២០១៤
ទ្រង់​ស្រឡាញ់​អ្នក
October 2014


ទ្រង់​ស្រឡាញ់​អ្នក

អាលីស វិចតូរីយ៉ា វ៉េស្តុន-ឈើវួដ រដ្ឋ​អាខាន់សាស ស.រ.អា.

ខ្ញុំ​បាន​អង្គុយ​នៅ​ជ្រុង​ម្ខាង​នៃ​បន្ទប់​សេឡេស្ទាល​ក្បែរ​ព្យាណូ​ខ្យល់​អំឡុង​ពេល​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ម៉ិមហ្វីសថែនណេស៊ី ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( 1920–2007 ) ជា​សមាជិក​មួយ​រូប​ក្នុង​គណៈប្រធាន​ទី​មួយ​ពី​ឆ្នាំ 1995 ដល់ 2007 បាន​មក​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នេះ ។ លោក និង ថ្នាក់ដឹក​នាំ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​អង្គុយ​នៅ​ពី​ក្រោយ​មីក្រូហ្វូន ។ មាន​ក្រុម​ចម្រៀង​របស់​សាសនាចក្រ​ក្នុង​មូលដ្ឋាន​មួយ​ក្រុម​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់ ហើយ​ឈរ​នៅ​ពី​ក្រោយ​ពួក​លោក ។

មាន​យុវនារី​ម្នាក់​ដែល​ខ្ញុំ​បាន​បង្រៀន​សួរ​សុខ​ទុក្ខ​គឺ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ចម្រៀង​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ពេញ​ក្នុង​ការប្រជុំ​នោះ​ទូល​សុំ​ថា នាង​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​នាង​បាន​លះបង់​មក​កាន់​ទីនេះ ។ នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ថា នាង​មក​កាន់​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ដើម្បី​ចង់​ដឹង​អំពី​ជំហរ​ខាង​វិញ្ញាណ​របស់​នាង​ចំពោះ​ព្រះអម្ចាស់ ។ នាង​ធ្លាប់​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​កាល​ពីមុន ហើយ​ទោះ​ជា​នាង​ធ្លាប់​បាន​ប្រែចិត្ត​ក្ដី ក៏​នាង​នៅ​តែ​គ្មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ហើយ​ថែម​ទាំង​គ្មាន​អារម្មណ៍​ល្អ​ពីការ​ច្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​នោះ​ដែរ ។

ខ្ញុំ​បាន​មើល​ទៅ​ប្រធាន ហ្វោស្ត ដោយ​មាន​អារម្មណ៍​ថា ក្នុង​នាម​ជា​អ្នក​តំណាង​មួយ​រូប​របស់​ព្រះអម្ចាស់​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ លោក​គួរ​តែ​មាន​លទ្ធភាព​ដើម្បី​ធ្វើ​នូវ​អ្វី​មួយ ។ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ប្រាប់​ដល់​លោក​តាម​របៀប​ណា ហើយ​តើ​លោក​អាច​ធ្វើ​អ្វី​មួយ​តាម​របៀប​ណា​បាន ? បន្ទាប់​ពី​ការ​ប្រជុំ​នោះ លោក​បាន​ដើរ​ចេញ​ពី​បន្ទប់​តាម​ផ្លូវ​ដែល​លោក​បាន​ដើរ​ចូល​មក ហើយ​ដោយ​គ្មាន​ការ​ណែនាំ ការ​ចាប់ដៃ និង​ការនិយាយ​ឆ្លើយឆ្លង​ឡើយ ។ ខ្ញុំ​បាន​យល់​ថា លោក​មាន​ភាព​មមាញឹក ហើយ​មាន​ការ​ធ្វើ​ដំណើរ​ដែល​បាន​រៀបចំ​ទុក ប៉ុន្តែ​ខ្ញុំ​នៅតែ​អធិស្ឋាន ។

ដោយ​គិត​នៅ​ក្នុង​ចិត្ត ប្រធាន ហ្វោស្ត​មើល​មុខ​ខ្ញុំ​មួយ​សន្ទុះ—ដោយជ្រួ​ញ​ចិញ្ចើម ។ កាល​ការប្រជុំ​នោះ​បាន​បញ្ចប់ ពន្លឺ​នៃ​អារម្មណ៍​រីករាយ​បាន​លេច​ឡើង​នៅ​ផ្ទៃ​មុខ​របស់​លោក ។

លោក​បាន​មើល​មុខ​ខ្ញុំ​ម្ដង​ទៀត រួច​រំពេច​នោះ​បាន​ក្រោក​ឈរ ហើយ​ងាក​ក្រោយ​ដោយ​ឈោង​ដៃ​របស់​លោក​តាម​ដែល​លោក​អាច​ធ្វើ​បាន ។ លោក​បាន​ចង្អុល​ទៅ​មិត្ត​ខ្ញុំ ។ រួច​លោក​បាន​ថ្លែង​ឮៗ​ដោយ​ភាពម៉ឺងម៉ាត់​ថា « ព្រះអម្ចាស់​ស្រឡាញ់​អ្នក ! »

សញ្ញា​បង្ហាញ​របស់​ប្រធាន​ហ្វោស្ត​យ៉ាង​តូច ហើយ​សាមញ្ញ ប៉ុន្តែ​វា​មាន​ឥទ្ធពល​ដ៏​អស្ចារ្យ​ដែល​អាច​កើត​មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដោយ​ប្រាប់​ដល់​លោក​នូវ​អ្វី​ដែល​ខ្ញុំ​មិន​អាច​ប្រាប់​បាន ។ ពាក្យ​ប៉ុន្មាន​ម៉ាត់​នោះ​បាន​ប្រទាន​ពរ​ដល់​មិត្ត​ខ្ញុំ ហើយ​បាន​បន្ត​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ថា ព្រះអម្ចាស់​គិតគូរ​គ្រប់ជ្រុងជ្រោយ​ពី​ជីវិត​របស់​យើង ហើយ « ដោយ​កិច្ចការ​តូច​តាច និង ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ធំៗ​បាន » ( អាលម៉ា 37:6 ) ។