២០១៤
ការបម្រើ​នៅពេល​នេះ ដើម្បី​បម្រើ​នៅពេលក្រោយ​
October 2014


ការបម្រើ​នៅពេល​នេះ ដើម្បី​បម្រើ​នៅពេលក្រោយ

អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.

« ឲ្យ​គោរពប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​អស់ពីចិត្តចុះ » ( សាំយូអែលទី 1 12:20 ) ។

« បង​នឹង​រត់ប្រណាំងជាមួយ​ឯងទៅព្រះវិហារ ! » មរមន​បាន​ពោល ដោយ​ចង្អុល​ទៅ​កំពូលព្រះវិហារ​ដែល​លេចចេញមក​ពី​លើដើមត្នោត ។ រួចគាត់​បាន​ខំរត់យ៉ាងលឿន ​ដើម្បី​រត់នាំមុខ​ប្អូនប្រុស​គាត់ឈ្មោះ​ម៉ូរៀន ។

ក្មេង​ប្រុសទាំងពីរ និង ឪពុកម្ដាយពួកគេ​បាន​ដើរប្រមាណលើសពី​មួយ​គីឡូ​ម៉ែត្រ​ពី​ផ្ទះរបស់ពួកគេ​ ប៉ុន្តែ​មរមន និង ម៉ូរៀននៅតែប្រឹងប្រែងរត់ប្រណាំងគ្នា នៅពេល​ពួកគេ​បាន​មក​ដល់ច្រកទ្វារដែក ​ខាងក្រៅ​សាលាប្រជុំ​នៃ​វួដរបស់ពួកគេ ។ ពួកគេបានឈប់ដើម្បីដកដង្ហើម ។

ពីមុន​ពួកគេ​អាចសម្រេច​ថានរណាជាអ្នករត់​ឈ្នះ នោះ​មាន​ក្មេងប្រុសម្នាក់បាន​ស្រែកទៅ​ពួកគេ​ថា « តើឯង​លេងបាល់ទាត់ទេ ? »

មរមន​ចូលចិត្តលេងបាល់ទាត់ណាស់ ប៉ុន្តែ​គាត់ និង គ្រួសារ​គាត់នឹងទៅសម្អាត​អគារវួដ ដើម្បី​ឲ្យវា​បានស្អាតសម្រាប់ព្រះវិហារ​នៅថ្ងៃ​ស្អែក ។

មរមន​បាន​គ្រវីក្បាល ។ « ឥឡូវខ្ញុំ​លេង​អត់បានទេ—ចាំពេល​ក្រោយចុះ ! » គាត់បាន​ស្រែក​ប្រាប់​ទៅ​វិញ ។

រំពេច​នោះ​មរមន និង ម៉ូរៀនបាន​ខិតខំ​ធ្វើការ ។ មរមន​បាន​លើក​កៅអី ហើយ​បោសឥដ្ឋជាមួយ​ឪពុកគាត់ កាល​ម៉ូរៀនជូតឥដ្ឋ​ជាមួយ​ម្ដាយ​គាត់ ។

ក្រោយមកទៀត​ក្មេងប្រុសទាំងពីរ​បាន​ជូតកញ្ចក់ក្នុង​បន្ទប់ទឹកជាមួយ​គ្នា ។ ម៉ូរៀនបានពោលថា « ខ្ញុំ​មិនបានគិតថា ខ្ញុំពេញចិត្តនឹងសម្អាតព្រះវិហារទេ ប៉ុន្តែ​វា​សប្បាយមែន » ។ « ចុះបងវិញ មរមន ? នោះជាហេតុផលដែល​បង​មិន​ទៅ​លេងបាល់ទាត់មែនទេ ? »

មរមន​បាន​គិត​ពី​ឪពុក​របស់គាត់ ។ គាត់ជា​ប៊ីស្សព​ក្នុង​វួដពួកគេ ប៉ុន្តែ​គាត់​នៅ​ចំណាយពេល​ជួយ​សម្អាត​សាលាប្រជុំ ។

មរមនតប​ថា « បងនៅទីនេះ​ដោយ​សារ​បងចង់ធ្វើ​ដូចជាប៉ា » ។

រួចគាត់បាន​គិត​ពី​ពួកអ្នកផ្សព្វផ្សាយ​សាសនានៅ​ក្នុង​វួដ ។ ពួកគេ​ខំដើរ​គោះទ្វារ ហើយ​ចែកព្រះគម្ពីរមរមន​ជាមួយ​នឹងអ្នកដទៃ ។ ​ពួកគេ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​មក​ព្រះវិហារ ជាអគារដែល​ក្មេងប្រុសទាំងពីរកំពុងសម្អាត ។

មរមន​បានគិត​ថា « ខ្ញុំ​នៅទីនេះ ដោយសារ​នៅថ្ងៃណាមួយ ខ្ញុំ​ក៏ចង់​បម្រើ​បេសកកម្ម​ដែរ » ។ « ខ្ញុំ​អាច​ជួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ដោយ​ការ​រៀបចំព្រះវិហារ​ឲ្យ​រួចរាល់ » ។

មរមនបាន​គិត​ពីថ្ងៃស្អែក ក្នុងពេលដែលគាត់ និង ប្អូនប្រុស​គាត់​ត្រូវ​ក្រោក​ឡើង​នៅ​វេលាម៉ោង 6:00 ព្រឹក ដើរទៅ​ព្រះវិហារដោយមាន​ពាក់អាវពណ៌-ស និង ក្រវ៉ាត់-ក ហើយ​រៀបចំកៅ​អី និង សៀវភៅចម្រៀង​ក្នុង​បន្ទប់កុមារ ។

គាត់បាន​គិត​ថា « ខ្ញុំ​នៅទីនេះ ដោយសារ​ខ្ញុំ​ចង់បម្រើ​ក្នុង​មុខងារក្នុងសាសនាចក្រ » ។

មរមន​បាន​គិត​ពី​របៀបដែល​គាត់នឹងក្លាយ​ជា​ឌីកុនម្នាក់​ក្នុងពេល​ឆាប់ៗ ។ គាត់នឹង​ចែក​សាក្រាម៉ង់ ហើយបំពេញភារកិច្ចជាច្រើន​ផ្សេងៗទៀតដើម្បីបម្រើ ។

« ខ្ញុំ​នៅ​ទីនេះ ដោយសារ​ឆ្នាំក្រោយ​ខ្ញុំ​នឹង​ទទួល​បព្វជិតភាព ហើយ​ខ្ញុំ​ដឹង​ធ្វើ​អ្វីៗគ្រប់យ៉ាងដែល​ខ្ញុំ​អាច​រៀបចំខ្លួន​ពី​ឥឡូវនេះ » ។

មរមនបានបំពេញកាតព្វកិច្ចនានា​រួចរាល់ដើម្បីរៀបចំខ្លួន​ទទួល​បព្វជិតភាព​រួចទៅហើយ ៖ គាត់បាន​ទទួល​រង្វាន់របស់​គាត់​សម្រាប់សេចក្ដីជំនឿលើ​ទ្រង់ ។ គាត់រៀនរួចហើយដើម្បី​រស់នៅតាម​ដំណឹងល្អ និង​បម្រើ​ដល់​អ្នកដទៃ ។

នៅទីបំផុត គាត់​បាន​មើល​រូបគាត់នៅ​ក្នុង​កញ្ចក់ ហើយ​ញញឹម ។

គាត់បាន​ពោលថា « ខ្ញុំ​នៅ​ទីនេះដោយសារ​ខ្ញុំ​ស្រឡាញ់ព្រះអម្ចាស់ ហើយ​ដោយសារ​ការបម្រើនៅ​ពេលនេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​បម្រើ​នៅ​ពេលក្រោយ » ។

រចនារូបភាពដោយ អ័ដាម កូហ្វ័ដ