យើងស្ដាប់ដល់កុមារ
ចយ ក្រូម៉ា រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.
ជំងឺបាក់ទឹកចិត្តគឺជាអ្វីមួយដែលខ្ញុំមិនចង់ជួបប្រទះទៀតឡើយ ។ ប៉ុន្តែក្រោយពីខ្ញុំបានជាសះស្បើយបាន 12 ឆ្នាំ ខ្ញុំបានមានវាម្ដងទៀត ។
ខ្ញុំមានការភ័យខ្លាច ហើយព្រួយបារម្ភ ។ ខ្ញុំសួរព្រះវរបិតាសួគ៌ ហើយបានអធិស្ឋានសូមកម្លាំងដើម្បីឆ្លងកាត់ការសាកល្បងរបស់ខ្ញុំ ។ ខ្ញុំក៏បានទូលអង្វរទ្រង់សូមកុំឲ្យជំងឺបាក់ទឹកចិត្តរបស់ខ្ញុំអូសបន្លាយរហូតដល់ប្រាំឆ្នាំ ដូចកាលពីលើកមុនទៀតឡើយ ។
ស្វាមីខ្ញុំ និង ខ្ញុំមានកូនបីនាក់ ប្រុសពីរ ស្រីមួយ ហើយយើងមានចៅ 13 នាក់ ។ ដោយដឹងពីភាពអស់សង្ឃឹមដែលខ្ញុំមាន កូនស្រីខ្ញុំបានរៀបចំថ្ងៃមួយសម្រាប់ការតមអាហារ និង ការអធិស្ឋានជាគ្រួសារ ។ ចៅទាំងអស់ចាប់ពីអាយុ 1 ឆ្នាំរហូតដល់ 10 ឆ្នាំ ចង់អធិស្ឋានឲ្យលោកយាយ ហើយមានចៅបីនាក់ដែលបានជ្រមុជទឹករួចហើយចង់ធ្វើការតមអាហារផងដែរ ។ វាជាការលួងលោមចិត្តមួយដោយដឹងថា ស្វាមីខ្ញុំ កូនខ្ញុំ និង ចៅខ្ញុំបានតមអាហារ ហើយអធិស្ឋានឲ្យខ្ញុំ ។
លុះស្អែកឡើង កាលខ្ញុំក្រោកពីសម្រាកបានមួយស្របក់ អារម្មណ៍នៃការបាក់ទឹកចិត្តហាក់ដូចជាបានធូរស្រាលបន្តិច ។ លុះថ្ងៃបន្ទាប់ទៀត វាកាន់តែធូរស្រាលថែមទៀត ។ លុះដល់ថ្ងៃទីប្រាំ ការបាក់ទឹកចិត្តរបស់ខ្ញុំបានធូរស្រាលទាំងស្រុង ។ នៅល្ងាចនោះ កាលខ្ញុំកំពុងគិតថា តើអព្ភូតហេតុនេះកើតឡើងយ៉ាងម៉េចបាន នោះមានសំឡេងមួយបានមកប៉ះនឹងព្រលឹងខ្ញុំ ហើយថ្លែងមកកាន់ខ្ញុំថា « យើងស្ដាប់ឮកុមារ » ។ ព្រះវរបិតាសួគ៌បានស្ដាប់ឮពួកគេដោយសារភាពបរិសុទ្ធរបស់ពួកគេ ហើយបានឆ្លើយតបការអធិស្ឋានដ៏រាបសារ មានសេចក្ដីជំនឿ ហើយមានសេចក្ដីស្រឡាញ់របស់ពួកគេ ។
ព្រះអម្ចាស់បានបង្រៀនថា ៖
« បើអ្នករាល់គ្នាមិនផ្លាស់គំនិតដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ។
« ដូច្នេះ អ្នកណាដែលបន្ទាបខ្លួនឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ » ( ម៉ាថាយ 18:3–4 ) ។
ខ្ញុំមានទំនាក់ទំនងជាមួយនឹងចៅៗខ្ញុំ ហើយអរគុណដល់ពួកគេចំពោះការតមអាហារ និង អធិស្ឋានឲ្យខ្ញុំ ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំស្រឡាញ់ពួកគេខ្លាំងណាស់ ។ ខ្ញុំបានប្រាប់ពួកគេថា ព្រះវរបិតាសួគ៌បានស្ដាប់ឮពួកគេ ហើយឆ្លើយតបការអធិស្ឋានពួកគេ ។
កាលចៅៗខ្ញុំបានធំឡើងនៅក្នុងដំណឹងល្អ ខ្ញុំសង្ឃឹមថា ពួកគេនឹងចងចាំពីគ្រាដែលព្រះវរបិតាសួគ៌បានមានបន្ទូលមកកាន់លោកយាយរបស់ពួកគេថា « យើងស្ដាប់ឮកុមារ » ។ ហើយខ្ញុំសង្ឃឹមថា បទពិសោធន៍នោះនឹងពង្រឹងដល់ទីបន្ទាល់ពួកគេ ហើយជួយពួកគេឲ្យបន្តរឹងមាំនៅក្នុងដំណឹងល្អ ។