២០១៤
សម្លឹង​មើល​ទៅលើ
October 2014


សម្លឹង​មើល​ទៅលើ

ដកស្រង់ចេញពី​ « Look Up » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 102 ។

« ចូរ​ចាំ​យាមចុះ ហើយ​អធិស្ឋាន​ជានិច្ច » ( លូកា 21:36 ) ។

កាល​អាយុ​ប្រាំ​បី​ឆ្នាំ ខ្ញុំ និង​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ពីរ​នាក់​ទៀត ត្រូវ​បាន​ឲ្យ​ទៅ​ទិញ​ម្ហូប​ក្នុង​ក្រុង​មួយ​ក្បែរ​នោះ ។ ពេល​មើល​ទៅ​ក្រោយ​វិញ ខ្ញុំ​ស្ងើច​ចំពោះ​ទំនុក​ចិត្ត ដែល​លោក​យាយ និង​ពូ​មីង​ខ្ញុំ​មាន​ចំពោះ​យើង ។ យើង​បាន​ចាក​ចេញ​ទៅ​ដោយ​ជិះ​លើ​សេះ​តូច​បី​ក្បាល ​នៅ​ក្រោម​ផ្ទៃ​មេឃ​ភ្លឺ​ស្រឡះ​នា​ព្រឹក​ព្រលឹម ។

នៅ​ចំ​កណ្ដាល​វាល​ស្មៅ​ដ៏​ធំ​មួយ យើង​បានសម្រេចចិត្ត ​ចុះ​ពី​លើ​សេះ​លេង​បាញ់​ឃ្លី ។ យើង​បាន​វក់​នឹង​ល្បែង ភ្លេច​សម្លឹង​មើល​ទៅ​លើ​ឃើញ​ដុំ​ពពក​ខ្មៅ​កំពុង​តែ​បិទ​បាំង​ផ្ទៃ​មេឃ ។ ទម្រាំ​តែ​យើង​ដឹង​ថា មាន​អ្វី​កើត​ឡើង យើង​គ្មាន​ពេល​ច្រើន​ជិះ​សេះ​យើង​ឡើយ ។ មាន​ភ្លៀង​ និង​ព្រិលដ៏​ខ្លាំងបាន​ធ្លាក់មកប៉ះ​យើង ហើយ​អ្វី​ដែល​យើង​អាច​គិត​ឃើញ​គឺ ដោះ​កែប​សេះ​ចេញ ហើយ​យក​ភួយ​នៅ​ក្រោម​កែប​តូច​នោះ​ចេញ​មក​ដណ្ដប់ខ្លួន ។ រួច​សេះយើង​ក៏រត់ទៅបាត់ ។

យើង​បាន​បន្ត​ដំណើរ​ដោយ​គ្មាន​សេះ ទាំង​ខ្លួន​រងារ ទទឹក​ជោគ ដែល​ឥឡូវ​នេះ​ព្យាយាម​ដើរ​យ៉ាង​លឿន​តាម​ដែល​យើង​អាច​ធ្វើ​បានទៅ​កាន់ទីក្រុងមួយ​ក្បែរនោះ ។ ពេល​យើង​រកឃើញ​ផ្ទះមួយ ហើយ​បានទៅគោះទ្វារ នោះវា​យប់ជ្រៅទៅហើយ ។ គ្រួសារ​ដ៏​ល្អ​នោះ​បាន​ជូត​ខ្លួន​ឲ្យ​យើង ធ្វើ​ប៊ើររីតូ​សណ្ដែក​យ៉ាង​ឆ្ងាញ់​ឲ្យ​យើង​ហូប រួច​ដាក់​យើង​ដេក​ក្នុង​បន្ទប់​មួយដែល​មាន​ឥដ្ឋ​សុទ្ធតែ​ដី ។

បងប្អូន​ជីដូនមួយខ្ញុំ និង ខ្ញុំ​បាន​ក្រោកនៅពេលព្រឹកនៅក្រោមពន្លឺព្រះអាទិត្យ​ដ៏ភ្លឺ និង ផ្ទៃមេឃដ៏ស្រស់ស្អាត ។ មាន​បុរស​ម្នាក់​បាន​គោះទ្វារ​រក​ក្មេង​ប្រុស​បាត់​ខ្លួន​បី​នាក់ ។ ខ្ញុំ​ពុំ​ដែល​ភ្លេច​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ—ពី​ចំនួន​មនុស្ស​ដ៏​ច្រើន​ដែល​កំពុង​ស្វែងរក​យើង​ពេញមួយយប់ ។ នៅ​ពី​មុខ​ពួកគេ​គឺ​លោក​យាយ និង​ពូមីង​ជាទី​ស្រឡាញ់របស់​ខ្ញុំ ។ ពួកគេ​បាន​ឱប​យើង ហើយ​ក៏​យំ ដោយ​ក្ដី​រីករាយ​ដែល​ពួកគាត់​បាន​ឃើញ​ពួកយើង ។

ព្រះវរបិតាសួគ៌ជាទីស្រឡាញ់​របស់​យើង​មានព្រះទ័យខ្វល់ខ្វាយពីយើង ។ ទ្រង់​រង់ចាំ​យើង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​អន្ទះសារ ។ មាន​ទីសម្គាល់​នៃ​ព្យុះ​ខាងវិញ្ញាណ​កំពុង​កើត​ឡើង​នៅ​ជុំវិញ​យើង ។ ចូរ​យើង​សម្លឹង​មើល​ទៅ​លើ ហើយ​រៀបចំ​ខ្លួន ដោយ​ពង្រឹង​ទីបន្ទាល់​យើងជារៀង​រាល់​ថ្ងៃ ។

រូបភាព​ដោយ​ ឆ័រណា ធេននី