញាប់បានដាក់នៅចន្លោះកិច្ចការផ្សព្វផ្សាយសាសនា និង កិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិនឹងត្រូវលុបចោល នេះគឺជាកិច្ចការនៃសេចក្ដីសង្គ្រោះមួយដ៏អស្ចារ្យ ។6
តើយើងអាចចាប់ផ្ដើមយល់ពីតួនាទីនៃកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិក្នុងការជួយដល់អ្នករៀនថ្មីម្នាក់ ឬ សមាជិកមិនសូវសកម្មម្នាក់ឲ្យទទួលបាននូវការយល់ដឹងកាន់តែជ្រាលជ្រៅស្ដីពីផែនការសង្គ្រោះតាមរបៀបណា ? តើយើងស្គាល់ថាឥទ្ធិពលដ៏អស្ចារ្យបំផុតមួយចំពោះការថែរក្សាអ្នកប្រែចិត្តជឿ ជាវិញ្ញាណរបស់អេលីយ៉ាដែរឬទេ ? តើយើងអាចមានអំណរគុណដ៏ពេញលេញពីសារៈសំខាន់ នៃគ្រាបង្វែរដួងចិត្តដែលបានកើតឡើងដោយការចែកចាយដំណើររឿងគ្រួសារ ដើម្បីជាមធ្យោបាយមួយស្វែងរកមនុស្សបង្រៀនពីសំណាក់សមាជិក និង ពួកអ្នកផ្សព្វផ្សាយសាសនាដែរឬទេ ? តើយើងអាចជួយជនដែលយើងបម្រើឲ្យប្រើអំណាចនៃការគោរពព្រះឲ្យកាន់តែញឹកញាប់ តាមរយៈការចូលរួមដោយសក្ដិសមនៅក្នុងពិធីបរិសុទ្ធដូចជា ពិធីសាក្រាម៉ង់ ព្រមទាំង បុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់សម្រាប់អ្នកស្លាប់ផងដែរឬទេ ?
សូមឲ្យអ្នកមើលឃើញយ៉ាងច្បាស់ ស្ដាប់ឮដោយគ្មានការភ័ន្តច្រឡំ ហើយថែមទាំងចងចាំពីសារៈសំខាន់នៃការបម្រើរបស់អ្នក នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់នៃការផ្លាស់ប្ដូរ ការបង្វែរ និង បន្សុទ្ធដួងចិត្ត ។