២០១៤
ទីបន្ទាល់រួម​គ្នាតែ​មួយ​របស់ខ្ញុំ
October 2014


ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ

ទីបន្ទាល់រួម​គ្នាតែ​មួយ​របស់ខ្ញុំ

អ្នកនិពន្ធ​រស់​នៅ​ប្រទេសសិង្ហបុរី ។

ចំពោះខ្ញុំ សេចក្ដីពិត​ដ៏ពេញ​លេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​គឺ​រួមគ្នា​តែមួយ ។ ប្រសិនបើ​ដំណឹងល្អ​ពិត នោះ​ព្រះគម្ពីរ​មរមន​ពិត ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​គ្រួសារ​ខ្ញុំ​ពី​ដំណឹង​ល្អ​ក្នុង​ផ្ទះ​របស់​យើង​ក្នុង​ប្រទេស​សិង្ហបុរី ។ ឪពុកខ្ញុំ​មិន​បាន​ចូល​ក្នុង​សាសនា​ចក្រទេ​ ប៉ុន្តែ​ម្ដាយ​ខ្ញុំ​បាន​ចូល ។ គាត់​បានបង្រៀន​យើង​ពី​ព្រះយេស៊ូវគ្រី​ស្ទ និង​ពី​ដំណឹងល្អ​របស់​ទ្រង់ ។ សូម្បី​តែ​កាលពី​ក្មេង ខ្ញុំ​បាន​ប្រាប់​ដល់​មិត្ត​ខ្ញុំដោយ​មោទនភាព​ថា ខ្ញុំ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខ្ញុំ​តែងទុកចិត្ត​លើ​ការបង្រៀន​របស់​ម្ដាយ​ខ្ញុំ ។ ប៉ុន្តែ​កាល​ខ្ញុំ​ធំ​ក្នុង​វ័យ​ជា​មជ្ឈិមវ័យ​វ័យក្មេង មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ប៉ុន្មាន​ដង​ហើយ ។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​សួរសំណួរ​នេះពី​មុន ប៉ុន្តែ​ពេលនេះ​ខ្ញុំ​បាន​ដឹង​ថា ដោយសារ​ខ្ញុំ​មិន​បាន​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​មិន​ដឹង​ថាវា​ពិត​ដែរ​ឬ​អត់​នោះ​ទេ ។

ការពិត​មួយ​ដែល​មិន​អាច​បដិសេធ​បាន

ខ្ញុំ​មិន​អាចគេចវេស​ពី​ការពិត​មួយ​ដែល​មិន​អាច​បដិសេធ​បាន​ថា ៖ សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​គឺ​រួមគ្នា​តែមួយ ។ ប្រសិនបើ​ដំណឹង​ល្អ​ពិត នោះ​ព្រះគម្ពីរ​មរមន​ពិត ។ ដោយសារ​ខ្ញុំ​មិនដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត​ដែរ​ឬ​អត់ ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍​សង្ស័យ​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ជឿ​តាំងពី​ក្មេង​មក ។ គំនិត​ខ្ញុំពោរពេញដោយ​ភាពច្របូកច្របល់ ហើយ​សំណួរ​ដែល​ថា— « តើ​ព្រះគម្ពីរ​មរមន​ពិត​ដែរ​ឬ​ទេ ? » —បាន​បន្ត​មាន​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ។

ការកើន​ឡើង​នូវ​ទំនាក់ទំនង​នឹង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ក៏​បាន​ដឹង​នាំ​ខ្ញុំ​ឲ្យ​ចង់​បាន​សេចក្ដី​ពិត​ផងដែរ ។ នៅថ្ងៃ​ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​ពេញលេញ​ឡើយ ប្រសិនបើ​គ្មាន​ការ​អាន​ព្រះ​គម្ពីរ​មរមន​ដោយ​យកចិត្ត​ទុក​ដាក់​នោះ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​តើ​ព្រះគម្ពីរ​នោះ​ពិតដែរ​ឬ​អត់ ។

បាន​ហៅ​ជា​គ្រូបង្រៀន​

ខ្ញុំ​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ ។ នៅ​ពេលនេះ ប្រធាន​សាខា​ខ្ញុំ​បាន​ហៅ​ខ្ញុំ​ឲ្យ​បង្រៀន​ពី​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ថ្នាក់​បង្រៀន​គោលលទ្ធិ​ដំណឹង​ល្អ ។ ខ្ញុំ​បាន​ទទួល​យក​ការហៅ​នោះ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​អាច​ជា​ចម្លើយ​របស់​ព្រះអម្ចាស់​ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពីសេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​មរមន ហើយ​ខិត​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ។

ការ​បង្រៀ​នមាន​ការ​លំបាក​ណាស់ ។ បន្ទាប់ពី​ពីរ​បី​សប្ដាហ៍​ដំបូង​មក ខ្ញុំ​បានដឹង​ថា ខ្ញុំ​ការ​បង្រៀន​របស់​ខ្ញុំ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​រហូត​ដល់​ខ្ញុំ​ជឿ​លើ​ព្រះគម្ពីរ​មរមន ។

ដំណើរ​រឿង​បាន​បើកសម្ដែង​មួយជំពូក​ម្ដងៗ

ខ្ញុំបាន​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​មរមន​រាល់សប្ដាហ៍ ហើយ​មិន​យូរ​ប៉ុន្មាន​បានរកឃើញនូវ​សេចក្ដីអំណរនៅក្នុង​ការអាន​របស់ខ្ញុំ ។ ដំណើររឿងនៅ​ក្នុង​ព្រះគម្ពីរមរមន​បាន​បើកសម្ដែង​មួយ​ជំពូក​ម្ដងៗ ហើយ​បាន​នាំ​ខ្ញុំ​ខិតទៅជិត​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​បានអានពី​ការប្រសូត​របស់​ព្រះ​គ្រីស្ទ​ដែល​នីហ្វៃបាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត​មួយ​ថា ៖

« ហើយ​ខ្ញុំ​បាន​ឃើញ​ភូមិណាសារ៉ែត ហើយ​នៅ​ភូមិណាសារ៉ែត ខ្ញុំ​បាន​ឃើញ​នាង​ព្រហ្មចារីម្នាក់ ហើយ​នាង​ស្រស់​ល្អ ហើយ​សដ៏លើសលប់ ។ …

« ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ នាង​ព្រហ្មចារី​ដែល​អ្នក​ឃើញ​នោះ​គឺ​ជា​មាតា​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ស្រប​តាម​ខាង​ឯ​សាច់​ឈាម » ( នីហ្វៃទី 1 11:13, 18 ) ។

ខ្ញុំ​បាន​អាន​ពី​ផែនការ​នៃ​សុភមង្គល ហើយ​បាន​រៀន​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទគឺជា​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​យើង ។ អាមូលេក​បានបង្រៀន​ថា ៖

« ខ្ញុំ​ដឹង​ថា​ព្រះគ្រីស្ទនឹង​យាង​មក​ក្នុង​ចំណោម​កូនចៅ​មនុស្ស ដើម្បី​ទទួល​យក​នូវ​អំពើ​រំលង​ទាំងឡាយ​នៃ​ប្រជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ ។

… ត្បិតស្រប​តាម​ផែនការ​ដ៏មហិមា​នៃ​ព្រះដ៏នៅ​អស់​កល្ប​ជានិច្ច នោះត្រូវ​តែ​មាន​ដង្វាយធួន​មួយ​កើត​ឡើង បើ​ពុំ​នោះ​សោតទេ មនុស្ស​លោក​ទាំងអស់​នឹង​ពុំអាច​ចៀសផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » (អាលម៉ា 34:8–9) ។​

ខ្ញុំ​បាន​អាន​ពី​ព្រះយេស៊ូវគ្រីស្ទ​បម្រើ​ដល់​រាស្ត្រ​ផ្សេង​ទៀត​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក​សម័យ​បុរាណ ហើយ​ខ្ញុំ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះ​នៃ​គ្រប់​ជាតិសាសន៍ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ទៅ​សាសន៍​នីហ្វៃ​ថា ៖ « អ្នក​រាល់គ្នា​គឺ​ជា​ពួកអ្នក​ដែល​យើង​បាន​និយាយ​ថា ៖ យើង​ក៏​មាន​ចៀម​ឯ​ទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវតែ​យើង​នាំ​ចៀម​ទាំងនោះ​មកដែរ ហើយ​វា​នឹង​ស្ដាប់​តាម​សំឡេង​យើង នោះ​នឹងមាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែ​មួយវិញ » ( នីហ្វៃទី 3 15:21 ) ។

ទីបន្ទាល់​ខ្ញុំ​កើត​មាន​បន្តិចម្ដងៗ

កាល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ភ្លឺ ហើយ​ការ​យល់ដឹង​របស់​ខ្ញុំ​ស្ដីពី​ផែនការ​របស់​ទ្រង់​បាន​កើនឡើង ( សូម​មើល អាលម៉ា 32:28 ) ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋានៃ​សាសនា​របស់​យើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​បង្ហាញ​ដល់​ខ្ញុំ​ថា យ៉ូសែបស៊្មីធ គឺ​ជា​ព្យាការី​ពិត​មួយរូប​ដែល​បាន​ស្ដារ​សាសនាចក្រ​ព្រះ​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ និង​ជា​អ្នក​ដែល​បាន​បកប្រែព្រះគម្ពីរ​មរមន​ចេញ​ពី​ផ្ទាំង​ចំណារ​មាស​នោះ ។ ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ការ​ទន្ទឹម​គ្នា​នឹង​ព្រះគម្ពីរ​ប៊ីប ។ ព្រះគម្ពីរ​ទាំងពីរ​នេះ​ថ្លែង​ទីបន្ទាល់​រួម​គ្នា​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិត​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​គឺ​ជា​ព្រះនៃ​គ្រប់ជាតិ​សាសន៍ មិន​មែន​តែមួយ​នោះ​ទេ ។