—ពង្សប្រវត្តិ—ខ្ញុំកំពុងធ្វើកិច្ចការនេះ
ការចាប់ផ្ដើមអាចជារឿងដ៏ងាយ ហើយសប្បាយ ។ យុវវ័យនៅជុំវិញពិភពលោកកំពុងធ្វើពង្សប្រវត្តិ ហើយធ្វើឲ្យមានការផ្លាស់ប្ដូរមួយ ។
តើចាប់ផ្ដើមពីត្រង់ណា ? អ្នកប្រហែលជាគិតថា សាច់ញាតិរបស់អ្នកបានធ្វើនូវរាល់កិច្ចការដែលចាំបាច់អស់ហើយ ។ ឬអ្នកប្រហែលជាមនុស្សថ្មីចំពោះពង្សប្រវត្តិ ហើយវាហាក់ដូចជាមានភាពលើសលប់ណាស់ ។ មិនថាអ្នកចាប់ផ្ដើមដោយរក្សាកំណត់ហេតុផ្ទាល់ខ្លួន រៀបចំឈ្មោះសម្រាប់ព្រះវិហារបរិសុទ្ធ ឬរៀនពីសាច់ញាតិអ្នកដែលនៅរស់នោះទេ អ្នកអាចចូលរួមក្នុងពង្សប្រវត្តិតាមរបៀបដែលសប្បាយ ហើយពោរពេញដោយអត្ថន័យ ។
ការរក្សាកំណត់ហេតុផ្ទាល់ខ្លួន ៖ ការចងចាំពីពរជ័យរបស់យើង
ការរក្សាកំណត់ហេតុពុំមែនជារឿងងាយស្រួលឡើយ ។ ជារឿយៗ យើងប្រាប់ខ្លួនឯងថា យើងរវល់ពេក ឬអស់កម្លាំងពេក ឬថាជីវិតគ្មានភាពរំភើបរីករាយគ្រប់គ្រាន់ដែលត្រូវកត់ត្រាទុកនោះទេ ។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានដឹងថា ការរក្សាកំណត់ហេតុមិនគួរជារឿងដ៏លំបាកនោះទេ ហើយរហូតដល់ខ្ញុំអាចចាប់ផ្តើមចូលចិត្តកិច្ចការនេះបាន ។
ខ្ញុំបានចាប់ផ្ដើមដោយសរសេររឿងមួយក្នុងមួយថ្ងៃ វាមិនចាំបាច់ថាជាការសរសេរមួយយ៉ាងវែងអន្លាយ ឬរំភើបនោះទេ ខ្ញុំគ្រាន់តែសរសេរពីអ្វីដែលខ្ញុំមានក្នុងគំនិត ឬអ្វីដែលកើតឡើងនៅថ្ងៃនោះ ។ វាបានប្រទានពរដល់ជីវិតខ្ញុំ ។
នៅថ្ងៃមួយមានមនុស្សម្នាក់នៅក្នុងគ្រួសារបានប្រទះនឹងបញ្ហា ហើយខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៅកាន់គាត់សោះ ប៉ុន្តែបន្តិចក្រោយមកខ្ញុំត្រូវបានបំផុសឲ្យអានផ្នែកមួយនៃកំណត់ហេតុរបស់ខ្ញុំឲ្យគាត់ស្ដាប់ ។ ខ្ញុំអាចចែកចាយផ្នែកតូចមួយរបស់ខ្ញុំដែលខ្ញុំបានកត់ត្រានៅក្នុងទិនានុប្បវត្តិពណ៌ខ្មៅតូចនោះ ហើយខ្ញុំបានឃើញពីរបៀបដែលវាបានជួយបន្ធូរចិត្តរបស់គាត់ ។
ខ្ញុំសូមធានាអះអាងថា ប្រសិនបើអ្នកចាប់ផ្ដើមសរសេររឿងមួយក្នុងមួយថ្ងៃ នោះវានឹងប្រទានពរដល់ជីវិតអ្នក ។ ទោះបីតូចតាច ឬធំក្ដី ការសរសេរពីពរជ័យនៅក្នុងជីវិតរបស់អ្នកអាចជួយអ្នកឲ្យចងចាំពរជ័យទាំងនោះ ។
ជេនទ្រី ដបុលយូ យូថាហ៍ ស.រ.អា.
ការស្វែងរកសេចក្ដីអំណរនៅក្នុងពង្សប្រវត្តិ ៖ ការស្រាវជ្រាវរកជីដូនជីតា
នៅពេលខ្ញុំជ្រមុជទឹក ខ្ញុំបានឮយ៉ាងច្រើនពីពង្សប្រវត្តិ ប៉ុន្តែខ្ញុំមិនដឹងពីរបៀបដើម្បីចាប់ផ្តើម ឬពីរបៀបដែលខ្ញុំអាចធ្វើវាបានដែរឬអត់នោះទេ ។ ខ្ញុំបានសម្រេចចិត្តអធិស្ឋានពីរឿងនោះ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរចាប់ផ្ដើមធ្វើវាភ្លាម ។ ខ្ញុំមានអារម្មណ៍ថា ជីដូនជីតារបស់ខ្ញុំចង់ឲ្យខ្ញុំចាប់ផ្ដើម ហើយថាពួកគាត់នឹងជួយខ្ញុំរកព័ត៌មានចាំបាច់ដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយ ។
ខ្ញុំបានចាប់ផ្ដើមចូលរៀនវគ្គសិក្សាថ្នាក់ពង្សប្រវត្តិ ហើយមិនយូរប៉ុន្មានក្រោយមក ខ្ញុំត្រូវបានហៅឲ្យធ្វើជាអ្នកផ្តល់ប្រឹក្សាខាងពង្សប្រវត្តិ ។ ខ្ញុំមានការព្រួយបារម្ភដោយសារខ្ញុំមិនសូវដឹងពីកិច្ចការនេះប៉ុន្មានទេ ប៉ុន្តែខ្ញុំបានទទួលយកការហៅនោះ ។
មានថ្ងៃមួយ ខ្ញុំបានទៅលេងប្អូនស្រីជីដូនរបស់ខ្ញុំ ដែលគាត់មានឯកសារអំពីជីដូនទួតរបស់ខ្ញុំ ។ គាត់មិនចង់ចែកចាយព័ត៌មានច្រើនទេ ដោយសារវាជាទំនៀមទម្លាប់មួយ នៃការមិនឲ្យនិយាយពីសាច់ញាត់ដែលបានចែកឋានទៅ ។ គាត់បានប្រាប់ថា ថ្ងៃស្អែកគឺជាថ្ងៃខួបដែលជីដូនទួតចែកឋាន របស់ខ្ញុំ ហើយគាត់នឹងដុតឯកសារនោះចោល ។ ខ្ញុំសួរប្រសិនបើខ្ញុំអាចសូមព័ត៌មានមួយចំនួនពីឯកសារទាំងនោះជាមុនសិន ហើយគាត់បានអនុញ្ញាត ។ នៅពេលនោះខ្ញុំដឹងថា ព្រះវរបិតាសួគ៌នឹងជួយខ្ញុំបន្តការស្វែងរករបស់ខ្ញុំ ។
កាលខ្ញុំបម្រើនៅក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិក្បែរព្រះវិហារបរិសុទ្ធ ខ្ញុំបានបន្តស្វែងរកគ្រួសាររបស់ខ្ញុំ បន្ថែមទៀត ។ ខ្ញុំបានដឹងថា ជីដូនជីតារបស់ជីដូនទួតខ្ញុំគឺជាជនអន្តោប្រវេសន៍ជនជាតិអ៊ីតាលីដែលមានកសិដ្ឋានមួយនៅក្បែរសៅផូឡូ ប្រទេសប្រេស៊ីល ។ គ្រួសារខ្ញុំបានបាត់ទំនាក់ទំនងនឹងសាច់ញាតិនៅកសិដ្ឋាននោះ ប៉ុន្តែបានរកឃើញបងប្អូនជីដូនមួយម្នាក់ដែលបានសរសេរសៀវភៅមួយអំពីពង្សាវតារបស់គ្រួសារយើង ។ គាត់បានឲ្យសៀវភៅនោះដល់ខ្ញុំ ដែលគាត់បានចំណាយពេលប្រាំបួនឆ្នាំដើម្បីសរសេរវា ។ គាត់បាននិយាយថា គាត់មិនដឹងថាហេតុអ្វីគាត់គួរសរសេរវានោះទេ ប៉ុន្តែមានអារម្មណ៍ថាវានឹងជួយដល់មនុស្សណាម្នាក់នៅពេលអនាគត ។ ខ្ញុំដឹងថា វាគឺជាវិញ្ញាណរបស់អេលីយ៉ាដែលបំផុសគំនិតដល់គាត់ ។
បទពិសោធន៍របស់ខ្ញុំបានបង្រៀនខ្ញុំថា យើងកំពុងធ្វើកិច្ចការមួយដ៏ពិសិដ្ឋ ។ ជីដូនជីតារបស់យើងកំពុងរង់ចាំការជួយរបស់យើង ហើយបាននៅក្បែរយើងដើម្បីជួយយើង ។
ហ្គាប្រៀល ឌី ប្រទេសប្រេស៊ីល
ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ៖ ពិធីបរិសុទ្ធដ៏ពិសិដ្ឋ
ខ្ញុំំគឺជាអ្នកប្រែចិត្តជឿម្នាក់ ហើយជាសមាជិកសាសនាចក្រតែម្នាក់គត់នៅក្នុងគ្រួសារខ្ញុំ ។ ខ្ញុំបានដឹងថា ពិធីបរិសុទ្ធដ៏ពិសិដ្ឋមួយគឺពិធីបុណជ្រមុជទឹកសម្រាប់អ្នកស្លាប់ ។ ខ្ញុំបានដើរមើលព្រះវិហារបរិសុទ្ធមួយ ហើយកាលកំពុងស្ដាប់អ្នកដឹកនាំក្រុមនិយាយអំពីពិធីបរិសុទ្ធនានា ខ្ញុំមានអារម្មណ៍នូវសំឡេងតូចរហៀងប្រាប់ខ្ញុំឲ្យទៅមជ្ឈមណ្ឌលពង្សប្រវត្តិដើម្បីដាក់ស្នើសំណើរសម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ សម្រាប់ម្ដាយរបស់ខ្ញុំដែលបានទទួលមរណភាពទៅ ។ ខ្ញុំមានចិត្តរីករាយខ្លាំងណាស់ នៅពេលគណនីកម្មវិធី FamilySearch បានបញ្ជាក់ក្រោយមកថា កិច្ចការព្រះវិហារបរិសុទ្ធរបស់គាត់ត្រូវបានធ្វើរួចរាល់ហើយ ។ វាបានពង្រឹងដល់ទីបន្ទាល់ខ្ញុំ ហើយខ្ញុំដឹងថា ហេតុផលមួយដែលយើងនៅលើផែនដីនេះ គឺដើម្បីជួយជីដូនជីតាយើងឲ្យទទួលដំណឹងល្អពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ម៉ាវីន អេស ប្រទេស ហ្វីលីពីន
ការធ្វើតាមការបំផុសគំនិត ៖ ការរៀនពីសាច់ញាតិដែលនៅរស់
បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ ខ្ញុំមានអារម្មណ៍ចង់ទៅលេងលោកតាលោកយាយខ្ញុំទាំងបួនរូប ។ ខ្ញុំមានពេលទំនេរខ្លះៗ ហើយខ្ញុំបានដឹងថា ខ្ញុំអាចនឹងគ្មានឱកាសបែបនេះម្ដងទៀតឡើយ ដូច្នេះខ្ញុំបានចំណាយពេលមួយសប្ដាហ៍ជាមួយនឹងពួកគាត់មួយគូៗម្តង ។
ខ្ញុំបានចំណាយពេលរកមើលប្រអប់ចាស់ៗ អានសំបុត្រចាស់ៗ និង មើលរូបភាពចាស់ៗ ។ ខ្ញុំបានកត់ទុកអំពីដំណើរជីវិតរបស់លោកតាលោកយាយខ្ញុំ ដើរជុំវិញទីលានបញ្ចុះសព ហើយទៅលេងកន្លែងដែលលោកតាលោកយាយខ្ញុំ និង សាច់ញាតិគាត់ធ្លាប់រស់នៅ ហើយធ្វើការ ។ វាសប្បាយណាស់ ! ខ្ញុំបានរៀនយ៉ាងច្រើនអំពីជីដូនជីតាខ្ញុំ លោកតាលោកយាយខ្ញុំ ឪពុកម្ដាយខ្ញុំ និង រូបខ្ញុំផ្ទាល់ ។ ខ្ញុំបានដឹងថា ខ្ញុំនឹងគ្មានជីវិតដែលខ្ញុំមាននៅពេលនេះឡើយ បើគ្មានជីដូនជីតារបស់ខ្ញុំនោះ ។
បន្ទាប់ពីការធ្វើដំណើររបស់ខ្ញុំមក ខ្ញុំបានត្រឡប់មកវិញជាមួយនឹងឈ្មោះរបស់ជីដូនជីតាខ្ញុំប្រមាណជា 1,000 ឈ្មោះ ហើយខ្ញុំបានធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់ពួកគេជាច្រើន ។ ការធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ និងការទៅលេងលោកតាលោកយាយខ្ញុំគឺជាការសម្រេចចិត្តមួយដ៏ល្អបំផុតដែលខ្ញុំពុំធ្លាប់មានពីមុនមកឡើយ ។
ស្សេនលី ភី កាលីហ្វ័រញ៉ា ស.រ.អា.
ការមានអារម្មណ៍ដូចនៅក្នុងផ្ទះ ៖ ការយកឈ្មោះទៅព្រះវិហារបរិសុទ្ធ
កាលខ្ញុំស៊ើបសួររកគំនិតខាងពង្សប្រវត្តិពីឪពុករបស់ខ្ញុំដើម្បីបញ្ចប់ការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារីរបស់ខ្ញុំ នោះគាត់បានពន្យល់ថា គាត់បានរកឃើញឈ្មោះគ្រួសារមួយចំនួនកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមិនអាចធ្វើឲ្យឈ្មោះនោះរួចរាល់ដើម្បីយកទៅព្រះវិហារបរិសុទ្ធដោយខ្លួនគាត់ផ្ទាល់បានឡើយ ដោយសារគាត់មានជាប់រវល់ខ្លាំងពេក ។ ជំនួយរបស់ខ្ញុំអាចធ្វើឲ្យសមាជិកគ្រួសារទាំងនេះទទួលពរជ័យក្នុងព្រះវិហារបរិសុទ្ធបាន ។
សម្រាប់ប៉ុន្មានខែក្រោយមក ខ្ញុំបានចំណាយពេលរៀងរាល់រសៀល និង ពេលល្ងាចនៅថ្ងៃអាទិត្យដើម្បីបញ្ចូលឈ្មោះទៅក្នុងកុំព្យូទ័រ ហើយរៀនពីដំណើររឿងគ្រួសារពីឪពុកខ្ញុំ ។ យើងថែមទាំងបញ្ជាទិញមីក្រូហ្វីមដើម្បីរកព័ត៌មានបន្ថែមទៀត ។ ពេលខ្លះ កាលមានការលំបាកដើម្បីអានហ្វីលចាស់ៗ ខ្ញុំបានធ្វើការអធិស្ឋានក្នុងចិត្ត រួចយកក្រដាសចេញមកដើម្បីដានរូបភាព ។ ឈ្មោះបានលេចចេញមកពីភាពស្រពិចស្រពិលនោះ ។
នៅទីបំផុតខ្ញុំបានប្រមូលឈ្មោះគ្រួសារដ៏ច្រើន ហើយយុវវ័យនៅក្នុងវួដរបស់យើងបានជួយធ្វើពិធីបុណ្យជ្រមុជទឹក ។ រួចឪពុកម្ដាយខ្ញុំ និង សមាជិកវួដដទៃទៀតបានយកប័ណ្ណឈ្មោះនោះទៅធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធផ្សេងទៀត ។
វាហាក់ដូចជារយៈពេលមួយដ៏ខ្លី ពីមុនខ្ញុំបានដឹងថាខ្លួនឯងកំពុងរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធសម្រាប់អំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ខ្ញុំមានចិត្តរីករាយ ប៉ុន្តែក៏ភ័យផងដែរ ។
នៅពេលធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ឪពុកខ្ញុំបានពន្យល់ថា គាត់បានរកឃើញប័ណ្ណឈ្មោះគ្រួសារមួយចំនួនដែលខ្ញុំបានរៀបចំសម្រាប់គម្រោងការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារីរបស់ខ្ញុំ ។ មានប័ណ្ណមួយចំនួនបានបាត់ ដូច្នេះគាត់បានយកប័ណ្ណឈ្មោះទាំងនោះសម្រាប់ម្ដាយខ្ញុំ គូដណ្ដឹងខ្ញុំ និងគាត់ដើម្បីបញ្ចប់វា ។ គាត់បានចែកចាយឈ្មោះអ្នកទាំងនោះជាមួយខ្ញុំ ហើយខ្ញុំបានចងចាំពួកគាត់នៅក្នុងគម្រោងរបស់ខ្ញុំ ។
កាលខ្ញុំបានធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានហ៊ុមព័ទ្ធដោយមនុស្សជាទីស្រឡាញ់នៅផ្នែកទាំងសង្ខាងនៃវាំងនន ។ ខ្ញុំមានអាម្មណ៍នូវសេចក្ដីសុខសាន្តយ៉ាងខ្លាំងដោយដឹងថា ខ្ញុំអាចរួមរស់នឹងគ្រួសាររបស់ខ្ញុំដ៏នៅអស់កល្បជានិច្ចបាន ។
ហូលី ភី អៃដាហូ ស.រ.អា.