២០១៤
ឧបសគ្គជំទាស់នឹង​បេសកកម្ម​ខ្ញុំ
October 2014


ឧបសគ្គ​ជំទាស់​នឹង​បេសកកម្ម​ខ្ញុំ

អ្នកនិពន្ធ​រស់នៅ​ម៉ាណាអុស ប្រទេស​ប្រេស៊ីល​

បន្ទាប់​ពី​សម្ភាស​ខ្ញុំ​ដើម្បី​ទៅ​បម្រើ​បេសកកម្ម ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​ថ្លែង​ថា « រឿង​ដ៏ចម្លែក​នឹង​កើត​ឡើង​នៅ​ក្នុង​ជីវិត​អ្នក ដើម្បី​ព្យាយាម​ទាក់ទាញ​អ្នក​ផ្លាស់ប្ដូរ​គំនិតអ្នក » ។

illustration of worried-looking young man

រចនា​រូបភាព​ដោយ ក្រេហ្គ ញ៉ូវបូល

ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​កាលខ្ញុំ​មានវ័យ 15 ឆ្នាំ ហើយ​បួនឆ្នាំក្រោយមក​ខ្ញុំ​បាន​ដាក់ពាក្យ​សុំធ្វើ​ជាអ្នកផ្សព្វផ្សាយសាសនា​របស់​ខ្ញុំ ។ នៅ​ក្នុងការ​សម្ភាស​ប្រធានស្តេក​របស់ខ្ញុំ​ គាត់បាន​សរសើរ​ខ្ញុំ​ចំពោះ​ការ​សម្រេចចិត្ត​បម្រើ​ព្រះអម្ចាស់ជា​អ្នកផ្សាយសាសនាពេញម៉ោង ។ រួច​អ្នកដឹកនាំដ៏បំផុសគំនិត​រូបនោះបាន​ថ្លែង​នូវអ្វីមួយដែល​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ជាខ្លាំង ៖ « ប្អូនប្រុស ចាប់ពីពេលនេះទៅ រឿងដ៏ចម្លែក​នឹង​កើត​ឡើង​នៅ​ក្នុង​ជីវិត​ប្អូន ដើម្បី​ព្យាយាមទាក់ទាញឲ្យ​ប្អូន​ផ្លាស់គំនិតពីការសម្រេច​ចិត្ត​របស់ប្អូន​បម្រើ​ដល់​ព្រះ​អម្ចាស់ » ។

កាល​កំពុង​រង់ចាំ​ការ​ហៅ​ឲ្យ​ចេញបេសកកម្ម​របស់ខ្ញុំ ខ្ញុំ​បាន​ធ្វើការ​សិក្ខា​កាម​ម្នាក់​នៅ ក្រុមហ៊ុនហ្សើរ៉ក់ ។ ការងារ​នេះអាចធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បានអ្វីៗ​មួយចំនួន​ដែល​ខ្ញុំ​ត្រូវការ​សម្រាប់​បេសកកម្មខ្ញុំ ហើយ​ជួយ​ម្ដាយខ្ញុំសម្រាប់ការ​ចំណាយ​នានា​នៅ​ក្នុង​ផ្ទះ ។ អ្វីៗគ្រប់យ៉ាងបាន​ដំណើរការ​ទៅ​ល្អណាស់ ។

ជាអកុសល « រឿងចម្លែក » បាន​ចាប់ផ្ដើម​កើត​ឡើង ។ ដំបូង ម្ដាយ​ខ្ញុំ​ត្រូវបាន​គេ​វាយធ្វើ​បាប ហើយ​ស្ទើរតែបាត់បង់​ជីវិតដោយ​សារ​របួសរបស់គាត់ ប៉ុន្តែ​ព្រះវរបិតាសួគ៌​ដ៏​មាន​ព្រះទ័យ​សណ្ដោស​ប្រណីបាន​ជួយ​ដល់​ជីវិត​គាត់​ដោយ​អស្ចារ្យ ។

នៅ​ពេលនោះ ម្ដាយ​ខ្ញុំ ប្អូនស្រី​ពីរនាក់ ហើយ​និង​ខ្ញុំ​កំពុងរស់នៅ​ផ្ទះជួល​មួយ ។ យើង​រស់នៅ​ដោយ​សារប្រាក់ចំណូល​របស់ខ្ញុំ និង​អត្ថប្រយោជន៍​មួយចំនួន​តូចដែល​ម្ដាយ​ខ្ញុំ​បាន​ទទួល ដោយសារមរណភាពរបស់​ឪពុកខ្ញុំ​ជាច្រើន​ឆ្នាំមុនមក ។

មាន​មនុស្ស​មួយចំនួន រួមទាំង​សមាជិក​សាសនាចក្របាន​សួរ​ថា « តើ​ឯង​នឹង​មានហ៊ាន​ដើម្បី​ទុកម្ដាយឯង​ទាំងបែបនេះ ហើយ​ទៅ​បេសកកម្ម​បាន​មែន​ឬ ? » ការ​ស្ដាប់ឮ​សំណួរ​នេះម្ដងហើយ​ម្ដងទៀតបាន​ចាប់ផ្ដើម​បង្កើត​ភាពសង្ស័យ​នៅក្នុង​ចិត្ត​ខ្ញុំ ។

មាន​ថ្ងៃ​មួយ ​ប្រធានស្តេក​របស់ខ្ញុំ​បាន​ទូរស័ព្ទប្រាប់ខ្ញុំ​ថា ការហៅ​ឲ្យ​ចេញ​បេសកកម្ម​របស់ខ្ញុំ​បាន​មកដល់ហើយ​ ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​មក​កាន់​ការិយា​ល័យ​គាត់នៅល្ងាច​នោះ ដើម្បី​គាត់​អាច​ឲ្យ​ខ្ញុំ​នូវ​កញ្ចប់សំបុត្រ​ដែលខ្ញុំបាន​រង់ចាំ​យ៉ាងយូរ​ពី​ទីស្នាក់ការកណ្តាលរបស់សាសនា​ចក្រ ។ ខ្ញុំភ័យផង អរផង​ ពេល​បាន​ឮដំណឹង​នោះ ។

នៅ​ថ្ងៃដដែល​នោះ នាយក​របស់ខ្ញុំនៅកន្លែង​ធ្វើ​ការ​បាន​សុំ​ជួបខ្ញុំ​ពី​មុន​ម៉ោង​បាយថ្ងៃត្រង់ ។ កាល​ខ្ញុំ​ចូល​ទៅក្នុង​ការិយាល័យ​គាត់ គាត់បានទទួល​ខ្ញុំដោយរាក់ទាក់ ហើយ​យើង​បាន​និយាយ​គ្នា​ពីរបីនាទីអំពី​ការ​បំពាក់បំប៉ន​របស់​ខ្ញុំ និង អ្វីដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុងក្រុមហ៊ុន​នេះ ។ រួចបុរសដ៏មាន​អំណាច​ម្នាក់​នៅក្នុងក្រុមហ៊ុននោះ​បាន​ថ្លែងនូវអ្វីមួយ​ដែលដូច​ជាបំណងចង់បាន​របស់​មនុស្សភាគច្រើន​នៅ​ក្នុង​ទីក្រុង ៖ « ឯង​ធ្វើ​ការ​បាន​ល្អ​ណាស់ក្នុង​នាម​ជា​សិក្ខាកាម​ម្នាក់ ហើយ​យើង​ចង់​ជួល​ឯងឲ្យ​ធ្វើ​ការ​ ហើយទុកឯងឲ្យនៅ​ក្នុងក្រុមនេះ។ តើឯង​គិត​យ៉ាងណាដែរ ? »

នេះ​គឺជា​ការ​សម្រេច​ចិត្ត​មួយដ៏​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ រឿងទីពីរ​គឺមានអារម្មណ៍​ហាក់ដូចជា​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ។​ វា​ហាក់ដូចជា​ខ្ញុំ​អាចស្ដាប់ឮមនុស្សសួរ​ខ្ញុំ​ថា តើ​ខ្ញុំ​នឹង​បោះបង់ម្ដាយ​ខ្ញុំ​ដោយ​គ្មាន​ការ​ផ្គត់ផ្គង់ខាង​ហិរញ្ញវត្ថុ ហើយទៅបេសកកម្ម​មែនទេ ។

ប៉ុន្តែ ខ្ញុំ​បាន​ចងចាំ​នូវ​រឿង​ដែល​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ និង ថ្នាក់ដឹកនាំសាសនាចក្រ​របស់ខ្ញុំ និង​តាម​របៀបដ៏ពិសិដ្ឋ​មួយ​ ខ្ញុំ​បាន​ដឹង​យ៉ាង​ប្រាកដ​ថា ព្រះសព្វព្រះទ័យ​ឲ្យ​ខ្ញុំ​បម្រើ​ជា​អ្នកផ្សាយសាសនាពេញម៉ោង​នៃ​សាសនាចក្រ​របស់ទ្រង់ ។ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​នឹង​មើល​ថែទាំ​គ្រួសារ​ខ្ញុំ ថាខ្ញុំ​អាចទុកចិត្ត​លើ​ទ្រង់​បាន ហើយ​ថា​អ្វីៗគ្រប់​យ៉ាង​នឹង​បាន​ប្រសើរ​ឡើង ។

ខ្ញុំ​បាន​ពន្យល់ប្រាប់នាយក​របស់ខ្ញុំ​ពីស្ថានភាព​នោះ ហើយ​គាត់បាន​ស្រែក​ដាក់ខ្ញុំ​ថា ៖ « ខ្ញុំ​បាន​គិត​ថា​ ឯង​ជា​យុវជន​ម្នាក់ដែលមាន​ការ​គិតគូរវែងឆ្ងាយ ហើយ​មើលចុះ​ឯងកំពុង​តែ​បោះចោល​នូវ​ឱកាស​ក្នុង​ជីវិត​របស់​ឯង​ហើយ » ។

ខ្ញុំ​បាន​អរគុណគាត់ដោយ​អស់ពីចិត្ត​ចំពោះ​ឱកាសដែល​គាត់​ផ្ដល់​ឲ្យ ហើយ​ 28 ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទៅ​បង្ហាញមុខ​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សា​យសាសនា​ក្នុង​សៅផាឡូ ប្រទេស​ប្រេស៊ីល ។

ក្នុងបេសកកម្ម​ខ្ញុំ ព្រះអម្ចាស់​បាន​បំពេញ​សេចក្ដីត្រូវការ​របស់​គ្រួសារ​ខ្ញុំ​តាម​រយៈ​មិត្ត​ក្នុង​សាសនាចក្រ និង តាមរបៀបដ៏អស្ចារ្យ​ជាច្រើន ។ សុខភាពម្ដាយ​ខ្ញុំ​បាន​ប្រសើរឡើងវិញ ហើយប្អូន​ស្រី​ខ្ញុំ​ទាំងពីរ​ និង គាត់​បាន​មាន​ការ​ងារ​ធ្វើថ្មី ។

« រឿង​ចម្លែក » ពិត​ជា​បាន​កើតឡើងមែន ​ពេល​យើង​សម្រេចចិត្ត​បម្រើ​ព្រះអម្ចាស់ ។ ប៉ុន្តែខ្ញុំសូម​បន្ថែម​ទីបន្ទាល់ខ្ញុំដោយ​រាបសាទៅនឹង​ទីបន្ទាល់នៃ​មនុស្សរាប់ពាន់នាក់ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​នៅ​ក្នុងការ​បម្រើ​របស់ព្រះថា ការ​បម្រើជាអ្នកផ្សព្វផ្សាយ​សាសនា​បាន​ជះ​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ​យ៉ាងខ្លាំង ។