សារលិខិតគណៈប្រធានទីមួយ
ការអធិស្ឋានដោយសេចក្តីជំនឿ
ការអធិស្ឋានគឺលើសពីពាក្យសម្ដីដែលយើងនិយាយទៅកាន់ព្រះទៅទៀត ។ វាគឺជាទំនាក់ទំនងទៅវិញទៅមករវាងព្រះ និង កូនចៅរបស់ទ្រង់ ។
កាលណាការអធិស្ឋានដំណើរការតាមរបៀបរបស់វា នោះយើងសម្ដែងអារម្មណ៍ក្នុងដួងចិត្តយើងជាពាក្យសម្ដីដ៏សាមញ្ញ ។ ជាធម្មតា ព្រះវរបិតាសួគ៌ឆ្លើយតបដោយការដាក់គំនិតនៅក្នុងចិត្តយើង ព្រមជាមួយនឹងអារម្មណ៍ ។ ទ្រង់តែងស្ដាប់ការអធិស្ឋានដ៏ស្មោះដែលយើងធ្វើឡើង កាលណាយើងអធិស្ឋានដោយការតាំងចិត្តមួយ ដើម្បីគោរពប្រតិបត្តិតាមទ្រង់ មិនថាចម្លើយរបស់ទ្រង់ជាអ្វី ហើយវាមកនៅពេលណានោះឡើយ ។
ព្រះអម្ចាស់ធ្វើការសន្យានេះដល់មនុស្សទាំងអស់ដែលអាន ហើយអធិស្ឋានពីព្រះគម្ពីរមរមនថា ៖
« ហើយកាលណាអ្នករាល់គ្នាទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នាសូមសួរដោយចិត្តស្មោះសគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្តីពិតនៃការណ៍នេះដល់អ្នកដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
« ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ »។ ( មរ៉ូណៃ 10:4–5 ) ។
ការសន្យានោះគឺច្បាស់លាស់ណាស់ ។ មានមនុស្សរាប់លាននាក់បានសាកល្បង ហើយបានរកឃើញពីការសន្យាដ៏អស្ចារ្យនោះស្ដីពីការអធិស្ឋានតាមរយៈការទទួលពរជ័យមួយដែលបានបំពេញជីវិតរបស់ពួកគេជាមួយនឹងសេចក្ដីអំណរ និង សុភមង្គលជារៀងរហូត ។ ការសន្យានោះអនុវត្តនៅរាល់ការអធិស្ឋានរបស់យើង ដើម្បីឲ្យដឹងពីព្រះតំរិះ និង ព្រះហឫទ័យរបស់ព្រះចំពោះយើង ។ យើងអាចអនុវត្តវានៅពេលណាយើងទទួលការប្រឹក្សាពីអ្នកបម្រើម្នាក់របស់ព្រះដែលត្រូវបានផ្ដល់សិទ្ធិឲ្យដើម្បីផ្ដល់ការណែនាំដល់យើង ។ ឧទាហរណ៍ យើងអាចពឹងផ្អែកលើការប្រឹក្សានោះ នៅពេលយើងបានស្ដាប់ដល់ការបង្រៀនមួយនៅក្នុងសន្និសីទទូទៅ ។ យើងអាចអនុវត្តការប្រឹក្សានោះ នៅពេលយើងត្រូវបានបង្រៀនដោយពួកអ្នកផ្សព្វផ្សាយសាសនាដ៏រាបសារ ដែលត្រូវបានហៅដោយព្រះតាមរយៈព្យាការីនៅរស់ ។ ការប្រឹក្សានោះក៏អនុវត្តចំពោះការប្រឹក្សាដែលយើងទទួលពីប៊ីស្សព ឬប្រធានសាខារបស់យើងផងដែរ ។
ដើម្បីធ្វើឲ្យការអធិស្ឋានដំណើរការនៅក្នុងជីវិតយើង វិធីគឺសាមញ្ញ ។ យើងត្រូវទូលសូមដើម្បីដឹងពីអ្វីដែលពិត តាមរយៈការអធិស្ឋានទៅព្រះវរបិតានៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវទូលសូមដោយចិត្តស្មោះ ដែលមានន័យថា យើងត្រូវមានបំណងស្មោះត្រង់ ដើម្បីធ្វើអ្វីៗដែលចម្លើយរបស់ព្រះតម្រូវឲ្យយើងធ្វើ ។ ហើយបំណងដ៏ពិតរបស់យើងត្រូវតែកើតចេញពីសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។
អ្នករៀនថ្មីដែលអានព្រះគម្ពីរមរមនពីមុនបានទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់អាចទទួលបានការអះអាងថា ព្រះគម្ពីរនេះពិត និងជាសាក្សីមួយថា យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរនេះដោយព្រះចេស្ដានៃព្រះ ។ ក្រោយពីត្រូវបានបញ្ជាក់ជាសមាជិកសាសនាចក្រហើយ យើងអាចមានព្រះវិញ្ញាណបរិសុទ្ធ ជាដៃគូរបស់យើងដើម្បីបញ្ជាក់ពីសេចក្ដីពិតផ្សេងទៀត ។ បន្ទាប់មក នៅពេលណាយើងអធិស្ឋានដោយសេចក្ដីជំនឿ នោះយើងអាចរំពឹងទុកថា ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើទីបន្ទាល់ដល់យើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ថាព្រះជាព្រះវរបិតាមានព្រះជន្មរស់ ហើយថា ទ្រង់ទាំងពីរអង្គស្រឡាញ់យើង និងកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។
នោះគឺជាហេតុផលមួយ ទើបមានការសន្យាមួយនៅក្នុងព្រះគម្ពីរមរមនថា យើងនឹងមានសេចក្តីសប្បុរសនៅក្នុងចិត្តយើង កាលព្រះវិញ្ញាណបរិសុទ្ធថ្លែងជាសាក្សីដល់យើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ៖ « បើសិនជាមនុស្សនោះស្លូតបូត ហើយសុភាពរាបសា ហើយទទួលស្គាល់ដោយនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ អ្នកនោះត្រូវតែមានសេចក្ដីសប្បុរស » ( មរ៉ូណៃ 7:44 ) ។
នៅរាល់អាទិត្យតមអាហារមាននូវឱកាសដ៏អស្ចារ្យមួយដើម្បីរីកចម្រើនខាងវិញ្ញាណ ។ ថ្ងៃអាទិត្យតមអាហារអាចជួយយើងឲ្យមានបទពិសោធន៍ស្រដៀងគ្នានឹងអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ ដែលបានអធិស្ឋាន ហើយតមអាហារដើម្បីឲ្យដឹងពីសេចក្ដីពិតដ៏អស់កល្ប ដើម្បីពួកគេអាចបង្រៀនដល់សាសន៍លេមិនដោយព្រះចេស្ដា សិទ្ធិអំណាច និង សេចក្ដីស្រឡាញ់ ( សូមមើល អាលម៉ា 17:3,9 ) ។
នៅអាទិត្យតមអាហារយើងដាក់គ្នានូវការអធិស្ឋាន និង ការតមអាហារបញ្ចូលគ្នា ។ ដើម្បីជាពរជ័យដល់អ្នកក្រីក្រ យើងផ្ដល់ដង្វាយតមអាហារដ៏សប្បុរសមួយដល់ប៊ីស្សព ឬ ប្រធានសាខា ដែលវាស្មើយ៉ាងហោចណាស់នឹងតម្លៃនៃអាហារពីរពេលដែលយើងមិនបានបរិភោគ ។ គំនិត និង ការអធិស្ឋានរបស់យើងត្រូវបានងាកទៅរកព្រះអង្គសង្គ្រោះ និង ទៅរកជនដែលទ្រង់សព្វព្រះហឫទ័យឲ្យយើងបម្រើតាមរយៈការជួយដល់សេចក្ដីត្រូវការខាងវិញ្ញាណ និង ខាងសាច់ឈាមរបស់ពួកគេ ។
ដូច្នេះ ការអធិស្ឋាន និង បំណងរបស់យើងកាន់តែប្រែក្លាយដូចជាការអធិស្ឋាន និង ព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ កាលណាយើងតមអាហារដើម្បីឲ្យមានភាពរាបសា ងាយបង្រៀន ហើយមានសេចក្ដីស្រឡាញ់កាន់តែច្រើននោះ ។ ហើយដូចដែលទ្រង់បានធ្វើ នោះយើងអធិស្ឋានដើម្បីដឹងពីព្រះហឫទ័យរបស់ព្រះវរបិតាមានសម្រាប់យើង ហើយធ្វើវា ។